ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជា២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន

FN ៖ នៅវេលាម៉ោងប្រមាណ៤ព្រឹកថ្ងៃទី១២ ខែឧសភា ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង១៧៖០០នាទីថ្ងៃទី១១ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង ២ពាន់នាក់។ ក្នុងឱកាសជួបសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង៣ម៉ោង ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា។ ខាងក្រោមសារសំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានវ៉ាស៊ីនតោន មានចម្ងាយជាង ១ម៉ឺនគីឡូ តែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាមេរិក។ មិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់? * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្កាយព្រឹក និងផ្កាយចោរ មិនដែលជួបគ្នានោះទេ។ ផ្កាយព្រឹករះ ផ្កាយចោររត់។ * សម្តេចតេជោ ហ៊ុន សែន បាននាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាជិត២ពាន់នាក់ ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ។ *…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក/កាណាដា ប្រមាណ ២ ពាន់នាក់ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក  

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គុំ សម្ដេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!​ ផ្កាយចោរ និងផ្កាយព្រឹក មិនអាចជួបគ្នាបានទេ អម្បាញ់មិញ ឯកឧត្តមអគ្គរាជទូតបានចូលរួមនូវការសោកស្ដាយមរណទុក្ខចំពោះមរណភាពបងប្រុសរបស់ខ្ញុំ។ ពិតមែនតែឥឡូវនេះ ការសោកសង្រេងវាមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្ដែ ខ្ញុំគិតថា ត្រូវទុក​វា​មួយអន្លើសិនដើម្បីចូលរួមជាមួយបងប្អូនពលរដ្ឋរបស់យើង ដែលបានធ្វើដំណើរយ៉ាងឆ្ងាយពីបណ្ដារដ្ឋនានា ក្នុងសហរដ្ឋអាមេរិក ក៏ដូចជាការធ្វើដំណើរពីចម្ងាយមកពីកាណាដា ដើម្បីជួបជុំនៅថ្ងៃនេះ។ ប៉ុន្មានឆ្នាំនេះ ដោយសារកូវីដ-១៩ ការធ្វើដំណើររបស់ខ្ញុំមកកាន់អង្គការសហប្រជាជាតិ ក៏មិនបានធ្វើតាំងពីឆ្នាំ ២០១៨។ ពិតមែនតែពេលនោះតួនាទីយើងនៅឆ្នាំ ២០១៩-២០២០ យើងជាអនុប្រធានមហាសន្និបាតអង្គការ​សហប្រជាជាតិ ក៏ប៉ុន្ដែ ឧបនាយករដ្ឋមន្ដ្រីការបរទេស ប្រាក់ សុខុន ត្រូវ(ទទួលភារៈ)បំពេញជំនួស។ ​យើងនៅឆ្ងាយពីគ្នាដល់ជាង ១ ម៉ឺនគីឡូម៉ែត្រ ប៉ុន្ដែយើងអាចជួបគ្នាបាននៅថ្ងៃនេះ។ បញ្ហាសិ្ថតនៅត្រង់ថា ​តើយើង​ចង់ជួបគ្នាឬអត់? មានតែភ្នំទេ ដែលមិនអាចជួបគ្នាបាន។ ប្រសិនបើផ្កាយវិញ គឺមានផ្កាយព្រឹកនិងផ្កាយ​ចោរទេ ដែលវាមិនដែលជួបគ្នានៅពេលណាឡើយ។ នៅពេលដែលផ្កាយចោរបង្ហាញខ្លួន គឺផ្កាយព្រឹកមិនទាន់រះ។ ឯនៅពេល​ដែលផ្កាយព្រឹករះហើយ គឺពិតជាផ្កាយចោរបាត់មុខ។ ទោះបីផ្កាយចោរបានបេ្ដជ្ញាថា ពេលដែលខ្ញុំមកវ៉ាស៊ីនតោន ឱ្យខ្ញុំធាក់ពីរបីជើង។ មិនមែនជាការដៀមដាមអ្វីទេ…