ខ្ញុំធ្លាប់បាននិយាយហើយថា ក្នុងសម័យសង្គ្រាម ប្រជាជន ពិសេសយុវជន គឺជាចំណាប់ខ្មាំងនៃសង្គ្រាម គ្មានផ្លូវទី៣ សំរាប់ជ្រើសរើសនោះឡើយ។ ខ្ញុំសំរេចចិត្តដើរតាម សម្តេចព្រះ នរោត្តម សីហនុ ប្រឆាំងរដ្ឋប្រហារខុសច្បាប់របស់ពួក លន់ នល់ និងការឈ្លានពានរបស់កងទ័ពអាមេរិក និងវៀតណាមខាងត្បូង។
ក្រោយម៉ោង ៦ ព្រឹក ថ្ងៃ ១៦ មេសា ១៩៧៥ ខ្ញុំត្រូវរបួសជាលើកទី ៥ និងជាលើកចុងក្រោយនៃការប្រយុទ្ធ ១០៥ លើក ក្នុងរយៈពេលសង្គ្រាម ៥ ឆ្នាំ ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥។ ខ្ញុំសន្លប់ពីថ្ងៃ ១៦ មេសា រហូតថ្ងៃ ២១ មេសា។ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ហើយពាក្យខិតខំការពារឱ្យដូចការពារប្រស្រីភ្នែកមិនមែនជាភាសាដែលខ្ញុំត្រូវនិយាយទៀតទេ ព្រោះខ្ញុំបាត់បង់ប្រស្រីភ្នែកខ្លួនឯងរួចទៅហើយ។
ក្នុងដំណាក់កាលព្យាបាល គ្រូពេទ្យតម្រូវអោយវះយកគ្រាប់ភ្នែកខ្ញុំចេញ ដោយមិនមានថ្នាំសណ្ដំ និងថ្នាំស្ពឹកគ្រប់គ្រាន់(ឈឺខ្លាំងណាស់)។ ក្រៅពឺឈឺចាប់ដោយសាររបួស នូវមានការឈឺចាប់ខាងផ្លូវចិត្តថែមទៀត។ នោះគឺការទទួលព័ត៌មានខុសថា គ្រូពេទ្យក្រមុំ រ៉ានី បានរៀបការជាមួយបុរសផ្សេងរួចទៅហើយ។
កំហឹងលើរឿងនេះ ខ្ញុំគ្រប់គ្រងលើខ្លួនឯងលែងបានហើយ។ ខ្ញុំជេរ រ៉ានី តាមចិត្តខ្ញុំចង់ ជេរឮ ជេរខ្សឹបព្រោះគាត់មិននៅជិតខ្ញុំឯណា។
ក្រោយពីដឹងរឿងពិតថា រ៉ានី មិនទាន់រៀបការ ហើយនៅតែស្រឡាញ់ខ្ញុំ ទោះខ្ញុំធ្លាក់ខ្លួនពិការក៏ដោយ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ បន្ទាប់មក ខ្ញុំបានទទួលព័ត៌មានមួយទៀតថា ឪពុកម្តាយរបស់ខ្ញុំត្រូវបានគេជំលៀសចេញពីភូមិកំណើតទៅកាន់តំបន់ថ្មីដែលត្រូវលត់ដំ ព្រោះឪពុករបស់ខ្ញុំជាអ្នកជាប់និន្នាការនយោបាយពីសង្គមរាស្ត្រនិយម ដោយគាត់ធ្លាប់ធ្វើមេកងជីវពលឃុំមុនឆ្នាំ ១៩៧០។ ព័ត៌មាននេះបានជំរុញឱ្យខ្ញុំរៀបចំផែនការតស៊ូវាយ ប៉ុល ពត តាំងពីខ្ញុំព្យាបាលនៅក្នុងមន្ទីរពេទ្យមកម្ល៉េះ៕