សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ សម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស <អគារតេជោអភិវឌ្ឃន៍>

សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីប្រិយមិត្តបរទេស ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ!លោកគ្រូពេទ្យ បងប្អូនជនរួមជាតិ និស្សិត ដែលបានអញ្ជើញចូលរួម! (១) អគារនេះកើតពីថវិការដ្ឋផង និងថវិកាពីសប្បុរសជននានា ថ្ងៃនេះ ខ្ញុំនិងភរិយាសប្បាយរីករាយដែលបានមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមួយនៃផ្នែកមួយនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតរបស់យើងនេះ។ យើងបានបិទផ្លូវសម្រាប់ធ្វើពិធីមួយនេះ ដែលសង្ឃឹមថាអ្នកធ្វើដំណើរទាំងឡាយនឹងអាចយល់អំពីគោលបំណងនៃការបិទផ្លូវនេះ … បន្តិចទៀតនឹងបើកផ្លូវនេះវិញ។ ខ្ញុំអរគុណឯកឧត្ដម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានធ្វើរបាយការណ៍អម្បាញ់មិញទាក់ទង នឹងការកសាងអគារមួយនេះ​។ ខ្ញុំក៏សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំកសាងនូវមន្ទីរពេទ្យនេះតាមរយៈនូវដំណាក់កាលខ្លះ ដែលខ្ញុំនឹងជម្រាបជូននៅបន្តិចទៀតនេះ។ ខ្ញុំក៏សូមអរគុណចំពោះសប្បុរសជននានាដែលបានគាំទ្រសម្រាប់ការអំពាវនាវរបស់ខ្ញុំ ក៏ដូចជាជូនចំពោះឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានយល់ស្របតាមសំណើរបស់ខ្ញុំ ទម្លាក់ថវិកា ៣០ លានដុល្លារសម្រាប់មកកាន់ទីនេះ។ ដូចដែលឯកឧត្ដម ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍ វាពិតជា​មានទំនាក់ទំនងជាមួយខ្ញុំពិតប្រាកដមែន។ នៅពេលនោះ ម្ដាយក្មេករបស់ខ្ញុំត្រូវយកមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនេះ។ មូលហេតុនេះ ធ្វើឲ្យខ្ញុំខកខានមិនបានចេញទៅប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ (ពេលនោះ មេគង្គ-កូរ៉េ បានលើកកម្រិតពីថ្នាក់រដ្ឋមន្រ្តីការបរទេស ទៅជាថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល)។ ខ្ញុំបានប្រាប់ប្រធានាធិបតី Moon…

ដកស្រង់ប្រសាសន៍ជាសង្កថា ក្នុងពិធីប្រគល់សញ្ញបត្រ និស្សិត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

(១) មោទនភាពនឹងការឈានឡើងនៃវិស័យសុខាភិបាល ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមដើម្បីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ១ ៣៩៦ នាក់។ នេះគឺជាសមទ្ធផលថ្មីមួយទៀតនៅក្នុងវិស័យសុខាភិបាលរបស់យើង។ តាមរយៈរបាយការណ៍ឯកឧត្តម ម៉ម ប៊ុនហេង និងការយល់ដឹងផ្ទាល់របស់ខ្ញុំពាក់ព័ន្ធនឹងដំណើរជាតិរបស់កម្ពុជា ខ្ញុំមានមោទនភាពចំពោះការឈានឡើងនៅក្នុងវិស័យសុខាភិបាលនេះ។ បើយើងពិនិត្យកាលពីឆ្នាំ១៩៧៩ ចំនួនគ្រូពេទ្យនៅសេសសល់តិចណាស់។ ពេលនោះនិយាយតាមត្រង់ មានអ្នកខ្លះតាំងខ្លួនជាវេជ្ជបណ្ឌិត។ ប៉ុន្ដែ​ចូលមកដល់ទីក្រុងភ្នំពេញ ជួបគ្រូពេទ្យ(ជាវេជ្ជបណ្ឌិត ក៏ដឹង)ថា (អ្នកហ្នឹង)នឹងមិនមែនជាវេជ្ជបណ្ឌិតទេ។ វេជ្ជបណ្ឌិតមាននិក្ខេបទរក្សានៅសាលាឯនោះ ហើយគ្រូពេទ្យនិងគ្រូពេទ្យគេស្គាល់គ្នា។ អញ្ចឹងទេបញ្ឈប់បញ្ហាអំពីគ្រូពេទ្យមិនមែនជាវេជ្ជបណ្ឌិត។ (២) ក្រោយឆ្នាំ១៩៧៩ បើកសន្និបាតសុខាភិបាលនិងដំណើរការសាលាវេជ្ជសាស្ត្រ ឥឡូវ យើងបានធ្វើការបណ្ដុះបណ្ដាល(គ្រូពេទ្យត្រឹមត្រូវ)។ បើខ្ញុំមិនច្រលំទេ ខ្លួនខ្ញុំផ្ទាល់តែម្ដងបានមកធ្វើសន្និបាតក្រសួងសុខាភិបាល នៅឯសាកលវិទ្យាល័យសុខាភិបាលសព្វថ្ងៃនេះ និងបើកអោយដើម្បីដំណើរការសាកលវិទ្យាល័យ(ឡើងវិញ)។ ពេលនោះ ជាសមាជិកអចិន្ដ្រៃយ៍របស់គណៈរដ្ឋមន្ដ្រី ខ្ញុំជាអធិបតីនៅក្នុងពិធីសន្និបាតនោះ។ ខ្ញុំសូមយកឱកាសនេះថ្លៃងនូវការកោតសរសើរចំពោះក្រសួងសុខាភិបាលក៏ដូចជាសាកលវិទ្យាល័យ ថ្នាក់ដឹកនាំ សាស្ដ្រាចារ្យដែលបានខិតខំក្នុងរយៈពេលកន្លងទៅ។ យើងបានវិនិយោគច្រើនទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាកិច្ចការទាក់ទងនឹងសុខភាពរបស់ប្រជាជន។ ប្រ​សិនបើយើងវិលទៅមើលរូបភាពដើមនៃស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាកាលពីពេលនោះ ជាពិសេសសុខភាពប្រជាជនរបស់យើង វាច្បាស់ណាស់ថាគួរឲ្យសង្វេគ។ យើងបានដើរឆ្ងាយចេញពីទីកន្លែងដែលយើងធ្លាប់លំបាក ប៉ុន្ដែវាមិនទាន់អស់រឿងត្រូវដោះស្រាយទេ។ នៅមានរឿងច្រើន។ (៣) ពង្រាយមន្ដ្រីសុខាភិបាលមានការហ្វឹកហាត់ជំ​នាញបច្ចេកទេសបម្រើសុខុមាលភាពប្រជាពលរដ្ឋ ប៉ុន្ដែ ប្រសិនបើយើងប្រៀបធៀបពីចំណុចចេញដំណើរដ៏លំបាករបស់យើងក្នុងស្ថានភាពនៃផលវិបាកដែលពួកខ្មែរក្រហមបានបន្សល់ទុក គឺពិតជាគួរឲ្យមានមោទនភាពអំពីកិច្ចខិតខំរួមគ្នារបស់យើង។ ពេលនេះ យើងមានមន្ដ្រីសុខាភិបាលពង្រាយទៅតាមទីកន្លែងនានា ដែលមានការហ្វឹកហាត់ជំ​នាញបច្ចេកទេស។…

សេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្តេចតេជោ ហ៊ុន សែន សម្ពោធអគារសម្ភពក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ ភ្នំពេញ

(១) សម្ពោធសមិទ្ធផលជាការវិនិយោគរបស់រាជរដ្ឋាភិបាល១០០% ក្នុងដើមឆ្នាំថ្មី ជាដំបូងអនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីសុខាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ សូមជូនពរចូលឆ្នាំថ្មី ដែលទើបនឹងមកដល់ក្នុងប៉ុន្មានថ្ងៃនេះ សូមអ្នកទាំងអស់គ្នាទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មី នៅក្នុងឆ្នាំថ្មី គឺដើមឆ្នាំតែម្តង ជាមួយនឹងការវិនិយោគ ១០០% ពីសំណាក់រាជរដ្ឋាភិបាល នៅក្នុងដំណាក់កាលដ៏លំបាក គឺនៅឆ្នាំ ២០២១។ យើងបានដឹងហើយថា កូវីដ-១៩ បាននិងកំពុងផ្ទុះនៅឆ្នាំ ២០២១ គួរណាស់តែយើងមិនអាចសាងសង់មន្ទីរពេទ្យនៅទីនេះទេ។ ផ្ទុយទៅវិញ បើទោះបីជាកូវីដ-១៩ បានវាយប្រហារយើងជាដំណំ ការដ្ឋានទាំងអស់នៅទូទាំងប្រទេសកម្ពុជា មិនមែនតែការដ្ឋានសម្រាប់ប្រើប្រាស់ថវិកាជាតិប៉ុណ្ណោះទេ ការដ្ឋានដែល(ប្រើប្រាស់ថវិកា)ពីបរទេស ដែលរាជរដ្ឋាភិបាលចេញថវិកាបដិភាគ ក៏មិនត្រូវ​បានរាំងស្ទះដែរ។ ពេលនោះ យើងវិនិយោគទៅកាន់ខេត្តព្រះសីហនុអស់ប្រមាណជា៤០០ លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវ។ យើងវិនិយោគអស់ប្រមាណជា​២០០ លានដុល្លារ…