ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជា ទីសក្ការៈ!
លោកជំទាវ ប៊ូ ជិនហ្គោ (Bu Jian Guo) អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ កម្ពុជា
លោក Rui Feng ប្រធានក្រុមហ៊ុន Rui Feng Cambodia International
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!
ជាដំបូងនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល សូមប្រគេនពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ ក្នុង ឱកាសចូលឆ្នាំថ្មី ទើបកន្លងទៅផុតនេះ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ សូមនាំមកសេរីសួស្តី និងពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្បាច់រាំញីកែងជើង ច្នៃប្រឌិតដោយកូនខ្មែរ
… ប្រជាពលរដ្ឋរបស់យើង ជាពិសេស យុវជន យុវនារីឆ្នាំនេះ ទោះបីថា ក្រោមរលកកំដៅយ៉ាងក្តៅនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងប្រទេសនៃបណ្តាប្រទេសក្នុងតំបន់ ក៏ប្រជាពលរដ្ឋរបស់យើងបានចូលរួមសប្បាយរីករាយជាមួយគ្នា នៅក្នុងឱកាសចូលឆ្នាំថ្មីកន្លងទៅ។ សង្ឃឹមថា មួយភាគធំ ឆ្នាំនេះ គឺចេះរាំនូវចង្វាក់មួយ “ញីកែងជើង”។ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ និយាយបន្តិច … ហេតុអីបានជាខ្ញុំព្រះករុណាខ្ញុំ ពេញចិត្តជាមួយនឹងបទនេះ? វាមិនមែនជាប្រភេទប្រពៃណីនោះទេ ក៏ប៉ុន្តែអ្វីដែលខ្ញុំព្រះករុណាខ្ញុំ ត្រូវលើកទឹកចិត្ត ហើយចូលរួមរាំនឹងគេនឹងឯងនោះ ទោះបីថាវាមិនត្រូវក៏ដោយ … នៅត្រង់ថា ជាចង្វាក់មួយដែលកូនខ្មែរបានកសាងឡើង ហើយបង្កើតបាននូវស្ថានភាពនៃសិល្បៈមួយបែប សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង … អញ្ចឹងទេ (ការរាំ)ញីកែងជើងនេះ គឺជា(ក្បាច់រាំ)មួយ ដែលយើងមិនចម្លងតាមអ្នកណាទាំងអស់។ ផ្ទុយទៅវិញ កូនខ្មែរបានច្នៃប្រឌិតនូវបទនេះឡើង។
អំពៅ ជាកសិឧស្សាហកម្មផង ជាកសិពាណិជ្ជកម្មផង
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារថ្ងៃនេះ គឺបន្ទាប់ពីការដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ហើយក៏ចាប់ផ្តើម មកសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រផលិតស្ករសដ៏ធំ ដែលវិនិយោគពីសំណាក់ក្រុមហ៊ុន Rui Feng International មកពីប្រទេសចិន។ នេះជាផ្នែកទាក់ទិនទៅនឹងឧស្សាហកម្ម ក៏ប៉ុន្តែយើងមើលឲ្យជ្រៅ នេះគឺជាកសិឧស្សាហកម្ម ហើយក៏ជាកសិពាណិជ្ជកម្មផងដែរ។ ទីតាំងមួយនេះ ដែលយើងធ្វើការសម្ពោធដាក់ឲ្យប្រើប្រាស់ជាមួយនឹងរោងចក្រផលិតស្ករស ក៏ប៉ុន្តែយើងមិនត្រូវភ្លេចថា កន្លែងនេះ គឺជាទីផ្សារដ៏សំខាន់របស់កសិករសម្រាប់ការដាំអំពៅ ហើយលក់មកកាន់រោងចក្រ ដែលហៅថា កសិឧស្សាហកម្ម គឺឧស្សាហកម្មកែច្នៃវត្ថុធាតុដើមដែលចេញពីកសិកម្ម។ ស្របពេលជាមួយគ្នា កសិកររបស់យើងក៏នឹងត្រូវលក់កសិផល ជាពិសេសគឺអំពៅដែលខ្លួនដាំបាន ដែលយើងប្រើពាក្យថា វាជាកសិពាណិជ្ជកម្ម សម្រាប់ទីផ្សារមួយនៅទីនេះផងដែរ។ ជាការរីករាយ ដែលយើងទាំងអស់គ្នាបានប្រឹងប្រែងឈានឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងស្ថានភាពចេញពីបាតដៃទទេ។ ឆ្នាំនេះ ក្រោយចូលឆ្នាំខ្មែរ យើងបានរួមគ្នាសម្ពោធដាក់ឲ្យប្រើប្រាស់នៅទីនេះ ដោយមានការចូលរួមពីប្រជាជនយ៉ាងច្រើន ដែលចង់មកចូលរួមសប្បាយរីករាយនៅទីនេះ …។
អាកាសធាតុ មិនគួរហោះហើរ
… យើងកុំអាលទៅណា ភ្លេងលេងបានតើ រាំញីកែងជើងទាំងអស់គ្នា បើចង់សាក ខ្ញុំក៏ប្រថុយដែរ ពិតមែនតែប៉ុន្មានថ្ងៃនេះ ឈឺខ្លួន ឈឺជើង ឈឺជាងការរត់ទាត់បាល់ទៀត ដោយសាររាំប៉ុន្មានថ្ងៃនោះ។ រាំបីពេលនៅឯសៀមរាប មិននឹកស្មានថា រាំឈឺខ្លួនបែបនេះសោះ។ … ម្សិលមិញ គឺមុនពេលជួបអគ្គរដ្ឋទូតអាមេរិកប្រហែល ១៥ នាទី លិខិតរបស់ក្រសួងធនធានទឹក និងឧតុនិយម បានមកដល់ រដ្ឋមន្ត្រី លឹម គានហោ ថាសូមសម្តេចមេត្តាកុំធ្វើការហោះហើរពីភ្នំពេញមកកាន់ព្រះវិហារ។ អញ្ចឹងទេ ចារត្រឡប់ទៅវិញថា ខ្ញុំអត់មានជម្រើសក្រៅពីការធ្វើដំណើរបែបនោះទេ។ អញ្ចឹងត្រូវមកតាមឧត្ឋម្ភាគចក្រ ទោះបីថាម៉េចក៏ដោយចុះ។ ប្រថុយហើយ ព្រោះត្រូវជួបទូតអាមេរិក និងឯកសារមួយគគោក។ ដល់យប់ ស្រាប់តែ sms ពីនេះទៅ ហ៊ីង ប៊ុនហៀង ថា រលំរោងអស់ហើយ ហើយរបួស ៨ នាក់ នគរបាល ៦ អាវុធហត្ថ ២ នាក់។ ឥឡូវ បញ្ជូនទៅពេទ្យ ៣ នាក់ទៅសៀមរាប។ បន្តិចទៀតបញ្ជូនលុយទៅផង ដើម្បីឧបត្ថម្ភឲ្យអ្នករបួស។ អញ្ចឹងទេ ក៏រកវិធីសួរថាការធ្វើដំណើរតាម(ណាវិញ) ពួកនេះថាប្រុងឲ្យខ្ញុំព្រះករុណាខ្ញុំ ជិះយន្តហោះទៅចុះនៅឯសៀមរាប រួចហើយធ្វើដំណើរតាមឡានពីសៀមរាបមកព្រះវិហារ។ ខ្ញុំព្រះករុណាខ្ញុំ ថាបើគង់តែអញ្ចឹងដដែល មកពីភ្នំពេញតែម្តងទៅ គិតចេញពីភ្នំពេញ … នៅ ១០ យប់ ឲ្យមកក្បែរភ្លឺនៅទីនេះ … ប៉ុន្តែ ទីចុងបំផុតសម្រេចថាត្រូវហោះអាធំ ព្រោះអាធំនេះ ទោះបីភ្លៀងប៉ុណ្ណា ក៏ត្រូវតែរងខ្យល់បានដែរ …។
រោងចក្រផលិតបានទាំងស្ករស អគ្គិសនី អាល់កុល និងជីសរីរាង្គ
យ៉ាងណាក៏បាន មិនឲ្យអាក់ខាននូវកម្មវិធីមួយនេះ ដោយសារតែទំហំនៃការវិនិយោគ ចាត់ទុកថាធំសម្បើមមួយ ប្រៀបជាមួយនឹងការវិនិយោគធ្វើរោងចក្រស្ករសមុនៗនោះ ដែលការវិនិយោគនេះ អាចនាំទៅដល់ការផលិតច្រើនបែបច្រើនយ៉ាង ក្នុងនោះគឺមានការផលិតស្ករស ដែលជំហាននៃការចាប់ផ្តើមដំបូងនេះ គឺប្រើប្រាស់ទឹកប្រាក់ចំនួន ៣៦០ លានដុល្លារសហរដ្ឋអាមេរិកទៅហើយ និងបន្តផលិតដំណាក់ទី ២ និងដំណាក់កាលទី ៣ តទៅទៀត ដែលក្នុងនោះ … បើផលិតបានស្ករសប្រមាណជាជិតកន្លះលានតោន ដែលផលិតនៅទីនេះ និងប្រើប្រាស់កាកអំពៅ ផលិតទៅជាអគ្គិសនីរហូតទៅដល់ ៣៩ មេហ្គាវ៉ាត់។ បើ ៣៩ មេហ្គាវ៉ាត់ មិនចាំបាច់ទៅទាញភ្លើងពីភ្នំពេញមកទេ ទាញភ្លើងពីរោងចក្រនេះទៅផ្គត់ផ្គង់បណ្តាខេត្ត បណ្តាស្រុកនៅក្នុងខេត្តព្រះវិហារហ្នឹងគ្រប់គ្រាន់ហើយ ហើយអាចមួយភាគផ្គត់ផ្គង់ឲ្យរោងចក្រស្លដែកបានផង … ដោយ(ពីមុន)យើងគ្រោងថា នឹងទិញអគ្គិសនីពីឡាវមកផ្គត់ផ្គង់នៅខេត្តព្រះវិហារ។
ឥឡូវត្រូវដាក់ឲ្យមានការពិភាក្សា សិក្សាឡើងវិញ ដោយក្រសួងរ៉ែ និងថាមពល។ តើមានការចាំបាច់ដើម្បីពិភាក្សា និងតភ្លើងពីឡាវមកឬទេ? ក្នុងករណីបើទិញ តើទិញមកប៉ុន្មាន? បើសិនជាក្នុងករណី កន្លែងនេះអាចផ្គត់ផ្គង់ភ្លើងប្រើនៅទីនេះ មិនដឹងប៉ុន្មានមេហ្គាវ៉ាត់ដែលបានប្រើប្រាស់នៅទីនេះ ហើយនៅសល់ប៉ុន្មានមេហ្គាវ៉ាត់ ដែលត្រូវផ្គត់ផ្គង់ឲ្យខេត្ត។ នៅសល់ប្រមាណជា ២០ ជាងមេហ្គាវ៉ាត់ ហើយ ២០ មេហ្គាវ៉ាត់ អ្នកខេត្តព្រះវិហារមើលទៅល្មម។ … ក្រៅពីនោះយើងនៅមានការផលិតអាល់កុល ដែលក្រោយនេះ កម្ពុជាអាចមិននាំចូលអាល់កុលពីប្រទេសក្រៅ ហើយយើងផលិតជំនួសឲ្យការនាំចូល។ បន្ថែមលើនោះ អាល់កុលអាចនាំចេញទៅប្រទេសក្រៅបានទៀត។ យើងមានការឈានទៅផលិតជីសរីរាង្គ ដើម្បីប្រើប្រាស់ត្រឡប់ទៅវិញលើការដាំអំពៅ ឬក៏អាចនឹងប្រើប្រាស់សម្រាប់កសិកររបស់យើងផង …។
សុខដុមភាវូបនីយកម្មរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ
ការវិនិយោគដ៏ធំនេះជាការលើកទឹកចិត្តមួយដ៏ធំសម្រាប់យើង ហើយក៏ជាការដោះស្រាយបញ្ហាសម្រាប់ប្រជាពលរដ្ឋរបស់យើងផងដែរ។ ក្នុងនោះ ការដោះស្រាយជាមួយនឹងប្រជាពលរដ្ឋ បញ្ហាដំបូងគឺខ្ញុំព្រះករុណាខ្ញុំ ចង់និយាយឡើងវិញ ទៅលើរបៀបរៀបចំនៃការផលិត នៃការវិនិយោគផ្នែកកសិកម្មនេះ ដែលខ្ញុំព្រះករុណាខ្ញុំ តែងនិយាយនៅពេលមុន ការអនុវត្តកន្លែងខ្លះក៏ធ្វើបានល្អ កន្លែងខ្លះក៏ធ្វើមិនបានល្អនៅត្រង់ថា យើងត្រូវធ្វើសុខដុមភាវូបនីយកម្ម រវាងទីតាំងវិនិយោគកសិឧស្សាហកម្មនេះ ដំណាំឧស្សាហកម្មនេះ ជាមួយនឹងប្រជាពលរដ្ឋ។ ឧទាហរណ៍ ចំការអំពៅនេះ ដំបូងបំផុតប្រជាពលរដ្ឋបានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនបានសាងសង់។ ព្រោះអញ្ចេះ ក្រុមហ៊ុនដើម្បីគាត់ធ្វើរោងចក្របាន គាត់ធ្វើចំការអំពៅបាន គាត់ចាំបាច់ត្រូវធ្វើផ្លូវ ផ្លូវនោះហើយដែលប្រជាជនត្រូវបានដើរជាមួយ ដែលមិនត្រូវការបង់លុយទេ។ ហ្នឹងជាការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនបានធ្វើ។ គាត់ត្រូវធ្វើប្រព័ន្ធទឹក ដើម្បីគាត់មានទឹកស្រោចស្រព ប្រជាពលរដ្ឋនៅជិតខាងតំបន់នេះ ក៏ត្រូវបានប្រើប្រាស់ទឹកនៅទីនេះផងដែរ។ ប្រជាពលរដ្ឋគាត់ត្រូវការអគ្គិសនី អញ្ចឹងអគ្គិសនីនៅជុំវិញតំបន់រោងចក្រនេះ ឬអាចថានៅក្នុងក្របខណ្ឌខេត្តនេះ ក៏អាចទទួលយកផលពីការទិញយកភ្លើងសម្រាប់ការប្រើប្រាស់។ គាត់ត្រូវមានពេទ្យ គាត់ត្រូវមានសាលារៀន យ៉ាងណាក៏គាត់ជួយធ្វើសាលារៀន គាត់ត្រូវមានមន្ទីរពេទ្យ មន្ទីរពេទ្យនោះមិនមែនគ្រាន់តែព្យាបាលសម្រាប់កម្មករ ដែលធ្វើការនៅក្នុងកសិដ្ឋាន ឬរោងចក្ររបស់ក្រុមហ៊ុនទេ ក៏ប៉ុន្តែមន្ទីរពេទ្យនោះអាចជួយព្យាបាលប្រជាពលរដ្ឋដែលនៅជុំវិញហ្នឹងផង។ អញ្ចឹងប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធនៃក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគដីធ្លីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ចង់បានកម្មករ ត្រូវធ្វើកន្លែងស្នាក់នៅឲ្យបានល្អ (ផ្តល់)ប្រាក់ខែសមរម្យ
ក្រៅពីនោះយើងត្រូវឃើញថា មានការងារក្នុងស្រុកដែលត្រូវធ្វើ ដោះស្រាយបញ្ហា(ការងារជូន)ប្រជាពលរដ្ឋនៅជិតខាងនេះ ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តមួយចំនួនផ្សេងទៀត ដែលរកការងារធ្វើ គឺនឹងមកមានការងារធ្វើនៅទីនេះ។ ពេលនេះត្រូវការកម្លាំងពលកម្មប្រមាណ ៧ ពាន់នាក់ ហើយទីចុងបំផុតត្រូវការកម្លាំងរហូតទៅដល់ប្រមាណ ១ ម៉ឺន ៤ ពាន់ នាក់។ ឥឡូវនេះ កម្លាំងពលកម្មរបស់យើងកំពុងធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃ និងប្រទេសមួយចំនួនដោយខុសច្បាប់ទៀតផង។ ប៉ុន្តែ ខ្ញុំក៏សូមលើកទឹកចិត្តឲ្យក្រុមហ៊ុនបន្ត បើចង់បានកម្មករ ដំបូងបំផុតត្រូវដោះស្រាយផ្ទះនៅរបស់កម្មករ ព្រោះកម្មករមិនអាចមកបោះតង់នៅបានទេ។ ឥឡូវ ទីផ្សារការងារ គឺប្រកួតប្រជែងគ្នាខ្លាំងណាស់។ ខ្ញុំព្រះករុណាខ្ញុំ តែងតែផ្តល់ដំបូន្មានទៅដល់ក្រុមហ៊ុននានា ទាំងតូច ទាំងធំ ផ្នែកកសិកម្ម ទាំងនៅរតនគិរី មណ្ឌលគិរី នៅស្ទឹងត្រែង ព្រះវិហារ និងនៅខេត្តមួយចំនួនផ្សេងទៀត ថាការប្រកួតប្រជែងអំពីតម្លៃពលកម្ម ហ្នឹងមួយហើយ ប៉ុន្តែមួយទៀតត្រូវមានផ្ទះឲ្យកម្មករនៅ … ត្រូវធ្វើផ្ទះអោយបានល្អដើម្បីអោយកម្មករស្នាក់នៅបាន និងត្រូវមានប្រាក់ខែសមរម្យ និងការលើកទឹកចិត្ត និងថ្នាក់ថ្នមកម្មករ។ បើកម្មករមានសុខភាពល្អ គឺទិន្នផលការងារសម្រាប់រោងចក្រ និងកសិដ្ឋានរបស់លោកក៏ល្អដូចគ្នា អញ្ចឹងមានទៅមានមក ….។
ការធ្វើសមាហរណកម្មមុខរបរ
ប៉ុន្តែអ្វីដែលសំខាន់ជាងហ្នឹងទៀត គឺការធ្វើសមាហរណកម្មមុខរបរ។ នេះជាបញ្ហាធំណាស់។ លោកមិនចាំបាច់ពង្រីកផ្ទៃដីបន្ថែមទេ … អ្វីទៅដែលហៅថាសមាហរណកម្មមុខរបរ? គឺនៅត្រង់ថារោងចក្ររបស់លោកក្លាយទៅជាទីផ្សាររបស់កសិករដាំអំពៅ។ កសិករច្រើនណាស់ដែលកំពុងធ្វើស្រូវ … ធ្វើដំណាំដែលទទួលបានផលតិចតួច។ ដូច្នេះ ថៅកែរោងចក្រត្រូវខិតខំចងសម្ព័ន្ធភាពជាមួយកសិករ ឲ្យពួកគាត់ដាំអំពៅ ហើយទទួលទិញពីពួកគាត់មក(វិញ)។ … រឿងកសិដ្ឋានដាំ យើងវាត្រូវការហើយ ប៉ុន្តែអ្វីដែលត្រូវការជាងនេះទៀត (ដើម្បី)ផលចំណេញគឺលោកផ្តល់ពូជអោយទៅកសិករ រួចហើយដល់ពេលត្រូវការកាប់ កន្លែងនេះជាទីផ្សារឲ្យកសិករតែម្តង … ខ្ញុំសូមលើកទឹកចិត្ត មិនថាតែរោងចក្រកន្លែងនេះទេ រោងចក្រដទៃ ក៏ធ្វើករណីដូចគ្នា ទំនាក់ទំនងឲ្យល្អបំផុតជាមួយកសិករដាំអំពៅ។ ដីនៅតែជាដីរបស់គាត់ ហើយពេលខ្លះ យើងអាចជួយទុនគាត់ថែមទៀតផងបើសិនអាចធ្វើទៅបាន (ដើម្បី)ឲ្យគាត់មានលទ្ធភាពដាំដុះ ហើយក្លាយទៅជាអ្នកផ្គត់ផ្គង់ឲ្យរោងចក្រ … អញ្ចឹង រោងចក្ររបស់លោកអត់មានពេលបិទទេ មានវត្ថុធាតុដើមផ្គត់ផ្គង់រហូត … ការដាំអំពៅនៅខេត្តព្រះវិហាររបស់យើងនេះនឹងកាន់តែធំទៅៗ នឹងអាចរីកទៅដល់ខេត្តឧត្តរមានជ័យផង ប៉ុន្តែខេត្តឧត្តរមានជ័យដូចជាមានរៀបចំរោងចក្រមួយដោយឡែកនៅហ្នឹង? … ដោយយោងទៅលើអ្វីដែលយើងបានផ្តល់ឲ្យក្រុមហ៊ុន ៥ វិនិយោគ យើងមានសមត្ថភាពផលិត(ស្ករ) ១ លាន ៨ សែន តោន/ឆ្នាំ នៅពេលខាងមុខ។ ឥឡូវ យើងទើបតែផលិតបាន ៤៤ ម៉ឺន តោន តែប៉ុណ្ណោះ។
សូមចិនបន្តបើកទីផ្សារឲ្យធំសម្រាប់កម្ពុជា
ប៉ុន្តែវានឹងឡើងបណ្តើរៗ។ ខ្ញុំសូមលោកជំទាវអគ្គរដ្ឋទូត មេត្តាបើកទីផ្សារចិនឲ្យបានធំបន្តិច។ ខ្ញុំបានលើកជាមួយប្រធានាធិបតី Xi Jinping ហើយក៏បានលើកជាមួយ នាយករដ្ឋមន្ត្រី Li Keqiang ផងដែរ។ ខ្ញុំនឹងបន្តលើកទៅទៀត (សូមចិន)បើកទីផ្សារអង្ករ បើកទីផ្សារដំឡូង បើកទីផ្សារពោត ហើយបើកទីផ្សារស្ករស។ ព្រោះផលិតបានហើយ ត្រូវនាំទៅណា? ចិន(មាន)ប្រជាជនច្រើន។ ប៉ុន្តែសុំកុំភ្លេចថា បើទោះបីចិនប្រជាជនច្រើន ក៏ប៉ុន្តែចិនមានសល់ស្រូវស្តុក មិនមែនចិនខ្វះអង្ករទេ។ ការជួយ(អោយមានការនាំចូល)ពីកម្ពុជាក្នុងមួយឆ្នាំ ១០ ម៉ឺនតោន គឺជាការយោគយល់មួយរបស់ចិនចំពោះយើង។ ចិនមានផ្ទៃដីត្រឹមតែ ១២% នៃផ្ទៃដីពិភពលោក ក៏ប៉ុន្តែ ចិនចិញ្ចឹមប្រជាជនស្មើនឹង ២០% នៃប្រជាជនពិភពលោក។ គិតមើលទៅ។ សមត្ថភាពផលិតរបស់ប្រទេសចិនធំណាស់ ប៉ុន្តែការយោគយល់របស់មិត្តចិន បានផ្ដល់អោយយើងនាំចេញទៅនូវមុខទំនិញមួយចំនួន ហើយការទទួលផលដើមរដូវក្នុងក្របខណ្ឌអាស៊ាន ក្នុងក្របខណ្ឌ GMS និងក្របខណ្ឌ ឡាងឆាន-មេគង្គ គឺកម្ពុជា និងបណ្ដាប្រទេសនៅមេគង្គក្រោម បានទទួលផលដើមរដូវតាមរយៈនៃការអនុគ្រោះពន្ធគយ នៅលើមុខទំនិញរហូតដល់ ៩៨%។ ប៉ុន្តែយើងខ្វះមុខទំនិញនាំទៅចិននោះ …។
ការវិនិយោគ (បានធ្វើដោយមាន)ការជឿទុកចិត្តចំពោះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន
ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជាធ្វើជាកន្លែងវិនិយោគដ៏ធំ ហើយទំហំវិនិយោគដែលចាប់ផ្ដើមគ្រាដំបូង ដែលយើងសម្ពោធនៅថ្ងៃនេះត្រឹមតែ ៣៦០ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែជាកញ្ចប់នៃការវិនិយោគ គឺតម្រូវអោយមានការវិនិយោគរហូតដល់ ១០០០ លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ នេះពិតជាមានការជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជន មានការជឿទុកចិត្តចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន ហើយនិងមានទំនាក់ទំនងល្អ ជឿទុកចិត្តគ្នារវាងចិន និងកម្ពុជា ដែលជានិច្ចកាល ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំចិនប៉ុន្មានជំនាន់ហើយ សុំអោយគាត់រុញអ្នកវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឥឡូវនេះ យើងបានសម្ពោធ(រោងចក្រស្ករសនៅនេះ) គ្រាន់តែត្រាក់ទ័រ ដ្យនឌារ (John Deere) ប្រមាណជិត ១០០០ គ្រឿង។ (ត្រាក់ទ័រ)ដ្យនឌារ របស់អាមេរិកតើ។ អញ្ចឹងអាមេរិកត្រូវមើលឃើញថា ផលប្រយោជន៍ដែលខ្លួនលក់គ្រឿងចក្រត្រាក់ទ័រ មិនមែនសម្រាប់តែទៅប្រទេសណា ឬក្រុមហ៊ុនណាទេ តែក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជាក៏ទិញត្រាក់ទ័រ(របស់)អាមេរិកយកមកភ្ជួរនៅកម្ពុជាដែរ។
ដាក់ទណ្ឌកម្មសេដ្ឋកិច្ច អាចស្លាប់ខ្លួនឯង
គ្រាន់តែក្រុមហ៊ុន ដ្យនឌារ មួយ លក់ត្រាក់ទ័រអោយក្រុមហ៊ុន Rui Feng ១០ លានដុល្លារអាមេរិក … ពិភពលោកនេះ ចំណុះអោយគ្នា កុំនិយាយឡើងរឿងទណ្ឌកម្មសេដ្ឋកិច្ច។ ទណ្ឌកម្ម(សេដ្ឋកិច្ច)នេះណា ជួនកាលងាប់ខ្លួនឯងទៀត។ លើការជាក់ស្ដែង ប្រទេសនៅអឺរ៉ុប ខ្ញុំមិនបញ្ចេញឈ្មោះទេ។ ប៉ុន្តែរដ្ឋមន្រ្តីការបរទេស គេមកនិយាយជាមួយខ្ញុំថា គ្រាន់តែដាក់ទណ្ឌកម្មលើរុស្ស៊ីភ្លាម គេខាត ២ ពាន់លានដុល្លារ។ គេថា មិនដឹងធ្វើម៉េច។ អឺរ៉ុបអត់សូវមានសេរីភាពនិយាយទេ ព្រោះប្រទេសតូចៗ អត់សូវមានសេរីភាព។ ខ្ញុំថា អញ្ចឹងអន់ជាងអាស៊ាន។ អាស៊ានតូច អាស៊ានក្រ ប៉ុន្តែអាស៊ាននិយាយ។ ប៉ុន្តែប្រទេសហ្នឹង គាត់មកខ្សឹបថា អត់សូវមានសេរីភាពនិយាយទេ។ ឥឡូវកសិករខ្ញុំខាត ២ ពាន់លានដុល្លារ ព្រោះកសិកររបស់ប្រទេសហ្នឹងធ្លាប់តែលក់កសិផលទៅអោយរុស្ស៊ី ដល់គេដាក់ទណ្ឌកម្មលើរុស្ស៊ី គឺកសិផលហ្នឹងគ្រវាត់ចោល។ លក់មិនចេញ។ ខាត ២ ពាន់លានដុល្លារ។ ហ្នឹងហើយ នយោបាយទណ្ឌកម្ម។ ល្មមឈប់លេងហើយ។
ត្រូវរក្សាព្រៃទុក កូនអាង និងដាំឈើបន្ថែមក្នុងកសិដ្ឋាននេះ
ខ្ញុំលើកទឹកចិត្ត អម្បាញ់មិញសុំអោយក្រុមហ៊ុនបន្តនៃការងារនេះតទៅទៀត។ អម្បាញ់មិញ ខ្ញុំជិះមក ខ្ញុំឃើញការរក្សាទុកព្រៃ ព្រោះធម្មតា ក្រសួងកសិកម្ម គេឃ្វាលទុកអោយថា តំបន់នេះ ព្រៃនេះត្រូវទុក។ រក្សាទុកព្រៃ រក្សាទុកគេហៅថា កូនអាង។ អាកូនអាង មិនត្រឹមតែរក្សាទុកទេ ត្រូវជីកវាអោយជ្រៅទៀត ដើម្បីបានទឹក។ ព្រៃដែលលោករក្សាទុកនៅក្នុងកសិដ្ឋាន ត្រូវដាំឈើបន្ថែម ដើម្បីអោយឈើហ្នឹងលូតលាស់ឡើងនៅក្នុងទំហំផ្ទៃដីដែលបានឆ្វៀលទុក អោយទៅជាតំបន់ព្រៃត្រូវរក្សានៅក្នុងកសិដ្ឋានរបស់យើង។ … ខ្ញុំព្រះករុណាខ្ញុំ គិតថា មិនយកពេលវេលាច្រើនធ្វើសេចក្ដីថ្លែងការណ៍នោះទេ … ប៉ុន្តែក៏មានតម្រូវការដែលក្រុមហ៊ុនក៏បានជួយ ក្នុងនោះ៖ សាលាបឋមសិក្សា ឆែប ឃុំឆែប ស្រុកឆែប ត្រូវការសាលាបឋមសិក្សាមួយខ្នង ៦ បន្ទប់ ជូនតាមបំណង។ សាលាបឋមសិក្សាស្អាង ភូមិស្អាង ឃុំជ័យសែន ក៏ត្រូវការសាលាមួយខ្នង ៦ បន្ទប់ ក៏ជូនតាមសំណូមពរដែរ។ វិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ក៏ត្រូវការ ១ ខ្នង ៦ បន្ទប់ បន្ទប់ ក៏ជូនតាមសំណូមពរដែរ … ហ្នឹងហើយជាផលប្រយោជន៍ដែលយើងទទួលបានពីសមាហរណកម្ម និងសុខដុមនីយកម្មរវាងការវិនិយោគ ជាមួយនឹងប្រជាពលរដ្ឋដែលនៅជិតខាង។ បើលោកប្រឹងប្រែងជួយខាងវិស័យអប់រំ និងសុខាភិបាល ប្រជាជនកាន់តែមានចំណេះដឹង មានសុខភាពល្អ មកធ្វើការនៅក្នុងរោងចក្រ នៅក្នុងកសិដ្ឋាន ទិន្នផលនៃការងារគឺខ្ពស់។ ដូច្នេះ គួរតែជួយបន្ថែមទៀតទៅលើវិស័យសុខាភិបាល និងអប់រំ នៅក្នុងខេត្តព្រះវិហារ …។
ការបង្កហេតុអំពីហ្វេសប៊ុក
… ខ្ញុំព្រះករុណាខ្ញុំ អត់មានសារនយោបាយអីទេ។ អ្នកនយោបាយខ្លះ គេលេងមិនគិតថាចូលឆ្នាំ ឬមិនចូលឆ្នាំទេ។ ជេរងាប់។ ប៉ុន្តែ វាមានរឿងមួយ ម្សិលមិញប៊ិះបង្ហោះទៅវិញ។ មើលលើពិភពលោកតើគេ like ឲ្យលោកណានោះ ស្រាប់តែមកចូល Page ខ្ញុំ វាទៅជាអញ្ចឹងទៅ។ កាញ្ញារិទ្ធ មានឃើញឬអត់? ឆ្ងល់ទេ? … ឥឡូវ ខ្ញុំបាន ៣ លាន ៨ សែន (Likes) តិចទៀតចូល ៤ លានទៅហើយ នៅសល់តែប៉ុន្មានម៉ឺនទៀត ស្រាប់តែមានអ្នកណាមួយនោះ គេចូលទៅថា Like ឲ្យលោកណានេះទេ តែទៅចូល Page លោក ហ៊ុន សែន។ … ខ្ញុំត្រូវបានគេបញ្ចូលទៅក្នុង Top 5 ពិភពលោក … អញ្ចឹងតើហ្វេសប៊ុក វាចេះតែដាក់ទិន្នន័យហ្នឹងចូលឬ? នេះគឺជាការបង្កហេតុ។ គេបង្កហេតុមិនចេះឈប់ គេបង្ខំឲ្យខ្ញុំឆ្លើយ តែខ្ញុំគិតថា មិនគួរឆ្លើយទេ។ ពូជស្វាយវាស្វាយ ពូជក្រូចវាក្រូច … ប៉ុន្តែ យើងអត់មានស្អីខ្វល់ទេ (រាំ)ញីកែងជើង។ ឥឡូវ កងពលណាសាកល្បងមុនគេ? ពង្រឹងសាច់ដុំជើងណា។ ឥឡូវគិតរកកុងសង់ស៊ីស ទៅរាំមួយឆាក … រាំឲ្យផ្អើលម្តងមើល ហើយថតបង្ហោះតាមហ្វេសប៊ុកពីហ្នឹងទៅ …។
អរគុណចិន ចំពោះការបើកបង្ហូរទឹកពីទន្លេឡានឆាង លើកទី ៣
… តាមរយៈលោកជំទាវ ប៊ូ ជិនហ្គោ អគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំសូមអរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមួយអាទិត្យមុននេះ បានបើកទឹកពីទន្លេឡានឆាង ទម្លាក់មកទន្លេមេគង្គ ជាលើកទី ៣ ដើម្បីជួយបណ្តាប្រទេសនៅតាមដងទន្លេមេគង្គខាងក្រោម ដែលរួមមានថៃ មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម។ សំណូមពរចំពោះថៃ និងឡាវ ដែលនៅខាងលើ កុំប្រើច្រើនពេក ទុកឲ្យវាហូរចូលមកដល់កម្ពុជា និងវៀតណាមផង។ ធាតុអាកាសឆ្នាំនេះ គឺអាក្រក់ណាស់។ រលកកំដៅរបស់យើងឡើងដល់ ៤០ អង្សារ ហើយបើនៅស្ទឹងត្រែងឡើងដល់ ៤២ អង្សារ។ ប៉ុន្តែ យើងមិនទាន់មានគ្រោះថ្នាក់ដល់ជីវិតទេ។ នៅទីនេះ មានត្រឹមរបួស ហើយម្សិលមិញ នៅកំពត ក៏មានបញ្ហា នៅមណ្ឌលគិរីក៏មានបញ្ហា។ ខ្យល់កន្ត្រាក់ហ្នឹង នៅបន្តសកម្មភាពនៅប៉ុន្មានរយៈពេលខាងមុខទៀត។ ទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ជាមួយនឹងពេលដែលមានខ្យល់កន្ត្រាក់ មកទាំងភ្លៀងធ្លាក់ទឹកកកទៀត នេះជាបាតុភូតធម្មជាតិ ដែលមិនមែនមានតែនៅកម្ពុជាទេ មាននៅក្នុងតំបន់របស់យើង។ ប៉ុន្តែ មានប្រទេសខ្លះត្រូវបានវាយប្រហារដោយការរញ្ជួយផែនដី។ សូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ដែលអាចឆេះដល់ផ្ទះរបស់ខ្លួន ឬឆេះដល់ចម្ការ ភ្លើងឆេះព្រៃ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្ន …៕