សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក/កាណាដា ប្រមាណ ២ ពាន់នាក់ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក  

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គុំ សម្ដេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!​ ផ្កាយចោរ និងផ្កាយព្រឹក មិនអាចជួបគ្នាបានទេ អម្បាញ់មិញ ឯកឧត្តមអគ្គរាជទូតបានចូលរួមនូវការសោកស្ដាយមរណទុក្ខចំពោះមរណភាពបងប្រុសរបស់ខ្ញុំ។ ពិតមែនតែឥឡូវនេះ ការសោកសង្រេងវាមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្ដែ ខ្ញុំគិតថា ត្រូវទុក​វា​មួយអន្លើសិនដើម្បីចូលរួមជាមួយបងប្អូនពលរដ្ឋរបស់យើង ដែលបានធ្វើដំណើរយ៉ាងឆ្ងាយពីបណ្ដារដ្ឋនានា ក្នុងសហរដ្ឋអាមេរិក ក៏ដូចជាការធ្វើដំណើរពីចម្ងាយមកពីកាណាដា ដើម្បីជួបជុំនៅថ្ងៃនេះ។ ប៉ុន្មានឆ្នាំនេះ ដោយសារកូវីដ-១៩ ការធ្វើដំណើររបស់ខ្ញុំមកកាន់អង្គការសហប្រជាជាតិ ក៏មិនបានធ្វើតាំងពីឆ្នាំ ២០១៨។ ពិតមែនតែពេលនោះតួនាទីយើងនៅឆ្នាំ ២០១៩-២០២០ យើងជាអនុប្រធានមហាសន្និបាតអង្គការ​សហប្រជាជាតិ ក៏ប៉ុន្ដែ ឧបនាយករដ្ឋមន្ដ្រីការបរទេស ប្រាក់ សុខុន ត្រូវ(ទទួលភារៈ)បំពេញជំនួស។ ​យើងនៅឆ្ងាយពីគ្នាដល់ជាង ១ ម៉ឺនគីឡូម៉ែត្រ ប៉ុន្ដែយើងអាចជួបគ្នាបាននៅថ្ងៃនេះ។ បញ្ហាសិ្ថតនៅត្រង់ថា ​តើយើង​ចង់ជួបគ្នាឬអត់? មានតែភ្នំទេ ដែលមិនអាចជួបគ្នាបាន។ ប្រសិនបើផ្កាយវិញ គឺមានផ្កាយព្រឹកនិងផ្កាយ​ចោរទេ ដែលវាមិនដែលជួបគ្នានៅពេលណាឡើយ។ នៅពេលដែលផ្កាយចោរបង្ហាញខ្លួន គឺផ្កាយព្រឹកមិនទាន់រះ។ ឯនៅពេល​ដែលផ្កាយព្រឹករះហើយ គឺពិតជាផ្កាយចោរបាត់មុខ។ ទោះបីផ្កាយចោរបានបេ្ដជ្ញាថា ពេលដែលខ្ញុំមកវ៉ាស៊ីនតោន ឱ្យខ្ញុំធាក់ពីរបីជើង។ មិនមែនជាការដៀមដាមអ្វីទេ…