សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សម្ពោធស្ពានឫស្សីកែវ ឆ្លងទន្លេសាប ក្រុងភ្នំពេញ

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រីបងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! មិននឹកស្មានថាកាលពីមកបើកការដ្ឋាននៅត្រើយម្ខាងខាងនោះពាក់ពាវក្នុង(ពណ៌)អញ្ចឹង។ ឥឡូវមកមើលអម្បាញ់មិញអាវក្នុងពណ៌ហ្នឹងដែរ។ វាជាការគាប់ជួនទេ អត់បានពិនិត្យថាកាលពីពេល(មុន)ហ្នឹងពាក់អាវអី ប៉ុន្តែសំបកក្រៅដូចជាមិនមែនខ្មៅទេ(ពណ៌)ខៀវ ប៉ុន្តែខាងក្នុងពណ៌ហ្នឹងដដែល។ មុខដដែលពាក់អាវដដែលមានស្អី។ (១) យកចំណូលពីទីក្រុងភ្នំពេញ អភិវឌ្ឍទីក្រុងភ្នំពេញ ថ្ងៃនេះខ្ញុំមានការសប្បាយរីករាយដែលបានមកចូលរួមជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប ក៏ដូចជាស្ពានអាកាសឫស្សីកែវដែលស្ថិតនៅតាមផ្លូវជាតិលេខ៥ រួមគ្នាតែម្ដង។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលយើងបានរួមគ្នាកសាង ចាប់ផ្ដើមពីការលំបាកលំបិនរហូតទៅដល់មានការអភិវឌ្ឍបែបនេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ស្តីពីការសាងសង់ហើយ។ យើងកំពុងតែស្ថិតនៅលើវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត មានន័យថាយកចំណូលពីទីក្រុងភ្នំពេញអភិវឌ្ឍទីក្រុងភ្នំពេញ។ (២) ឆ្នាំ ១៩៨៩ ខ្មែរក្រហមបាញ់ H12 សំដៅឃ្លាំងសាំងឫស្សីកែវ តំបន់ដែលយើងកំពុងនៅទីនេះ តភ្ជាប់រហូតទៅដល់កន្លែងប្រកួតស៊ីហ្គេមនិងវិមានឈ្នះឈ្នះ គឺសុទ្ធជាតំបន់ដែលយើងបានបញ្ជូនយុវជនពីត្រើយម្ខាង រាប់ទាំងពីបណ្ដាស្ថាប័ន ដូចជាក្រសួងការបរទេសជាដើម មកកាប់ព្រៃ ដើម្បីការពារកុំឱ្យខ្មែរក្រហមចូលមកកៀកទីក្រុងភ្នំពេញ។ ត្រឹមឆ្នាំ១៩៨៩ ដប់ឆ្នាំក្រោយពេលដែលយើងរំដោះ ពេលនោះយើងក៏ធ្វើពិធីបុណ្យធំមួយ ដោយមានព្យុះហយាត្រានៃកងកម្លាំងប្រដាប់អាវុធក៏ដូចជាមហាជនផង។ ពួកខ្មែរក្រហមបានបាញ់ H12 ចូលមកតំបន់ឫស្សីកែវនេះសំដៅមកឃ្លាំងសាំង។ រដ្ឋាភិបាលជំនាន់នោះ ក៏បានតម្រូវឱ្យមានការកាប់ព្រៃនៅខាងតំបន់ត្រើយម្ខាង រហូតដល់កន្លែងនេះទៀត…

សេចក្តីដកស្រង់សង្កថា សម្ពោធសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំនួយរដ្ឋាភិបាលជប៉ុន ក្នុងរាជធានីភ្នំពេញ ជំហានទី៤

ឯកឧត្តម KARIMATA Atsushi ភារធារីស្តីទី នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! លោកជំទាវ Kaneharoku ប្រធានអង្គការ JICA ប្រចាំកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! កិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភពីរដ្ឋាភិបាលនិងប្រជាជនជប៉ុន កែលម្អប្រព័ន្ធលូនិងចម្រោះទឹកស្អុយ មុនចាក់ចូលទៅក្នុងទន្លេ ថ្ងៃនេះ យើងពិតជាមានការរីករាយ ដោយសារចូលឆ្នាំថ្ងៃនេះ យើងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មី មួយទៀត ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន នោះគឺសមិទ្ធផលក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី ៤។ អម្បាញ់មិញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍រួចមកហើយ ជាមួយគ្នានេះ ក៏បានបញ្ជាក់ពី ឯកឧត្តមភារធារីស្តីទី នៃស្ថានទូតជប៉ុន ពាក់ព័ន្ធទៅនឹងគម្រោងនេះ។ (បើ)ខ្ញុំមិនច្រឡំទេ ខ្ញុំបានមកសម្ពោធបើកការដ្ឋាន ហើយក៏សម្ពោធដាក់ឱ្យប្រើប្រាស់ ចំនួន ៤ លើក ទាំងលើកនេះ។ គម្រោងទាំងឡាយ ដែលបានធ្វើសម្រាប់រាជធានីភ្នំពេញ ពិតមែនតែវាអស់លុយច្រើន ប៉ុន្តែវាក៏បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនណាស់ដែរសម្រាប់ប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាផ្នែកខាងក្រោមនៃដងទន្លេ…

សេចក្ដីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែ​ន បើកការដ្ឋានសាងសង់ស្ពានអាកាស(បេតុង)ឆ្លងកាត់ទន្លេសាប និងផ្លូវជាតិលេខ ៥ រាជធានីភ្នំពេញ

ថ្ងៃនេះ ខ្ញុំមានការរីករាយ ដែលបានចូលរួមដើម្បីពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសឫស្សីកែវ នៅទីតាំងជាប់ជាមួយយើងនេះ ដែលអម្បាញ់មិញនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍ហើយ។ ថ្ងៃនេះ ជាថ្ងៃដាច់ខែមករា ហើយជាថ្ងៃចាប់ផ្ដើមនៃចូលឆ្នាំចិន។ ខ្ញុំគិតថា ប៉ុន្មានម៉ោងទៀត ពិធីសែនព្រេនរបស់អ្នកដែលជាប់សាច់សាលោហិតចិន ឬវៀតណាម នឹងត្រូវចាប់ផ្ដើម។ ពិតមែនហើយ … ប្រតិទិនយើង គ្មានការឈប់សំរាកក្នុងចូលឆ្នាំចិននោះទេ ក៏ប៉ុន្ដែខ្ញុំបានដឹងច្បាស់ថា ទោះបីមិនមានការឈប់សំរាកសម្រាប់ចូលឆ្នាំចិន វៀតណាម នៅក្នុងប្រតិទិន ប៉ុន្ដែមានប្រជាពលរដ្ឋរបស់យើងជាច្រើន បានត្រៀមរៀបចំខ្លួនសម្រាប់សែនព្រេន និងបានរៀបចំខ្លួនធ្វើដំណើរទៅកាន់ទីនេះទីនោះនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលយើងតែងនិយាយថា ចូលឆ្នាំចិនស្រវឹងខ្មែរ …។ ស្ពានអាកាស ខណ្ឌឫស្សីកែវ បញ្ចៀសចរាចរកកស្ទះ ពេលតភ្ជាប់ស្ពានពីឫស្សីកែវ ទៅជ្រោយចង្វារ វិលមកអ្វីដែលយើងកំពុងតែធ្វើនេះ។ ការសាងសង់ស្ពានអាកាសនៅទីនេះ គឺជាការចាំបាច់ដើម្បីបញ្ចៀសចរាចរកកស្ទះ។ យើងនឹងមិនអាចធ្វើដំណើរកើតទេ នៅពេលដែលស្ពានឆ្លងកាត់ពីខាងឫស្សីកែវ ទៅខាងម្ខាងទៀត ជ្រោយចង្វារត្រូវបានតភ្ជាប់។ ដូច្នេះ ជម្រើសដែលល្អបំផុត គឺការកសាងស្ពានអាកាស ដើម្បីឲ្យផ្លូវនេះចរាចរណ៍ធម្មតា ដោយផ្លូវម្ខាងទៀត (ត្រូវ)ឆ្លងទៅតាមស្ពានអាកាសនោះឯង។ ខ្ញុំសូមឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះគណៈអភិបាលនៃរាជធានីភ្នំពេញ ក៏ដូចជាក្រុមហ៊ុនអាណិកជនកម្ពុជា អូស៊ីអាយស៊ី(OCIC) ដែលបានខិតខំប្រឹងប្រែងសហការគ្នា អភិវឌ្ឍនៅក្នុងតំបន់នេះ … ឥឡូវនះ…