សេចក្តីដកស្រង់សង្កថា សម្ពោធសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំនួយរដ្ឋាភិបាលជប៉ុន ក្នុងរាជធានីភ្នំពេញ ជំហានទី៤

ឯកឧត្តម KARIMATA Atsushi ភារធារីស្តីទី នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! លោកជំទាវ Kaneharoku ប្រធានអង្គការ JICA ប្រចាំកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! កិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភពីរដ្ឋាភិបាលនិងប្រជាជនជប៉ុន កែលម្អប្រព័ន្ធលូនិងចម្រោះទឹកស្អុយ មុនចាក់ចូលទៅក្នុងទន្លេ ថ្ងៃនេះ យើងពិតជាមានការរីករាយ ដោយសារចូលឆ្នាំថ្ងៃនេះ យើងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មី មួយទៀត ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន នោះគឺសមិទ្ធផលក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី ៤។ អម្បាញ់មិញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍រួចមកហើយ ជាមួយគ្នានេះ ក៏បានបញ្ជាក់ពី ឯកឧត្តមភារធារីស្តីទី នៃស្ថានទូតជប៉ុន ពាក់ព័ន្ធទៅនឹងគម្រោងនេះ។ (បើ)ខ្ញុំមិនច្រឡំទេ ខ្ញុំបានមកសម្ពោធបើកការដ្ឋាន ហើយក៏សម្ពោធដាក់ឱ្យប្រើប្រាស់ ចំនួន ៤ លើក ទាំងលើកនេះ។ គម្រោងទាំងឡាយ ដែលបានធ្វើសម្រាប់រាជធានីភ្នំពេញ ពិតមែនតែវាអស់លុយច្រើន ប៉ុន្តែវាក៏បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនណាស់ដែរសម្រាប់ប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាផ្នែកខាងក្រោមនៃដងទន្លេ…