សេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឲ្យប្រើប្រាស់​អគារមិត្តភាព កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យអង្គឌួង មន្ទីរពេទ្យសម្រាប់ការព្យាបាលត្រចៀក ច្រមុះ និងបំពង់ក

ឯកឧត្ដម Park Heung-Kyeong អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អស់លោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ និងបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! សម្ពោធអគារមិត្តភាពកម្ពុជា–កូរ៉េ ឯកទេសច្រមុះ បំពង់ក ត្រចៀក និងកំពុងសាងសង់មជ្ឈមណ្ឌលចក្ខុរោគ ថ្ងៃនេះខ្ញុំពិតជារីករាយ ដែលបានចូលរួមជាមួយឯកឧត្ដមអគ្គរដ្ឋទូត Park Heung-Kyeong​ នៃសាធារណរដ្ឋកូរ៉េ តំណាង KOICA ក៏ដូចជាឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដើម្បីធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យអង្គឌួង ដែលជាមន្ទីរពេទ្យសម្រាប់ការព្យាបាលត្រចៀក ច្រមុះ និងបំពង់ក។ ដូចដែលឯកឧត្ដមអគ្គរដ្ឋទូតកូរ៉េបានបញ្ជាក់អម្បាញ់មិញ ឆ្នាំនេះ គឺជាខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឆ្នាំនេះ ក៏ជាឆ្នាំដែលកម្ពុជានិងកូរ៉េ ធ្វើពិធីសម្ពោធបើកការដ្ឋាននិងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយចំនួន ដូចជាការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៤៨ ផ្សារភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ទីរួមខេត្តកោះកុង ការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ២១…