ឯកឧត្តម KARIMATA Atsushi ភារធារីស្តីទី នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា!
លោកជំទាវ Kaneharoku ប្រធានអង្គការ JICA ប្រចាំកម្ពុជា!
សម្តេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ!
កិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភពីរដ្ឋាភិបាលនិងប្រជាជនជប៉ុន កែលម្អប្រព័ន្ធលូនិងចម្រោះទឹកស្អុយ មុនចាក់ចូលទៅក្នុងទន្លេ
ថ្ងៃនេះ យើងពិតជាមានការរីករាយ ដោយសារចូលឆ្នាំថ្ងៃនេះ យើងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មី មួយទៀត ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន នោះគឺសមិទ្ធផលក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី ៤។ អម្បាញ់មិញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍រួចមកហើយ ជាមួយគ្នានេះ ក៏បានបញ្ជាក់ពី ឯកឧត្តមភារធារីស្តីទី នៃស្ថានទូតជប៉ុន ពាក់ព័ន្ធទៅនឹងគម្រោងនេះ។ (បើ)ខ្ញុំមិនច្រឡំទេ ខ្ញុំបានមកសម្ពោធបើកការដ្ឋាន ហើយក៏សម្ពោធដាក់ឱ្យប្រើប្រាស់ ចំនួន ៤ លើក ទាំងលើកនេះ។
គម្រោងទាំងឡាយ ដែលបានធ្វើសម្រាប់រាជធានីភ្នំពេញ ពិតមែនតែវាអស់លុយច្រើន ប៉ុន្តែវាក៏បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនណាស់ដែរសម្រាប់ប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាផ្នែកខាងក្រោមនៃដងទន្លេ ត្រង់ថា វាបានបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង ដែលជានិច្ចកាលវាបានផ្តល់នូវការខូចខាត ឬរំខានទៅដល់ប្រជាជន។ បន្ថែមលើកនោះ យើងក៏ត្រូវដឹងថា ស្ថានភាពដីនៅរាជធានីភ្នំពេញនេះ គឺមានតែតំបន់ព្រះបរមរាជវាំងទេដែលខ្ពស់ជាងទឹកសមុទ្រ។ ក្រៅពីនោះ គឺជាតំបន់ដែលទាបជាងទឹកសមុទ្រ។ សូម្បីតែជំនន់នៅឆ្នាំ ២០០០ ហើយជំនន់ក្រោយៗមកទៀត យើងក៏មានការធ្លាយដែលហូរទឹកពីទន្លេមេគង្គ (និង/ឬ)ទន្លេសាប ចូលនៅក្បែរវត្តភ្នំហ្នឹងតែម្តង។ បានសេចក្តីថា តំបន់នេះ គឺជាតំបន់ដែលងាយរងគ្រោះ។ បើទឹកទន្លេ ខ្ពស់ គឺវាក៏ចូលក្រុង។ បើទឹកនៅក្នុងក្រុងច្រើន វាក៏មិនព្រមហូរ(ទៅណា) …។
តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន យើងបានបង្កើតឱ្យមានស្ថានភាពល្អប្រសើរ ក្នុងការកែលម្អប្រព័ន្ធលូ និងការចម្រោះទឹកស្អុយមុនពេលចាក់ចូលទៅក្នុងទន្លេ។ JICA បានធ្វើការសិក្សាយ៉ាងហ្មត់ចត់អំពីគម្រោងនេះ ហើយចាប់ផ្តើមធ្វើជាជំហានៗ ដែលជំហានទី ១ យើងចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី ២០ មករា ២០០៣ ហើយសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី ២៩ កញ្ញា ២០០៤ នោះ។ ឥឡូវ ជំហានទី ៤ ក៏បានចាប់ផ្តើមទៀត ជាមួយនឹងជំហានមួយទៀត ដែលបើកការដ្ឋានកាលពីថ្ងៃទី ២២ កុម្ភៈ ២០២២។ និយាយរួម ប្រព័ន្ធនៅខាងត្បូងរាជធានីភ្នំពេញ ក៏ត្រូវបានរៀបចំធ្វើនៅទីនោះ ហើយក៏ជាថ្ងៃល្អបំផុត គឺ (ថ្ងៃទី) ២២ ខែ ២(កុម្ភៈ) ឆ្នាំ ២០២២ អញ្ចឹង លេខ ២ ទាំងអស់ ដើម្បីជាប្រព័ន្ធរំដោះទឹកនៅខាងជើងឯក។ ការរំដោះទឹកចេញ វាជាការចាំបាច់។ បើមិនដូច្នោះទេ យើងនឹងរស់នៅជាមួយទឹកភ្លៀង ដែលជន់លិចនៅក្នុងទីក្រុងយើងក្នុងរយៈពេលយូរ។
សុំជំនួយពីមិត្តភក្តិនិងកម្ចីពីបរទេស និងការវិនិយោគខ្លួនឯង កែលម្អនៅទីក្រុងភ្នំពេញ និងកន្លែងដទៃទៀត
ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈឯកឧត្តមភារធារី ផ្ញើជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់នូវជំនួយឧបត្ថម្ភគាំទ្រ សម្រាប់គម្រោងទាំងបួននេះ និងគម្រោងមួយទៀត គឺគម្រោងជើងឯក ដែលខ្ញុំបាននិយាយអម្បាញ់មិញ។ ពិតហើយ ខ្ញុំធ្លាប់បាននិយាយ(ថា) កាលពីទសវត្សរ៍ ១៩៧៩, ១៩៨០ យើងអត់ខ្វល់ថា វាមានស្អីកើតឡើង។ ពេលនោះធ្វើម៉េចឱ្យខាងរស់សិន ហើយប្រឹងប្រែងធ្វើយ៉ាងម៉េចទប់ពួក ប៉ុល ពត កុំឱ្យត្រឡប់ចូលមកកាន់អំណាច។ នេះជាការខិតខំរបស់យើងនៅពេលនោះ។ ដៃម្ខាងការពារ(កុំអោយមាន)ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយដៃម្ខាងទៀតត្រូវប្រឹងប្រែងកសាងប្រទេសឡើងវិញពីបាតដៃទទេ។
ពីទីក្រុងមួយដែលគ្មានមនុស្សរស់នៅ ប៉ុន្តែឥឡូវ យើងបានឈានដល់ដំណាក់កាលទីក្រុងមួយ ដែលមានការកកស្ទះ។ គ្រាន់តែនៅទីក្រុងភ្នំពេញរបស់យើងនេះ កាលពីមុននេះរកសំរាមដឹកមិនបានទេ។ វាគ្មានសំរាម ព្រោះវាគ្មានអីស៊ី។ ប៉ុន្តែឥឡូវអត់អញ្ចឹងទេ អត់បានយកត្រឹមតែ ១ អាទិត្យ គឺសំរាមពេញទីក្រុងតែម្តង។ ដូច្នេះហើយបានជាយើងត្រូវខិតខំធ្វើនូវកិច្ចការទាំងឡាយ រួមមានទាំងការសុំជំនួយពីមិត្តភក្តិ និងកម្ចីពីបរទេស និងការវិនិយោគខ្លួនឯងដើម្បីកែលម្អ មិនថាតែនៅទីក្រុងភ្នំពេញទេ នៅកន្លែងដទៃទៀតក៏ត្រូវធ្វើបែបនេះជាបន្តទៅទៀត។
ជប៉ុនក៏មានផែនការជួយទៅតាមទីក្រុងនៃខេត្តមួយចំនួន ហើយយើងក៏បានម្ចាស់ការធ្វើនៅទីក្រុងមួយចំនួនដែរ ដូចជានៅខេត្ត ព្រះសីហនុ គឺធ្វើតាមរបៀបនេះ មុននឹងទម្លាក់ចូលទៅក្នុងសមុទ្រ។ យើងត្រូវតែសម្អាតវា ហើយអាចក្លាយទៅជាទឹកប្រើប្រាស់បានទៅទៀត។ ដូចជានៅខេត្តព្រះសីហនុ យើងបានប្រើប្រាស់ទឹកនោះ សម្រាប់ការយកមកលាងផ្លូវ ឬសម្រាប់ការស្រោចស្រពទៅលើសួនច្បារជាដើម។ បើប្រជាជនត្រូវការ ព្រោះនៅខេត្តមាត់សមុទ្រខ្វះទឹកសាប ប្រជាពលរដ្ឋអាចយកទឹកនោះ ដើម្បីយកមកស្រោចស្រពបន្លែបង្ការបស់គាត់។ ដំណាក់កាលអភិវឌ្ឍន៍ គឺវាបែបហ្នឹងហើយ។
អបអរខួបទី ៣០ ឆ្នាំរបស់ PKO ជប៉ុន និងខួប ៧០ ឆ្នាំទំនាក់ទំនងកម្ពុជា-ជប៉ុន
ខ្ញុំសុំយកឱកាសនេះ អរគុណ(ចំពោះ)ការខិតខំទាំងឡាយរបស់អង្គការ JICA ដែលបានសិក្សាយ៉ាងហ្មត់ចត់ និងបានរៀបចំគម្រោងអភិវឌ្ឍន៍ជាមួយយើង។ ជប៉ុនមានស្ថានទូត ក៏ប៉ុន្តែរបៀបផ្តល់ជំនួយរបស់ជប៉ុន គឺមានទីភ្នាក់ងារសហប្រតិបត្តិការរបស់ជប៉ុននៅក្រៅប្រទេស ទៅតាមគម្រោងវាយតម្លៃនីមួយៗ … គម្រោងទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងបញ្ហាបច្ចេកទេសនិងថវិកាសម្រាប់រដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ជំនួយទៅកាន់ប្រទេសផ្សេងៗ ក្នុងនោះគឺកម្ពុជាបានទទួលផលពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ដែលឆ្នាំនេះយើងមានការរៀបចំត្រៀមអបអរសាទរនូវខួបលើកទី ៣០ នៃការចូលរួមរបស់កងស្វ័យត្រាណរបស់ជប៉ុនក្នុងប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ដែលគេហៅថា PKO នោះ។ គឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន ដែលបានបញ្ជូនកម្លាំងចេញមកប្រទេសកម្ពុជាដើម្បីចូលរួមសហប្រតិបត្តិការ។ ខ្លួនខ្ញុំផ្ទាល់ក៏បានទៅចូលរួមទទួលនូវនាវារបស់ជប៉ុននិងកងទ័ពជើងទឹកជប៉ុន ដើម្បីរំលឹកទៅដល់ការចូលរួមរបស់ជប៉ុននៅក្នុងដំណើរការរក្សាសន្តិភាពនៅកម្ពុជាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ គឺខួប ៣០ ឆ្នាំ។
នៅក្នុងខែ មីនានេះដែរ នាយករដ្ឋមន្ត្រីជប៉ុនក៏បានឆ្លៀតមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលជាការពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងរបស់យើង ដើម្បីឈានឆ្ពោះទៅដល់ខួបលើកទី ៧០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ ឯនៅថ្ងៃខានស្អែកនេះ ខ្ញុំនឹងធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមវេទិកាទឹក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងប្រទេសជប៉ុន។ ពេលនោះខ្ញុំនឹងមានកម្មវិធីជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។ អញ្ចឹង ស្អែកត្រូវគេចាប់ធ្វើតេស្ត ព្រោះនៅជប៉ុននៅត្រូវការការបញ្ជាក់ពីការធ្វើតេស្ត PCR សម្រាប់ទៅ។ អញ្ចឹង ស្អែកខ្ញុំត្រូវគេរុកច្រមុះ … (សម្តេចមានប្រសាសន៍ពីរឿងគ្រូពេទ្យធ្វើ rapid test ឈឺៗ)។ គ្មានការលើកលែងណាមួយថា អ្នកឯងនាយករដ្ឋមន្រ្តីមិនបាច់ធ្វើទេ។ កុំភ្លេចថានាយករដ្ឋមន្រ្តីក៏មានឆ្លងដែរ។
ជប៉ុន ទទួលស្គាល់កម្ពុជាមុនបានឯករាជ្យ ចូលរួមកសាងសន្តិភាព និងធ្វើសហប្រធាន ICORC
… នេះជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ នេះហើយជាផ្លែផ្កា ដែលយើងបានធ្វើទំនាក់ទំនងតាំងពីជំនាន់ពីអតីតកាលរហូតមក … ជប៉ុនបានទទួលស្គាល់កម្ពុជាមុនពេលដែលកម្ពុជាទទួលបានឯករាជ្យ មានន័យថា ការទទួលស្គាល់របស់ជប៉ុនចំពោះកម្ពុជានាពេលនោះ គឺជាចលករមួយក្នុងចំណោមចលករនៃការជម្រុញកម្ពុជាឈានទៅរកឯករាជ្យ។ ព្រះករុណាបិតា ព្រះបរមរតនកោដ្ឋ ព្រះអង្គបានខិតខំធ្វើការងារទូត ដែលពេលនោះមានប្រទេសមួយចំនួនបានទទួលស្គាល់កម្ពុជាមុនកម្ពុជាបានទទួលឯករាជ្យពីបារាំង។ នោះក៏ជាផ្នែកមួយនៃការរួមចំណែករុញឲ្យកម្ពុជាទទួលបាននូវឯករាជ្យឆ្នាំ ១៩៥៣។ ជប៉ុនទទួលស្គាល់កម្ពុជាតាំងពីឆ្នាំ ១៩៥២។ អញ្ចឹងឆ្នាំក្រោយជាខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន។
បន្ទាប់មកទៀត ការរួមចំណែករបស់ជប៉ុនតាមរយៈនៃការចូលរួមកសាងសន្តិភាព ដែលក្នុងនោះជប៉ុនបានផ្ដល់វេទិកាសម្រាប់ការជួបជុំរវាងភាគីកម្ពុជា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅឯទីក្រុងតូក្យូ ជំនាន់ឯកឧត្ដមអតីតនាយករដ្ឋមន្រ្តី (Toshiki) Kaifu ដែលគាត់ទើបនឹងទទួលមរណភាពក្នុងប៉ុន្មានខែមុននេះ។ បន្ទាប់ទៅ ជប៉ុនក៏បានចូលរួមចំណែកនៅក្នុងការស្វះស្វែងការចូលរួមអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈការបញ្ជូនកងទ័ពរបស់ជប៉ុនមកកាន់កម្ពុជា ដែលឥឡូវនេះមានផ្នូរសាកសពរបស់យុទ្ធជនជប៉ុនចំនួន ២ រូប នៅកម្ពុជា។ នាយករដ្ឋមន្រ្តីជប៉ុនក៏បានមកធ្វើពិធីគោរពវិញ្ញាណក្ខន្ធរបស់យុទ្ធជនទាំងពីរនេះ មួយនៅឯ (វត្ត)តាំងកសាង និងមួយទៀតនៅវត្តឧណ្ណាលោម។ នេះជាការយកចិត្តទុកដាក់របស់នាយករដ្ឋមន្រ្តីជប៉ុនចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលបានពលីជីវិតនៅកម្ពុជា ក្នុងដំណាក់កាលដែលកម្ពុជាអនុវត្តនូវកិច្ចព្រមព្រៀងប៉ារីស។ ពួកខ្មែរក្រហមអត់ស្គាល់ថា អីជា អ៊ុនតាក់ ឬអីជាអង្គការសហប្រជាជាតិទេ។ បាញ់ទាំងអស់។
ប៉ុន្មានថ្ងៃខាងមុខនេះ ត្រឡប់ពីជប៉ុនវិញ ខ្ញុំនឹងទទួលអតីតមេបញ្ជាការយោធាអ៊ុនតាក់ (John) Sanderson ហើយខ្ញុំនឹងនិយាយជាមួយគាត់។ ខ្ញុំដឹងថា គាត់នឹងទៅទស្សនកិច្ចនៅកន្លែងមួយចំនួន ដែលគាត់មិនដែលបានចូល។ ជំនាន់នោះ ខ្មែរក្រហមដាក់តែកូនឫស្សីមួយដើម ប្រធានអ៊ុនតាក់ មេបញ្ជាការអ៊ុនតាក់ អនុប្រធានអ៊ុនតាក់ អត់ហ៊ានចូល។ មានអី អ៊ុនតាក់ចេញទៅផុត ជាមួយ ទៀ បាញ់ អីៗហ្នឹង ប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ខ្ញុំចូលទៅតែម្ដង។ ថ្ងៃនោះ ទៀ បាញ់ ទៅហូបបាយជាមួយ Sanderson ផង អៀង ម៉ូលី ក៏នៅនេះដែរ។ យើងចុះហត្ថលេខានៅតូក្យូជាមួយគ្នាបង្កើត SNC តាមរូបមន្ត ៦ បូក ៦, ៦ បូក ២ បូក ២ បូក ២ អាហ្នឹងធ្វើម៉េចឲ្យស្មើ ១២។ រឿងវាយ៉ាងដូច្នេះ។
បន្ទាប់ទៅ ជប៉ុនបានដើរតួនាទីជាសហប្រធាន ICORC រួមជាមួយបារាំង សម្រាប់ការផ្ដល់ជំនួយ(អោយកម្ពុជា)។ ពេលខ្លះប្រជុំនៅតូក្យូ ពេលខ្លះប្រជុំនៅប៉ារីស។ បន្ទាប់ទៅក៏បានបន្តដំណើរជាបន្តបន្ទាប់ការផ្ដល់ជំនួយឲ្យកម្ពុជា នៅក្នុងពេលដែលកម្ពុជាជួបការលំបាក។
យកលុយជប៉ុន សងជប៉ុន ហើយជប៉ុនបានអោយលុយសងនោះមកកសាងកម្ពុជាវិញ
មានរឿងមួយដែលខ្ញុំគួរតែនិយាយ។ រឿងជំពាក់លុយជប៉ុន។ ធ្វើម៉េចសងជប៉ុនបាន? ពីអតីតកាលនោះ រដ្ឋាភិបាលកម្ពុជាមុនៗ ជាពិសេសរដ្ឋាភិបាល លន់ នល់ នោះ បានទៅខ្ចីលុយជប៉ុន។ ដល់ទៅខ្ចីលុយជប៉ុន វាហួស(ថេរវេលាកំណត់)មិនសងគេ។ លន់ នល់ អ្នកខ្ចី។ ប៉ុល ពត មិនសង។ អញ្ចឹង មរតកហ្នឹងធ្លាក់ជាបន្តបន្ទាប់ មកដល់រដ្ឋកម្ពុជាក៏អត់បានសង។ អញ្ចឹងដើមទៅជាការ ហើយថែមប្រាក់ពិន័យទៀត … អញ្ចឹងយកលុយជប៉ុន ដោះបំណុលជប៉ុន ព្រោះបើមិនដោះបំណុលជប៉ុនឲ្យបានទេ ជប៉ុនអត់ឲ្យខ្ចីលុយទេ។ អញ្ចឹង(ការជំពាក់ប្រាក់)ដើមពេលមុននោះ គឺជប៉ុនអត់ឲ្យខ្ចីលុយទេ ទាល់តែយើងសងបំណុលជប៉ុនរួច បានយើងមានសិទ្ធិខ្ចីលុយជប៉ុន។
អញ្ចឹងសងលុយជប៉ុនដោយវិធីណា? គឺសងលុយជប៉ុនដោយវិធីជប៉ុនផ្ដល់ជំនួយជាសម្ភារៈ ជាប្រេងសាំង ជាប្រេងកាត ជាសង្កសី ជាស្អីៗ ហើយមកអោយកម្ពុជាលក់។ លក់បានលុយហើយ ដាក់ចូលទៅក្នុងគណនីមួយដែលជាថវិការបស់ជប៉ុន។ ជប៉ុនមិនយកប្រាក់ហ្នឹងទៅប្រទេសជប៉ុនទេ បានសេចក្ដីថា កត់ត្រារបស់ដែលលក់បាននេះ ចូលទៅក្នុងគណនីមួយដែលសងបំណុលជប៉ុន។ ជប៉ុនមិនបានយកត្រឡប់ទៅប្រទេសជប៉ុនទេ។ ជប៉ុនបានប្រគល់ប្រាក់ហ្នឹងមកឲ្យកម្ពុជាកសាង(ប្រទេស)។ អញ្ចឹង យកលុយជប៉ុន សងជប៉ុន ហើយលុយដែលសងនោះ(ជប៉ុនបានប្រគល់ឲ្យ)យកមកកសាងកម្ពុជាវិញទៀត។ អញ្ចឹងបានដល់ទៅ ៣។
នេះជាវិធីដើម្បីចៀសវាងកុំឲ្យ(ជប៉ុនមានការលំបាកដោះស្រាយ)។ បានសេចក្ដីថា យើងស្នើសុំឲ្យជប៉ុនលុបចោលបំណុល។ ជប៉ុនថាមិនអាចធ្វើបាន (ត្បិតថាបើ)តែធ្វើអញ្ចឹង រឿងផ្អើលដល់ប្រទេសដទៃទៀត (ព្រោះតែ)ឃើញកម្ពុជាសុំលុបបំណុលចោលបាន គឺប្រទេសដទៃចេះតែសុំលុប។ អញ្ចឹងជប៉ុនរកវិធីមួយដ៏ឈ្លាសវៃ ឲ្យសម្ភារៈមកកម្ពុជាសម្រាប់លក់ ហើយកម្ពុជាលក់បានហើយ លុយហ្នឹងចូលទៅក្នុងគណនីមួយសម្រាប់ថាសងប្រាក់ជប៉ុន។ ឯជប៉ុនយកប្រាក់សំណងដែលកម្ពុជា បានមកពីលក់ទំនិញរបស់ជប៉ុន មកកសាងកម្ពុជាបន្ត។
ក្រោយយើងសងបំណុលអស់ហើយ បានយើងចាប់ផ្ដើមខ្ចីលុយយកមកប្រើប្រាស់កសាង និងអភិវឌ្ឍកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុនេះឯង។ ប្រាក់កាសទាំងនោះហើយអភិវឌ្ឍកន្លែងនោះ គឺទឹកប្រាក់របស់ជប៉ុនដែលយើងខ្ចី។ អញ្ចឹងនេះជាទម្លាប់ធម្មតានៃកិច្ចការនៅលើពិភពលោកនេះ ដែលយើងត្រូវតែសងអោយរួច ទើបគេឲ្យខ្ចីតទៅទៀត។ ដូចជាមកដល់ឆ្នាំ ២០០០ ឬ ២០០១ ហើយទេ ដែលយើងដោះបំណុលជប៉ុនរួច។ ពេលនោះជំនាន់ឯកឧត្ដម Saito ធ្វើអគ្គរដ្ឋទូត ចុះហត្ថលេខាដំបូងនៅទីស្ដីការគណៈរដ្ឋមន្រ្តីចាស់ គឺចុះហត្ថលេខាលើកដំបូង ដែលជប៉ុនឲ្យខ្ចីលុយ។ កាលណាតែយើងសងគេមិនទាន់រួច ដូចជាបំណុលរបស់យើងជាមួយអាមេរិក ជាមួយរុស្ស៊ី អត់ទាន់រួចឯណា ដល់តែមិនទាន់រួចហ្នឹង IMF មិនចង់ទាំងឲ្យខ្ចីលុយទៅទៀត ដោយសារប្រទេសទាំងពីរហ្នឹង ទាំងអាមេរិកទាំងរុស្ស៊ី តម្រូវឲ្យយើងសងលុយគេសិន ទើប IMF ឲ្យខ្ចីលុយ។
វិនិយោគិនជប៉ុនមកច្រើន ជួយអភិវឌ្ឍធនធានមនុស្ស ផ្ដល់ឱកាសឲ្យពលករ នាំចូលទំនិញកម្ពុជា
ហ្នឹងគឺជាចំណុចដែលសូមបញ្ជាក់អំពីការចូលរួមរបស់ជប៉ុននៅក្នុងដំណើរការស្វែងរកសន្តិភាពផង និងដំណើរការកសាងប្រទេសជាតិឡើងវិញផង។ ជាមួយគ្នានេះ ជប៉ុនក៏បានបញ្ជូនកាន់តែច្រើនឡើងនូវអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជា។ បន្ថែមពីលើនោះ ជំនួយទាំងឡាយទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស និងផ្ដល់ឱកាសឲ្យពលករកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន ទំនិញរបស់កម្ពុជាបានចូលទៅកាន់ទីផ្សារជប៉ុនកាន់តែច្រើនទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំគឺមានកំណើន។
ខ្ញុំសុំយកឱកាសនេះអរគុណសាជាថ្មីម្ដងទៀតជាមួយនឹងការខិតខំ ការចូលរួមជួយរបស់ជប៉ុននៅក្នុងសមិទ្ធផលទាំងឡាយ និយាយជារួម និងនិយាយដោយឡែកទៅលើបញ្ហាប្រព័ន្ធចម្រោះទឹក កែលម្អប្រព័ន្ធលូនៅក្នុងរាជធានីភ្នំពេញទាំង ៤ ដំណាក់កាល និងមួយដំណាក់កាលថ្មីទៀត ដែលបើកការដ្ឋានកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅឯជើងឯក។
ខ្ញុំក៏សុំយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះសាលារាជធានីភ្នំពេញ ដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតនូវស្ថានភាពនេះ។ ផ្នែកសាធារណការរបស់រាជធានីភ្នំពេញមានការវិវត្តល្អនៅក្នុងការដោះស្រាយបញ្ហានានាដែលជាសេនាធិការរបស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈនៃការបង្កើតឲ្យមានស្ថានភាព(អំណោយផល)។ លឺថា លូនេះនៅក្រោមផ្លូវហ្នឹងតែម្ដង … ថ្ងៃមុនកាយធ្វើប្រព័ន្ធផ្លូវខ្សែក្រវាត់ទី ៣ ទៅប៉ះប្រព័ន្ធទឹកហ្នឹង ធ្លាយប្រព័ន្ធទឹកហ្នឹង។ អញ្ចឹងបានជាគេថា ធ្វើវាមិនចប់ ដោយសារអី? យើងធ្វើផ្លូវចប់ហើយ ស្រាប់តែពួកខ្សែកាប្លិ៍ទូរស័ព្ទ ទូរទស្សន៍ ត្រូវការជីក វាខូចផ្លូវហ្នឹងទៀត។ ជីកហើយ មិនព្រមលុប មិនព្រមធ្វើឲ្យល្អឡើងវិញ។ ធ្វើផ្លូវស្អាតហើយ ត្រូវការជីកដាក់នេះ/នោះបន្តទៀត អញ្ចឹងធ្វើវាមិនចេះរួច។
អញ្ចឹងបានទាមទារនូវកិច្ចសហប្រតិបត្តិការគ្នាក្នុងការធ្វើគម្រោងអីមួយក៏ដោយ ដូចជានៅខេត្តព្រះសីហនុ ខេត្តសៀមរាប យើងមានបទពិសោធន៍ធ្វើគម្រោងទាំងពីរនេះ ប្រព័ន្ធផ្លូវយ៉ាងម៉េច រៀបចំខ្សែកាប្លិ៍យ៉ាងម៉េច ខ្សែកាមេរ៉ាយ៉ាងម៉េចគឺទៅមួយកំប្លេរបស់វាតែម្ដង។ ក៏ប៉ុន្តែ អភិវឌ្ឍទីក្រុងថ្មីស្រួលជាងអភិវឌ្ឍទីក្រុងចាស់ដូចនៅសៀមរាប … មិនមែនរឿងជារឿងលេងសើចទេ។ ណាគោរពបទដ្ឋានបច្ចេកទេស និងគោរពហេដ្ឋារចនាសម្ព័ន្ធសម័យដើមដែលបន្សល់ទុក ហ្នឹងមួយទៅ។ មួយទៀតគ្រាន់តែដើមឈើតាមហ្នឹងច្រើន អញ្ចឹងត្រូវដាក់លូធ្វើម៉េចកុំឱ្យដួលដើមឈើ។ ហ្នឹងហើយសុទ្ធតែជាបញ្ហាហើយត្រូវរៀបចំខ្សែភ្លើងយ៉ាងម៉េច លូទឹកស្អុយ លូទឹកស្អាត ត្រូវដាច់ដោយឡែកពីគ្នា តពីផ្ទះប្រជាជនចូល។ តាមរយៈកិច្ចការនេះ បញ្ញវន្ដវ័យក្មេងរបស់យើង កាន់តែមានបទពិសោធន៍បន្តិចម្ដងៗ។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈសម្បត្តិឱ្យគណបក្សនយោបាយ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
ខ្ញុំទៅប្រទេសជប៉ុនដូចជាមានចុះហត្ថលេខាលើឯកសារមួយនៅថ្ងៃទី ២៣ (មេសា)។ ពីមុនខ្ញុំគ្រោងថាថ្ងៃ ២៥ បានខ្ញុំត្រឡប់មកវិញ។ ប៉ុន្តែដោយឃើញថាកម្មវិធីថ្ងៃ ២៥ (មេសា)មិនមានអ្វីធ្ងន់ទេ អញ្ចឹងទេខ្ញុំត្រឡប់មកវិញថ្ងៃ ២៤ តែម្ដងដោយសារការងារដែលនៅសេសសល់(ក្នុងស្រុក)វាច្រើន។ ម្យ៉ាងក្នុងខែ ៥ នេះ ត្រូវចេញដំណើរទៅវ៉ាស៊ីនតោនផង ប្រជុំអាស៊ាន-អាមេរិក ដែលមានការឯកភាពគ្នាហើយទៅលើកាលបរិច្ឆេទនៃការប្រជុំ ថ្ងៃ ១២ និង ១៣ (ឧសភា)។ អញ្ចឹងខ្ញុំត្រូវចេញទៅថ្ងៃទី ១០ ហើយត្រឡប់មកវិញថ្ងៃ ១៤ ប៉ុន្តែថ្ងៃ ១៥ បានមកដល់ស្រុក។ ថ្ងៃ ២១ (ឧសភា) ត្រូវថ្ងៃយុទ្ធនាការបោះឆ្នោត ខ្ញុំត្រូវហោះចេញទៅ Zurich, Davos ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកព្រោះយើងជាប្រធានអាស៊ាននៅឆ្នាំនេះត្រូវមមាញឹកបន្តិច …។
ខ្ញុំមិនចេញឃោសនាសម្រាប់មេឃុំណាមួយទេ ទុកឱ្យមេឃុំនាំគ្នាធ្វើទៅ។ ឆ្លៀតឱកាសនេះ អំពាវនាវឱ្យគ្រប់ទីកន្លែងទាំងអស់ខិតខំដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតនិងជ្រើសរើសដោយសេរី។ ស្រលាញ់គណបក្សមួយណា ស្រលាញ់បេក្ខជនណាបោះឱ្យបេក្ខជននោះទៅ។ បងប្អូនប្រជាពលរដ្ឋអាចនឹងយល់បានហើយអ្វីដែលទៅដែលគួរធ្វើ អ្វីទៅដែលមិនគួរធ្វើ។ ពេលដែលគណបក្សប្រជាជននៅគ្រប់គ្រងអំណាច បងប្អូនទាំងអស់យល់ឃើញយ៉ាងម៉េច រស់នៅបានយ៉ាងម៉េច អីយ៉ាងម៉េច។ និយាយតាមមួយបែបខ្លីថា បើសិនជាគណបក្សប្រជាជនឈ្នះដឹកនាំប្រទេស អ្នកណាក៏នៅជាមួយបានដែរ។ ឥឡូវជាក់ស្ដែង ១៧ គណបក្សចូលរួមបោះឆ្នោត។ មានគណបក្សមួយចំនួនមិនចូលរួម(បោះឆ្នោត)ឃុំទេ គាត់ត្រៀមចូលរួមបោះឆ្នោតថ្នាក់ជាតិទៅវិញ។
ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនគាត់បានបញ្ជាក់ប្រាប់ខ្ញុំ ក្នុងទស្សនកិច្ចរបស់គាត់ អំពីការចូលរួមជួយរបស់ជប៉ុនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អញ្ចឹងខ្ញុំមិនធ្វើការឃោសនាទេ។ គ្រាន់តែជាកាបញ្ជាក់ថា សុំកុំអោយមានហិង្សាឱ្យសោះនៅក្នុងដំណើរការនៃការបោះឆ្នោតនៅកម្ពុជា។ មិនថាហិង្សានោះជាហិង្សាដោយការវាយតបគ្នា ឬក៏ហិង្សាជាពាក្យសម្ដីនៃការជេរប្រមាថគ្នានោះទេ។ បរិយាកាសនយោបាយអព្យាក្រឹត្យពិតជាចាំបាច់នៅក្នុងដំណាក់កាលនៃការធ្វើសកម្មភាពនៃការឃោសនាបោះឆ្នោតដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែបង្កលក្ខណៈសម្បត្តិឱ្យបណ្ដាគណបក្សនយោបាយទាំងអស់មានសិទ្ធដូចៗគ្នា។ កន្លែងជួបជុំមួយរបស់គណបក្សណាមួយធ្វើបាន គណបក្សដទៃទៀតក៏អាចធ្វើបាននៅកន្លែងហ្នឹងបានដែរ។ ឧទាហរណ៍ថាមានការជួបជុំរបស់គណបក្សប្រជាជននៅកន្លែងហ្នឹង។ អញ្ចឹងបើបក្សណាផ្សេងមកសុំកន្លែងហ្នឹង យើងក៏ត្រូវអោយបក្សហ្នឹងដែរ។ បក្សកាន់អំណាចនិងបក្សមិនកាន់អំណាចគឺមានសិទ្ធដូចគ្នា។ ហ្នឹងហើយគេហៅថាអព្យាក្រឹត្យភាពនៃរដ្ឋបាលស៊ីវិលនៅក្នុងដំណាក់កាលនៃការបោះឆ្នោត។ ធ្វើម៉េចឱ្យមានបរិយាកាសស្ងប់ស្ងាត់គ្មានហិង្សា ដែលជាការប្រកួតប្រជែងមួយសម្រាប់ការគ្រប់គ្រងបន្តនៅឯមូលដ្ឋាន។
ថ្ងៃយុទ្ធនាការនោះគឺថ្ងៃ ២១ ខែ ឧសភា។ ថ្ងៃខ្ញុំចេញទៅ Davos។ អញ្ចឹងគឺនៅឯនេះយុទ្ធនាការ(ឃោសនាបោះឆ្នោត) ខ្ញុំត្រូវចេញទៅក្រៅប្រទេស តែថ្ងៃ ២៦ ខ្ញុំត្រឡប់មកវិញដើម្បីចូលរួមប្រជុំអំពីអនាគតអាស៊ី តាមអនឡាញពីទីក្រុងតូក្យូមក។ ខ្ញុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន ត្រូវចូលរួមពីរវគ្គឯណោះ។ វគ្គថ្ងៃត្រង់។ ធ្វើម៉េចឱ្យម៉ោង ៦ ព្រឹក ចុះដល់ព្រលានយន្តហោះពោធិចិនតុង ដើម្បីម៉ោង១១ ខ្ញុំចាប់ផ្ដើម (ប្រជុំ)តាមអនឡាញក្នុងសន្និសីទនោះ។ កុំអីត្រូវថ្ងៃ ២៧ បានខ្ញុំវិលត្រឡប់តាមផែនការដើម ប៉ុន្តែដោយខ្ញុំទទួលចូលរួមអំពីសន្និសីទស្ដីអំពីអនាគតអាស៊ី ខ្ញុំត្រូវត្រឡប់មកវិញដើម្បីចូលរួមតាមអនឡាន។ ចុះពីលើយន្តហោះហើយគឺប្រហែលជាមិនទាន់បានដោះអាវទេចូលរួមសន្និសីទនោះតែម្ដង។ ពេលល្ងាចអាចមានជួបគ្នារវាងអ្នកដឹកនាំនៃប្រទេសមួយចំនួននៅក្នុងវេទិកានោះថែមទៀតផង។
ចូលឆ្នាំរីករាយប្រៀបបានព្រឹត្តិការណ៍ ០៧ មករា ការបញ្ចប់សង្គ្រាម រួចផុតពីគំនាបជាងពីរឆ្នាំនៃ កូវីដ-១៩
ក្រៅពីការនិយាយទាក់ទិនជាមួយសមិទ្ធផលដែលយើងសម្ពោធនៅថ្ងៃនេះ និងអំពីចំណងទាក់ទងក៏ដូចជាការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមករវាងកម្ពុជា-ជប៉ុន អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះបាននិយាយទាក់ទៅនឹងការចូលឆ្នាំកន្លងទៅ។ ការចូលឆ្នាំកន្លងទៅនេះគឺអាចចាត់ទុកថាជាការចូលឆ្នាំដែលខុសប្លែកពីធម្មតា។ ខ្ញុំគិតថា ហាក់ដូចជាបានប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ ០៧ មករា ១៩៧៩ ដែលប្រជាជនចេញពីរបប ប៉ុល ពត បន្ទាប់ទៅក៏ប្រៀបធៀបបានទៅនឹងការបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពនិងការឯកភាពជាតិ តាមរយៈនៃនយោបាយឈ្នះឈ្នះ ដែលប្រជាជនសាទរនៅក្នុងការដែលប្រទេសមួយអត់សង្គ្រាម។ ដល់ទៅថ្ងៃចូលឆ្នាំនេះហាក់ដូចជាប្រជាជនយើងបានចេញពីគេហៅថាការគាបសង្កត់រយៈពេលជាងពីរឆ្នាំនៃ កូវីដ-១៩ …។
ខ្ញុំបានប្រកាសតាំងពីខែ ២/កុម្ភៈ ថាចូលឆ្នាំនេះខ្ញុំប្ដូរផ្ដាច់និងចាត់តាំងការចូលឆ្នាំ ក៏ប៉ុន្តែនៅតែមានមនុស្សមួយចំនួនសង្ស័យថាតិចជិតដល់ចូលឆ្នាំមានបញ្ហាសម្ដេចអត់ឱ្យចូលឆ្នាំទៀត។ ថាយើងមានប្រជាជន ១៧ លាននាក់ទៅចុះ ព្រោះគេដាក់ក្នុងស្ថិតិសម្រាប់ការតាមដាន កូវីដ-១៩ (ប៉ុនហ្នឹង)។ ទេសចររបស់យើងមានជាង ៥លាននាក់ ដែលបានធ្វើដំណើរទូទាំងប្រទេស កំសាន្តសប្បាយ ៣ ថ្ងៃមុនចូលឆ្នាំ និងថែមថ្ងៃអាទិត្យមួយទៀតគ្រប់ច្រកល្ហកទាំងអស់។ បើថ្ងៃទី ១៧ (មេសា)ថ្ងៃចូលក្រុង ក្បាលនៅឯភ្នំពេញកន្ទុយនៅសៀមរាប។ ស្ទះចរាចរណ៍។ ដល់អញ្ចឹងទៅអត់សូវមានគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ព្រោះបើកតិចៗ …. នាំគ្នាមកត្រឹកៗ ខ្លះមកដល់ភ្នំពេញម៉ោង ២ យប់បានដល់ភ្នំពេញ។ មិនអាចបើកលឿនបានព្រោះឡានច្រើនពេក។ គ្រប់ផ្លូវទាំងអស់។
ចំណុចនេះខ្ញុំនឹងនិយាយក្រោយដែលធ្វើការសង្កេតរបស់យើង។ ខ្ញុំគួរតែនិយាយថា យើងមានការខិតខំទាំងអស់គ្នា ទាំងរដ្ឋទាំងរាស្ត្រចូលរួមជាមួយគ្នាដើម្បីបង្កើតឱ្យមានស្ថានភាពល្អប្រសើរក្នុងប្រទេសរបស់យើង ហើយយើងចាត់តាំងចូលឆ្នាំបាន។ ប្រជាពលរដ្ឋដែលកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ គង់នឹងយល់បានថា ឆ្នាំទៅនៅក្នុងកាលទេសៈនៃឱកាសចូលឆ្នាំយើងកំពុងតែស្ថិតនៅក្នុងមាត់ជ្រោះមរណៈហើយ។ សុំអង្វរករបងប្អូននៅតាមផ្ទះ។ ពេលនោះភាពសាហាវនៃ កូវីដ-១៩ គឺខ្លាំងមែនទែន។ មួយថ្ងៃៗឆ្លងរាប់រយនាក់ ឡើងដល់រាប់ពាន់នាក់។ បើនិយាយគ្រាន់តែស្លាប់ប៉ុន្មានខែនោះអស់ជាង ៣ ពាន់នាក់ មិនមែនរឿងលេងសើចទេ។ធ្ងន់ធ្ងរណាស់សភាពការណ៍នោះ។
មកដល់ពេលនេះទើបបងប្អូនដឹងថា ហ៊ុន សែន គឺបានធ្វើកាលពីពេលមុនគឺដើម្បីអី? ដើម្បីសេចក្ដីសុខរបស់បងប្អូននៅពេលនោះ នឹងនាំមកនូវការសប្បាយរីករាយនៅពេលនេះ។ វិធានការទាំងឡាយដែលរាជរដ្ឋាភិបាលដាក់ចេញ ពិសេសខ្លួនខ្ញុំផ្ទាល់តែម្ដង ជួនកាលម៉ោង ១១ យប់ហើយគឺថាចាប់ផ្ដើមផ្ញើសារសម្លេងចេញ ដើម្បីសុំអង្វរករបងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យមានការយោគយល់។ ឥឡូវបងប្អូនអាចយោគយល់បានហើយជីវិតត្រូវបានការពារ ការរីករាលដាលដោយជំងឺឆ្លងមិនត្រូវបានវាយប្រហារតទៅទៀត។ ពេលនេះគឺបងប្អូនសប្បាយលើសអ្វី គឺថាទម្លាប់ចូលឆ្នាំរបស់យើងមិនសប្បាយដូចឆ្នាំនេះ។ សូម្បីតែខ្ញុំក៏សប្បាយហ្នឹងគេដែរ ខ្ញុំបានហែលទឹក ៣ ថ្ងៃ វាយក្អម …។
ការផ្អាកចូលឆ្នាំ ២០២០ និង ២០២១ ដើម្បីការពារជីវិតប្រជាពលរដ្ឋកម្ពុជា
ខ្ញុំសូមបញ្ជាក់ឡើងវិញ ២ឆ្នាំជាប់គ្នាបងប្អូនយើងអត់បានលេងចូលឆ្នាំទេ។ ប៉ុន្តែបងប្អូនពេលនេះទើបអាចយល់បានថា ហេតុអ្វីបាន ហ៊ុន សែន រារាំងមិនអោយមានការជួបជុំក្នុងអំឡុងពេលចូលឆ្នាំ ពីឆ្នាំ ២០២០ និង ២០២១។ គ្មានអ្វីក្រៅពីការការពារជីវិតរបស់បងប្អូនតែប៉ុណ្ណោះ។ ជីវិតគង់វង្សនេះហើយ ដែលឆ្នាំ ២០២២នេះ គឺបងប្អូនបានលេងចូលឆ្នាំ។ មុនលេងចូលឆ្នាំ ខ្ញុំដាក់ខេត្ត ៤ មិនជាប់កាតព្វកិច្ចពាក់ម៉ាស់ទេ គឺទុកអោយបងប្អូនធ្វើការជ្រើសរើស។ ខេត្តទាំង ៤ នោះរឿងមួយហើយ ប៉ុន្តែខេត្តដទៃទៀតត្រូវពាក់ម៉ាស់ក៏អត់ពាក់ដែរ។ អញ្ចឹងបន្តិចទៀតខ្ញុំនឹងនិយាយអំពីភាពសុាំសហគមន៍វាយ៉ាងម៉េច? បានយើងមកដល់ថ្ងៃនេះការឆ្លងរបស់យើងវាយ៉ាងម៉េច? ដើម្បីយើងអាចតាមដានបន្ត។ ខ្ញុំមានផែនការដើម្បីនឹងកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋ តាមរយៈការពាក់ម៉ាស់នៅតំបន់ផ្សេងទៀតក្រៅពីខេត្តទាំង ៤ និងអាចពង្រីកទៅខេត្តដទៃ ហើយខេត្តខ្លះត្រូវកាត់យកស្រុកចេញទុកតែទីប្រជុំជន ហើយពេលខ្លះអាចនៅក្រៅអាគារគឺអាចផ្អាកការពាក់ម៉ាស់ ប៉ុន្តែចូលអាគារដែលមានបន្ទប់ម៉ាស៊ីនត្រជាក់ស្អីៗអាហ្នឹងត្រូវពាក់ម៉ាស់។ យើងនឹងពិនិត្យតាមជំហាននីមួយៗ។
ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ – ការផ្ទេរអំណាចពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន កំពុងបញ្ចេញលទ្ធផល
ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះគ្រប់កម្លាំង អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលរក្សាបានល្អនូវសន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ក្នុងពេលវេលាមួយដែលមានប្រជាជនច្រើនកុះករទៅលេងកម្សាន្តនៅតំបន់របស់ខ្លួន។ នេះពិតជាគួរអោយមានមោទនភាព ហើយនេះហើយគឺជាការផ្ទេរអំណាចមួយពីថ្នាក់ជាតិទៅកាន់ថ្នាក់មូលដ្ឋាន ដែលធ្វើអោយមូលដ្ឋានមានការទទួលខុសត្រូវកាន់តែច្រើនលើបញ្ហាទាក់ទងជាមួយនឹងសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវ។ ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ កម្មវិធីដែលយើងបានផ្ទេរអំណាចពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន កំពុងតែបញ្ចេញលទ្ធផលអោយយើងឃើញ ក្នុងការទទួលខុសត្រូវរបស់ថ្នាក់មូលដ្ឋាន នៅក្នុងការការពារប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋនៅក្នុងតំបន់របស់ខ្លួនទេ ប្រជាពលរដ្ឋដែលចូលទៅក្នុងតំបន់របស់ខ្លួនគឺមានការទទួលខុសត្រូវ។
នេះជាចំណុចដែលខ្ញុំសូមឱកាសនេះផ្ញើជូនចំពោះគណៈអភិបាលខេត្ត-រាជធានី ទាំងអស់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់ដ៏ល្អ។ ផ្ញើជូនចំពោះក្រុមគ្រូពេទ្យដែលបានចូលរួមនៅគ្រប់ទីកន្លែងសម្រាប់ការធ្វើតេស្ត។ រីឯការធ្វើតេស្តថ្ងៃនេះ ១០០០ នាក់ (ដែលចូលរួម) មានតែម្នាក់ទេ(វិជ្ជមានកូវីដ១៩)។ អ្នកចូលរួមសុទ្ធតែធ្វើតេស្ត។ ព្រឹកមិញត្រូវគេរុកច្រមុះ។ ក្នុង ១០០០ នាក់ មានតែម្នាក់។ ដូច្នេះ បើគិតទៅអត្រានេះវា ០,០០១។ អញ្ចឹងចំនួននេះគឺជាចំនួនដែលខុសពីមុន។ ថ្ងៃខ្លះគឺកន្លែងដែលធ្វើតេស្តរហ័សរបស់គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាគ្រូពេទ្យយើងគឺតេស្តរហ័សរកអត់ឃើញទេ (អត់មានតែម្តង)។ ខ្ញុំអោយបញ្ជូនរបាយការណ៍អោយខ្ញុំមួយថ្ងៃ ២ដង ថ្ងៃត្រង់ម៉ោង ១២ម្តង និងពេលល្ងាចសរុបម្តង … ព្រោះយើងត្រូវតាមដានអោយម៉ត់ចត់ …។
កត្តា ៦ ធ្វើអោយយើងសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី
ឥឡូវនេះ តើអ្វីខ្លះដែលផ្តល់អោយយើងនូវជោគជ័យ ដែលប្រជាពលរដ្ឋសប្បាយរីករាយ … មុនៗខ្ញុំតែងតែលើកមានកត្តា ៤។ ប៉ុន្តែឆ្នាំនេះ យើងមានកត្តា ៦ ដែលធ្វើអោយយើងសប្បាយរីករាយនៅក្នុងឱកាសចូលឆ្នាំ៖
កត្តាទី១៖ គឺសុខសន្តិភាព។ រឿងនេះអ្នកឯងចង់និយាយពីអីនិយាយចុះ ប៉ុន្តែបើគ្មានសន្តិភាពទេ កុំសង្ឃឹមថាអ្នកឯងចង់ទៅលេងនៅឯណា។ ទោះបីអ្នកឯងចង់និយាយពីប្រជាធិបតេយ្យ និយាយពីសិទ្ធិមនុស្ស និយាយពីស្អីក៏ដោយ និយាយវាអត់កើត បើអត់មានសន្តិភាព។ ជាក់ស្តែងបងប្អូនខ្ញុំឃើញ Fresh News ផ្សាយ ៤៧ឆ្នាំមុន ប្រជាជនសម្រុកចេញពីទីក្រុង នៅថ្ងៃ ១៧ (មេសា) ក្រោយមួយថ្ងៃ នៃថ្ងៃវារៈឡើងស័ក … ថ្ងៃវារៈឡើងស័ក (ឆ្នាំនេះ) ខ្ញុំនៅឯកំពង់សោមដើម្បីធ្វើពិធីអភិសេកព្រះថោងនាងនាគ។ អញ្ចឹងថ្ងៃទី ១៧ (មេសា) កាលពី ៤៧ឆ្នាំមុន គឺឆ្នាំ ១៩៧៥ ប្រជាជនសម្រុកចេញពីទីក្រុង ឯ ៤៨ឆ្នាំក្រោយ ប្រជាជនសម្រុកចូលទីក្រុងភ្នំពេញវិញ … ដែលខ្ញុំនិយាយអម្បាញ់មិញថា ក្បាលនៅភ្នំពេញ កន្ទុយនៅសៀមរាប ព្រោះវាស្ទះ។
ស្ថានភាពវាខុសគ្នាបែបហ្នឹងរវាងប្រទេសដែលមានសង្គ្រាម និងប្រទេសដែលអត់មានសង្គ្រាម។ ល្អដែរ អ្នកដែលប្រឆាំងរដ្ឋាភិបាល លែងហ៊ាននិយាយពាក្យសន្តិភាពហើយ គេឈប់និយាយហើយ គេអត់និយាយពីសន្តិភាព គេចង់ចៀសពីសន្តិភាព។ អ្នកឯងចង់ចៀសយ៉ាងម៉េច? ក៏អ្នកឯងនៅតែមិនអាចចៀសបានដែរ។ ការពិតគឺវាដូច្នោះ។ បើគ្មានសន្តិភាពទេគឺមិនអាចមានការកម្សាន្តសប្បាយណាមួយកើតឡើងទេ។
សន្តិភាព សន្តិសុខ សណ្ឋាប់ធ្នាប់ សង្គម ដែលយើងរកបានដោយលំបាកនេះ បានផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងកម្សាន្តសប្បាយ តាំងពីទីក្រុង រហូតដល់ជនបទ។ តំបន់ដែលធ្លាប់តែមានការប្រយុទ្ធក្លាយទៅជាតំបន់ទេសចរណ៍របស់ប្រជាជន។ ដូច្នេះហើយបានជាខ្ញុំនៅតែនិយាយថា ត្រូវខិតខំការពារសន្តិភាពនេះអោយបានទោះដោយតម្លៃណាក៏ដោយ កុំចាំបាត់បង់សន្តិភាពទើបនាំគ្នាស្រែករកសន្តិភាព។ ប្រទេសជាច្រើនដែលកំពុងស្រែករកសន្តិភាព ប្រទេសជាច្រើនកំពុងតែខិតខំការពារសន្តិភាពរបស់ប្រទេសខ្លួន (ដោយសារតែនៅ)ក្រោមការគំរាមគំហែងនៃភេរវកម្ម ឬសង្គ្រាម រហូតទៅដល់បញ្ហាកំពុងត្រៀមបម្រុងថា តើមានលទ្ធភាពចូលទៅក្នុងសង្គ្រាមលោកលើកទី៣ឬសង្គ្រាមនុយក្លេអ៊ែរឬទេ? បន្ទាប់ពីជម្លោះរុស្សីអ៊ុយក្រែនបានកើតឡើង។
នេះគឺជាកត្តាទី ១ ដែលយើងត្រូវលើកមកនិយាយ។ បើអ្នកឯងចង់និយាយពីស្អីនិយាយទៅ ប៉ុន្ដែសួរថាពេលដែលគេបាញ់ប្រាវភ្លាមអ្នកឯងរត់ឬអត់? ក្រុមអត់ហ៊ាននិយាយពីសន្ដិភាពនេះ ខ្លាចនិងរត់លឿនជាងអីទៀត។ សន្ដិភាពជារបស់ដែលរាជរដ្ឋាភិបាលប្រឹងថែទាំ ប្រឹងរក។ បើគ្រាន់តែការពិតប៉ុណ្ណេះមិនហ៊ានទទួលស្គាល់ផង តើជាប្រភេទអ្វី? ប្រភេទមនុស្សឬតិរច្ឆាន?
សូម្បីជប៉ុនក៏(មានការ)ព្រួយបារម្ភដែរ ព្រោះកូរ៉េខាងជើងត្រៀមសាកអាវុធធុនថ្មីហ្នឹង រួចតែបាញ់ព្រឹបកូរ៉េខាងជើងដាក់ចូលទៅក្នុងសមុទ្រជប៉ុនទាំងអស់ ជួនកាលបាញ់រំលងប្រទេសជប៉ុនទៅទៀត។ ហ្នឹងជាបញ្ហាសន្ដិភាពដែលមិនមែនជារឿងលេងសើច។ ហើយថានិយាយទៅ ខ្លាចលើកមុខមាត់នាយករដ្ឋមន្ដ្រី ហ៊ុន សែន ឬគណបក្សប្រជាជជន ឬរាជរដ្ឋាភិបាល ហ៊ុន សែន។ អត់ទេ រឿងនេះជារឿងជាក់ស្ដែង។ ឥលូវអ្នកដែលមិនខ្លាចនាំគ្នាទៅអ៊ុយក្រែនទៅ។ ជាពិសេសអ្នកនៅក្រៅប្រទេសស្រាប់។ អ្នកនៅក្នុងប្រទេស ខ្ញុំមិនឲ្យទៅអ៊ុយក្រែន ទេ។ ស្ម័គ្រចិត្តទៅធ្វើទាហាននៅអ៊ុយក្រែនក៏ខ្ញុំមិនឲ្យទៅដែរ(សម្រាប់អ្នកក្នុងប្រទេស)។ ប៉ុន្ដែសម្រាប់អ្នកចូលសញ្ជាតិបរទេសហើយ ខ្មែរបរទេស សូមអញ្ជើញទៅអ៊ុយក្រែនទៅ។ អ៊ុយក្រែន ស្វាគមន៍តើ …។
កត្ដាទី ២ ខ្ញុំនៅតែឲ្យតម្លៃទៅលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ស្ពាន ក្នុងការធ្វើដំណើរ។ កាលពីមុននេះ យើងធ្លាប់តែឆ្លងសាឡាងនៅព្រែកក្ដាម។ ឥលូវអត់ឆ្លងសាឡាងនៅព្រែកក្ដាមទៀតណា។ យើងឆ្លងសាឡាងនៅព្រែកតាមាក់។ ឥឡូវអត់ឆ្លងសាឡាងនៅព្រែកតាមាក់ទៀតឯណា។ យើងធ្លាប់ឆ្លងសាឡាងរវាងកំពង់ចាម និងទន្លេបិទ យើងអត់ឆ្លងសាឡាងទៀតណា។ យើងធ្លាប់ឆ្លងសាឡាងអ្នកលឿង។ យើងអត់ឆ្លងសាឡាងទៀតណា។ យើងធ្លាប់ឆ្លងសាឡាងនៅក្រូចឆ្មារ-ស្ទឹងត្រង់ ឥឡូវយើងអត់ឆ្លងសាឡាងទៀតឯណា។ ការតភ្ជាប់របស់យើង ធ្វើឲ្យប្រជាពលរដ្ឋរបស់យើងធ្វើដំណើរមិនចំបាច់បកក្រោយទេ។ ឡើងទៅលេងមណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែងហើយ ឡើងទៅលេងព្រះវិហារតាមផ្លូវលេខ ៩ អត់មានថយក្រោយទេ ទៅមុខរហូត។
កត្ដាដែលយើងខិតខំធ្វើការវិនិយោគដោយខ្លួនឯង រកទុនពីបរទេសមកដើម្បីធ្វើផ្លូវធ្វើស្ពានសម្រួលដល់ប្រជាពលរដ្ឋ។ ពីមុនមានឡានមានអីអញ្ចឹងដែរ ប៉ុន្ដែទៅអត់រួចដោយសារអត់មានសាឡាងឆ្លង ជាពិសេសអ្នកនៅតាមទន្លេតូច ព្រែករបស់យើងគឺច្រើនណាស់ ប៉ុន្ដែអត់មានស្ពាន។ អញ្ចឹងយើងបង្កើតឲ្យមានស្ពានបេតុង យ៉ាងហោចណាស់ស្ពានបាឡេដែរ ។ អ្នកនៅខាងកោះកុងសុំកសាងស្ពានកោះយ៉ ដែលកាលពីមុនខ្ញុំកសាងស្ពានដែកឲ្យ។ ឥលូវខ្ញុំសូមប្រកាសពីទីនេះថា យើងនឹងផ្ដល់នូវស្ពានបេតុងជំនួសវិញ ហើយអ្នកដែលចេញថវិកាសាងសង់គឺអ្នកឧកញ៉ា លី យ៉ុងផាត់។ ស្ពានដែកយើងហ្នឹងវារអិល តែរអិលវាធ្វើឲ្យគ្រោះថ្នាក់ប្រជាពលរដ្ឋ។
ឥឡូវ តំបន់នោះក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ។ មុជទឹកសមុទ្រដែលតភ្ជាប់ពីបាក់ក្លងទៅកោះយ៉។ ពីមុនយើងធ្វើស្ពានដែក ឥឡូវលោកឧកញ៉ា លី យ៉ុងផាត់ នឹងធ្វើស្ពានជូន ដូចជាមួយរយប៉ុន្មានម៉ែត្រ។ ធ្វើស្ពានបេតុងឲ្យបានល្អ។ នេះជាចំណែក ដែលគ្រប់ទីកន្លែងទាំងអស់យើងខិតខំប្រើប្រាស់ទុនវិនិយោគផ្ទាល់ និងការរកថវិកាពីបរទេសដើម្បីកសាងផ្លូវ កសាងស្ពាន សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
កត្ដាទី ៣ គឺការធ្វើដំណើរកាន់តែច្រើន ប្រជាពលរដ្ឋមួយចំនួនមានមធ្យោបាយខ្លួនឯងជាឡាន ជាម៉ូតូ ប៉ុន្ដែជាមធ្យោបាយដូចជារថយន្ដឈ្នួល តាក់ស៊ី ដែលអាចឲ្យបងប្អូនធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ មធ្យោបាយរបស់យើងមានច្រើន ឡើងស្ទះ។ សូម្បីតែឡើងថ្លៃសាំងប៉ុណ្ណឹងហើយគាត់នៅដើរលេងបាន។ ខ្ញុំចេះតែកង្វល់ដែរថាប្រជាពលរដ្ឋនឹងជួបការលំបាកដោយសារប្រេងឡើងថ្លៃ ហើយ(ការ)ឡើងថ្លៃគឺវាឡើងជាសកលមិនបានឡើងតែកម្ពុជាទេ។ កម្ពុជានៅថោកជាងនៅអឺរ៉ុបទេ។ ប្រេងសាំងនៅកម្ពុជាថោកជាងនៅអាមេរិក និយាយឲ្យពិត។ (អាច)សួរតម្លៃអ្នកដែលមានបងប្អូននៅក្រៅប្រទេស នៅកាណាដាក្ដី អាមេរិកក្ដី អឺរ៉ុបក្ដី។ ទូរស័ព្ទទៅសួរសាំងនៅហ្នុងតម្លៃប៉ុន្មាន ប្រៀបធៀបតម្លៃសាំងនៅកម្ពុជា។ (តម្លៃសាំង)នៅនោះខ្ពស់ជាងយើងនៅនេះទៅទៀត។ អញ្ចឹងមធ្យោបាយធ្វើដំណើរដែលអាចនាំបងប្អូនឲ្យស្គាល់គ្រប់ទីកន្លែងនៃប្រទេសរបស់ខ្លួន។
កត្ដាទី ៤ ប្រាក់ចំណូល ទោះបីជា កូវីដ-១៩ វ៉ៃប្រហារ ក៏ប៉ុន្ដែប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរបស់យើងក៏នៅតែរកបានដើម្បីកម្សាន្ដសប្បាយក្នុងរយៈពេលចូលឆ្នាំ។ ពិតហើយ វាមិនទាំងអស់(គ្នា)ទេ។ ប្រាក់ចំណូលឆ្នាំនេះគឺបានផ្ទេរពីវណ្ណៈកណ្ដាល អ្នកមាន ទៅកាន់អ្នកក្រីក្រនៅតាមជនបទ ដែលខ្ញុំនឹងនិយាយដល់កន្លែងហ្នឹង (ថា)នឹងមានការប្រែប្រួលយ៉ាងម៉េច។ ប៉ុន្ដែធម្មតាតាមមេគុណរបស់ឯកឧត្តម ថោង ខុន បានលើកឡើងនឹងសមស្របហើយ ថាមនុស្សម្នាក់ចាយលុយប៉ុន្មាន។ យើងគិតជាមធ្យមភាគ តម្លៃសាំង តម្លៃទទួលទាន ស្នាក់នៅ ក្នុងមួយថ្ងៃអស់ប៉ុន្មាន (សរុប) ៣ ថ្ងៃអស់ប៉ុន្មាន? អញ្ចឹងវាជាការផ្ទេរប្រាក់ពីអ្នកមានប្រាក់ចំណូលមធ្យម ដែលហៅពួកវណ្ណៈកណ្ដាល ឬអ្នកមាន ទៅកាន់ប្រជាជនក្រីក្រដែលលក់មាន់ ដូង របស់របរស្អីៗនៅជនបទមានចំនួនច្រើន ដែលធ្វើឲ្យចរន្ដសេដ្ឋកិច្ចរបស់យើងវិល។
ប្រាក់ចំណូលទោះបីមានការថមថយតែប្រជាពលរដ្ឋរបស់យើងនៅទទួលបាន ប៉ុន្ដែខ្ញុំសូមរំលឹកទៅដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ប្រហែលជាត្រូវមានការបើកផ្ដល់នូវប្រាក់សម្រាប់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើងមុនកាលកំណត់បន្ដិច លឿនជាងមុនបន្ដិចដោយសារអី? ដោយសារប្រាក់បើកមុនចូលឆ្នាំយកទៅចាយអស់ហើយ។ អញ្ចឹងបើកឲ្យបានមុនបន្ដិចទៅ វាអត់អីទេ។
ឯកត្ដាទី ៥ នោះ ការកើតឡើងនូវតំបន់ទេសចរណ៍ថ្មី ដែលគេហៅថាទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដែលឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថានបានរាយការណ៍ឲ្យខ្ញុំតាមសារជាសម្លេង។ ខ្ញុំឯកភាពតាមកការវាយតម្លៃនោះ។ និយាយពីបញ្ហាសំរាម (ដែល)ឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ មិនថាទីក្រុងភ្នំពេញ ឬគ្រប់ទីកន្លែងទាំងអស់ (ការបោះចោលឬទុកដាក់)សំរាមមានការល្អប្រសើរជាងមុន។
ទី ១ ប្រជាជនមានការភ្ញាក់រលឹក ដែលមានគាត់មានការអៀនខ្លួនដែរ កាលពីមុនធុងនៅកន្លែងហ្នឹងគាត់យកទៅដល់អត់បើកធុងដាក់ ទៅបោះក្រៅធុង … តែឥឡូវប្រជាពលរដ្ឋរបស់យើងចាស់ទុំជាងមុន យល់ដឹងជាងមុន ដែលគាត់ចូលរួមអនាម័យអំពីការបោះចោលសំរាមនេះ។
ទី ២ អាជ្ញាធរគ្រប់ទីកន្លែងទាំងអស់យកបញ្ហាអនាម័យ(សំរាម)ជាបញ្ហាគោលដៅមួយក្នុងចំណោមគោលដៅដែលខ្លួនត្រូវធ្វើជាថ្នាក់ខេត្តក្ដី ថ្នាក់ក្រុង ថ្នាក់ភូមិ ថ្នាក់មូលដ្ឋានក្ដី។
ឯទី ៣ ក្រុមហ៊ុន ប្រមូលសំរាមបានយកចិត្តទុកដាក់ជាមួយនឹងការប្រមូលសំរាមក្នុងពេលធ្វើបុណ្យធ្វើទាននេះ …
ប៉ុន្ដែអ្វីដែលយើងសង្កេតឃើញនោះគឺ ការបង្កើតឡើងនូវសហគមន៍ទេសចរនានា ដែលមានការគួបផ្សំរវាងក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍។ អញ្ចឹងឥឡូវគេប្រើប្រាស់(ទស្សនាទាន) ទេសចរណ៍ផ្សារភ្ជាប់ទឹកដី។ ចំណុចនេះគួរត្រូវពង្រឹងនិងពង្រីកវានៅគ្រប់ទីកន្លែងទាំងអស់។ ធ្វើម៉េចឲ្យប្រជាពលរដ្ឋរបស់យើងធ្វើទេសចរណ៍ តែផ្សារភ្ជាប់ទឹកដី ការស្រឡាញ់បរិស្ថាន ហើយប្រើប្រាស់បរិស្ថានទាក់ទាញយកលុយជាជាងកាប់ឈើ បាញ់សត្វដែលវាធ្វើឲ្យហិនហោចដល់បរិស្ថាន។ រាប់រយកន្លែងនៅតាមភូមិឃុំដែលមានតំបន់ទេសចរ គឺគេកិច្ចការងារបានល្អ ទាក់ទាញទេសចរ។ បាត់ដំបងក្លាយជាខេត្តលេខ ១ កំពង់ចាមលេខ ២ សៀមរាបលេខ ៣ ។ ខ្លះគេចោទជាសំណួរថា បាត់ដំបងអត់មានអីផង? បាត់ដំបងទោះអត់មានប្រាង្គប្រាសាទ អត់អង្គរ ប៉ុន្ដែគេពង្រាយ(តំបន់ទេសចរណ៍)ច្រើនកន្លែង។
អញ្ចឹងទេ វាបង្កើតបាននូវភាពទាក់ទាញដែលផ្សារភ្ជាប់ទេសចរជាមួយនឹងការស្រឡាញ់ទឹកដី។ តាមដែលយើងទទួលព័ត៌មានបាន មេឃុំ មេភូមិ នៅតំបន់នោះ បានធ្វើសកម្មភាពដ៏ល្អថ្នាក់ថ្នមទេសចរទៅថ្លែងអំណរគុណ … យកចិត្តទុកដាក់ស្វាគមន៍ភ្ញៀវ។ ថ្ងៃក្រោយនឹងទៅទៀត បានទាំងមេឃុំ បានទាំងមេភូមិ គាត់ប្រើវិធីហ្នឹង គឺគាត់ល្អ។ គាត់ទៅមើលកន្លែងហ្នឹងសួរសុខទុក្ខអ្នកទេសចរ ស្វាគមន៍អ្នកទេសចរទៀត។ មានរឿងអីគឺអាជ្ញាធរមូលដ្ឋានធ្វើភ្លាមៗ។ ចំណុចនេះគឺជាចំណុចល្អ ដែលយើងត្រូវតែបន្ត ជម្រុញទេសចរ ផ្សារភ្ជាប់នឹងការស្រលាញ់ទឹកដី។ តំបន់ទេសចរណ៍ទាំងឡាយក្លាយទៅជាគោលដៅនៃការទាក់ទាញប្រជាជនក្នុងការស្រលាញ់ធម្មជាតិ ស្រលាញ់បរិស្ថាន រក្សាសត្វ។ គាត់មិនបាញ់សត្វដូចពេលមុនទេ … សត្វហ្នឹងវាសាំងហើរមកក្បែរយើង។
ប្រជាពលរដ្ឋរបស់យើងឥឡូវហ្នឹងក៏របៀបគេហៅថា បើយើងសង្កេត មិនថាអ្នកទៅពីភ្នំពេញទេ អ្នកពីខេត្តមួយៗ គាត់ទៅបោះតង់ ដាក់គ្រែស្អីៗ ព្រោះអញ្ចេះ ឥឡូវខេត្តយើងទាំងអស់ជនបទនៅកន្លែងណាពិតប្រាកដ? ចុះបើកន្លែងខ្លះសឹងតែដូចបុរីប៉េងហួត បុរីជីបម៉ុងទៅហើយ មានផ្ទះថ្មផ្ទះអី។ អញ្ចឹងគាត់ចេញពីផ្ទះថ្មហ្នឹងទៅ ៥ គីឡូ បោះដាក់គ្រែកូនចៅអី នាំគ្នាស៊ីបាយក្រោមនេះហ្នឹង។ អញ្ចឹង មិនចាំថាទៅពីភ្នំពេញឯណា អញ្ចឹងអ្នកនៅក្នុងខេត្តរបស់ខ្លួន នៅក្នុងស្រុករបស់ខ្លួន ប៉ុន្តែគឺគេនៅក្នុងផ្ទះថ្ម ផ្ទះវីឡាដែរ។ អញ្ចឹងគេចេញទៅត្រឹម ៥ គីឡូម៉ែត្រ គេទៅបោះតង់បោះអី គេដាំបាយ គេនាំគ្នាទទួលទាន អានេះចំណុចទី ៥ ។
ចំណុចទី ៦ នោះគឺយើងត្រូវពិនិត្យដល់ ភាពស៊ាំសហគមន៍ដែលចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាជនទៅលើបញ្ហាការចាក់វ៉ាក់សាំង។ នៅពេលដែលខ្ញុំបើកមើលគេ ប្រគុំតន្រ្តីតាមហង្សមាស តាម PNN តាម BTV ខ្ញុំឃើញគេរាំ អត់មានអ្នកណាគេពាក់ម៉ាស ហើយគេរាំប៉ះគ្នា។ ខ្ញុំគិតថាតិចមិនស្រួលទៅហើយ។ ខ្ញុំថាដល់ពេលណាមួយ ខ្ញុំត្រូវតែសរសេរឲ្យអស់ឲ្យខ្ទេចនៅពេលដែលឃើញប្រជាជនសប្បាយ តើនាយករដ្ឋមន្ត្រីគិតពីអី? ព្រោះអត់មានអ្នកណានឹងសរសេរបានទេ ព្រោះមានតែអ្នកធ្លាប់ធ្វើនាយករដ្ឋមន្រ្តីតែប៉ុណ្ណោះទើបអាចសរសេរបាន។ អ្នកដែលមិនធ្លាប់ធ្វើនាយករដ្ឋមន្រ្តីគឺមិនអាចសរសេរអាត្រង់ហ្នឹងចេញទេ។
នៅពេលដែលឃើញប្រជាជនសប្បាយរីករាយ តើនាយករដ្ឋមន្រ្តីគិតពីអី? រឿងពេលដែលប្រជាជនកំពុងលំបាក នាយករដ្ឋមន្រ្តីកំពុងគិតអំពីអី? ពេលដែលប្រជាជនកំពុងសប្បាយតើនាយករដ្ឋមន្រ្តីកំពុងគិតអំពីអី? ភាពស៊ាំសហគមន៍ដែលយើងបានចេញដំណើរមក គឺភាពត្រឹមត្រូវ មិនមែនបានសេចក្តីថាឲ្យតែមានវ៉ាក់សាំង គឺសុទ្ធតែល្អ វ៉ាក់សាំងជោគជាំឲ្យបានល្អ មិនមែនវ៉ាក់សាំងចាក់បានច្រើននៅក្នុងប្រទេសមួយ ភាពស៊ាំសហគមន៍បានកើតឡើងទាំងអស់នោះទេ។ បើសិនជាចាក់រាយប៉ាយពីដើមទី គឺបានសេចក្តីថាអត់មានភាពស៊ាំសហគមន៍កើតឡើងទេ។ សម្រាប់យើង យើងបានចេញដំណើរពីភាពស៊ាំសហគមន៍ គឺតាមអភិក្រមផ្ការីក គឺវាយទីក្រុងភ្នំពេញ និងខេត្តកណ្តាលឲ្យជោគជាំហើយ បានចាប់ផ្តើមចេញដំណើរ។
បើចាក់ពេលនោះទៅតាមសំណូមពររបស់អភិបាលខេត្តមួយៗ សុំវ៉ាក់សាំងប៉ុណ្ណេះ យកទៅចាក់កន្លែងនេះ កន្លែងនោះ បើខ្ញុំមិនបញ្ចេញសារសម្លេងនិងមិនបញ្ជាថាត្រូវចាក់ភ្នំពេញសិនបានបញ្ជូនទៅក្រៅ រកភាពស៊ាំសហគមន៍អត់ឃើញទេ។ ព្រោះអី? យើងចែកទៅតាមសមមាត្រប្រជាជន បានមកស្មើនឹង ១០ ភាពរយ នៃប្រជាជន។ ភ្នំពេញក៏បាន ១០ ភាគរយ កណ្តាលក៏បាន ១០ ភាគរយ បាត់ដំបងក៏បាន ១០ ភាគរយ ខេត្តណាក៏បាន ១០ ភាគរយទាំងអស់។ អញ្ចឹងក្នុង ១០០ នាក់ ចាក់បាន ១០ នាក់ ហើយចូលទៅប្រជុំ ១០ នាក់ ធន់នឹងអា ៩០ នាក់ មិនបានចាក់ មិនរួច។ ឯយើង លេងភាពស៊ាំសហគមន៍ ចាក់នៅភ្នំពេញឲ្យហើយ បានចេញក្រៅ អញ្ចឹងបានទៅតាមរយៈការស្មើគ្នា។
យើងបន្តតាមដានបន្តិចទៀត ពីម្សិលយើងមានអ្នកឆ្លងត្រឹមតែ ១៤ នាក់ទេ។ ក៏ប៉ុន្តែ ថ្ងៃនេះយើងមានអ្នកឆ្លងឡើងទៅដល់ ២៧ នាក់។ វាមិនទាន់ជាសភាពធ្ងន់ធ្ងរទេ យើងត្រូវទុកពេលតាមដានក្នុងរង្វង់ខ្ញុំថា ១០ ថ្ងៃទៀតចុះ យើងអាចវាយតម្លៃបានហើយ។ ប៉ុន្តែសម្រាប់ខ្ញុំ, មិនជាការអត្តនោម័តទេ, ពេលនេះ ខ្ញុំអាចវាយតម្លៃបានថា ភាពស៊ាំសហគមន៍របស់យើងខ្ពស់ណាស់។ បើមិនអញ្ចឹងទេ ១ ០០០ នាក់នេះ ដែលមកនេះ សុទ្ធតែអ្នកដើរលេង … ប្រហែលជាមាន ១០ នាក់ ឬ ២០ នាក់ទេ ដែលមិនដើរលេង ក្រៅពីនោះដើរលេងទាំងអស់ អញ្ចឹងឆ្លងតគ្នា។ មិនមែនរកឃើញ ១ នាក់ ក្នុង ១ ០០០ នាក់ទេ។ ក្នុង ១ ០០០ នាក់ អាចរកឃើញដល់ ១០០ នាក់ ១០ ភាគរយ។ អញ្ចឹងទេ យើងបន្តការតាមដានអាហ្នឹងបន្តទៅទៀត។ យើងត្រូវធ្វើឲ្យកាន់តែល្អនូវការពង្រឹងភាពស៊ាំសហគមន៍នេះ។
ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើងបន្តទទួលយកនូវវ៉ាក់សាំងដូសជម្រុញ ជាដូសទី ៣ ឬដូសទី ៤។ គេបានឃើញហើយថា យើងចាក់មកដល់ពេលនេះ អាដូសទី ៣ ទើបបានជាង ៨ លាននាក់ ក្នុងចំណោមមនុស្សដែលត្រូវបានចាក់ជាង ១៤ លាននាក់។ ដូសទី ៤ បានជាង ១ លាននាក់។ អញ្ចឹងទេ បានជាខ្ញុំប្រាប់ឲ្យបើកយុទ្ធនាការ ដើម្បីតម្រង់ឆ្ពោះទៅរកកម្មករតាមរោងចក្រ តម្រង់ឆ្ពោះទៅរកអ្នកដែលរកស៊ីលក់ដូរនៅតាមផ្សារ ព្រោះជាតំបន់ប្រមូលផ្តុំ។ ទោះអ្នកលក់តាមកញ្រ្ចែងក៏ដោយ ស្អីក៏ដោយ អ្នកដែលបើកបរតាក់ស៊ី អ្នកដែលបើកបរកង់ ៣។ និយាយរួមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវយកចិត្តទុកដាក់មែនទែន ដើម្បីឲ្យមានភាពស៊ាំសហគមន៍ក្នុងចំណោមពួកគាត់ដែលងាយរងគ្រោះក្នុងការឆ្លង។ កម្មកររើសសំរាមអីនេះ បោសសំរាមអីនេះ ឬអ្នកលក់ដូរតូចតាចតាមចិញ្ចើមផ្លូវអីនេះ ត្រូវតែទទួលបានវ៉ាក់សាំងការពារដែលយើងចាត់ទុកថាជាអាទិភាព នៃការខិតខំរបស់យើងក្នុងការចាក់វ៉ាក់សាំងជូនពួកគាត់។
បើកាលណាភាពស៊ាំនៅក្នុងសហគមន៍កាន់តែរឹងមាំ កាតព្វកិច្ចពាក់ម៉ាសគឺគ្មានការចាំបាច់ទៀតទេ។ ឥឡូវហ្នឹង ព្រឹកមិញខ្ញុំបើកមើល CNN ម្សិលមិញនេះ មានការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ីទៅលើអ៊ុយក្រែន … ព្រឹកមិញអង្គុយទទួលទានបបរបើកមើល CNN នៅឯប្រទេសអាមេរិក តុលាការកំពូលបានកាត់ឲ្យដោះម៉ាសចេញ។ អញ្ចឹងអ្នកនៅលើយន្តហោះ ទទួលបាន(ដំណឹង) មានអ្នកដើរប្រមូលម៉ាស ឈប់ពាក់ម៉ាស។ យើងក៏រង់ចាំមើលតើនៅប្រទេសអាមេរិក បន្ទាប់ពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស តើមានអ្វីកើតឡើង? យើងក៏សិក្សាអំពីកន្លែង ៤ ខេត្ត ឥឡូវស្ទឹងត្រែង ឃើញឆ្លង ៤ នាក់ ព្រះវិហារមានឆ្លង ក៏ប៉ុន្តែអ្នកព្រះវិហារគ្រាន់តែមានកំណើតព្រះវិហារតើ ប៉ុន្តែមនុស្សដេកពេទ្យនៅភ្នំពេញនេះ រកឃើញដេកពេទ្យនៅភ្នំពេញ។
ឥឡូវអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ទទួលយកនូវវ៉ាក់សាំងដូសជម្រុញ តាមរយៈការរៀបចំ ការខិតខំប្រឹងប្រែង របស់អាជ្ញាធរ ហើយប្រមូលផ្តុំ តម្រង់រករោងចក្រដោយសហការណ៍ជាមួយនឹងម្ចាស់រោងចក្រ ឲ្យកម្មករបានសម្រាកចាក់វ៉ាក់សាំង ព្រោះកន្លែងហ្នឹងគឺជាកន្លែងដែលងាយ បើសិនជាការកើនឡើងនៅកន្លែងហ្នឹងគឺលំបាក។ ឯកឧត្តម អ៊ិត សំហេង សហការជាមួយនឹងបណ្តារោងចក្រ ដើម្បីធ្វើកិច្ចការងារហ្នឹងឲ្យបានល្អ ចាក់សម្រុកឲ្យកម្មករ កម្មការិនី របស់យើងទទួលបាននូវការការពារខ្លួនឲ្យបានរឹងមាំ ដែលអាចចៀសផុតពីហានិភ័យនៃការឆ្លង។ ភាពស៊ាំសហគមន៍ដែលយើងបានធ្វើនេះ មានការចូលរួមចំណែកយ៉ាងធំធេងពីសំណាក់ប្រជាពលរដ្ឋ។
យើងក៏បានសង្កេតឃើញថា ដោយសារប្រជាពលរដ្ឋរបស់យើងខ្វះការយល់ដឹង និងឃើញថាពុំមានមនុស្សស្លាប់ ពុំមានមនុស្សឆ្លងបន្ត ដូច្នេះគាត់គិតថាតែ ២ ដូសហ្នឹងគ្រប់គ្រាន់ហើយ។ ខ្ញុំសុំជម្រាបថា ២ ដូសនេះ វាអស់ប្រសិទ្ធភាពហើយ វាត្រូវរកដូសទី ៣ ដើម្បីឲ្យមានប្រដាប់ការពារខ្លួន។ បើមិនអញ្ចឹងការឆ្លងអាចនឹងកើតមានបន្តទៀត។ សុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង។ យើងនៅសល់មនុស្សយ៉ាងតិច ៦ លាននាក់ទៀតដែលត្រូវយកដូសទី ៣ ប៉ុន្តែអ្នកខ្លះដល់ពេល អ្នកខ្លះមិនទាន់ដល់ពេល ប៉ុន្តែភាគច្រើនដល់ពេល ហួសពេលទៅទៀតផង ដែលត្រូវបញ្ចេញការចាក់វ៉ាក់សាំងនេះ។ គ្រាន់តែទីក្រុងភ្នំពេញ និងខេត្តកណ្តាល បណ្តារោងចក្រ នៅតាមបណ្តារោងចក្រនានា បង្កើតឲ្យមានយុទ្ធនាការនៃការចាក់វ៉ាក់សាំងជាបន្តទៀត។
អញ្ចឹងយើងឃើញថា ឆ្នាំនេះ មានកត្តារហូតទៅដល់ ៦ ដែលនាំទៅដល់ការសប្បាយរីករាយ ហើយមកដល់ថ្ងៃនេះ ហ៊ុន សែន នៅញញឹមស្រស់នៅឡើយទេ។ ទោះបី … ថ្ងៃនេះឡើងដល់ ២៧ នាក់ ប៉ុន្តែឲ្យតែនៅក្រោម ២ ខ្ទង់ ហើយនៅត្រឹម ២ ខ្ទង់ហ្នឹង។ កុំឲ្យមនុស្សស្លាប់ អាហ្នឹងជាការល្អហើយ។ បើយើងធ្វើអាហ្នឹងសម្រេចបានជោគជ័យ វាជាបទពិសោធន៍មួយក្នុងចំណោមបទពិសោធន៍ ដែលយើងនឹងប្រើការ ហើយយើងក៏ដកហូតបទពិសោធន៍ពីប្រទេសនានាផងដែរ ដូចជានៅប្រទេសអឺរ៉ុបខ្លះគេកាត់បន្ថយ គេបន្ធូរបន្ថយនូវការរឹតត្បិតសម្រាប់បញ្ហា កូវីដ-១៩។ យប់មិញកំពុងតែមើល CNN អំពីសង្គ្រាមនៅអ៊ុយក្រែន ស្រាប់តែ CNN ភ្ជាប់ការផ្សាយបន្តផ្ទាល់ពី BBC មកចូល CNN នាយករដ្ឋមន្ត្រីអង់គ្លេសបំពានលើកាតព្វកិច្ចក្នុងពេលបិទខ្ទប់ ទៅសុំទោសនៅក្នុងសភា គេចោទសួរពេញទឹកពេញដីនៅកន្លែងនោះ។
ថ្ងៃហ្នឹង ខ្ញុំប្រហែលជាបញ្ហា ខ្ញុំអត់ពាក់ម៉ាស តែឲ្យខ្ញុំពាក់ម៉េច បើខ្ញុំត្រូវនិយាយ ហត់ ត្រូវដោះម៉ាសចេញ។ ប៉ុន្តែឥឡូវនេះ សម្រាប់យើងទាំងអស់គ្នានៅបន្តពាក់ម៉ាស រង់ចាំព័ត៌មានជាក់លាក់ ខ្ញុំគិតថា ១០ ថ្ងៃទៀត យើងអាចធ្វើការវាស់ស្ទង់បាន។ ថ្ងៃនេះ ២៧ ករណី ចំនួនស្លាប់គឺអត់ទាន់ដឹងទេ ប៉ុន្តែជាធម្មតា សុំជម្រាបអញ្ចេះ តួលេខម្សិលម្ង៉ៃផ្សាយពីម្សិល តួលេខពីម្សិល គឺផ្សាយថ្ងៃនេះ អាហ្នឹងសម្រាប់អ្នកឆ្លង ឯសម្រាប់អ្នកស្លាប់ គឺស្លាប់ថ្ងៃណាផ្សាយថ្ងៃនោះ។ នេះជាការបញ្ជាក់ជូន កត្តា ៦ យ៉ាងនេះ ប៉ុន្តែដល់អស់ កូវីដ-១៩ ប្រហែលជាកត្តាទី ៦ គេលែងយកមកគិតហើយ ប្រហែលជាមានកត្តាអីផ្សេងយកមកគួបផ្សំថែមទៀត។
ប្រទេសរបស់យើងធ្វើបានប៉ុណ្ណេះ ក្នុងស្ថានភាពដែលមុននេះ គេកង្វល់ចំពោះយើង ថាយើងគឺជាប្រទេសមួយដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ បញ្ហានៅទីនេះ គឺបានបង្ហាញច្បាស់ មិនមែនបញ្ហាស្ថិតនៅត្រង់ទន់ខ្សោយឬរឹងមាំនោះទេ ស្ថិតនៅត្រង់វិធានការនិងការចូលរួមរបស់ប្រជាជន។ ស្ថិតនៅកន្លែងហ្នឹងវិញ។ ខ្វះអីប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់ មនុស្សស្លាប់រាប់ម៉ឺននាក់ ឆ្លងរាប់លាននាក់ ឯកម្ពុជា យើងមានឆ្លងជាង ១៣ ម៉ឺននាក់។ កម្ពុជាក្លាយទៅជាប្រទេសទី ១០ របស់អាស៊ានដែលមានមនុស្សឆ្លងតិចជាងគេ។ សូម្បីតែប្រ៊ុយ ណេដែលមានប្រជាពលរដ្ឋត្រឹមតែ ៤៤ ម៉ឺននាក់ ចំនួនអ្នកឆ្លងបានឡើងទៅដល់ ១៤ ម៉ឺននាក់ ក្នុងពេលដែលយើងមាន ១៧ លាននាក់ គឺអ្នកឆ្លងនៅត្រឹម ១៣ ម៉ឺននាក់។ ឡាវឡើងដល់ ២០ ម៉ឺននាក់ហើយ ក្នុងពេលដែលប្រជាជនមាន ៧ លាននាក់។ ចំណុចនេះយើងត្រូវបន្តធ្វើការ កុំធ្វេសប្រហែស តាមដានឲ្យជាប់ គ្រប់គ្រងឲ្យជាប់ ក្នុងករណីចាំបាច់ គឺត្រូវតែមានវិធានការភ្លាម។
ចូលរួមទាំងអស់គ្នា ដើម្បីឲ្យការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយរលូន
ដើមឆ្នាំ ខ្ញុំនិយាយប៉ុណ្ណេះមិនជាច្រើនទេ។ ឆ្នាំហ្នឹងឆ្នាំខាល ប៉ុន្តែសង្ឃឹមថា ឆ្នាំណាក៏ដូចឆ្នាំណាដែរ ឲ្យតែយើងខិតខំគ្រប់ផ្នែកទាំងអស់របស់យើង កំពុងដំណើរការទៅយ៉ាងល្អហើយ យើងបន្តការខិតខំឲ្យល្អជាងទៀត ដើម្បីទាំងអស់គ្នាចូលរួមលើកកម្ពស់ជីវភាពរបស់ក្រុមគ្រួសារ ចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិរបស់យើង ហើយចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ ធ្វើម៉េចឲ្យក្នុងការបោះឆ្នោតមួយ ដោយប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ ដោយមានរបៀបរៀបរយ ដោយសុវត្ថិភាព គ្មានការគំរាមកំហែង គ្មានហឹង្សា។ គ្រប់បណ្តាបក្សនយោបាយសុទ្ធតែមានចំណែក ដើម្បីចូលរួមធ្វើឲ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅយ៉ាងល្អ តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញ ទាន់ពេលបោះឆ្នោតទេ ព្រោះថ្ងៃបោះឆ្នោតខ្ញុំអត់ចេញធ្វើយុទ្ធនាការអីទេ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្តអីនាំគ្នាធ្វើទៅ ខ្ញុំមិនចេញធ្វើយុទ្ធនាការទេ។
ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់សាលាខណ្ឌដូនពេញចំនួន ២ លានរៀល, ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល, ក្រុមតន្ត្រីសម័យចំនួន ៥ លានរៀល។
ឆ្នាំនេះ បើនិយាយពីឥឡូវកំពុងតែត្រូវប៉ាន់ដល់ហើយ ក្រុមភ្លេងក៏ត្រូវប៉ាន់ដែរ អ្នកចម្រៀងក៏ត្រូវប៉ាន់ ភ្លេងការក៏ត្រូវប៉ាន់ ភ្នួងក៏ត្រូវប៉ាន់ អាចារ្យក៏ត្រូវប៉ាន់ ត្រូវប៉ាន់ទាំងអស់ ប៉ុន្តែត្រូវប៉ាន់ ទាល់តែយើងទាំងអស់គ្នារួមចំណែកធ្វើឲ្យភាពសុំាសហគមន៍ កុំឲ្យមានជំងឺឆ្លង អាហ្នឹងទើបត្រូវប៉ាន់យូរអង្វែង។ បើថាផ្ទុះសាជាថ្មី អាហ្នឹងខ្ញុំអត់មានជម្រើសទេ គឺមានតែបន្តឲ្យពាក់ម៉ាស។ ឥឡូវហ្នឹង ៣ កុំ ៣ ការពារ នៅតែបន្ត លើកលែងតែខេត្ត ៤ ដកចេញនូវកាតព្វកិច្ច ១ ក្នុងចំណោមកាតព្វកិច្ច ២ ផ្សេងទៀត ទាក់ទងនឹង ៣ ការពារ គឺពាក់ម៉ាស ព្រោះនេះជាផ្នែកមួយនៃការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋរបស់យើង ទៅលើបញ្ហាការពាក់ម៉ាស។ តាមដឹងនៅសាំងហ្គាពួរ អ្នកនៅតាមទីធ្លាសាធារណៈគេអត់ឲ្យចាំបាច់ពាក់ម៉ាសទេ ចាំដល់ពេលចូលហាង ចូលអី បានគេឲ្យពាក់ម៉ាសវិញ ចូលអគារបិទជិត ប៉ុន្តែនៅខាងក្រៅ។ ហ្នឹងគឺបទពិសោធមួយដែលអាចអនុវត្តបាននៅក្នុងទីក្រុងនានាផងដែរ។
ទន្ទឹមនឹងការគិតគូររបស់យើង ដែលយើងបំរុងថាអាចដាក់ខេត្ត ១ ទៀត ឬអាចដាក់ខេត្តដទៃ ប៉ុន្តែទុកតែទីប្រជុំជន ឯស្រុកខ្លះ ដូចជាកំពង់ស្ពឺ អ្នកឱរ៉ាល់ ចាំបាច់ឲ្យពាក់ធ្វើអី។ បើទោះជាឲ្យពាក់ ពាក់តែកន្លែងតំបន់ប្រមូលផ្តុំ ដែលមានមនុស្សច្រើន ប៉ុន្តែក្រៅពីនោះ គាត់អត់ទាំងពាក់ផងហ្នឹង។ ការពិត។ តឹងពេកក៏មិនបាន ធូរពេកក៏មិនបាន ហើយតាមដានឲ្យម៉ត់ចត់។ ធ្វើមេបញ្ជាការប្រយុទ្ធជាមួយនឹង កូវីដ-១៩ វាលំបាកជាងធ្វើមេបញ្ជាការប្រយុទ្ធផ្នែកកងទ័ព ដែលមើលឃើញ ត្រូវវ៉ៃតាមជ្រុងណា វ៉ៃដោយអាវុធអី។ នេះជាសត្រូវមើលអត់ឃើញ។ ឥឡូវមកដល់ម៉ោងនេះ មិនដឹងថា កូវីដ-១៩ រាងម៉េចផង គ្រាន់តែគេដាក់រូបអីឲ្យមើល តាមស្ពតឃោសនាតែប៉ុណ្ណឹង។
ចុងបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី ៤ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ខ្ញុំសុំជូនពរឲ្យចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ឋិតថេរចីរកាល និងសុំជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕