សេចក្តីដកស្រង់ សង្កថាក្នុងពិធីចែកសញ្ញាបត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងប្រកាសសម្ពោធមជ្ឈមណ្ឌលកម្ពុជា ដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា មុននឹងចាប់ផ្តើម ខ្ញុំសុំក្រឡេកមើលមុខអ្នកទាំងអស់គ្នា ថាតើអ្នកណាខ្លះងងុយដេក អ្នកណាខ្លះមិនងងុយ​ដេក? ដោយសារយប់មិញនេះ មានកម្មវិធីច្រើនណាស់ សម្រាប់ក្នុងប្រទេសរបស់យើង។ ការប្រកួត​បាល់ ទាត់នៅអឺរ៉ុប មានដល់ទៅ ៣ ប្រកួតឯណោះ។ បន្ថែមពីលើនោះ មានកម្មវិធីមួយពិសេស​នៅ​ក្នុង​ស្រុក The Voice ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មិនថាតែយុវជនទេដែលចូលចិត្ត យុវចាស់ក៏ចូលចិត្ត ហើយដោយសារ​ភ័ព្វសំណាង ខ្ញុំមានទូរទស្សន៍ច្រើននៅក្នុងបន្ទប់របស់ខ្ញុំ អញ្ចឹង ខ្ញុំអាចមើល The Voice ផង និងអាច​មើល​​បាល់ទាត់ផង។ ប៉ុន្តែ ការប្រកួតចុងក្រោយ​ ទ្រាំមិនបានក៏លក់បាត់ទៅ ដល់​ទៅ​ភ្ញាក់ឡើង បើកមើល​ទូរ​​ទស្សន៍មួយភ្លែតទៅ ឃើញអាឡឺម៉ង់ទាត់ចូលមួយហើយ ក៏ដេកលក់​ទៅទៀត​ទៅ។ ព្រលឹមឡើង បើក​ Internet មើលវេបសាយរបស់ Euro ក៏ឃើញថា ២-០ ទៅហើយ។ អញ្ចឹងទេ បានសេចក្តីថា មកដល់​ម៉ោងនេះ ខ្ញុំកំពុងចាញ់គេ ៣ ប្រកួតទៅហើយ។ មិនមែនភ្នាល់​ដាក់​លុយ​អី​នោះ​ទេ គ្រាន់តែថា…

សុន្ទរកថា និងការដកស្រង់ប្រសាសន៍ក្រៅសន្ទុរកថា ក្នុងពិធី ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០»

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួម នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ​ដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវ​ការនូវ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០» ក្នុងឱកាសនេះ។ នេះគឺជាព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ​គោលនយោបាយជាតិប្រជាជន​លើកដំ​បូង ដែលមានរយៈពេលវែងរហូតដល់ ១៥ ឆ្នាំ ហើយដែល​នឹងរួមចំណែកយ៉ាងខ្លាំងក្លាដល់​ការ​លើក​កម្ពស់​គុណ​ភាពជីវិតរបស់ប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន ​ព្រម​ទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ដែលបានដើរតួនាទី និងបំពេញភារកិច្ច​របស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងសម្របសម្រួលការ​រៀបចំ គោលនយោបាយ​ជាតិប្រជាជន ២០១៦-២០៣០ ដោយមានកិច្ចសហការ​យ៉ាងល្អពីសំណា​ក់ក្រសួង ស្ថាប័ន និងភាគី​ពាក់​ព័ន្ធ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត បន្ទាប់ពីយើងសម្រេចបាននូវចំណាត់ថ្នាក់​ល្អ​ប្រសើរ, ជា​ប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលឤចសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍សហស្សវត្សរ៍ ព្រមទាំងជាប្រទេសជាប់ចំណាត់ថ្នាក់ទី ១ នៅតំបន់ឤស៊ីប៉ាស៊ីហ្វិក ដែល​សម្រេច​បាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច ទន្ទឹមគ្នានឹងមហិច្ឆិតា​ក្លាយ​ទៅ​ជា​ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ជាមួយនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍទាំងអស់ ពិសេសមូលនិធិសហប្រជាជាតិសម្រាប់​ប្រ​ជាជន (UNFPA) ដែលបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតមក​ទាំងផ្នែកបច្ចេកទេស, ទាំង​ផ្នែកហិរញ្ញវត្ថុ លើបញ្ហាប្រជាជន និងការអភិវឌ្ឍ ពិសេសការលើកកម្ពស់សុខភាពបន្តពូជ និងសុខភាព​របស់​​មាតា និងកុមារ។ ក្នុងនោះ មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជនតែងបាន​ការគាំទ្រដល់​ក្រសួង​ផែន​ការលើការងារស្ថិតិ, ការងារផែនការ និងការងារពាក់ព័ន្ធ នឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ ហើយថ្មីៗ​នេះ គឺគាំទ្រដល់ដំណើរការរៀបចំ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដែល​យើងផ្សព្វ​​ផ្សាយ​​ដាក់​ឱ្យអនុវត្តនាថ្ងៃនេះ…

ការដកស្រង់ប្រសាសន៍សម្តេចតេជោ ថ្លែងក្នុងពិធីសម្ពោធគម្រោងដំណាក់កាលទីបី ជាជំនួយជប៉ុន ការពារទីក្រុងភ្នំពេញពីទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ/លូ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេចព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ! ឯកឧត្តម គូម៉ាម៉ារុ រូជី (KUMAMARU Yuji) ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន! ឯកឧត្តម អាដាស៊ី អ៊ីតស៊ូ (ADACHI Itsu) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុន JICA ប្រចាំព្រះរាជាណាចក្រ​កម្ពុជា! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់របស់ខ្ញុំព្រះករុណាខ្ញុំ!