ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួម នៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០» ក្នុងឱកាសនេះ។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិប្រជាជនលើកដំបូង ដែលមានរយៈពេលវែងរហូតដល់ ១៥ ឆ្នាំ ហើយដែលនឹងរួមចំណែកយ៉ាងខ្លាំងក្លាដល់ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ដែលបានដើរតួនាទី និងបំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងសម្របសម្រួលការរៀបចំ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត បន្ទាប់ពីយើងសម្រេចបាននូវចំណាត់ថ្នាក់ល្អប្រសើរ, ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលឤចសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ព្រមទាំងជាប្រទេសជាប់ចំណាត់ថ្នាក់ទី ១ នៅតំបន់ឤស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច ទន្ទឹមគ្នានឹងមហិច្ឆិតាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។
ជាមួយនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍទាំងអស់ ពិសេសមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដែលបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតមកទាំងផ្នែកបច្ចេកទេស, ទាំងផ្នែកហិរញ្ញវត្ថុ លើបញ្ហាប្រជាជន និងការអភិវឌ្ឍ ពិសេសការលើកកម្ពស់សុខភាពបន្តពូជ និងសុខភាពរបស់មាតា និងកុមារ។ ក្នុងនោះ មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជនតែងបានការគាំទ្រដល់ក្រសួងផែនការលើការងារស្ថិតិ, ការងារផែនការ និងការងារពាក់ព័ន្ធ នឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ ហើយថ្មីៗនេះ គឺគាំទ្រដល់ដំណើរការរៀបចំ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដែលយើងផ្សព្វផ្សាយដាក់ឱ្យអនុវត្តនាថ្ងៃនេះ ។
ជាការពិត ក្នុងរយៈពេលប្រមាណពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិតរបស់ប្រជាជន ស្របពេលដែលកម្ពុជាបាន និងកំពុងធ្វើឱ្យមានវឌ្ឍនភាពជាលំដាប់ ក្នុងវិស័យសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនេះ រាជរដ្ឋាភិបាលមិនត្រឹមតែបន្តផ្តោតការយកចិត្តទុកដាក់គិតគូរដល់ផលប៉ះពាល់ នៃការប្រែប្រួលយ៉ាងលឿនផ្នែកប្រជាសាស្ត្រដែលមិនធ្លាប់មានពីមុនមកលើការរស់នៅរបស់ប្រជាជនគ្រប់មជ្ឈដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបញ្ចូលកត្តាជវភាពប្រជាសាស្ត្រទៅក្នុងដំណើរការនៃការធ្វើផែនការអភិវឌ្ឍនានាទៀតផង។ ប្រការនេះ មានន័យថា គឺជាការងារចាំបាច់ សំដៅធ្វើឱ្យកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពប្រជាសាស្ត្រ ដែលយើងកំពុងឆ្លងកាត់ និងកាលានុវត្តភាពដទៃទៀត ដែលកំពុងកើតមានសម្រាប់ការអភិវឌ្ឍ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលយើងបាន និងកំពុងជួបប្រទះនៅក្នុងស្ថានការណ៍វិវឌ្ឍថ្មីៗនេះ។
ក្នុងបរិការណ៍នៃនិន្នាការប្រជាសាស្ត្របែបនេះ រាជរដ្ឋាភិបាលបានធ្វើបច្ចុប្បន្នកម្ម គោលនយោបាយជាតិប្រជាជនឆ្នាំ ២០០៣ ដោយផ្តោតការយកចិត្តទុកដាក់ដល់សារៈសំខាន់នៃការកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច, សង្គមកិច្ច និងបរិស្ថាន ពីការប្រែប្រួលប្រជាសាស្ត្រមកលើការអភិវឌ្ឍប្រកបដោយចីរភាព និង សុខុមាលភាពរបស់ប្រជាជន។ ជារួម គោលនយោបាយនេះ គឺជាផែនទីបង្ហាញផ្លូវមួយ ដែលគ្របដណ្តប់លើគ្រប់វិស័យនៅក្នុងក្របខ័ណ្ឌរួមនៃគោលនយោបាយអភិវឌ្ឍជាតិ ក្នុងនោះក៏មាន យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨។ ជាងនេះទៀត គោលនយោបាយនេះ ផ្តល់នូវមូលដ្ឋានគ្រប់ជ្រុងជ្រោយមួយ សម្រាប់ការធ្វើផែនការ ដែលគិតគូររួមបញ្ចូលគ្នានូវទំនាក់ទំនងពហុវិស័យរវាងបញ្ហាប្រជាជន និងការអភិវឌ្ឍ, ការប្រែប្រួលប្រជាសាស្ត្រ និងការបញ្ចូលនូវកត្តាជវភាពប្រជាសាស្ត្រ ទៅក្នុងដំណើរការនៃការធ្វើផែនការ ព្រមទាំងការកំណត់ពីតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័ន នៃរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលរួមមានដៃគូអភិវឌ្ឍ, អង្គការសង្គមស៊ីវិល និងសហគមន៍។
ព្រមជាមួយនេះ ខ្ញុំសូមបញ្ជាក់ថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ នេះ រៀបចំឡើងដោយផ្តោតលើគោលទស្សនៈរួមពីរគឺ (ទី១) បន្តឈរលើគោលការណ៍ដែលមានចែងក្នុងគោលនយោបាយជាតិប្រជាជនឆ្នាំ ២០០៣ ដោយទទួលស្គាល់ និងគាំទ្រសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ លើសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និងការពន្យារកំណើត ព្រមទាំងលទ្ធភាពទទួលបាននូវព័ត៌មាន, ការអប់រំ, សេវា និងមធ្យោបាយ (ទី២) បង្ហាញអំពីទិដ្ឋភាពរួមនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច និងស្ថានភាពប្រជាសាស្ត្រ, វិភាគអំពីផលវិបាកចម្បងៗផ្នែកប្រជាសាស្ត្រ មកលើការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន និងអនាគត និងដាក់ចេញនូវការតម្រង់ទិសមួយចំនួន ដែលមានលក្ខណៈគោលនយោបាយ និងកម្មវិធីដែលជាមូលដ្ឋានសម្រាប់ការរៀបចំផែនការ សកម្មភាពដែលនឹងត្រូវយកទៅអនុវត្តដោយក្រសួង ស្ថាប័នជំនាញ។
ក្នុងស្មារតីនេះ ពិតមែនតែរាជរដ្ឋាភិបាលប្តេជ្ញាចិត្តផ្តល់ការគាំទ្រដែលចាំបាច់ និងបង្កលក្ខណៈឱ្យមានបរិយាកាស ផ្នែកគោលនយោបាយ និងកម្មវិធី សម្រាប់ការអនុវត្តគោលនយោបាយនេះឱ្យសម្រេចបានជោគជ័យក៏ពិតមែន ប៉ុន្តែដោយសារបញ្ហាប្រជាជនមានចរិតអន្តរវិស័យ និងពហុវិស័យ ដូច្នេះ ការអនុវត្តគោលនយោបាយនេះ ទាមទារឱ្យមានកិច្ចខិតខំ ប្រឹងប្រែងរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យសាធារណៈ និងវិស័យឯកជន, ក៏ដូចជាអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍផងដែរ។
ថ្វីត្បិតតែការដាក់ចេញនូវគោលនយោបាយជាតិប្រជាជននេះ គឺជាការងារសំខាន់ ប៉ុន្តែការប្រែក្លាយគោលនយោបាយនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែង តាមរយៈការរៀបចំឱ្យមានផែនការសកម្មភាព និងការអនុវត្ត រិតតែមានសារៈសំខាន់ និងចាំបាច់មិនឤចខ្វះបាន។ ដូច្នេះ ដើម្បីធ្វើឱ្យសម្រេចបានគោលដៅចុងក្រោយរបស់យើង គឺការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិតរបស់ប្រជាជន ដោយចាត់ទុកថា «ប្រជាជនជាមធ្យោបាយសម្រាប់ការអភិវឌ្ឍផង និងជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង» ទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាឱ្យអស់លទ្ធភាព និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រែក្លាយគោលដៅរួមរបស់យើងឱ្យក្លាយទៅជាការអនុវត្តជាក់ស្តែង។ ក្នុងស្មារតីឈានឆ្ពោះទៅដល់ គោលដៅនេះ ខ្ញុំសូមផ្តល់សារគន្លឹះដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់លើក្របខ័ណ្ឌការងារ ដូចខាងក្រោម៖
ទី១ ក្រសួងផែនការ តាមរយៈអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ ត្រូវសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការពន្លឿនការរៀបចំ «ផែនការសកម្មភាព ២០១៦-២០១៨» ដែលជាផែនការសកម្មភាពលម្អិតរយៈពេលមធ្យម ដោយមានកំណត់សូចនាករ, ចំណុចដៅ និងសកម្មភាពជាក់លាក់ សម្រាប់ធ្វើជាឧបករណ៍ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។ ផែនការសកម្មភាពនេះ ត្រូវមានសង្គតិភាពជាមួយនឹងការតម្រង់ទិសជាលក្ខណៈគោលនយោបាយ និងកម្មវិធីដែលបានលើកឡើងនៅក្នុង គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ នេះ។
ទី២ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការជាមួយក្រសួងផែនការ ហើយត្រូវធានាឱ្យមានការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ក្នុងដំណើរការនៃការរៀបចំ និងការអនុវត្តផែនការសកម្មភាពនេះ។ ក្នុងនោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្តល់ឤទិភាពក្នុងការវិភាជន៍ថវិកាតាម «ថវិកាកម្មវិធី» ឱ្យប្រកបដោយប្រសិទ្ធភាព ដើម្បីធានាដល់ការអនុវត្តជាក់ស្តែងនូវផែនការសកម្មភាពនេះ ឱ្យបានសម្រេចជោគជ័យ។
ទី៣ ក្រសួងផែនការក៏ត្រូវបន្តកិច្ចសហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាអំពីលទ្ធភាពក្នុងការរៀបចំគោលនយោបាយ ឬយុទ្ធសាស្ត្រនានា ដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹងជវភាពប្រជាសាស្ត្រ ដូចជាបញ្ហា មនុស្សចាស់, បញ្ហាការផ្លាស់ទី និងនគរូបនីយកម្ម, បញ្ហាសុខភាពបន្តពូជរបស់យុវជនជាដើម សំដៅកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលជវភាពប្រជាសាស្ត្រមកលើការអភិវឌ្ឍ និងដើម្បីធានាបានការអភិវឌ្ឍប្រកបដោយ ចីរភាព និងគ្របដណ្តប់លើគ្រប់ដំណាក់កាលនៃវដ្តជីវិតរបស់ប្រជាជន ដើម្បីរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃជីវិត និងសុខុមាលភាពរបស់ប្រជាជន។
ទី៤ ក្រសួង ស្ថាប័នជំនាញត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្ស ក្នុងគោលបំណងទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រដែលកំពុងកើតមានឱ្យបានជាអតិបរមា ដើម្បីពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈដល់យុវជន ដែលជាកម្លាំងពលកម្មដ៏ច្រើនលើសលប់ ដែលមាននាពេលបច្ចុប្បន្ន សំដៅបង្កើនសមត្ថភាព និងលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារពលកម្ម ទាំងក្នុងប្រទេស, ទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងបង្កើនផលិតភាពការងារ និងប្រាក់ចំណូល។
ដោយការជឿជាក់យ៉ាងមុតមាំលើការចូលរួមប្រកបដោយឆន្ទៈមោះមុត ព្រមជាមួយនឹងភាពជាម្ចាស់ និង ការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងផែនការ, ក្រសួង ស្ថាប័នពាក់ព័ន្ធ, ឤជ្ញាធរថ្នាក់ក្រោមជាតិ ខ្ញុំរំពឹងទុកជាមុនថា ការអនុវត្តនូវ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ នេះ ប្រាកដជានឹងដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយសម្រេចបានជោគជ័យពេញលេញ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
លុះត្រាតែប្រជាជនមានទឹកគ្រប់គ្រាន់ ទើបយុទ្ធនាការផ្គត់ផ្គង់ទឹកអាចដកថយ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី យើងកំពុងតែធ្វើកិច្ចការងារនេះនៅទីនេះ ស្ថិតនៅក្នុងបរិយាកាសនៃស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជាកំពុងតែអនុវត្តនូវយុទ្ធនាការទ្រង់ទ្រាយធំ នៅក្នុងការដោះស្រាយទឹកជូនប្រជាជន។ ពិតមែនហើយ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានធ្លាក់ក្នុងតំបន់មួយចំនួន ថែមទៅដល់ខ្យល់កន្រ្តាក់ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន កន្លែងខ្លះទទួលបានទឹក ក៏ប៉ុន្តែ ក៏ទទួលបាននូវមហន្តរាយផ្សេងទៀត ជាមួយនឹងការបាក់ផ្ទះ បាក់ដើមឈើ ឬក៏រន្ទះបាញ់ជាដើម។ កន្លែងខ្លះ បានទទួលទឹកសម្រាប់ប្រជាពលរដ្ឋត្រងយកមកប្រើប្រាស់ កន្លែងខ្លះក៏មានដក់ទឹកតិចតួចតាមវាលស្រែ តាមប្រឡាយ និងកន្លែងមួយចំនួនទៀតក៏បានផ្តល់ភ្លៀងបន្តិច ហើយសំណើមរបស់វាក៏បានធ្វើឲ្យមានស្មៅលូតលាស់ឡើង ដើម្បីដោះស្រាយបញ្ហាសត្វ។ ក៏ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ថា បញ្ហាទាំងនេះមិនទាន់នឹងចប់ទេ គឺយុទ្ធនាការនេះនឹងបន្តលាតសន្ធឹងទូទាំងប្រទេសតទៅទៀត លុះត្រាតែប្រជាជនមានទឹកទទួលទានគ្រប់គ្រាន់ ទើបយុទ្ធនាការនេះអាចដកថយ។ ប៉ុន្តែ ទោះបីថា កន្លែងដែលមានទឹកប្រើប្រាស់ហើយក៏ដោយ ក៏ត្រូវបង្វែរនៅកន្លែងនោះ ពីការផ្គត់ផ្គង់ទឹកតាមផ្ទះ ទៅតាមតំបន់ដែលកំពុងខ្វះខាតទឹក ទៅជាសកម្មភាពជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងស្តារប្រឡាយ ដើម្បីត្រៀមលក្ខណៈកុំឲ្យមានបាតុភូតបែបនេះ នៅឆ្នាំក្រោយៗទៀត។ សកម្មភាពនេះ គឺជាសកម្មភាពដែលយើងត្រូវប្រកាន់យកនូវជំហានជាបន្តទៀត ហើយត្រូវធ្វើព្រមៗគ្នា ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះគ្រប់ស្ថាប័នថ្នាក់ជាតិទាំងអស់ អាជ្ញាធរថ្នាក់ក្រោមជាតិក៏ដូចជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងសប្បុរសជន និងកម្លាំងទាំងអស់ ក្នុងនោះមានកាកបាទក្រហមកម្ពុជាផងដែរ បន្តធ្វើសកម្មភាពទាំងនេះ ដើម្បីឆ្លើយតបជាមួយនឹងអ្វីដែលបាន និងកំពុងកើត ហើយក៏ត្រូវត្រៀមខ្លួនសម្រាប់នៅពេលក្រោយទៀត។
ឆ្នាំនេះ គឺជាឆ្នាំដែលមានមហន្តរាយខ្វះទឹក បន្ទាប់ពីគ្រោះទឹកជំនន់កាលពីឆ្នាំ ២០០០
ខ្ញុំសូមបញ្ជាក់ជូនសាជាថ្មីម្តងទៀត ឆ្នាំនេះ គឺជាឆ្នាំដែលជួបមហន្តរាយដែលមិនធ្លាប់មាន អាចនិយាយថា ក្នុងរង្វង់ ១០០ ឆ្នាំមកនេះ មិនទាន់មានស្ថានភាពបែបនេះកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ។ ឆ្នាំនេះ ក៏ជាឆ្នាំដែលបានផ្តល់នូវមេរៀនធំណាស់សម្រាប់យើង បន្ទាប់ពីការផ្តល់មេរៀនឲ្យយើងនៅក្នុងជំនន់សហស្សវត្សរ៍ គឺជំនន់ឆ្នាំ ២០០០ ដែលនៅពេលនោះ គេតែងតែធ្វើផ្លូវទាបៗ ហើយតែងតែធ្វើស្ពានទាបៗ ប៉ុន្តែនៅពេលដែលទឹកជំនន់ហក់ឡើងខ្លាំង ឥឡូវគឺតែងតែនាំគ្នាគិតថា ការធ្វើផ្លូវ ការធ្វើស្ពាន ការធ្វើសាលារៀន ការធ្វើវត្តអារាម គឺត្រូវធ្វើឲ្យខ្ពស់ជាងទឹកជំនន់ឆ្នាំ ២០០០។ ឥឡូវនេះ មេរៀននេះ ក៏បានផ្តល់ឲ្យយើងផងដែរថា ត្រូវជីកអណ្តូងឲ្យជ្រៅជាងដង្ហើមទឹកនៅឆ្នាំ ២០១៦។ បទពិសោធន៍នៅខេត្តស្វាយរៀងមួយ វាជាបទពិសោធន៍គ្រប់ខេត្តទាំងអស់ ព្រោះថាអណ្តូងទឹកដែលប្រជាជនធ្លាប់ប្រើរាប់ពាន់រាប់ម៉ឺននៅទូទាំងប្រទេស ត្រូវរីងស្ងួត។ គ្រាន់តែខេត្តស្វាយរៀងមួយ អណ្តូងជាង ៦០០ ដែលប្រជាជនប្រើប្រាស់នៅតាមភូមិត្រូវបានរីងស្ងួត។ អញ្ចឹងអណ្តូងទាំង ៦០០ នោះហើយ ដែលជាអណ្តូងត្រូវតែស្តារ ដើម្បីឲ្យមានជម្រៅទឹក ដង្ហើមទឹក ឲ្យទាបជាងដង្ហើមទឹកនៅទីនេះ បើមិនដូច្នេះទេ ដង្ហើមទឹកនៅ ៩ ម៉ែត្រ ដល់អណ្តូងយើងមានត្រឹមតែ ៨ ម៉ែត្របានទឹកមកពីណាចេញ។ បើដង្ហើមទឹកនៅ ៩ ម៉ែត្រ ទាល់តែជីកអណ្តូងដល់ ១០ ម៉ែត្រ។ សកម្មភាពជីកស្រះ ស្តារស្រះមានស្រាប់តែវារាក់ ស្តារប្រឡាយទឹក និងជីកស្រះថ្មី ត្រូវខិតខំធ្វើ។
ស្នើឲ្យកាកបាទក្រហមប្រើប្រាស់ថវិកាសប្បុរសជន ដើម្បីដោះស្រាយការធ្វើអណ្តូង និងស្រះឲ្យប្រជាជន
… ខ្ញុំគិតថា នៅថ្ងៃ ០៨ ខែឧសភា ខាងមុខនេះ កាកបាទក្រហមកម្ពុជា បាននិងធ្វើទិវារបស់ខ្លួនជាមួយនឹងសកម្មភាពបានចាប់ផ្តើមរួចមកហើយ នៅតាមបណ្តាខេត្តដែលមានទិវាកាកបាទក្រហម។ ខ្ញុំអំពាវនាវកាកបាទក្រហមទាំងនៅថ្នាក់ជាតិ នៅថ្នាក់ក្រោមជាតិ ចាត់ចែងថវិកាចាត់ចែងប្រើប្រាស់ថវិកា(របស់)សប្បុរសជននៅឆ្នាំ ២០១៦ នេះ ទៅរកគោលដៅដោះស្រាយទឹកជូនប្រជាជដន។ យើងធា្លប់ប្រើប្រាស់ថវិកាសប្បុរសជនមួយឆ្នាំៗ រាប់លានដុល្លារ ថ្នាក់ជាតិជាង ១០ លានដុល្លារ ទៅលើការចែកចាយស្បៀងអាហារជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែមួយផ្នែកប្រើប្រាស់លើការជីកអណ្តូងទឹកស្រះទឹក។ ក៏ប៉ុន្តែខ្ញុំសុំស្នើឲ្យមានការខិតខំឆ្នាំនេះ វិភាជន៍ថវិកាដែលបានពីសប្បុរសជន គឺសំដៅឆ្ពោះទៅរកការដោះស្រាយស្រះទឹក អណ្តូងទឹក ហើយនៅកម្រិតថ្នាក់ជាតិរបស់យើង ដើម្បីចែកថវិកាសម្រាប់បណ្តាស្ថាប័ន។ ឆ្នាំនេះ ដោះស្រាយរួចហើយ ប៉ុន្តែឆ្នាំបន្តទៅមុនទៀត បន្តធ្វើស្រះឲ្យបានច្រើន និងធ្វើអណ្តូងទឹកឲ្យបានច្រើន ដើម្បីដោះស្រាយនូវ(អ្វី)ដែលគេហៅថា ការប្រែប្រួលអាកាសធាតុនៅក្នុងក្របខណ្ឌទូទាំងពិភពលោក និងគ្រោះរាំងស្ងួតនៅក្នុងតំបន់។ អាចនិយាយបានថា បើនិយាយពីការប្រែប្រួលអាកាសធាតុ ប្រែប្រួលទូទាំងពិភពលោក គ្មានប្រទេសណាមួយមិនរងផលប៉ះពាល់ទេ។ គ្រោះរាំងស្ងួត គឺមានទូទាំងតំបន់តែម្តង មិនថាតែប្រទេសកម្ពុជាទេ គ្រាន់តែកម្រិតខុសៗគ្នា ដោយសារប្រទេសខ្លះមានហេដ្ឋារចនាសម្ព័ន្ធល្អជាងយើង ដូចជាប្រទេសថៃ វៀតណាម ជិតខាងយើង (គេ)មានតំបន់ផ្គត់ផ្គងទឹក ប្រទេសទាំងពីរ គឺគេគ្រាន់បើជាងយើង។ ដូចនេះ មិនទាន់និយាយពីអាទុកស្រោចស្រពទេ និយាយពីអាទឹកផឹកនេះ ឥឡូវបានធូរបន្តិចត្រង់ថាភ្លៀងធ្លាក់ …។ សូមជំរាបជូនឯកឧត្តមអគ្គរាជទូត អគ្គរដ្ឋទូត និងដៃគូអភិវឌ្ឍន៍, ខេត្តស្ទឹងត្រែង បើសិនជាប៉ុន្មានថ្ងៃមុនមិនមានធ្លាក់ទឹក(ភ្លៀងទេ) ប្រហែលជានៅកម្ពុជាងាប់គោ ក្របីច្រើនជាងនេះ។ គ្រាន់តែស្ទឹងត្រែងមួយ គោ និងក្របីស្លាប់ជាង ៣០០ ក្បាល ព្រោះទម្លាប់ប្រជាជនខ្មែររបស់យើងឲ្យតែច្រូតកាត់ហើយ គាត់ព្រលែងគោ ក្របី របស់គាត់ទៅពេញព្រៃ អញ្ចឹង ហ្វូងក្របីវាតែងតែចុះ(ត្រាំ)ទឹក ដល់ឥឡូវ វាអត់ទឹកចុះ វាត្រូវងាប់។
អភិបាលខេត្តនានា ត្រូវធ្វើរបាយការណ៍ប្រចាំ មិនចាំបាច់វែងពេក
ឥឡូវនេះ ទោះបីមានភ្លៀងធ្លាក់ វាគ្រាន់តែផ្តល់នូវសំណើម និងផ្តល់នូវទឹកខ្លះ ប៉ុន្តែ វាក៏មានបញ្ហាចោទឡើងជាមួយនឹងខ្យល់កន្ត្រាក់ ដែលធ្វើឲ្យរលំផ្ទះ និងបាតុភូតរន្ទះបាញ់។ អញ្ចឹងទេ តំបន់ណាដែលមានការបាក់ផ្ទះ អាជ្ញាធរ កម្លាំងប្រដាប់អាវុធ កាកបាទក្រហម ត្រូវធ្វើសកម្មភាពភ្លាម ដើម្បីជួយសង្គ្រោះចំពោះប្រជាពលរដ្ឋ។ មានរហូតដល់ការស្លាប់ និងរបួស ចំពោះអ្នកដែលដួលបាក់ផ្ទះ និងត្រូវជួយដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនេះ។ រឿងនេះ ត្រូវធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ អត់មានថា មួយអាទិត្យទើបបានធ្វើម្តងនោះទេ។ អញ្ចឹងបានជាខ្ញុំទទួលរបាយការណ៍ពីចៅហ្វាយខេត្តនានា គឺថា មិនចាំបាច់រាយការណ៍អីច្រើនទេ គឺភ្លៀងកន្លែងណា អត់កន្លែងណា? សកម្មភាពដោះស្រាយទឹកដោះដល់ណា? …។
ផ្អាកការប្រជុំនៅភ្នំពេញ, អភិបាលខេត្តមិនឲ្យចេញពីខេត្ត, អ្នកភ្នំពេញចុះខេត្តធ្វើសកម្មភាព
… ខ្ញុំក៏ហាមបន្តថា (ដោយសារតែនេះជាកម្មវិធីបានគ្រោងទុក) ឥឡូវសូមផ្អាកកម្មវិធីនៅភ្នំពេញសិន ដើម្បីឲ្យអស់លោកថ្នាក់រដ្ឋមន្រ្តី ថ្នាក់ស្ថាប័ននេះ ចុះទៅតាមខេត្ត ហើយកុំហៅលោកខេត្តមកភ្នំពេញ ដើម្បីធ្វើកិច្ចការងារនេះសិន … ផ្អាកសិន ដើម្បីទាំងអស់គ្នាមានឱកាសចុះទៅខេត្ត ទៅធ្វើការនៅតាមខេត្ត។ កុំរំខានលោកខេត្ត។ កុំភ្លេចថា បើយើងនៅបញ្ជាសកម្មភាព វានឹងមានចលនាកើតឡើង … រឿងនេះ ខ្ញុំធ្លាប់មានពិសោធន៍។ នៅឆ្នាំ ២០០០ ពេលនោះ យើងប្រើយុទ្ធនាការជាង ១០០ ថ្ងៃ ដើម្បីសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់ អត់ឲ្យមានការប្រជុំនៅភ្នំពេញទេ។ អញ្ចឹង សុំអ្នកក្រសួងនៅភ្នំពេញ បើបានគ្នា ៤-១០ នាក់ ក៏ប្រជុំទៅ។ ប៉ុន្តែ យើងកុំចាំបាច់ប្រមូលផ្តុំគ្នាធ្វើការនៅភ្នំពេញច្រើនពេក នាំគ្នាចុះទៅខេត្ត។ ដូចជាចៅហ្វាយខេត្តកំពតមកដែរ? ខ្ញុំថាកុំឲ្យមកតើ។ ខ្ញុំស្មានតែមកក្រុមប្រឹក្សា ខ្ញុំបានប្រាប់ថាអត់ឲ្យអភិបាលខេត្តចេញពីខេត្តទេ។ ឥឡូវដើរចេញពីខេត្តមួយបាត់។ ចាប់ពីថ្ងៃនេះទៅ អត់មានអោយចៅហ្វាយខេត្ត(ចេញពីខេត្ត) បើខ្ញុំឃើញចៅហ្វាយខេត្តណាមានមុខនៅភ្នំពេញ ក្នុងដំណាក់កាលដែលខ្ញុំមិនចេញបទបញ្ជាផ្អាក គឺមានរឿង។
… កុំយកចិត្តលោកតាមស្ថាប័នផ្សេង។ ស្ដាប់សុន្ទរកថាតាមទូរទស្សន៍ទៅ ដោះស្រាយទឹកអោយប្រជាជន នៅបញ្ជាសកម្មភាពនៅហ្នឹងកន្លែង។ ប្រជុំហើយភ្លាម វិលកង់នៅខេត្តភ្លាម អត់មាននៅភ្នំពេញនេះទេ។ រឿងនេះជារឿងធំណាស់។ អត់បាយអាចពន្យារពេលបាន (ប៉ុន្តែ)អោយតែអត់ហើយ គឺស្អីក៏ពិបាកដែរ អត់ទឹកឆាប់ស្លាប់ជាង។ ឆាប់គ្រោះថ្នាក់ជាង។ អញ្ចឹងខ្ញុំសុំរំលឹកសាជាថ្មីម្ដងទៀត អស់លោករដ្ឋមន្រ្តី បើមានការចង់ប្រជុំ គឺអាចពន្យារពេលសិនទៅ។ បើលោកមិនប្រជុំ ក៏មិនមានរឿងប្រែប្រួលដដែល គ្រាន់តែហៅខ្ញុំមកអានសុន្ទរកថា ធ្វើអោយខ្ញុំជាប់កម្មវិធីជាមួយអស់លោកទៀត។ មិនមក អស់លោកថា មិនផ្ដល់សារសំខាន់ ដល់មក ខ្ញុំរវល់ការងាររបស់ខ្ញុំ (ព្រោះ)ខ្ញុំត្រូវតាមដានការងារ(រឿងអត់ទឹក)ហ្នឹងដែរ … ត្រូវចាត់ទុករឿងនេះ រឿងសំខាន់។
ខ្ញុំសុំរំលឹកសាជាថ្មី ដូចជាសុំសន្និបាទនៅក្រសួងកសិកម្មនេះ ថ្ងៃទី ១២ ខែ ឧសភា។ ឥឡូវលោកឯងចាប់ប្រជុំ ក៏ប្រជុំទៅ ក៏ប៉ុន្តែហៅតែប្រធានមន្ទីរកសិកម្មមកបានហើយ កុំហៅ(ចៅហ្វាយ)ខេត្ត បើខេត្តមកអនុ(ខេត្ត)អាចមកបាន ប៉ុន្តែចៅហ្វាយខេត្តមិនអោយចេញពីខេត្ត។ ចៅហ្វាយខេត្តមិនអោយចេញពីខេត្តទេ ឥឡូវប្រជុំ(សន្និបាទក្រសួងកសិកម្ម) ប្រជុំទៅព្រោះអាហ្នឹងខ្ញុំត្រូវចូលរួម ប្រជុំមុនពេលខ្ញុំទៅរុស្ស៊ី, អាស៊ាន-រុស្ស៊ី ហើយខ្ញុំ(ធ្វើ)ទស្សនកិច្ចនៅម៉ូស្គូ … អញ្ចឹងអនុញ្ញាតអោយប្រជុំអាហ្នឹងមួយទៀត ប៉ុន្តែមិនអនុញ្ញាតអោយចៅហ្វាយខេត្តមកទេ។ ចៅហ្វាយខេត្តឈរជើងនៅខេត្ត អាចអនុខេត្ត និងប្រធានក្រុមប្រឹក្សា អាហ្នឹងមកចូលរួមបាន។ តិចដល់ថ្ងៃហ្នឹង ឃើញមុខនៅ(កន្លែង)សន្និបាទ។ ខ្ញុំបានចេញបទបញ្ជាហើយ អត់មានអោយចៅហ្វាយខេត្តចេញពីខេត្តទេ …។
ធ្វើសកម្មភាពបន្ត កន្លែងមានទឹកហើយ ត្រូវបង្វែរសកម្មភាពភ្លាមទៅរកការជីក និងស្ដារ ស្រះ អណ្ដូង
… ហ្នឹងហើយដែលនិយាយពីគុណភាពជីវិត។ និយាយអំពីបញ្ហាថា ប្រជាជនជាមធ្យោបាយអភិវឌ្ឍន៍ផង និងជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង។ តើយើងនាំគ្នាធ្វើដើម្បីអី ធ្វើដើម្បីប្រជាជន។ ប្រជាជន គឺជាមធ្យោបាយអភិវឌ្ឍន៍ ប៉ុន្តែប្រជាជនផ្ទាល់ គឺជាគោលដៅចុងក្រោយដែលយើងត្រូវដោះស្រាយ។ អញ្ចឹងទេ ខ្ញុំសូមរំលឹកឡើងវិញ និងអំពាវនាវអោយធ្វើសកម្មភាពបន្តទៀត កន្លែងដែលមានទឹកប្រើប្រាស់ហើយ បង្វែរសកម្មភាពភ្លាមទៅរកការជីកស្រះថ្មី និងស្ដារស្រះចាស់ ជីកអណ្ដូងថ្មី ស្ដារអណ្ដូងចាស់ ស្ដារប្រឡាយ ដើម្បីត្រៀមទុកនៅពេលក្រោយ ព្រោះកម្លាំងយើងបានចុះច្រើនណាស់(នៅក្នុង)កម្មភាពនេះ ហើយខ្ញុំពិតជាមានមោទនភាពជាមួយនឹងកម្លាំងទាំងឡាយ ដែលបានចុះទៅ។
[ចប់សេចក្ដីអធិប្បាយ]
ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូណ៌, កម្លាំងពលំមាំមួន និង សម្រេចបានជោគជ័យ ក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន។ ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០» ចាប់ពីពេលនេះតទៅ៕