ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកសារព័ត៌មាន ជាទីមេត្រី!
ខ្ញុំ និងឯកឧត្ដម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ទើបបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្នុងនាមជាសមាជិកអាស៊ានតែមួយ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដម អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ដែលបានទទួលការអញ្ជើញរបស់ខ្ញុំ និងបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី។
យើងទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងបានវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានប្ដេជ្ញាបន្តលើកកម្ពស់ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ យើងបានលើកទឹកចិត្តឲ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ឲ្យកាន់តែញឹកញាប់ និងគ្រប់កម្រិត ដើម្បីពង្រឹងមិត្តភាពឲ្យកាន់តែជិតស្និទ្ធ បង្កើនទំនុកចិត្តឲ្យកាន់តែខ្ពស់ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែទូលំទូលាយថែមទៀត។ យើងទាំងពីរក៏បានឯកភាពពង្រឹងយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះកម្ពុជា-ម៉ាឡេស៊ី។
ចំពោះវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី យើងរីករាយដែលពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៦២០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើន ២៤% ធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបានត្រឹម ៥០០ លានដុល្លារអាមេរិក។ ក្នុងការពង្រីកវិសាលភាព និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ខ្ញុំបានស្នើបង្កើននូវការទិញទំនិញដែលបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក។ ខ្ញុំបានលើកទឹកចិត្តឲ្យវិនិយោគិន និងក្រុមហ៊ុនម៉ាឡេស៊ីមកធ្វើធុរកិច្ច និងវិនិយោគឲ្យបានកាន់តែច្រើន។
ចំពោះវិស័យទេសចរណ៍ ខ្ញុំបានស្នើអនុវត្តអនុស្សារណៈការយោគយល់គ្នាស្ដីពីសហប្រតិបត្តិការទេសចរណ៍ឲ្យមានប្រសិទ្ធភាព និងស្នើម៉ាឡេស៊ីជួយគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍការងារទេសចរណ៍មូស្លីម តាមរយៈការបណ្ដុះបណ្ដាល និងបច្ចេកទេស។
ចំពោះវិស័យកសិកម្ម យើងបានឯកភាពបន្តជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុស្សារណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យឧស្សាហកម្មឫស្សីនៅកម្ពុជា។ ទន្ទឹមនេះ ខ្ញុំក៏បានស្នើម៉ាឡេស៊ីបន្តបង្កើនការទិញអង្ករ និងកសិផលពីកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជាសម្រាប់លក់នៅលើទីផ្សារកម្ពុជា និងនាំចេញទៅម៉ាឡេស៊ី និងទីផ្សារផ្សេងទៀត តាមផ្លូវដឹកជញ្ជូនត្រង់ពីក្រុងព្រះសីហនុ ទៅរដ្ឋប៉េណាំង និងប៉េហាំងជាដើម។
ពាក់ព័ន្ធនឹងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ខ្ញុំបានអរគុណម៉ាឡេស៊ី ដែលបានឯកភាពគ្នាលើកកម្ពស់ការបណ្ដុះបណ្ដាលនិងចែករំលែកបទពិសោធន៍បន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី និងកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិម៉ាឡេស៊ី ជាពិសេស ក្រោមគំនិតផ្ដួចផ្ដើមថ្មី My Digital របស់រដ្ឋាភិបាលម៉ាឡេស៊ី។
ចំពោះវិស័យការងារ មុននេះបន្តិច ខ្ញុំនិងឯកឧត្ដមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី ចំនួន ២ ស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ និងពលករការងារផ្ទះ។ ខ្ញុំក៏បានស្នើ បន្តអនុវត្តនូវយន្តការដែលមានស្រាប់ ដើម្បីលើកកម្ពស់ការការពារសិទ្ធិពលករកម្ពុជា ដែលធ្វើការនៅប្រទេសម៉ាឡេស៊ី។
ក្នុងវិស័យថាមពល ខ្ញុំបានស្នើឯកឧត្ដមនាយករដ្ឋមន្រ្តីផ្ដល់ការគាំទ្រដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា និងសិង្ហបុរី។ ឯកឧត្ដមនាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏បានឆ្លើយតបបញ្ជាក់ថា នាយករដ្ឋមន្រ្តីសិង្ហបុរី លី ស៊ានលុង ក៏បានលើកបញ្ហានេះជាមួយឯកឧត្ដមផងដែរ។ នេះជាវឌ្ឍនភាព និងជាកិច្ចសហប្រតិបត្តិការដ៏ល្អមួយនៅក្នុងចំណោមពួកយើង។
ទាក់ទងនឹងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ កម្ពុជាលើកទឹកចិត្តវិនិយោគិនម៉ាឡេស៊ីឲ្យចូលរួមអភិវឌ្ឍឧស្សាហកម្ម ផលិតកម្ម ឧស្សាហកម្មកែច្នៃ ឧស្សាហកម្មហាឡាល់ និងឧស្សាហកម្មផ្នែកចំណេះដឹង និងបច្ចេកវិទ្យានៅកម្ពុជា។
ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ការផ្លាស់ប្ដូរគណៈប្រតិភូជំនាញ ដើម្បីដកពិសោធន៍ការងារប្រឆាំងនឹងការរត់ពន្ធ និងជួញដូរមនុស្ស និងការងារសម្អាតប្រាក់ ព្រមទាំងពិចារណាបង្កើតឲ្យមានអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គស្នងការនគរបាលជាតិនៃកម្ពុជា និងនគរបាលភូមិន្ទម៉ាឡេស៊ីស្ដីពីសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ នេះជាចំណុចដែលខ្ញុំបានស្នើទៅឯកឧត្ដមនាយករដ្ឋមន្រ្តី។
ក្រៅពីវិស័យខាងលើ យើងទាំងពីរក៏បានឯកភាពគ្នាបន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថល និងសន្តិសុខតាមប្រព័ន្ធអ៊ិនធើណេតថែមទៀត។
ប្អូនៗ ក្មួយៗ អ្នកសារព័ត៌មាន!
កិច្ចសហប្រតិបត្តិការទ្វេភាគី យើងទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈគ្នាជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាបញ្ហាប្រយោជន៍ និងកង្វល់រួម ដូចជា បញ្ហាមីយ៉ាន់ម៉ា បញ្ហារ៉ូហ៊ីងយ៉ា និងបញ្ហាសមុទ្រចិនខាងត្បូង ដោយរាប់បញ្ចូលបន្ថែមនូវបញ្ហាឧបទ្វីបកូរ៉េផងដែរ។ ហើយយើងក៏បានលើកអំពីបញ្ហាទាក់ទងនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។ ខ្ញុំសូមបញ្ជាក់អំពីការប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្ដមនាយករដ្ឋមន្រ្តីឯកឧត្ដម អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។
ខ្ញុំមានសុទិដ្ឋិនិយមថា ប្រទេសយើងទាំងពីរនឹងបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងពិភពលោក ដើម្បីពង្រឹងនូវសាមគ្គីភាព ឯកភាព និងមជ្ឈភាពអាស៊ាន សំដៅរក្សាសន្តិភាព ស្ថេរភាព និងវិបុលភាពរបស់សហគមន៍អាស៊ាន និងពិភពលោក។
មុននឹងបញ្ចប់ ខ្ញុំគួរតែនិយាយថា ខ្ញុំជាមួយនិងឯកឧត្ដម អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម និងលោកជំទាវ មិនមែនទើបនឹងស្គាល់គ្នានៅត្រឹមថ្ងៃនេះទេ។ អនុស្សាវរីយ៍ដែលគួរឲ្យចងចាំបំផុត គឺការរៀបចំនូវបាយមួយពេលនៅឯកូឡាឡាំពួរ ក្នុងឆ្នាំ១៩៩៦ រយៈពេល ២៧ឆ្នាំក្រោយ យើងបានជួបគ្នាឡើងវិញនៅក្នុងទីក្រុងភ្នំពេញ ដែលខ្ញុំសូមយកឱកាសនេះអបអរសាទរសាជាថ្មីម្ដងទៀត ជាមួយនឹងឯកឧត្ដមនាយករដ្ឋមន្រ្តី ហើយតាមរយៈឯកឧត្ដមនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យភរិយាខ្ញុំផ្ដាំផ្ញើសួរសុខទុក្ខចំពោះភរិយាឯកឧត្ដម ដែលឯកឧត្ដមមានភរិយាដ៏គួរឲ្យគោរព ហើយភរិយារបស់ឯកឧត្ដម និងភរិយារបស់ខ្ញុំ មានជោគវាសនាប្រហាក់ប្រហែលគ្នា នៅពេលដែលប្ដីកំពុងជួបការលំបាក ភរិយាត្រូវទទួលនូវអម្រែកទាំងឡាយ។ ខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំបែកគ្នារហូតទៅដល់កូនហៅពូ។ ឯចំពោះឯកឧត្ដម ខ្ញុំក៏បានផ្ដាំផ្ញើសួរទុក្ខឯកឧត្ដមតាមរយៈភរិយាឯកឧត្ដម។ រឿងនេះគឺជាអនុស្សាវរីយ៍ដ៏គួរឲ្យចងចាំ ហើយជាមិត្តភាពសម្រាប់យើង។
សូមអរគុណ!