ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា
មុននឹងចាប់ផ្តើម ខ្ញុំសុំក្រឡេកមើលមុខអ្នកទាំងអស់គ្នា ថាតើអ្នកណាខ្លះងងុយដេក អ្នកណាខ្លះមិនងងុយដេក? ដោយសារយប់មិញនេះ មានកម្មវិធីច្រើនណាស់ សម្រាប់ក្នុងប្រទេសរបស់យើង។ ការប្រកួតបាល់ ទាត់នៅអឺរ៉ុប មានដល់ទៅ ៣ ប្រកួតឯណោះ។ បន្ថែមពីលើនោះ មានកម្មវិធីមួយពិសេសនៅក្នុងស្រុក The Voice ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មិនថាតែយុវជនទេដែលចូលចិត្ត យុវចាស់ក៏ចូលចិត្ត ហើយដោយសារភ័ព្វសំណាង ខ្ញុំមានទូរទស្សន៍ច្រើននៅក្នុងបន្ទប់របស់ខ្ញុំ អញ្ចឹង ខ្ញុំអាចមើល The Voice ផង និងអាចមើលបាល់ទាត់ផង។ ប៉ុន្តែ ការប្រកួតចុងក្រោយ ទ្រាំមិនបានក៏លក់បាត់ទៅ ដល់ទៅភ្ញាក់ឡើង បើកមើលទូរទស្សន៍មួយភ្លែតទៅ ឃើញអាឡឺម៉ង់ទាត់ចូលមួយហើយ ក៏ដេកលក់ទៅទៀតទៅ។ ព្រលឹមឡើង បើក Internet មើលវេបសាយរបស់ Euro ក៏ឃើញថា ២-០ ទៅហើយ។ អញ្ចឹងទេ បានសេចក្តីថា មកដល់ម៉ោងនេះ ខ្ញុំកំពុងចាញ់គេ ៣ ប្រកួតទៅហើយ។ មិនមែនភ្នាល់ដាក់លុយអីនោះទេ គ្រាន់តែថា តាំងពីប៉ុន្មានឆ្នាំមកហើយ ដែលយើងលេងរបៀបនេះ។ ឥឡូវត្រូវចាញ់គេ ៣ ប្រកួត បើយើងចាប់សុទ្ធតែខុស យើងចាប់មុន រួចគេមានសិទ្ធិចាប់ គេចាប់យកតែអ្នកឈ្នះដែរ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ថ្ងៃនេះ សង្ឃឹមថា មិនមានអ្នកអង្គុយងោក នៅពេលដែលខ្ញុំថ្លែងសុន្ទរកថាទេ។
ផ្លូវសូត្រសមុទ្រ ឬផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ គំនិតផ្តួចផ្តើមដ៏អស្ចារ្យរបស់មេដឹកនាំចិន
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញសាជាថ្មីម្តងទៀត ដើម្បីប្រគល់ជូនសញ្ញាបត្រជូនជ័យលាភី ដែលទទួលសញ្ញាបត្រថ្ងៃនេះ មានចំនួន ៣.៧៤៦ នាក់។ នេះជាកម្មវិធីទីមួយ ឯកម្មវិធីទី ២ គឺដើម្បីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលកម្ពុជា ដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ ដែលឧបត្ថម្ភដោយសាធារណរដ្ឋប្រជាមានិតចិន ហើយក៏សូមស្វាគមន៍ចំពោះលោកជំទាវ Bu Jianguo ដែលបានអញ្ជើញមកថ្ងៃនេះ ដើម្បីរួមបើកសម្ពោធដាក់ឲ្យប្រើប្រាស់ នូវការសិក្សាទាក់ទងទៅនឹងផ្លូវសូត្រសមុទ្រ។ អម្បាញ់មិញ យើងប្រើពាក្យថា ផ្លូវសូត្រសមុទ្រតែប៉ុណ្ណោះ ក៏ប៉ុន្តែ ន័យដើមរបស់វា បើតាមខ្ញុំចាំ ព្រោះខ្ញុំសិក្សាទាក់ទងនឹងបញ្ហាហ្នឹងច្រើន គឺផ្លូវសូត្រសតវត្សរ៍ទី ២១ ប៉ុន្តែ យើងក៏អាចប្រើពាក្យភាសាកាត់ត្រឹមប៉ុណ្ណឹងបានហើយ ប៉ុន្តែយើងក៏អាចនិយាយបានដែរថា អ្វីដែលប្រធានាធិបតី ស៊ី ជិនពីង របស់ចិន ចង់បាននោះ គឺប្រើពាក្យផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ដែលវានៅក្នុងចង្កោមនៃខ្សែក្រវ៉ាត់មួយ និងវិថីមួយ ដែលជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យនៃមេដឹកនាំចិន ក្នុងជំនាន់ថ្មីនេះ។
មោទនភាពនៃបណ្ណាល័យដ៏ធំជាងគេ
អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរចំពោះការខិតខំទាំងអស់ របស់ក្រសួងអប់រំ យុវជន និងកីឡា និយាយជារួម និងនិយាយដោយឡែក ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ សាកលវិទ្យាល័យនេះ នៅតែឈានមុខគេនៅក្នុងដំណើរនៃការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលធនធានមនុស្ស ហើយក៏ជាផ្នែកដ៏សំខាន់របស់ប្រទេស ដែលផលិតនូវធនធានមនុស្សនៅទីនេះ បន្ថែមទៅដោយមានការសហការ និងភាពជាដៃគូជាមួយនឹងមិត្តភក្តិបរទេស។ ខ្ញុំសូមលើកទឹកចិត្ត ឲ្យបន្តការខិតខំជាបន្តទៀតនូវការជម្រុញឲ្យសាកលវិទ្យាល័យមួយនេះ ដំណើរការទៅមុខ ក្នុងនោះ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើរបាយការណ៍រួចហើយ។ ខ្ញុំនៅមានមោទនភាពជាមួយនឹងបណ្ណាល័យរបស់ខ្ញុំ ដែលឥឡូវនេះ មានអាយុជិត ២០ ឆ្នាំ រួចទៅហើយ ដែលជាបណ្ណាល័យមួយបានកកើតឡើង បើមិនមុនគេទេ អាចចាត់ទុកថាក្រោយគេ តែវាធំជាងគេដែរ។ បណ្ណាល័យនេះ នៅតែទទួលបាននូវការពេញនិយមពីអ្នកអាន អ្នកសិក្សា អ្នកស្រាវជ្រាវ ក្នុងហ្នឹងក៏មានយុវជនជានិស្សិតផងដែរ។ ខ្ញុំនៅតែបន្តផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នកធ្វើការនៅថ្ងៃសៅរ៍នៅទីនោះ ដើម្បីជួយឲ្យពួកគេមានជីវភាពកាន់តែប្រសើរ ហើយបម្រើសេចក្តីត្រូវការអាន ការសិក្សា ការស្រាវជ្រាវ របស់អ្នកសិក្សាទាំងឡាយ ក៏ដូចជានិស្សិតនៅទីនោះ។ មិនមានរបាំងទេ អ្នកទៅពីចម្ងាយ អ្នកដែលចង់ដឹង ចង់យល់ ហើយខ្វះឯកសារ គេអាចទៅរកឯកសារនៅបណ្ណាល័យនោះបាន។
រើសគ្រូថែម ស្រាយតម្រូវការកើនឡើង និងការចូលនិវត្តន៍, អប់រំ ជាកិច្ចការត្រូវធ្វើទាំងអស់គ្នា
ខ្ញុំពិតជាមានមោទនភាពជាមួយនឹងការខិតខំទាំងឡាយរបស់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យនេះ។ តាំងពីដើមរហូតមកដល់ពេលនេះ សាកលវិទ្យាល័យមួយនេះនៅតែលេចធ្លោ ហើយដែលយើងគួរតែនឹកឃើញថា សាកលវិទ្យាល័យនេះ បានចាប់ផ្តើមនៅក្នុងសម័យសង្គមរាស្រ្តនិយមដែលដឹកនាំដោយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនាពេលនោះ ព្រះបរមរតនកោដ្ឋ ហើយក៏បានបិទទ្វារមួយរយៈនៅក្នុងសម័យ ប៉ុល ពត។ ប៉ុន្តែ យើងក៏បានខិតខំធ្វើឲ្យសាកលវិទ្យាល័យនេះ រីកចម្រើនឡើងវិញ ដំណើរការឡើងវិញ ព្រមទាំងពង្រីកបន្ថែមទៀត តាមរយៈនៃការកសាងបន្ថែម ជួសជុល និងបន្ថែមនូវមុខវិជ្ជាដែលនិស្សិតត្រូវទទួល។ អរគុណ និងកោតសរសើរចំពោះគណៈគ្រប់គ្រង ក៏ដូចជាសាស្រ្តចារ្យទាំងឡាយ ដែលបានខិតខំជាមួយនឹងការផ្ទេរនូវចំណេះដឹងសម្រាប់និស្សិតដ៏ច្រើនកុះករ ដែលរហូតមកដល់ពេលនេះ សាកលវិទ្យាល័យបានដោះស្រាយមនុស្សដែលបានចេញទៅធ្វើការ ដោយបញ្ចប់ការសិក្សាចំនួនដល់ ៣៧.៩៨៩ នាក់ ហើយឱកាសការងាររបស់ពួកគេនៅក្នុងចំណោម ៣.៧៤៦ នាក់ នៅទីនេះ គឺមាន ៣.២៨៩ នាក់ហើយដែលមានការងារធ្វើ ស្មើនឹង ៨៧,៨% ដែលក្នុងនោះ មានបរិញ្ញាបត្រចំនួន ៨៧,៣% និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៩៩%។ ជាមួយគ្នានោះដែរ ក៏នៅសល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យនេះ ចំនួន ១៧.៣៨២ នាក់។
បើខ្ញុំយល់មិនច្រឡំទេ និស្សិតដែលបញ្ចប់ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញមួយចំនួនដាក់ពាក្យប្រឡងចូល ដើម្បីក្លាយជាសាស្រ្តាចារ្យ និងមន្ត្រីអប់រំ តាមរយៈការប្រឡងចូលនៅក្នុងវិទ្យាស្ថានជាតិអប់រំ ហើយដែលនឹងត្រូវរៀនបរិញ្ញាបូកមួយ។ មាននិស្សិតមួយចំនួនបានជួបខ្ញុំ ២ ដង គឺនិស្សិតដែលប្រឡងចូលវិទ្យាស្ថានជាតិអប់រំ ដើម្បីក្លាយខ្លួនទៅជាសាស្រ្តាចារ្យ ឬមន្រ្តីខាងផ្នែកអប់រំ បានសេចក្តីថា ខ្ញុំមកចែកសញ្ញាបត្រសម្រាប់និស្សិតយើងនៅទីនេះ ហើយនិងទៅចែកសញ្ញាបត្រសម្រាប់គរុនិស្សិត ដែលបញ្ចប់ការសិក្សាមុននឹងពួកគេចេញទៅបង្រៀន។ ក្នុងមួយឆ្នាំ រាជរដ្ឋាភិបាលផ្តល់អាទិភាពដល់តែស្ថាប័ន ២ ទេ ជ្រើសរើសបុគ្គលិកច្រើនជាងគេ ប៉ុន្តែស្ថាប័នដែលរើសបុគ្គលិកច្រើនជាងគេបំផុតនោះគឺ ស្ថាប័នអប់រំនេះឯង។ មួយឆ្នាំ ត្រូវទទួលបាននូវការជ្រើសរើសបុគ្គលិក ៥.០០០ នាក់ ដើម្បីបំពេញបន្ថែមឲ្យតម្រូវការនៃការកើនឡើង នៃចំនួនសាលាដែលចេះតែរីកធំ និងច្រើនទៅៗ ហើយមានការខ្វះខាតគ្រូ និងមួយផ្នែកទៀត ក៏ដើម្បីប៉ះប៉ូវជាមួយគ្រូ ឬសាស្រ្តាចារ្យដែលបានចូលនិវត្ត។ ប៉ុណ្ណឹងហើយវាមិនទាន់គ្រប់ទៅទៀត យើងក៏ត្រូវនៅបន្តប្រើប្រាស់គ្រូជាប់កិច្ចសន្យាមួយចំនួនថែមទៀត។ តម្រូវការនៃវិស័យអប់រំមានទំហំធំណាស់។ កិច្ចការនេះ ត្រូវធ្វើទាំងអស់គ្នា។ មិនមានថា ស្ថាប័នណាមួយផ្តាច់មុខនោះទេ ប៉ុន្តែ ស្ថាប័ននាំមុខ គឺស្ថាប័នអប់រំជាតិនេះឯង។ ប៉ុន្តែទូទាំងប្រទេស ទូទាំងក្រុមគ្រួសារ ទូទាំងសហគមន៍ នឹងធ្វើចលនាទាំងអស់គ្នាក្នុងវិស័យអប់រំនេះឯង។
ចំណេះដឹងមិនអាចផ្ទេរពីម្នាក់ទៅម្នាក់ដូចឈាមនោះទេ គឺមានតែការខំប្រឹងដោយខ្លួនឯងតែប៉ុណ្ណោះ
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ ក្នុងរយៈពេលកន្លងទៅនេះ។ នេះគឺជាការខិតខំដែលចេញមកពីការខិតខំផ្ទាល់របស់និស្សិតម្នាក់ៗផង និងបានមកពីការខិតខំជួយពីសំណាក់ក្រុមគ្រួសារ និងពីសំណាក់សាកលវិទ្យាល័យ និងសាស្រ្តាចារ្យផង ទើបយើងអាចមានលទ្ធផលដូចថ្ងៃនេះ។ ពុំមានការចម្លងណាមួយ ដែលអាចធ្វើទៅរួច ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ ដោយពុំមានការខិតខំផ្ទាល់ពីនិស្សិត ដែលជាជ័យលាភី និងនិស្សិតដែលទទួលការបណ្តុះបណ្តាលនោះទេ។ ខ្ញុំធ្លាប់និយាយហើយ មិនអាចផ្ទេរចំណេះវិជ្ជាតាមរបៀបផ្ទេរឈាមឲ្យគ្នាទៅវិញទៅមក ដោយមួយខ្វះនូវឈាម មួយទៀតត្រូវផ្តល់ឈាមទៅឲ្យអ្នកដែលខ្វះឈាមបានទេ។ គឺមានតែការខិតខំនោះឯង ទើបសម្រេចជោគជ័យនៅក្នុងការសិក្សា។ កោតសរសើរចំពោះការខិតខំទាំងអស់នេះ ហើយក៏សូមយកឱកាសនេះថ្លែងនូវការអបអរសាទរ ក្រៅពីជាមួយនឹងជ័យលាភី ជាមួយនឹងមាតា បិតា អាណាព្យាបាល របស់និស្សិតទាំងអស់ ក៏ដូចជាក្រុមគ្រួសារនៃនិស្សិតទាំងអស់ ព្រោះនិស្សិតខ្លះក៏មានប្តី មានប្រពន្ធ មានកូនរួចទៅហើយ និស្សិតខ្លះក៏មានមាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារ។ ថ្ងៃនេះ ប្រហែលជាអាចមានចូលមកក្នុងបានខ្លះ។ មានរៀបចំបានចូលខ្លះទេ? ក្រុមគ្រួសារនិស្សិត? នៅខាងក្រោយ ប៉ុន្តែ ដោយសារយើងមាននិស្សិតច្រើន បើយើងបើកឲ្យមួយគ្រួសារចូល ៤-៥ នាក់ មិនបានទេ ប៉ុន្តែ យើងអាចផ្តល់ឱកាសខ្លះ នៅពេលដែលយើងរៀបចំបាន និស្សិតម្នាក់អាចបានម្នាក់ ឬពីរនាក់ មកចូលរួម។ គាត់ជាមនុស្សចាស់ គាត់មានកូន ប៉ុន្តែ គាត់ចង់ឃើញណាស់ការដែលកូនរបស់គាត់បានទទួលនូវសញ្ញាបត្រ ហើយគាត់ក៏ចង់ឃើញថា នាយករដ្ឋមន្រ្តីនិយាយរបៀបម៉េចផងដែរ។ គាត់ធ្លាប់តែមើលតាមទូរទស្សន៍។ ចង់ឃើញលោក ហ៊ុន សែន និយាយជាក់ស្តែងវាយ៉ាងម៉េច?
រាជរដ្ឋាភិបាល ក្រុមគ្រួសារ សហគមន៍ និងសាសនា វាយប្រហារក្រុមគ្រឿងញៀន/បទល្មើសឧក្រិដ្ឋផ្សេងៗ
សង្ឃឹមថា នេះជាការសប្បាយព្រមៗគ្នា រវាងជ័យលាភី ដែលជាកូន ជាចៅ និងជាក្រុមគ្រួសារ ជាមួយនឹងមាតាបិតា អាណាព្យាបាល និងក្រុមគ្រួសាររបស់ជ័យលាភី។ យ៉ាងណាក៏ដោយ យើងនៅមានយុវជនមួយចំនួន ដែលបានដើរផ្លូវខុស ដែលយើងកំពុងខិតខំទាញពួកគេត្រឡប់មកតាមផ្លូវត្រូវវិញ។ មិនទាន់ហួសពេលទេ។ ដូចជាយុវជនមួយចំនួនដើរខុសផ្លូវ ទៅរកផ្លូវគ្រឿងញៀន តាមបងតូច បងធំ ទៅរកការធ្វើនូវអំពើខុសឆ្គងមួយចំនួនដែលសង្គមស្អប់ខ្ពើម។ ទាមទារនូវការខិតខំទាំងអស់របស់សង្គម ហើយសូមកុំស្អីឡើង បន្ទោសរាជរដ្ឋាភិបាល ការពិតខ្ញុំទទួលយកហើយ នូវការចូលមកលើកជាមតិនៅពេលដែលខ្ញុំបង្ហោះតាមហ្វេសប៊ុកម្តងៗ។ ខ្ញុំមិនទាត់ចោលទេ។ តែខ្ញុំសូមអំពាវនាវត្រឡប់ទៅវិញថា ទន្ទឹមនឹងការខិតខំរបស់អាជ្ញាធរ ដើម្បីវាយប្រហារទៅលើក្រុមគ្រឿងញៀន ឬបទល្មើសឧក្រិដ្ឋផ្សេងៗ ក៏សូមឲ្យក្រុមគ្រួសារនីមួយៗជួយផងដែរ ធ្វើផងដែរ។ ខ្ញុំក្នុងឋានៈជានាយករដ្ឋមន្រ្តី និងសមាជិក សមាជិការាជរដ្ឋាភិបាល ត្រូវគ្រប់គ្រងប្រជាពលរដ្ឋរហូតទៅដល់ជាង ១៥ លាននាក់ ប៉ុន្តែ សម្រាប់ក្រុមគ្រួសារនីមួយៗតែ ៤-៥ នាក់ គ្រប់គ្រងកូនមិនបាន បណ្តោយឲ្យវាទៅតាមផ្លូវគ្រឿងញៀន រួចហើយមកបន្ទោសរាជរដ្ឋាភិបាល ថាមិនកើត។ យើងត្រូវប្រឹងទាំងអស់គ្នា។ រាជរដ្ឋាភិបាលបង្កើតនូវឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើង តាមរយៈនូវការបង្កើតឡើង សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីបើកឱកាសឲ្យមានសាលារៀនគ្រប់កម្រិត មានការវិនិយោគសម្រាប់ការងារធ្វើក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងវិស័យដទៃទៀត ដូចជាវិស័យសំណង់ជាដើម។ នេះជាឱកាសការងារសម្រាប់ពលរដ្ឋរបស់យើង ប៉ុន្តែ យុវជនមួយចំនួនមិនបានប្រើប្រាស់នូវឱកាសនោះ សម្រាប់ការសិក្សា សម្រាប់ការធ្វើកិច្ចការផ្សេងៗទាក់ទងនឹងប្រាក់ចំណូលនោះទេ ប៉ុន្តែ គេបានទៅបំផ្លាញក្រុមគ្រួសារ ឪពុកម្តាយ ដើម្បីឲ្យបានប្រាក់មកទិញគ្រឿងញៀន។
បញ្ហាទាំងអស់នេះ ត្រូវធ្វើរួមគ្នា ព្រមៗគ្នា រាប់ទាំងព្រះសង្ឃ ក៏ត្រូវជួយទៅដល់អ្នកដែលបាន(ប្រព្រឹត្តខុស) ជួយទេសនាប្រដៅ។ ល្ងាចស្អែកនេះ ត្រូវជាល្ងាចស្រាយបួសរបស់សាសនាឥស្លាម។ តាមពិតមិនមែនពេលហ្នឹងទេ តែឲ្យតែចាប់បួសហើយ ស្រាយបួសពេលណាក៏ដោយ ខ្ញុំនឹងមានកម្មវិធីជួបជាមួយនឹងបងប្អូនសហគមន៍ឥស្លាម។ បន្ទាប់ទៅដូចជាថ្ងៃទី ២៤ ពេលល្ងាច ខ្ញុំនឹងជួបសហគមន៍គ្រិស្តសាសនាប្រមាណជាង ៣ ពាន់នាក់ … ដោយសារពេលព្រឹកពេញកម្មវិធីអស់ ឥឡូវសុំថា ការចែកសញ្ញាបត្រខ្លះ ធ្វើពេលល្ងាចតែម្តង ព្រោះពេលព្រឹកវាអស់រលីងទៅហើយ។ ឥឡូវចាប់ពីនេះទៅ សាលាខ្លះដាក់មកថាសុំសប្តាហ៍ទីប៉ុន្មានអញ្ចឹងតែម្តង … កាលពីមុន ល្ងាច ថាលំបាកខ្លាចភ្លៀង។ ឥឡូវចង់មកប៉ុនណាក៏ដោយចុះ ទទួលបានទាំងអស់ អត់មានបញ្ហាអីទេ យ៉ាងច្រើនលិចក្រុងមួយរយៈ។ សូមនិយាយត្រង់ហ្នឹងបន្តិចដើម្បីកុំឲ្យមនុស្សមួយចំនួនឆ្លៀតយកចំណេញ រឿងទឹកលិចក្រុង។ ប៉ុន្មានថ្ងៃមុននេះ គ្រាន់តែភ្លៀងព្រឹប គឺ Page ហ្វេសប៊ុករបស់មនុស្សម្នាក់នៅប្រទេសបារាំងបង្ហោះគ្រឹបថា ទឹកលិចផ្លូវ។ ប៉ុន្តែ កុំភ្លេចថា ពេលហ្នឹង ស្រុកបារាំងកំពុងតែជំនន់ ម៉េចក៏មិនបង្ហោះ ហើយមកបង្ហោះពីស្រុកខ្មែរ។ ឥឡូវយើងមើលតែប៉ុណ្ណឹងដឹងហើយ អាល្អៗអត់បង្ហោះសោះ ប៉ុន្តែ គ្រាន់តែទឹកលិច ផ្លូវមួយភ្លែត ២០ នាទី ឬ ៣០ នាទី គាត់បង្ហោះភ្លាម ប៉ុន្តែ នៅស្រុកបារាំង គេថា ៣០ ឆ្នាំ ហើយមិនដែលមាន(ជំនន់ទឹកភ្លៀង)ហ្នឹងទេ សូម្បីតែក្បែរ Tour Eiffel ក៏វាលិចដែរ។ គាត់អត់បង្ហោះ។ គាត់មកបង្ហោះអានៅស្រុកយើង។
ហេតុអីបានមានទឹកជំនន់? ហេតុអ្វីបានមានគ្រោះខ្វះទឹក?
យើងសួរជាសំនួរអញ្ចេះវិញ។ ហេតុអីបានមានជំនន់? មិនមែនគ្រាន់តែទឹកលិចនៅទីក្រុងភ្នំពេញ ទឹកវាលិចនៅប្រទេសបារាំងថ្មីៗ មិនទាន់ស្រកអស់ផងទេក៏មិនដឹង។ មូលហេតុអីបានវាលិច ទឹកលិច Bangkok ទឹកលិច Jakarta ទឹកលិច Manila មានទាំងទឹកលិចប៉េកាំងទៀតនោះ។ សៀងហៃក៏ធ្លាប់ (ទឹកលិច)តែគគោកហ្នឹង។ អាមេរិកអី រដ្ឋ Texas អាហ្នឹងពូកែលិចជាងគេ។ រួចម៉េចក៏មិនបង្ហោះពីអាមេរិកផង។ មូលហេតុវានៅកន្លែងនេះ។ កុំថាឡើងលូដែលវារំដោះទឹកមិនទាន់ សូម្បីតែទន្លេក៏វារំដោះទឹកមិនទាន់។ តែកាលណារំដោះទឹកមិនទាន់ អាមកពីលើវាខ្លាំងហួសកម្រិត អាហ្នឹងវាលិចហើយ។ វាស៊ីសងនៅពីលើ កាលណាវាធ្លាក់មកខ្លាំងលើសចំណុះនៃការទទួលបាននៅផ្នែកខាងក្រោម អាហ្នឹងវាលិចហើយ។ កុំថាត្រឹមតែលូ ទន្លេមេគង្គ ទន្លេឡានឆាង ហើយនិងមេគង្គគង្គារហ្នឹង វាលិចទាំងអស់ហ្នឹង ឲ្យតែវាមក។ អ្វីទៅដែលហៅថាទឹកជំនន់ ជំនន់ហ្នឹងដោយសារតែអាកម្រិតមកពីលើវាខ្លាំង អាខាងក្រោមទទួលវាមិនអស់ដល់ទទួលវាមិនអស់ វាលិចហើយ។ ពួកប្រឆាំង ពូកែណាស់ខាងខូច។ ឥឡូវធ្វើឲ្យស្មើគ្នាទៅ។ បើលោកឯងធ្វើឲ្យស្មើគ្នា ម៉េចក៏មិនបង្ហោះអគារខ្ពស់ៗ ម៉េចក៏មិនបង្ហោះអាកន្លែងល្អផង។
អ្នកដែលឆ្លងកាត់ឃើញតែទាំងអស់គ្នាតើ ប៉ុន្តែ វាមិនមែនលិចតែភ្នំពេញឯណា ហើយពីដើម អាផ្លូវកម្ពុជាក្រោមយើងនេះ ដល់ខែ ៨ ខែ ៩ នៅតែផ្លូវទេ។ សងខាងផ្លូវ បើទៅយកចង្ហាន់លោក សុទ្ធតែដាក់ក្តារតាម។ លិចរហូត។ ឥឡូវនេះ បានដៃគូអភិវឌ្ឍមួយចំនួនជួយនៅក្នុងការរំដោះទឹកចេញពីក្រុង ដូចជា ជប៉ុន ជាដើម ធ្វើឲ្យស្ថានការនៅទីក្រុងភ្នំពេញ(ប្រសើឡើង)។ កាលខែ ៥ កន្លងទៅនេះ កុំថាឡើងរកទឹកវាលិចផ្លូវ សូម្បីតែរកទឹកវាមិនបានផង។ មកពីអ្វី? មកពីអត់ភ្លៀង។ ទឹកផឹករកមិនបានទេ ត្រូវបញ្ជូនទ័ពចេញពីបន្ទាយ ត្រូវបញ្ជូនកម្លាំងយុវជនស្ម័គ្រចិត្ត ទាំងកាកបាទក្រហម ទាំងកាយរិទ្ធ និងយុវជនដទៃទៀត ដើម្បីជួយសង្រ្គោះប្រជាជន។ មកពីអ្វី? មកពីអត់ភ្លៀង។ ដល់ឥឡូវលិច មកពីអ្វី? មកពីភ្លៀងច្រើនពេក … អាមនុស្សខូចទាល់តែដេញជើងវាឲ្យទាន់ ម៉េចក៏ពេលហ្នឹងនៅស្រុកបារាំងក៏មិនបង្ហោះថា ប៉ារីសលិចទឹកហើយ ម៉េចក៏មិនបង្ហោះ។ រួចបង្ហោះភ្លាម គេដាក់អញ្ចេះ “ភ្លៀងតែប៉ុន្មាននាទីសោះ ទឹកលិចផ្លូវ”។ ម៉េចក៏មិនប្រាប់ថា ប្រទេសបារាំងដែលទំនើប ដែលមានលូធំៗ អាចធ្វើផ្ទះបាន … ដោះវាមិនចេញ?
សង្ឃឹមឆ្នាំហ្នឹង ទឹកទន្លេមេគង្គមានកម្រិតខ្ពស់
សង្ឃឹមថាឆ្នាំហ្នឹង ទឹកនឹងធ្លាក់តាមដងទន្លេមេគង្គមានកម្រិតខ្ពស់ … ឲ្យទៅតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ថាមានកម្រិត ៩ ម៉ែត្រកន្លះ នៅមុខទីក្រុងភ្នំពេញ។ ប៉ុន្តែ ដែលថាព្យាករណ៍ គឺទាយនេះ ឆ្នាំទៅក៏ព្យាករណ៍ ៩ ម៉ែត្រកន្លះដែរ ប៉ុន្តែដល់ទៅពិតប្រាកដវាបានតែជាង ៧ ម៉ែត្រ រកតែទឹកអុំទូកង មិនបានផង។ សង្ឃឹមថាឆ្នាំហ្នឹង ចាប់ពីទន្លេឡានឆាង តំបន់ទីបេ ចុះមកទន្លេមេគង្គ ភ្លៀងធ្លាក់មកត្រូវទាំងអស់ ព្រោះអញ្ចេះ បើធ្លាក់ពីតំបន់ទីបេ អាហ្នឹងវាហូរចូលមកខាងក្រោម វាមកដល់យើង។ អញ្ចឹងបានគេថា ចិនសែនក្បាលទឹកនោះ។ ចិនសែនក្បាលទឹក ដើម្បីកុំឲ្យទឹកជំនន់។ ខ្ញុំនិយាយតាមអ្នកស្រុកខ្មែរទេ។ តែខ្ញុំអត់ដឹងថា នៅស្រុកចិនមានសែនក្បាលទឹក ឬអត់? ខ្ញុំសួរចិនថា ចិនមានឆេងម៉េង ឬអត់? ចិនអត់មានឆេងម៉េងផង។ ខ្មែរមានឆេងម៉េង។ ឆេងម៉េងហ្នឹងគឺមានឆេង និងម៉េង ពីរហ្នឹងអត់ត្រូវគ្នាទេ ដូររជ្ជកាលពីម៉េង មកឆេង។ រជ្ជកាលឆេង ជារជ្ជកាលចុងក្រោយដែលកោរក្បាលមួយកំណាត់ៗនេះ ដល់មិន ត្រូវគ្នាទៅ គេបង្កើតឲ្យមានការត្រូវរ៉ូវគ្នា ដល់ឲ្យត្រូវរ៉ូវគ្នាហ្នឹងទៅ គឺគេបង្កើតឲ្យមានឆេងម៉េងយូរហើយ ឲ្យតែ សែនផ្នូរ ឆេងក៏ត្រូវ ម៉េងក៏ត្រូវ។ ខ្ញុំអត់បានទៅនឹងគេទេ។ ប្រពន្ធខ្ញុំទៅ។ ធ្វើម៉េច បើប្រពៃណីគាត់វាអញ្ចឹង ហើយយើងទៅតាមគាត់ទៅ។
អ្នកខ្មៅៗ ហ្នឹងក៏ឆេងម៉េងដែរ។ ខ្មែរចូលឆ្នាំ មួយឆ្នាំ ៣ ដង ឆ្នាំសកលក៏ចូល ឆ្នាំចិនក៏ចូល ឆ្នាំខ្មែរក៏ចូល ចូល ៣ ដង។ ចូលឆ្នាំចិន ស្រវឹងខ្មែរ ចេញពីអាកន្លែងស្រវឹងទៅបុកទ្រូងផ្លូវហ្នឹង។ … ខ្ញុំនៅចាំ កាសែតរស្មីកម្ពុជា កាលពីប៉ុន្មានដណ្តប់ឆ្នាំមុននេះ គាត់សរសេរចំណងជើង អ្នកធ្វើវិមានឯករាជ្យខុស ឬក៏អ្នកបើកបរខុស។ ដាក់ជាចំណងជើងអញ្ចឹង ព្រោះពួកអ្នកស្រវឹងថា មកធ្វើវិមានឯករាជ្យអីនៅកណ្តាលផ្លូវ។ មករករឿងអ្នកធ្វើវិមានឯករាជ្យ។ តែស្រវឹងហើយ លែងដឹងអីហើយ។ គេហៅ ទឹកប្តូរនិស្ស័យ ពីមនុស្សស្លូតម្នាក់ ទៅមនុស្សកាចម្នាក់ ពីឈ្លាសវៃ ទៅជាមនុស្សដ៏ល្ងង់ម្នាក់។ … មានអ្នកចូលមក comment (ក្នុងហ្វេសប៊ុក) ថា សុំកុំឃោសនាស្រាបៀរច្រើនពេក។ ប៉ុន្តែ ខ្ញុំគ្រាន់តែប្រាប់ត្រឡប់ទៅវិញថា ធ្វើម៉េច បើស្រាបៀរហ្នឹងជាអ្នកឧបត្ថម្ភកម្មវិធី។ បើអត់មានអ្នកឧបត្ថម្ភកម្មវិធីទេ អានោះក៏វាធ្វើមិនបាន។ អញ្ចឹងទេ គ្រាន់តែជួយប្រាប់ទៅវិញថា មិនមែននិយាយការពារ ហង្សមាស ទេ។ ក្រសួងព័ត៌មានគេហាមថា ក្នុងម៉ោង ៦ ដល់ម៉ោង ៨ អត់មានឲ្យចាក់ spot គ្រឿងស្រវឹង។ អញ្ចឹងទូរទស្សន៍ទាំងអស់នាំគ្នាប្រមូលផ្តុំឃោសនាពីស្រាបៀរ និងស្រាដទៃទៀតក្រោយម៉ោង ៨ ទាំងអស់ …។
អឺរ៉ាស៊ី បើកទីផ្សារសម្រាប់កម្ពុជា និងអាស៊ាន
ខ្ញុំនិយាយដូចជាច្រើនពេកហើយ ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំសប្បាយនឹងឃើញធនធានមនុស្សរបស់កម្ពុជា មានការរីកចម្រើន។ ថ្ងៃនេះ យើងធ្វើពិធីមួយ ដែលអម្បាញ់មិញខ្ញុំរួមជាមួយលោកជំទាវ Bu JianGuo និងថ្នាក់ដឹកនាំដទៃទៀត ប្រកាសបើកនៅខាងក្រៅហ្នឹង មជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រ។ ចំណុចនេះ វាស្ថិតនៅក្នុងកម្រិតផ្តួចផ្តើមរបស់ប្រធាននាធិបតី Xi Jinping ដែលជាប្រធានាធិបតីចិនបច្ចុប្បន្ន ទាក់ទិនជាមួយនឹងគំនិតផ្តើម “ខ្សែក្រវ៉ាត់មួយ វិថីមួយ” ឬគេអាចនិយាយទូលំទូលាយលើកពីនេះ ខ្សែក្រវ៉ាត់មួយសេដ្ឋកិច្ចមួយ។ គំនិតផ្តើមនេះ ត្រូវបានទទួលយកយ៉ាងទូលំទូលាយ មិនគ្រាន់តែនៅក្នុងប្រទេសចិនទេដោយសារវិសាលភាពនៅក្នុងទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍទាក់ទងនឹងការតភ្ជាប់ និងសមាហរណកម្ម តែក៏ក្នុងចំណោមប្រទេសក្នុងក្របខណ្ឌអាស៊ាន អាស៊ីបូព៌ា និងប្រទេសនៅក្នុងក្របខណ្ឌ អង្គការសហប្រតិបត្តិការសៀងហៃ និងក្នុងក្របខណ្ឌអង្គការសហគមន៍ អឺរ៉ាស៊ី។ សហគមន៍ អឺរ៉ាស៊ី នេះគឺជាសហគមន៍មួយ ដែលមានទាំងចិន មានទាំងរុស្ស៊ី មានទាំងប្រទេសមួយចំនួនផ្សេងទៀត ដែលកម្ពុជាក្លាយជាដៃគូ។
ក្នុងពេលទស្សកិច្ចនៅ រុស្ស៊ី កន្លងទៅ ខ្ញុំបានទៅស្នាក់ការ អឺរ៉ាស៊ី ហើយក៏ចុះហត្ថលេខា ធ្វើជាដៃគូមួយរបស់ អឺរ៉ាស៊ី។ ន័យពិតប្រាកដធំបំផុតរបស់វា គឺបើកទីផ្សារសម្រាប់កម្ពុជា។ តាមរយៈនៃការចុះហត្ថលេខារបស់កម្ពុជា នៅពេលពិភាក្សាក្នុងពេលបាយ មុនពេលចេញដំណើរពីទីក្រុង ស៊ូជី មកកាន់ទីក្រុងភ្នំពេញវិញ កម្ពុជា ត្រូវបានចាត់ទុកថាជាប្រទេសនាំមុខ រៀបចំឲ្យមានការទំនាក់ទំនងកម្ពុជាជាមួយនឹងអឺរ៉ាស៊ី។ ពេលហ្នឹង នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏បានសួរអង្គប្រជុំ រវាងប្រមុខរដ្ឋាភិបាលអាស៊ានទាំងអស់ ជាមួយនឹងប្រធានាធិបតីរុស្ស៊ីថា តើគួរចូលជាតួអង្គម្នាក់ៗ ឬចូលជាភាពជាដៃគូ រវាងអឺរាស៊ី និងអាស៊ានតែម្តង។ ខ្ញុំលើកដៃសុំនិយាយសារឡើងវិញ។ ខ្ញុំថា យើងអាចដើរទាំងពីរច្រក មួយគឺប្រទេសនីមួយៗ ធ្វើដៃគូជាមួយនឹងអឺរ៉ាស៊ី មួយទៀតអាស៊ាន និងអឺរ៉ាស៊ី គួរធ្វើជាមួយគ្នា។ វាផ្តល់នូវផលចំណេញធំណាស់ នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងវិថីមួយ ឬហៅថាខ្សែក្រវ៉ាត់មួយ ឬសេដ្ឋកិច្ចមួយ ដែលផ្តួចផ្តើមឡើងដោយចិន ដោយមានការគាំទ្រពីបណ្តាប្រទេសអាស៊ាន មានការគាំទ្រពីបណ្តាប្រទេសជិតខាង ដែលជាប់នឹងចិន និងនៅក្នុងក្របខណ្ឌនៃអង្គការសហប្រតិបត្តិការសៀងហៃ ក៏ដូចជាក្របខណ្ឌនៃអឺរ៉ាស៊ីផងដែរ។
ផ្លូវសូត្រសមុទ្រ ឬផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១, ផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
ខ្ញុំសូមបញ្ជាក់ថា នៅចុងឆ្នាំ ២០១៤ ពេលចិនធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រជុំ APEC ចិនបានយកចិត្តទុកដាក់ទៅលើដៃគូ ដែលមិនមែនជាសមាជិក APEC ដោយប្រធានាធិបតីចិន បានអញ្ជើញប្រមុខរដ្ឋាភិបាល មិនមែនជាសមាជិក APEC ទៅចូលរួមក្នុងការប្រជុំទាក់ទងនឹង ខ្សែក្រវ៉ាត់មួយ វិថីមួយ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ដែលក្នុងហ្នឹងមានកម្ពុជា មានឡាវ មានមីយ៉ាន់ម៉ា មាននាយករដ្ឋមន្រ្តីប៉ាគីស្ថាន មានប្រទេសមួយចំនួនផ្សេងទៀត ដែលនៅជិតខាងចិន។ វិថីមួយ ផ្លូវមួយនេះ ឬខ្សែក្រវ៉ាត់មួយ ផ្លូវមួយនេះ មិនជាប់ទាក់ទងត្រឹមតែមកកាន់អាស៊ីអាគ្នេយ៍ទេ វាជាប់ពាក់ព័ន្ធទៅនឹងតំបន់ដទៃទៀតរហូតតភ្ជាប់ទៅតំបន់អឺរ៉ុបឯណោះ។ ប្រធានាធិបតី Xi Jinping បានប្រកាសមូលនិធិផ្លូវសូត្រ បើខ្ញុំមិនច្រឡំទេ ដូចជា ៣០ ពាន់លានដុល្លារ។ នៅពេលធ្វើបទអន្តរាគមន៍ ខ្ញុំបាននិយាយថា គំនិតផ្តួចផ្តើមនៅក្នុងតំបន់យើងមានច្រើនណាស់ ប៉ុន្តែសំខាន់ជាងគេ គឺខ្វះទុន។ យើងពិតជាមានការអរគុណចំពោះមិត្តចិន ដែលបានប្រកាសចេញនូវមូលនិធិសម្រាប់បណ្តាប្រទេសរៀបចំគម្រោងការ។ និយាយពីគំនិតផ្តួចផ្តើមទាក់ទងនឹង Highway Asia តាំងពីស្រុកចិន ទៅដល់តួគី សួរថា ឥឡូវមានលុយមកពីណាមួយសេនក៏អត់។ គំនិតផ្តួចផ្តើមផ្លូវដែកអាស៊ាន/គុនមិញ ដែលឆ្លងកាត់កម្ពុជា ឥឡូវអ្នកណា អ្នកចេញលុយ? អត់មានលុយ។ អញ្ចឹងទេ បានខ្ញុំប្រាប់ប្រធានាធិបតីចិន ក៏ដូចជាអ្នកចូលរួមទាំងឡាយ ខ្ញុំថា តំបន់របស់យើង គឺគំនិតផ្តួចផ្តើមច្រើនណាស់ គម្រោងច្រើនណាស់ ក៏ប៉ុន្តែរឿងធំជាងគេ គឺអត់លុយ។ អញ្ចឹងទេ មិត្តចិនបានប្រកាសមូលនិធិផ្លូវសូត្រ ៣០ ពាន់លានដុល្លារ ដើម្បីឲ្យបណ្តាប្រទេសយកមូលនិធិហ្នឹងទៅប្រើ តាមរយៈកម្ចីសម្បទាន ឬក៏កម្ចីបែបណាមួយនោះ។
មួយទៀត ខ្ញុំមិនទាន់និយាយទៅដល់ BRICS ដែលទាក់ទងទៅនឹងធនាគារបង្កើតឡើងដោយចិន ឥណ្ឌា រូស្ស៊ី ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ដែលវាអាចដើរតួគ្របដណ្តប់ បន្ទាប់ពីធនាគារពិភពលោកនោះទេ។ ចិន រួមជាមួយនឹងប្រទេសដទៃទៀត ក្នុងហ្នឹង កម្ពុជា ជាសហស្ថាបនិក (បានធ្វើអោយមាន)ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ក្រៅពីចិនធ្លាប់ផ្តល់កន្លងទៅ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី យើងមានទុនពីរបន្ថែម គឺ ទុនទីមួយ មូលនិធិផ្លូវសូត្រ ទុនទីពីរ គឺចេញមកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ឥឡូវនេះ ធនាគារនេះ បានចាប់ផ្តើមហើយ។ ជាការល្អណាស់សម្រាប់យើង ប្រសិនបើយើងមានច្រមុះពីរ និងមាត់មួយ ហើយដកដង្ហើមបានទាំងបីហ្នឹង។ គឺល្អ។ មិនមែនខ្ញុំមានលោកជំទាវ អគ្គរដ្ឋទូតចិននៅពីក្រោយខ្នង (មកនិយាយអីចឹងទេ)។ ខ្ញុំអត់ខ្លាចចិន ពីអង្កាល់ទេ។ ចិនក៏មិនដែលគម្រាមកម្ពុជាពីអង្កាល់ដែរ។ សុំទោស។ កម្ពុជាមាននយោបាយឯករាជ្យរបស់ខ្លួន ហើយចិនក៏មិនដែលទៅប្រដៅកម្ពុជាថា ត្រូវធ្វើនេះធ្វើនោះទេ។
កុំអាងឡើង គម្រាមកាត់ជំនួយ
ប៉ុន្តែ ខ្ញុំគ្រាន់តែប្រាប់អញ្ចេះ សូមអ្នកដទៃកុំគម្រាមកម្ពុជា។ រឿងអីអាងកាត់(ជំនួយ)។ ពេលខ្លះខ្ញុំថា កាត់ៗទៅ អ្នកដែលងាប់មុនគេ គឺអ្នកណា? ប្រាប់ឲ្យច្បាស់ ឲ្យសារឲ្យច្បាស់ ងាប់មុនគេ គឺអង្គការក្រៅរដ្ឋាភិបាលដែលស៊ីប្រាក់ខែបរទេស។ អ្នកឯងកុំមកគម្រាមខ្ញុំ។ កាលពីឆ្នាំណានោះ ខ្ញុំគម្រាមថា ម៉េចក៏មិនកាត់ បើប្រកាសថាកាត់ហើយ។ កាត់ទៅ។ ប៉ុន្តែគាត់មិនកាត់ទេ។ អ្នកដែលងាប់មុនគេ គឺអង្គការក្រៅរដ្ឋាភិបាល។ ព្រោះគេមិនបានផ្តល់ឲ្យរដ្ឋាភិបាលពីអង្កាល់។ យើងផ្តល់ឲ្យអង្គការក្រៅរដ្ឋាភិបាលតើ ដល់ងាប់ៗ អ្នកកំពុងមានការងារធ្វើ ស៊ីប្រាក់ខែរាប់រយរាប់ពាន់។ ងាប់ទៅ។ កុំមកគម្រាមខ្មែរ អាងអីអាងផ្តាច់ជំនួយ។ ច្រមុះពីរ និងមាត់មួយ អាចដកដង្ហើមបាន។ អញ្ចឹង បើសិនជាមានធនាគារអភិវឌ្ឍន៍អាស៊ី ហើយថែមធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីមួយទៀត ថែមទាំងគំនិតផ្តួចផ្តើមឈៀងម៉ៃ ដែលមានទំហំទឹកប្រាក់ជាង ៤០០ ពាន់លាន មួយទៀត ជាសុវត្ថិភាពសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ហើយនៅអាស៊ី។ ខ្ញុំនឹងត្រៀមស្វាគមន៍អបអរសាទរ ប្រសិនបើមានធនគារ BRICS បង្កើតឡើងនៅពេលខាងមុខ។
ការតភ្ជាប់រវាង ចិន និងកម្ពុជា មិនមែនថ្មីទេ
ខ្ញុំវិលមកបញ្ហាទាក់ទងនឹង “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ដែលវានឹងផ្តល់ផលប្រយោជន៍ មិនមែនគ្រាន់តែ នយោបាយរបស់ចិនដោយឡែកទេ ក៏ប៉ុន្តែវាជម្រុញឲ្យការធ្វើការតភ្ជាប់ និងការធ្វើសមាហរណកម្មរវាងបណ្តាប្រទេសនានា មិនមែនគ្រាន់តែយើងជាមួយនឹងចិនទេ។ មុននឹងយើងទៅដល់ចិន យើងត្រូវឆ្លងកាត់ប្រទេសមួយចំនួន។ បើទៅតាមផ្លូវដែក ឆ្លងកាត់វៀតណាម យើងអាចឆ្លងកាត់ទៅតាមថៃយើងអាចឆ្លងកាត់ទៅតាមឡាវ ទៅតាមផ្លូវសមុទ្រ។ បើយោងទៅលើប្រវត្តិដែលយើងស្គាល់ បន្សល់ទុកនូវស្លាកស្នាមមួយចំនួន ដែលសម័យកាលដើម តាំងពីរជ្ជកាល ថាង, សុង, មីង, ឆេង, យើងនិយាយពីរជ្ជកាលធំៗទៅ ចុះ។ ថាង នៅ សាងស៊ី សុង ជំនាន់ប៉ាវចិនធាន រើរាជធានីមកនៅខៃហ្វុង។ ដំណើរតាមផ្លូវទឹកក្នុងការធ្វើ ពាណិជ្ជកម្មរបស់ចិន គឺវែងឆ្ងាយណាស់។ នៅកោះកុង មានសំពៅចិនមួយលិចនៅហ្នឹង។ យើងមុជទឹក យកមកមួយចំនួនតាំងនៅកោះកុង ប៉ុន្តែមួយចំនួនបានផ្តល់ឲ្យចិន ដើម្បីយកទៅធ្វើកោសលវិច័យរកសតវត្សរ៍ទីប៉ុន្មាន? អាហ្នឹងជំនាន់ឆេងហើយ។ ប៉ុន្តែជំនាន់ឆេងឆ្នាំ ១៥០០ ប្លាយ ហ្នឹងជារជ្ជកាលក្រោយ ប៉ុន្តែក៏ជារជ្ជកាលយូរដែរ។ នៅក្នុងទន្លេមេគង្គរបស់យើងនេះ ទន្លេសាបរបស់យើងនេះ មានភូមិមួយហៅកោះចិន កោះចិនមកពីអី? មកពីចិនលិចសំពៅនៅកន្លែងហ្នឹង កើតតកូនតចៅនៅកន្លែងហ្នឹង។ នៅក្នុងវត្តពញាឮ ខ្ញុំទៅបញ្ចុះសីមា មានចានមួយចំនួនដែលបង្ហាញឲ្យដឹងថា ពេលនោះមានការធ្វើពាណិជ្ជកម្មដោយចិននាំចេញនូវចានឆ្នាំង ជាពិសេស ចានហ្នឹង គឺល្អៗ ហើយមានចានមួយសរសេរដាក់ថា ទឹកហូរមិនត្រឡប់។ សម្រាប់ស្រុកខ្មែរ ទឹកហូរត្រឡប់។ ទឹកទន្លេសាប ទឹកទន្លេបួនមុខ ខែហ្នឹងទឹកហូរចូល ខែអុំទូកទឹកហូរចេញ អាហ្នឹងទឹកហូរត្រឡប់មែន។ ប៉ុន្តែរជ្ជកាលនោះ គេចារនៅក្នុងចានដាក់ថា ទឹកហូរមិនត្រឡប់ គេចង់សំដៅថា ឲ្យតែដូររជ្ជកាលហើយ មិនដែលត្រឡប់ទៅរជ្ជកាលចាស់នោះទេ ដូរពីថាងមកសុង ពីសុងមកម៉េង ពីម៉េងមកឆេង មកបន្តគ្នាអញ្ចឹង។ ហើយការធ្វើដំណើររបស់ ជីតាខ្វាន់ មកកាន់កម្ពុជានៅឆ្នាំ ១២៩២ ក៏ធ្វើដំណើរមកតាមទឹកដែរ។
អញ្ចឹងទេ ប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសចិន ជាមួយនឹងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នេះ ជាប់ទាក់ទងជាមួយនឹងការធ្វើជំនួញតាមផ្លូវទឹក ដែលចិនប្រើប្រាស់ភាសាថា វិថីសូត្រសមុទ្រសតវត្សរ៍ទី ២១។ មានន័យថា សតវត្សរ៍មុនៗ ក៏ប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវទឹក ប៉ុន្តែពេលនោះប្រើក្តោង ប្រើចែវ ប៉ុន្តែសម័យនេះ ដឹកជញ្ជូនដោយកាណូត កប៉ាល់។ ក៏ប៉ុន្តែរឿងមិនត្រឹមប៉ុណ្ណឹងទេ ការតភ្ជាប់ផ្លូវអាកាស ការតភ្ជាប់ផ្លូវដែក ការតភ្ជាប់ផ្លូវគោក និងការតភ្ជាប់ផ្លូវសេដ្ឋកិច្ច ដូចជាយើងជាមួយចិន កំពុងសិក្សាធ្វើផែនការមេរួមគ្នា ទាក់ទិនជាមួយនឹងការតភ្ជាប់នៅក្នុងវិស័យសេដ្ឋកិច្ច ហើយក្នុងនោះ មានអនុវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍។ ឆ្នាំកន្លងទៅ ចំនួនទេសចរណ៍របស់ចិនជិត ៨០ ម៉ឺននាក់។ អញ្ចឹងការតភ្ជាប់ទេសចរណ៍របស់ចិន មកជាមួយកម្ពុជា ត្រូវតភ្ជាប់របៀបម៉េច ដើម្បីឲ្យងាយស្រួលដល់អ្នកទេសចរណ៍របស់ចិន ក្នុងហ្នឹងការបើកការហោះហើរត្រង់ពីប្រទេសចិន តាមខេត្តនីមួយៗរបស់ចិនមកកាន់កម្ពុជា បន្ថែមទៅដោយការបង្កលក្ខណៈងាយស្រួល ដោយយើងបណ្តុះបណ្តាលអ្នកឯកទេស ដែលចេះភាសាចិន នាំមកឧទ្ទេសនាមប្រាង្គប្រាសាទរបស់យើង ដោយយើងមានម្ហូបចិនឆ្ងាញ់ពិសារដែលអាចទទួលទានបាន ដោយយើងអនុញ្ញាតឲ្យប្រើប្រាស់ប្រាក់យ័នរបស់ចិន នៅលើទីផ្សាររបស់កម្ពុជា ហើយមិនមែនជារឿងថ្មីទេ តាំងពីឯកឧត្តម លី ផឹង ចេញពីនាយករដ្ឋមន្ត្រីមកធ្វើប្រធានសភា ហើយគាត់មកទស្សនកិច្ចនៅកម្ពុជា។ បន្ទាប់ទៅឯកឧត្តម ជូ រ៉ុងជី ធ្វើនាយករដ្ឋមន្ត្រី ខ្ញុំបាននិយាយថា ឯកឧត្តម ទីផ្សារកម្ពុជាប្រើរូបិយប័ណ្ណច្រើនណាស់ ថែមប្រាក់យ័នមួយទៀតក៏មិនចោទដែរ។ សម្រួលឲ្យអ្នកទេសចររបស់ចិន មកទស្សនកិច្ចនៅកម្ពុជា។ អញ្ចឹងមិនមែនជារឿងថ្មីទេ ជារឿងចាស់របស់កម្ពុជា តាំងពីពេលមុន ដែលកម្ពុជាលើកគំនិតផ្តួចផ្តើមនេះឡើង។ អញ្ចឹងទេ សូមអបអរសាទរ និងអរគុណចំពោះមិត្តចិន ដែលបានផ្តល់នូវការឧបត្ថម្ភគាំទ្រសម្រាប់សិក្សានានា របស់អ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរបស់យើង។
គណបក្សប្រជាជន មិនចរចារំលោភលើដែនសមត្ថកិច្ចនៃស្ថាប័នផ្សេង
មុននឹងបញ្ចប់ សូមយកវេទិកានេះ ថ្លែងទៅកាន់អ្នកនយោបាយ ទៅកាន់អ្នកដែលត្រូវការយល់ពីនយោបាយរបស់កម្ពុជា។ ពីល្ងាចថ្ងៃសៅរ៍ ខ្ញុំធ្វើបទសម្ភាសន៍ផ្ទាល់មួយចំពោះ Fresh News បន្ទាប់ពីសារពត៌ មានថ្មីៗ ផ្សព្វផ្សាយទាំងដុលនូវរបៀបចាប់បង្ខំគណបក្សប្រជាជន។ ខ្ញុំក៏ធ្វើសម្ភាសន៍មួយ។ ក្នុងបទសម្ភាសន៍នោះ (ខ្ញុំបញ្ជាក់ថា) ទី ១ នឹងមិនមានការចរចាណាមួយរវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ នៅពេលខាងមុខនេះទេ។ ច្រកជួបជុំតែមួយគត់ គឺសភា។ ប៉ុន្តែសង្គ្រោះជាតិបានបោះបង់ចោលរួចទៅហើយ។ ទី ២ ប្រសិនមានការពិភាក្សាណាមួយនៅពេលខាងមុខ (អញ្ចឹងមានន័យថា គណបក្សប្រជាជននៅរក្សាទ្វារចំហសម្រាប់ការពិភាក្សា) គណបក្សប្រជាជនមិនពិភាក្សាលើបញ្ហាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ និងពួកអ្នកជាប់គុកនោះទេ។ ក្នុងហ្នឹងក៏មាននិយាយថា វាអាចនឹងនាំទៅដល់ការដាក់សម្ពាធ និងប៉ះពាល់ទៅដល់នីតិវិធីដំណើរការតុលាការ។ ខ្ញុំសូមបញ្ជាក់កន្លែងនេះ។ លើកឧទាហរណ៍ ឯកឧត្តម វ៉ា គឹមហុង គាត់ធ្វើខុសជាមួយនឹងតុលាការ។ គាត់ប្រព្រឹត្តកំហុស។ តុលាការចាត់វិធានការចំពោះគាត់។ រឿងអីចាប់គណបក្សប្រជាជនឲ្យទទួលខុសត្រូវ។ ដោះស្រាយដោយចរចា វាអត់ត្រូវប្រធានបទអីបន្តិចសោះ។
ជាងពាក់កណ្តាលជីវិតរបស់ខ្ញុំ គឺចរចា។ ប៉ុន្តែឲ្យត្រូវនឹងទម្រង់ប្រធានបទនៃការចរចា។ (បើថា) យើងគួរធ្វើច្បាប់នេះ ឬច្បាប់នោះបន្ថែម ខ្ញុំអាចយល់ព្រមភ្លាម ដើម្បីពិភាក្សាថាយើងនៅខ្វះអីខ្លះ។ ប៉ុន្តែនេះ រឿងអ្នកបន្លំផែនទី អាហ្នឹងសមត្ថកិច្ចតុលាការ។ ម៉េចក៏ឲ្យគណបក្សប្រជាជនទៅចរចាជំនួស។ វាខុសរឿង។ កុំចាប់គណបក្សប្រជាជនឲ្យទទួលខុសត្រូវ។ ត្រូវស្គាល់អង្គហេតុឲ្យច្បាស់។ រឿងកើតនៅកន្លែងណា កន្លែងហ្នឹងគេចាត់ការ។ សូម្បីតែទីតាំងកើតហេតុ បើទីតាំងកើតហេតុកើតនៅខេត្តត្បូងឃ្មុំ គេត្រូវកាត់ទោសនៅត្បូងឃ្មុំ នៅតុលាការត្បូងឃ្មុំ។ បើចង់ផ្ទេរសំណុំរឿង ក៏ត្រូវផ្ទេរតាមរយៈនៃក្រសួងយុត្តិធម៌ដែរ ទើបអាចធ្វើទៅរួច។ អ្នកត្រូវស្គាល់អង្គហេតុ និងអង្គច្បាប់ឲ្យច្បាស់។ ទើបអ្នកនិយាយត្រូវ។ គណបក្សប្រជាជន មិនបានទៅទាស់ជាមួយអ្នកឯងសោះ អ្នកឯងមកចាប់បង្ខំឲ្យគណបក្សប្រជាជនទទួលខុសត្រូវ។ (ក្នុង)ឋានៈជាប្រធានគណបក្ស ខ្ញុំអត់ដឹងអីទាំងអស់ ស្រាប់តែឮផ្សាយចុះផ្សាយឡើង បន្តិចចរចា បន្តិចជិតចរចា កំពុងតែទាក់ទង។ អញ្ចឹងបានចាប់បង្ខំត្រូវតែនិយាយឲ្យច្បាស់ជាមួយគ្នា។ លោកឯងមានរឿងជាមួយតុលាការ ចាត់មេធាវីទៅដោះទុក្ខនៅតុលាការទៅ។ រឿងនេះ បានកាត់ក្តីសុំនៅក្រៅឃុំឡើងចុះៗ ឡើងតាំងពីសាលាដំបូងទៅឧទ្ទរណ៍ ពីឧទ្ទរណ៍ទៅកំពូល គេកំពុងដំណើរការតើ ម៉េចក៏យកគណបក្សទៅដោះស្រាយ។ គណបក្សអត់មានសិទ្ធិអំណាចទេ។ សូមជម្រាបជូន។ កុំភាន់ច្រឡំតួអង្គ។ គ្រាន់តែចំណុចទាមទារដាក់មកមួយគំនរ(ថា) ការចរចារវាងគណបក្សប្រជាជន គណបក្សសង្គ្រាះជាតិគ្របដណ្តប់លើបញ្ហាអ្នកដែលត្រូវជាប់(ទោស)។ អញ្ចឹង កាន់តែមានហេតុផលថាគណបក្សប្រជាជនអត់មានហេតុត្រូវនិយាយរកអ្នកឯង។
បើអ្នកឯងបបួលពិភាក្សារឿងធ្វើច្បាប់នេះ ឬនោះបន្ថែម គណបក្សប្រជាជនជជែក។ យើងមានអាដហុកមួយហើយ។ កន្លងទៅមានអ្នកភាន់ច្រឡំទៀត ឯកឧត្តម សក់ សេដ្ឋា, កើត រឹទ្ធ, ព្រំ សុខា ស្អីៗ គឺជាគណៈកម្មាការចំពោះកិច្ច ដើម្បីពិភាក្សារឿងវិសោធនកម្មច្បាប់ ឬសេចក្តីព្រាងច្បាប់តែប៉ុណ្ណោះ មិនមែនជាក្រុមចរចារកដំណោះស្រាយអីទេ។ សុំបញ្ជាក់ឲ្យច្បាស់។ កុំលេងបោករាស្រ្ត។ អ្នកឯងអ្នកបង្កើតរឿង ឧទាហរណ៍ ក្លែងផែនទី ចោទគេថាក្លែងផែនទី ចោទគេថាលុបព្រំដែនចោល ក៏ជាប់គុក។ គេអ្នកដាក់តើ? គុកហ្នឹងមិនមែនក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនទេ។ គុកហ្នឹងក្រោមការគ្រប់គ្រងរបស់រដ្ឋ។ បន្ទាប់ពីតុលាការកាត់ក្តីរួចហើយ ឬគេយកទៅឃុំជាបណ្ដោះអាសន្ននៅកន្លែងហ្នឹង(គុក) ប៉ុន្តែដំណើរការតុលាការ គឺវានៅឯណេះ។ បើលោកមិនយល់ទេ ខ្ញុំក៏មិនដឹងធ្វើម៉េចជាមួយលោកដែរ។ តែខ្ញុំមិននិយាយរកហើយ ទៅរកដល់ព្រះឥន្ទ្រ ព្រះព្រហ្ម ក៏នៅមិនរួចអញ្ចឹង។
គណបក្សប្រជាជននឹងមិនចរចាលើបញ្ហាណាដែលមិនមែនជាសមត្ថកិច្ចរបស់គណបក្ស។ នេះជាជំហរផ្លូវការ។ បើទាក់ទងរឿងរបស់អ្នកណា អ្នកហ្នឹងប្រឈម។ ឧទាហរណ៍ អ្នកឯងទាក់ទងរឿងផ្លូវច្បាប់ ត្រូវគេចាប់ខ្លួន ត្រូវគេឃាត់ខ្លួន ឬគេកោះហៅ។ អាហ្នឹងរឿងរបស់តុលាការ។ អញ្ចឹងរបៀបដោះស្រាយ ខ្ញុំប្រាប់របៀបដោះស្រាយ អ្នកឯងចាត់តាំងមេធាវីដ៏ល្អ ដើម្បីចូលទៅការពារក្តី ព្រោះមិនមែនជាអង្គភាពក្រោមបញ្ជារបស់គណបក្សប្រជាជនទេ។ គណបក្សប្រជាជនគ្មានសិទ្ធិនឹងទៅជ្រៀតជ្រែកកិច្ចការរបស់តុលាការទេ។ ពិតហើយគណបក្សប្រជាជនដឹកនាំរដ្ឋាភិបាល ប៉ុន្តែសូម្បីការងាររដ្ឋាភិបាលក៏គណបក្សគ្មានសិទ្ធិមកលូកលាន់ទេ។ ក្នុងពេលដែលនីតិប្រតិបត្តិកំពុងដំណើរការ (គណបក្ស)អត់មានសិទ្ធិមកលូកលាន់ទេ។ ចាំដល់ពេលប្រធានរបស់នីតិប្រតិបត្តិមើលឃើញថាវាចាំបាច់ ស្នើសុំប្រជុំឆ្លងគណបក្ស។ អ្នកឯងមកតម្រូវចរចា(ស្អី)។ ជនបរទេសខ្លះក្តាប់ឲ្យបាន។ បើក្តាប់សំណុំរឿងមិនបាន មិនស្គាល់អង្គហេតុ មិនស្គាល់អង្គច្បាប់ សូមកុំនិយាយ។ វាប៉ះពាល់ដល់សិទ្ធិ ក្នុងឋានៈ(កម្ពុជាជា)រដ្ឋអធិបតេយ្យ។ អ្នកឯងត្រូវជួយនិយាយប្រាប់អ្នកដែលធ្លាប់ធ្វើខុស ឲ្យកែខ្លួនទៅ ទើបវាត្រូវជាង។
ប្រទេសកម្ពុជាមានច្បាប់ ត្រូវអនុវត្តច្បាប់ កម្ពុជាមិនប្រើគ្រាប់កាំភ្លើងទេ
ខ្ញុំប្រាប់ទូតមួយ ខ្ញុំមិនបញ្ចេញឈ្មោះទេ ខ្ញុំថា ឯកឧត្តម ជម្រើសបញ្ហាវាសល់តែ ២ ទេ៖ ទី១ ទុកឲ្យមនុស្សហ្នឹងធ្វើសកម្មភាពញុះញង់បង្កចលាចល នាំទៅដល់សង្គ្រាមរវាងកម្ពុជា និងវៀតណាម។ ទី ២ ចាប់មនុស្សហ្នឹងយកទៅកាត់ទោស តាមរយៈការក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែងក្លាយ ឥឡូវឯកឧត្តមចង់បានមួយណា? ថាចង់បានសង្គ្រាមរវាងកម្ពុជា និងវៀតណាមឬអី? ការចោទ(បានឈាន)ដល់ដំណាក់កាលថា រដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ រហូតដល់រដ្ឋាភិបាលមុនលុបចោលព្រំដែនរវាងកម្ពុជា និងវៀតណាម។ អញ្ចឹងទេ សង្គ្រាមប្រាកដជាផ្ទុះ។ ខ្ញុំដាក់ផ្លែឲ្យទៀតថាឥឡូវវៀតណាមក្លាយទៅជាមិត្តរបស់លោកឯងហើយ តើលោកឯងចង់បានសង្គ្រាមរវាងកម្ពុជា និងវៀតណាម? ជម្រើសសល់តែ ២ ហ្នឹង ប៉ុន្តែប្រទេសមួយ បើមិនអនុវត្តច្បាប់ តើឲ្យអនុវត្តអី? គេប្រើប្រព័ន្ធតុលាការ គេប្រើច្បាប់ វាត្រឹមត្រូវណាស់ទៅហើយ បើមិនឲ្យប្រើអាហ្នឹងមានតែឲ្យប្រើកាំភ្លើងឬអី? វាមិនត្រូវប្រើកាំភ្លើងទេ។ កាំភ្លើងខ្ញុំកិនចោលសរុបទៅជាង ៣០ ម៉ឺនដើម ប៉ុន្តែមនុស្សមួយចំនួនញុះញង់ឲ្យចលាចល។ សូមផ្តាំផង។ រឿងខ្លះ រឿងតូចទេ។ ជារឿងបុគ្គល យកបក្សទៅការពារ។ យកមនុស្សទៅការពារទង្វើខុសរបស់បុគ្គល។ សូមកុំគម្រាម អាពាក្យបាតុកម្ម មិនអត់ឱនឲ្យទេ។ ប្រាប់អោយហើយ។ គ្រប់គ្រាន់ហើយ។ មុននេះ ដើម្បីតែដំណែងប្រធានរដ្ឋសភា អ្នកឯងធ្វើបាតុកម្ម បង្កចលាចល។ លើកនេះ រឿងស្រីញី អ្នកឯងយកមនុស្សមកធ្វើបាតុកម្មមកការពារ តើវាសមហេតុសមផលទេ?
ចង់បង្កើត Photo Collection
ថ្ងៃមុនដេកចាំមើលបាល់ ដល់ចាំមើលបាល់ក៏សរសេរប៉ុន្មានឃ្លាទៅ ដាក់ថា «គេថា ខ្ញុំចាស់ពាក្យច្រើនណាស់ចេញមកពីស្រីៗ ប៉ុន្តែ ប្រពន្ធខ្ញុំបែរជាមកប្រាប់ខ្ញុំថា ខ្ញុំនៅក្មេង… ហើយខ្ញុំក៏ថា ពេលវេលាមិនវិលត្រឡប់មកវិញទេ ហើយខ្ញុំកំពុងចង់បានចៅទួតដែរ»។ ហើយគិតថានឹងបង្ហោះម៉ោង ៧ ព្រឹកវិញទេ ក៏ដាក់បញ្ចូលរូបថតមួយចំនួន ចេះតែបញ្ចូលៗទៅ មើលរូបថតចុះឡើងថា បញ្ចូលចូលអាហ្នឹង ប្រុងដាក់ Program សម្រាប់បង្ហោះម៉ោង ៧ ព្រឹក។ វាមិនហោះម៉ោង ៧ ព្រឹកអី ប៉ះដៃ ហោះទៅបាត់សុទ្ធតែរូបថត។ ឥឡូវរកឃើញរូបថត តាំងពីលេងហ្វេសប៊ុកមក មានរូបខ្លះបានជាង ២០ ម៉ឺន(like)។ ខ្ញុំថា ចាំធ្វើ Collection រូបថតមួយចំនួន គ្រាន់តែសាកល្បងគេទាញយករូបថត ខ្ញុំចុះមុជទឹក ជាមួយលោកជំទាវ ដែលខ្ញុំទៅសម្ពោធរោងចក្រទី ១០០ (តំបន់សេដ្ឋកិច្ចពិសេស) បាន ១៥ ម៉ឺន ៨ ពាន់(like) ទៅដល់មនុស្ស ១ លាន ៨ សែននាក់ជាង។ ប៉ុន្តែបន្ទាប់ទៅមានរូបថតមួយទៀត ដែលខ្ញុំបង្ហោះពីលើអាកាសកាលពីធ្វើដំណើរពីហុងកុង ទៅអាមេរិក បាន ២១ ម៉ឺន ៣ ពាន់(like)។ រូបថតមួយទៀត ដូចជារូបកាលពីខ្ញុំមកពីប្រជុំអាស៊ានបាន ២៥ ម៉ឺន ៧ ពាន់(like)។ ដល់រូបថតមួយទៀត ខ្ញុំនៅពេទ្យជាមួយប្រពន្ធខ្ញុំបាន ២២ ម៉ឺន ២ ពាន់(like)។ រូបថតមួយទៀតខ្ញុំនៅជាមួយចៅបាន ២១ ម៉ឺន ៩ ពាន់(like)។ ហើយមានរូបថតមួយថ្ងៃមុន អានៅតារាងហ្គោលដែលខ្ញុំសែលហ្វីមួយភ្លាម បង្ហោះភ្លាមស្រាប់តែអាហ្នឹងបាន ១៨ ម៉ឺន(like) នឹងគេដែរ។ ពេលដែលបង្ហោះរូបថតទៅ ខ្ញុំមើលតាម comment គេថាទម្រង់មុខហ្នឹងមើលទៅមិនមែនអ្នកកាចទេ ប៉ុន្តែអ្នកដទៃចូលចិត្តធ្វើឲ្យគាត់កាច។ ការពិតខ្ញុំមិនកាចផងហ្នឹង ខ្ញុំគ្រាន់តែម៉ឺងម៉ាត់ប៉ុណ្ណឹង។
វិបត្តិរឿងអាស្រូវផ្លូវភេទ អ្នកណាអ្នកបង្កើត អ្នកនោះទទួលខុសត្រូវ
ខ្ញុំនិយាយចំណុចនេះ អ្នកឯងធ្វើអញ្ចឹងចំពោះគេ អោយគេធ្វើម៉េច។ រឿងអាស្រូវផ្លូវភេទ ទាក់ទងទៅនឹងដំណើរការតុលាការ។ គួរតែទៅដោះស្រាយវាបន្តិចបន្តួចឲ្យវាចប់ទៅ។ ប៉ុន្តែមិនអញ្ចឹងទេ ទៅអំពាវនាវឲ្យទៅធ្វើបាតុកម្ម។ ខ្ញុំប្រាប់ឲ្យហើយ អត់លើកលែងទេ។ សមត្ថកិច្ចត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ឥឡូវវិបត្តិហ្នឹងនៅឯណា? វិបត្តិខ្លួនឯងអ្នកបង្កើត។ អ្នកណាបង្កើតវិបត្តិអ្នកហ្នឹងអ្នកទទួលខុសត្រូវទៅ។ ហៅគេទៅបកស្រាយនៅសភា ដល់គេទៅបកស្រាយ ខ្លួនឯងអត់ទៅស្តាប់។ អញ្ចឹងអ្នកណាធ្វើអីកើត? ថ្ងៃក្រោយកុំហៅទៀត។ អ្នកឯងហៅហើយមិនទៅ គេក៏នៅតែឆ្លើយបានដែរ។ អត់អ្នកឯងគេធ្វើកើតតើ។ អ្នកឯងមិនចូលហីទៅ ឆ្លើយឲ្យប្រជាជនស្តាប់។ ឆ្លើយឲ្យអ្នកឯង ៥០០០ ដងទៀត ក៏នៅស្តាប់មិនបានដែរ។ អញ្ចឹង អង្គ វង្សវឌ្ឍនា ទៅឆ្លើយថ្ងៃនោះ បានទៅដល់អ្នកដែលស្តាប់។ ចង់យល់ពីច្បាប់។ មាត្រា ៥៣៨ អោយយល់ បើគេហៅមិនចូល គេចាប់ហើយ។ រឿងតែប៉ុណ្ណឹងតើ …។
នាយករដ្ឋមន្ត្រី គ្មានសិទ្ធិលូកលាន់កិច្ចការសភា នីតិបញ្ញតិ្ត និងតុលាការ ទេ
គណបក្សប្រជាជនត្រៀមខ្លួនចរចា និងបើកការសន្ទនាជានិច្ច ប៉ុន្តែនឹងមិនរំលោភដែនសមត្ថកិច្ចរបស់តុលាការ ឬអង្គនីតិប្រតិបត្តិ។ និយាយមួយបែប គណបក្សប្រជាជនជាអង្គការចាត់តាំងខាងនយោបាយមួយ ដែលបានកំពុងដឹកនាំប្រទេស ប៉ុន្តែគណបក្សប្រជាជនគោរពទៅដល់តួនាទីរបស់អង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គតុលាការ។ គណបក្សប្រជាជនមិនធ្វើជាអាយ៉ង និងមិនធ្វើជាឈ្នាន់ឲ្យអ្នកណាមួយប្រើប្រាស់ក្បាល ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន របស់ពួកអ្នកធ្វើកំហុសនោះទេ។ គណបក្សប្រជាជនមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេស និងគ្រប់គ្រងប្រទេសជាង ៣៧ ឆ្នាំរួចមកហើយ។ យើងត្រៀមខ្លួនដោះស្រាយបញ្ហា តែយើងមិនបម្រើ ឬលើកលែងឲ្យការខុសឆ្គងណាមួយ ករណីនោះជាករណីរបស់តុលាការ ហើយអង្គនីតិប្រតិបត្តិ។
ហ៊ុន សែន ដើរតួនាទីពីរ មួយជាឋានៈជាមេដឹកនាំគណបក្សប្រជាជន មួយទៀតក្នុងឋានៈជានាយករដ្ឋមន្ត្រីប៉ុន្តែ នាយករដ្ឋមន្ត្រីនេះ មិនមានសិទ្ធិទៅលូកលាន់កិច្ចការរបស់សភា នីតិបញ្ញតិ្ត និងតុលាការទេ។ ជាសារមួយបញ្ជាក់ឲ្យច្បាស់ ហើយមិនមែនជាសារនយោបាយសម្រាប់ពួកបក្សប្រឆាំង ដែលលើកឡើងម្តងហើយម្តងទៀត តែក៏សូមប្រាប់អ្នកនិយាយទាំងឡាយ និងរហូតដល់ទាំងជនបរទេស អោយស្គាល់នូវបញ្ហា និងឲ្យស្គាល់តួនាទីភារកិច្ចរបស់បក្សនយោបាយមួយ។ បើខ្លួនមិនចេះធ្វើបក្សនយោបាយ កុំធ្វើ ហើយកុំវិភាគ តួអង្គបក្សនយោបាយ។ ពេលនេះ ខ្ញុំអត់និយាយក្នុងនាមប្រធានបក្សទេ។ ខ្ញុំនិយាយក្នុងនាមនាយករដ្ឋមន្ត្រី។ ប៉ុន្តែសារអម្បាញ់មិញ ជាសារក្នុងនាមជាប្រធានគណបក្សនយោបាយ។ ប្រាប់ថាអត់ចរចាជាមួយទេ ហើយបើចរចា ក៏មិនធ្វើឲ្យប៉ះពាល់ដល់សមត្ថកិច្ចអង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងតុលាការ។ យើងអាចនិយាយគ្នាពីនេះពីនោះ ប៉ុន្តែអ្នកឯងមកចាប់បង្ខំដាក់មួយគំនរ។ ដាក់ចុះ ខ្ញុំមិននិយាយរកអ្នកឯង វាផុតត្រឹម ហ៊ុន សែន មិននិយាយជាមួយហើយ វាគ្មានអ្នកណាទៅនិយាយជាមួយទេ។ ម្នាក់នោះ គេថាអំនាចប្រមូលផ្តុំទៅលើមនុស្សម្នាក់។ ទេ! បើធ្វើជាប្រធានបក្ស ជានាយករដ្ឋមន្រ្តី បើ(គេ)ក្តាប់មិនបាន អាហ្នឹងគេចាំបាច់ធ្វើៗអី។ និយាយឲ្យច្បាស់តែម្តង ព្រឹកមិញម្នាក់គេថា អំណាច(ប្រមូលផ្តុំ)លើមនុស្សម្នាក់ វានៅលើម្នាក់ហ្នឹងមែន។ ផ្តាំទៅអ្នកឯង។ បើម្នាក់ហ្នឹងត្រួតត្រាកងទ័ពមិនបាន នគរបាលមិនបាន ត្រួតត្រាបក្សមិនបាន ត្រួតត្រាស្អីៗមិនបាន អញ្ចឹងបានសេចក្តីថា ទុកឲ្យអាណាធិបតេយ្យ ជាពិសេសធ្វើនាយករដ្ឋមន្ត្រីត្រួតត្រាសភាពការណ៍មិនបាន។ ផ្តាំទៅអ្នកឯង ខ្ញុំរុញទូកបណ្តោយទឹក។
អ្នក like page ពីក្រៅប្រទេស
អ្នកឯងថាខ្ញុំលេងហ្វេសប៊ុកមានបរទេស Like ឲ្យច្រើនណាស់។ ខ្ញុំចាក់បណ្តោយទឹកទៀតបាន ប្រជាជន ខ្មែរក៏ like ប្រជាជនបរទេសក៏ like គួរតែអបអរសាទរតែម្តងទៅ។ បានសេចក្តីថា ទំព័ររបស់ខ្ញុំ ជនបរទេស មើលច្រើនណាស់។ យប់មិញគេថាគេបានស្គាល់ The Voice of Cambodia គេ comment ពីក្រៅប្រទេសមក។ គេមើលតាមទំព័រខ្ញុំនេះ។ Lee Hsien Loong (នាយករដ្ឋមន្ត្រី សិង្ហបុរី) គាត់ថា (អ្នក like) ពាក់កណ្តាលខាងក្នុង ពាក់កណ្តាលមកពីក្រៅ។ អ្នកដែលថាឲ្យខ្ញុំ ក៏មានមកពីក្រៅដែរ។ ក្នុងចំណោម ២ លានកន្លះ គាត់មាន ២ លាន(នាក់)ខាងក្នុង និងកន្លះ(លាននាក់)មកពីក្រៅ។ ម៉េចក៏គាត់មិនថា។ កាលពីមុន ស្អីក៏ហ្វេសប៊ុកៗដែរ ដល់ឥឡូវខ្ញុំបង្កើតកម្មវិធីតាមដានមួយ, មួយថ្ងៃ unlike ៣ ដង ហើយ unlike មិនមែនអ្នកណាចូលទៅ unlike ទេ គឺហ្វេសប៊ុកគេចូលទៅសំអាត។ ខ្ញុំប្រាប់អោយច្បាស់ទៅ ព្រោះមនុស្សរបស់ខ្ញុំនេះ កាលណាធ្វើអី គឺច្បាស់លាស់រឿងហ្នឹង។ មិនច្បាស់ គឺមិនលេង។ មួយថ្ងៃ ជួនកាល unlike ៣ ដង (ដែល)ខ្ញុំបង្កើតការតាមដានមួយ (ក្នុងរយៈពេល) ៣០ នាទី like អោយខ្ញុំប៉ុន្មាន, like អោយមនុស្សហ្នឹងប៉ន្មាន? … ហ្វេសប៊ុក មាន post like និងមាន total page like។ ដែលខ្ញុំនិយាយអម្បាញ់មិញ ថា រូបថតខ្ញុំ រូបណាបានប៉ុន្មានៗ អាហ្នឹងគេហៅថា post like (ដែល)ពេលដែលយើង post ព្រឹបទៅ គឺអ្នក like ចូលមក like។ ប៉ុន្តែ ឧទាហរណ៍ថា ២០ ម៉ឺន like វាចរាចរចូលទៅក្នុង total page like អាចត្រឹមតែ ២០០០ ឬ ៣០០០ like តែប៉ុណ្ណោះ ហើយអាចមាន account ក្លែងក្លាយខ្លះ …។
ការប្រមាថមកលើក្រុមគ្រួសារ ត្រូវប៉ះប៉ូវនូវតម្លៃដ៏ធំមួយ
ខ្ញុំមានរឿងមួយ។ រឿងហ្នឹង រឿងធំ មិនតូចទេ។ អ្នកឯងត្រូវយល់។ ការខូចខាតរបស់ខ្ញុំធ្ងន់ធ្ងរ ហើយបើអ្នកឯងមិនផ្ដល់សំណងសមរម្យ អ្នកនៅតែមានបញ្ហា។ ខ្ញុំមិនធ្វើអ្វីអោយអ្នកឯងទាំងអស់។ ការប្រមាថរបស់អ្នកឯង(ចំពោះខ្ញុំ) វាធ្ងន់ធ្ងរពេក។ រឿងដែលជាការប្រមាថហួសហេតុ គឺការចោទភរិយាខ្ញុំ ជាប្រពន្ធរបស់អតីតមេដឹកនាំវៀតណាម ឡេដឹក ថូ។ កូនរបស់ខ្ញុំ ហ៊ុន ម៉ាណែត គឺជាកូនរបស់(អតីត)មេដឹកនាំវៀតណាម។ តើអ្នកទាំងអស់គ្នាអាចទទួលយកបានទេ ការប្រមាថបែបនេះ? មេដឹកនាំសង្រ្គោះជាតិ និងសកម្មជនរបស់គេ ជាអ្នកធើ្វតែម្ដង។ នេះជាការប្រមាថដែលមិនអាចអត់ឱនអោយបានទេ។ ភរិយាខ្ញុំវេទនាពេកហើយ កូនខ្ញុំវេទនាពេកហើយ មិនគួរឡើងពួកគេអាចធ្វើបែបនេះចំពោះខ្ញុំ និងចំពោះក្រុមគ្រួសាររបស់ខ្ញុំទៅកើត។
ខ្ញុំនឹងអោយពួកមន្រ្តីការទូតនានា ឆ្លើយអោយខ្ញុំថា តើនេះជាសិទ្ធិបញ្ចេញមតិ ឬអត់? ខ្ញុំផ្ញើសារនេះ ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ទៅមេដឹកនាំគ្រប់ប្រទេស ទៅស្ថានទូតទាំងអស់ថា បើគេចោទប្រពន្ធអ្នកឯងថា ជាស្រីខូច, កូនអ្នកឯងមិនមែនជាកូនអ្នកឯង តើអ្នកឯងចាត់ទុករឿងនេះជាសិទ្ធិបញ្ចេញមតិ ឬជាការមួលបង្កាច់ដែលត្រូវមានកំហុស? ខ្ញុំមិនអត់ឱនអោយទេ ខ្ញុំទាមទារអោយប្រើពាក្យ «ឧក្រិដ្ឋជន»។ ពួកអ្នកវិភាគ បើគេចាត់ទុកថា ប្រពន្ធលោកឯង គឺជាស្រីសំផឹងកាលពីពេលមុន តើលោកឯងទទួលយកបានទេ ក្នុងពេលដែលលោកឯងបានសំពះផ្ទឹម ហើយក្នុងភាពបរិសុទ្ធនៃស្រ្តី? កូនលោកឯងជាកូនពិត ឥឡូវគេទាមទារយកកូនខ្ញុំទៅ(ពិនិត្យ) DNA រវាងឈាម ហ៊ុន ម៉ាណែត ជាមួយនឹងខ្ញុំ។ ចុងក្រោយនេះ គេបង្ហោះថា ស្រីពៅ ជាកូនរបស់អ្នកណាទៅទៀត? ស្រីពៅ កូនខ្ញុំនេះ ដែលជាកូនប្រសាររបស់(ឯ.ឧ) សុខ អាន នេះ។ ខ្ញុំមិនអត់ឱនអោយទេ ខ្ញុំប្រាប់អោយហើយ។ រឿងនេះ រឿងបុគ្គល។ ក៏ប៉ុន្តែបើបុគ្គល ខ្ញុំក៏លេង(របៀប)បុគ្គលជាមួយអ្នកឯងដែរ ខ្ញុំមិនប៉ះបក្សអ្នកឯងទេ។
ពីមុនខ្ញុំត្រៀមខ្លួនដើម្បីចុះហត្ថលេខាមួយចំនួន សម្រួលអោយបរិយាកាសខ្លះ។ ខ្លះជាប់គុកបន្ដិចបន្ដួច ខ្លះ អាចសុំនៅក្រៅឃុំ។ សំឡេងខ្ញុំអាចសម្រួលបានខ្លះ ស្នើសុំទៅកាន់តុលាការ ដើម្បីសុំអោយនៅក្រៅឃុំ យើងសុំគេ មិនមែនបញ្ជាគេទេ។ សាលក្រមចូលស្ថាពរខ្លះ ខ្ញុំអាចចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រ ដើម្បីធ្វើការលើកលែងទោស។ តាមច្បាប់ពន្ធនាគារ អនុញ្ញាតអោយនាយករដ្ឋមន្រ្តីធ្វើសំណើថ្វាយព្រះមហាក្សត្រលើកលែងទោសពេលណាក៏បាន ប៉ុន្តែឥឡូវនេះ ខ្ញុំមិនបានត្រៀមខ្លួនធ្វើអ្វីទាំងអស់ ព្រោះក្រុមអ្នកឯង គឺក្រុមតែមួយ។ នៅពេលដែលអ្នកឯងវ៉ៃក្បាលខ្ញុំ អ្នកឯងប្រើខ្ញុំអោយដងទឹកអោយអុ្នកឯងផឹក។ កុំសង្ឃឹម។ អ្នកត្រូវមានការប៉ះប៉ូវមួយដ៏ធំសម្រាប់ ហ៊ុន សែន និងក្រុមគ្រួសាររបស់ ហ៊ុន សែន, អ្នកត្រូវស្ដាប់អោយច្បាស់។
ធ្វើកោសលវិច័យ, ស្រាវជ្រាវតាមមូលដ្ឋាន និង មធ្យោបាយផ្សេងទៀត រកឃើញភាពត្រឹមត្រូវនៃស្នាមមេដៃ
រឿងមួយទៀត ខ្ញុំគួរតែបកស្រាយដែរ។ ខ្ញុំអត់បានចោទថា ជាមេដៃក្លែងក្លាយ ឬក៏មិនក្លែងក្លាយទេ។ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះអង្គបានផ្ញើនូវចុតហ្មាយមួយ អមដោយមេដៃទាំងកេះមក។ កន្លែងខ្លះប្រជាជនបានប្ដឹងថា ទៅផ្ដិតមេដៃសុំអណ្ដូង ដល់ដង្ហែ(ក៏)ដង្ហែមកសុំដោះលែងមនុស្ស។ អញ្ចឹងទេ ពេលទទួលបានចុតហ្មាយរបស់ព្រះមហាក្សត្រ ខ្ញុំក៏បានចារនៅលើព្រះរាជសារនោះ ជូនសម្ដេចក្រឡាហោម ស ខេង សុំសម្ដេចពិនិត្យ៖ ទី ១ ធ្វើកោសលវិច័យ ព្រោះយើងធ្លាប់ដឹងកាលពីពេលមុន មានមនុស្សមិនតិចទេ រាប់ទាំងមន្រ្តីគណបក្សប្រជាជនផងដែរ ដែលទៅយកមេដៃគេនោះ យកមកបោក។ អញ្ចឹងទេ ធ្វើកោសលវិច័យមើលថា វាពិត ឬមិនពិត? ព្រោះអ្នកខ្លះ មេដៃតែមួយ ផ្តិតដាក់ឈ្មោះយ៉ាងច្រើន។ ទី ២ ចុះស្រាវជ្រាវនៅមូលដ្ឋាន តើបានផ្ដិតមេដៃអោយគេ ដើម្បីគោលដៅហ្នឹងពិតប្រាកដ ឬអត់? ទី ៣ មធ្យោបាយផ្សេងទៀត ដែលអាចរកឃើញនូវភាពត្រឹមត្រូវ។ ខ្ញុំអត់ទាន់បានចោទថា វាមិនពិត ឬក្លែងក្លាយទេ។ តែកុំប្រមាថស្ដេច កុំបោកស្ដេច។ ខ្ញុំចារបន្ថែមដោយរឿងនេះទាក់ទងនឹងប្រជាពលរដ្ឋផង ទាក់ទងជាមួយនឹងមហាក្សត្រផង យើងមិនអាចធ្វើបន្លំបានទេ ត្រូវធ្វើកោសលវិច័យ ត្រូវសួរប្រជាពលរដ្ឋ ហើយត្រូវរកមធ្យោបាយផ្សេងទៀត ដែលអាចរកឃើញភាពត្រឹមត្រូវ ព្រោះកុំអោយរឿងច្រំដែលវាកើត ទៅបោកមេដៃគេថា យកទៅសុំអណ្ដូង យកទៅសុំសាលា ប៉ុន្តែយកមេដៃគេមកហែចូលវាំង។
របៀបធ្វើការរបស់នាយករដ្ឋមន្រ្តី មិនមែនជាការប្រមាថព្រះមហាក្សត្រ
មានម្នាក់ជារាជវង្ស មកប្រកាសថា មានចំណារលើលិខិតរបស់មហាក្សត្រ។ ក្នុងរដ្ឋធម្មនុញ្ញអត់បានចែងផង អត់មានច្បាប់ណាហាមឃាត់ទេ។ ហើយរបៀបធ្វើការរបស់ខ្ញុំ គឺតែប៉ុណ្ណឹង។ ចង់លោកឯងធ្លាប់ធ្វើលេខាមហាក្សត្រអី អាហ្នឹងខ្ញុំមិនដឹងទេ។ ខ្ញុំត្រូវចារលើអាហ្នឹង ព្រោះរបៀបធ្វើការរបស់ខ្ញុំ គឺខុស(ពីគេ)។ ព្រះមហាក្សត្រ ព្រះអង្គមិនបានហាមឃាត់មិនអោយខ្ញុំមានចំណារលើព្រះរាជសាររបស់ព្រះអង្គឯណា ព្រោះព្រះអង្គសរសេរអោយខ្ញុំតើ។ អញ្ចឹងខ្ញុំចារលើហ្នឹង គេថា ត្រូវយកក្រដាសមួយមកទៀត ដើម្បីសរសេរ។ ចុះបើសរសេរទៅ អាមួយទៅឆ្វេង អាមួយទៅស្ដាំ វាមិនបែកគ្នា។ អាបែកហ្នឹងហើយវាគ្រោះថ្នាក់។ ផ្ដាំទៅវិញទៅ។ ខ្ញុំចារលើព្រះរាជសារព្រះមហាក្សត្រមានអីខុស? ឥឡូវបើចង់ថាខុស ឬត្រូវ ទៅសួរព្រះមហាក្សត្រទៅ? (បើថាខុស)ដាក់ច្បាប់មួយទៅ ហាមឃាត់ការធ្វើចំណារណាមួយលើព្រះរាជសារព្រះមហាក្សត្រ។ ហាមឃាត់ការយកព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រដាក់ក្នុងហោប៉ៅខោ។ បានទាំងអស់ហើយ។ ធ្វើច្បាប់ហ្នឹងទៅ។ បានសេចក្ដីថា ត្រូវដូរលុយឡើងវិញទាំងអស់ ព្រោះលុយស្រុកខ្មែរ លុយសន្លឹកមួយណា តាំងពីក្រដាស ១០០ រៀល រហូតឡើងទៅ មានព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រទាំងអស់។ លោកឯងថែមមួយឃ្លាទៅថា ហាមប៉ះពាល់។ រាល់ថ្ងៃនេះ លុយសុទ្ធតែមានព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ នាំគ្នាកាន់ទៅទិញត្រី កំពុងថ្លឹងត្រី គេហុចលុយមកអោយ។ ដៃនៅស្រមាមប៉ាក យកដៃស្រមាមប៉ាកហ្នឹង ទៅកាន់លុយយកមក។ ឯខ្ញុំគ្រាន់តែមានចំណារលើព្រះរាជសារព្រះមហាក្សត្រ គេថា ខ្ញុំខុស អាហ្នឹងពួកសន្សំរឿង។
ឥឡូវដាក់ទៅក្នុងរដ្ឋធម្មនុញ្ញតែម្ដងទៅ (ហាមធ្វើចំណារលើព្រះរាជសារ) ព្រោះរដ្ឋធម្មនុញ្ញត្រូវកថាខណ្ឌទាក់ទងរវាងព្រះមហាក្សត្រ ជាមួយនឹងសភា។ ទំនាក់ទំនងរវាងសភាជាមួយនឹងព្រះមហាក្សត្រតាមព្រះរាជសារ អាហ្នឹងតង់ទីមួយ។ តង់ទីពីរ ព្រះរាជសារព្រះមហាក្សត្រ មិនអាចយកទៅជជែកបានឡើយ។ ឥឡូវលោកឯងចង់ធ្វើ (បាន)ដាក់ថា ព្រះរាជសាររបស់ព្រះមហាក្សត្រមិនមានអ្នកណាមើលបានឡើយ អញ្ចឹងតែម្ដងទៅ។ ព្រោះ(ព្រះរាជសារ)ព្រះមហាក្សត្រយកមកអោយខ្ញុំ សរសេរមកសម្ដេចនាយកវរដ្ឋមន្រ្តីតែម្ដង។ ថ្ងៃហ្នឹង ព្រះមហាក្សត្រ ព្រះអង្គមុខតែបានឃើញហើយ។ គេមករករឿងទូលបង្គំ ថាទូលបង្គំហ្នឹង បំពានលើព្រះមហាក្សត្រ។ គ្រាន់តែទូលបង្គំចារ ចារទៅសម្ដេចក្រឡាហោម។ ចារខាងក្រោមសរសេរវាមិនអស់ ទៅបន្ថែមពីខាងលើ តើនេះជាទោសប្រមាថព្រះមហាក្សត្រទេ? ខ្លួនឯង ព្រះមហាក្សត្រកោះហៅទៅប្រជុំសភា មិនព្រមចូល(ប្រជុំ) ម៉េចក៏មិនហៅថា ប្រមាថព្រះមហាក្សត្រផង។ ពួកលោកឯងប្រមាថព្រះមហាក្សត្រ ព្រះមហាក្សត្រកោះហៅប្រជុំសភា លោកឯងមិនចូល ជាទោសប្រមាថព្រះមហាក្សត្រ តើលោកឯងមានបានគិតទេ? ឯខ្ញុំជារបៀប(ធ្វើ)ការងាររបស់ខ្ញុំ ឯកសារណាខ្ញុំត្រូវចារ ចារលើឯកសារនោះ ព្រោះបើវាបែកគ្នា, ឧទាហរណ៍ថា ចេញពីខុទ្ទកាល័យទៅ ស្រាប់តែមាន(ហេតុ)ចៃដន្យអីមួយ ឡានដឹកឯកសារត្រូវគេបុក អាក្រដាសដែលភ្ជាប់ជាមួយហ្នឹង វាទៅបាត់ដោយក្រដាសហ្នឹងទៅ។ អញ្ចឹងក្រដាសចំណារដោយចំណារ ព្រះរាជសាររបស់ព្រះមហាក្សត្រដោយឡែក។ បើអ្នកអង្គម្ចាស់ល្ងង់ កុំធ្វើអ្នកចេះ ហើយកុំប្រើគោរមងារអ្នកអង្គម្ចាស់មកធ្វើនយោបាយតែពីសតែពាស។ អ្នកអង្គម្ចាស់ធ្លាប់ចូលជាមួយ លន់ នល់ ផ្ដួលរាជានិយមហើយតើ។ ឥឡូវអ្នកឯងមកធ្វើអីគ្រាន់បើ? ដាក់អោយចប់រឿងតែម្ដងទៅ។
បញ្ជាក់បីរឿង (១) មិនរំលោភសមត្ថកិច្ចស្ថាប័នផ្សេង (២) ការប្រមាថលើគ្រួសារ (៣) ការប្រមាថមហាក្សត្រ
ក្រៅពីរឿងនេះ ទាក់ទិនជាមួយនឹងតួនាទីគណបក្សប្រជាជន ដែលមិនបំពានសិទ្ធិអំណាចរបស់នីតិបញ្ញតិ្ត នីតិប្រតិបត្តិ និងតុលាការ គ្មានហេតុផលណាត្រូវបើកការចរចាពេលទេ។ អ្នកណាធ្វើខុស ត្រូវដោះស្រាយជាមួយរឿងនោះដោយបុគ្គល ឬដោយក្រុម។ ហើយបើអ្នកឯងចង់យកបក្សនយោបាយទៅចូលលូកឡំ ក៏ចូលទៅ អាហ្នឹងរឿងមួយ។
រឿងទីពីរ បក្សរបស់អ្នកឯង មេដឹកនាំបក្សរបស់អ្នកឯងចោទភរិយាខ្ញុំថា ជាស្រីរបស់(អតីត)មេដឹកនាំវៀតណាម កូនប្រុសរបស់ខ្ញុំដែលជាសាច់ឈាម ជាទីស្រឡាញ់ពេញចិត្តរបស់ខ្ញុំ ទៅជាកូនរបស់(អតីត)មេដឹកនាំវៀតណាម។ អ្នកឯងត្រូវប៉ះប៉ូវតម្លៃដ៏ធំមួយអោយខ្ញុំ។ បើគ្មានការតបស្នងណាមួយ អ្នកឯងកុំសង្ឃឹម។ អ្នកណាជាប់គុក ៣០ ឆ្នាំ គឺ ៣០ ឆ្នាំ គ្មានត្រូវការបានការយោគយល់អីទេ។
ចំណុចទី ៣ អ្នកដែលនិយាយពីរឿងថា ទាក់ទិននឹងការប្រមាថព្រះមហាក្សត្រ គេចង់និយាយសំដៅអញ្ចឹង ថាយើងហ៊ានយក(ព្រះរាជសារ)ធ្វើចំណារ រហូតដល់អ្នកហ្នឹងបង្ហោះតាមហ្វេសប៊ុកចូលមកក្នុងហ្វេសប៊ុកខ្ញុំវិញ។ របៀបធ្វើការរបស់ ហ៊ុន សែន លើកលែងតែមានរដ្ឋធម្មនុញ្ញហាមឃាត់ ច្បាប់ហាមឃាត់ អាហ្នឹងបានខ្ញុំឈប់ធ្វើរបៀបហ្នឹង។ លិខិតរបស់ប្រធានាធិបតី ហូ ជិនតាវ ផ្ញើអោយខ្ញុំ ខ្ញុំក៏ចារ «បានឃើញ» ដែរ គាត់ជូនពរមកខ្ញុំ ខ្ញុំចារ «បានឃើញ» រួចហើយខ្ញុំចុះហត្ថលេខាលើលិខិតដែលគេព្រៀងអោយខ្ញុំ ដើម្បីអរគុណ។ រឿងហ្នឹង របៀបការងាររបស់ខ្ញុំតើ។
រឿងដើរដុតផ្ទះ ហើយប្រាប់គេប្រាប់ឯងអោយទៅជួយពន្លត់។ ឥឡូវកំពុងឆេះផ្ទះខ្លួនឯងហើយ (បើ)ឆេះអោយវាឆេះទៅ គ្មានអ្នកណាយកឡានទឹកទៅជួយទេវើយ!។ ហើយសុំកុំគម្រាមអារឿងបាតុកម្ម។ ពាក្យបាតុកម្មមួយម៉ាត់ (សូម)ឈប់។ បើអ្នកឯងចង់ធ្វើ លលេងទៅ។ ខ្ញុំប្រាប់អ្នកឯងអោយហើយ។ អ្នកពូកែស្រែក កុំរត់លឿនពេក។ រកស្នាមមេដៃ បែរជាបង្វិលទិសថា ឥឡូវគេហៅមនុស្សមកប្រជុំគ្នានៅមុខវាំង។ នេះជាអី? នេះជាវិធីស្រោចស្រង់សភាពការណ៍ ព្រោះគេកំពុងទៅរកមេដៃពិត។ គេមិនមែនចង់បានមនុស្សមកបង្ហាញឯណា គេចង់រកថា មេដៃហ្នឹង ជារបស់មនុស្សឈ្មោះហ្នឹង ឬអត់? តែប៉ុណ្ណឹងតើ ម៉េចចាំអ្នកឯងឌឺដង និយាយរឿងយកមនុស្សមក …៕