ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេចព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ!
ឯកឧត្តម គូម៉ាម៉ារុ រូជី (KUMAMARU Yuji) ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន!
ឯកឧត្តម អាដាស៊ី អ៊ីតស៊ូ (ADACHI Itsu) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុន JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់របស់ខ្ញុំព្រះករុណាខ្ញុំ!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការគម្រោងកែលម្អប្រព័ន្ធលូជំហានទី ៣ នៅថ្ងៃនេះ។ ខ្ញុំព្រះករុណាខ្ញុំ នៅចងចាំថា ដំណាក់កាលទី ១ គឺពេលនោះសម្ពោធដាក់ឲ្យប្រើប្រាស់ដោយមានវត្តមានរបស់អគ្គរដ្ឋទូតជប៉ុន គឺឯកឧត្តម តាកាហាស៊ី ហ៊្វូមីអាគី (TAKAHASHI Fumiaki), ដំណាក់កាលទី ២ គឺធ្វើឡើងនៅឆ្នាំ ២០១០ ជាមួយនឹងវត្តមាននៃឯកឧត្តម អគ្គរដ្ឋទូត ស៊ីណូហារ៉ា (SHINOHARA Katsuhiro) ហើយដំណាក់កាលទី ៣ គឺឯកឧត្តម គូម៉ាម៉ារុ នៅថ្ងៃនេះ។ ប៉ុន្តែ នៅមានដំណាក់កាលទី ៤ មិនដឹងថាពេលនោះ គឺមានអគ្គរដ្ឋទូតឈ្មោះអ្វី? ឯភាគីកម្ពុជា នៅដំណាក់កាលទី ១ និងដំណាក់កាលទី ២ ដោយឯកឧត្តមអភិបាលរាជធានីភ្នំពេញ កែប ជុតិមា និងដំណាក់កាលទី ៣ គឺឯកឧត្តម ប៉ា សុជាតិវង្ស និងដំណាក់កាលទី ៤ សង្ឃឹមថា ឯកឧត្តម ប៉ា សុជាតិវង្ស មិនទាន់ចូលនិវត្តន៍ទេ។
ការថ្លែងរបស់ខ្ញុំព្រះករុណាខ្ញុំ កំពុងតែផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុក សូមបើកមើល Samdech Hun Sen, Cambodia Prime Minister អាចឃើញការផ្សាយបន្តផ្ទាល់។ បើជ្រុលជាលេងហើយ លេងឲ្យវាដល់តែម្តងទៅ។ ពីមុនអត់លេងទេ តែឥឡូវលេងហើយ ហើយបើជ្រុលថាលេង លេងឲ្យខ្លាំងតែម្តង live តាំងពីប៉ារីស live តាំងពីតាកែនកោះស្លា ថ្ងៃនេះ live ទៀត។ អញ្ចឹងបានខ្ញុំព្រះករុណាខ្ញុំថា បើលេងកុំខឹង បើខឹងកុំលេង អាហ្នឹងត្រូវតែនិយាយគ្នាឲ្យច្បាស់ ហើយបច្ចេកវិទ្យាហ្នឹង បើថាដល់ដំណាក់កាលលេង គឺលេងហើយ។
ការកកស្ទះ ៣ យ៉ាង ត្រូវដោះស្រាយ
… ឯកឧត្តម ប៉ា សុជាតិវង្ស បានធ្វើរបាយការណ៍រួចហើយ សម្រាប់សម្តេចព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាអ្នកចូលរូមនៅទីនេះ អំពីកិច្ចការដែលត្រូវបានធ្វើនៅដំណាក់កាលទី ១, ដំណាក់កាលទី ២ និងដំណាក់កាលទី ៣។ ថ្ងៃនេះ យើងសម្ពោធដាក់ឲ្យប្រើប្រាស់នូវជំហានទី ៣ នេះ ដែលមានវិសាលភាគគ្របដណ្តប់ទៅលើតំបន់មួយចំនួន ដែលរំដោះទឹកដើម្បីយកចេញពីទីក្រុងភ្នំពេញ។ ទីក្រុងភ្នំពេញរបស់យើងបានជួបប្រទះនូវបញ្ហាកកស្ទះ ៣ យ៉ាង ដែលចាំបាច់ត្រូវតែដោះស្រាយ។ កកស្ទះទី ១ កកស្ទះទឹកជំនន់ទឹកភ្លៀង ពេលដែលភ្លៀងម្តងៗ យើងដោះមិនចេញ។ កកស្ទះទី ២ កកស្ទះសំរាម ឯកកស្ទះទី ៣ គឺកកស្ទះចរាចរណ៍ ឡាន។ នេះជាការកកស្ទះ ៣ ដែលត្រូវដោះស្រាយនៅក្នុងទីក្រុងភ្នំពេញ។ កាលពីឆ្នាំ ១៩៧៩ និងទសវត្សរ៍ ៨០ សកម្មភាពកកស្ទះទាំង ៣ នេះ វាមិនសូវមានទេ ជាពិសេសនៅឆ្នាំ ១៩៧៩ គឺថា បើទោះបីជាវាលិចលង់នៅទីនេះទីនោះ ដោយសារភ្លៀងធ្លាក់ក៏ដោយ តែអត់មានប្រជាជនរស់នៅ អញ្ចឹងវាមិនប៉ះពាល់ដល់ការកកស្ទះដទៃទៀតទេ។ ម្យ៉ាងទៀត វាអត់មានឡានបើកពេលនោះ អញ្ចឹងអត់ស្ទះចរាចរណ៍ទេ។
ភាពខុសគ្នា នៃរាជធានីភ្នំពេញ រវាងទសវត្សរ៍ ៨០ និងបច្ចុប្បន្ន
… ជាបណ្តើរៗ មិត្តជប៉ុនបានចូលរួមចំណែកនៅក្នុងបញ្ហាការដោះស្រាយការស្ទះអំពីប្រព័ន្ធលូនេះឯង។ ទីក្រុងភ្នំពេញ ឆ្នាំ ១៩៧៩ និងក្នុងទសវត្សរ៍ទី ៨០ ខុសពីពេលនេះ។ បើយើងសម្លឹងមើល ក្រោយបន្តិច ពីទីក្រុងមួយដែលស្លាប់ទៅហើយ ហើយចាប់ផ្តើមរស់ឡើងវិញ ជាមួយនឹងការខិតខំ ដែលចាប់ផ្តើមពីដៃទទេ នៃពលរដ្ឋរបស់យើង … អាច(ឲ្យ)ដឹងបានថា កម្លាំងប្រឹងរបស់យើងរួមគ្នាពីពេលនោះ ប្រឹងដល់កម្រិតណា។ បើកុំផ្តួលរំលំរបប ប៉ុល ពត ឆ្នាំ ១៩៧៩ តើនៅទីនេះជាកន្លែងអី ពិតប្រាកដ? ច្បាស់ជាចម្ការដូង។ ដូងពេញទាំងអស់។ និយាយរួមឲ្យតែសួនច្បារ គឺដាំដើមដូងទាំងអស់។ មុខផ្ទះខ្ញុំព្រះករុណាខ្ញុំ កាច់មករហូតទៅដល់កន្លែងរូបសំណាកសម្តេចសង្ឃរាជ ជួន ណាត កាច់មកខាងនេះ សុទ្ធតែដូង ទ្រាំងខែត្រ និងស្បូវ។ អញ្ចឹងទេ បើយើងកុំផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ភ្នំពេញមិនមែនជាភ្នំពេញដែលមានមនុស្សនៅទេ តែភ្នំពេញជាចម្ការដូង …។
តំបន់មាត់ទន្លេតែងតែទាបជាងនីវ៉ូសមុទ្រ
… បន្ទាប់ពីរំដោះហើយ យើងបានប្រឹងបន្តិចម្តងៗ ពីស្ថានភាពនៃសួនច្បារ ហើយត្រឹមតែចាក់ក្រួសក្រហមតែប៉ុណ្ណោះ ទៅចាប់ផ្តើមរៀបការីឡា។ ឥឡូវដើរលែងប្រឡាក់ជើងហើយ។ ក្រុងភ្នំពេញ ត្រូវរៀបចំសួនច្បារឲ្យបានច្រើន រៀបចំទីធ្លាឲ្យបានច្រើន ដើម្បីការហាត់ប្រាណ ក៏ដូចជាការកំសាន្តរបស់ប្រជាពលរដ្ឋនៅពេលល្ងាចៗ ឬពេលណាដែលគេត្រូវការ។ ដូច្នេះ ត្រូវពិនិត្យសព្វ ពិនិត្យគ្រប់។ ដែលហៅថា តំបន់មាត់ទន្លេហើយ គឺមិនដែលទីទួលទេ។ យើងនៅតំបន់ចតុមុខ ដែលហៅថាចតុមុខនេះ គឺទន្លេបួនមុខ។ ដែលហៅថា អ្នកមាត់ទន្លេ គឺមិនដែលទួលទេ។ អ្នកមាត់ទន្លេតែងតែទាប។ បើអ្នកឱរ៉ាល់បានខ្ពស់។ យើងនៅក្នុងតំបន់ដែលងាយស្រួលក្នុងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ដែលព្រះរាជាជាន់ដើម បានជ្រើសរើសនូវទីនេះ(ជារាជធានី) ជាពិសេស ព្រះរាជា ពញាយ៉ាត ដែលព្រះអង្គជ្រើសរើសដូនពេញ ធ្វើជារាជធានីកាលពីអតីតកាលនោះ។ បើយើងវាស់(ធៀបនឹងទឹកសមុទ្រ) តំបន់មានកម្រិតខ្ពស់ជាងសមុទ្រតែម្តុំព្រះបរមរាជវាំង និងវត្តភ្នំទេ ក្រៅពីនោះទាបជាងទឹកសមុទ្រ។
ជំនន់ឆ្នាំ ២០០០ គំរាមកំហែងភ្នំពេញ ត្រូវកាត់ផ្លូវជាតិលេខ ១ និង លេខ ២ ដើម្បីរំដោះក្រុង
… ការគំរាមកំហែងដោយទឹកជំនន់តែងកើតមាន ជាពិសេស ក្នុងឆ្នាំ ២០០០ ទឹកជំនន់ធំណាស់ គំរាមកំហែងភ្នំពេញ។ គំរាមពីខាងលើផង និងចាប់ផ្តើមហូរចូលក្នុង ព្រោះវាមិនមែនទឹកហូរចេញតាមលូ ធ្លាក់ទៅមេគង្គឬ ទន្លេសាបឯណា វាចូលពីលូមកចេញនៅនឹងវត្តភ្នំ ហូរចូលក្រុងភ្នំពេញវិញ។ ចូលតាមលូ។ យើងមានលូធ្លាក់ចូលទន្លេ ដល់ទឹកទន្លេខ្ពស់ជាង វា(ចាល់)ចូលមកក្នុងក្រុងវិញ។ មួយទៀត ទំនប់កប់ស្រូវ ពេលហ្នឹងយើងមិនទាន់បានពង្រឹងទេ។ ជម្រើសដែលល្អជាងគេនៅពេលនោះ គឺកាត់ផ្លូវជាតិលេខ ១ កន្លែងដែលជប៉ុនធ្វើស្ពានឲ្យហ្នឹង។ បើមិនកាត់ផ្លូវជាតិលេខ ១ ទេ មានន័យថា ភ្នំពេញនឹងត្រូវលិច ហើយទំនប់កប់ស្រូវនឹងអាចបាក់។ ទឹកបុកទៅតាមទន្លេមេគង្គ និងទន្លេបាសាក់ មិនគ្រប់គ្រាន់ទេ។ ត្រូវបើកមុខទឹក ដោយកាត់ផ្តាច់ផ្លូវជាតិលេខ ១ ដើម្បីរំដោះទឹកទៅផ្នែកខាងក្រោម។ … គាប់ជួនពេលហ្នឹង ជំនន់ពីព្រែកត្នោតមកទៀត។ មេគង្គផង ព្រែកត្នោតផង។ បើអញ្ចឹងយើងកាត់ផ្លូវជាតិលេខ ២ ត្រង់ព្រែកអាទាំង។ យើងគួរកត់ត្រាទុកដែរ ដើម្បីរំដោះទីក្រុងភ្នំពេញ ត្រូវបុកពីខាងលិច អាចថាតំបន់រោងចក្រស្ទឹងមានជ័យ ត្រូវលិចទាំងអស់។ ត្រូវកាត់ផ្លូវជាតិលេខ ២។ ម៉ោងប្រហែលជា ២ ភ្លឺ កាត់ផ្លូវជាតិលេខ ២ តែម្តង។ … ឆ្នាំនេះ ទឹកទាបណាស់ ឥឡូវនៅក្រោម ៥ ម៉ែត្រ ទៅហើយ។ បន្តិចទៀត ខ្ញុំព្រះករុណាខ្ញុំ នឹងនិយាយដល់រឿងអុំទូក ហេតុអីបានមិនអុំ ព្រោះមានអ្នកធ្វើអត្ថាធិប្បាយអាក្រក់អាក្រីណាស់ …។
ភ្នំពេញពីលិចរាល់ពេល មកលិចតែពេលភ្លៀងខ្លាំង
… និយាយពីប្រព័ន្ធលូក្នុងទីក្រុង ដែលទទួលរងទឹកភ្លៀងនៅក្នុងតំបន់នេះ វាមិនគ្រប់ក្នុងការដោះទឹកនេះចេញ នៅពេលដែលភ្លៀងធ្លាក់ខ្លាំង។ បើសិនជាភ្លៀងធ្លាក់ ៨០ មិល្លីម៉ែត្រ ឬ ១០០ មិល្លីម៉ែត្រ ក្នុងមួយពេល ទោះបីថាលូធំប៉ុណ្ណា ក៏វាត្រូវលិចមួយភ្លែតដែរ។ មិនថាតែទីក្រុងភ្នំពេញ ទីក្រុងឡុងដ៍ ក៏ធ្លាប់លិចដែរ រឿងភ្លៀងធ្លាក់ខ្លាំងនោះ។ ទីក្រុងបាងកក ក៏លិចដែរ ទីក្រុងប្រទេសណាក៏លិច សូម្បីតែនៅជប៉ុនក៏លិចខ្លួនឯងដែរ។ យើងដាក់ជាសំណួរថា ហេតុអីបានហៅថាជាជំនន់? ជំនន់មកពីប្រព័ន្ធរបស់វា ជាទន្លេក្តី ជាព្រែកក្តី សមត្ថភាពទទួល និងហូរចេញមិនគ្រប់ បានជាទឹកហ្នឹងសល់ ជះចេញទៅខាងក្រៅ ដូចជាមេគង្គ ព្រែកត្នោត ដូចជាស្ទឹងសង្កែ ស្ទឹងពោធិសាត់ និងស្ទឹងសែន ជាដើម …។
… ទីក្រុងភ្នំពេញក៏វាដូចគ្នាដែរ។ ប្រព័ន្ធលូរបស់យើងទទួលបានកម្រិតណាមួយ។ កន្លងទៅទោះបីថាតិចក៏វាលិច ច្រើនក៏វាលិច។ ឥឡូវនេះ យើងកាត់បន្ថយបានអាតិច វាមិនលិចទេ។ អញ្ចឹង ជំហានទី ១ យើងបានធ្វើ ជំហានទី ២ យើងបានធ្វើ, ជំហានទី ៣ យើងធ្វើនៅថ្ងៃនេះ ហើយនៅមានជំហានទី ៤ ទៀត។ សង្ឃឹមថាជំហានទី ៤ នឹងបន្ត ហើយឯកឧត្តម អគ្គរដ្ឋទូត ក៏ដូចជាប្រធាន JICA គឺបន្តការងារនេះ។ ហើយការងារនេះ ក៏សុំជម្រាបដែរ អរគុណណាស់ចំពោះក្រុមហ៊ុន ដែលបានសាងសង់ ក៏ដូចជាត្រួតពិនិត្យទីប្រឹក្សាបច្ចេកទេស ដែលបានធ្វើកិច្ចការងារនេះ ដ៏ល្អទាន់ពេលវេលា …។
មន្រ្តីជប៉ុនគួរពន្យល់បក្សប្រឆាំង(កម្ពុជា) អំពីការប្រើប្រាស់លុយជប៉ុន
… សូមបញ្ជាក់ថា អ្វីដែលធ្វើនៅទីនេះថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ត្រឹមតែមានលទ្ធភាព មកចូលរួមជាមួយនឹងអគ្គរដ្ឋទូតជប៉ុន កាត់ខ្សែបូតែប៉ុណ្ណឹង។ ប៉ុន្តែ រឿងដេញថ្លៃ នៅតូក្យូ។ ជប៉ុនកាន់លុយទាំងអស់។ រឿងហ្នឹងបើសិនជាមានមេបក្សប្រឆាំងទៅឯប្រទេសជប៉ុន ហើយបើសិនជាខាងមន្រ្តីរបស់ជប៉ុនទទួល សុំឲ្យពន្យល់មេបក្សប្រឆាំងផងថា វិធីប្រើលុយរបស់ជប៉ុន គឺជប៉ុនមិនប្រគល់លុយឲ្យខ្មែរកាន់ទេ។ គេ(បក្សប្រឆាំង)បានចោទថាយើងនេះបានយកលុយរបស់ជប៉ុន មកប្រព្រឹត្តអំពើពុករលួយ។ ស្ពានទ្សឺបាសា គឺស្ពានអ្នកលឿង … ក៏ដេញថ្លៃពីតូក្យូដែរ។ ថ្ងៃនេះ ក៏ដូចគ្នាអញ្ចឹងដែរ។ មិនមែនគម្រោងជប៉ុននេះធ្វើចំពោះតែកម្ពុជាទេ គម្រោងជប៉ុននេះ គឺធ្វើគ្រប់ប្រទេសដែលជប៉ុនផ្តល់ជំនួយ។ មនុស្សមួយជំនួន ធ្វើអត្ថាធិប្បាយដោយគ្មានការទទួលខុសត្រូវ ថាមូលហេតុដែលគេដេញថ្លៃនៅតូក្យូ ដោយសាររដ្ឋាភិបាលខ្មែរពុករលួយ។ សូមឯកឧត្តមប្រាប់ទៅនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ … ប៉ុន្តែ នាយករដ្ឋមន្រ្តី អាបេ មិនទទួលអ្នកណាក្រៅពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ព្រោះជាដៃគូ។ ឬក៏អគ្គរដ្ឋទូតជប៉ុន អញ្ជើញពួកហ្នឹងទៅបាយមួយពេលក៏បានដែរ ប្រាប់ថា វិធីប្រើប្រាស់លុយរបស់ ជប៉ុន គេប្រើប្រាស់អញ្ចឹង …។
… ទៅអង្គការសហប្រជាជាតិ តាមធ្វើបាតុកម្មប្រឆាំងឯងនៅអង្គការសហប្រជាជាតិ ទៅស្រុកបារាំងទៅធ្វើបាបបារាំងទៀត។ បារាំងគេឲ្យធ្វើនៅកន្លែងនេះ ដល់ខ្លួនទៅធ្វើនៅកន្លែងនោះ។ ប៉ូលីសបារាំងដេញទីងណាត់ទីងណែង រួចធ្វើឲ្យបងប្អូននៅទីក្រុងភ្នំពេញខឹង ដាក់ត្រឡប់ទៅវិញ។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ថា មិនគាំទ្រ(អំពើហឹង្សាទេ) ត្រូវតែផ្តន្ទាទោស។ ឥឡូវពេលនេះ មិនមែនជាយុទ្ធនាការបោះឆ្នោតទេ តែខ្ញុំថាមិនស្រួល (ធ្វើ)ច្បាប់មួយតែម្តង អ្នកណាបំពានពេលវេលានៃយុទ្ធនាការបោះឆ្នោត គឺត្រូវមានទោសតែម្តង …។
ការផ្អាកការប្រណាំងទូក
… មួយទៀត ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ដើម្បីទូលប្រគេន និងជម្រាបជូន។ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយម្តងហើយ បានចេញនូវសារាចរណែនាំពាក់ព័ន្ធនឹងការផ្អាកពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ។ មូលហេតុវានៅកន្លែងនេះ។ ទឹកឥឡូវនៅក្រោម ៥ ម៉ែត្រទៅហើយ។ ថ្ងៃនេះ ដូចជានៅ ៤ ម៉ែត្រ ៧០។ យើងគិតមើល ២០ ថ្ងៃទៀតបានបុណ្យអុំទូកចាប់ផ្តើម។ យើងគិតថាក្នុងមួយថ្ងៃចុះត្រឹមតែ ៥ ផឹង ក៏គ្រប់គ្រាន់នឹងចុះមួយម៉ែត្រទៀត។ … (មានការ)ព្យាករណ៍ថា ពេលដល់ថ្ងៃបុណ្យទូកនៅសល់ ៤ ម៉ែត្រ ២០។ ឥឡូវ សុំអ្នកអត្ថាធិប្បាយចេញមក ដើម្បីនឹងនិយាយគ្នា។ ទឹកប៉ុណ្ណឹង ឲ្យលោកឯងអុំខ្លួនឯង ខ្ញុំជួយចេញលុយឲ្យ។ អ្នកវិភាគ និងអ្នកធ្វើតំណាងរាស្រ្តបក្សប្រឆាំងខ្លះ ដល់រហូតថ្នាក់ថា រាជរដ្ឋាភិបាលមិនហ៊ានចាត់តាំងបុណ្យអុំទូកខ្លាច គណបក្សសង្រោះជាតិ ចេញមកធ្វើបាតុកម្ម។ … (កាលពី)ថ្ងៃប្រជុំសភា ថ្ងៃ ៣០ តុលា បណ្តាខេត្តនានា ដែលមានតំណាងរាស្រ្តបានស្នើសុំឲ្យបន្ថយទីប្រឡង ពី ១៧០០ ម៉ែត្រ មកនៅត្រឹម ១៥០០ ម៉ែត្រ ដែលកាលនោះ ទឹកនៅលើ ៥ ម៉ែត្រ។ ចុះទម្រាំដល់វាធ្លាក់ចុះ(ទាបជាងនោះ) តើអុំយ៉ាងម៉េច? អុំវាមិនកើត។ ជាបច្ចេកទេសទៅវាមិនរួច។ ឥឡូវថ្នាក់ដល់រាជរដ្ឋាភិបាលខ្លាចប្រជាជន … អស់លោកហាក់ដូចជាជ្រុលហួសហេតុពេកហើយ។ … ខ្ញុំចង់ឲ្យប្រជាជនមកលេងក្រុងភ្នំពេញនេះ ទោះបីមិនមានបុណ្យអុំទូកមែន ក៏ប៉ុន្តែ គឺពិធីដទៃទៀត ឲ្យរៀបចំទៅ ធ្វើ concert ផ្សាយបន្តផ្ទាល់ ប្រគុំតន្រ្តីស្អីៗ នៅមានតើ។ គ្រាន់តែអត់ទូកអុំហ្នឹងតើ។
… និយាយមកពីខេត្តបន្តិច។ ពីអ្នកកំពង់ធំទៅចុះ ដែលសុទ្ធតែទូកលឿនៗ ទម្លាក់ទូកមកតាមណា? ពីដើមទម្លាក់ទូកមកតាមទន្លេសាបដើម្បីទាញទូកយកមកអុំ។ ឥឡូវទន្លេសាបអត់ទឹក ចេញវាមិនរួច។ ពិបាកទម្លាក់ទូកមកណាស់ … ហើយបើសិនជាដឹកតែម្តង អាចនឹងធ្វើឲ្យទូកហ្នឹងខូចទៀត។ … វាអត់ចំណុះទូកអុំទៀត ព្រោះឥឡូវនេះ បញ្ហាធំរបស់អ្នកទាំងនោះ គឺធ្វើស្រែប្រដេញទឹក ឬថែទាំទឹក កំពុងតែខ្វះទឹក …។
អ្នកប្រឆាំងមានសិទ្ធិបាតុកម្ម អ្នកគាំទ្រក៏មានសិទ្ធិដែរ
… សូមអ្នកវិភាគទាំងឡាយយល់ឲ្យច្បាស់។ … អស់លោកមានសិទ្ធិ ក៏ប៉ុន្តែសូមអស់លោកអ្នកមានភាពថ្លៃថ្នូរ និងពិចារណាឲ្យបានម៉ត់ចត់ កុំអាងតែខ្លួនមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដោយខ្វះការទទួលខុសត្រូវ ខ្វះវិចារណញ្ញាណ។ លោកអ្នកវិភាគឯករាជ្យ ល្ងាចនេះ លោកបានដើមទុនដែលខ្ញុំនិយាយខ្លាំងៗនេះ ទៅធ្វើវិភាគទៀតហើយ ព្រោះល្បែងអស់លោក បើមិនធ្វើវិភាគអញ្ចឹង គេមិនឲ្យលុយអស់លោក ព្រោះលោកស៊ីឈ្នួលវិភាគ ហើយវិភាគវ៉ៃរដ្ឋាភិបាលរហូត។ ប៉ុន្តែសូមអស់លោកត្រូវចាំចំណុចមួយឲ្យច្បាស់ (ដើម្បី)ធ្វើរាជរដ្ឋាភិបាល គេមានអ្នកគាំទ្រច្រើនជាងបក្សប្រឆាំង។ អ្នកប្រឆាំងមានសិទ្ធិធ្វើបាតុកម្ម អ្នកគាំទ្រក៏មានសិទ្ធិដែរ។ ខ្ញុំមិនលើកទឹកចិត្តឲ្យធ្វើបាតុកម្មទេ ហើយខ្ញុំកាន់តែប្រឆាំងជាមួយនឹងហឹង្សា តែអ្នកទាំងឡាយចូលចិត្តណាស់ ប្រមាថគេ រហូតដល់ប្រមាថនាយករដ្ឋមន្ត្រី ប្រមាថរាជរដ្ឋាភិបាល ថាខ្លាចប្រជាជនចូលក្រុងច្រើនពេក ធ្វើបាតុកម្ម។ ឥឡូវរៀបចំ concert ឲ្យច្រើនកន្លែងទៅ។ អ្នកដែលទើបនឹងជាប់ក្នុង Top 12 កម្មវិធី Cambodian Idol យកមក ហើយមកទាំង ព្រាប សុវត្ថិ, ឆន សុវណ្ណរាជ, ឱក សុគន្ធកញ្ញា, ណុប បាយ៉ារិទ្ធិ, មាស សុខសោភា, ពេជ្រ សោភា ស្អីៗ មកឲ្យអស់មក។ … នេះជាការប្រមាថ ហើយជាការព្រហើនរបស់អ្នកវិភាគ ហើយ Cambodia Daily ថា មានចំណុចសង្ស័យចំណុចអីនៅពីក្រោយ … បើសិនថា វិភាគធុនអន់អញ្ចឹង យកទៅចុះលើកាសែតខ្លួន ក្រែងលោវាអន់កាសែតខ្លួនទៅទៀត។ សួស សងវាចា គាត់ មានជម្ងឺហើយ នៅ ហ៊ឹម ស៊ីវន អញ្ជើញមក ល្បីៗទាំងប៉ុន្មាន មកទាំងអស់ ហើយក្រុមកំប្លែង តាំងពី នាយក្រឹម នាយកុយ ពាក់មី ហៅទាំងអស់មក …។
បង្វែរថវិកាត្រៀមសម្រាប់អុំទូក ទៅទិញប្រេងសម្រាប់បូមទឹកវិញ
… ពេលនេះជាពេលកំពុងខ្វះទឹក។ តំបន់អ្នកមាត់ទន្លេ គឺវេទនាហើយឆ្នាំនេះ។ ខ្ញុំព្រះករុណាខ្ញុំ ណែនាំ ហើយបង្វែរថវិកាដែលត្រៀមសម្រាប់បុណ្យអុំទូក ទៅជាថវិកាសម្រាប់ទិញប្រេង សម្រាប់បូមទឹកដាក់ស្រែវិញ។ តើរឿងហ្នឹង អស់លោកអ្នកវិភាគគិតយ៉ាងម៉េច? … រពឹសមាត់ រួចដល់គេធ្វើវិញ ថាគេនឹងហឹង្សា ថាគេនឹងផ្តាច់ការ។ ប៉ុន្តែខ្ញុំសួរថា បើខ្ញុំផ្តាច់ការ លោកឯងនិយាយអញ្ចឹងបានអត់? ដោយសារតែលោកឯងមានសេរីភាពហើយ បានលោកឯង និយាយទទឹងទិសមកអញ្ចឹង។ … សង្ឃឹមថា អ្នកធ្វើអត្ថាធិប្បាយ អ្នកវិភាគ មើលឲ្យច្បាស់។ បុណ្យអុំទូករបស់យើង(តាម)ធម្មតា(ធ្វើបាននៅពេល)បានទឹក ៧ ម៉ែត្រ។ ឆ្នាំទៅអុំទូកក៏ទឹកទាបដែរ។ យើងអុំតែ ៦ ម៉ែត្រប៉ុន្មានទេ។ ចំណុះទូកចង់ដាច់ខ្យល់។ ល្អបំផុតទឹក ៧ ម៉ែត្រ។ វាលើ ៧ ម៉ែត្របន្តិច ប៉ុន្តែបើឡើងទៅដល់ ៨ ម៉ែត្រកន្លះ ឬ ៩ ម៉ែត្របន្តិច អាហ្នឹងពិបាកអុំអត់កើតទៅទៀត ខ្លាចគ្រោះថ្នាក់។ ឆ្នាំណាមួយនោះ ជនជាតិសាំងហ្គាពួរមកអុំ ស្លាប់អស់ប៉ុន្មាននាក់ ហើយនិងមកលង់ទឹកនៅផ្នែកខាងក្រោម ព្រោះទឹកកំពុងតែហូរកួចខ្លាំង …។
រក្សាវប្បធម៌សន្ទនា កុំជេរគ្នា
… ម្សិលមិញមានការជួបគ្នារវាងសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមតំណាងរាស្ត្ររបស់បក្សកាន់អំណាច បក្សក្នុងរាជរដ្ឋាភិបាល ជាមួយនិង ឯកឧត្តម សម រង្ស៊ី ប្រធានក្រុមតំណាងរាស្ត្ររបស់ក្រុមបក្សក្រៅរដ្ឋាភិបាល។ ការជួបគ្នានោះ ផ្តោតសំខាន់ទៅលើការពង្រឹងវប្បធម៌សន្ទនា បន្តវប្បធម៌សន្ទនា ប៉ុន្តែសង្ឃឹមថាមេបក្សទាំងសងខាង រៀបរយក្នុងបក្ស កុំលេងចាប់ដៃ ជាន់ជើង។ ខាងនេះគេដឹងហើយ អ្នកណាឈរបញ្ជាបាតុកម្មនៅប៉ារីស អ្នកណាឈរបញ្ជាបាតុកម្មនៅញូយ៉ក។ មិនមែនគេមិនដឹងទេ។ … សង្ឃឹមថា បើយើងសន្ទនា ត្រូវតែសន្ទនា កុំយើងសន្ទនាមេ ទុកឲ្យកូនជេរ អាហ្នឹងទទួលយកអត់បានទេ។ កូនជេរស្មើនឹងមេជេរ ដូចតែគ្នា។ … បើចង់សន្ទនាល្អ វិធីមានតែមួយគត់ គឺអប់រំផ្ទៃក្នុងសងខាងទៅ កុំឲ្យប៉ះពាល់គ្នា កុំឲ្យប្រមាថគ្នា …។
… ខ្ញុំអំពាវនាវ សូមអ្នកគាំទ្រគណបក្សប្រជាជន គាំទ្ររាជរដ្ឋាភិបាល មេត្តាកុំប្រើហឹង្សា បើគេជេរ បើគេប្រមាថ ខាំមាត់ដើរចេញ។ កុំធ្វើអំពើណាដែលបំផ្លិចបំផ្លាញ ប៉ះពាល់ដល់រូបកាយរបស់គេ ប៉ះពាល់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិរបស់គេ។ កុំធ្វើ។ ខ្ញុំសូមអំពាវនាវបញ្ហាហ្នឹង ហើយទុកឲ្យគេអ្នកបង្កហេតុទទួលខុសត្រូវលើបញ្ហាដែលគេបានបង្កើត។ … សំណុំរឿងវ៉ៃគ្លីនិកគេ សំណុំរឿងផ្លូវវេងស្រេង សំណុំរឿងស្អីៗ អត់ទាន់បិទបញ្ជីទេ។ អ្នកណាទៅបំផុសកម្មករចេញមក? គេកំពុងធ្វើការ ទៅបំផុសឲ្យគេចេញមក អត់ទាន់ផុតពីសំណុំរឿងទេ។
… យករឿងអុំទូកធ្វើជារឿងនយោបាយ។ ថ្ងៃនេះ ខ្ញុំក៏សុំយកបញ្ហាហ្នឹង ធ្វើជាការវិភាគនយោបាយ និងបច្ចេកទេសជូន។ ហើយសុំអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស មេត្តាយោគយល់ដល់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលអញ្ជើញអ្នកទាំងឡាយ ចង់មកលេងភ្នំពេញ មើលពិពណ៌ មើលពិធីផ្សេងៗ .. ហើយអញ្ជើញទុកជាមុននូវសិល្បករ សិល្បការនីល្បីៗ ដែលខ្ញុំរៀបរាប់អម្បាញ់មិញហ្នឹង និងមួយចំនួនរៀបរាប់ឈ្មោះមិនអស់។ … ខ្ញុំគ្រាន់តែបញ្ជាក់ហើយបញ្ជាក់ទៀត អស់លោកកុំភ្លេចថា បើគេហ៊ានធ្វើបក្សរដ្ឋាភិបាល គេឈ្នះឆោ្នត តែគេឈ្នះឆ្នោត កម្លាំងរបស់គេខ្លាំងជាងលោកឯង ប្រជាជនបោះឆ្នោតឲ្យគេច្រើនជាង។ លោកឯងនិយាយថា គេលួចសន្លឹកឆ្នោត ខ្ញុំបានបបួលលោកឯងហើយថា ឲ្យស្បថទៅ បើលោកឯងនិយាយបែបហ្នឹងទៀតឲ្យរន្ទះបាញ់ងាប់ទៅ។ លោកកុំបន្ដល្បែងអស់ហ្នឹងទៀត។ បញ្ឈប់ទៅ។ លោកឯងបង្ខំចូលមកសភាធ្វើអី មិននៅខាងក្រៅរហូតទៅ។ ពេលដែលមិនចូល សុទ្ធតែថា មហាក្សត្រធ្វើខុស សភាកន្លះក្អម រាជរដ្ឋាភិបាលកន្លះក្អម។ ចុះឥឡូវយ៉ាងម៉េច? លោកឯងមានបានសុំទោសទេ? ថាមហាក្សត្រ ព្រះអង្គធ្វើត្រូវតាមរដ្ឋធម្មនុញ្ញ ៦០ ថ្ងៃយ៉ាងយូរ ត្រូវកោះប្រជុំ។ ពេលដែលលោកឯងមិនចូល លោកឯងថា ជាឆន្ទៈរាស្រ្ត មិនឲ្យចូល។ ដល់ពេលចូលមក លោកឯងថា ឆន្ទៈរាស្រ្ត។ ប៉ុន្តែក្នុងពេលដែលលោកឯងថា ឆន្ទៈរាស្រ្ត លោកឯងបានជេរមហាក្សត្រ លោកឯងបានជេរសភា បានជេររាជរដ្ឋាភិបាល។ ដល់ពេលលោកឯងចូល លោកឯងមិនបានសុំទោសថា កាលពីមុន ខ្ញុំនិយាយខុសហើយ …។
SMS សូមទោស ពី ឯកឧត្តម សម រង្ស៊ី
សុំទោសឯកឧត្តម គូម៉ាម៉ារុ រូជី ខ្ញុំសុំទោស ព្រោះខ្ញុំត្រូវការចាំបាច់និយាយ …។ ឯកឧត្តម សម រង្ស៊ី ឯកឧត្តមបានវាយ SMS សុំទោសខ្ញុំ។ បើសិនជាឯកឧត្តមហ៊ានប្រថុយប្រថានទៅលើការបំពានអ្វី ដែលឯកឧត្តមសុំទោសខ្ញុំនេះ ខ្ញុំត្រៀមបង្ហោះតាមហ្វេសប៊ុក។ ថ្ងៃ ២៩ ឯកឧត្តមសុំទោសខ្ញុំ។ … ឯកឧត្តមវ៉ៃមកខ្ញុំនៅថ្ងៃទី ២៩ ម៉ោង ៦៖១៣ នាទីល្ងាច … ដល់ខ្ញុំឆ្លើយតបអរគុណឯកឧត្តម នៅម៉ោង ៨៖០៩ នាទី ថ្ងៃទី ២៩ យប់។ យប់ថ្ងៃ ២៩ បានសេចក្តីថា មុនពេលបោះឆ្នោតទំលាក់អនុប្រធានទី ១ សភានោះ។ បើសិនជាបំពានលើខ្ញុំ ខ្ញុំអត់មានជម្រើសទេ។ សង្ឃឹមថា យើងនឹងមានការនិយាយគ្នា។ យើងអាចនិយាយគ្នាតទៅទៀត។ ម្សិលមិញមានការសន្ទនាគ្នាដ៏ល្អ រវាងសម្តេចក្រឡាហោម និងឯកឧត្តម សម រង្ស៊ី។ ខ្ញុំចាត់ទុកថា ជាដំណើរការឆ្ពោះទៅមុខមួយហើយ។ ប៉ុន្តែទំាងសងខាងត្រូវទទួលខុសត្រូវគ្រប់គ្រងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន កុំឲ្យល្មើស កុំឲ្យយកការជេរប្រទេចធ្វើជាមុខរបរ … បានវប្បធម៌សន្ទនាវាទៅមុខ។
… (ចុះបើ) អាក្រោមជេរ អាមេសន្ទនា អាក្រោមទៅធ្វើបាតុកម្ម ហើយដល់គេធ្វើវិញ សុទ្ធតែគេរៀបចំ។ ទេបាតុកម្មមួយ បើអត់រៀបចំអ្នកណាធ្វើកើត? … វាមានមេមានកើយរបស់គេ។ … មិនមានអ្នកឯណាមកឯងៗថាមិនរៀបចំ។ គេរៀបចំ។ ក្រែងគេមានចុះហត្ថលេខាដាក់ទៅសាលាក្រុងតើ។ គេរៀបចំតើ។ កាលលោកឯងធ្វើបាតុកម្ម ក្រែងលោកឯងរៀបចំតើ វាមានស្អីខុសគ្នា។ … បើគ្មានភ្លើងក៏វាគ្មានផ្សែងដែរ។ បើគ្មានបាតុកម្មនៅញូវយ៉ក និងបាតុកម្មនៅក្រុងប៉ារីស ក៏អត់មានបាតុកម្មនៅទីក្រុងភ្នំពេញដែរ។ … ត្រូវទទួលស្គាល់ការពិតអញ្ចឹងទៅ។ អញ្ចឹងអ្នកឯងអ្នកបង្កហេតុ ហើយអ្នកឯងសុទ្ធតែប្រកាសអីណាថា សិទ្ធិស្អីអឺ បើអ្នកឯងទទួលសិទ្ធិ ត្រូវដឹងថាគេក៏មានសិទ្ធិដូចអ្នកឯង។ បើអ្នកឯងថា មិនមែនម៉េចក៏មិនប្រកាសថា ប្រកាសមុនទៅថា ខ្ញុំអត់មានការពាក់ព័ន្ធ គណបក្សមិនឲ្យធ្វើ ហាមឃាត់សមាជិកបក្សកុំឲ្យធ្វើ ប៉ុន្តែអ្នកឯងអត់មានប្រកាសអញ្ចឹងទេ ព្រោះជាសិទ្ធិគេ អញ្ចឹងខ្ញុំក៏អត់ហ៊ានប្រកាសដែរ។ សិទ្ធិរបស់ខ្ញុំគឺ គោរពសិទ្ធិអ្នកធ្វើបាតុកម្ម ប៉ុន្តែហាមឃាត់តែមួយទេ គឺហឹង្សាអត់ឲ្យមាន …៕