ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គុំ សម្ដេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ!
ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!
ផ្កាយចោរ និងផ្កាយព្រឹក មិនអាចជួបគ្នាបានទេ
អម្បាញ់មិញ ឯកឧត្តមអគ្គរាជទូតបានចូលរួមនូវការសោកស្ដាយមរណទុក្ខចំពោះមរណភាពបងប្រុសរបស់ខ្ញុំ។ ពិតមែនតែឥឡូវនេះ ការសោកសង្រេងវាមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្ដែ ខ្ញុំគិតថា ត្រូវទុកវាមួយអន្លើសិនដើម្បីចូលរួមជាមួយបងប្អូនពលរដ្ឋរបស់យើង ដែលបានធ្វើដំណើរយ៉ាងឆ្ងាយពីបណ្ដារដ្ឋនានា ក្នុងសហរដ្ឋអាមេរិក ក៏ដូចជាការធ្វើដំណើរពីចម្ងាយមកពីកាណាដា ដើម្បីជួបជុំនៅថ្ងៃនេះ។ ប៉ុន្មានឆ្នាំនេះ ដោយសារកូវីដ-១៩ ការធ្វើដំណើររបស់ខ្ញុំមកកាន់អង្គការសហប្រជាជាតិ ក៏មិនបានធ្វើតាំងពីឆ្នាំ ២០១៨។ ពិតមែនតែពេលនោះតួនាទីយើងនៅឆ្នាំ ២០១៩-២០២០ យើងជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ក៏ប៉ុន្ដែ ឧបនាយករដ្ឋមន្ដ្រីការបរទេស ប្រាក់ សុខុន ត្រូវ(ទទួលភារៈ)បំពេញជំនួស។ យើងនៅឆ្ងាយពីគ្នាដល់ជាង ១ ម៉ឺនគីឡូម៉ែត្រ ប៉ុន្ដែយើងអាចជួបគ្នាបាននៅថ្ងៃនេះ។ បញ្ហាសិ្ថតនៅត្រង់ថា តើយើងចង់ជួបគ្នាឬអត់? មានតែភ្នំទេ ដែលមិនអាចជួបគ្នាបាន។
ប្រសិនបើផ្កាយវិញ គឺមានផ្កាយព្រឹកនិងផ្កាយចោរទេ ដែលវាមិនដែលជួបគ្នានៅពេលណាឡើយ។ នៅពេលដែលផ្កាយចោរបង្ហាញខ្លួន គឺផ្កាយព្រឹកមិនទាន់រះ។ ឯនៅពេលដែលផ្កាយព្រឹករះហើយ គឺពិតជាផ្កាយចោរបាត់មុខ។ ទោះបីផ្កាយចោរបានបេ្ដជ្ញាថា ពេលដែលខ្ញុំមកវ៉ាស៊ីនតោន ឱ្យខ្ញុំធាក់ពីរបីជើង។ មិនមែនជាការដៀមដាមអ្វីទេ ក៏ប៉ុន្ដែវាជារឿងពិតដែលបានកើតឡើង។ វាក៏មានចំណុចខ្លះ ដែលថាយើងមិនអាចជួបគ្នាបាន។ មនុស្សអាចជួបគ្នាបាន ហើយមនុស្សក៏មិនអាចជួបគ្នាបានដែរ។ វាប្រៀបដូចជាផ្កាយចោរនិងផ្កាយកូនមាន់ ដែលវានៅឆ្ងាយពីគ្នា។ កាន់តែឆ្ងាយទៅទៀត ព្រះតេជព្រះគុណចំណាំមើល តែកាលណាផ្កាយចោររះគឺមិនឃើញផ្កាយព្រឹកទេ។ តែកាលណាផ្កាយព្រឹករះ ផ្កាយចោររត់។ ឥឡូវនេះ ផ្កាយព្រឹកកំពុងបង្ហាញខ្លួននៅទីនេះជាមួយបងប្អូនយើង ដែលបានធ្វើដំណើរពីចំងាយមកជួប។
បងប្អូនច្បាស់ជាចង់ដឹងអំពីស្ថានភាពពិតក្នុងប្រទេស
អនុញ្ញាតឱ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ ក៏ដូចជា សម្ដេចម៉ែ ព្រះអង្គមានព្រះរាជបណ្ដាំផ្ដាំផ្ញើតាមរយៈខ្ញុំ ផ្ញើជូនបងប្អូនទាំងអស់ ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមកជួបជុំគ្នានៅទីនេះ។ នេះជាព្រះរាជបណ្ដាំរបស់ព្រះអង្គ ដែលតែងតែផ្ដាំផ្ញើតាមរយៈខ្ញុំជូនចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើងនៅក្នុងប្រទេស/ក្រៅប្រទេស។ ខ្ញុំពិតជាយល់ច្បាស់ថា បងប្អូនមិនទាន់ប្រាកដថា តើឥឡូវឱ្យខ្ញុំនិយាយច្បោលៗ ឬចង់ដឹងព្រឹត្ដិការណ៍ពិត ព្រោះខ្ញុំត្រូវនិយាយច្រើន។ ប្រសិនបើចង់ដឹងរឿងពិត រឿងពិត យើងត្រូវពន្យល់ឱ្យវាច្បាស់។ ប្រសិនបើច្បោលៗ តាមពិធីការ អាហ្នឹង គឺតាមរបៀបពិធីការ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរបស់យើងមកទីនេះ មិនមែនមកដើម្បីគ្រាន់តែជួបមុខ ហ៊ុន សែន ប៉ុណ្ណោះទេ ក៏ប៉ុន្ដែបងប្អូនពិតជាចង់ដឹងនូវអ្វីដែលជាស្ថានភាពពិតនៅក្នុងប្រទេស។
បងប្អូនមួយចំនួនបានទៅលេងស្រុកហើយ ប៉ុន្ដែ(បងប្អូនមួយចំនួន)ក៏ដឹងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ជាភ័ព្វសំណាងយើងហើយ ដែលបច្ចេកវិទ្យាព័ត៌មាន ជាពិសេសខាងផ្នែកអនឡាញនេះ វាបានកើតមុនសម័យកូវីដ-១៩។ ប្រសិនបើប្រព័ន្ធអនឡាញនេះ មិនបានកើតមុនដំណាក់កាលកូវីដ-១៩ ប្រហែលជាពិភពលោកលំបាក។ នៅពេលដែលកូវីដ-១៩ បានចាប់ផ្ដើម វាក៏បង្កឱ្យមានការជឿនលឿនផ្នែកបច្ចេកវិទ្យានេះសម្រាប់ការជួបគ្នា។ បងប្អូនខ្លះអាចធ្វើជា Video call សម្រាប់ការសន្ទនាមើលមុខគ្នា។ ពិតហើយ នោះជាព័ត៌មានមួយ ប៉ុន្ដែ អ្វីដែលសំខាន់ជាងហ្នឹងទៀត គឺបងប្អូនចង់ជួបខ្ញុំគឺចង់ដឹងអំពីកម្រិតម៉ាក្រូសេដ្ឋកិច្ចនយោបាយ ហើយអាចមានក្របខណ្ឌមីក្រូខ្លះ។
គ្មានអ្នកណាអាចដណ្តើមចិត្តមនុស្សបាន ១០០% នោះទេ
ខ្ញុំគួរចាប់ផ្ដើមពីការសូមអរគុណចំពោះបងប្អូនជនរួមជាតិរបស់យើង ដែលបានចំណាយពេលវេលា/ថវិកា ធ្វើដំ ណើរដ៏វែងឆ្ងាយក្នុងការជួបជុំនៅទីនេះ។ អរគុណណាស់ជាមួយនឹងការគាំទ្រទាំងឡាយ ដែលបងប្អូនតែងតែធ្វើចំពោះប្រទេសជាតិរបស់យើង។ ពិតមែនហើយ នៅលើលោករបស់យើងនេះ ពិតជាមិនមានអ្នកណាមួយ ដែលមានលទ្ធភាពគ្រប់គ្រាន់ដើម្បីនឹងដណ្ដើមយកចិត្តមនុស្ស ១០០% ទេ។ សូម្បីតែព្រះពុទ្ធសាសនា។ គ្មានសាសនាណាមួយ ដែលយកចិត្តមនុស្សបានទាំងអស់ទេ។ ប្រសិនបើមានសាសនាមួយ(ដែលយកចិត្តមនុស្សបានទាំងអស់) វាមិនចាំបាច់មានសាសនាដទៃទេ។ ឧទាហរណ៍៖ បច្ចុប្បន្ននេះ មានសាសនាធំៗ រហូតដល់បួនឯណោះ។ ចំនួនសាសនាដែលមានអ្នកកាន់ច្រើនជាងគេ គឺគ្រឹស្ដសាសនា។ បន្ទាប់(ទៅ)មានឥស្លាមសាសនា ជាសាសនាទី ២។ បន្ទាប់ទៅសាសនាហិណ្ឌូ គឺជនជាតិឥណ្ឌា(ជាអ្នកគោរព) ជាសាសនាទី ៣។ ឯយើងព្រះពុទ្ធសាសនា គឺកម្រិតទី ៤។ មានសាសនាផ្សេងៗទៀត។
ក្នុងសាសនានិមួយៗ សុទ្ធតែមានបែងចែកនិកាយ។ ដូចជាព្រះពុទ្ធសាសនារបស់យើង មានបែងចែក(ជា)ធម្មយុត្ដិកនិកាយ និងមហានិកាយ។ សាសនាឥស្លាមក៏មានចែកជានិកាយស៊ីអាយត៍ និងស៊ុននី។ និកាយក្នុងគ្រឹស្ដសាសនា មានកាតូលិក ប្រូតេស្ដង់ស្អីៗ វាយ៉ាងដូច្នេះឯង។ វាជាដំណើរធម្មជាតិរបស់វា ហើយវាក៏ជាផ្នែកមួយនៃដំណើរប្រជាធិបតេយ្យរបស់ប្រទេសផងដែរ។ អញ្ចឹងទេបានជាខ្ញុំមិនឆ្ងល់ទេ រឿងមានអ្នកគាំទ្រឬអ្នកប្រឆាំង។ កាលពីលោកពូ អ៊ំ ម៉ាណូរិន នៅរស់ គាត់បាននិយាយថា “ក្មួយ! បើកាលណាធ្វើនយោបាយ វាមិនខុសពីការដើរកាត់ព្យុះភ្លៀងទេ។ បើអាចដើរផុតទឹកភ្លៀង ទើបអាចចាត់ទុកថាអ្នកនឹងគ្មានសត្រូវ។ ប៉ុន្ដែ មិនដែលអ្នកណាដើរកាត់ទឹកភ្លៀងហើយដែលមិនទទឹកនោះទេ។ គ្រាន់តែទទឹកច្រើន ឬតិចតែប៉ុណ្ណឹង។ សម្រាប់អ្នកធ្វើនយោបាយក៏ដូចគ្នាដែរ (តែង)មានអ្នកគាំទ្រច្រើន/តិច”។
ហ៊ុន សែន ពិត មិនមែនក្លែងក្លាយ
ថ្ងៃនេះ ហោចណាស់បង្ហាញពីទឹកចិត្តតំណាងឱ្យជាតិសាសន៍មួយ ដែលខ្ញុំគួរតែធ្វើការថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង។ បើទោះបីជាបងប្អូនមកកាន់សហរដ្ឋអាមេរិក មកកាន់កាណាដា ឬមកកាន់បរទេស ដោយប្រភេទណាក៏ដោយ ខ្លះគេចចេញពីសង្គ្រាម ខ្លះគេចចេញពីរបបប្រល័យពូជសាសន៍ បន្ទាប់ទៅមានសង្គ្រាមបន្ដ ទោះបីដោយប្រភេទណា គឺយើងបង្ហាញនូវទឹកចិត្តរបស់យើងគាំទ្រ ដើម្បីរស់នៅដោយសុវត្ថិភាពនៅក្រៅប្រទេស។ ខ្ញុំក៏កំពុងមើលផ្សាយបន្ដផ្ទាល់ខ្លួនឯងតាមហ្វេសប៊ុកផេចរបស់ខ្ញុំ។ ខ្ញុំដាក់ម្ខាងដើម្បីខ្ញុំមើល។ ព្រឹកថ្ងៃមិញក៏មានមនុស្សម្នាក់គឺគេបើកមើលក្នុងហ្វេសប៊ុករបស់យើងផ្ទាល់តែម្ដង មិនដឹងថាអ្នកទាំងឡាយចាប់អារម្មណ៍ឬមិនចាប់អារម្មណ៍ទេ។ ចេញរូបគេមក។ អញ្ចឹង បានសេចក្ដីថា គេមិនចង់ស្ដាប់យើងទេ ប៉ុន្ដែគេបើកមើលយើងដែរ។ ស្អប់ណាស់ តែក៏តាមដានណាស់ដែរ។ ថ្ងៃមិញមានបងប្អូនមួយចំនួនខម្មិនថា អាចង្រៃណាចេះមកចូលមើលដែរ? ឥឡូវប្រហែលប្រើ fake account ដើម្បីបើកមើលហើយ។ តើ ហ៊ុន សែន និយាយពីអី? ថ្ងៃនេះ ហ៊ុន សែន ពិត មិនមែនក្លែងក្លាយទេ។
ជាង ១ ឆ្នាំហើយ ដែលគេបាននិយាយពី ហ៊ុន សែន ស្លាប់។ នៅអាមេរិកនេះ ខ្ញុំសូមបញ្ជាក់បន្តិច ពេលសន្ទនាជាមួយប្រធានាធិបតី និងអនុប្រធានាធិបតី ខ្ញុំគ្រាន់តែធ្វើការដោះដូរ។ គេឱ្យចូលតែ ៥ នាក់ទេ សមាសភាព គឺអ្នកកត់ត្រា ១ រូប, ពិធីការ ១ រូប, (អ្នក)ការពារ ១ រូប, អ្នកបកប្រែ ១ (រូប)។ ខ្ញុំបានដាក់ឱ្យដូរ(អ្នក)ការពារ ១ នាក់ ដោយសារពិធីការរបស់ខ្ញុំមួយនេះ … ជាជើងការ៉ាតេនៅស្រុកបារាំង។ ដូច្នេះ គេអាចប្រើប្រាស់បានទាំងផ្នែកពិធីការផង និងធ្វើការងារផ្សេងៗផងខាងបច្ចេកវិទ្យា។ ចំពោះអ្នកថត គ្រាន់តែអាមួយកាន់កាមេរ៉ាថតរូប មួយកាន់ទូរទស្សន៍។ ដល់អញ្ចឹងអ្នកកាន់ទូរទស្សន៍អត់បានចូល។ ចូលបានអ្នកថតរូប។ អញ្ចឹង សួរថា ហ៊ុន សែន ពិត ឬ ហ៊ុន សែន ក្លែងក្លាយ? ហ៊ុន សែន បានងាប់ទៅហើយ បើតាមព័ត៌មានដែលគេអះអាងពីស្រុកបារាំង។ នៅអាមេរិកនេះ បើតាមខ្ញុំបានដឹង គឺគេជប់លៀងទៅទៀត។ នេះវាអគុណធម៌ពេកហើយ។ ការស្លាប់វាជាការស្លាប់ទៅហើយ ទៅយកកម្មយកពៀរអីគ្នាទៀត? វាជាស្ថានភាពជាតិរច្ឆានទៅវិញទេ …។
ឥឡូវនេះ ខ្ញុំគួរចាប់ផ្ដើមពីសភាពការណ៍ក្នុងប្រទេសដោយសង្ខេប ដើម្បីអាច(បងប្អូនដឹង) តើសភាពការណ៍ក្នុងប្រទេសវិវឌ្ឍរបៀបម៉េច? ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ផងដែរថា នៅខាងលើនេះ ជានិមិត្តរូបនៃការគោរពចាស់ទុំ ខ្ញុំក៏អញ្ជើញលោកពូ ម៉ក់ ហឺន និងអ្នកមីងឡើងមកលើវេទិកាកិត្ដិយសនេះដើម្បីតំណាងចាស់ទុំ ព្រោះយើងនៅទីនេះគឺជាខ្មែរដូចគ្នា។ គាត់ចូលធ្វើទាហានតាំងពីឆ្នាំ ១៩៥៨ … នៅពេលដែលខ្ញុំទើបមានអាយុ ៦ ឆ្នាំ។ អញ្ចឹងទេ ខ្ញុំចាត់ទុក(គាត់)ជាចាស់ទុំ ទោះបីជាស័ក្ដិរបស់គាត់ក្នុងស័ក្ដិទាហានក៏តូចជាងខ្ញុំដែរ ទោះខ្ញុំចូលទាហានក្រោយ ប៉ុន្ដែស័ក្ដិខ្ញុំធំជាង។ ឥឡូវខ្ញុំពាក់ផ្កាយប្រាំ ហើយផ្កាយប្រាំរបស់ខ្ញុំ គឺផ្កាយប្រាំបញ្ជាទ័ព។ ខ្ញុំមិនមែនមេទ័ពទេ គឺជាអ្នកបង្កើតទ័ព។
កម្ពុជា/វៀតណាម៖ ពាណិជ្ជកម្មសំរេចបាន ៤២០០ លានដុល្លារ, ព្រំដែនសំរេចបាន ៩០%
ការដែលខ្ញុំមកយឺតអម្បាញ់មិញ គឺខ្ញុំជួបសន្ទនាជាមួយវៀតណាម ទើបខ្ញុំមានការយឺតបន្ដិច។ ការជួបនោះមានសារៈសំខាន់ខ្លាំងណាស់ដោយសារទំហំពាណិជ្ជកម្មរបស់យើង ៤ ខែដើមឆ្នាំនេះសម្រេចបាន ៤ ២០០ លាន(ដុល្លារ)។ មួយផ្នែកទៀត ក្នុងឆ្នាំ ២០១៩ យើងសម្រេចការបោះបង្គោលព្រំដែនបាន ៨៤ ភាគរយ។ ឥឡូវការចរចារវាងគណៈកម្មការព្រំដែន(ប្រទេស)ទាំងពីរ បានសម្រេច ៦ ភាគរយបន្ថែមទៀត បូកសរុបទៅបាន ៩០ ភាគរយ។ ក្នុងចំណុចនេះ ខ្ញុំសូមនិយាយបន្ដិចថា បើគង់តែឱ្យដីគេដដែលម៉េចចាំបាច់ចរចាយូរឆ្នាំម្ល៉េះ? និយាយឱ្យច្បាស់កន្លែងហ្នឹង។ ចាំបាច់អីចុះហត្ថលេខាម្ដងបាន ៨៤ ភាគរយ ឥឡូវសម្រេចបាន ៦ ភាគរយទៀត ហើយឯកភាពគ្នាចុះហត្ថលេខានៅក្នុងឆ្នាំ ២០២២ ដែលយើងត្រួតពិនិត្យបានច្បាស់លាស់ ត្រូវបោះបង្គោលឱ្យត្រឹមត្រូវ។ បង្គោលនីមួយៗ សុទ្ធតែមានចាប់តាមផ្កាយរណបបាន។ គេចេះតែថា ហ៊ុន សែន លក់ដីៗ ឥឡូវដីនៅកន្លែងណាដែល ហ៊ុន សែន លក់? បើគង់តែឱ្យដដែល ចាំបាច់ទៅចរចាមួយតឹកមួយផឹងធ្វើអី?
ម្សិលមិញខ្ញុំឆ្លៀតសួរលោកពូ ម៉ក់ ហឺន ពីតំបន់ផ្លេគូ។ ខ្ញុំសួរលោកពូថា កាលពីលោកពូជម្លៀសទៅកន្លែងហ្នឹង ដែលកងទ័ពរំដោះចូលទៅ តើដីវៀតណាមឬដីខ្មែរ? គាត់ឆ្លើយថាដីវៀតណាម។ ខ្ញុំអត់ទាន់ទទួលស្គាល់ថាដីវៀតណាមទេ ព្រោះតែអគ្គទេសាភិបាលឥណ្ឌូចិនបានចេញសេចក្ដីសម្រេចមួយនៅឆ្នាំ ១៩១៨ ឱ្យគូសគំនូសខ្សែព្រំដែនផែនទីតាម ដាក់ហួត។ ប៉ុន្ដែដល់បារាំងគូសផែនទី គូសតាម ដាក់ដំា។ យើងបានយកផែនទីនោះទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ ហើយលើការជាក់ស្ដែង លោកពូ ម៉ក់ ហឺន គាត់ទៅវៀតណាម គេនៅទីនោះយូរហើយ។ ប៉ុន្ដែ យើងនៅតែបន្ដការ(ចរចា)។ រដ្ឋធម្មនុញ្ញយើងកំណត់ថា ១៩៣៣ ដល់១៩៥៣ អញ្ចឹង នេះជាចំណុចដែលរដ្ឋធម្មនុញ្ញយើងកំណត់។ ខ្ញុំទាមទារទៅដល់ ១៩១៨។ អគ្គទេសាភិបាលឥណ្ឌូចិនជាអ្នកចេញសេចក្ដីសម្រេច ដល់អ្នកគូសផែនទីគូសខុស។ យើងត្រូវបន្ដការចរចា។ នៅសល់ ១០ ភាគរយ មានមួយផ្នែកស្ថិតនៅក្នុង ដាក់ដាំ និង ដាក់ហួត (ឬ)ផ្លេគូហ្នឹង។
ពង្រឹងពង្រីកពាណិជ្ជកម្មកម្ពុជា/វៀតណាម កម្ពុជា/ថៃ កម្ពុជា/ឡាវ
អម្បាញ់មិញ ត្រូវសន្ទនាគ្នាអំពីការពង្រឹងពាណិជ្ជកម្ម (ការ)វិនិយោគដែលភាគច្រើនក្នុងរយៈ(ពេល) ៣ ឆ្នាំចុងក្រោយនេះ (ឆ្នាំ)២០២០-២០២១ យើងសម្រេច(ទំហំពាណិជ្ជកម្ម)ទៅដល់ ៩ ៥០០ លាន(ដុល្លារ)។ ឥឡូវ ៤ ខែនេះ (យើង)សម្រេចបាន(ទំហំពាណិជ្ជកម្មរហូតទៅដល់) ៤ ២០០ លាន(ដុល្លារ)។ អញ្ចឹង អាចឆ្នាំនេះឡើងដល់ ១០ ពាន់លាន(ដុល្លារ) ហើយទំហំ(ពាណិជ្ជកម្ម) ដែលយើងនាំទៅវៀតណាម គឺច្រើនជាងវៀតណាមនាំចូលមកកម្ពុជាវិញ។
យើងត្រូវសន្ទនាគ្នាក្នុងឋានៈ(ជា)ប្រទេសជិតខាង ជាមួយនឹងប្រទេសជិតខាង មិនមែនគ្រាន់តែជាមួយប្រទេសវៀតណាមទេ ត្រូវធ្វើជាមួយ(ប្រទេស)ឡាវ/ថៃ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម។ ទំហំពាណិជ្ជកម្ម រវាងយើងជាមួយថៃ ឡើងដល់ទៅ ១១ ពាន់លាន(ដុល្លារ)។ ប៉ុន្តែ យើងគិតអំពីការនាំចូលពីថៃមកកម្ពុជា គឺមិនមានតុល្យភាពគ្នាទេ។ ក្នុងចំណោម ១១ ពាន់លានដុល្លារនេះ នាំចូលពីថៃរហូតដល់ ៩ ពាន់លាន(ដុល្លារ) យើងនាំទៅថៃបានត្រឹមតែ ២ ពាន់លាន(ដុល្លារ)ទេ។ ប៉ុន្តែ យើងមើលតម្រូវការក្នុងស្រុករបស់យើង គឺសម្ភារៈសំណង់ ក៏ដូចជា បញ្ហាប្រេងឥន្ធនៈ គឺដើម្បីនាំចូលមកកាន់កម្ពុជា។
ការគ្រប់គ្រង/ចាត់ចែងត្រូវ នាំកម្ពុជាអោយឈានដល់ សូន្យកូវីដ-១៩ ចំនួន ៥ ថ្ងៃជាប់គ្នា
ឥឡូវ ខ្ញុំចង់និយាយអំពីស្ថានការណ៍កូវីដ-១៩ នៅកម្ពុជាយ៉ាងម៉េចហើយ? ថ្ងៃនេះ ខ្ញុំបានទទួលព័ត៌មានរួចហើយ។ យើងឈានដល់ដំណាក់កាលសូន្យកូវីដ-១៩ (រយៈពេល) ៥ ថ្ងៃជាប់គ្នា។ នេះមិនមែនជាបញ្ហាការប្រយុទ្ធធម្មតាទេជាការប្រយុទ្ធមួយដ៏តានតឹង។ សុំយកឱកាសនេះ អរព្រះគុណនិងអរគុណចំពោះព្រះសង្ឃ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលទទួលយកនូវវិធានការរបស់រាជរដ្ឋាភិបាល តាមរយៈវិធានការ “៣ កុំ ៣ ការពារ” (ក៏ដូចជា) វិធានការនានាផ្នែកសុខាភិបាល ដែលបានដាក់ចេញ ជាពិសេស … យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់យើង។ ចំណុចនេះ ពេលចាប់ផ្តើម មានការមើលស្រាលពីសំណាក់បរទេសខ្លះ ឬអ្នកយកព័ត៌មានខ្លះ អំពីភាពទន់ខ្សោយរបស់កម្ពុជាទៅលើការគ្រប់គ្រងកូវីដ-១៩ ឬសមត្ថភាពឆ្លើយតបរបស់កម្ពុជា។ គេនិយាយថា ប្រព័ន្ធសុខាភិបាល(កម្ពុជា)ទន់ខ្សោយ។
មកដល់ពេលនេះ យើងអាចយកការសន្និដ្ឋានបានហើយថា ប្រព័ន្ធសុខាភិបាលជឿនលឿនមិនប្រាកដថាឈ្នះកូវីដ-១៩ ទេ។ ប្រព័ន្ធសុខាភិបាលទន់ខ្សោយ មិនប្រាកដថាចាញ់កូវីដ-១៩ ដែរ។ លើការជាក់ស្តែង កម្ពុជា និងបណ្តាប្រទេសអាហ្វ្រិកជាច្រើនជាប្រទេសក្រីក្រ ហើយប្រព័ន្ធសុខាភិបាលខ្សោយ ក៏ប៉ុន្តែចំណុចវាស្ថិតនៅត្រង់ការគ្រប់គ្រង/ចាត់ចែងប្រយុទ្ធជាមួយវា។ ខ្ញុំជួបជាមួយអគ្គលេខាធិការហ្វ្រង់កូហ្វូនី (លោកស្រី Louise Mushikiwabo) ខ្ញុំបានសួរ(គាត់)ថា តើវិធានការអីខ្លះដែលបណ្តាប្រទេសអាហ្វ្រិកប្រកាន់យក? គាត់ជាជនជាតិ Rwanda។ គាត់និយាយមានហេតុមានផល (ហើយ)ក៏ជាវិធានការដែលរាជរដ្ឋាភិបាលប្រកាន់យក។
អញ្ចឹង យើងឃើញនៅសហរដ្ឋអាមេរិក គឺគេចាត់ទុកថាជា មហាអំណាចបច្ចេកវិទ្យា នៅបារាំង/អាឡឺម៉ង់ (និង)នៅប្រទេសដទៃទៀត (មាន)មនុស្សស្លាប់ច្រើន។ កម្ពុជាយើង(ក៏អាចនឹង)ធ្លាក់នៅក្នុងមហន្តរាយ បើសិនជាយើងមិនមានវិធានការត្រឹមត្រូវ ហើយប្រជាជន(មិន)ចូលរួម។ វិធានការត្រូវហើយ តែបើប្រជាជនអត់ចូលរួម ក៏អត់ជោគជ័យដែរ។ អញ្ចឹង ខ្ញុំត្រូវតែថ្លែងអំណរគុណ ចំពោះព្រះសង្ឃ/បងប្អូនជនរួមជាតិ ដែលបានចូលរួមអនុវត្តនូវវិធានការ ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាលដាក់ចេញ។
វ៉ាក់សាំងនៅកម្ពុជា មិនមាននិន្នាការនយោបាយ ពូជសាសន៍ សាសនា តំបន់
យើងបានប្រឹងប្រែងខិតខំរកវ៉ាក់សាំង(មកចាក់ជូនប្រជាពលរដ្ឋ)។ ខ្ញុំសុំជម្រាបជូនបងប្អូន(ថា) វ៉ាក់សាំងនៅកម្ពុជា (ដែលអាច)ចាត់ទុកថាជាជោគជ័យបំផុត នៅត្រង់អី? គឺវ៉ាក់សាំងអត់មានពណ៌សម្បុរនៅទីនោះទេ។ វ៉ាក់សាំងអត់មាននិន្នាការនយោបាយ អត់មានបែងចែកពូជសាសន៍ អត់មានបែងចែកសាសនា អត់មានបែងចែកតំបន់។ បានសេចក្តីថា យើងផ្គត់ផ្គង់វ៉ាក់សាំងគ្រប់មនុស្សទាំងអស់ដែលនៅលើទឹកដីកម្ពុជា។ អ្នកការទូត (អ្នកធ្វើការឱ្យ)អង្គការក្រៅរដ្ឋាភិបាលបរទេស អ្នកធ្វើវិនិយោគបរទេស ទទួលយកវ៉ាក់សាំងដោយគ្មានការគិតថ្លៃ។ ខ្ញុំក៏សុំបញ្ជាក់ ហេតុអ្វីបានជាប្រទេសដទៃទទួលបានវ៉ាក់សាំង ប៉ុន្តែនៅតែឆ្លង? បញ្ហាតែខុសពីដើមទីហើយ គឺនឹងខុសរហូត បើសិនជាគ្មានការកែតម្រូវ។ កម្ពុជាបានចេញដំណើរជាមួយនឹងប្រទេសដទៃដូចគ្នា ប៉ុន្តែកម្ពុជាមានភាពសុំាសហគមន៍រឹងមាំ។ ចំណុចនេះ ជាចំណុចដែលអាចផ្តល់ជាពិសោធន៍ សម្រាប់ប្រទេសនានា ដែលចង់យល់/ដឹង អំពីអ្វីទៅដែលជាជោគជ័យរបស់កម្ពុជា។
មេបញ្ជាការប្រយុទ្ធក្នុងសមរភូមិយោធា គឺងាយនៅក្នុងការបញ្ជាជាង ដោយយើងមើលឃើញថា សត្រូវមកពីខាងណាអីខាងណា ប៉ុន្តែការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ មើលអត់ឃើញទេ។ ប្រទេសនានាបែងចែកវ៉ាក់សាំងទៅតាមសមាមាត្រប្រជាពលរដ្ឋ។ ដូចជាប្រទេសកម្ពុជាអញ្ចឹង បើសិនជាបានវ៉ាក់សាំងស្មើនឹង ១០ ភាគរយ នៃចំនួនប្រជាជន ចាប់ផ្តើមចែក ១០ ភាគរយទៅ ដូចជារាជធានីភ្នំពេញក៏ ១០ ភាគរយ។ ទៅខេត្តនានាក៏ ១០ ភាគរយ ទាំងអស់។ អញ្ចឹង ដល់ពេលយកទៅចាក់កន្លែងណាក៏ ១០ ភាគរយទាំងអស់។ អញ្ចឹង អ្នកបានចាក់ ១០ ភាគរយ អ្នកអត់បានចាក់ ៩០ ភាគរយ តើរកភាពសុំាសហគមន៍ចេញពីត្រង់ណាទៅ? (ឧទាហរណ៍ថា) ១០០ នាក់ចូលប្រជុំ ១០ នាក់ ជាអ្នកបានចាក់វ៉ាក់សាំង ហើយ ៩០ នាក់ (ផ្សេងទៀត)អត់បានចាក់(វ៉ាក់សាំង)។ បន្ទាប់ទៅថែម ៣០ ភាគរយ(ទៀត) ៣០ នាក់ បានចាក់(វ៉ាក់សាំង) ឯ ៧០ នាក់ (ទៀត)អត់(បានចាក់វ៉ាក់សាំង)។ អញ្ចឹង ភាពសុំាសហគមន៍ចេញមកពីត្រង់ណា?
អភិក្រមផ្ការីក ធ្វើអោយការចាក់វ៉ាក់សាំងបានគ្របដណ្តប់ ៩៣ ភាគរយនៃចំនួនប្រជាជន
ផ្ទុយទៅវិញ កម្ពុជាអនុវត្តតាម(វិធីសាស្ត្រ) ខ្ញុំជាអគ្គបញ្ជាការប្រយុទ្ធនឹងកូវីដ-១៩ … អនុវត្តអភិក្រមផ្ការីក។ អ្វីទៅជាអភិក្រមផ្ការីក? យើងចាក់ស្រោចនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលឱ្យជោគជាំសិន។ ពេលនោះអភិបាលខេត្តនានាបានលើកសំណូមពរមកខ្ញុំ សុំយកប៉ុណ្ណេះទៅចាក់កន្លែងនេះ/នោះ។ ខ្ញុំថា អត់ប្រយោជន៍ទេ។ សុំរង់ចាំបន្តិច។ ចាក់ស្រោចនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល។ ពេលនោះ (ប្រជាពលរដ្ឋពី)ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង ដែលនៅជាប់ជិតជុំវិញហ្នឹង នាំគ្នារត់មកចាក់។ ខ្ញុំថា ចាក់ទៅឱ្យតែមក។ បន្ទាប់ទៅ យើងបានវ៉ាក់សាំងចូលទៅខេត្តណាមួយ ចេះតែបន្ត រហូតទៅដល់ឥឡូវនេះ វ៉ាក់សាំងបានគ្របដណ្តប់រហូតទៅដល់ ៩៣ ភាគរយ នៃចំនួនប្រជាជន។
ដូសទី ៣ កំពុងជម្រុញ និងដំណើរការដូសទី ៤។ ខ្ញុំទទួលដូសទី ៤ រួចហើយ។ ឥឡូវ ខ្ញុំបានដាក់កូនសិស្ស/និស្សិតជិត ៤ លាននាក់ទៀត ទៅក្នុងចំណោមលំដាប់អាទិភាព ដែលត្រូវបានទទួលដូសជម្រុញ។ យើងមិនមែនអួតអាងអីទេ។ យើងជាអ្នកក្រ។ យើងក្រជាទ្រព្យសម្បត្តិ តែយើងមិនក្រចិត្តទេ។ ខ្ញុំសុំជម្រាបដំណាក់កាលទី ១ នៃការចាក់(វ៉ាកសាំង) ជំនួយ(វ៉ាក់សាំង)យើងមានត្រឹមតែ ៧ លានដូសទេ។ ប៉ុន្តែ រាជរដ្ឋាភិបាលត្រូវចេញលុយខ្លួនឯង(ចំនួន) ២៨ ៥០០ ០០០ ដូស យកមកចាក់ឱ្យពលរដ្ឋយើងដោយមិនយកលុយ។ ហ៊ុន សែន ហ៊ានធ្វើដើម្បីការពារជីវិតប្រជាជន ហើយអត់មានប្រកាន់ថា (អ្នក)ត្រូវមកចាក់(ត្រូវ)នៅបក្សណា (គឺ)អត់ទេ។ អត់មានសួរកន្លែងហ្នឹងទេ។ ក្នុងពេលដែលមានឃោសនាអកុសលពីក្រៅប្រទេសចូលទៅ កុំឱ្យចាក់វ៉ាក់សាំង (ថា)ចាក់ទៅវាងាប់។ ប៉ុន្តែល្បែងអស់នេះ(អត់មានប្រសិទ្ធភាពនោះទេ)។
ឥឡូវ (មានប្រជាពលរដ្ឋ)ជិត ១៥ លាននាក់ហើយដែលបានចាក់វ៉ាក់សាំង ដោយមិនទាន់បូកប្រជាពលរដ្ឋដែលបានចាក់នៅក្រៅប្រទេស ដូចជានៅថៃ នៅកូរ៉េ នៅម៉ាឡេស៊ី ឬក៏នៅប្រទេសផ្សេងៗ។ គិតតែអ្វីដែលយើងបានចាក់នៅក្នុងស្រុកប៉ុណ្ណោះ។ ភាពសុំាសហគមន៍យើងរឹងមាំ។ យើងកំពុងតែដំណើរការចាក់(វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ)អាយុ ៣-៤ ឆ្នាំ។ មុននេះ យើងអត់ចាក់ទេ ប៉ុន្តែដោយសារ Omicron វាយលុកទៅរកកូនក្មេង អញ្ចឹងទេយើងចាក់។
មានវ៉ាក់សាំង ១២ លានក្នុងសន្និធិ អាចរំកិលពេលទទួលជំនួយវ៉ាក់សាំងទៅមុខបន្តិច
យើងខ្ញុំកំពុងតែពិនិត្យថែមទៀត តើអាចដំណើរការចាក់(វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុ) ២ ឆ្នាំ បានអត់? ត្រូវការសិក្សាបន្ថែម។ ឥឡូវនេះ កង្វល់របស់យើង គឺប្រើវ៉ាក់សាំងមិនទាន់អស់។ ចិនបានសន្យាឱ្យ(វ៉ាក់សាំងកូវីដ-១៩)យើង(ចំនួន) ២០ លាន(ដូស) ហើយបានដឹកមកដល់ ៥ លាន(ដូស)ហើយ។ អាមេរិកបានសន្យាឱ្យ(វ៉ាក់សាំងកូវីដ-១៩)យើង ៧,៥ លានដូស។ ដឹកទៅដល់កម្ពុជាចំនួន ២ លាន(ដូស)ហើយ។ នៅជំពាក់យើង ៥ លាន(ដូស)ទៀត។ តែកាលណាគេសន្យា យើងត្រូវចាត់ទុកថាគេឱ្យ។ ជាមួយនឹងអ្វីដែលយើងបានទទួលពីអ៊ីតាលី ពីប៉ូឡូញ ពីហុងគ្រី និងពីអូស្ត្រាលី ពីអ្វីដែលយើងទិញខ្លួនឯង ឥឡូវនេះ យើងនៅសល់(វ៉ាក់សាំងកូវីដ-១៩)ជាង ១២ លានដូស។ អញ្ចឹង បានជាយើងចង់ឱ្យរំកិល ដូចជាពីអាមេរិក អាចរំកិលថែមបន្តិច ទាញពេលទៅក្រោយបន្តិច ព្រោះត្រូវប្រើ ១២ លាន(ដូស)នេះសិន។ បើមិនទាន់អស់ យកទៅបំផ្លាញចោលវ៉ាក់សាំង គឺជារឿងអកុសល។ អញ្ចឹង យើងក៏ត្រូវគិតដែរ កុំឱ្យគេឱ្យមកចេះតែទទួល។
ទទួលយកជំនួយវ៉ាក់សាំងសំរាប់ប្រើជាដូសជំរុញ
ខ្មែរយើងចូលដល់ដំណាក់កាល “អ្នកសុំទានមានលុយអាប់” ហើយ។ ប្រទេសប៉ូឡូញ បានបញ្ជូនទៅមួយសាហើយ តែក៏បានស្នើសុំផ្តល់ឱ្យយើងបន្ថែម ១ លានដូស (ជាប្រភេទ) AstraZeneca។ កម្ពុជាបានប្រាប់ទៅវិញថា AstraZeneca មានកាលបរិច្ឆេទប្រើប្រាស់រយៈពេលតែ ៦ ខែទេ។ យើងពិបាកប្រើ។ អញ្ចឹងសុំខាងប៉ូឡូញផ្តល់ឱ្យយើងជា Johnson & Johnson ឬក៏ជា Moderna។ នេះហើយដែលហៅថា “អ្នកសុំទានមានលុយអាប់” … បើសិនជាយើងយកទៅប្រើមិនអស់ (វាជាការមិនគប្បីក្នុងពេលដែល)ប្រទេសដទៃ កំពុងតែខ្វះខាត … ឥឡូវបណ្តាប្រទេសអាហ្វ្រិក គិតជាមធ្យមទើបនឹងចាក់មិនដល់ ៥០ ភាគរយទេ នៅពេលដែលកម្ពុជាសម្រេចការចាក់វ៉ាក់សាំងពេញលេញដល់ទៅជាង ៩៣ ភាគរយ។ យើងយក(ទទួលយក)ទៅនេះ គ្រាន់តែ(ប្រើ)ជាដូសជម្រុញទេ។ យើងអត់ដឹងថា កូវីដ-១៩ ចប់នៅពេលណាទេ។ ឱ្យចេះតែយក ប៉ុន្តែគ្រាន់តែសុំពន្យារពេល។ បើសិនគេមិនឱ្យយើងក៏ត្រៀមលុយដើម្បីទិញដែរ។
កម្ពុជាមានអត្រាឆ្លងទាបជាងគេបង្អស់ក្នុងចំណោមប្រទេសអាស៊ាន តែមានស្លាប់ច្រើន
ក្នុងដំណាក់កាលកូវីដ-១៩ យើងបានខិតខំស្រោចស្រង់ប្រជាពលរដ្ឋយើងពីគ្រោះមរណៈ ដោយមិនទុកឱ្យប្រជាជនស្លាប់(ដោយអត់មានវ៉ាក់សាំងចាក់នោះទេ)។ យើងមានអ្នកស្លាប់ ក៏ប៉ុន្តែប្រៀបធៀបជាមួយនឹងប្រទេសជឿនលឿន កម្ពុជាមានចំនួនអ្នកស្លាប់តិច។ ឥឡូវនេះ ប្រទេសនៅក្នុងអាស៊ាន ប្រទេសកម្ពុជា គឺជាប្រទេស ដែលមានអ្នកឆ្លង(កូវីដ-១៩)តិចជាងគេ ក្នុងចំណោម ១០ (ប្រទេស)ហ្នឹង។ ប្រ៊ុយណេមានប្រជាជនតែ ៤៤ ម៉ឺននាក់ទេ តែឆ្លង(កូវីដ-១៩) ១៤ ម៉ឺន(នាក់)ជាង។ ឡាវប្រជាជនតែជាង ៧ លាននាក់ទេ ឆ្លង(កូវីដ-១៩)ឡើងជាង ២០ ម៉ឺននាក់។ កម្ពុជាប្រជាពលរដ្ឋរបស់ខ្លួន ឥឡូវ ហ្នឹងឡើងដល់ ១៧ លាន(នាក់)ហើយ តែយើងឆ្លង(កូវីដ-១៩)តែជាង ១៣ ម៉ឺននាក់ទេ។ ប៉ុន្តែអកុសល យើងស្លាប់(ដោយសារកូវីដ-១៩ រហូត)ទៅដល់ជាង ៣ ពាន់នាក់ តែយើងបានប្រឹងប្រែង ដើម្បីធានាឱ្យប្រជាពលរដ្ឋរបស់យើងកាត់បន្ថយការស្លាប់។ ឥឡូវ ការស្លាប់អត់មាន។ ស្ទើរតែ ១ ខែហើយ។
ថ្ងៃទី ៥ គ្មានអ្នកឆ្លងកូវីដ-១៩ តែមិនបោះបង់ចោលវិធានការសុខាភិបាល
ឆ្នាំនេះ គឺជាការចូលឆ្នាំដែលមានមនុស្សដើរលេងច្រើនបំផុត ព្រោះខាន ២ ឆ្នាំហើយ។ គុំយូរហើយ។ ពេលបើកមើលតាមទូរទស្សន៍នៅកន្លែងប្រគុំតន្រ្តី ប៉ុន្មានកន្លែងដែលគេផ្សាយព្រមៗគ្នា តាមទូរទស្សន៍នេះ/នោះ ជួនកាលដល់ទៅ ៥ កន្លែង/ពេល នៅបាត់ដំបងទៅ នៅសៀមរាបទៅ នៅក្រុងព្រះសីហនុ គ្រាន់តែក្រុងព្រះសីហនុ ៣ កន្លែង។ ខ្ញុំពេលដែលបើកចង់គាំងបេះដូង ដោយសារអី? ម៉ាសក៏អត់ពាក់ រក្សាគម្លាតក៏អត់។ ខ្ញុំថាស្លាប់ហើយ មើលទៅឆ្លងពេញទឹកពេញដីហើយក្រោយចូលឆ្នាំ។ ចេះតែគិតថា តើអាត្មាអញសម្រេចចិត្តខុសឬត្រូវ? ក្រោយចូលឆ្នាំ តើមានមនុស្សស្លាប់ដោយសារកូវីដ-១៩ ឬ កូវីដ-១៩ រើបំរះឡើងវិញឬអត់? ចេះតែតាមដាន។ អត់ឃើញឡើង។ ចេះតែចុះៗ នៅសល់ ១ (នាក់), (បន្ទាប់ទៅ)ឡើង ២ (នាក់)។ ទៅឆ្លងនៅបន្ទាយមានជ័យ ដែលបងប្អូនមកពីថៃរកឃើញ(មានវិជ្ជមានកូវីដ-១៩)។ ស្រាប់តែចាប់ផ្តើមចូលពី ២ (នាក់) មកនៅ ០។ ០ ថ្ងៃទី ១។ ០ ថ្ងៃទី ២។ ០ ថ្ងៃទី ៣។ ០ ថ្ងៃទី ៤។ ហើយថ្ងៃនេះ គឺជាថ្ងៃទី ៥ ដែលកម្ពុជាអត់មានកូវីដ-១៩។ ប៉ុន្តែនិយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា យើងបោះបង់ចោលវិធានការសុខាភិបាល(នោះទេ) … ខ្ញុំបានលើកលែងកាតព្វកិច្ចពាក់ម៉ាស ប៉ុន្តែមិនមែនបានសេចក្តីថាមិនលើកទឹកចិត្តឱ្យពាក់ម៉ាសទេ ព្រោះនេះជាផ្នែកមួយនៃកិច្ចការពារខ្លួន។ គ្រាន់តែទុកសិទ្ធិឱ្យប្រជាពលរដ្ឋសម្រេចខ្លួនឯង។ កាលពីមុននេះ យើងដាក់ជាកាតព្វកិច្ចពាក់ម៉ាស ប៉ុន្តែឥឡូវនេះ យើងទុកឱ្យប្រជាពលរដ្ឋវិនិច្ឆ័យខ្លួនឯង គួរពាក់ម៉ាស ឬមិនពាក់ម៉ាស? គឺសម្រេចលើគាត់ទៅចុះ …។
ធនាគារអភិវឌ្ឍអាស៊ី ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,២ ភាគរយ
ពិនិត្យទៅលើបញ្ហាសេដ្ឋកិច្ចសង្គម ការចាប់ផ្តើមនៅពេលដែលវិបត្តិកូវីដ-១៩ បានមកដល់។ ឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់យើងធ្លាក់ពី ៧ ភាគរយ នៅឆ្នាំ ២០១៩ រហូតទៅដល់ -២,១ ភាគរយ។ ជាធ្លាក់ចុះដ៏អាក្រក់។ ប៉ុន្តែយើងបានប្រឹងរើបំរះនៅឆ្នាំ ២០២១ ក្នុងពេលវេលាត្រឹមតែខែ តុលា តាមការវាយតម្លៃ យើងអាចសម្រេចបានត្រឹមតែ ២,៤ ភាគរយទេ ប៉ុន្តែដោយសារការបើកសេដ្ឋកិច្ចឡើងវិញ ក្នុងរយៈពេល ២ ខែចុងឆ្នាំ សេដ្ឋកិច្ចយើងមានកំណើនបាន ៣ ភាគរយ ជាមួយនឹងអតិបរមាទាប។ ឆ្នាំនេះ យើងរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ច ដែលតាមការព្យាករណ៍កាលពីឆ្នាំទៅ គ្រោង ៥,៦ ភាគរយ។ ប៉ុន្តែ ដោយសារឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សេដ្ឋកិច្ចសកលត្រូវបានទម្លាក់ជាបន្តបន្ទាប់ តាមការព្យាករណ៍របស់ IMF និងធនាគារពិភពលោក។ ដូច្នេះ សេដ្ឋកិច្ចកម្ពុជាក៏រត់ទៅតាមហ្នឹងដែរ។ តែកាលណាមានការទម្លាក់សេដ្ឋកិច្ចសកលហើយ វាប៉ះពាល់ដល់យើងហើយ។ អញ្ចឹង យើងក៏ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីវាយតម្លៃថានឹងមានកំណើនត្រឹមតែ ៥,២ ភាគរយ តែប៉ុណ្ណោះ ប៉ុន្តែបើបាន ៥,២ ភាគរយ ក៏វាមិនអាក្រក់ទេ។
៤ ខែដើមឆ្នាំ ពន្ធដារសម្រេចបាន ៥៣ ភាគរយ, អត្រានៃភាពក្រីក្រនៅសល់ ៨ ភាគរយ នៅឆ្នាំ ២០១៩
… ខ្ញុំមិននិយាយពីចំណូលគយនិងចំណូលមិនមែនសារពើពន្ធទេ ខ្ញុំនិយាយតែពី ពន្ធដារមួយ ក្នុង ៤ ខែ(ដើមឆ្នាំនេះ) យើងសម្រេចបានរហូតដល់ ៥៣ ភាគរយ បានសេចក្តីថា យើងរកបានជាង ២ ពាន់លាន។ ប្រទេសតូចមួយ ផ្នែកពន្ធផ្ទៃក្នុងរកបានជាង ២ ពាន់លាន មិនមែនរឿងតូចទេ។ ដោយសារចរន្តសេដ្ឋកិច្ចដើរឡើងវិញ។ ដល់ដើរឡើងវិញ អ្នកបង់ពន្ធក៏ត្រូវតែបង់បានច្រើនដែរ។ ពន្ធគយក៏ចាប់ផ្តើមមានកំណើន ដោយមានតម្រូវការក្នុងស្រុក ពន្ធគយក៏មានកំណើនទៅតាមហ្នឹងដែរ។ អញ្ចឹង ឆ្នាំនេះយើងគិតថា ថវិការបស់យើងមិនពិបាកពេកនោះទេ។ ប៉ុន្តែ ខ្ញុំសុំជម្រាបថា យើងក៏មានតម្រូវការចិញ្ចឹមប្រជាពលរដ្ឋរបស់យើង ៧០ ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនជិត ៣ លាននាក់ ដែលរាជរដ្ឋាភិបាលត្រូវបញ្ចេញថវិកា ១ ខែ សម្រាប់ប្រជាពលរដ្ឋក្រីក្រប្រមាណជា ៤០ លានដុល្លារអាមេរិក។ អត្រានៃភាពក្រីក្រ បើវាស់តាមស្តង់ដារដែលអង្គការសហប្រជាជាតិផ្តល់ឱ្យយើង ស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្រគឺនៅសល់តែ ៨ ភាគរយទេ នៅឆ្នាំ ២០១៩។ អញ្ចឹង បើរាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ឆ្លើយតបអ្នកដែលបាត់បង់ចំណូលក្នុងដំណាក់កូវីដ-១៩ នេះ តើគ្នារស់យ៉ាងម៉េច? កម្មករត្រូវបាត់បង់ការងារធ្វើ។ កម្មករក្នុងពេលរោងចក្រត្រូវព្យួរ រាជរដ្ឋាភិបាលត្រូវបញ្ចេញ(សាច់ប្រាក់)ឱ្យម្នាក់ ៤០ ដុល្លារ(អាមេរិក) វិស័យឯកជនចេញ ៣០ ដុល្លារ(អាមេរិក), (សរុបទៅ)បាន ៧០ ដុល្លារ(អាមេរិក)។ គាត់អត់ធ្វើការរោងចក្រមែន ក៏ប៉ុន្តែយើងត្រូវតែផ្គត់ផ្គង់ឱ្យគាត់។ គាត់បានអាប្រាក់ហ្នឹងយកទៅជួយធ្វើស្រែចម្ការឪពុកម្តាយ។ នៅប្រទេសរបស់យើង រវាងកសិករ និងកម្មករ មិនទាន់ដាច់ចេញពីគ្នាទេ។ ឪពុកម្តាយនៅធ្វើស្រែ កូនមកធ្វើការនៅតាមរោងចក្រ។
កម្ពុជាមានអត្រាឆ្លងកូវីដ-១៩តិចតួច ទទួលការបញ្ជាទិញច្រើន មានអតិរេកស្រូវជាង ៦ លានតោន
វិស័យទេសចរណ៍ (ជាវិស័យ)ដែលប៉ះពាល់ខ្លាំង។ ឥឡូវ ខ្ញុំអាចនិយាយបានថា ផ្នែកឧស្សាហកម្មបានងើបឡើងយ៉ាងល្អ។ ទំហំនៃការនាំចេញក្នុងឆ្នាំ ២០២១ យើងមានកំណើន ៤៨ ភាគរយ ហើយកំណើននៅត្រីមាសទី ១ ឆ្នាំ ២០២២ (មានចំនួន) ៣២ ភាគរយ ក្នុងនោះ នាំមកអាមេរិកកើន ៤៤ ភាគរយ។ អញ្ចឹង យល់យ៉ាងម៉េច? រោងចក្រមិនត្រឹមតែបើកឡើងវិញទេ យើងមានការវិនិយោគរោងចក្រថ្មីៗបន្ថែមទៀត ដែលមានតម្រូវការកម្មករបន្ថែម លើនោះការបញ្ជាទិញកើនឡើង តម្រូវឱ្យរោងចក្រមួយចំនួនស្នើឱ្យកម្មករធ្វើការវេនយប់។ ការផ្គត់ផ្គង់ចូលទីផ្សារអាមេរិក/អឺរ៉ុប (ក៏ដូចជា) ការផ្គត់ផ្គង់ចូលទីផ្សារជប៉ុន ត្រូវបានរអាក់រអួលដោយប្រទេសមួយចំនួនជួបបញ្ហាកូវីដ-១៩។ អញ្ចឹង កម្ពុជាជាប្រទេសដែលកូវីដ-១៩ ឆ្លងតិចតួច ជាប្រទេសដែលគេបញ្ជាទិញច្រើន ក្នុងពេលដដែលកសិកម្មរបស់យើង គឺមានអតិរេកស្រូវ។ ឆ្នាំនេះ យើងសល់ស្រូវជាង ៦ លានតោន។ បើគិតជាអង្ករជាង ៤ លានតោន។
ពិភពលោកប្រឈមនឹងវិបត្តិថាមពល/ស្បៀងដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
… យើងមានកង្វល់ទៅលើវិបត្តិទាំងពីរព្រមគ្នា (គឺ)វិបត្តិថាមពល និង ស្បៀង ដែលផ្តើមចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ នេះជារឿងដែលយើងកង្វល់ ព្រោះរុស្ស៊ី-អ៊ុយក្រែន ជាប្រភពនៃការផ្គត់ផ្គង់ពូជស្រូវសាលី។ អញ្ចឹង បន្តិចទៀតអាចនឹងមានឡើងថ្លៃស្បៀង។ ទន្ទឹមគ្នានឹង(ថ្លៃ)ប្រេងឥន្ធនៈបានចាប់ផ្តើមកើនហើយ។ សូម្បីតែនៅអាមេរិក។ នៅលើពិភពលោក អាមេរិក គឺមានប្រេងច្រើនជាងរុស្ស៊ីទៅទៀត សំណាងហើយដែលប្រធានាធិបតីអាមេរិកបញ្ចេញស្តុក ដើម្បីជួយទប់ទល់ទីផ្សារ។ ខ្ញុំអត់ចេះទេ រង្វាស់រង្វាល់ Gallon ហ្នឹង។ មួយ Gallon ប៉ុន្មានលីត្រ? (១ Gallon ស្មើ) ៣,៨ លីត្រ។ ហើយវាថ្លៃប៉ុន្មាន? ៤ ដុល្លារ(អាមេរិក)។ ប៉ុន្តែ ខ្ញុំឃើញមានការចុះផ្សាយ កន្លែងខ្លះ ៤,៤ ដុល្លារ(អាមេរិក) កន្លែងខ្លះមានដល់ ៥ ដុល្លារ(អាមេរិក) តាមរដ្ឋនីមួយៗ។ បើអញ្ចឹង តម្លៃប្រេងនៅអាមេរិក វាក៏មិនខុសពីតម្លៃប្រេងនៅស្រុកខ្មែរទេ។ វាថ្លៃជាងស្រុកខ្មែរទៅទៀត។
កម្ពុជាផលិតមាសបានជាង ២ តោន សម្រាប់តែរណ្តៅមួយនៅខេត្តមណ្ឌលគិរី
… អ្នកដែលឃោសនាមួយចំនួនថា តម្លៃប្រេងនៅស្រុកខ្មែរគឺថ្លៃជាងគេទាំងអស់ (គួរមើលថា)ចុះតម្លៃប្រេងនៅអាមេរិកខ្លួនឯងនេះវាយ៉ាងម៉េច? ចូលចិត្តតែបោកប្រាស់គេ ថាតម្លៃប្រេងនៅស្រុកខ្មែរថ្លៃណាស់។ ចុះតម្លៃប្រេងនៅអាមេរិកដែលជាអ្នកផលិតប្រេងធំជាងគេនៅលើពិភពលោក ស្តុកប្រេងបម្រុងច្រើនជាងគេនៅលើពិភពលោក ម៉េចក៏វាឡើងថ្លៃដែរ។ យើងអត់មានស្តុកបម្រុងផង អត់ទាំងមានផលិតប្រេងផងហ្នឹង? ផលិតមិនទាន់បានប៉ុន្មានផង អាមួយនោះវាក្ស័យធនបាត់។ ប៉ុន្តែ វាបែរទៅអញ្ចេះទៅវិញ អាប្រេងផលិតមិនបាន ប៉ុន្តែ មាសផលិតបាន។ មកដល់ពេលនេះរយៈពេល ៨ ខែ យើងផលិតបានជាង ២ តោនមាសដែរ។ អញ្ចឹង ចេះតែដំណើរទៅមុខ។ ហ្នឹងតែរណ្តៅមួយកន្លែងនៅមណ្ឌលគិរី។ មិនទាន់គិតកន្លែងផ្សេង។
ផ្ទះតម្លៃក្រោម ៧ ម៉ឺនដុល្លារលក់ដាច់ ដោយរដ្ឋលើកលែងពន្ធប្រថាប់ត្រា
បញ្ហាសេដ្ឋកិច្ច-សង្គមជាបញ្ហាប្រឈម ដែលយើងត្រូវចូលរួមដោះស្រាយដោយរៀបចំវិធានការជាច្រើន ដើម្បីរៀបឱ្យដំណើរការសេដ្ឋកិច្ច តាមរបៀបរស់នៅជាមួយកូវីដ-១៩។ ហើយក៏ត្រៀមវិធានការជាច្រើន ដើម្បីឆ្លើយតបជាមួយនឹងដំណាក់កាលក្រោយកូវីដ-១៩ ប៉ុន្តែយើងចាប់ផ្តើមបណ្តើរៗពីឥឡូវ។ អញ្ចឹងបានធ្វើឱ្យប្រាក់ចំណូលរបស់ប្រជាជនងើបឡើងបន្តិចវិញ ជាមួយនឹងទីផ្សារអចលទ្រព្យ។ ពិតមែនហើយ អចលទ្រព្យដែលមានតម្លៃខ្ពស់ ដូចជាផ្ទះមួយ ២០ ម៉ឺនដុល្លារ(អាមេរិក), ៣០ ម៉ឺនដុល្លារ(អាមេរិក), ៥០ ម៉ឺនដុល្លារ(អាមេរិក), ១ លានដុល្លារ(អាមេរិក) អាហ្នឹងមិនសូវជាដាច់ប៉ុន្មានទេ។
ខ្ញុំបានស៊ើបសួរអ្នកដែលធ្វើផ្ទះលក់នៅស្រុកអាមេរិក ផ្ទះខ្លះថោកជាងនៅស្រុកខ្មែរទេ។ ស្រុកខ្មែរមានអា ១ លានដុល្លារ(អាមេរិក), ២ លានដុល្លារ(អាមេរិក)។ ឥឡូវនេះ អ្នកដែលលក់ដាច់គឺអ្នកដែលលក់ក្រោម ៧ ម៉ឺនដុល្លារ(អាមេរិក)។ មូលហេតុអី? អ្នកដែលទិញផ្ទះក្រោម ៧ ម៉ឺនដុល្លារ(អាមេរិក) រាជរដ្ឋាភិបាលអត់យកពន្ធ។ បានសេចក្តីថា យើងលើកទឹកចិត្តឱ្យមានការសាងសង់ផ្ទះដែលមានតម្លៃថោក ដើម្បីឱ្យវណ្ណៈកណ្តាល ឬអ្នកដែលមានប្រាក់តូចតាចអាចទិញផ្ទះនៅបាន។ ខ្លះត្រឹមតែ ២ ម៉ឺនដុល្លារ(អាមេរិក), ៣ ម៉ឺនដុល្លារ(អាមេរិក), ៤ ម៉ឺនដុល្លារ(អាមេរិក)។ ក្រោម ៧ ម៉ឺនដុល្លារ(អាមេរិក) យើងអត់យកពន្ធ។ ឥឡូវហ្នឹងអ្នកដែលសាងសង់ចាប់ពីតម្លៃ ២០ ម៉ឺនដុល្លារ(អាមេរិក) ឡើងលើ លក់មិនសូវដាច់មែន ក៏ប៉ុន្តែ ទៅដាច់អា ៧ ម៉ឺនដុល្លារ(អាមេរិក) ចុះក្រោម។ ដូច្នេះ វាជាប៉ះប៉ូវ(គ្នា)។
កម្ពុជា-វៀតណាម ព្រមព្រៀងបើកទេសចរណ៍ ទាំងផ្លូវអាកាស/គោក
អម្បាញ់មិញ ខ្ញុំឯកភាពជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម។ ខ្ញុំគ្រាន់តែសំណូមពរគាត់ថា ឥឡូវយើងបើកទេសចរណ៍ផ្លូវគោក។ ចម្លើយរបស់គាត់ថា សូមស្នើបើកទាំងផ្លូវអាកាស/គោក។ ខ្ញុំថា ឯកភាពបើកឱ្យ។ ឱ្យរដ្ឋមន្ត្រីទាំងពីរធ្វើការជាមួយគ្នាទៅ។ ទទួលយកលិខិតចាក់វ៉ាក់សាំង ហើយវិធានការអីខ្លះ ដូចជាវិធានការរបស់កម្ពុជាយើង គឺថាស្រួលឱ្យអ្នកដែលទៅ។ បងប្អូនខ្មែរយើង មិនចាំបាច់ទៅរុកច្រមុះនៅអាមេរិក ហើយមិនចាំបាច់គេរុកច្រមុះនៅកម្ពុជាដែរ។ អាមេរិកតម្រូវឱ្យខ្ញុំត្រូវរុកច្រមុះមុនមក ព្រោះគេត្រូវការឱ្យយើងពិនិត្យតាម PCR ៧២ ម៉ោងមុន។ អញ្ចឹង ខ្ញុំព្រឹកនោះ ត្រូវក្រោកតាំងពីម៉ោង ៤ ព្រោះសពបងប្រុសខ្ញុំ ម៉ោង ៥ គត់ ឱ្យចាប់រំកិលបន្តិច ហើយធ្វើពិធីសាសនា។ អញ្ចឹង ខ្ញុំក្រោក(តាំងពី)ម៉ោង ៤។ ខ្ញុំលុបមុខ (និង)ស្លៀកពាក់អីហើយ ពេទ្យគេយកសំណាក ហើយយកទៅធ្វើតេស្ត ដើម្បីយកឱ្យភាគីអាមេរិក។ ប៉ុន្តែ បើបងប្អូនខ្មែរយើង ឬជនជាតិបរទេសទៅស្រុកខ្មែរ ទៅពេលនេះ អត់ត្រូវការតម្រូវបញ្ជាក់ដោយ PCR ៧២ ម៉ោងមុនទេ ហ្នឹងទី (១)។ ទី (២) អត់តម្រូវឱ្យធ្វើតេស្ត ទោះបីតេស្តរហ័សក៏ដោយ តេស្ត PCR ក៏ដោយ។ ទៅដល់បង្ហាញតែកាតចាក់វ៉ាក់សាំង សូមអញ្ជើញធ្វើដំណើរដោយសេរី។ ប៉ុន្តែ បើអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ពីមុនយើងឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ឥឡូវយើងទុកតែ ៧ ថ្ងៃ បានហើយ ដើម្បីសម្រួលនៅក្នុងការបើកប្រទេសឡើងវិញ។
កម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីទេសចរណ៍ផ្ទៃក្នុង
អញ្ចឹង បានឱ្យរដ្ឋមន្ត្រីទេសចរណ៍ធ្វើការជាមួយរដ្ឋមន្ត្រីវៀតណាម។ ខាងវៀតណាមមកយើងអត់មានតម្រូវទេ ប៉ុន្តែដល់ពេលកម្ពុជាចូលទៅវៀតណាមតម្រូវអី? តើត្រូវការ ៧២ ម៉ោងមុនទេ? ហើយទៅដល់នោះ ត្រូវការធ្វើចត្តាឡីស័កទេ? ត្រូវការធ្វើតេស្តទេ? ហ្នឹងវាជាចំណុច(ត្រូវពិភាក្សាគ្នា)។ ប្រសិនបើខាងវៀតណាមមានតម្រូវការបែបនោះ ខ្មែរយើងមួយចំនួនគាត់មិនទៅទេ។ ប៉ុន្តែ វៀតណាមនឹងមកខ្មែរ។ យើងក៏ទទួលទេសចរ។ កុំមើលស្រាលទេសចរ។ ទី (១) កុំមើលស្រាលទេសចរណ៍ផ្ទៃក្នុង កម្ពុជាទទួលផលប្រយោជន៍ពីទេសចរណ៍ផ្ទៃក្នុងរាប់លាននាក់។ ឥឡូវ រៀងរាល់ថ្ងៃសៅរ៍/អាទិត្យ (ទេសចរ)ជាង ៣០ ម៉ឺននាក់ ដើរលេង។ ទេសចរឆ្នាំនេះ ក្នុងមួយពេលចូលឆ្នាំដូចជាជាង ៦ លាននាក់។ ដែលហៅថា ទេសចរខ្មែរ កុំមើលស្រាលទេសចរខ្មែរឱ្យសោះ ចាយលុយច្រើនណាស់។ ភាសារបស់យើងក្រោយឆ្នាំ ១៩៧៩ … (សម្តេចមានប្រសាសន៍លេងជាមួយ ព្រហ្ម ម៉ាញ)។
ភាពស្អាតស្អំរបស់ប្រពន្ធ/កូន ត្រូវតែមាន
ឯណា Brady Nuy Young? មើល Brady Nuy Young មកខាងមុខបន្តិច។ ហ្នឹងហើយអ្នកថាប្រពន្ធខ្ញុំជាប្រពន្ធ Le Dec Tho។ (ហ៊ុន) ម៉ាណែត (ជា)កូន Le Dec Tho។ កូនឯងបានទទួលយកការពិតមួយ ហើយមកទទួលទានអាហារជាមួយនឹងពុកថែមទៀត។ រឿងរ៉ាវអតីតកាលកូនបានធ្វើកំហុស កូន(បាន)ទទួលស្គាល់កំហុស។ Brady Nuy Young បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ/ប្រពន្ធ/កូនខ្ញុំអស់រយៈកាលជិត ៧ ឆ្នាំ។ ប៉ុន្តែឥឡូវនេះ ទៅជាអ្នករួមរស់ជាមួយគ្នា។ យប់មិញអង្គុយបាយ(ជាមួយគ្នា)។ ដូចជាមិនអស់ចិត្ត សុំទៅធ្វើសម្ភាសន៍បន្តិច ដឹងហើយ(ថា)អ្នកណានៅពីក្រោយ។ គាត់បាននិយាយចេញហើយ ព្រោះហ្នឹង(ជា)ភាពស្អាតស្អំរបស់ប្រពន្ធ/កូនខ្ញុំ (គឺ)ត្រូវតែមាន(ជា)ដាច់ខាត ព្រោះបើខ្ញុំមិនរកយុត្តិធម៌ឱ្យប្រពន្ធ/កូនខ្លួនឯង តើខ្ញុំជាមនុស្សទេ? ជាតិរច្ឆានទើបត្រឹមត្រូវ។ បើត្រឹមតែប្រពន្ធ/កូនខ្លួនឯងការពារមិនបាន តើយើងទៅមានសមត្ថភាពការពារប្រជាជនទេ?
ភាពសាមញ្ញ រវាងនាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋ ជាសារធាតុពីកំណើត មិនអាចកែទម្លាប់នេះបានឡើយ
ឯណាប្រពន្ធ (ព្រហ្ម ម៉ាញ) ឥឡូវ ប្រាប់ឱ្យហើយ ព្រហ្ម ម៉ាញ ទៅស្រុកខ្មែរអត់ស្រួលប៉ុន្មានទេ។ អញ្ចឹងបានជាដើរចៀសខ្ញុំ។ ទាល់តែឈឺបានចាប់ផ្តើមផ្សាយព័ត៌មាន។ នៅកងអង្គរក្សតើ។ រាល់ថ្ងៃឈ្មោះនៅកងអង្គរក្ស។ ស័ក្តិ ៥។ ថ្ងៃមិញស្រាប់តែឃើញ (ព្រហ្ម) ម៉ាញ ខ្ញុំថា យី! ស្មានតែងាប់បាត់ហើយ។ ហ្នឹងជាការប្រាស្រ័យទាក់ទងរវាងនាយករដ្ឋមន្ត្រី ជាមួយនឹងពលរដ្ឋរបស់ខ្លួន គឺបែបហ្នឹងឯង។ ខ្ញុំមិនអាចធ្វើឫកពាអ្វី (ឬ)ឱ្យខ្ញុំកែចរិត (ខ្ញុំ)កែវាមិនកើតទេ។ ឱ្យខ្ញុំទៅដាច់ឆ្ងាយពីប្រជាពលរដ្ឋ ឱ្យ(ខ្ញុំ)ធ្វើជាអ្នកស៊ីវិល័យ ខ្ញុំ(ធ្វើ)ទៅវាមិនរួច(ទេ) ព្រោះខ្ញុំកើតមកក្នុងស្ថានភាពក្រីក្រ ខ្ញុំត្រូវបានគេរាប់អាន ខ្ញុំកែចរិតខ្ញុំកែអត់ឡើងទេអាកន្លែងហ្នឹង។ សុំទោស! គេថាលោកធំត្រូវតែមានអង្គរក្សឆ្វេងស្តាំ អង្គរក្សវាត្រូវតែមានហើយ។ សូម្បីតែអង្គរក្សអាមេរិក ប្រឹបភ្លាមយើងឃើញទេ ឡានឈប់ភ្លាមឈរបាំង ២ នាក់។ ទាំងមុនយើងចុះពីលើឡាន។
កម្ពុជាមិនជ្រើសរើសចិន ប្រឆាំងអាមេរិក ឬជ្រើសអាមេរិកប្រឆាំងចិននោះឡើយ
យើងចង់ឱ្យមានការវិនិយោគពីអាមេរិកទៅកាន់កម្ពុជាឱ្យកាន់តែច្រើន។ ប៉ុន្តែ ខ្ញុំនឹងនិយាយផ្នែកខាងក្រោម លើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ ឥឡូវ ខ្ញុំចង់ជម្រាបជូនបងប្អូនយើងនៅទីនេះឱ្យបានជ្រាប អ្វីទៅជាបញ្ហាបច្ចុប្បន្នភាព នៃនយោបាយរបស់កម្ពុជា? ក្នុងរដ្ឋធម្មនុញ្ញរបស់យើង តម្រូវការរបស់យើង គឺបញ្ហាពាក់ព័ន្ធនឹងអព្យាក្រឹត្យភាពអចិន្ត្រៃយ៍របស់យើង។ យើងអត់ត្រូវការជ្រើសរើសរវាងចិន និងអាមេរិក។ យើងអត់ត្រូវការជ្រើសរើសទេ។ ទោះបីអ្នកឯងបង្ខំឱ្យខ្ញុំជ្រើសរើសមួយ ក៏ខ្ញុំអត់ជ្រើសរើសដែរ។ យើងអត់ត្រូវការជ្រើសរើសវៀតណាម ទៅប្រឆាំងថៃ។ ទៅជ្រើសរើសថៃ ប្រឆាំងវៀតណាម។ ទៅជ្រើសរើសវៀតណាម ប្រឆាំងចិន។ ទៅជ្រើសរើសចិន ប្រឆាំងវៀតណាម។ យើងអត់ជ្រើសរើសទេ។ សូមបញ្ជាក់លើចំណុចនេះឱ្យច្បាស់។
បើប្រធានអាស៊ានជាទីងមោង សមាជិកអាស៊ាន និងម្ចាស់ផ្ទះជាអ្វីៗ
អាស៊ានក៏ដូចគ្នាដែរ ឆ្នាំនេះយើងជាប្រធានអាស៊ាន ខ្ញុំមក(ទី)នេះ ម្ខាងគឺជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ដែលជាសមាជិកអាស៊ាន តែម្ខាងទៀត ឆ្នាំនេះ គឺជាឆ្នាំដែលកម្ពុជាធ្វើប្រធានអាស៊ាន។ ខ្ញុំមកទីនេះទទួលការអញ្ជើញជាក់លាក់ អំពីប្រធានាធិបតីអាមេរិក Joe Biden។ ខ្លះគេគិតថា គេយក លោក ហ៊ុន សែន មកធ្វើទីងមោង។ បើប្រធានអាស៊ានធ្វើទីងមោង អញ្ចឹង អាស៊ានដទៃទៀត ដែលជាសមាជិក វាជាទីងមោងទាំងអស់ហ្នឹង។ វាមិនមែនគ្រាន់តែមើលស្រាលកម្ពុជា វាមើលស្រាលអាស៊ានទាំងអស់។ អ្នកដែលគេឡើង Live show គេនិយាយថា គេយកមកដើម្បីនឹងធ្វើទីងមោង។ បើថាកម្ពុជាជាទីងមោងហើយ គឺអាស៊ាន ៩ ទៀត ក៏វាទីងមោងដែរ។ អាហ្នឹងនិយាយគ្នាឱ្យច្បាស់។ មើលស្រាលកម្ពុជាជាប្រធានអាស៊ាន ក៏វាមើល(ស្រាល)អាស៊ានទាំងអស់។ អាស៊ាន-សាំងហ្គាពួរ, អាស៊ាន-វៀតណាម, អាស៊ាន-ថៃ, អាស៊ាន-ប្រ៊ុយណេ, អាស៊ាន-ឡាវ, អាស៊ាន-ឥណ្ឌូនេស៊ី, អាស៊ាន-ហ្វីលីពីន។ ចេះនិយាយទៅរួច។
រដ្ឋមន្ត្រីការបរទេសម្សិលមិញប្រជុំ … អាស៊ានទើបទៅចរចាជាមួយភាគីអាមេរិក ដើម្បីរៀបចំសេចក្តីថ្លែងការណ៍មួយ ដែលឥឡូវមានចំណុចមួយចំនួនមិនទាន់សម្រេច។ ល្ងាចនេះឧត្តមមន្ត្រីរបស់អាស៊ានធ្វើការប្រជុំ។ អ្នកដែលនិយាយថា ហ៊ុន សែន មកធ្វើទីងមោង អ្នកស្គាល់ពីរបៀបធ្វើការរបស់អាស៊ានហើយឬនៅ? បើមិនទាន់ចេះទេ សូមទៅរៀនសិន … បើ ហ៊ុន សែន (ជា)ទីងមោង Joe Biden ខ្លួនឯងក៏ទីងមោងដែរ។ អាហ្នឹងនិយាយឱ្យចំ ព្រោះទីងមោងហ្នឹងត្រូវធ្វើសហប្រធានជាមួយ។ ខ្ញុំធ្លាប់ធ្វើសហប្រធានជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌា។ ខ្ញុំធ្លាប់ដើរតួជាប្រធានអាស៊ានឆ្នាំ ២០១២ ត្រូវធ្វើខួបអនុស្សារីយ៍នៅ New Delhi ធ្វើជាសហប្រធានជាមួយនឹងឥណ្ឌា។ ឥឡូវ ដល់ឆ្នាំ ២០២២ ត្រូវធ្វើសហប្រធានជាមួយនឹងប្រធានាធិបតីអាមេរិក។ អញ្ចឹងទេ អ្នកដែលអះអាងថា ហ៊ុន សែន ត្រូវគេយកមកធ្វើជាទីងមោង បើអញ្ចឹង សមាជិកអាស៊ានទាំងអស់(ជា)ទីងមោងទាំងអស់? ដៃគូរបស់យើង គឺអាមេរិកក៏ទីងមោងដូចតែគ្នា។ អញ្ចឹង (អ្នកនៅក្នុង) White House ជាទីងមោងទាំងអស់។ និយាយឱ្យវាច្បាស់អញ្ចឹងមើល។
ក្រែងអ្នកឯងចូលចិត្តនិយាយពី Transparency? ឥឡូវ កំពុងផ្សាយបន្តផ្ទាល់នៅក្នុងប្រទេស (ដែលមាន)ជាង ១០ ទូរទស្សន៍ ហើយផេចហ្វេសប៊ុក(ផ្សេងៗ) ហើយខ្ញុំបើកមើលដែរ និយាយខ្លួនឯង (និងមើលខ្លួនឯងកំពុងនិយាយ)។ សម័យនេះ សម័យអនឡាញ យើងក៏ត្រូវតែចេះបច្ចេកវិទ្យាដែរ។ Facebook, Twitter, Instagram។ Telegram របស់ខ្ញុំ នរណាចង់ add Telegram របស់ខ្ញុំ (ក៏ add បាន)។ ឥឡូវ Telegram របស់ខ្ញុំមាន(អ្នក Follow)ដល់ទៅជាង ៥ ម៉ឺននាក់។ Add ទៅ ពេលណាមានការអី ខ្ញុំរុញចូលអាហ្នឹង ហើយអ្នកយកព័ត៌មាន យកអាហ្នឹងទៅផ្សាយទៅ ហើយអ្នកនៅក្នុងគ្រុបហ្នឹងស្រាប់(បានដឹង)។ មានតាំងពីចម្រៀង នៅក្នុងហ្នឹង ចាក់បញ្ចូលទៅក្នុងហ្នឹង(Telegram)។
គោលការណ៍ ៣ របស់កម្ពុជា ក្នុងគំនិតផ្តួចផ្តើមក្របខណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក និងអាស៊ី-ប៉ាស៊ីហ្វិក
ក្របខណ្ឌ នៃនយោបាយរបស់យើង ដើរស្របជាមួយនឹងនយោបាយរបស់អាស៊ាន។ ខ្ញុំគួរតែគូសបញ្ជាក់ថា គំនិតផ្ដួចផ្ដើមណាក៏ដោយ នៅក្នុងក្របខណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក (និង)អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់កម្ពុជាឈរលើគោលការណ៍ ៣ យ៉ាង៖ ទី (១) ត្រូវតែបម្រើដល់សន្ដិភាព និងការអភិវឌ្ឍ។ ទី (២) គឺមិនប្រឆាំងជាមួយនឹងប្រទេសណាមួយ។ ទី (៣) ត្រូវតែគោរពឯកភាពជាតិ និងមជ្ឈភាពរបស់អាស៊ាន។ នេះជាគោលការណ៍ ៣ យ៉ាង ដែលយើងសម្រេចគាំទ្រ ឬមិនគាំទ្រ នៅក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើមទាក់ទិននឹងឥណ្ឌូ-ប៉ាស៊ីហ្វិក ឬអាស៊ី-ប៉ាស៊ីហ្វិក។ ខ្ញុំបានបញ្ជាក់ប្រាប់នាយករដ្ឋមន្រ្តីជប៉ុន មូលហេតុដែលខ្ញុំគាំទ្រនូវគំនិតផ្ដួចផ្ដើមឥណ្ឌូ-ប៉ាស៊ីហ្វិក ឬអាស៊ី-ប៉ាស៊ីហ្វិកបើកចំហ ខ្ញុំមានគោលការណ៍របស់ខ្ញុំ។ អាស៊ានក៏មានគំនិតផ្ដួចផ្ដើមស្ដីអំពីឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន។ ឥឡូវ កំពុងតែរៀបចំជាផែនការសកម្មភាព។ ដូច្នេះ អាស៊ានមិនអាចដើរគាំទ្រអ្នកនេះ/នោះ ដោយភ្លេចនូវអ្វីដែលជាគោលការណ៍របស់ខ្លួនដាក់ចេញនោះទេ។ វាស្របនឹងគោលជំហររបស់កម្ពុជា។
មិនលើកទឹកចិត្តអោយបំបែករដ្ឋ និងគំរាមប្រើប្រាស់កម្លាំង/ប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ
នៅមានរឿងដាច់ដោយឡែកមួយទៀត នោះគឺបញ្ហា រុស្ស៊ី-អ៊ុយក្រែន។ បងប្អូនពិតជាចង់ដឹងរឿងហ្នឹង តែបានដឹងរួចទៅហើយថា កម្ពុជាបានបោះឆ្នោត(នៅអង្គការសហប្រជាជាតិ ប្រឆាំងរុស្ស៊ីឈ្លានពានអ៊ុយក្រែន) មិនត្រឹមតែបោះឆ្នោតនោះទេ យើងធ្វើ Co-sponsor ហើយយើងបោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តប្រឆាំងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ខ្ញុំសង្ឃឹមថា រុស្ស៊ីយល់ចំពោះយើង ព្រោះយើងមានគោលការណ៍ ២ សំខាន់នៅទីនេះ៖ ទី (១) មិនលើកទឹកចិត្តឱ្យបំបែករដ្ឋទេ មិនថាបំបែករដ្ឋនៅទីណានោះទេ។ កម្ពុជាអត់ទទួលស្គាល់។ Kosovo ដែលបំបែកចេញពី Serbia ដោយកម្លាំង NATO រាប់ទាំងអាមេរិក ក៏កម្ពុជាអត់ទទួលស្គាល់ដែរ។ អញ្ចឹង តំបន់ Donbas របស់អ៊ុយក្រែន ដែលរុស្ស៊ីទទួលស្គាល់ យើងក៏អត់ទទួលស្គាល់ដែរ។ អាហ្នឹងចំណុចទី (១)។ ចំណុចទី (២) យើងប្រឆាំងចំពោះការប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេស គឺការលើកកងទ័ពចូលឈ្លានពានប្រទេសមួយដោយចំហបែបនេះ។ អញ្ចឹង បងប្អូនយើងអាចយល់។
វិបត្តិមីយ៉ាន់ម៉ា៖ បំបាត់អំពើហឹង្សា, ផ្តល់ជំនួយមនុស្សធម៌ ការសន្ទនាខាងនយោបាយ
មួយទៀតទាក់ទងនឹងបញ្ហាមីយ៉ាន់ម៉ា កម្ពុជាបានខិតខំបំពេញតួនាទីក្នុងឋានៈជាសមាជិក ដែលមានការទទួលខុសត្រូវ។ ជាប្រធានអាស៊ានដោយមានការទទួលខុសត្រូវ។ ខ្ញុំព្រះករុណាខ្ញុំ ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា បន្ទាប់ទៅជួបតាមអនឡាញ កាលពីខែមករា។ ហើយកាលពីថ្ងៃទី ២ ឧសភា នេះ ជួបជាមួយនឹង Min Aung Hlaing តាមអនឡាញទៀត ដើម្បីបើកច្រកសម្រាប់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស ក៏ដូចជាការបើកផ្លូវសម្រាប់ការសន្ទនាទាក់ទងនឹងការផ្ដល់ជំនួយមនុស្សធម៌ សម្រាប់ប្រជាជនមីយ៉ាន់ម៉ាដែលមានតម្រូវការ។ អ្វីដែលប្រធានអាស៊ានចង់បាននៅពេលនោះ គឺនៅក្នុងគំនិតស្ដីអំពីកុងសង់ស៊ីស ៥ ចំណុច ដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេចនៅ Jakarta កាលពីខែមេសា ឆ្នាំទៅ។
ប៉ុន្តែ ចំណុចដែលចង់បានធំបំផុត គឺមាន ៣៖ ទី (១) ទាក់ទងនឹងការបំបាត់អំពើហឹង្សា ជាពិសេស ជម្រុញឱ្យមានការបទឈប់បាញ់។ ទី (២) ជម្រុញបើកផ្លូវឱ្យមានការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ទីកន្លែងដែលមានការចាំបាច់ កុំឱ្យប្រជាជនស្លាប់ដោយសារដាច់ពោះ ឬអត់ថ្នាំពេទ្យ។ ឯទី (៣) បង្កើតឱ្យមានបរិយាកាសអនុគ្រោះ សម្រាប់ការសន្ទនាខាងនយោបាយ រវាងភាគីពាក់ព័ន្ធទាំងអស់ រាប់ទាំងកម្លាំងប្រដាប់អាវុធច្រើនក្រុម។ ថ្ងៃជួបនោះ Min Aung Hlaing ដែលជាមេដឹកនាំនៅមីយ៉ាន់ម៉ា បានសំណូមពរឱ្យប្រធានអាស៊ាន ជួយនិយាយទៅដល់ក្រុមប្រដាប់អាវុធផ្សេងទៀត ដែលមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់។
ការប្រឆាំងសកម្មភាពប្រធានអាស៊ានអំពីមីយ៉ាន់ម៉ា ស្មើនឹងសម្លាប់ប្រជាជនមីយ៉ាន់ម៉ាខ្លួនឯង
ខ្ញុំសូមអំពាវនាវ ចំពោះបាតុករមីយ៉ាន់ម៉ា ដែលមានគម្រោងធ្វើបាតុកម្មប្រឆាំងជាមួយនឹងខ្ញុំ អ្នកអាចភាន់ច្រឡំធំហើយ។ អ្នកធ្វើបាតុកម្មប្រឆាំងខ្ញុំ មានតម្លៃស្មើនឹងបំផ្លាញប្រទេសរបស់អ្នក។ មិនមែនគ្រាន់ផ្ដាំទៅបងប្អូនមីយ៉ាន់ម៉ានៅប្រទេសអាមេរិកនោះទេ ផ្ដាំទៅបងប្អូនមីយ៉ាន់ម៉ានៅគ្រប់ទីកន្លែងទាំងអស់។ អ្នកប្រឆាំងជាមួយនឹងប្រធានអាស៊ានដែលកំពុងធ្វើសកម្មភាពនៅពេលនេះ មានតម្លៃស្មើនឹងកំពុងតែសម្លាប់ប្រជាជនខ្លួនឯង។ សុំនិយាយទៅកាន់ក្រុមខ្មែរប្រឆាំង កុំស៊ីពែមីយ៉ាន់ម៉ាបានទេ? វិទ្យុអន្តរជាតិនិយាយភាសាខ្មែរមួយ កំពុងតែត្រៀមរៀបចំការថតឱ្យបានល្អគឺការផ្គុំគ្នារវាងបាតុករខ្មែរប្រឆាំង ហ៊ុន សែន និងបាតុករមីយ៉ាន់ម៉ាប្រឆាំង ហ៊ុន សែន។ ធ្វើឱ្យថ្លៃថ្នូរ ខ្មែរដោយខ្មែរ មីយ៉ាន់ម៉ាដោយមីយ៉ាន់ម៉ា ឬក៏(ខ្មែរ)វាតិចពេក? ប្រើ System កាលពីឆ្នាំ ២០១៨ … ដេកផ្ទះឈ្នះឯងនោះ? នៅ Sunderland ក៏អញ្ចឹង។ ឆ្នាំ ២០១៦ ខ្ញុំទៅប្រជុំអាស៊ាន-អាមេរិកនៅ Sunderland កាលនោះ ជំនាន់ប្រធានាធិបតី Barack Obama។ ទៅធ្វើបាតុកម្ម ទៅចូលរួមជាមួយនឹង(បាតុករ)ថៃ ទៅចូលរួមជាមួយនឹងគេ។ ថតរូបភាពឱ្យបាន(ឃើញមនុស្ស)ច្រើន។ ថោកនោះថោក។
សូម្បីតែក្រុមរបស់ ឆោម ឆវិន ត្រូវបានគេថត គេបញ្ជូនរូបភាពមកឱ្យខ្ញុំតើ! ត្រូវបានគេថតថា ជាអ្នកឡើងមកធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន។ ថោកអីថោកដល់ថ្នាក់ប៉ុណ្ណឹងពេក? ខ្លួនឯងនៅប្រទេសមួយនៅនេះនឹងគេដែរ ហើយអ្នកចម្រៀង ឆោម ឆវិន រឿងអីប្រឆាំងជាមួយនឹង ហ៊ុន សែន ទៅកើត បើ ឆោម ឆវិន ច្រៀងតាំងពីជំនាន់រដ្ឋកម្ពុជា? ឥឡូវ សូម្បីតែកូនស្រីរបស់ ឆោម ឆវិន ត្រូវបានខ្ញុំជាអ្នករៀបការឱ្យវា ២ នាក់ហ្នឹង។ ជំនួសឱ្យឪពុកម្ដាយវា។ ឥឡូវ ប្រហែលជាកូនប្រសារ និង ឆោម ឆពុំ កំពុងតែមើល។ វាជាកូនធម៌របស់ខ្ញុំ។ ខ្ញុំត្រូវរៀបការឱ្យវា។ ម្ដាយមីងរបស់វា ឆោម និមល, បូ វណ្ណៈ អី តួកុនពីដើមនៅស្រុកខ្មែរ។ ឥឡូវ បើថា(បាតុករ)តិចពេក ហើយចាំបាច់ទៅបូកជាមួយនឹង(បាតុករ)មីយ៉ាន់ម៉ាធ្វើអី? បើថាតិចពេក កុំមកទៅ …
ខ្ញុំអំពាវនាវបងប្អូនយើង ទោះបីគេប្រព្រឹត្តយ៉ាងម៉េចមកលើយើងក៏ដោយ កុំតបតដោយហិង្សាឱ្យសោះ។ ក្នុងឋានៈជាពលរដ្ឋ ដែលមានសេចក្ដីថ្លៃថ្នូរ គប្បីត្រូវគោរពច្បាប់អាមេរិក។ សិទ្ធិប្រជាធិបតេយ្យ គឺមានហើយ ក៏ប៉ុន្តែ យើងមិនត្រូវប្រព្រឹត្តសកម្មភាពប្រឆាំងតាមបែបស្មោកគ្រោកនោះទេ កុំតបតជាមួយនឹងទង្វើអគុណធម៌បែបតិរច្ឆាន។ ខ្ញុំអំពាវនាវទៅកាន់បាតុករមីយ៉ាន់ម៉ា ដែលមុននេះ ប្រហែលជា ២ ពាន់នាក់ ចូលខម្មិននៅក្នុងហ្វេសប៊ុករបស់ខ្ញុំចង់ផ្ទុះ ជាភាសាមីយ៉ាន់ម៉ាផង/ខ្មែរផង និងអង់គ្លេសផង។ ប៉ុន្តែ ក្រោយមកប្រហែលជាមានការណែនាំពីមេដឹកនាំរបស់គេ។ បាត់(ខម្មិន)អស់។ ខ្ញុំសូមជម្រាបបងប្អូនមីយ៉ាន់ម៉ាឱ្យបានជ្រាប ការធ្វើបាតុកម្មណាមួយប្រឆាំងជាមួយនឹងប្រធានអាស៊ានពេលនេះ មានតម្លៃស្មើនឹងការរួមចំណែកសម្លាប់ប្រជាជនខ្លួនឯងនៅក្នុងប្រទេស។
ខ្ញុំសូមនិយាយដោយត្រង់ៗ បើអ្នកឯងចង់ងាប់ៗទៅ ខ្ញុំមិនទៅឈឺក្បាលខ្ញុំទេ។ បើនិយាយតាមមួយបែបខ្វះការទទួលខុសត្រូវ។ ខ្ញុំយកចិត្តទុកដាក់តែពលរដ្ឋរបស់ខ្ញុំវាឈឺក្បាលណាស់ទៅហើយ។ ខ្ញុំចង់ឱ្យអ្នកឯងឈប់បាញ់គ្នា ខ្ញុំចង់ឱ្យអ្នកឯងសន្ទនាគ្នា ខ្ញុំចង់យកជំនួយទៅចែកឱ្យអ្នកឯង បើអ្នកឯងប្រឆាំងអាហ្នឹងទៀត គឺអ្នកសម្លាប់ប្រជាជនខ្លួនឯងទេតើ។ យើងស្គាល់ច្បាស់ ហេតុអ្វីបានជាមីយ៉ាន់ម៉ាអាចសរសេរភាសាខ្មែរបាន គឺបានសេចក្ដីថា អាពួកនេះ មិនដឹងវាកាន់ Account Facebook ប៉ុន្មាន វាអង្គុយក្បែរគ្នា។ អញ្ចឹង បានវាបង្ហោះ(ខម្មិន)ជាខ្មែរផង/អង់គ្លេសផង/ភាសាភូមាផង ហើយភូមាចេះខ្មែរពីកាលណា? លោកពូ ម៉ក់ ហឺន ថាពួកអាក្រញាញ់ខួរ។ ខ្ញុំទើបតែនឹងឮដែរភាសាហ្នឹង។
ទំនាក់ទំនងកម្ពុជា-អាមេរិក ដើរដល់ចំណុចកំពូលជាប្រវតិ្តសាស្រ្ត
ឥឡូវខ្ញុំគួរតែនិយាយ អំពីបញ្ហាទំនាក់ទំនង រវាងកម្ពុជា-អាមេរិក តើវាដល់ណាហើយ? ហើយមានស្អីខ្លះ ដែលជាឧបសគ្គ? ដំបូងយើងគួរតែនិយាយថា ទំនាក់ទំនង រវាងកម្ពុជា-អាមេរិក បានដើរដល់ចំណុចកំពូល ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ ពិតមែនតែវាលិចអណ្ដែតៗ ក៏ប៉ុន្តែសុំឱ្យសង្កេតលើបញ្ហា ២ មុនគេ៖ ទី (១) មុនឆ្នាំ ២០០០ តើអាមេរិកមានស្ថានទូតផ្ទាល់ខ្លួននៅកម្ពុជាឬអត់? ចម្លើយ គឺអត់មានទេ។ (ស្ថានទូត)អាមេរិកជួលផ្ទះគេនៅទេ។ ក្រោយឆ្នាំ ២០០០ ជាពិសេស ក្រោយដំណាក់កាលដែលកម្ពុជារកឃើញសន្ដិភាពពេញលេញ អាមេរិកបានកសាងស្ថានទូតនៅកម្ពុជា។ ទីតាំងស្ថានទូតនៅកម្ពុជា គឺជាទីតាំងល្អបំផុត ប្រសិនបើមិនមែនជាអាមេរិកទេ ខ្ញុំអត់ផ្ដល់កន្លែងហ្នឹងឱ្យនោះទេ ព្រោះជាក្លិបរបស់យុវជន។ ជិតវត្តភ្នំ។ ពេលហ្នឹងរដ្ឋាភិបាលអាមេរិកផ្ដល់លុយទៅឱ្យស្ថាតទូតទិញនៅភ្នំពេញ អត់ផ្ដល់នូវប្រាក់បង់ពន្ធនោះទេ។ ខ្ញុំជួយសម្រួលបង់ពន្ធជូនអាមេរិកទៀត ដើម្បីឱ្យអាមេរិកមានការឈរជើងឱ្យមាំនៅក្នុងស្រុកខ្មែរ។
ទី (២) ក្នុងប្រវត្តិទំនាក់ទំនងពាណិជ្ជកម្ម ពេលនេះគឺជាពាណិជ្ជកម្មដែលធំបំផុត។ ទំហំពាណិជ្ជកម្មដែលនាំចូលមកអាមេរិក មានជាង ៩ ពាន់លានដុល្លារ(អាមេរិក)។ ឥឡូវ ក្រុមហ៊ុនអាមេរិក កាន់តែច្រើនទៅស្រុកខ្មែរ។ រថយន្ត Ford កំពុងពេញនិយមនៅស្រុកខ្មែរ។ ឧបករណ៍ផ្នែកខាងវេជ្ជសាស្រ្តក៏ត្រូវបំពាក់ចូលកាន់តែច្រើនទៅលើទីផ្សារកម្ពុជា។ ក្រុមហ៊ុនអាមេរិកទៅកម្ពុជាច្រើន។ ប៉ុន្តែ មិនមែនឥតខ្ចោះនោះទេ។ មានការភាន់ច្រឡំមួយចំនួន ផ្ដើមចេញពីការមិនយល់គ្នា ឬយ៉ាងណា យើងត្រូវស្វះស្វែងបន្ត ធ្វើការជាមួយគ្នាតទៅទៀត។
ខ្ញុំមានការសោកស្ដាយ ដោយសារបញ្ហាកូវីដ-១៩ ទេ កុំអីជំនាន់អតីតប្រធានាធិបតី Donald Trump យើងគ្រោងប្រជុំនៅក្នុងខែមីនា ឆ្នាំ២០២០។ ប៉ុន្តែ នៅពេលផ្ទុះកូវីដ-១៩ នៅអាមេរិក គឺអាមេរិកត្រូវពន្យារ(ពេល)រហូតមកដល់ពេលនេះ។ លើកម្ដងហើយម្ដងទៀត ឥឡូវ ទម្រាំរកឃើញពេលវេលាត្រូវគ្នា។ ជួបយឺតប្រសើរជាងមិនបានជួប និយាយតាមមួយបែបអញ្ចឹងទៅចុះ។ ពេលនោះ បងប្អូនបានត្រៀមខ្លួនម្ដងរួចទៅហើយ កាលពីខែមីនា ឆ្នាំនេះ ដែលថាត្រៀមមក។ ខ្ញុំសូមអរគុណណាស់ មុននឹងខ្ញុំមកដល់ គឺឃើញទូរទស្សន៍បញ្ចាំងយ៉ាងច្រើន បង្ហោះតាមហ្វេសប៊ុកយ៉ាងច្រើន អំពីការត្រៀមស្វាគមន៍។ នេះក៏ជាការលើកទឹកចិត្តមួយដែរ ដូចធ្វើឱ្យខ្ញុំ(រីករាយ) ដែលក្នុងស្ថានភាពកំពុងអាឡោះអាល័យបងប្រុសទី ២ មរណភាព។ បងប្រុសទី ១ នៅក្នុងមន្ទីរពេទ្យនៅឡើយ។ អាចមកដល់ទីនេះ ជាការលើកទឹកចិត្ត។ អរគុណណាស់។
កម្ពុជាអត់ត្រូវការវត្តមានកងទ័ពបរទេសលើទឹកដីខ្លួនទេ តែការវិនិយោគខាងសេដ្ឋកិច្ច
មានចំណុចខ្លះ ដែលទាមទារនូវការពន្យល់គ្នា ហើយដែលខ្ញុំពន្យល់អាមេរិកច្រើនដងហើយ នោះគឺការសង្ស័យទៅលើបញ្ហាមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅរាម (ខេត្តព្រះសីហនុ)។ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ រដ្ឋធម្មនុញ្ញរបស់កម្ពុជា ហាមឃាត់មិនឱ្យ(មានវត្តមានមូលដ្ឋាន)កងទ័ពបរទេសលើទឹកដីរបស់ខ្លួនទេ ហើយក៏មិន(អនុញ្ញាតឱ្យ)បញ្ជូនកងទ័ពទៅក្រៅ លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ពេលនេះ កងទ័ពកម្ពុជានៅលីបង់ នៅសូដង់ខាងត្បូង នៅម៉ាលី និងនៅអាហ្វ្រិកកណ្ដាល។ ឥឡូវ និយាយពីកម្ពុជាវិញ តើយើងត្រូវការកងទ័ពបរទេសយកមកធ្វើអី? និយាយមួយបែប។ សេចក្ដីត្រូវការរបស់កម្ពុជានៅពេលនេះ ត្រូវការការវិនិយោគខាងសេដ្ឋកិច្ច អត់មានត្រូវការកងទ័ពទេ។ ខ្ញុំចង់កាត់រំសាយកងទ័ព ដើម្បីបង្វែរការចិញ្ចឹមទ័ព បម្រើទៅក្នុងវិស័យអប់រំ/វិស័យសុខាភិបាលវិញ។ នេះវាជារឿងពិត ដែលបានកើតឡើងនៅក្នុងនយោបាយការបរទេសរបស់កម្ពុជា តែកម្ពុជាត្រូវការកំពង់ផែរាម។
លោកពូ ម៉ក់ ហឺន ស្គាល់ហើយ។ យើងមានកំពង់ផែត្រឹមប៉ុណ្ណឹង។ ហើយ(ជម្រៅ)ទឹក ២,៧ ម៉ែត្រ។ ថ្ងៃមុនជប៉ុនចូលកប៉ាល់មក ត្រូវយកកប៉ាល់តូចមួយ ដើម្បីដឹក(ទាហានជប៉ុន)ចូលឱ្យបានដល់។ រខេករខាកៗ ទម្រាំរកលុយសាងសង់បាន(ដូចសព្វថ្ងៃ)។ នាវាល្បាតរបស់យើងសព្វថ្ងៃ ពេលត្រូវការជួសជុល ពីមុនត្រូវអូសទៅវៀតណាម ឬអូសទៅម៉ាឡេស៊ី។ ទូកនេសាទរបស់កសិករយើង(ជួយ)អូសទៅថៃ។ អញ្ចឹង គំនិតនេះ មានតាំងពីឆ្នាំ ១៩៨៦ ដែលខ្ញុំក្លាយជានាយករដ្ឋមន្រ្តីនៅឆ្នាំ ១៩៨៥ ខ្ញុំដើរតាមមាត់សមុទ្រ ពីខេត្តកោះកុង មកកំពង់សោម មកកំពត ពេលនោះ កែបមិនទាន់បង្កើតទេ។
អត់ត្រូវការជំនាញការយោធា បើផ្តល់ការហ្វឹកហ្វឺនទទួល
ខ្ញុំឧស្សាហ៍ដើរចុះតាមហ្នឹង ខ្ញុំមើលឃើញថា សព្វថ្ងៃពលរដ្ឋកម្ពុជារបស់យើង ត្រូវពឹងពាក់ទៅលើថៃ។ ថៃគេមានកន្លែងជួសជុល។ អញ្ចឹង យើងគួរធ្វើកន្លែងហ្នឹង។ ឯនាវាល្បាតរបស់យើង(ពេលខូច) ត្រូវបញ្ជូនទៅវៀតណាម ដើម្បីនឹងជួសជុល។ យើងខ្វះកន្លែងខ្លួនឯង។ ឥឡូវនេះ យើងធ្វើ(កន្លែងជួសជុលទាំង)ហ្នឹង។ ឥឡូវហ្នឹង ទីតាំងបញ្ជាការជើងទឹកត្រូវរើចេញទៅផ្ញើនៅកន្លែងណាផ្សេងសិន ហើយកន្លែងលំហសមុទ្រត្រូវកសាងនៅកោះមួយថ្មី ជំនួសទីតាំងចាស់ ហើយយកទីតាំងចាស់ទៅជាកន្លែងជួសជុលនាវា។
ប្រទេសណាក៏ដោយដែលចង់ចូល គឺកម្ពុជាអនុញ្ញាតទាំងអស់។ កន្លងទៅអាមេរិកក៏ចូល, បារាំងក៏ចូល, ចិនក៏ចូល, ជប៉ុនក៏ចូល, អូស្រ្តាលីក៏ចូល, អង់គ្លេសក៏ចូល យើងស្វាគមន៍ទាំងអស់។ ប៉ុន្តែ មានការយល់ច្រឡំ Mike Pence សរសេរសំបុត្រមួយនៅ Washington D.C។ ខ្ញុំឆ្លើយបញ្ជាក់ ហើយខ្ញុំបញ្ជាក់រឿងនេះម្ដងហើយម្ដងទៀត។ កម្ពុជាអត់ត្រូវការកងទ័ពបរទេសលើទឹកដីរបស់ខ្លួន។ ទោះបីកងទ័ពមកពីណាក៏ដោយ ក៏ប៉ុន្តែ មាននៅក្នុងស្ថានទូតរបស់ខ្លួន គឺអនុព័ន្ធយោធានៅចុះ។
ព្រឹកមិញខ្ញុំបាននិយាយជាមួយ Senator របស់អាមេរិកមួយជាស្ត្រី ខ្ញុំបានចង្អុលបង្ហាញប្រាប់គាត់ថា អនុព័ន្ធយោធារបស់ខ្ញុំជានារី ប្រចាំនៅ Washington។ មិនចម្លែកទេ យើងក៏មានអនុព័ន្ធយោធាប្រចាំនៅទីនេះ។ អាមេរិកមានអនុព័ន្ធយោធាប្រចាំនៅកម្ពុជា។ ជំនាញការយោធាអីខ្ញុំអត់មានត្រូវការទេ បើផ្ដល់ការហ្វឹកហ្វឺនទទួល។ ខ្ញុំទៅជប៉ុនកន្លងទៅ ខ្ញុំក៏ស្នើសុំឱ្យជប៉ុនបន្ថែមនូវការបណ្ដុះបណ្ដាលនិសិ្សតយោធារបស់កម្ពុជា។ ហ្នឹងរឿងមួយទៅ។
ការផ្អាកសមយុទ្ធឆ្នាំ ២០១៧ ជាឆ្នាំបោះឆ្នោត ធ្វើអោយមានការភាន់ច្រឡំ មិនទាន់ដោះស្រាយ
រឿងទី (២) ទាក់ទងនឹងសមយុទ្ធឆ្នាំ ២០១៧ ជាឆ្នាំបោះឆ្នោតកាលហ្នឹង។ បោះឆ្នោតឃុំ-សង្កាត់ ខ្ញុំបានប្រាប់ទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ថា ឆ្នាំបោះឆ្នោតមិនគួរមានសមយុទ្ធកើតឡើងទេ។ អញ្ចឹង យើងក៏ផ្អាកសមយុទ្ធទាំងអស់។ បែរជាមានការភាន់ច្រឡំមួយថា កម្ពុជាផ្អាកសមយុទ្ធជាមួយអាមេរិក ទៅទទួលធ្វើសមយុទ្ធជាមួយចិន។ វាកើតទៅជារឿងមួយដល់រាល់ថ្ងៃមិនទាន់ដោះស្រាយ។ ខ្ញុំក៏មិនយល់ដែរ។ ខ្ញុំថាឈឺក្បាលណាស់។ ខ្ញុំនិយាយថា ខ្ញុំចង់ធ្វើមិត្តអាមេរិកអីក៏ពិបាកម្លេះ? បើចង់ធ្វើសត្រូវវាគួរតែពិបាក គ្រាន់តែសុំធ្វើមិត្តសោះអីក៏ពិបាកម្លេះ?
ខ្ញុំដឹងច្បាស់ អាមេរិកកំពុងតែថតសម្លេង(ខ្ញុំ) ដើម្បីយកទៅបកប្រែឱ្យមេដឹកនាំមើល។ ព្រោះអញ្ចេះ មូលហេតុដែលខ្ញុំយល់ពីអាមេរិកច្បាស់នៅត្រង់ណា តាំងពីឆ្នាំ ១៩៩១ ខ្ញុំមកអង្គការសហប្រជាជាតិ ខ្ញុំកោតសរសើរអាមេរិកខ្លាំងណាស់នៅកន្លែងនេះ។ ខ្ញុំប្រជុំនៅ Pattaya អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសបន្ទាប់ទៅបានធ្វើដំណើរមកអង្គការសហប្រជាជាតិ ដើម្បី SNC ចូលកាន់អាសនៈ។ ស្រាប់តែមកដល់គេយកអត្ថបទបកប្រែនូវសេចក្ដីថ្លែងការណ៍របស់ខ្ញុំមួយ ដែលខ្ញុំនិយាយជាងមួយម៉ោងទៅកាន់ពលរដ្ឋ។ បកប្រែប៉ុន្មានសន្លឹកទៅជាភាសាអង់គ្លេសទាំងអស់។ អញ្ចឹងឥឡូវនេះ ប្រហែលជាអ្នកដែលកំពុងតែធ្វើការនោះ កំពុងតែបកប្រែអ្វីដែលខ្ញុំនិយាយជូនថ្នាក់ដឹកនាំក្រសួងការបរទេសអាមេរិក ឬក៏ក្រសួងការពារជាតិអាមេរិក ឬ CIA។
ខ្ញុំស្គាល់ពីអាមរិកខ្លះដែរតើ។ ខ្ញុំធ្លាប់ធ្វើការតាំងពីដំណាក់កាល George H.W. Bush លើកិច្ចព្រមព្រៀងប៉ារីស។ មកដល់ Bill Clinton។ មកដល់ George H.W. Bush។ មកដល់ Barack Obama។ មកដល់ Donald Trump។ ហ្នឹងតាំងពីនាយករដ្ឋមន្ត្រី ដែលក្មេងជាងគេលើលោក។ ឥឡូវ ទៅជានាយករដ្ឋមន្ត្រី ដែលយូរជាងគេលើលោក។ From youngest in the world to longest (serving) in the world។ អាណិតខ្ញុំ អង់គ្លេសខ្ញុំមិនសូវចេះទេ ព្រោះខ្ញុំខ្មែរ។ ហោចណាស់ Joe Biden អត់ចេះខ្មែរសូម្បីមួយម៉ាត់ ឯខ្ញុំអាចនិយាយ(អង់គ្លេស)បាន។ ទេ! អាហ្នឹងភាសាជាតិរបស់យើង។
កឹម សុខា ខ្លួនឯង និយាយពីអាមេរិកជាអ្នកជួយ
រឿងមួយទៀត ឯកឧត្តម ស៊ុន ចាន់ថុល ទើបតែប្រាប់ខ្ញុំថ្ងៃមុន … (មានអ្នកនិយាយថា)សំណុំរឿងរបស់ ឯកឧត្តម កឹម សុខា ត្រូវបានផ្សារភ្ជាប់ជាមួយអាមេរិក។ ព្រឹកមិញខ្ញុំជួប Senator អាមេរិក ទាំង Senator រូបនេះ (និង)ទាំង Senator មួយទៀត (តែ Senator ព្រឹមមិញនេះ) ខាងសាធារណរដ្ឋប្រចាំរដ្ឋ(ទី)នេះទេ។ ប៉ុន្តែ មួយទៀតប្រចាំសហព័ន្ធ។ ខ្ញុំថា ខ្ញុំអត់ចោទអាមេរិកទេ។ អ្វីដែលមាននោះ គឺឯកឧត្តម កឹម សុខា គាត់និយាយខ្លួនឯងទេតើ។ អញ្ចឹង ត្រូវការដោះស្រាយ រវាងអាមេរិក-កឹម សុខា។ ប្រហែលជាពេលនេះ ឯកឧត្តម កឹម សុខា មើលដែរ។ ថ្ងៃមុនជួបគ្នា ខ្ញុំអត់បាននិយាយរឿងហ្នឹងទេ។ និយាយរឿងផ្សេង។ ហោចណាស់ ឯកឧត្តម កឹម សុខា ពេលម្ដាយក្មេកខ្ញុំស្លាប់ គាត់ក៏ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ។ ឥឡូវ បងប្រុសខ្ញុំស្លាប់ គាត់ក៏ទៅចូលរួម។ និយាយទៅនំនៅមុខ អត់ព្រមស៊ី។ ឃ្លានរៀងខ្លួន។ (និយាយ)ដល់បួនម៉ោង។ ជក់មាត់និយាយគ្នា។
ខ្ញុំសូមជម្រាប ទាំងតុលាការ ទាំង(រាជ)រដ្ឋាភិបាល អត់មានចោទអាមេរិកទេ។ អ្វីដែលកើតមាន គឺ កឹម សុខា និយាយពីអាមេរិកជួយអញ្ចេះៗ មាននៅក្នុងហ្នឹងទេតើ។ អញ្ចឹង រឿងនេះមិនមែនរឿងកម្ពុជាជាមួយនិងអាមេរិកឯណា? (ជា)រឿង កឹម សុខា។ អាមេរិកត្រូវធ្វើឥរិយាបទយ៉ាងម៉េច? ម៉េចលោកឯងយកឈ្មោះខ្ញុំទៅនិយាយ រឿងតែប៉ុណ្ណឹងទេតើ។ ខ្ញុំអត់បានចោទអាមេរិករឿងផ្ដួលរំលំទេ។ កឹម សុខា និយាយខ្លួនឯង ព្រោះ កឹម សុខា លើកតាំងពីរបៀប(ផ្តួលរំលំ) Milosevic តាមបែបស្អីឯណានោះ។ ឃ្លីបនេះខ្ញុំសូមជម្រាប យើងបានទទួលពេលរឿងក្ដីបានចាប់ផ្ដើម ខាងមេធាវី ឯកឧត្តម កឹម សុខា បានដាក់ឯកសារមួយទៀត។ ឯកសារដែលគាត់ដាក់មកជូនតុលាការ គឺឯកសារដូចគ្នា។ អត់មានអីខុសគ្នាបន្តិច។ អញ្ចឹង ឯកសារខាងផ្នែកតុលាការ ដែលមាន ដើមបណ្ដឹងមាន ក៏ដូចគ្នាឯកសាររបស់គាត់ដាក់មកដូចគ្នា។ ទៅជាសំណុំរឿងមួយ ដែលគាត់ក៏មានឯកសារអញ្ចឹង។ ខាងតុលាការក៏មានឯកសារអញ្ចឹង។ មានអ្នកណាកាត់ត បើគាត់ដាក់ឯកសារមកអញ្ចឹងដែរ? អាហ្នឹងជាចំណុចទុកឱ្យតុលាការកាត់ក្ដីទៅ។
រឿងចេញទៅក្រៅប្រទេសរបស់លោក កឹម សុខា ស្ថិតលើសិទ្ធិសម្រេចរបស់តុលាការ
យើងទាំងអស់គ្នាបាននិយាយហើយថា ឱ្យគោរពតុលាការ ព្រោះអំណាចគេបែងចែកបីអញ្ចេះ នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ រួចហើយបែរជានាំគ្នាថា ត្រូវជម្រុញតុលាការអញ្ចេះៗ។ ខ្ញុំចង្អុលមុខ កុំមកចេះ។ ម្ខាងបង្រៀនឱ្យគោរពតុលាការ ដល់ម្ខាងទៀតឱ្យខ្ញុំទៅសង្កត់តុលាការ។ ខ្ញុំអត់ចេះធ្វើទេអាហ្នឹង។ បើអ្នកឯងចេះធ្វើធ្វើខ្លួនឯងទៅ។ ខ្ញុំត្រូវមាននីតិវិធីរបស់ខ្ញុំ។ ដំណើរការហើយរឿង កឹម សុខា។ សុំមកក្រៅប្រទេសអីហ្នឹងគឺស្រេចតុលាការទេ ព្រោះឥឡូវគាត់មានសិទ្ធិដើរនៅក្នុងប្រទេស។ គ្រាន់តែខ្ញុំបង្ហាញនូវអារម្មរបស់ខ្ញុំថា រឿងសុំទៅក្រៅប្រទេស ដូចជារឿងសុំទៅពិនិត្យសុខភាព ឬមកសួរសុខទុក្ខកូនចៅអី ដូចជាមិនគួរជាឧបសគ្គទេ។ ខ្ញុំប្រាប់គាត់អញ្ចឹង។ ប៉ុន្តែហ្នឹងមិនមែនជាអំណាចរបស់ខ្ញុំទេ ខ្ញុំគ្រាន់តែបង្ហាញជាមួយគាត់ថា បញ្ហាសុំទៅក្រៅប្រទេស សុំទៅពិនិត្យសុខភាពត្រូវសុំតុលាការ។ មិនគួរក្លាយទៅជាឧបសគ្គស្តីពីការសុំច្បាប់ទៅក្រៅប្រទេសទេ។ ប៉ុន្តែ ត្រង់សម្រេចឱ្យទៅឬមិនឱ្យទៅ គឺជាអំណាចពេញលេញរបស់តុលាការ។ ខ្ញុំមិនលូកលាន់ទេ។ តែបើបំណងរបស់ខ្ញុំៗ គិតថា បើសិនជាខ្ញុំជាតុលាការ បើខ្ញុំជាចៅក្រម ប៉ុន្តែខ្ញុំវាមិនមែនជាចៅក្រម ខ្ញុំគ្រាន់តែបង្ហាញយោបល់របស់ខ្ញុំទេ សូមកុំយល់ថា លោក ហ៊ុន សែន សង្កត់តុលាការឱ្យលោក កឹម សុខា ចាកចេញ …។
តើការគំរាមកំហែងឬទេ ដែលថាដកសញ្ជាតិហើយបញ្ជូនត្រឡប់ទៅកម្ពុជាវិញ
ឥឡូវដល់ពេលដែលខ្ញុំត្រូវនិយាយ អំពីពលរដ្ឋកម្ពុជាយើងនៅក្រៅប្រទេស។ កន្លងទៅខ្ញុំយល់ពីអារម្មណ៍ហើយខ្ញុំមិននឹងស្មានថា គេមកគំរាមកំហែងបងប្អូននៅលើទឹកដីបិតាប្រជាធិបតេយ្យបែបនេះទេ។ នោះគឺថាអ្នកណាគាំទ្ររាជរដ្ឋាភិបាល នៅអាមេរិកនឹងដកសញ្ជាតិឱ្យត្រឡប់ទៅប្រទេស។ ខ្ញុំអំពាវនាវចំពោះរដ្ឋបាលអាមេរិក តើនេះជាការគំរាមកំហែងមួយទេ ចំពោះពលរដ្ឋយើងខ្ញុំដែលកំពុងរស់នៅលើដែនដីអាមេរិក? ខ្ញុំសូមអំពាវនាវចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ការពារជនរួមជាតិរបស់យើងខ្ញុំកុំឱ្យមានការគំរាមកំហែង។ ពួកអ្នកមួយចំនួននិយាយថា រដ្ឋបាលរបស់លោក ហ៊ុន សែន គំរាមកំហែងបក្សនេះ/នោះ ក៏ប៉ុន្តែកន្លងទៅនេះ អ្នកណាគាំទ្រ ហ៊ុន សែន អ្នកណាគាំទ្រ CPP អ្នកណាគាំទ្ររាជរដ្ឋាភិបាល អាមេរិកនឹងដកសញ្ជាតិ ហើយបញ្ជូនត្រឡប់ទៅកម្ពុជាវិញ តើវាជាប្រភេទនៃការគំរាមកំហែងឬអត់? ដល់ពេលដែលបងប្អូនយើងងើបឈរឡើងដើម្បីការពារសេរីភាពរបស់ខ្លួនលើទឹកដីអាមរិក។
ទាមទារអាមេរិកមិនឱ្យបញ្ជូនពលរដ្ឋខ្មែរប្រព្រឹត្តទោសទៅខ្មែរ ដើម្បីការពារប្រយោជន៍របស់ខ្មែរនៅអាមេរិក
ខ្ញុំនិយាយនេះ ខ្ញុំមានកាតព្វកិច្ច ដើម្បីការពារជនរួមជាតិនៅក្រៅប្រទេសទាំងអស់។ ហេតុអ្វីបានប្អូនយើងមករស់នៅលើទឹកដី នៃបិតាប្រជាធិបតេយ្យ បែរជាត្រូវទទួលការគំរាមកំហែងបែបនេះ។ ច្បាប់អាមេរិកចែងនៅត្រង់ណាទៅ។ ខ្ញុំត្រូវតែបញ្ជាក់ អំពីចំណុចមួយ ដើម្បី(ឱ្យ)បងប្អូនអាចយល់ នេះក៏ជាការភាន់ច្រឡំមួយ រវាងរដ្ឋបាលអាមេរិកជាមួយនឹងកម្ពុជា ដែលមិនទាន់បានដោះស្រាយនៅឡើយ។ កិច្ចព្រមព្រៀងបានធ្វើតាំងពីសម័យ Hillary Clinton ពលរដ្ឋកម្ពុជាណា ដែលប្រព្រឹត្តកំហុសនៅអាមេរិក បន្ទាប់ពីជាប់ពន្ធនាគារនៅអាមេរិកហើយត្រូវនិរទេសត្រឡប់ទៅប្រទេសកំណើត គឺកម្ពុជា។
វាជារឿងឈឺចាប់ណាស់ ដែលមួយចំនួនបានទៅធ្វើអត្តឃាតនៅប្រទេសកម្ពុជា។ មិនច្រើន(ទេ) ទោះបីតិច(ក្តី) តែវាជាការគួរឱ្យសោកស្ដាយ។ តែរឿងអកុសលមួយទៀត ប្ដីធ្វើកំហុសជាប់គុក ដល់និរទេសទៅស្រុកខ្មែរតែប្ដី (ឯ)ប្រពន្ធ/កូននៅអាមេរិក។ ដោយឃើញបញ្ហានេះ យើងបានស្នើសុំធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ដោយយកបញ្ហាគោលការណ៍មនុស្សធម៌ធ្វើជាមូលដ្ឋាន។ មិននឹកស្មានថា រដ្ឋបាលរបស់អាមេរិកបានយល់ខុសពីយើង ថាយើងជាប្រទេសមិនសហការ ដោយដាក់ទណ្ឌកម្មមកលើយើង/មន្ត្រីរបស់យើង លើបញ្ហាទិដ្ឋាការ សម្រាប់មន្រ្តីជាន់ខ្ពស់ ផ្នែកការទូត។ ប៉ុន្តែ ក្នុងពេលជាមួយគ្នា យើងកំពុងអនុវត្តកិច្ចព្រមព្រៀងហ្នឹងទេតើ។ យើងគ្រាន់តែលើកជាសំណើ ដើម្បីនឹងធ្វើវិសោធនកម្ម ប៉ុន្តែ បែរជាមានឈ្មោះថា យើងជាប្រទេសមិនសហការ។
ឥឡូវ យើងកំពុងសម្ភាសន៍តាមអនឡាន ដោយសារតែកូវីដ-១៩ ដូចជានៅសល់តែប៉ុន្មានរយនាក់ត្រូវបញ្ជូនទៅស្រុកខ្មែរ។ រឿងហ្នឹងបងប្អូនត្រូវយោគយល់ខ្ញុំ។ ខ្ញុំចង់ការពារបងប្អូនយើង ក៏ប៉ុន្តែច្បាប់អាមេរិកអញ្ចឹង។ ចង់ការពារបងប្អូន តែមកដាក់ទណ្ឌកម្មអ្នកដែលត្រូវការ(ពារ)បងប្អូន។ ព្រឹកមិញ ខ្ញុំបានប្រាប់លោកជំទាវសមាជិកព្រឹទ្ធសភាអាមេរិក គាត់ទទួលបន្ទុកកំណែទម្រង់អន្តោប្រវេសន៍។ បើអញ្ចឹងសូមគិតគូរ អំពីបញ្ហាហ្នឹងផង។ គាត់ថា គាត់យល់អ្នកដែលមកពី Mexico ធ្វើកំហុសរួចហើយ គឺត្រូវបញ្ជូនទៅ Mexico វិញ គឺពិបាក។ ខ្ញុំថា ហ្នឹងប្រជាជនខ្មែរកាន់តែពិបាក។ ខ្ញុំថា សុំលោកជំទាវជួយ។ យ៉ាងហោចណាស់ មកដល់ពេលនេះ អាមេរិកគួរផ្ដល់ឱ្យមកវិញនូវទិដ្ឋាការ ព្រោះកម្ពុជាកំពុងតែអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ទេតើ …។
មិនថានៅទីណា អ្នកមកធ្វើបាតុកម្មតែងមានចំនួនតិចជាងអ្នកមកគាំទ្រ
បកត្រឡប់មកនិយាយពីសិទ្ធិពលរដ្ឋអាមេរិក។ ឥឡូវ បងប្អូនងើបឡើងការពារខ្លួន ហើយបង្ហាញច្បាស់អត្តសញ្ញាណថា ខ្ញុំគាំទ្រគណបក្សប្រជាជន ខ្ញុំគាំទ្រ(រាជ)រដ្ឋាភិបាល ខ្ញុំគាំទ្រប្រទេសរបស់ខ្ញុំ។ កុំខ្លាច កុំសម្ងំ(ស្ងៀម)តទៅទៀត។ សុំប្រាប់តាមតំណាងបងប្អូនឱ្យច្បាស់ថា បើបងប្អូនឈរនៅមណ្ឌលបោះឆ្នោតណាត្រូវនិយាយទៅកាន់អ្នកតំណាងរាស្ត្រនៅកន្លែងហ្នឹង សួរអ្នកតំណាងរាស្ត្រនៅកន្លែងហ្នឹងឱ្យឆ្លើយ បើលោកឯងមិនឆ្លើយ ខ្ញុំឈប់បោះឆ្នោតឱ្យលោកឯង។ ខ្ញុំជួយបង្រៀនអ្នកនៅអាមេរិកដើម្បីឱ្យចេះតស៊ូ។ ហេតុអីឱ្យគេមកបំភ័យយើងបាន? ចេញមុខតាមហ្វេសប៊ុកក៏មិនហ៊ាន មកលាក់មុខលាក់ក្រោយ។ សិទ្ធិរបស់យើងគាំទ្រអ្នកណាជាសិទ្ធិរបស់យើង ម៉េចក៏គេមកគំរាម? ហ្នឹងជាប្រភេទគំរាមកំហែងមួយធំណាស់ ហើយគេចោទថាគណបក្សប្រជាជនគំរាមបក្សដទៃ។ ប៉ុន្តែបក្សដទៃមកគំរាមសមាជិកគណបក្សប្រជាជន។
គ្នាគ្រាន់តែគាំទ្រប្រទេសរបស់ខ្លួនក៏ត្រូវបានគំរាមកំហែង។ ឥឡូវ ចេញមុខ ហើយចេញទៅតាមតំណាងរបស់ខ្លួន ហើយប្រាប់ទៅតំណាងរាស្ត្ររបស់ខ្លួនថា បើសិនជាអស់លោកមិនឆ្លើយប្រាប់ខ្ញុំ ជួយការពារខ្ញុំៗឈប់បោះឆ្នោតឱ្យលោក។ ច្បាប់ណាមួយដែលគេដាក់មកផ្ទុយ និងផលប្រយោជន៍ជាតិរបស់យើង បងប្អូនប្រាប់ត្រឡប់វិញ ថ្ងៃក្រោយខ្ញុំឈប់បោះឆ្នោតឱ្យលោកឯង។ តាមដឹងចំនួនអ្នកគាំទ្រគណបក្សប្រជាជនមិនតូចទេ (គឺ)ធំ គ្រាន់តែយើងមិនចេញមុខតែប៉ុណ្ណឹង។ ឥឡូវ ដល់ម៉ោងចេញមុខហើយ។
ខ្ញុំទៅស្រុកបារាំងក៏ដោយ ទៅអឺរ៉ុបក៏ដោយ អ្នកធ្វើបាតុកម្មតែងមានចំនួនតិចជាងអ្នកដែលខ្ញុំជួប។ អញ្ចឹង បានសេចក្ដីថា គ្រួសារអ្នកគាំទ្រគណបក្សប្រជាជនមានចំនួនច្រើនជាងពួកប្រឆាំង គ្រាន់តែយើងអត់ចេញមុខតែប៉ុណ្ណឹង។ ឥឡូវដល់ម៉ោងចេញមុខ ដើម្បីរារាំងការគំរាមកំហែងពីពួកអាសិរពិស។ វាហួសហេតុពេកហើយ។ អញ្ចឹង ខ្ញុំជួបនៅពេលខាងមុខ ខ្ញុំត្រូវតែនិយាយ។ ពលរដ្ឋរបស់ខ្ញុំត្រូវបានទទួលការគំរាមកំហែងពីអ្នកដទៃ ដើម្បីឱ្យវាភ្លឺភ្នែករៀងខ្លួន។ ហើយបើអ្នកឯងមិនដោះស្រាយទេ អ្នកឯងកុំមកនិយាយជាមួយខ្ញុំថា គណបក្សប្រជាជន (ឬក៏)រាជរដ្ឋាភិបាលគំរាមបក្សដទៃអី។ កុំនិយាយដូច្នេះ កុំនិយាយ។ នៅលើស្រុកលោកឯងអត់ទាំងដោះស្រាយបញ្ហាហ្នឹងបានផង មកគំរាមអ្នកគាំទ្រ(រាជ)រដ្ឋាភិបាល គំរាម(អ្នកគាំទ្រ)គណបក្សប្រជាជន ហើយតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យយ៉ាងម៉េច បើគំរាមបែបនេះ?
ស្ថាប័នពាក់ព័ន្ធពិចារណានីតិវិធីឱ្យបងប្អូនខ្មែរនៅក្រៅប្រទេសមានអត្តសញ្ញាណប័ណ្ណ
យប់មិញនៅពេលបាយ ខ្ញុំក្ដាប់បាននូវរឿងមួយ ដែលឯកឧត្តម ប្រាក់ សុខុន ត្រូវនាំយកបញ្ហានេះទៅពិភាក្សាជាមួយក្រសួងមហាផ្ទៃ។ បញ្ហាសម្រួលទិដ្ឋាការ។ យើងបានដោះស្រាយហើយ បានសេចក្ដីថា បងប្អូនយើងអត់ត្រូវបង់ថ្លៃ Visa ទេ។ យើងបោះត្រាជូនបងប្អូន។ ស្រុកគេ ១០ ឆ្នាំ ដូរ Passport ម្ដង។ អញ្ចឹង ពេលដូរ សូមមកស្ថានទូតដើម្បីបោះត្រា។ ប៉ុន្តែ មានរឿងមួយគួរឱ្យចាប់អារម្មណ៍ ហើយត្រូវដោះស្រាយ រវាងក្រសួងការបរទេសនិងក្រសួងមហាផ្ទៃ។ ក្រសួងការបរទេសមានផ្នែកកុងស៊ុល ក្រសួងមហាផ្ទៃមានផ្នែកអន្តោប្រវេសន៍និងអត្តសញ្ញាណកម្ម ជាពិសេសគឺផ្នែកអត្តសញ្ញាណកម្ម។
បងប្អូនមកទីនេះអត់មានសញ្ជាតិខ្មែរទេ ព្រោះមកតាំងពីតូចឬក៏មកអត់មានឈ្មោះក្នុងបញ្ជីក្នុងស្រុកទេ។ អញ្ចឹង ត្រូវធ្វើម៉េចឱ្យបងប្អូនអាចមានអត្តសញ្ញាណប័ណ្ណ។ យប់មិញនេះ មានប្អូនស្រីម្នាក់គាត់ថា ខ្ញុំធ្វើបានមូលហេតុខ្ញុំទៅស្រុក។ ខ្ញុំទៅចុះបញ្ជីគ្រួសាររួចហើយ តាមបញ្ជីគ្រួសារខ្ញុំទៅធ្វើអត្តសញ្ញាណប័ណ្ណ រួចហើយធ្វើ Passport បាន។ ប៉ុន្តែ ចំពោះអ្នកដែលគ្នាមកតាំងពីតូច អត់ដឹងថាភូមិកំណើតនៅឯណាផងនោះ គួរដោះស្រាយថាម៉េច។ ឮថាបងប្អូនមានការបញ្ជាក់មុននឹងចូលសញ្ជាតិ។
អញ្ចឹង យើងត្រូវរកនីតិវិធី ដើម្បីឱ្យបងប្អូនយើងដែលនៅក្រៅប្រទេសមានលទ្ធភាព ព្រោះទៅស្រុកទៅទិញដីធ្លីត្រូវការប័ណ្ណកម្មសិទ្ធិ។ ឥឡូវ មិនតិចទេ ដែលត្រឡប់ទៅស្រុកកសាងផ្ទះ (និង/ឬ)ទិញផ្ទះដើម្បីជាទីកន្លែងសម្រាកចុងក្រោយ។ តែមិនស្រួល លោកពូ ម៉ក់ ហឺន ទៅដែរ។ (បើ)ទៅ ខ្ញុំជួយសម្រួល។ បុរសស្មោះស្នេហ៍។ ប្រវត្តិរបស់គាត់និយាយពីអ្នកមីងអស់ហើយ។ កូនអ្នកមាននៅពោធិសាត់ ត្រូវបានកម្លោះចាស់មួយទៅដណ្តឹង។ ជាទាហានដើរពេញផ្ទៃប្រទេស ទៅត្រូវចិត្តអ្នកមីងនៅពោធិ៍សាត់។ ហ្នឹងហៅថាបុរសស្មោះស្នេហ៍។ ការឆ្នាំ ១៩៧០ មកដល់ពេលនេះ ៥២ ឆ្នាំហើយ។
បញ្ហានេះ ខ្ញុំប្រគល់ឱ្យ ឯកឧត្តម ប្រាក់ សុខុន ហើយនៅក្នុងប្រទេសអាចនឹងមើលការផ្សាយបន្តផ្ទាល់ រកវិធីបែបណាមួយ ដើម្បីសម្រួលឱ្យបងប្អូនអាចមានអត្តសញ្ញាណប័ណ្ណ។ ប៉ុន្តែ ក្នុងពេលជាមួយគ្នា បងប្អូនកុំឱ្យគេបោកបាន នោះគឺការទាមទារសិទ្ធិបោះឆ្នោត។ បើបងប្អូនចង់បោះឆ្នោត គឺបោះបាន ក៏ប៉ុន្តែសុំអញ្ជើញបោះនៅក្នុងប្រទេស។ នេះជាច្បាប់បោះឆ្នោតនៅកម្ពុជា។ មិនតម្រូវឱ្យ(មានការ)បោះឆ្នោតនៅតាមប្រៃសណីយ៍ទេ។ រឿងនេះ សូមកុំឱ្យគេបោកបាន ដោយយកឧទាហរណ៍របស់សហរដ្ឋអាមេរិកយកមកនិយាយតែម្តង។ ចាំបានទេ ជម្លោះរវាង Donald Trump ជាមួយនឹង Joe Biden ចាប់ផ្តើមមកពីអី? ចាប់ផ្តើមមកពីអាបោះតាមប្រៃសណីយ៍នេះឯង គ្រាន់តែនៅអាមេរិកហ្នឹងផងមានបញ្ហារួចទៅហើយ។ បើយោងទៅលទ្ធផល នៃសន្លឹកឆ្នោត ដែលបោះផ្ទាល់ គឺ Donald Trump ជាអ្នកឈ្នះ ប៉ុន្តែការបូកចេញមកពីប្រអប់ប្រៃសណីយ៍មកនោះ ដែលវាបង្កើតការតវ៉ាអស់មួយរយៈ រហូតទៅដល់មានហិង្សានៅវិមានកាពីតូល។ ខ្ញុំនៅស្រុកខ្មែរក៏ដឹងពីអាមេរិកខ្លះដែរ មិនអត់ទេ។
មេបោកមួយចំនួន ទៅបោកថា បើគេឈ្នះ គេនឹងឱ្យពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោតពីក្រៅប្រទេស។ ខ្ញុំសូមតាំងជាសំណួរថា អ្នកឯងធ្វើកើតទេ បើសូម្បីតែក្នុងអាមេរិកធ្វើមិនបានផង? អញ្ចឹង ពលរដ្ឋនៅអាមេរិក ខ្ញុំសួរថា បោះឆ្នោតថ្នាក់ឃុំ-សង្កាត់ តើអ្នកបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ហ្នឹង បោះនៅឃុំ-សង្កាត់ណា? បោះឆ្នោតប៉ុន្មានថ្ងៃខាងមុខនេះ។ ដល់បោះឆ្នោតថ្នាក់ជាតិ តើអ្នកបោះឆ្នោតនៅខេត្តណា? អញ្ចឹង បើចង់មានសិទ្ធិបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោត ដែលក្នុងមួយឆ្នាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដូចជាប្រើពេល ៣ ខែ ដើម្បីពិនិត្យ និងចុះឈ្មោះអ្នកដែលដល់អាយុបោះឆ្នោត និងលុបឈ្មោះចេញនូវអ្នកដែលមរណភាព។ អញ្ចឹង ពេលហ្នឹងយើងទៅចុះឈ្មោះនឹងគេទៅ។ ដូចជាថា យើងចង់បោះឆ្នោតនៅទីក្រុងភ្នំពេញ យើងចុះឈ្មោះនៅសង្កាត់ណាមួយ នៃទីក្រុងភ្នំពេញ យើងមានសិទ្ធិបោះឆ្នោតជ្រើសរើសចៅសង្កាត់ហ្នឹងផង យើងមានសិទ្ធិបោះឆ្នោតតំណាងរាស្ត្រនៅក្នុងមណ្ឌលភ្នំពេញផង។
សូម្បីតែការបោះឆ្នោតសព្វថ្ងៃ ម៉ោង ៧ ព្រឹក បើកហិបឆ្នោត ម៉ោង ៣ ល្ងាច ចាក់សន្លឹកឆ្នោត រាប់មើលទាំងអស់គ្នា គេថាឯងបន្លំសន្លឹកឆ្នោតទៀត ចុះទម្រាំផ្ញើតាមយន្តហោះពីស្រុកអាមេរិកទៅស្រុកខ្មែរ តើវាចោទគ្នាយ៉ាងម៉េច? អ្នកបោក គឺបោក អញ្ចឹង។ ថ្ងៃនេះ ខ្ញុំត្រូវវែកមុខអាអ្នកបោកហ្នឹង ដោយយកឧទាហរណ៍ការបោះឆ្នោត រវាង Donald Trump ជាមួយនឹង Joe Biden យកមកលើកជាឧទាហរណ៍។ សន្លឹកឆ្នោតផ្តើមចេញពីភាពមិនប្រក្រតី នៃការបោះឆ្នោតតាមប្រៃសណីយ៍ តើអញ្ចឹងមែនឬអត់ លោកពូ ម៉ក់ ហឿន?
កឹម សុខា ជាអ្នកនយោបាយឆ្លាត … ផ្ទុយពីអ្នកនយោបាយខ្លះ
ខ្ញុំគួរតែនិយាយថា ក្នុងពេលវេលា ដែលខ្ញុំកំពុងមានទុក្ខក្រៀមក្រំនេះ គឺជាឱកាសនយោបាយនៃអ្នកនយោបាយ ប៉ុន្តែដោយសារការស្អប់ សូម្បីតែសាច់ឈាមយើងស្លាប់ អ្វីដែលយើងធ្លាប់ធ្វើចំពោះគេៗមិនបានធ្វើមកយើងវិញ។ ខ្ញុំអរគុណណាស់ បើកុំអីគេរុញខ្ញុំទល់ជញ្ជាំង។ ប្រសិនបើមនុស្សនោះធ្វើលិខិតមកចូលរួមរំលែកទុក្ខជាមួយខ្ញុំ ស្មើនឹងរុញខ្ញុំចូលកៀនជញ្ជាំងបណ្តោយ។ បើខ្ញុំមិនទទួល មានន័យថាខ្ញុំមិនទទួលយកនូវការគោរព ដែលគេផ្តល់សម្រាប់យើង ចូលរួមមរណទុក្ខជាមួយយើង។ ប៉ុន្តែ បើយើងទទួល វាជាការផ្តល់សញ្ញាមួយថា អ្នកនោះអាចមានលទ្ធភាពចូលស្រុក ដោយសារ លោក ហ៊ុន សែន បានឆ្លើយតប។ ម្នាក់នេះល្ងង់ជាងអីទៅទៀត? សូមអរគុណ ដែលលោកឯងល្ងង់។
ឱកាសនយោបាយអ្នកឯងមាន ប៉ុន្តែដោយសារអ្នកឯងស្អប់ខ្ញុំ (តួយ៉ាងដូចជា)កីឡាករ/ការិនីឈ្នះ(មេដាយមាស) អ្នកឯងក៏មិនអបអរសាទរ។ ម្តាយ/បងខ្ញុំស្លាប់ ក៏អ្នកឯងមិនចូលរួមមរណទុក្ខ ខ្ញុំអរគុណអ្នកឯងណាស់។ អញ្ចឹង លទ្ធផលទាំងអស់ល្មមអ្នកឯងទទួលទៅ។ ខ្ញុំអត់នឹកស្មានថា អ្នកនយោបាយមួយចំនួនល្ងង់ដល់ប៉ុណ្ណឹងទេ អ្នកដែលឆ្លាត (គឺ) កឹម សុខា។ បើទោះបីជាគាត់និងខ្ញុំមាននយោបាយខុសគ្នាក៏ដោយ ក៏ប៉ុន្តែ ខ្ញុំគោរពដល់គាត់នូវអ្វីដែលជាទង្វើ(ល្អ)របស់គាត់។ គាត់វាយតាម WhatsApp មកឱ្យខ្ញុំៗឆ្លើយ គាត់សួរថា ខ្ញុំអាចមកគោរពវិញ្ញាណក្ខន្ធបានទេ? ខ្ញុំវាយត្រឡប់ទៅវិញ អញ្ជើញ។ ជក់មាត់និយាយជាមួយគ្នា ៤ ម៉ោង។ បើទោះបីជាយើង(មាន)នយោបាយខុសគ្នា តែយើងខ្មែរជាមួយគ្នា។ ហ្នឹងហើយ ហ៊ុន សែន។
វិទ្យុបរទេសនិយាយភាសាខ្មែរមួយ កំពុងត្រៀមរៀបចំឱ្យក្រុមបាតុកម្ម
ផ្តាំទៅអ្នកដែលនិយាយថាខ្ញុំងាប់។ តាមខ្ញុំដឹងនៅអាមេរិកហ្នឹង(ទេ) ពេលដែលថាខ្ញុំងាប់ ខ្ញុំទទួលបានព័ត៌មានថា គេជប់លៀងអបអរសាទរ ហ៊ុន សែន ងាប់។ ដល់ម្លឹង។ មានមួយនោះគេបង្ហោះហ្វេសប៊ុកថា ហ៊ុន សែន ធ្វើម៉េចក៏ដោយឱ្យតែរក្សាអំណាច។ សូមសួរអ្នកឯងត្រឡប់ទៅវិញ អ្នកឯងធ្វើរាល់ថ្ងៃ ដើម្បីអី? បើអ្នកឯងធ្វើ មិនចង់បានអំណាចទេអី? ចុះបើខ្ញុំកំពុងអង្គុយនៅក្នុងអំណាចស្រាប់ រឿងអីមិនការពារ? វាទាល់តែមនុស្សល្ងង់បានវាមិនការពារ។ កុំទៅឆ្ងល់ពេក។ មានតែមនុស្សភូតខ្លួនឯងទេ ដែលនិយាយថា មិនចង់កាន់អំណាច។ បើមិនចង់បានអំណាច ធ្វើនយោបាយរកខ្មោចអី? ចុះបើគេកំពុងនៅក្នុងអំណាចស្រាប់ រឿងអីគេមិនត្រូវការពារ? ទ័ពគេមាន ប៉ូលីសគេមាន … មិនឱ្យគេប្រើ? អាងអីឡើងនាំគ្នាទៅចាប់ ហ៊ុន សែន ទៅជាឆ្កុយអញ្ចឹងទៅ … វាទៅជាអញ្ចឹងទៅ។
ខ្ញុំមើល Live Show លោកតានេះ និយាយគាត់ដឹងរឿងរ៉ាវច្រើនណាស់ពីតំបន់មួយទៅតំបន់មួយ។ ដល់យូរៗទៅ យី! គាត់ហ្នឹងអ្នកខេត្តកំពង់ចាមជាមួយគ្នាទេអី? ដល់អញ្ចឹងអត់មិនបាន ក៏ទាក់ទងមក។ ក៏ប៉ុន្តែ លោកពូមិនមែនផ្កាយចោរទេ លោកពូជារាត្រី ឯខ្ញុំជាព្រះច័ន្ទ ព្រោះផ្កាយព្រឹក និងផ្កាយចោរ វាមិនអាចជួបគ្នាទេ។ ជឿទៅចុះ។ ខ្ញុំនិយាយនេះ (គឺ)និយាយដោយចេញពីចិត្ត ហើយខ្ញុំគ្រាន់តែ Note តិចៗ ក្រែងលោពេលខ្លះវាភាន់ភាំង មិនបាន(និយាយដល់) ជាពិសេស ចំណុចចុងក្រោយ។ ប្រវត្តិរបស់ខ្ញុំៗ ធ្វើសេចក្តីថ្លែងការត្រឹម ៥ ម៉ោង អត់បញ្ហាសម្រាប់ខ្ញុំទេ ប៉ុន្តែ យើងត្រូវការថតរូបជាមួយគ្នា។
ឥឡូវ ខ្ញុំដឹងថា ពួកក្រុមវិទ្យុបរទេសនិយាយភាសាខ្មែរមួយកំពុងត្រៀមរៀបចំឱ្យក្រុមបាតុកម្ម សម្រាប់ថ្ងៃស្អែក ថតឱ្យស្រួលយ៉ាងម៉េច ហើយទម្លាក់យើងយ៉ាងម៉េច។ ថ្ងៃនេះយើងរាប់មើលចំនួនមនុស្ស។ ថ្ងៃមិញយើងទៅចូលរួមនៅទីនោះ គឺទីតាំងមានកំណត់ (ដោយ)បងប្អូនមួយចំនួនមិនបានទៅទីនោះ។
លែងមានអ្នកស្លាប់/ឆ្លងដោយសារកូវីដ-១៩ តែមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ
ពេលវេលាកាន់តែល្អហើយ សម្រាប់ការធ្វើដំណើររបស់បងប្អូនទៅលេងស្រុកកំណើត។ ប៉ុន្តែ បងប្អូននៅស្រុកអាមេរិក ធ្វើម៉េចត្រូវគោរពច្បាប់អាមេរិក រាប់ទាំងវិធានការសុខាភិបាល ដែលគេផ្តល់ឱ្យយើង។ បើគេតម្រូវឱ្យយើងពាក់ម៉ាស យើងពាក់ទៅ វាអត់ទាស់ខុសអីទេ។ វា(ជា)សុខភាពខ្លួនឯងទេតើ។ តម្រូវឱ្យមានការចាក់វ៉ាក់សាំង យើងទៅរកវ៉ាក់សាំងចាក់ទៅ។ គេចាក់ឱ្យទទេតើ។ តាមដឹងនៅសល់ ៧៦ លាននាក់ទៀត ដែលមិនទាន់បានចាក់(វ៉ាក់សាំង) តែកម្ពុជាយើងដាក់ប្រជាពលរដ្ឋយើងតែ ១៦ លាន(នាក់)ទេ យើងចាក់បានជិត ១៥ លាននាក់។ ដូច្នេះ វាជាចំនួនមួយដ៏ធំ។ ឥឡូវ កម្ពុជាអត់មានអ្នកស្លាប់ដោយសារកូវីដ-១៩ វាទៅជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃទៅវិញ ព្រោះឡានវាច្រើនពេក។
ឱ្យតែល្ងាចថ្ងៃសុក្រ ដឹងតែស្ទះ(ចរាចរណ៍)តែម្តង។ នៅតាមព្រំដែនកម្ពុជា-ថៃ អ្នកនៅធ្វើចត្តាឡីស័កក្នុងមណ្ឌល ដែលគាត់អត់ទាន់បានចាក់វ៉ាក់សាំង ហើយឆ្លងពីថៃមក (គឺ)នៅសល់ ៩៩ នាក់។ យ៉ាងហោចណាស់ខ្ញុំក៏ដឹងព័ត៌មាន(នៅក្នុងប្រទេសមកដែរ) ព្រោះសម័យនេះជាសម័យ IT។ ប្រយ័ត្នអ្នកនៅស្រុកអាមេរិកចាញ់អ្នកនៅស្រុកខ្មែរ មិនចេះប្រើ WhatsApp និង Viber។ របស់អាមេរិកមាន WhatsApp និង Viber ហើយវាមានថែម Telegram វាមាន WeChat មានច្រើនទៀត ប្រយ័ត្នចាញ់អ្នកស្រុកខ្មែរ។ ពួកនោះអត់បានទេ iPhone គឺថាមានលក់នៅទីផ្សារអាមេរិក (គឺថា) ស្រុកខ្មែរក៏ដល់ដែរ។ នៅទីនេះ ជួនកាលប្រើត្រឹមតែ (iPhone) ១០ ឬ ១១ នៅខ្មែរប្រើ (iPhone) ១៣ បាត់។
យកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ក្រៅពីនោះជាប្រភពគាំទ្រ
គិតត្រឹមយប់មិញ យើងចាក់បាន ១៤ ៩៩០ ០៣០ នាក់ នៅសល់តែ ១ ម៉ឺន(នាក់)ទៀត វាឡើង ១៥ លាននាក់ អញ្ចឹង អត្រាចាក់វ៉ាក់សាំងខ្ពស់ណាស់។ នេះជាយុទ្ធសាស្ត្រតែម្តង យកចិនធ្វើជាបង្អែកក្នុងការផ្គត់ផ្គង់យុទ្ធសាស្ត្រ ឯក្រៅពីនោះជាប្រភពគាំទ្រ។ ការចាប់ផ្តើមកូវីដ-១៩ ដំណាក់កាលទី ១ (គឺ)ជាដំណាក់កាលសង្រ្គាមដណ្តើមម៉ាស នៅចាំទេ? ដំណាក់កាលទី ២ (គឺជា)ដំណាក់កាលដណ្តើមវ៉ាក់សាំង។ មានលុយហើយទិញវាមិនបាន អញ្ចឹង ជម្រើសរបស់កម្ពុជា គឺដាក់ចេញនូវយុទ្ធសាស្ត្រ “យកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ឯវ៉ាក់សាំងមកពីប្រទេសដទៃ គឺជាប្រភពគាំទ្រ”។ (វ៉ាក់សាំងដែលជា)ជំនួយរបស់ចិន(មានចំនួន) ៧ លានដូស បូកនឹងការទិញរបស់យើង(ចំនួន) ២៨ លាន ៥ សែនដូស។ ក្នុងពេលហ្នឹងអាមេរិកឱ្យ(វ៉ាក់សាំង) Johnson & Johnson (ចំនួន) ១ លាន(ដូស)។ បន្ទាប់មកទៀតជប៉ុនឱ្យ ១ លាន ៣ សែន(ដូស) ចុងក្រោយនេះ អូស្ត្រាលីឱ្យ ២ លាន ៣ សែនដូស (ប្រភេទ) Pfizer។ អាមេរិកផ្តល់ឱ្យយើងចុងក្រោយនេះ ៧ លាន ៥ សែន(ដូស) ដឹកយកទៅ ២ លាន(ដូស)ហើយ នៅខ្វះ ៥.៥ លាន(ដូស)។ ចិនឱ្យយើង ២០ លាន(ដូស) ដឹកមកដល់ ៥ លាន(ដូស)ហើយ នៅខ្វះ ១៥ លាន(ដូស)។ ប៉ុន្តែ បារម្ភក្រែងលោប្រើមិនអស់ទាន់ពេល យើងសុំឱ្យចិនបញ្ជូនទៅចុងឆ្នាំ។ អាចនឹងយើងសំណូមពរឱ្យអាមេរិកពន្យាដែរ ព្រោះតែយកទៅទុកចោលក្នុងឃ្លាំងហួសដឺឡេខូច ជានយោបាយ គឺអាក្រក់មើលណាស់ ក្នុងពេលប្រទេសដទៃខ្វះ(វាក់សាំង) ឯយើងទៅជាសល់វ៉ាក់សាំងកម្ទេចចោល។ វាអត់ត្រូវ។ ប្រទេសណាមួយនោះកម្ទេច(វ៉ាក់សាំង)ចោល ខ្ញុំ(ធ្លាប់)មើលឃើញ តែវាភ្លេចឈ្មោះប្រទេស។
ហ៊ុន សែន មកប្រជុំនៅអាមេរិក តំណាងឱ្យជាតិ
ខ្ញុំសូមអរគុណ ចំពោះការអញ្ជើញមកចូលរួមនៅក្នុងជំនួបថ្ងៃនេះ បងប្អូនមួយចំនួនមានវ័យចំណាស់ មួយចំនួនក៏ពិការ ប៉ុន្តែ ធ្វើដំណើរយ៉ាងវែងឆ្ងាយមកជួបខ្ញុំ នេះបង្ហាញពីទឹកចិត្តស្រឡាញ់ ចំពោះប្រទេសជាតិ ព្រោះខ្ញុំជាអ្នកណា? ហ៊ុន សែន ពេលនេះ តំណាងឱ្យកម្ពុជា មិនមែនតំណាងត្រឹមតែគ្រួសារត្រកូល “ហ៊ុន” ទេ មើលក្នុងរូបភាពទៅ។ ពេលដែលខ្ញុំចុះពីលើយន្តហោះ កងទ័ពអាមេរិកត្រូវកាន់ទង់ជាតិពីរ (គឺ)ទង់(ជាតិ)កម្ពុជាមួយ និងទង់(ជាតិ)អាមេរិកមួយ។ មុនខ្ញុំឡើងឡាន ដែលខ្ញុំបកក្បាលទៅមួយភ្លែត ដើម្បីខ្ញុំគោរពទង់ជាតិកម្ពុជា/អាមេរិក ត្រូវយល់ឱ្យច្បាស់នៅកន្លែងហ្នឹង។ បើខ្ញុំមកជាឯកជន មិនមែនគេដាក់អង្គរក្សដាក់ស្អីៗអញ្ចឹងទេ។ អាហ្នឹងវាត្រូវពិធីផ្សេង។ បើខ្ញុំទៅអង្គការសហប្រជាជាតិ ក៏អាមេរិកទទួលបន្ទុកការពារដែរ ព្រោះអាមេរិកក៏ខ្លាចសុវត្ថិភាពភ្ញៀវបរទេស ដែលមកស្នាក់នៅអាមេរិក។ Barack Obama ទៅស្រុកខ្មែរ ខ្ញុំត្រូវរៀបចំវិធានការការពារ។ អាមេរិកត្រូវដឹករថយន្តបាឡាំងដាសប៉ុន្មានគ្រឿងទៅស្រុកខ្មែរឯណោះ មិនដឹងថា Barack Obama ជិះឡានមួយណាទេ។ ខ្ញុំត្រូវសម្រួលគ្រប់យ៉ាង ដើម្បីសន្តិសុខរបស់ប្រធានាធិបតិអាមេរិក (របស់)នាយករដ្ឋមន្ត្រីចិន/ជប៉ុន (របស់)ប្រធានាធិបតីកូរ៉េ (និងរបស់)នាយករដ្ឋមន្ត្រីឥណ្ឌា/អូស្ត្រាលី (ដែល)ធ្វើដំណើរទៅទីនោះ។
ចុងឆ្នាំនេះ កម្ពុជាធ្វើប្រធានអាស៊ាន នឹងមានជំនួបអាស៊ាន-អាមេរិកធម្មតា។ ឯ(លើក)នេះខួបលើកទី ៤៥ គឺប្រជុំពិសេស។ ឆ្នាំនេះ ជាលទ្ធភាពអាចប្រធានាធិបតី Joe Biden ទៅកម្ពុជា ព្រោះពីមុន Barack Obama ទៅម្តងហើយ។ Barack Obama ក៏គាត់ទៅប្រទេសមួយចំនួន។ Donald Trump ទៅហ្វីលីពីន បន្ទាប់ទៅឱ្យ Mike Pence ហើយគ្រោងប្រជុំ នៅខែមីនា ឆ្នាំ២០២០ ប៉ុន្តែ ផ្ទុះកូវីដ-១៩ មក ក៏ខកខានទៅ។ ខ្ញុំក៏សូមប្រគេនពរ ចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ជាពិសេស បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕