ឯកឧត្ដម Park Heung-Kyeong អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ
ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
អស់លោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ និងបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!
សម្ពោធអគារមិត្តភាពកម្ពុជា–កូរ៉េ ឯកទេសច្រមុះ បំពង់ក ត្រចៀក និងកំពុងសាងសង់មជ្ឈមណ្ឌលចក្ខុរោគ
ថ្ងៃនេះខ្ញុំពិតជារីករាយ ដែលបានចូលរួមជាមួយឯកឧត្ដមអគ្គរដ្ឋទូត Park Heung-Kyeong នៃសាធារណរដ្ឋកូរ៉េ តំណាង KOICA ក៏ដូចជាឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដើម្បីធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យអង្គឌួង ដែលជាមន្ទីរពេទ្យសម្រាប់ការព្យាបាលត្រចៀក ច្រមុះ និងបំពង់ក។ ដូចដែលឯកឧត្ដមអគ្គរដ្ឋទូតកូរ៉េបានបញ្ជាក់អម្បាញ់មិញ ឆ្នាំនេះ គឺជាខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឆ្នាំនេះ ក៏ជាឆ្នាំដែលកម្ពុជានិងកូរ៉េ ធ្វើពិធីសម្ពោធបើកការដ្ឋាននិងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយចំនួន ដូចជាការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៤៨ ផ្សារភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ទីរួមខេត្តកោះកុង ការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ២១ ដែលតភ្ជាប់ពីទីរួមខេត្តកណ្ដាលទៅកាន់ព្រំដែនវៀតណាមកាលពីអាទិត្យមុន ហើយនៅសប្ដាហ៍នេះ ថ្ងៃនេះយើងកំពុងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារព្យាបាលត្រចៀក ច្រមុះ និងបំពង់ក ដែលហៅថា អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញរបស់យើង។
ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអរគុណជាមួយនឹងការចូលរួមរបស់ឯកឧត្ដមអគ្គរដ្ឋទូត តំណាងរបស់ KOICA ក៏ដូចជាឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី និងក្រុមគ្រូពេទ្យទាំងអស់ដែលបម្រើការនៅទីនេះ។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលជាផ្លែផ្កានៃចំណងទាក់ទងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយយើងពិតជាបានដំណើរការឈានទៅរកឯកទេសកម្ម ដូចជានៅទីនេះ ការរៀបចំដាក់ឲ្យប្រើប្រាស់នូវ(អគារ)នៃមន្ទីរពេទ្យនេះ បញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍របស់យើង ដើម្បីនាំមកនូវឯកទេសនានាសម្រាប់បម្រើនូវសេចក្ដីត្រូវការរបស់ប្រជាជន។ ថ្ងៃនេះយើងមានឯកទេសខាងច្រមុះ បំពង់ក ព្រមទាំងត្រចៀក ហើយថ្ងៃខាងមុខ ក៏បាននិងកំពុងសាងសង់អំពីមជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យអង្គឌួងនេះផងដែរ។ ដូច្នេះ យើងមាន ៤ ឯកទេសបន្ថែម សម្រាប់ការព្យាបាលនៅក្នុងប្រទេសរបស់យើង នៅទីនេះ។
៨១ គំរោងសុខាភិបាល អប់រំ ដឹកជញ្ជូន វប្បធម៌ បច្ចេកវិទ្យាព័ត៌មាន … ផ្លែផ្កាទំនាក់ទំនងកម្ពុជា និងកូរ៉េ
អ្នកដែលមានថវិកា គេអាចស្វះស្វែងរកនូវការព្យាបាលនៅតាមកន្លែងផ្សេងៗ ក៏ប៉ុន្តែអ្នកដែលគ្មានប្រាក់កាសច្រើន គឺអាចមានការព្យាបាលនៅទីនេះ ដែលយើងមានទាំងមន្ទីរពេទ្យ មានផ្នែកឯកទេសនេះ ហើយក៏មានអ្នកជំនាញនៃឯកទេសផងដែរ។ ខ្ញុំមានមោទនភាពដែលបានរួមចំណែកជាមួយនឹងសាធារណរដ្ឋកូរ៉េក្នុងដំណើរ ២៥ ឆ្នាំ នៃទំនាក់ទំនងការទូតឡើងវិញ ដែលនាំទៅដល់ការអនុវត្តគម្រោងជាច្រើន រាប់ទាំងគម្រោងដែលត្រូវបន្ត ដូចដែលឯកឧត្ដមអគ្គរដ្ឋទូតបានលើកឡើងអម្បាញ់មិញ គឺមានរហូតដល់ ៨១ គម្រោងបន្ថែមទៀត ដែលមានក្នុងវិស័យសុខាភិបាល អប់រំ ដឹកជញ្ជូន វប្បធម៌ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ នោះហើយដែលហៅថា ផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ។ ក្នុងឋានៈជាអ្នកនាំមុខ និងជាស្ថាបនិកនៃទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ខ្ញុំមានមោទនភាព ដោយសារតែយើងបានចាប់ជ្រើសរើសយកនយោបាយការទូតរបស់យើងបានត្រឹមត្រូវ ហើយយើងបានថែរក្សានូវទំនាក់ទំនងនេះរហូតមកដល់ពេលនេះ។
មិនមែនគ្រាន់តែបញ្ហាជំនួយ និងកម្ចីនោះទេ ក៏ប៉ុន្តែវាពាក់ព័ន្ធនឹងគ្រប់វិស័យទាំងអស់ ទាំងនយោបាយការទូត សេដ្ឋកិច្ច សង្គម វប្បធម៌ ដែលយើងត្រូវធ្វើជាមួយគ្រប់ប្រទេស ដោយគ្មានការរើសអើងរបបនយោបាយ។ ខ្ញុំសប្បាយរីករាយ ដោយសារតែអ្វីដែលយើងបាននិងកំពុងមាននៅទីនេះ វាបានបម្រើផលប្រយោជន៍ផ្ទាល់របស់ប្រជាជន។ ជនជាតិកូរ៉េពិតជាមិនមកព្យាបាលនៅក្នុងប្រទេសយើងនោះទេ លើកលែងតែករណីចាំបាច់សំរាប់អ្នកវិនិយោគ ឬក៏ជនជាតិកូរ៉េដែលធ្វើការនៅកម្ពុជាតែប៉ុណ្ណោះ ដែលអាចនឹងមកពិនិត្យព្យាបាលនៅទីនេះ។ ប៉ុន្តែអ្នកដែលទទួលផលប្រយោជន៍ពិតប្រាកដពីអគារកន្លែងព្យាបាលរបស់យើងនៅទីនេះ គឺជនជាតិកម្ពុជារបស់យើងតែម្ដង។
ក្រៅពីជំនាញឯកទេស កម្ពុជាទទួលបានដំណើរការប្រព័ន្ធឌីជីថល ផ្នែកសំខាន់នៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើពិភពលោក
ខ្ញុំអំពាវនាវឲ្យមានការយកចិត្តទុកដាក់ទៅលើការផ្ទេរនូវបច្ចេកវិទ្យាទាំងឡាយ ដែលកូរ៉េមាន សម្រាប់គ្រូពេទ្យកម្ពុជារបស់យើង ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទៀត។ ខ្ញុំមានការរីករាយដោយឃើញថា ឯកឧត្ដម ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍ទាក់ទងជាមួយនឹងដំណើរការដំបូងបំផុតសម្រាប់មន្ទីរពេទ្យមួយដែលដាក់ឲ្យដំណើរការតាមប្រព័ន្ធឌីជីថល។ សាធារណរដ្ឋកូរ៉េគឺជាប្រទេសមួយដែលជឿនលឿនក្នុងបច្ចេកវិទ្យាព័ត៌មាន។ ដូច្នេះ ដំណើរការតាមប្រព័ន្ធឌីជីថលនៅក្នុងមន្ទីរពេទ្យនេះ វាមិនមែនជារឿងចម្លែកសម្រាប់កូរ៉េទេ ប៉ុន្តែវាជារឿងថ្មីសម្រាប់កម្ពុជារបស់យើង ដែលយើងបានទទួលក្រៅពីជំនាញឯកទេស ក៏មានដំណើរការតាមប្រព័ន្ធឌីជីថល ដែលជាផ្នែកសំខាន់មួយនៃកិច្ចដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់ពិភពលោកបច្ចុប្បន្ននេះ។ កម្ពុជាមានបែបនេះ គឺដោយសារយើងខិតខំស្វះស្វែងរកដៃគូដែលមានលទ្ធភាពសម្រាប់ផ្ដល់ឲ្យយើង បើសិនជាគ្រាន់តែមានមន្ទីរពេទ្យសាងសង់ហើយ ប៉ុន្តែប្រសិនជាមិនផ្ទេរបច្ចេកវិទ្យាសម្រាប់ការចេះដឹង និងទទួលយកចំណេះដឹងពីសំណាក់ក្រុមគ្រូពេទ្យរបស់យើងនោះទេ ការពិនិត្យនិងព្យាបាលរបស់យើងក៏នៅតែមានកម្រិត។
ខ្ញុំក៏មានតម្រូវការ។ គ្រាន់តែ ៤ ផ្នែកដែលនៅទីនេះ សម្រាប់មន្ទីរពេទ្យនេះ គឺត្រចៀក ច្រមុះ បំពង់ក និងភ្នែក ដែលនឹងត្រូវ(ធ្វើហើយ)នៅពេលខាងមុខនេះ ខ្លួនខ្ញុំត្រូវការ ២ ឯកទេស សម្រាប់ការព្យាបាល។ កន្លងទៅ ក៏បានអញ្ជើញវេជ្ជបណ្ឌិតពីមន្ទីរពេទ្យនេះ ដើម្បីទៅជួយពិនិត្យជំងឺរបស់ខ្ញុំដែរ។ គេបានដឹងហើយ ខ្ញុំមានបញ្ហាភ្នែក ដោយសារតែការត្រូវរបួស ហើយឥឡូវវាជិតខួបទី ៤៧ នៃថ្ងៃដែលខ្ញុំរបួសភ្នែក និងពិការភ្នែក។ នៅពេលជាមួយគ្នានោះដែរ ខ្ញុំឧស្សាហ៍ហៅគ្រូពេទ្យឯកទេសខាងត្រចៀក ដោយសារតែនៅថ្ងៃដែលខ្ញុំត្រូវរបួសនោះ គឺជាថ្ងៃដែលខ្ញុំប្រើប្រាស់នូវប្រភេទអាវុធ ដែលគេមិនអាចឲ្យបាញ់លើស ៥ គ្រាប់ ប៉ុន្តែខ្ញុំបាញ់រហូតដល់ទៅ ១២ គ្រាប់ក្នុងរយៈពេល ៥ នាទី ដែលធ្វើឲ្យត្រចៀកខាងស្ដាំមានភាពខ្សោយបន្តិច ប្រៀបទៅនឹងត្រចៀកឆ្វេង។
អញ្ចឹងទេ ប្រហែលជាថ្ងៃក្រោយខ្ញុំមានតម្រូវការមកកាន់មន្ទីរពេទ្យអង្គឌួងនេះ មិនមែនម្ដងទៀត គឺនឹងច្រើនដង សម្រាប់ភ្នែកផង ហើយក៏សម្រាប់ត្រចៀកផងដែរ … ឥឡូវវាមិនមានបញ្ហាអីនោះទេ ប៉ុន្តែយើងត្រៀមទុកថា ទីកន្លែងណាដែលយើងត្រូវពឹងពាក់សម្រាប់ខ្លួនខ្ញុំនៅក្នុងការពិនិត្យព្យាបាលនោះឯង។ អញ្ចឹងទេបានជាខ្ញុំស្នើដោយទទូច សូមឲ្យផ្នែកគ្រូពេទ្យរបស់យើងទាញយកនូវចំណេះដឹង បច្ចេកវិទ្យាទាំងឡាយ ដែលកូរ៉េបានផ្ទេរឲ្យយើង ហើយខិតខំពង្រឹងនូវសមត្ថភាពនៃការពិនិត្យព្យាបាលរបស់យើងឲ្យកាន់តែកើនឡើងថែមទៀត។
បង្កើនថវិកាជាតិនិងរកដៃគូអភិវឌ្ឍ … ដើម្បីកសាង បង្កើនសមត្ថភាព ការពិនិត្យ និងព្យាបាលជំងឺ
ខ្ញុំរីករាយជាមួយនឹងការខិតខំសម្រាប់យើងទាំងអស់គ្នា។ ប៉ុន្មានឆ្នាំកន្លងទៅ ក្នុងរយៈពេលប្រមាណជាង ២ ទសវត្សរ៍នេះ យើងបានប្រឹងប្រែងបង្កើនថវិកាសម្រាប់វិស័យសង្គមកិច្ច ដែលក្នុងនោះផ្ដល់អាទិភាពទៅលើវិស័យអប់រំនិងវិស័យសុខាភិបាល។ ឥឡូវនេះ សមិទ្ធផលបានកើតឡើងពិតប្រាកដមែន សម្រាប់ប្រទេសរបស់យើងទៅលើផ្នែកទាំងពីរនេះ។ នៅក្នុងជ្រើសរើសក្របខណ្ឌទៀតសោត គឺមានតែវិស័យអប់រំ និងវិស័យសុខាភិបាលប៉ុណ្ណោះដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យរើសបំពេញបន្ថែមនូវគ្រូបង្រៀននិងគ្រូពេទ្យ។ ឆ្នាំកន្លងផុតទៅនេះ យើងបានអនុញ្ញាតឲ្យរើសគ្រូពេទ្យប្រមាណ ៤០០០ នាក់ សម្រាប់បំពេញឲ្យតម្រូវការនៃការព្យាបាលជំងឺប្រជាជនផង ហើយនៅក្នុងការរួមចំណែកប្រយុទ្ធជាមួយនឹងកូវីដ-១៩ ផងដែរ។ ដូច្នេះទន្ទឹមជាមួយនឹងការបង្កើននូវថវិកាជាតិ យើងក៏បានរកដៃគូអភិវឌ្ឍតាមរយៈជំនួយឥតសំណង តាមរយៈហិរញ្ញប្បទានដើម្បីកសាង បង្កើនសមត្ថភាព ការពិនិត្យ និងព្យាបាលជំងឺសម្រាប់ប្រជាជនរបស់យើង។
មិនទុកឲ្យពលរដ្ឋស្លាប់ដោយគ្មានការពិនិត្យនិងព្យាបាល គ្មានពលរដ្ឋមានជំងឺដេកតាមចិញ្ចើមថ្នល់
ខ្ញុំពិតជាមានមោទនភាព ហើយសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះ ក្រសួងសុខាភិបាល ចំពោះក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងរយៈកាលជាង ២ ឆ្នាំកន្លងផុតទៅនេះបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជម្នះនូវការលំបាកទាំងឡាយបង្កឡើងដោយជំងឺរាតត្បាតសកល កូវីដ-១៩។ បើយើងពិនិត្យអ្វីដែលយើងមានមូលដ្ឋានរយៈពេលកន្លងទៅនេះ ហើយដែលយើងជម្នះបានបញ្ហានេះ វាបានបង្ហាញនូវជោគជ័យនៃការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យរបស់យើង ជាមួយនឹងការចូលរួមរបស់ប្រជាជន ដើម្បីដោះស្រាយបញ្ហាដ៏លំបាក។ ឆ្នាំទៅ ពេលនេះ ម៉ោងនេះ ជាពេលវេលាដ៏លំបាករបស់យើង ក្រោយពេលព្រឹត្តិការណ៍ ២០ កុម្ភៈ បានចាប់ផ្តើម។ ពេលវេលានេះ យើងបានចាប់ផ្តើមមានមនុស្សស្លាប់។ មានមនុស្សរាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលឆ្លងជំងឺ ហើយមានអ្នកដែលនៅក្នុងមន្ទីរពេទ្យយ៉ាងកកកុញ។ ប៉ុន្តែយើងមិនដែលបណ្តោយឲ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ស្លាប់ ដោយគ្មានការពិនិត្យ និងគ្មានការព្យាបាល ហើយក៏គ្មានប្រជាពលរដ្ឋមានជំងឺដេកតាមចិញ្ចើមថ្នល់នោះដែរ។ យើងបានខិតខំធ្វើកិច្ចការងារនេះបានយ៉ាងល្អ តាមរយៈនៃការជួយគ្រប់គ្រងនៃអាជ្ញាធរថ្នាក់ក្រោមជាតិរបស់យើង ដោយយកចិត្តទុកដាក់បំពេញនូវភារកិច្ច ដែលមិនអាចចៀសវាងបាន។
ថ្ងៃនេះ ខុសពីឆ្នាំទៅ។ ឆ្នាំទៅ ម៉ោងនេះ ពេលនេះ យើងមានមនុស្សរាប់ម៉ឺននាក់ដែលកំពុងស្ថិតនៅក្នុងការព្យាបាលជំងឺ ទៅតាមមណ្ឌលនានាដែលយើងមាន។ ពេលនោះយើងបានខ្ចីទៅដល់ទីកន្លែងនានារហូតទៅដល់មជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រ និងមជ្ឈមណ្ឌលកម្សាន្តនានាផ្សេងទៀត បង្កើតឡើងនូវមន្ទីរពេទ្យយ៉ាងឆាប់រហ័ស ដើម្បីទទួលពិនិត្យនិងព្យាបាលអ្នកជំងឺ។ យើងមានអ្នកជំងឺរាប់ពាន់នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់រហូតទៅដល់យើងខ្វះកន្លែងសង្គ្រោះបន្ទាន់ទៀតផង។ ប៉ុន្តែឆ្នាំនេះ យើងមានតែប៉ុន្មានរយនាក់តែប៉ុណ្ណោះដែលកំពុងព្យាបាល ហើយជាជំងឺធុនស្រាល។ មានតែ ៤៤ នាក់ តែប៉ុណ្ណោះ បើតាមស្ថិតិពីម្សិលមិញមាននៅក្នុង ICU គឺមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់។ សង្ឃឹមថាទាំង ៤៤ នាក់ នេះនឹងអាចជាសះស្បើយ ហើយប្រសិនបើមានការស្លាប់ណាមួយនោះក៏មានចំនួនតិចតួចនោះដែរ។
ប្រៀបធៀបឆ្នាំទៅ និងឆ្នាំនេះគឺមានស្ថានភាពខុសគ្នា ប៉ុន្តែខ្ញុំក៏នៅតែបញ្ជាក់ថា យើងមិនអត្តនោម័តិជាមួយនឹង កូវីដ-១៩ នេះទេ ព្រោះថាវាអត់រើសមុខនោះទេ។ ពិតមែនហើយ ថ្ងៃនេះយោងតាមតួលេខអ្នកដែលឆ្លង កូវីដ-១៩ ដែលមានពីម្សិល យើងយកតួលេខត្រឹមក្រោយម៉ោង ៦ ល្ងាច គឺមានមិនដល់ ៦០ នាក់ទេ។ តួលេខចំនួនអ្នកស្លាប់ក៏មិនទាន់បានបញ្ជាក់ ថាតើមានអ្នកស្លាប់ ឬអត់? គឺក្រសួងសុខាភិបាលត្រូវការបញ្ជាក់ក្រោយម៉ោង ៩ ក្នុងចន្លោះម៉ោង ៩ ឬម៉ោង ១០ ទៅម៉ោង ១០ កន្លះ។
ភាពស៊ាំសហគមន៍ កាត់បន្ថយការឆ្លង ឬឆ្លងតែមិននាំដល់ភាពធ្ងន់ធ្ងរ
បើយើងប្រៀបធៀបកាលពីឆ្នាំមុន យើងលំបាកណាស់ ហត់នឿយណាស់ ហើយត្រូវតាមដានជាប់នូវសភាពការណ៍នៅពេលនោះ ក្នុងមួយថ្ងៃៗ ក្នុងពេលដែលអត់ទាន់មានវ៉ាក់សាំងចាក់ទេ។ យើងទើបនឹងចាប់ផ្តើមដំណើរការវ៉ាក់សាំងតិចតួចក្នុងពេលដែលមកដល់ដំបូង គឺវ៉ាក់សាំងដែលមកតាមរយៈ COVAX នៃអង្គការសុខភាពពិភពលោក យើងមានចំនួនតិចតួច។ យើងមាន Sinopharm មកពីចិនក្នុងចំនួនតិចតួច។ ក៏ប៉ុន្តែឥឡូវនេះ យើងចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋរបស់យើងដល់ទៅជាង ៩២% នៃចំនួនដែលយើងត្រូវចាក់គឺ ១៤ លាន ៨ សែននាក់ជាង ក្នុងចំណោមមនុស្ស ១៦ លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ ភាពសុំាសហគមន៍នេះបានកាត់បន្ថយការឆ្លង ឬឆ្លងហើយតែវាមិននាំទៅដល់ភាពធ្ងន់ធ្ងរនោះទេ។ តើនេះចេញមកពីអ្វី?
ចេញមកពីការខិតខំរបស់យើងទាំងអស់គ្នា ក្រុមគ្រូពេទ្យរបស់យើងត្រូវបានប្រសិទ្ធនាមថា ជាកងទ័ពអាវស ដែលមុននេះគេមិនបានមើលឃើញនូវគុណតម្លៃគ្រូពេទ្យរបស់យើងនោះទេ ក៏ប៉ុន្តែឥឡូវនេះទូទាំងប្រទេសបានទទួលស្គាល់រួចហើយ។ ពិតមែនតែគ្រូពេទ្យរបស់យើងមួយចំនួននៅទីនេះមិនបានចូលរួមប្រយុទ្ធជាមួយនឹង កូវីដ-១៩ ក៏ដោយក៏ប៉ុន្តែត្រូវដឹងថា យើងមិនមែនមានតែអ្នកជំងឺ កូវីដ-១៩ ទេ យើងមានអ្នកជំងឺផ្សេងទៀត ដូច្នេះត្រូវចែករំលែកបន្ទុកអ្នកដែលនៅទទួលខុសត្រូវក្នុងការព្យាបាលជំងឺសម្រាប់ជំងឺផ្សេងៗរបស់ប្រជាជនយើង និងបែងចែកមួយផ្នែកទៅប្រយុទ្ធជាមួយនឹងជំងឺ កូវីដ-១៩ ដោយផ្ទាល់។
ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងធ្វើឲ្យយើងគ្រប់គ្រងបានជំងឺ កូវីដ-១៩
ដូច្នេះ បន្ទុកនៃការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានាជាបន្ទុករបស់គ្រូពេទ្យ។ គ្រូពេទ្យបានប្រឹងប្រែងជាមួយនឹងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង ធ្វើឲ្យយើងគ្រប់គ្រងបានជំងឺ កូវីដ-១៩។ ខ្ញុំអាចនិយាយដោយមោទនភាពថា ឆ្នាំនេះចូលឆ្នាំនឹងមានឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងដើរលេង។ យើងបានខកខានក្នុងរយៈពេល ២ ឆ្នាំរួចហើយ។ គ្រាន់តែជាអកុសលឆ្នាំនេះ ពេលដែលបងប្អូនជនរួមជាតិរបស់យើងធ្វើដំណើរដើរលេង គឺសាំងវាឡើងថ្លៃ បណ្ដាលមកធំជាងគេមិនមែន កូវីដ-១៩ ទេ តែធំជាងគេគឺសង្គ្រាម រុស្សី និងអ៊ុយក្រែន ឯណោះទៅវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ បងប្អូនរបស់យើងពិតជាមានឱកាសដើរលេង ហើយខ្ញុំក៏ដើរលេងនឹងគេដែរ។
ឥឡូវតាមលឺថាខេត្តព្រះសីហនុបានកក់ Hotel អស់ទៅហើយ ហើយលឺថា ខេត្តសៀមរាប ពេលដែលខ្ញុំទៅសម្ពោធផ្លូវនៅសៀមរាបថ្ងៃទី ៤ នេះ លឺថា ចង់អស់ Hotel ទៀតទៅហើយ។ គេចង់ទៅមើលផ្លូវ។ ឥឡូវគឺថា ប៉ូលទាំង ៣ ភំ្នពេញក៏មានផ្លូវល្អ ប៉ូលខេត្តព្រះសីហនុ ដែលជាប៉ូលទី ២ នៃសេដ្ឋកិច្ចរបស់កម្ពុជាក៏ផ្លូវល្អ ខេត្តសៀមរាបក៏ផ្លូវល្អ។ ខ្ញុំនឹងទៅសម្ពោធផ្លូវ ៣៨ ខ្សែ នៅខេត្តសៀមរាប ដែលយើងប្រើទុនប្រមាណជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម័្ពន្ធនៅខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់។ ខ្ញុំក៏នឹងទៅត្រួតពិនិត្យផងដែរនូវព្រលានយន្តហោះថ្មីមួយដែលកំពុងបានសាងសង់ ហើយដែលមិនយូរប៉ុន្មានទេ ព្រលានយន្តហោះនោះនឹងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ដែលទទួលយន្តហោះធុនធំមកពីចម្ងាយចុះចតនៅសៀមរាបតែម្តង។ ព្រលានយន្តហោះសៀមរាបបច្ចុប្បន្ននេះ ចុះចតបានយន្តហោះប្រភេទធុនតូចតែប៉ុណ្ណោះ មិនអាចទទួលបានយន្តហោះធុនធំនោះទេ។
នោះហើយជាអ្វី ដែលជាសមិទ្ធផល។ កាលដែលខ្ញុំទៅសៀមរាបបើកការដ្ឋាននោះ ក៏ជាការផ្ទុះឡើងនៃគេហៅថា ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ផ្ទុះឡើងនូវព្រឹត្តិការណ៍នោះ។ គ្រាន់តែធ្វើការប្រជុំជួបជុំគ្នានៅពេលនោះ ក៏យើងកាត់បន្ថយពីចំនួនដែលត្រូវចូលរួមប្រមាណជាង ១០០០ នាក់ មកនៅត្រឹមតែ ៣០០ នាក់ តែប៉ុណ្ណោះ។ សភាពការណ៍ពេលនោះមើលមិនឃើញ ពិបាកនៅក្នុងការគ្រប់គ្រង។ ឥឡូវនេះ យើងដឹងរបៀប ដោយសារអ្វីដែលសំខាន់គឺប្រជាពលរដ្ឋទទួលយកនូវវិធានការសុខាភិបាល ដែលបានប្រើប្រាស់នូវវិធានការ ៣កុំ និង ៣ការពារ។ ខ្ញុំនិយាយយ៉ាងដូច្នេះ មិនមែនលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋរបស់យើងភ្លេចខ្លួននោះទេ។
ការកសាងមន្ទីរពេទ្យព្យាបាល កូវីដ-១៩ នៅតែបន្ត … បើអស់ កូវីដ-១៩ ប្រើជាមន្ទីរពេទ្យជំងឺធម្មតា
មន្ទីរពេទ្យដែលសាលាក្រុង(ភ្នំពេញ)កំពុងសាងសង់ អាចទទួលអ្នកជំងឺ កូវីដ-១៩ ជាង ១ ម៉ឺននាក់ នឹងត្រូវតែបន្តការសាងសង់ ទោះបីពេលនេះយើងមានមនុស្សប្រមាណជា ៦០០ នាក់តែប៉ុណ្ណោះនៅទូទាំងប្រទេស កំពុងតែសម្រាកព្យាបាល(ជំងឺកូវីដ-១៩) នៅតាមមន្ទីរពេទ្យនិងតាមមជ្ឈមណ្ឌលនានា។ ការកសាងមន្ទីរពេទ្យដែលមានចំណុះជាង ១ ម៉ឺននាក់ នៅតែបន្តកសាងដដែល ហើយប្រសិនបើពេលណាមួយអស់ កូវីដ-១៩ គឺយើងនឹងប្រើប្រាស់អាគារទាំងនោះ ទៅជាការពិនិត្យព្យាបាលជំងឺធម្មតាវិញ ព្រោះនៅទីនោះក៏មានកន្លែងវះកាត់ សម្ភព ហើយយើងអាចមានដាក់ជំងឺដទៃទៀតដែលប្រើប្រាស់អាគារច្រើន ប្រើប្រាស់ដីច្រើន ហើយថវិកាក៏ច្រើនសម្រាប់សាងសង់មន្ទីរពេទ្យមួយនេះ។ ពេលនោះយើងនឹងបំពាក់សម្ភារបរិក្ខារបស់យើងបន្ថែមទៀតដើម្បីឱ្យមន្ទីរពេទ្យទាំងនេះមកដំណើរការ។
ចំណងទាក់ទងកម្ពុជា-កូរ៉េ ដើរដល់កម្រិតមួយដែលមិនធ្លាប់មាន
តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត Park Heung-Kyeong អនុញ្ញាតឱ្យខ្ញុំផ្ដាំផ្ញើថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនកូរ៉េដែលបានផ្ដល់ជំនួយជាបន្ទាប់ សម្រាប់ការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា និយាយជារួមនិងនិយាយដោយឡែក គឺវិស័យសុខាភិបាលនិងមន្ទីរពេទ្យនៅថ្ងៃនេះ។ ចំណងទាក់ទងរបស់យើងគឺបានដើរដល់កម្រិតមួយដែលមិនធ្លាប់មាន។ ឥឡូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េនៅសេសសល់តែការបំពេញបែបបទផ្ទៃក្នុងរបស់កូរ៉េ តាមរយៈការពន្លឿននៃការប្រជុំរវាងខាងសភាកូរ៉េតែប៉ុណ្ណោះ។ ខ្ញុំបាន(ហូប)បាយជាមួយឯកឧត្តមប្រធានសភាកូរ៉េ … ប្រធានធិបតីកូរ៉េ Moon Jae-In ក៏បានបញ្ជាក់ជូនថាបញ្ជូនទៅកាន់សភា ហើយនៅពេលខាងមុខទស្សនកិច្ចរបស់សម្ដេច សាយ ឈុំ ទៅកាន់កូរ៉េ ក៏អាចជាផ្នែកមួយនៃការធ្វើសកម្មភាពរំលឹកទៅដល់អនុស្សាវរីរយ៍ បង្កើតចំណងទាក់ទងការទូតឡើងវិញក្នុងខួប ២៥ ឆ្នាំ។ ថ្ងៃនេះយើងធ្វើសកម្មភាពក៏ផ្នែកមួយនៃការរំលឹកអនុស្សាវរីយ៍នៃខួប ២៥ឆ្នាំ នៃទំនាក់ទំនងការទូតឡើងវិញផងដែរ។
ខ្ញុំបាននិយាយហើយ ពាក់ព័ន្ធជាមួយការខិតខំរបស់យើង ជាមួយនឹងការពង្រឹងសមត្ថភាពការពិនិត្យនិងព្យាបាលជំងឺ ហើយខ្ញុំនៅតែបន្តការអំពាវនាវសម្រាប់ក្រុមគ្រូពេទ្យរបស់យើងបន្តការយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់ប្រជាជន។ យើងមានមន្ទីរពេទ្យល្អ យើងមានសម្ភារបច្ចេកទេសល្អ … ប៉ុន្តែអ្វីដែលល្អ(ជាង)នេះទៅទៀតគឺខិតខំបម្រើប្រជាជនដោយស្មោះត្រង់។ ត្រូវគិតគូរអំពីសីលធម៌វិជ្ជាជីវៈគ្រូពេទ្យរបស់យើងជាចំណុចសំខាន់ ជាចំណុចគន្លឹះនៃការអភិវឌ្ឍវិស័យសុខាភិបាល។ ការបណ្ដុះបណ្ដាលគឺជាផ្នែកមួយដ៏សំខាន់ដែលខ្ញុំចាប់ផ្ដើមនិយាយដំបូង គឺសុំឱ្យមិត្តកូរ៉េផ្ទេរបច្ចេកវិជ្ជាទាំងឡាយដែលមាន ជូនមមកដល់គ្រូពេទ្យរបស់យើងសម្រាប់ដំណើរការនៅទីនេះ ហើយអ្នកដែលនៅទីនេះក៏ផ្ទេរបច្ចេកវិជ្ជានេះទៅកាន់ក្រុមគ្រូពេទ្យដទៃទៀតដែលទទួលបន្ទុកពិនិត្យព្យាបាល ព្រោះមិនមែនគ្រាន់តែមានកន្លែងនេះមួយទេដែលត្រូវការពិនិត្យបំពង់ក ច្រមុះ ត្រចៀក ភ្នែកជាដើម …។
មិនមានអ្នកស្លាប់ដោយកូវីដ-១៩ តែមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
… អ្វីដែលគួរឱ្យស្ដាយ ថ្ងៃនេះមានឧបទ្ទវហេតុថ្មីទៀត។ ម្សិលមិញយើងមានអ្នកឆ្លងកូវីដ-១៩ ជាង ៥០ នាក់ ហើយអត់មានអ្នកស្លាប់ទេ។ ប៉ុន្តែមើលតួលេខព្រឹកមិញដែលសម្ដេចក្រឡាហោម ស ខេង ផ្ដល់ឱ្យខ្ញុំម្សិលមិញគ្រោះថ្នាក់ចរាចរណ៍មាន ១២ ករណី ស្លាប់ ៦ នាក់ និងរបួស ១៥ នាក់ កើតឡើងនៅ ៦ រាជធានី/ខេត្ត។ បើអញ្ចឹងថ្ងៃណាក៏ថ្ងៃស្លាប់។ យើងគិតជាមធ្យមគឺស្លាប់ ៥ នាក់ ក្នុងមួយថ្ងៃ។ ចុះបើស្លាប់ ៥ នាក់ ក្នុងមួយថ្ងៃ ១០០ ថ្ងៃ វាហ្នឹងស្លាប់អស់ ៥០០ នាក់។ មួយឆ្នាំគឺស្លាប់អស់ ១ ៥០០ នាក់។ ជិត ២ ០០០ នាក់ បាត់ទៅហើយក្នុងមួយឆ្នាំ។ ជាការគួរឱ្យសោកស្ដាយ ហើយវាបង្កើតជាបញ្ហាធ្ងន់ធ្ងរសម្រាប់បន្ទុកអ្នកដែលនៅរស់។ បើសិនជាអ្នកស្លាប់គឺជាបង្គោលគ្រួសារអ្នកដែលនៅរស់គឺជួបការលំបាក ដែលនាំទៅដល់ទាញទម្លាក់ចុះទៅរកស្ថានភាពក្រីក្រសម្រាប់ប្រជាជនយើង។ ថ្ងៃនេះមិនមែនមែនថ្ងៃសម្ពោធផ្លូវទេ។ សម្ពោធផ្លូវត្រូវនិយាយអំពីគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែយើងប្រៀបធៀបជាមួយនិងជំងឺកូវីដ-១៩ រាតត្បាតពេញពិភពលោក ចំនួនអ្នកស្លាប់ពីម្សិលអត់មានទេ ប៉ុន្តែបែរជាអ្នកស្លាប់ ៦ នាក់ តួលេខពីម្សិល របួស១៥នាក់(ដោយសារគ្រោះថ្នាក់ចរាចរណ៍) អញ្ចឹងទេគឺជារឿងគួរឱ្យសោកស្ដាយដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា។ វិធានការទាំងឡាយដែលយើងបានដាក់ចេញសម្រាប់ការពារជីវិតនិងផលប្រយោជន៍ប្រជាជនយើង ត្រូវតែបន្តទៅមុខដោយមិនអាចធ្វេសប្រហែសបានឡើយ ក្នុងនោះរាប់ទាំងកូវីដ-១៩ ដែលត្រូវយកចិត្តទុកដាក់ការពារ។
យកវិធានការការពារ ទទួលចាក់វ៉ាក់សាំងមូលដ្ឋាននិងដូសជម្រុញ និងកូនក្មេង
ការលើកឡើងណាមួយទាក់ទិននឹងការឃោសនាអកុសល វាជារឿងឥតប្រយោជន៍។ ដូចជាលើកឡើងថាចាក់វ៉ាក់សាំងវានឹងបង្កើត(ឲ្យមានបញ្ហា)ស្អីទៅថ្ងៃក្រោយទៀត។ ថ្ងៃមុនលោកជំទាវ ឱ វណ្ណឌីន ប្រតិកម្ម … ខ្ញុំមិននឹកស្មានថាមានមនុស្សប្រភេទដែលនិយាយបែបនេះ។ នៅលើពិភពលោកចាក់រាប់ពាន់លាននាក់ អញ្ចឹង រាប់ពាន់លាននាក់ហ្នឹង វាមិនមែនទៅតែប្រជាជន ១៤ លាន ៨ សែននាក់ ដែលបានចាក់វ៉ាក់សាំងនៅកម្ពុជាទេ។ វាទៅទូទាំងពិភពលោក។ បើនៅកូរ៉េមានប្រមាណជា ៤០ លាននាក់បានចាក់(វ៉ាក់សាំង) ព្រោះប្រជាជនកូរ៉េជិត ៥០លាន(នាក់) យ៉ាងហោចណាស់ក៏ជិត ៤០ លាននាក់ ដែលបានចាក់។ អញ្ចឹងប្រជាជនកូរ៉េក៏ទៅដែរ។ បើចិនវិញគាត់ចាក់(វ៉ាក់សាំង)រហូតទៅដល់ ១ ពាន់ ៣ រយលាននាក់ជាង ក្នុងចំណោម ១ ពាន់ ៤ រយលាននាក់ជាង។ ឥណ្ឌា អាមេរិកក៏ចាក់ច្រើន។ អញ្ចឹងទៅទូទាំងពិភពលោក។ ទាំងអាអ្នកនិយាយហ្នឹងដែរព្រោះអាអ្នកនិយាយក៏ចាក់ដែរ។ នេះជាការបំភ័យ។ ប៉ុន្តែយើងធ្លាប់បានទទួលការបំភ័យតាំងពីដូសទី ១ រហូតទៅដល់ ១៤ លាន ៨ សែននាក់ជាង នៅតែបន្តតាមបំភ័យ។ ខ្ញុំស្នើឱ្យប្រជាពលរដ្ឋរបស់យើងនឹងន ហើយទទួលយកនូវវិធានការការពារជាមួយនិងការទទួលយក(ការចាក់)វ៉ាក់សាំង ដែលពេលនេះយើងកំពុងបន្ត(ការចាក់វ៉ាក់សាំងដូសជម្រុញទី ៣, ទី ៤ ហើយនិងការចាក់ឱ្យកូនក្មេង។
លោកជំទាវ ឱ វណ្ណឌីន ខ្ញុំកំពុងសង្ស័យណាស់ថា ប្រហែលជានៅឯមូលដ្ឋាន មាតាបិតា មានការភាន់ច្រឡំរឿងបញ្ហាអាយុរបស់កុមារនេះ។ ហេតុអីបានជាមានរឿងហ្នឹង។ ខ្ញុំបានពិនិត្យចុះ/ឡើង ចេះតែពិនិត្យរពឹសដៃព្រោះយើងអត់ទៅណា … ខ្ញុំគិតថាប្រហែលជាមានការភាន់ច្រឡំនូវតួលេខណាមួយ។ ឥឡូវយើងគិតអញ្ចេះ ក្មេងអាយុ ៣ ឆ្នាំទៅ ៤ ឆ្នាំ យើងចាក់បាន ៤៨,៩៩% ប៉ុន្តែក្មេងដែលអាយុ ៥ ឆ្នាំ ចាក់បានដល់ទៅ ១២៣% តើបានក្មេងមកពីណា បើក្មេង(អាយុ) ៥ ឆ្នាំ យើងមានតែ ៣០៤ ៣១៧ នាក់។ ឥឡូវយើងចាក់ដល់ទៅ ១២៣% អញ្ចឹងក្មេងហ្នឹងមកពីណា? ក្រែងលោច្រឡំអាយុ ៣ ឆ្នាំ, ៤ ឆ្នាំ វាទៅចាក់ដែរ។ ខ្មែរយើងគិតក្បាលឆ្នាំ អត់គិតថ្ងៃទេ។ អញ្ចឹង បានជាខ្ញុំសង្ស័យអាហ្នឹង។
ចំនួនក្មេងអាយុ ៦-១២ ឆ្នាំ យើងចាក់បាន ១០៧% ក្នុងចំណោមក្មេង ១ ៨៩៧ ២៨២ នាក់។ ឯចំពោះមនុស្សចាស់ យើងចាក់ដល់ទៅជាង ១០០% អាហ្នឹងសម្រាប់ ១០ លាននាក់។ អញ្ចឹងទេ ក្នុងចំនួននេះ ខ្ញុំកំពុងតែគិតថា ចំនួនដែលមិនទាន់គ្រប់នេះ ជួនកាល(ក្មេងអាយុ) ៤ ឆ្នាំ វាទៅចាក់រួចស្រេចទៅហើយ ព្រោះឪពុកម្តាយគិតក្បាលឆ្នាំ អត់គិតថ្ងៃខែទេ។ អញ្ចឹង បានជាល្បឿនចាក់ដំបូងលឿន ដល់ឥឡូវវាចាប់ផ្តើមចូលយឺត។ ចូលយឺតវាទៅណា? ក្រែងលោវាមកអា ១២៣% លើសចំនួននេះ។ វាមកពីណា? មនុស្សវាមានប៉ុណ្ណឹង។ អញ្ចឹងទេ គួរធ្វើការពិនិត្យតួលេខហ្នឹងឡើងវិញបន្តិច។
យ៉ាងណាក៏ដោយ យើងឃើញថា កុមាររបស់យើង គឺហ៊ានមកចាក់។ ម៉េចបានជាគេហ៊ានមកចាក់? គេ(ហ៊ាន)ចាក់ ដោយសារជីដូន/តាគេចាក់ ឪពុកម្តាយគេចាក់ បងៗរបស់គេចាក់ អញ្ចឹង អាប្អូនៗ ជាពិសេស អា(យុ) ៥ ឆ្នាំ ហ្នឹងតែម្តង អានេះក្លាហាន មកដល់ចាក់យកបណ្តោយ។ អញ្ចឹង ក្រែងលោអា ៤ ឆ្នាំ វាទៅចាក់ហ្នឹងគេដែរ ឥឡូវនេះ ចាក់ជាង ១ ខែហើយ គឺយើងទើបហ្នឹងចាក់មិនទាន់ដល់ ៥០%។ អញ្ចឹង ខ្ញុំគិតថា អា ២ ឆ្នាំ វាទៅចាក់រួចស្រេចទៅហើយ ក្រែងលោវារាប់ក្បាលឆ្នាំទៅ ថាអាហ្នឹងដល់ក្បាល ៣ ឆ្នាំហើយ វាទៅចាក់បាត់ទៅ។ អញ្ចឹងទេ អាហ្នឹងវាអត់ទៅណាទេ វានៅក្នុងចំណោមអ្នកដែលហ៊ានចាក់។
តើមេរោគបំប្លែងថ្មីអូមីក្រុង នឹងប្រែខ្លួនទៅជាអ្វីទៀត?
អ្វីដែលជាកង្វល់របស់យើង ដែលត្រូវនៅតែគិតគូរទាក់ទិនជាមួយនឹងប្រការថា តើមេរោគបំប្លែងថ្មីក្រៅពីអាអូមីក្រុង ដែលគេហៅថា ជំងឺទំនើបទាន់សម័យនេះ តើវានឹងប្រែខ្លួនទៅជាអ្វីទៀត? នោះហើយជាបញ្ហា ដែលយើងត្រូវតាមដានឱ្យជាប់នូវការប្រែប្រួលទាំងឡាយនៃជំងឺនៅក្នុងពិភពលោក និងនៅជុំវិញប្រទេសរបស់យើង។ នៅ វៀតណាម នៅថៃ និងនៅឡាវ លឺពាក្យចចាមអារ៉ាមចេញមកថា ប្រហែលជាប្រជាពលរដ្ឋឡាវមិនត្រូវបានអនុញ្ញាតឱ្យចូលឆ្នាំទេ។ គ្រាន់តែជាការប៉ាន់ស្មានទេ ព្រោះអត្រាឆ្លងនៅឡាវ គឺមានចំនួនកើនឡើង។ នៅវៀតណាមប៉ុន្មានថ្ងៃមុនឡើងដល់ ១៨ ម៉ឺននាក់ ប៉ុន្តែម្សិលមិញធ្លាក់មកនៅពាក់កណ្តាល គឺនៅ ៩ ម៉ឺននាក់/ថ្ងៃ។ នៅថៃក៏មានចំនួនកើនឡើង រហូតទៅដល់ជិត ៣ ម៉ឺននាក់/ថ្ងៃ ក្នុងពេលដែលកម្ពុជាកំពុងធ្លាក់ចុះ។
តាមច្រកព្រំដែនកម្ពុជា-ថៃ អ្នកមិនទាន់បានវ៉ាក់សាំងគ្រប់ ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ
យើងក៏នៅតែគ្រប់គ្រងស្ថានការណ៍ហ្មត់ចត់នៅឯច្រកព្រំដែនកម្ពុជា-ថៃ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គ្រប់គ្រាន់ដែលធ្វើដំណើរពីប្រទេសថៃមក។ យើងត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ដែលមកដល់ពេលនេះ នៅសល់ជាង ១ ០០០ នាក់ នៅតាមព្រំដែនកម្ពុជា-ថៃ។ ជារៀងរាល់ព្រឹក លោកជំទាវ យក់ សម្បត្តិ បានវាយតួលេខនេះឱ្យខ្ញុំ។ ប៉ុន្តែ នៅពេលយប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីម្នាក់តាមដានអំពីកិច្ចការងារនេះ វាយមកឱ្យខ្ញុំចំនួនអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃមានចំនួនប៉ុន្មានពិតប្រាកដ។ ព្រឹកឡើងខ្ញុំតែងតែ Forward នូវចំនួនអ្នក(ចត្តាឡីស័ក)នៅតាមព្រំដែនកម្ពុជា-ថៃនេះឱ្យទៅក្នុងក្រុមអ្នកប្រយុទ្ធជាមួយនឹងកូវីដ-១៩ បានដឹង។ អ្នកដែលមកពីក្រៅប្រទេសទាំងឡាយ គឺយើងបានលើកលែងអស់ហើយ ទាំងការធ្វើចត្តាឡីស័កក៏អត់មាន ទាំងការធ្វើតេស្តក៏អត់ដែរ។ អ្នកដែលមកតាមព្រលានយន្តហោះនានា យើងមិនត្រូវការវិញ្ញាបនបត្រ ៧២ ម៉ោង ហើយ Visa ក៏មិនចាំបាច់សុំពីកន្លែងណាដែរ មកដល់យើងផ្តល់ Visa ឱ្យតែម្តង។ (យើង)សម្រួលសម្រាប់ធុរកិច្ច/អ្នកការទូត/អ្នកទេសចរដែលមកកាន់កម្ពុជា … ប៉ុន្តែ យើងមិនមើលស្រាលនូវអ្វី ដែលបាននិងកំពុងកើតនៅក្នុងប្រទេសរបស់យើង។ (ទោះបីស្ថានការណ៍)ធូរស្រាល ក៏ប៉ុន្តែយើងនៅតែប្រឹងប្រែងតាមដានពិនិត្យអំពីបញ្ហានេះ ត្រូវតាមដានការវិវឌ្ឍនេះឱ្យជាប់។
ក្រៅពីព្រះមហាក្សត្រ មានតែនាយករដ្ឋមន្ត្រីនិងក្រសួងការបរទេស អាចនិយាយពីនយោបាយការបរទេសជាផ្លូវការ
មុននឹងឈានទៅដល់ការបញ្ចប់ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះនិយាយបន្តិច ដោយសារពីរបីថ្ងៃនេះបានកើត ឡើងនូវរឿងរ៉ាវមួយដែលខ្ញុំគួរតែត្រូវបញ្ជាក់ជាសាធារណៈ សម្រាប់ប្រជាពលរដ្ឋកម្ពុជារបស់យើង។ នោះគឺការដែលកម្ពុជាបានបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីនៅកាន់អ៊ុយក្រែន។ យើងបានបោះឆ្នោតពីរលើកហើយ មិនមែនគ្រាន់តែជាការបោះឆ្នោតទេ ក៏ប៉ុន្តែកម្ពុជាបានឈរក្នុងឋានៈជា Co-sponsor ឬសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តមហាសន្និបាតអង្គការសហប្រជាជាតិ។ ប៉ុន្តែ ក្នុងរយៈពេលចុងក្រោយនេះ បែរជាមានអ្នកចេញមកអត្ថាធិប្បាយជំនួស ហើយខ្ញុំបញ្ជាក់ជូនត្រង់កន្លែងនេះបន្តិច។ អ្នកដែលមានសិទ្ធិនិយាយជាផ្លូវការបានអំពីនយោបាយការបរទេសតំណាងឱ្យកម្ពុជា ក្រៅពីព្រះមហាក្សត្រ គឺមាននាយករដ្ឋមន្ត្រី និងមានក្រសួងការបរទេស។ មិនអាចយកអ្នកណាផ្សេងមកធ្វើអត្ថាធិប្បាយជំនួសគោលជំហរបានទេ។
មានការលើកឡើងថា កម្ពុជាបោះឆ្នោតប្រឆាំងរុស្ស៊ី ដោយលើកឡើងថាមានហេតុផល ៤៖ ទី (១) កម្ពុជាមិនទាន់មាននាវាមុជទឹក។ ទី (២) កម្ពុជាមិនទាន់មានយន្តហោះ MiG សម្រាប់ទម្លាក់គ្រាប់បែក។ ទី (៣) មិនទាន់មានកាតព្វកិច្ចយោធា។ ទី (៤) កងទ័ពកម្ពុជាសម្បូរទៅដោយឧត្តមសេនីយ៍ និងមានក្បាលពោះធំ។ បើដូច្នោះមានន័យថា បើសិនកម្ពុជាមានអាវុធទំនើប កម្ពុជានឹងបោះឆ្នោតគាំទ្ររុស្ស៊ី? នេះជាចំណុចដែលត្រូវដាក់(ការចោទសួរ?)។
ខ្ញុំសូមបញ្ជាក់ កម្ពុជាប្រកាន់ជំហរជាគោលការណ៍ មិនថាតែរុស្ស៊ីទេ ប្រទេសណាក៏ដោយ ដែលឈ្លានពានទៅកាន់ប្រទេសមួយទៀត កម្ពុជាប្រឆាំងជានិច្ច។ រុស្ស៊ីជាមិត្តរបស់យើង ធ្លាប់ជួយយើង មានទំនាក់ទំនងជាមួយយើងតាំងពីទសវត្សរ៍ ៥០ រហូតមក។ ក៏ប៉ុន្តែ រុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ វាមិនមែនគ្រាន់តែជាការទៅជួយត្រឹមតែសាធារណរដ្ឋ Donetsk និង Luhansk ប៉ុណ្ណោះទេ។ វាយចូលទៅដល់ទីក្រុង Kyiv តែម្តង។ អញ្ចឹងទេ សកម្មភាពឈ្លានពានបែបនេះ កម្ពុជាមិនអាចទទួលយកបាន ហើយក៏មិនអាចអព្យាក្រឹត្យបានទេ។ ថ្ងៃក្រោយបើសិនជាប្រទេសណាមួយធ្វើឥរិយាបថបែបនេះមកលើកម្ពុជា តើកម្ពុជាត្រូវទៅពឹងពាក់អ្នកណា?
កម្ពុជាអនុវត្តគោលនយោបាយការបរទេសផ្អែកលើច្បាប់ធម្មនុញ្ញសហប្រជាជាតិ មិនប្រើប្រាស់កម្លាំង
យើងអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ ផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ យើងមិនអនុវត្តនយោបាយការបរទេសផ្អែកលើកម្លាំងទេ។ ការអត្ថាធិប្បាយថា មកពីកម្ពុជាមិនទាន់បានត្រៀមខ្លួន ដោយសារតែខ្លួនខ្វះនាវាមុជទឹក ខ្វះយន្តហោះ MiG ខ្វះកាតព្វកិច្ចយោធា កងទ័ពសម្បូរទៅដោយឧត្តមសេនីយ៍ក្បាលពោះធំ អញ្ចឹងបានសេចក្តីថា ជំហរបែបនេះគឺត្រៀមខ្លួនផ្លាស់នូវគំនិតពីការបោះឆ្នោតប្រឆាំងទៅជាការបោះឆ្នោតគាំទ្រមែនទេ? សុំអ្នកធ្វើអត្ថាធិប្បាយទាំងឡាយមានការប្រុងប្រយ័ត្នចំពោះការធ្វើអត្ថាធិប្បាយបែបនេះ។
នយោបាយការបរទេសរបស់កម្ពុជា ផ្អែកលើគោលការណ៍ច្បាប់/លើធម្មនុញ្ញអង្គការសហប្រជាជាតិ មិនប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។ យើងមិនអាចទទួលយកអាហ្នឹងបានទេ។ មិនថាតែប្រទេសរុស្ស៊ីទេ ប្រទេសណាក៏ដោយ លើកទ័ពពីប្រទេសមួយទៅឈ្លានពានប្រទេសមួយ(ទៀត) យើងត្រូវតែថ្កោលទោស។ អាហ្នឹងខ្ញុំសូមបញ្ជាក់។ ជំហរផ្លូវការរបស់យើង គឺយើងប្រឆាំងដាច់ខាតជាមួយនឹងការប្រើប្រាស់កម្លាំង ឬការគម្រាមប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ក្នុងទំនាក់ទំនងអន្តរជាតិ។ យើងត្រូវតែគោរពឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រជាជាតិនានា។ ការគោរពឯករាជ្យ និងអធិតេយ្យភាពរបស់អ៊ុយក្រែន មានតម្លៃស្មើនឹងការគោរពឯករាជ្យនិងអធិបតេយ្យរបស់កម្ពុជាដូចគ្នា។
ទោះបីកម្ពុជាមានកម្លាំងប៉ុណ្ណាក៏ដោយ ទោះបីកម្ពុជាជាមហាអំណាចលេខមួយលើពិភពលោក តែកម្ពុជាក៏មិនប្រើកម្លាំង(យោធា)ទេ។ កម្ពុជាមិនមែនជាមហាអំណាចយោធាទេ ហើយកម្ពុជាក៏មិនត្រូវការយន្ដហោះ MiG ដែរ។ ខ្ញុំធ្លាប់ប្រើយន្ដហោះ។ ជំនាន់អតីតរដ្ឋកម្ពុជាយើងមានយន្ដហោះ MiG ច្រើនណាស់ រាប់សិបគ្រឿង។ តែមួយគ្រឿងត្រូវចំណាយប៉ុន្មានទេ? មួយគ្រឿងក្នុងមួយឆ្នាំត្រូវផ្ដល់ឲ្យវា ៣៦០ តោន។ គ្រាន់តែហ្វឹកហាត់ pilot ៣៦០ តោន។ អញ្ចឹងក្នុងមួយថ្ងៃត្រូវឲ្យវា ៣ តោន ព្រោះមួយឆ្នាំ ៣៦៥ ថ្ងៃ។ ខ្ញុំកាន់កាន់គ្រប់គ្រងប្រទេសតាំងពីជំនាន់យើង(មានយន្ដហោះ)MiG ។ (ម៉ៅ ហា)វណ្ណាល់ បើកស្អីពីមុន? MiG ២១។ នែក! Pilot MiG ២១។ ឥលូវរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។ ក្រុមបើក MiG ២១ ប៉ុន្ដែដែលយកទៅវ៉ៃឯណា?
“សំណាញ់មេឃ” ឬ “១ លានគ្រាប់ ទាំងតូចទាំងធំទាំងប្រដេញ” យុទ្ធសាស្ដ្រការពារដែនអាកាស
ឥឡូវខ្ញុំមិនលេងទេ។ ទិញយន្ដហោះ MiG មួយគ្រឿង ស្មើនឹងកសាងមន្ទីរពេទ្យនេះមួយ។ ថ្លៃជាងមន្ទីរពេទ្យនេះមួយ។ មន្ទីរពេទ្យសង់អស់តែ ៨ លានដុល្លារទេ។ MiG មួយគ្រឿង ២០ ទៅ ៣០ លានដុល្លារ។ ខ្ញុំមិនលេងទេ។ ខ្ញុំលេងត្រឹមតែឧទ្ធម្ភាគចក្រសម្រាប់ការដឹកជញ្ជូនបានហើយ។ រឿង MiG រឿងអីអ្នកណាមានអីក៏មានទៅ។ ឯខ្ញុំគឺធ្វើសម្រាប់ឯងចូលដែនអាកាសអញ គឺដាក់ពីក្រោមទៅតែម្ដង។ គេហៅថាសំណាញ់មេឃ។ លេងអញ្ចឹងទៅវិញ។ ចូលដែនអាកាសដោយគ្មានការសុំច្បាប់ រំលោភលើដែនអាកាស សំណាញ់មេឃគឺឡើងទៅពីក្រោមទៅវិញ។ មិនដឹងថាឡើងពីត្រង់ណាទៅត្រង់ណាទេ។ បើថាគេរំលោភឈ្លានពានដែនអាកាសយើងហើយ ឬចូលមកទម្លាក់គ្រាប់បែកលើយើងហើយ យើងទៅពីខាងក្រោមវិញល្អជាង។ កុំយកយន្ដហោះទៅបាញ់គ្នាលើអាកាស។ គ្មានលទ្ធភាពទេ។
អញ្ចឹងខ្ញុំសូមបញ្ជាក់ពីកន្លែងហ្នឹង។ អ្នកដែលត្រូវយកគោលជំហរពិតប្រាកដនៅឯអង្គការសហប្រជាជាតិ គឺរាជរដ្ឋាភិបាល តាមរយៈក្រសួងការបរទេស តាមស្ថានតំណាងយើងនៅទីនោះ។ អ្នកដែលធ្វើអត្ថាធិប្បាយខុសពីនោះ គឺមិនអាចយកជាការបានទេ។ យើងចាត់ទុកថាគ្រាន់តែជាអ្នកសិក្សាតែប៉ុណ្ណោះ ដែលគេអាចមានសេរីភាពធ្វើអត្ថាធិប្បាយក្នុងរបៀបសិក្សា។ ក៏ប៉ុន្ដែកុំឲ្យភាន់ច្រឡំថានេះជានយោបាយការបរទេសរបស់កម្ពុជា ប្រែប្រួលពីជំហរប្រឆាំងការឈ្លានពានទៅជាការគាំទ្រការឈា្លនពានក្នុងពេលវេលាដែលកម្ពុជាមានកម្លាំងយោធាគ្រប់គ្រាន់។ បើទោះបីជាកម្ពុជាមានកម្លាំងយោធាខ្លាំងប៉ុណ្ណាក៏ដោយ កម្ពុជានៅតែបន្ដអនុវត្ដគោលនយោបាយការបរទេសដោយផ្អែកលើច្បាប់ ផ្អែកលើការគោរពធម្មនុញ្ញសហប្រជាជាតិ មិនប្រើប្រាស់កម្លាំងឬគំរាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្ដរជាតិ …។
ដើម្បីកុំឲ្យមានបញ្ហាកើតឡើងភាន់ច្រឡំទាន់ បាន(ជាខ្ញុំ)និយាយព្រឹកនេះឲ្យហើយតែម្ដង។ ខ្ញុំឃើញចេញ(មកបកស្រាយដូចនេះ) … ប៉ុន្ដែរឿងបញ្ហាកងទ័ព រឿងបញ្ហានាវាមុជទឹកស្អីៗ កម្ពុជាអត់មានតម្រូវការទាំងអស់ហ្នឹងទេ។ ទុកលុយកសាងមន្ទីរពេទ្យ ផ្លូវ ស្ពាន សាលារៀន អ្វីៗទៅវិញ។ ប្រទេសរបស់យើងតូចតែមួយ ហើយយក MiG មកធ្វើអី។ បើយើងទៅច្បាំងជាមួយវៀតណាម ថៃ ឡាវ ប្រើប្រាស់ MiG ទៅទៀត គេបាញ់ធ្លាក់ពេញទឹកពេញដី។ យើងគ្មានគោលនយោបាយអញ្ចឹងដែរ។ បើពេលគេចូលមក យើងយក MiG ទៅបាញ់គ្នាលើអាកាសអត់ផ្លូវទេ។ ជឿខ្ញុំទៅ។ យុទ្ធសាស្ដ្រសង្គ្រាមរបស់ ហ៊ុន សែន គឺសំណាញ់មេឃតែម្ដង រួមនឹងការប្រយុទ្ធជាមួយយន្ដហោះ។
ក្នុងព្រឹត្ដិការណ៍ព្រំដែនកម្ពុជា-ថៃ ខ្ញុំបានចេញបញ្ជាឲ្យនៅស្ងៀមស្ងាត់។ យើងត្រូវដឹងអំពីយន្ដហោះនេះ បើវានៅខ្ពស់ វាធ្វើអីមិនកើតទេ។ ដល់ពេលវាចុះទាប អាហ្នឹងត្រូវរបស់យើងហើយ។ ពីក្រោមឡើងទៅ រាប់លានគ្រាប់ចេញទៅតែម្ដង … អញសុខចិត្តចំណាយ ១ លានគ្រាប់ចោលទាំងអាតូចទាំងអាធំ។ ត្រូវទាំងអស់។ ឲ្យតែចំទិតគូទមកហើយ ទាល់តែចុះទាបទើបទម្លាក់គ្រាប់បែកទៅរួច។ ពេលចុះទាបហ្នឹងហើយត្រូវដាក់សំណាញ់មេឃឡើងទៅលើ។ នេះជាយុទ្ធសាស្ដ្រសង្គ្រាមរបស់ ហ៊ុន សែន ក្នុងការការពារដែនអាកាស។ ទៅតាំងពីអាតូចអាធំ តាំងពីប្រដេញតាមយន្ដហោះ ទៅតាំងពីកាំជ្រួច។ លេងអញ្ចឹងវិញ។ កុំយកយន្ដហោះទៅបាញ់គ្នាលើអាកាស។ នេះគ្រាន់តែជាផ្នែកមួយនៃយុទ្ធសាស្ដ្រសង្គ្រាមតែប៉ុណ្ណឹងទេ។
ឈរខាងអ៊ុយក្រែន សាមគ្គីជាមួយប្រជាជនអ៊ុយក្រែន ប្រឆាំងការឈ្លានពាន មិនថាចេញមកពីណាឡើយ
លើការជាក់ស្ដែង ម្សិលមិញ ខ្ញុំក៏មើលឃើញខាងអ្នកស្រាវជ្រាវប្រវត្ដិសាស្ដ្របាននិយាយថា ហេតុអីបានរុស្ស៊ីមិនវ៉ៃចូលក្រុង Kyiv? សម្រាប់ខ្ញុំ ខ្ញុំយល់ថាមិនមែនជារឿងងាយស្រួលដែលឲ្យរុស្ស៊ីវាយចូលអ៊ុយក្រែនទៅយកក្រុង Kyiv បានភ្លាមៗទេ។ ឥលូវជាងមួយខែហើយវាយកអត់បាន។ ខ្ញុំមិនជឿថាវាយយកបាន។ ខ្ញុំមិនជឿថា រុស្ស៊ីអាចរំលាយរដ្ឋបាលអ៊ុយក្រែនបានទេ។ បើទោះបីវាយចូលក្រុង Kyiv បានក៏ដោយក៏មិនអាចរំលាយរដ្ឋបាលអ៊ុយក្រែន និងប្រជាជាតិអ៊ុយក្រែនបានដែរ។ ព្រោះអី? ស្មានតែគេស្លាប់ប្រធានាធិបតីមួយ ឬស្លាប់នាយករដ្ឋមន្រ្តី អាចនឹងអស់មនុស្ស? អ៊ុយក្រែនមនុស្សជាង ៤០ លាននាក់។ មេទ័ពរបស់គេ មកដល់ពេលនេះ បើយើងពិនិត្យ កងទ័ពអ៊ុយក្រែនដែលជាកងកម្លាំងស្រួចរបស់អ៊ុយក្រែន កងទ័ពសកម្មប្រមាណ ២០ ម៉ឺននាក់ មិនទាន់មានកម្លាំងណាមួយបែកបាក់ធ្ងន់ធ្ងរទេ។ មិនទាន់គិតកម្លាំងបម្រុងដែលត្រូវបានបំពាក់អាវុធបន្ថែមនោះទេ។ ការវាយចេញពីទល់ដែនអាចនៅក្នុងល្បឿនមួយលឿន ប៉ុន្តែនៅពេលដែលកងទ័ពកាន់តែលាតសន្ធឹងកាន់តែវែង កងទ័ពកាន់តែស្តើង។ ពេលនោះហើយជាឱកាសដែលអ៊ុយក្រែនវាយកាត់ជាកង់ៗតែម្តង។ អ៊ុយក្រែនក៏មានរថក្រោះ អ៊ុយក្រែនក៏មានអាវុធប្រឆាំងជាមួយរថក្រោះ អ៊ុយក្រែនក៏មានកាំភ្លើងបាញ់ …
អញ្ចឹងខ្ញុំនៅតែមានជំនឿថា ជម្រើសចុងក្រោយរបស់រុស្ស៊ីនិងអ៊ុយក្រែន គឺការឈប់បាញ់និងមានកិច្ចព្រមព្រៀងមួយដែលភាគីទាំង ២ អាចទទួលយកបាន មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ។ ខ្ញុំនៅតែមានការជឿជាក់យ៉ាងដូច្នេះ ហើយខ្ញុំនៅតែរក្សាជំហររបស់ខ្ញុំ។ ទោះបីមានសេចក្តីសម្រេចចិត្តប៉ុន្មានទៀតក៏ដោយ ខ្ញុំនៅតែឈរខាងអ៊ុយក្រែន សាមគ្គីជាមួយនឹងប្រជាជនអ៊ុយក្រែនដើម្បីប្រឆាំងការឈ្លានពាន មិនថាការឈ្លានពានចេញមកពីរុស្ស៊ីទេ បើការឈ្លានពាននេះចេញមកពីអ្នកណាទៀត ខ្ញុំនៅតែថ្កោលទោសដូចគ្នា។ ខ្ញុំនៅតែប្រឆាំងដូចគ្នា។ នេះជាជំហរ នេះជាគោលការណ៍។ មិត្តរុស្ស៊ីរបស់យើងនឹងយល់អំពីយើងថាហេតុអីទៅបានជាកម្ពុជាប្រឆាំង។ កម្ពុជាធ្លាប់ត្រូវគេឈ្លានពាន។ ដូច្នេះកម្ពុជាត្រូវតែថ្កោលទោសអ្នកដែលឈ្លានពានគេ។
ពិតហើយ មានពេលខ្លះកម្ពុជាត្រូវតែអព្យាក្រឹត្យដែរ ព្រោះវាជាជម្លោះធម្មតា។ ឧទាហរណ៍ រវាងឥណ្ឌា និងប៉ាគីស្ថាន ទៅលើតំបន់ Kashmir។ យើងស្ថិតក្នុងសភាពការណ៍ស្ងប់ស្ងាត់ ព្រោះយើងមិនដឹងអ្នកណាវាយលុកទៅលើអ្នកណា។ បើបាញ់គ្នាទាំងសងខាង។ ព្រំដែនឥណ្ឌា-ចិន ដែលប៉ុន្មានថ្ងៃនេះចរចាជាមួយរដ្ឋមន្រ្តីការបរទេស យើងក៏ស្ថិតនៅអព្យាក្រឹត្យ។ ពេលខ្លះយើងអព្យាក្រឹត្យលើបញ្ហាអ៊ីស្រាអែលនិងប៉ាលេស្ទីន ដោយសារអី? ដោយសារតែយើងបានឃើញពួកហ៉ាម៉ាស បាញ់ចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ អញ្ចឹង អ៊ីស្រាអែលក៏ត្រូវបង្ខំចិត្តបាញ់ត្រឡប់ទៅវិញ។ អញ្ចឹង យើងត្រូវតែនៅភាពស្ងាត់ស្ងៀមដែរ។ នៅពេលដែលយើងឃើញថាអ៊ីស្រាអែលប្រើប្រាស់កម្លាំងខ្លាំងជ្រុលហួស សម្លាប់ប្រជាជនស៊ីវិលនៅក្នុងតំបន់ Gaza ទឹកដីរបស់ប៉ាលេស្ទីន យើងក៏ថ្កោលទោសអ៊ីស្រាអែលដែរ។
ទោះបីជាខ្លាំងឬខ្សោយ កម្ពុជាអនុវត្តគោលនយោបាយការបរទេសដូចគ្នា
ជំហរបស់យើងគឺយ៉ាងដូច្នេះ។ អត់មានថាទេ ចាំដល់កម្លាំងខ្លាំងបានយើងគាំទ្រ បានយើងឈប់គាំទ្រ។ អត់ទេ។ ខ្លាំងខ្សោយរបស់កម្ពុជា គឺអនុវត្តនយោបាយដដែល។ យើងជាប្រទេសដែលធ្លាប់គេបំពានលើឯករាជ្យ អធិបតេយ្យភាព។ យើងជាប្រទេសដែលធ្លាប់គេឈ្លានពាន។ អញ្ចឹងយើងក៏នឹកគិតទៅដល់ប្រទេសដែលត្រូវគេឈ្លានពាន។ ខ្ញុំនៅតែនិយាយដដែល។ យើងមិនអនុញ្ញាតឲ្យពលរដ្ឋកម្ពុជាណាមួយទៅធ្វើទាហានស្ម័គ្រចិត្តនៅប្រទេសអ៊ុយក្រែន ដូចប្រទេសមួយចំនួនបណ្តោយពលរដ្ឋរបស់ខ្លួនឲ្យទៅប្រទេសអ៊ុយក្រែននោះទេ។ យើងជាប្រទេសក្រីក្រមួយនៅឆ្ងាយណាស់ តែយើងបានបង្ហាញសមានចិត្តរបស់យើងជាមួយនឹងប្រជាពលរដ្ឋអ៊ុយក្រែន ដែលកំពុងភៀសខ្លួនរាប់លាននាក់នៅខាងក្រៅ និងកំពុងភៀសសឹកនៅរាប់លាននាក់នៅខាងក្នុង។
សង្ឃឹមថាគោលជំហររបស់យើងនេះនឹងទទួលយកបាន ដោយប្រជាជនកម្ពុជារបស់យើង។ ជំហរណាផ្សេងក្រៅពីនេះគឺមិនអាចយកជាការបានទេ។ នោះគ្រាន់តែជំហរនៃអ្នកសិក្សានិងអ្នកស្រាវជ្រាវតែប៉ុណ្ណោះ ដែលមិនអាចឡូកឡំជាមួយនឹងជំហររបស់រាជរដ្ឋាភិបាលបានទេ។ រាជរដ្ឋាភិបាលពេលនេះ ខ្ញុំត្រូវតែកាន់ចង្កូតនិងក្តាប់កូនសោរនូវបញ្ហានេះក្នុងដៃ។ ខ្ញុំត្រូវបញ្ជាទៅរដ្ឋមន្ត្រីការបរទេស ហើយខ្ញុំត្រូវតាមដានត្រួតពិនិត្យផ្ទាល់ជាមួយនឹងតំណាងរបស់យើងនៅអង្គការសហប្រជាជាតិ បោះឆ្នោតយ៉ាងម៉េចហើយ។ ដំណើរការដល់ណាហើយ។ ត្រូវឡើងធ្វើបទអន្តរាគមន៍យ៉ាងណា។ ខ្ញុំត្រូវទាក់ទងផ្ទាល់ ព្រោះមិនអាចធ្វេសប្រហែសបានក្នុងការអនុវត្តនយោបាយការបរទេសដ៏ក្តៅគគុកមួយបានទេ។ ខ្ញុំគួរតែបញ្ជាក់អំពីបញ្ហានេះ ព្រោះក្រែងលោប្រព័ន្ធហ្វេសប៊ុក និងបណ្តាញព័ត៌មានមួយចំនួនផ្សព្វផ្សាយចេញទៅ ថាជំហររបស់កម្ពុជាអញ្ចឹងតើ មិនទាន់ខ្លាំងបោះឆ្នោតគាំទ្រ បោះឆ្នោតប្រឆាំងការឈ្លានពាន អញ្ចឹងដល់ទៅខ្លួនខ្លាំង ច្បាស់ជាឈប់បោះឆ្នោតហើយ។
មិនមានអ្វីជាភាពច្របូកច្របល់នៃនយោបាយការបរទេសរបស់កម្ពុជាទេ
នេះជាការបញ្ជាក់។ សុំទោសឯកឧត្តម។ តែការបញ្ជាក់របស់ខ្ញុំក៏អាចជាផលប្រយោជន៍មួយសម្រាប់ឯកឧត្តមយល់ពីគោលជំហររបស់កម្ពុជា លើបញ្ហានយោបាយការបរទេសក្នុងបញ្ហាដែលកំពុងក្តៅនេះ។ ពិភពលោកកំពុងតែមានបញ្ហាដោយសារតែរឿងនេះ។ សង្ឃឹមថា រុស្ស៊ីនិងអ៊ុយក្រែន នឹងខិតខំរកចំណុចរួមមួយ ដើម្បីបញ្ចប់ជម្លោះ កាត់បន្ថយចំនួនមនុស្សស្លាប់ និងបញ្ឈប់ទៅដល់ការមនុស្សស្លាប់។ វិបត្តិមនុស្សធម៌កំពុងតែកើតឡើងហើយជនភៀសខ្លួនរាប់លាននាក់ មកខាងក្រៅប្រទេស។ ជនភៀសសឹកនៅក្នុងប្រទេស។ យើងក៏ស្វាគមន៍អំពីការដែលរុស្ស៊ីនិងអ៊ុយក្រែនបានបើករបៀងមនុស្សធម៌ ដូចជា ១០ កន្លែង សម្រាប់ការជម្លៀសពលរដ្ឋស៊ីវិលចេញពីតំបន់សង្គ្រាម និងផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋ។
អញ្ចឹងពួកគាត់នៅអាចនិយាយគ្នាបាន។ ឯចំពោះយើងអ្នកក្រៅ គឺយើងត្រូវគោរពនូវធម្មនុញ្ញសហប្រជាជាតិ ត្រូវគោរពទៅដល់គោលការណ៍សណ្តាប់ធ្នាប់អន្តរជាតិ ដែលមិនប្រើប្រាស់កម្លាំង ដើម្បីផ្លាស់ប្តូរស្ថានការណ៍។ យើងប្រឆាំងនឹងការប្រើប្រាស់កម្លាំង ដើម្បីរំលំរដ្ឋាភិបាលមួយ។ ដូចជាយើងអញ្ចឹង យើងប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌។ យើងប្រឆាំងនឹងការប្រើប្រាស់កម្លាំងដែលមកគាំទ្រផ្នែកខាងក្នុងដើម្បីធ្វើការផ្តួលរំលំដូចគ្នា។ ករណីនេះកម្ពុជាត្រូវបន្តប្រកាន់យកតទៅទៀត។ ខ្ញុំនិយាយនេះ គឺដើម្បីកុំឲ្យមានការច្របូកច្របល់នៃការធ្វើអត្ថាធិប្បាយដោយវិទ្យុ ឬអ្នកកាសែតបរទេស ឬអ្នកបញ្ញវន្តក្នុងស្រុក ឬប្រជាជនក្នុងស្រុករបស់យើង ដែលថាភាពច្របូកច្របល់នៃនយោបាយការបរទេសរបស់កម្ពុជា។ អត់ទេ។
កម្ពុជាអត់មានភាពច្របូកច្របល់លាយឡំគ្នាទេ។ ប្រទេសណាក៏ដោយដែលឈ្លានពានប្រទេសមួយទៀត យើងត្រូវតែថ្កោលទោសអ្នកដែលឈ្លានពានគេ ហើយយើងត្រូវគាំទ្រទៅដល់អ្នកដែលគេឈ្លានពាន។ យើងធ្លាប់ជាជនរងគ្រោះនៃការឈ្លានពានពីបរទេស។ ពេលនោះ យើងបើកទ្វារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកឧត្តម ហោ ណាំហុង ពេលនោះត្រូវទៅក្រុមប្រឹក្សាសន្តិសុខ។ បើកទ្វារក្រុមប្រឹក្សាសន្តិសុខ រួចហើយបើកទ្វារតុលាការឡាអេ ដើម្បីដោះស្រាយបញ្ហា។ យើងដោះស្រាយជាមួយគ្នាបញ្ចប់រឿង។ ឥឡូវយើងមិត្តភាពជាមួយនឹងប្រទេសជិតខាងទាំងអស់។ តំបន់ណាដែលវាសុខ ឲ្យវាសុខទៅ កុំទៅបង្កើតរឿង។
នៅពេលការបោះឆ្នោតមកដល់ រដូវសន្យានិងដេញថ្លៃនឹងចាប់ផ្តើម
អ្នកខ្លះចូលមក comment សុំឲ្យលើកទ័ពទៅវាយយកកម្ពុជាក្រោម។ ខ្ញុំថាទៅវាយយកខ្លួនឯងទៅ។ កម្ពុជាក្រោមបាត់ទាំងពីជំនាន់ណាជំនាន់ណី ហើយទៅឲ្យ ហ៊ុន សែន ទៅវាយយក … អ្នកណាស្នេហាជាតិជាងព្រះករុណាបិតា ព្រះបរមរតនកោដ្ឋទៅទៀត។ ម៉េចក៏ព្រះអង្គមិនយកពេលព្រះអង្គកាន់អំណាច (ទៅវាយយក)កម្ពុជាក្រោម។ ម៉េចចាំឲ្យ ហ៊ុន សែន កើតក្រោយ(ធ្វើរឿងហ្នឹង)។ ចោទសំណួរអញ្ចេះវិញ ម៉េចបានព្រះករុណាបិតា សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គមិនទៅវាយយកកម្ពុជាក្រោមក្រោយពេលដែលព្រះអង្គកាន់អំណាចក្នុងចន្លោះឆ្នាំ ១៩៥៣ មកទល់ឆ្នាំ ១៩៧០? លន់ នល់ ម៉េចមិនទៅយកក្នុងចន្លោះឆ្នាំ ១៩៧០-១៩៧៥? មកចាំប្រើក្បាល ហ៊ុន សែន? ទៅយកខ្លួនឯងទៅ។
រឿងអតីតកាលពីណាពីណី ដែល ហ៊ុន សែន មិនទាន់ទាំងកើតផង មកដាក់ទោស ហ៊ុន សែន ដែរ។ កោះត្រល់ រឿងកម្ពុជាក្រោម រឿង Cochinchine ណា ហ៊ុន សែន អត់ទាន់ទាំងកើតផង។ ឥឡូវមកបន្ទោស ហ៊ុន សែន គ្រប់តែរឿង។ បន្តិចទៀតរដូវទារកម្ពុជាក្រោមមកដល់ហើយ។ ខែក្រោយ ជិតបោះឆ្នោតមកដល់ គេ(នឹងសន្យាថាបើ)ឈ្នះ គេនឹងទៅយកកម្ពុជាក្រោម គេឈ្នះគេនឹងទៅយកកោះត្រល់។ បន្តិចទៀតជារដូវដេញថ្លៃសាំង។ បើខ្ញុំឈ្នះ ខ្ញុំនឹងធ្វើសាំងឲ្យនៅ ២០០០ រៀល។ បើខ្ញុំឈ្នះ ខ្ញុំនឹងធ្វើសាំងឲ្យនៅតែ ៣០០០ រៀល។ រដ្ឋាភិបាលបច្ចុប្បន្នអត់មានសមត្ថភាពដោះស្រាយថ្លៃសាំង។ នៅលើលោកនេះ ថ្លៃសាំងកំពុងកើន រាប់ទាំងប្រទេសផលិតប្រេងខ្លួនឯង។ បន្តិចទៀតគឺថារដូវអួតអាងមកដល់ ហើយយើងជារដ្ឋាភិបាលមិនអាចនិយាយបានទេ។
ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិក ចំនួន ៤០៩ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១០ ម៉ឺនរៀល។ ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល និងជូនមន្ទីរពេទ្យព្រះអង្គឌួង ៥ លានរៀល។
ពីមុនធ្វើ “អក្ខរកម្មកុំព្យូទ័រ” ឥឡូវ “ធ្វើអក្ខរកម្មព័ត៌មានវិទ្យា”
ឯណាគ្រូពេទ្យ ហុង បញ្ញា? ថតបញ្ជូនមកឲ្យខ្ញុំ។ ដូចអង្គុយខាងនេះ … ហ្នឹងអ្នកលេង messenger។ ខ្ញុំអត់ទាន់ស្គាល់មុខទេ។ បានហើយត្រឹមហ្នឹងបានហើយ … ព្រឹកមិញគេបញ្ជូនសារទៅឲ្យខ្ញុំតាម messenger ថាគេនឹងបានជួបមុខខ្ញុំថ្ងៃហ្នឹងហើយ។ ហ្នឹងពីមុនគ្រូពេទ្យ TYDA ក្រោយមកបង ម៉ម ប៊ុនហេង យកមកធ្វើពេទ្យនៅនេះ។ “ព្រឹកនេះពិតជារីករាយណាស់ដែលបានចូលរួមទទួលសម្តេចតេជោ ក្នុងពិធីសម្ពោធអគារព្យាបាលជំងឺច្រមុះ ត្រចៀក បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះអង្គឌួង” ហ្នឹងគេវ៉ៃមកឲ្យខ្ញុំចឹង។ សម័យនេះហើយ។ ចឹងបានថាអស់លោករដ្ឋមន្ត្រី អស់លោកឧបនាយករដ្ឋមន្ត្រីទាំងឡាយ ត្រូវតែរៀនសូត្រ។ ខ្ញុំមិនឲ្យអស់លោកឬក៏មន្ត្រីទាំងអស់នៅកម្ពុជា ពីមុនខ្ញុំប្រើពាក្យថាអក្ខរកម្មកុំព្យូទ័រ។ ប៉ុន្មានឆ្នាំកន្លងទៅខ្ញុំប្រើពាក្យអក្ខរកម្មព័ត៌មានវិទ្យា។ ថាឲ្យចេះតែមួយជុំវិញទូរស័ព្ទហ្នឹងបានហើយ មិនបាច់ចេះអីច្រើនទេ។ ចេះតែប្រើជុំវិញប្រព័ន្ធទូរស័ព្ទ។ អញ្ចឹងបើថាអ្នកឯងមិនចេះទេ ខ្ញុំមិនអាចតែងតាំងបានទេ ព្រោះឧទាហរណ៍ឲ្យធ្វើអភិបាលខេត្ត អត់ចេះប្រើ WhatsApp Telegram Viber Line Wechat ស្អីផង ឬក៏ប្រើ Zoom សម្រាប់ការប្រជុំផង តែងតាំងលោក លោកប្រជុំជាមួយគេយ៉ាងម៉េច។ អញ្ចឹងអត់តែងតាំងទេ។
អញ្ចឹងត្រូវរៀនអាហ្នឹងឲ្យចេះ។ សម័យនេះហើយ គេបញ្ជូនសារទៅវិញទៅមកមួយភ្លែត ហើយឯងនៅតែអាឡូៗ … អត់បានទេ។ អាឡូនៅស្រុកនេះ មិនប្រាកដថាសុវត្ថិភាពទេ។ បើអាឡូតាម Internet អត់អីទេ។ ទូរស័ព្ទតាម Telegram តាម WhatsApp តាម Line តាម Viber អាហ្នឹងអត់អីទេ ប៉ុន្តែតែលេងតាម Phone ហើយ ពិបាកទំនាក់ទំនង។ ជួនកាលហ្នឹងវាមិនសូវមានសេវា រអាក់រអួល។ សម័យនេះ សម័យ Internet ហើយ ។ មហាអំណាចខាងផ្នែកបច្ចេកវិទ្យាព័ត៌មានគឺកូរ៉េខាងត្បូង។ សព្វថ្ងៃនេះ ទៅត្រង់ណាក៏របស់កូរ៉េខាងត្បូងដែរ។ តាមមើលទៅ។ បើនិយាយពីទូរទស្សន៍វិញ ទៅអាមេរិកប្រើទូរទស្សន៍តាម Hotel ទូរទស្សន៍កូរ៉េ ទៅអឺរ៉ុបទូរទស្សន៍កូរ៉េ ទៅណាក៏ឃើញតែទូរទស្សន៍កូរ៉េដែរ។ កូរ៉េប៉ាវដាច់ហើយលើពិភពលោកបច្ចុប្បន្ន។ នៅមានទូរទស្សន៍ជប៉ុន ទូរទស្សន៍អាលឺម៉ង់តិចតួច ប៉ុន្តែទូរទស្សន៍កូរ៉េគឺប៉ាវដាច់តែម្តង។ កុំព្យូទ័រស្អីៗហ្នឹងគឺប្រើច្រើនយកតែមែនទែន។
ជាមួយនឹងពិធីសម្ពោធដាក់ឲ្យប្រាស់ជាផ្លូវការនូវអគារត្រចៀក ច្រមុះ និងបំពង់ក នៅក្នុងអគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះអង្គឌួង ខ្ញុំសុំជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕