ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា!
វឌ្ឍនភាពសាកលវិទ្យាល័យ វេស្ទើន
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់និស្សិត ចំនួន ៤.១៥៨ នាក់ នៅសាកលវិទ្យាល័យ វេស្ទើន។ អម្បាញ់មិញ លោកសាកលវិទ្យាធិការ តែ ណូរិន បានធ្វើរបាយការណ៍ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យនេះ ក៏ដូចជា ការខិតខំរបស់សាកលវិទ្យាល័យ ព្រមទាំងការសិក្សារបស់និស្សិតនៅទីនេះ។
សិស្សរៀនកាន់តែពូកែ បង់ប្រាក់កាន់តែតិច ជាចំណុចដែលរាជរដ្ឋាភិបាលចង់បាន
ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ សុំសម្តែងនូវការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ដែលបានធ្វើក្នុងរយៈពេលកន្លងទៅ។ អម្បាញ់មិញ លោក តែ ណូរិន បានលើកឡើងនូវចំណុចមួយថា សិស្សរៀនកាន់តែពូកែ បង់ប្រាក់កាន់តែតិច នេះជាចំណុចដែលយើងចង់បាន ទាក់ទងទៅនឹងគុណភាព នៃការបណ្ដុះបណ្ដាលរបស់យើង។
ថ្ងៃនេះ យើងមាននិស្សិតដែលជាធនធានមនុស្សសម្រាប់ជាតិរបស់យើងចំនួនជាង ៤.០០០ នាក់ បន្ថែមទៀត។ ហើយដែលធ្វើអោយសាកលវិទ្យាល័យនេះ មាននិស្សិតដែលបញ្ចប់ការសិក្សារហូតទៅដល់ជាង ១០.០០០ នាក់ និងបន្តការសិក្សាបន្តទៀតនៅប៉ុន្មានជាង ៥.០០០ នាក់ បន្ថែមទៀត ដែលជាផ្នែកមួយជួយទៅដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
វិស័យឯកជនចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស
នយោបាយរបស់យើង ដូចដែល ខ្ញុំព្រះករុណាខ្ញុំ បញ្ជាក់ជារឿយៗហើយថា ប្រសិនបើយើងមិនអនុញ្ញាតអោយវិស័យឯកជន ចូលរួមនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនោះទេ តើយើងមានលទ្ធភាពគ្រប់គ្រាន់ទេ ដើម្បីឆ្លើយតបជាមួយនឹងយុវជន ដែលក្នុងមួយឆ្នាំៗដល់អាយុចូលឧត្តមសិក្សាយ៉ាងច្រើននោះ? ប្រសិនបើពឹងពាក់ទៅលើតែសាកលវិទ្យាល័យរដ្ឋ គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ពិតជាមិនគ្រប់គ្រាន់ទេ។ ដូច្នេះហើយ បានជារាជរដ្ឋាភិបាលបានលើកទឹកចិត្តអោយសាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សាឯកជន ឬក៏មិនចាំបាច់ដល់ថ្នាក់ហ្នឹងទេ មានវិស័យឯកជនដែលធ្វើការវិនិយោគទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស តាំងពីថ្នាក់ទាប រហូតដល់ថ្នាក់ឧត្តមសិក្សា។
ជំនួបរវាងរាជរដ្ឋាភិបាលជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សាឯកជន
កាលពីប៉ុន្មានអាទិត្យមុននេះ យើងមានជំនួបមួយទៀត ដែលហៅថា ជំនួបរវាងរាជរដ្ឋាភិបាលជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សាឯកជន។ ហើយដែលជំនួបនោះ ក៏ជាជំនួបដោះស្រាយបញ្ហាដែលមានតម្លៃស្មើនឹងការប្រជុំគណៈរដ្ឋមន្រ្តីផងដែរ។ យើងតែងមានការពិភាក្សាប្រចាំឆ្នាំ រវាងរាជរដ្ឋាភិបាល ដែលខ្ញុំព្រះករុណាខ្ញុំ ដឹកនាំការប្រជុំផ្ទាល់ ជាមួយនឹងបណ្ដាគ្រឹះស្ថានឧត្តមសិក្សា ដើម្បីធ្វើការពិភាក្សារិះរកមធ្យោបាយ ដើម្បីជួយសម្រួលធ្វើយ៉ាងណាអោយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ក្នុងនោះ ឧត្តមសិក្សាផ្នែកឯកជនអាចដំណើរការទៅបានដោយងាយស្រួល ហើយគ្មានឧបសគ្គរារាំងណាមួយកើតឡើង។
គុណភាពអប់រំនៅតែជាបញ្ហា
គុណភាពអប់រំនៅតែជាបញ្ហា ហើយដែលឥឡូវនេះ យើងសង្កេតឃើញថា សាកលវិទ្យាល័យដែលធានាបាននូវគុណភាព នៃការបណ្ដុះបណ្ដាល គឺនៅតែសាកលវិទ្យាល័យដែលទទួលបានសិស្សនិស្សិតចូលរៀនច្រើនបំផុត ហើយសាកលវិទ្យាល័យដែលមានគុណភាពបណ្ដុះបណ្ដាលទាប មាននិស្សិតក៏កាន់តែតិចទៅដែរ។ នេះហើយជាការប្រកួតប្រជែង ហើយមិនមែនជាការប្រកួតប្រជែងដើម្បីចេញសញ្ញាបត្រទេ ក៏ប៉ុន្តែ គឺជាការប្រកួតប្រជែងដើម្បីបង្កើន នៃគុណភាព នៃចំណេះដឹង ចំណេះធ្វើសម្រាប់និស្សិតរបស់យើង។
អាហារូបករណ៍ដែលសាកលវិទ្យាល័យបានផ្តល់ជូន គឺសម្រាប់ចែកបន្តដល់និស្សិតក្រីក្រ
ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណ ចំពោះការដែលសាកលវិទ្យាល័យបានផ្ដល់អោយខ្ញុំនូវអាហារូបករណ៍ក្នុងរយៈពេលកន្លងទៅនេះ ប្រមាណជា ៣៥០ នាក់ ដែលថ្ងៃនេះ ក៏មានមួយចំនួនមកទទួលសញ្ញាបត្រ។ ខ្ញុំមិនយកអាហារូបករណ៍ហ្នឹងទៅណាទេ។ អាហារូបករណ៍នោះក៏ចែកជូនសម្រាប់និស្សិតក្រីក្រ ដែលជួបការលំបាក ហើយរៀននៅសាលានេះតែម្ដង។ ព្រោះថាយើងមិនអាចគេអោយអាហារូបករណ៍នៅសាលានេះមួយ រួចហើយអោយគេចេញលុយ រួចហើយយកកូនសិស្សទៅរៀននៅសាលាមួយផ្សេងទៀតទេ (អាហារូបករណ៍)អោយនៅសាកលវិទ្យាល័យណា យើងជ្រើសរើសដាក់បញ្ចូលក្នុងសាកលវិទ្យាល័យនោះវិញ ដែលនេះក៏ជាការខិតខំមួយ ដើម្បីជួយសម្រួលទៅដល់និស្សិតក្រីក្រ ដែលខ្វះលទ្ធភាព។ ក្នុងមួយឆ្នាំមាន(ការផ្តល់អាហារូបករណ៍)ប្រមាណជា ២.០០០ នាក់ ដែលបណ្ដាសាកលវិទ្យាល័យនានា បានផ្ដល់មកសម្រាប់រូប ខ្ញុំព្រះករុណាខ្ញុំ។
អត្រានិស្សិតមានការងារធ្វើ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះជ័យលាភីទាំងអស់នៅគ្រប់កម្រិត ដែលមានថ្នាក់បរិញ្ញាបត្ររង ចំនួន ៧៤៣ នាក់ បរិញ្ញាបត្រ ចំនួន ៣.៣០៨ នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០៦ នាក់ និងថ្នាក់បណ្ឌិត ចំនួន ១ នាក់ ដែលបាននឹងត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ពិតហើយ អ្នកទាំងអស់គ្នានៅទីនេះ មានមួយចំនួនបានមានការងារធ្វើរួចស្រេចទៅហើយ បើយោងទៅលើអ្វីដែលសាកលវិទ្យាធិការ តែ ណូរិន បានធ្វើរបាយការណ៍អម្បាញ់មិញ ចំនួនអ្នកដែលមានការងារធ្វើរហូតទៅដល់ ៩១% ឯណោះ គឺមានចំនួន ៣.៧៨១ នាក់។ ដែលក្នុងនោះ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៧២% ថ្នាក់បរិញ្ញាបត្រ ៩២% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០០% និងថ្នាក់បណ្ឌិត ១០០%។
សមត្ថភាពពលរដ្ឋយើងមិនទាន់គ្រប់គ្រាន់ នាំអោយមានវត្តមានជនជាតិបរទេសមកធ្វើការ
បញ្ហាបណ្ដុះបណ្ដាលរបស់យើង ត្រូវផ្សារភ្ជាប់ជាមួយនឹងការដោះស្រាយការងារធ្វើ ដែលមិនមែនជាបញ្ហាដាច់ដោយឡែកនោះទេ។ យើងបានឃើញហើយថា សម័យដើមរបស់យើងកាលពីពេលមុន នៅពេលប្រទេសយើងដែលមិនទាន់មានការអភិវឌ្ឍ មិនទាន់មានអ្នកបណ្ដាក់ទុនមកកាន់កម្ពុជា ពេលនោះ សូម្បីតែសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រះកុសមៈ មិនមានសិស្សចូលរៀនទេ។ សាលាមួយចំនួនរកសិស្សចូលរៀនគ្មាន ដោយសារតែរៀនរួចហើយ គឺមិនមានការងារធ្វើទេ ប៉ុន្តែឥឡូវនេះ ការវិនិយោគមកពីខាងក្រៅ គួបផ្សំជាមួយនឹងអ្នកវិនិយោគខាងក្នុង បូកជាមួយនឹងការខិតខំកសាងបណ្ដាហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល តម្រូវអោយយើងត្រូវផ្ដល់អោយការអភិវឌ្ឍនោះទាមទារនូវធនធានមនុស្ស។ បរទេសដែលមកវិនិយោគនៅកម្ពុជា មិនចង់នាំពលរដ្ឋរបស់គេ និងនាំអ្នកបច្ចេកទេសរបស់គេមកកាន់ប្រទេសយើងទេ ព្រោះថា តម្លៃជួលនៃអ្នកដែលមកពីបរទេស គឺមានថ្លៃខ្ពស់ណាស់ បើប្រៀបធៀបជាមួយនឹងអ្នកបច្ចេកទេស ដែលមាននៅក្នុងស្រុក។ ប៉ុន្តែ យើងបានឃើញហើយថា ពីមួយថ្ងៃទៅមួយថ្ងៃ ការវិនិយោគនៅក្នុងប្រទេសកម្ពុជាមានច្រើនណាស់ សូម្បីតែអាគារនៅតាមបណ្ដាទីក្រុង មិនថាទីក្រុងភ្នំពេញទេ ទីក្រុងផ្សេងៗ ក៏សុទ្ធតែមានការរីកលូតលាស់ខ្លាំងណាស់ ប៉ុន្តែ យើងមិនទាន់អាចផ្ដល់នូវអ្នកបច្ចេកទេសអោយគេគ្រប់គ្រាន់នៅឡើយទេ។
ចំណុចនេះហើយ ដែលជាចំណុចដែលយើងត្រូវពន្លឿនថែមទៀត នូវការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីជំនួសអោយបុគ្គលិក ឬក៏អ្នកបច្ចេកទេសដែលមកពីខាងក្រៅ។ ខ្ញុំព្រះករុណាខ្ញុំ ឃើញថា នៅក្នុងវិស័យកាត់ដេរ នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ បានទៅទស្សនកិច្ចនៅតាមរោងចក្រ និងជួបប្រាស្រ័យជាមួយនឹងកម្មករ បានពិនិត្យឃើញថា វិស័យកាត់ដេរកាលពីទសវត្សរ៍ ៩០ បន្ទាប់ទៅនៅក្នុងឆ្នាំ ២០០០ ប្លាយ យើងបានឃើញថា វត្តមាននូវអ្នកបច្ចេកទេសបរទេសនៅតាមបណ្តារោងចក្រ គឺមានចំនួនច្រើនបង្គូរ។ ប៉ុន្តែ ឥឡូវនេះ វត្តមាននៃអ្នកបច្ចេកទេសទាំងនោះ ត្រូវបានកាត់បន្ថយ ហើយជំនួសវិញដោយចំនួនអ្នកបច្ចេកទេសផ្នែកវិស័យកាត់ដេរនេះ ដោយជនជាតិខ្មែររបស់យើង។
ការដ្ឋានសំណង់ខ្លះ យើងមិនទាន់មានលទ្ធភាព ដើម្បីជំនួសអោយអ្នកបច្ចេកទេសបរទេសទេ ដូច្នេះហើយបានជារយៈពេលចុងក្រោយនេះ បែរជាបងប្អូនយើងមួយចំនួនមានការព្រួយបារម្ភ អំពីវត្តមាននៃជនជាតិបរទេស ដែលមកធ្វើការនៅក្នុងប្រទេសរបស់យើងទៅវិញ។ ដើម្បីកាត់បន្ថយនូវការកង្វល់នេះ ជម្រើសដែលល្អជាងគេ គឺជម្រើសបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើអោយសេចក្តីត្រូវការនៃសំណង់។ ខ្ញុំលើកឧទាហរណ៍ថា ការកសាងវារីអគ្គិសនីមួយ តើសមត្ថភាពនៃពលរដ្ឋកម្ពុជាយើងមានលទ្ធភាពគ្រប់គ្រាន់ហើយឬនៅ សម្រាប់បច្ចេកទេសខ្ពស់ៗ ដើម្បីធានាថា សំណង់វារីអគ្គិសនីមួយនេះត្រូវបានធានាក្នុងការទឹកបុកមិនដាច់ ហើយធានានូវបច្ចេកទេសសព្វបែបយ៉ាង នៅក្នុងការប្រើប្រាស់ក្នុងរយៈពេលវែង? យើងមានលទ្ធភាពត្រឹមតែធ្វើអ្នកជំនួយការផ្នែកខាងក្រៅ និងសំណង់ធុនល្មមតែប៉ុណ្ណោះ ប៉ុន្តែ មិនទាន់មានលទ្ធភាព ដើម្បីឈានទៅដល់កម្រិតដែលវាហួសនោះទេ។
ខិតខំពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញតម្រូវការអ្នកវិនិយោគ
ដូច្នេះ បើអញ្ចឹង តើយើងអង្គុយរង់ចាំ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សអោយបានគ្រប់គ្រាន់សិន ចាំអោយអ្នកវិនិយោគមក ឬយ៉ាងម៉េច? អត់ទេ។ យើងត្រូវអោយអ្នកវិនិយោគមក ជាមួយនឹងតម្រូវការ នៃអ្នកបច្ចេកទេសទាំងឡាយ ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ហើយនិស្សិត និងអ្នកបច្ចេកទេសរបស់យើង គឺរៀនសូត្រជាមួយគេនៅនឹងកន្លែងតែម្តង។ នៅពេលដែលយើងពង្រឹងសមត្ថភាពខ្លួនឯងបានហើយនោះ គឺអ្នកបច្ចេកទេសបរទេស ដែលគេជួលមកមានតម្លៃខ្ពស់ នឹងវិលត្រឡប់ទៅវិញ ជំនួសដោយអ្នកបច្ចេកទេសរបស់យើង។ ក្នុងមួយឆ្នាំៗ គ្រាន់តែរយៈពេលខែធ្នូឆ្នាំទៅ និងខែមករាឆ្នាំនេះ យើងមានអ្នកវិនិយោគដែលមកវិនិយោគសម្រាប់ប្រទេសយើង ខ្ញុំមិននិយាយពីទុនទេ ខ្ញុំនិយាយពីការងារធ្វើ យើងបង្កើតការងារធ្វើបានជិត ៣០ ម៉ឺនកន្លែង ត្រឹមតែរយៈពេល ២ ខែ តែប៉ុណ្ណោះ។
និស្សិតបញ្ចប់ការសិក្សាមានការងារធ្វើ និងខ្លះបង្កើតមុខរបរដោយខ្លួនឯង
អញ្ចឹងទេ តម្រូវការបណ្តុះបណ្តាលធនធានមនុស្ស មានតម្រូវការកាន់តែខ្ពស់ហើយ។ នេះជាចំណុច ដែលកម្ពុជាត្រូវតែធ្វើ។ គ្មានប្រទេសណាមួយ ដែលមានការអភិវឌ្ឍដោយខ្វះធនធានមនុស្សនោះទេ ដែលថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាព ដោយឃើញថា និស្សិតជ័យលាភីរបស់យើងទាំងអស់នៅទីនេះ ក៏បានមានការងារធ្វើរហូតទៅដល់ជាង ៩០% ទៅហើយ នៅសល់មួយចំនួន ក៏មានមួយចំនួនបើកមុខរបរដោយខ្លួនឯង។ ការបើកមុខរបរដោយខ្លួនឯងនេះ គឺជាចំណុចល្អណាស់ ដែលមិនមែនគ្រាន់តែធ្វើការងារខ្លួនឯងទេ ក៏ប៉ុន្តែ មានមុខរបរហើយមុខរបរនោះវាក៏ជួយដោះស្រាយការងារធ្វើអោយមិត្តភក្តិរបស់ខ្លួន និងអោយអ្នកដទៃទៀត។ ការបង្កើតមុខរបរខ្លួនឯង គឺជាវិធីមួយក្នុងចំណោមវិធី នៃការអភិវឌ្ឍប្រទេសរបស់យើង។ យើងមិនមែនគ្រាន់តែសិក្សាដើម្បីទៅរកការងារធ្វើនោះទេ។ ក៏ប៉ុន្តែ អ្នកដែលទទួលបានការសិក្សា ក៏មានមួយចំនួនសិក្សាដើម្បីបើកនូវមុខរបររបស់ខ្លួន ហើយការបើកមុខរបរនេះ វាមានផលចំណេញខ្លាំងណាស់សម្រាប់ការបង្កើតការងារ សម្រាប់មុខរបររបស់ខ្លួន និងបង្កើតការងារអោយអ្នកដទៃមកចូលរួមធ្វើការជាមួយយើង។ ហើយបើសិនជាមុខរបរនោះកាន់តែរីកទៅៗ ចំនួនកម្មករ ចំនួនអ្នកបច្ចេកទេស ដែលមកធ្វើការជាមួយយើងក៏កាន់តែច្រើន។ ដូច្នេះ វាមិនមែនគ្រាន់តែរៀនដើម្បីចូលធ្វើមន្រ្តីរាជការ ចូលធ្វើកងកម្លាំងប្រដាប់អាវុធ ឬក៏ចូលទៅធ្វើការនៅក្នុងផ្នែកនេះ ឬផ្នែកនោះ ប៉ុន្តែ អ្នកខ្លះមានមួយចំនួនគួរសមដែរ ដែលរៀនដើម្បីទៅបង្កើតមុខរបរ ដែលជាចំណុចដែលយើងចង់បាន។
ភាពខុសគ្នា នៃចំនួនសិស្ស និស្សិត ជាស្រ្តី និងបុរស
ទាំងអស់នេះ គឺជាលទ្ធភាពដែលយើងអាចធ្វើបាន។ ខ្ញុំព្រះករុណាខ្ញុំ ម្សិលមិញក៏បានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ហើយក៏ពិនិត្យមើលអំពីវឌ្ឍនភាពទាំងឡាយ ដែលទទួលបាននៅក្នុងរយៈពេលកន្លងទៅសម្រាប់ស្រ្តី និងក៏ពិនិត្យអំពីបញ្ហាប្រឈមទាំងឡាយ ដែលបានកើតនៅចំពោះស្រ្តីរបស់យើង។ ឧបសគ្គរារាំង បញ្ហាប្រឈម គឺអ្វីខ្លះ? នៅក្នុងទីនេះ យើងកាន់តែឃើញថា បើយើងពិនិត្យអំពីចំនួនសិស្ស ដែលរៀននៅបឋមសិក្សា រៀននៅអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួនសិស្សបុរស និងសិស្សស្រ្តី កុមារី ឬកុមារា យុវជន ឬយុវតី គឺមានប្រហាក់ប្រហែលគ្នា ហើយឥឡូវនេះ នៅពេលនេះ យើងមើលឃើញថា នៅក្នុងថ្នាក់បរិញ្ញាបត្ររង ចំនួនស្រ្តី និងបុរស មិនខុសគ្នាប៉ុន្មានទេ។ មាន ៧៤៣ នាក់ ក្នុងនោះ នារីមាន ៣៦០ នាក់។ អញ្ចឹង ចំនួននេះ មិនខុសត្រូវគ្នាប៉ុន្មានទេ។ ប៉ុន្តែ ការចាប់ខុសគ្នា គឺចាប់ពីបរិញ្ញាបត្រទៅ ដែលមានចំនួន ៣.៣០៨ នាក់ នារីមានតែ ១.៧៣១ នាក់ទេ។ ចំនួននេះ ចាប់ផ្តើមខុសគ្នាហើយ ឯថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០៦ នាក់ ក្នុងហ្នឹងស្រ្តីមានតែ ៣៤ នាក់ទេ។ ឯថ្នាក់បណ្ឌិតគឺ ១០០% ជាបុរសតែម្តង។
អ្វីទៅជាកត្តាសត្យានុម័ត និងអត្តនោម័តិ នាំអោយចំនួននិស្សិតជាស្រ្តីថយចុះ?
ដូច្នេះ ចំណុចនេះ ក៏ជាចំណុចដែលយើងត្រូវធ្វើការសន្ទនាមួយ ត្រូវធ្វើការពិនិត្យមួយរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងមាតាបិតាសិស្ស ក៏ដូចជា និស្សិតផ្ទាល់តែម្តង។ យើងត្រូវស្វែងយល់ថា មូលហេតុអ្វីទៅបានជានៅពេលដែលចាប់ផ្តើមចូលដល់ដំណាក់កាល នៃការចូលគ្រឹះស្ថានឧត្តមសិក្សាភ្លាម ចំនួនស្រ្តីមានការធ្លាក់ចុះ បើប្រៀបធៀបទៅនឹងចំនួនបុរស? កត្តាសត្យានុម័តមកពីអ្វីទៅ? និងកត្តាអត្តនោម័តិ មកពីអ្វីទៅ? ដែលបញ្ហានេះ ម្សិលមិញក៏បានដាក់បញ្ហានេះទៅអោយក្រសួងកិច្ចការនារី ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ធ្វើកិច្ចការស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីយើងបណ្តុះបណ្តាលនិស្សិតជាស្រ្តីរបស់យើង អោយមានចំនួនកាន់តែច្រើន។ ពិតហើយ យើងយល់ច្បាស់ថា ស្រ្តីនៅពេលដែលមានវ័យគ្រប់ការ តែងតែត្រូវធ្វើការរៀបការ ហើយការរៀបការនោះ មួយចំនួនក៏នៅបន្តការសិក្សា តែមួយចំនួនទៀតក៏បោះបង់ការសិក្សាដោយសារតែមានកូន។ នេះជាបញ្ហាប្រពៃណី ហើយនេះក៏បញ្ហាទំនៀមទម្លាប់របស់យើង តែក៏នៅមានស្រ្តីជាច្រើនដែរ ដែលជម្នះនូវឧបសគ្គទាំងឡាយ បើទោះបីមានប្ដី មានកូន ក៏នៅបន្តការសិក្សារហូតទៅដល់ថ្នាក់ខ្ពស់ជាងមុនពេលដែលខ្លួនរៀបការ ប៉ុន្តែ ក៏នៅមានឧបសគ្គ ដែលទាក់ទងទៅនឹងការដោះស្រាយ ជាសមត្ថកិច្ចរបស់ក្រសួងអប់រំ យុវជន និងកីឡា ឬក៏ការវិនិយោគពីសំណាក់រាជរដ្ឋាភិបាលតែម្ដង។ ឧទាហរណ៍៖ ទាក់ទងជាមួយនឹងបញ្ហាអន្តេវាសិកដ្ឋាន សម្រាប់និស្សិតជាស្ត្រី ដែលរៀននៅតាមបណ្ដាមហាវិទ្យាល័យ ដែលកន្លងទៅយើងក៏បានដោះស្រាយបញ្ហាមួយចំនួន ប៉ុន្តែ វាមិនទាន់គ្រប់ទេ។
កាត់បន្ថយគម្លាត រវាងបុរស និងស្ត្រី ទាំងការងារធ្វើ និងចំណេះដឹង
នៅតាមខេត្តមួយចំនួនក៏មានសាកលវិទ្យាល័យហើយ ក៏ប៉ុន្តែ ក៏មិនប្រាកដថាខេត្តដែលមានសាកលវិទ្យាល័យនោះ អាចទទួលបានសិស្សនារីទាំងអស់ទេ ដោយសារតែសិស្សទាំងឡាយនៅតាមភូមិឆ្ងាយៗ ពីសាកលវិទ្យាល័យនោះ។ ដូច្នេះ ទាមទារអោយរដ្ឋធ្វើការវិនិយោគ ឬក៏សាលាត្រូវការធ្វើការវិនិយោគថែមទៀត សម្រាប់និស្សិតជាស្ត្រីទទួលបាននៅការបណ្ដុះបណ្ដាល យើងត្រូវដើរព្រមៗគ្នាជាមួយនឹងកិច្ចការទាំងឡាយដែលពាក់ព័ន្ធជាមួយនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយក្នុងហ្នឹងមានការកាត់បន្ថយគម្លាត រវាងបុរស និងស្ត្រី អំពីការងារ ជាពិសេស ខ្ញុំចង់អោយដំណើរការទៅមុនគេ គឺការកាត់បន្ថយគម្លាតខាងខួរក្បាល រវាងបុរស និងស្ត្រីនេះតែម្ដង។
គម្លាតខួរក្បាលងាយកាត់បន្ថយជាងគម្លាតទ្រព្យសម្បត្តិ
ការកាត់បន្ថយគម្លាត រវាងទ្រព្យសម្បត្តិ គឺវាលំបាកធ្វើណាស់ និយាយជារួម គឺវាលំបាកមិនមែនគ្រាន់តែជាបញ្ហា រវាងបុរស និងស្ត្រីទេ ក៏ប៉ុន្តែ ការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ រវាងគ្រួសារមួយ និងគ្រួសារមួយផ្សេងទៀត គឺវាលំបាកខ្លាំងណាស់ ហើយវាធ្វើមិនបានផង មានតែជំនាន់ ប៉ុល ពត ទេ ដែលអាចធ្វើបាន។ កាត់បន្ថយគម្លាត រវាងអ្នកមាន និងអ្នកក្រ ប៉ុល ពត ធ្វើបាន ធ្វើអោយក្រទាំងអស់គ្នាទៅ វាយជួងហើយគេហៅស៊ីបាយស្មើគ្នា វាយជួងហើយក្រោកទៅធ្វើការស្មើគ្នា ប៉ុន្តែ នោះវាបានតែសម្រាប់តែប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ប៉ុន្តែ វាក៏មិនអាចធ្វើបាន រវាងចៅហ្វាយស្រុក ចៅហ្វាយតំបន់ ចៅហ្វាយភូមិភាគ និងមេដឹកនាំជាន់ខ្ពស់របស់ពួក ប៉ុល ពត ដែលការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ។
ឥឡូវនេះ តើអ្នកណាទៅដែលអាចមានលទ្ធភាពធ្វើដូច ប៊ៀល ហ្គេត (Bill Gates) ដែលអាចមានប្រាក់រាប់ពាន់លាន រាប់ម៉ឺនលាននោះ វាមិនអាចទេ សូម្បីតែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំម៍ (Donald Trump) ដែលជាពាណិជ្ជករដ៏ជោគជ័យមួយនោះ ក៏មិនមានប្រាក់ស្មើជាមួយនឹង ប៊ៀល ហ្គេត (Bill Gates) បានដែរ មនុស្សទាំងអស់គ្នាមិនអាចទេ។ កាត់បន្ថយគំលាត មានអ្នកប៉ុនប៉ងធ្វើបែបនេះ ថាបើសិនជាគេឈ្នះ គេរឹបអូសអោយពីអ្នកនេះអោយទៅអ្នកនោះ រឹបអូសអ្នកនោះទៅអ្នកនោះ អញ្ចឹងសួរថា វាខុសពីពួក ប៉ុល ពត ទេ? វាមិនខុសពីពួកប៉ុល ពត ទេ។ ទីចុងបំផុត គឺកាប់សម្លាប់គ្នានោះឯង ដែលគេហៅថា កម្ទេចភ្លើង នៃពួកបដិវត្តពណ៌ ដែលយើងបានបំផ្លាញ និងកម្ទេចចោលក្នុងរយៈពេលកន្លងទៅ។ អានេះមិនទាន់បានដឹងអីផង ព្រមានសម្លាប់អានេះ ព្រមានចាប់អានោះ ព្រមានដកហូតទ្រព្យសម្បត្តិអ្នកនេះ បញ្ជូនទៅអោយអ្នកនោះ រឹបអូសពីអ្នកមានជូនអ្នកក្រ រឹបអូសមេទ័ពជូនកូនទ័ព។ អញ្ចឹង រឹបទៅ ឥឡូវ រឹបទៅ ជាប់គុកខ្លួនឯងទៅ បាត់អស់អាលីង អាហ្នឹងជាអំពើក្បត់មួយ។
ខ្ញុំចង់និយាយ អំពីបញ្ហាពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋទូទៅ ឥឡូវហ្នឹងតើយើងមានលទ្ធភាពហ្នឹងធ្វើអោយមានការកាត់បន្ថយគម្លាត រវាងអ្នកដែលមានប្រាក់រាប់រយលាន ជាមួយនិងយើងមានប្រាក់ ១ ពាន់, ២ ពាន់ទេ? វាអត់មានលទ្ធភាពទេ? ប៉ុន្តែ ជំនឿមួយដ៏ច្បាស់ គេកាត់បន្ថយគម្លាតក្នុងបញ្ហាខួរក្បាល គឺអាចធ្វើបាន។ មិនប្រាកដថា កើតមកចំកូនអ្នកមាន រៀនពូកែទេ។ អត់ទេ! រឿងនេះ គឺជារឿងជាក់ស្ដែងនិយម។ កូនអ្នកមានខ្លះ ជួនកាលមានសតិបញ្ញាមិនគ្រប់គ្រាន់ផងទេ កូនអ្នកមានខ្លះក៏មិនប្រឹងប្រែងរៀនសូត្រនោះទេ។ ប៉ុន្តែ ក្នុងពេលជាមួយគ្នា កូនអ្នកក្រីក្រដែលរស់នៅតាមទីអារាម បែរជាមានលទ្ធភាពខ្ពស់ទៅវិញ នៅក្នុងការសិក្សា ដូច្នេះការកាត់បន្ថយគំលាតផ្នែកខួរក្បាលនេះ គឺវាប្រយោជន៍ដែលធ្វើអោយគ្រប់ទីកន្លែងរបស់យើង អាចធ្វើទៅរួច ហើយបញ្ហានេះបើយើងធ្វើមិនទាន់អស់ទេ ក៏ហោចណាស់ពង្រាយសាលា និងពង្រាយគ្រូទៅតាមមូលដ្ឋាន ដូចដែលយើងធ្លាប់ធ្វើកន្លងទៅ។ កូនអ្នកទីក្រុងជាប់បាក់ឌុប កូនអ្នកជនបទក៏ជាប់បាក់ឌុបដែរ កន្លងទៅ ៤២៨ នាក់ជាប់និទ្ទេស A មិនមែនជាប់តែកូនអ្នកភ្នំពេញឯណា? ជាប់តាំងពីកូនអ្នកនៅក្រៅ(ជនបទ) ចំនួនអ្នកដែលនៅជាប់បាក់ឌុប ខេត្តខ្លះខ្ពស់ណាស់ ជាខេត្តក្រីក្រខេត្តនៅឆ្ងាយ។ អញ្ចឹង ចំនុចនេះ គឺជាចំនុចដែលយើងមានលទ្ធភាព ដែលយើងត្រូវប្រឹង។
គ្រូបង្រៀន និងពេទ្យ ពីរក្របខណ្ឌនេះ មានប្រាក់បៀវត្សរ៍ខ្ពស់ជាង
កំណែទម្រង់នៅក្នុងវិស័យអប់រំរបស់យើង ត្រូវបានធ្វើជាបន្ត។ ការវិនិយោគក្នុងវិស័យអប់រំរបស់យើងត្រូវបានធ្វើបន្ត ដោយរុញនៅការកសាងមូលដ្ឋានសម្ភារៈបច្ចេកទេស សម្រាប់ការសិក្សា និងដើម្បីរុញជាមួយនឹងការពង្រាយគ្រូ និងលើកទឹកចិត្តចំពោះគ្រូបង្រៀនរបស់យើង។ ឥឡូវនេះ ក្របខណ្ឌពីរ ក្នុងចំណោមក្របខណ្ឌជាច្រើន ដែលមានប្រាក់បៀវត្សរ៍ខ្ពស់ជាងគេ គឺក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌពេទ្យ។ ចំណុចនេះមានន័យថាអ្វីទៅ? មានន័យថា យើងបានបង្កើនការយកចិត្តទុកដាក់វិនិយោគទៅបញ្ហាមនុស្ស ដែលវាទាក់ទងទៅបញ្ហាសុខុមាលភាពផង និងវាទាក់ទងទៅនឹងការកសាងធនធានបញ្ញារបស់កុមារ របស់យុវជន ដែលនៅតំបន់ដាច់ស្រយាល។
ឃុំមួយ អនុវិទ្យាល័យមួយយ៉ាងតិច
កាលដើមឡើយ ក្នុងមួយខេត្តមានវិទ្យាល័យត្រឹមតែមួយតែប៉ុណ្ណោះ ហើយក្នុងមួយស្រុកមានអនុវិទ្យាល័យត្រឹមតែមួយតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ យើងដាក់ចេញនៅគោលនយោបាយដំបូងនៅឆ្នាំ ២០០២ នៅឯស្រុកសន្ទុក នៃខេត្តកំពង់ធំ ខ្ញុំបានគ្រាន់តែប្រកាសថា ឃុំមួយត្រូវមានអនុវិទ្យាល័យមួយ ប៉ុន្តែ ក្រោយមក យើងបានប្រើពាក្យថា ឃុំមួយ អនុវិទ្យាល័យមួយយ៉ាងតិច។ ដោយសារតែឃុំខ្លះវាធំ បើនៅតាមបណ្តោយមាត់ទន្លេ ឃុំខ្លះបណ្ដោយឃុំហ្នឹង គឺថា ៨ គីឡូអីឯណោះ។ បើអញ្ចឹងទេ មានអនុវិទ្យាល័យមួយមិនគ្រប់គ្រាន់ទេ ត្រូវមានអនុវិទ្យាល័យយ៉ាងតិចក៏ពីរដែរ ហើយបើសិនជាវាមានបីក៏វាមានទៅ។ ខេត្តដែលពីមុនធ្លាប់មានវិទ្យាល័យតែមួយ ប៉ុន្តែឥឡូវមានរាប់សិបវិទ្យាល័យ រហូតដល់ស្រុកខ្លះមាន ៥ មាន ៦ រហូតដល់មាន ៨ វិទ្យាល័យ។ ដូច្នេះ នោះគឺជាឱកាសសម្រាប់អ្នកទាំងអស់គ្នា ក្នុងហ្នឹងក៏មានឱកាសសម្រាប់សិស្សដែលជាស្រ្តីផងដែរ។ អញ្ចឹង បញ្ហានៅទីនេះ ក៏យើងត្រូវបន្តការយកចិត្តទុកដាក់ រួមគ្នាជម្រុញក្នុងវិស័យអប់រំបណ្តុះបណ្តាល ពីថ្នាក់បឋមរហូតមកដល់ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាទៀតផង។ គ្មានជម្រើសណាអោយល្អជាងនេះទៅទៀតទេ។ ហើយយើងត្រូវបើកឱកាសអោយកាន់តែល្អប្រសើរ។
គ្រប់គ្រឹះស្ថានចៀសវាងនូវស្ថានភាព ដែលហៅថា រៀនតែមិនអាចធ្វើអ្វីបាន
ពន្ធតិចតួចណាស់ដែលមានសំណូមពរទាក់ទងនឹងពន្ធកាត់ទុក ពន្ធស្អីៗនេះ។ ខ្ញុំក៏បានខិតខំជាមួយនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រួលអោយការរៀបចំដំណើរការ នៃសាកលវិទ្យាល័យនេះ។ ប៉ុន្តែសាកលវិទ្យាល័យមួយៗ ក៏ត្រូវខិតខំប្រឹងប្រែង ដើម្បីចៀសវាងនូវឈ្មោះ ដែលហៅថា គ្រាន់តែចប់មហាវិទ្យាល័យ ចប់បរិញ្ញា ឬបរិញ្ញាជាន់ខ្ពស់ ក៏ប៉ុន្តែ មិនអាចទៅធ្វើអ្វីបាន។ ចំណុចទាំងនេះ គឺជាចំណុចដែលត្រូវចៀសវាង ដែលថាការបណ្តុះបណ្តាលគ្រាន់តែអោយឃើញថា ខ្លួនបានឆ្លងកាត់នូវការសិក្សា នៅកម្រិតឧត្តមសិក្សានោះទេ។ នេះជាចំណុចដែល ខ្ញុំព្រះករុណាខ្ញុំ ក៏សូមថ្លែងនូវការកោតសរសើរ ចំពោះម្ខាង ជាមួយនឹងសាកលវិទ្យាល័យ វេស្ទើន និងម្ខាងទៀត ក៏សូមកោតសរសើរជាមួយនឹងជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។
រៀនដើម្បីធ្វើការ មិនមែនរៀនដើម្បីយកទៅទុកទេ
ហើយសង្ឃឹមថាក្មួយៗ នឹងខិតខំដើម្បីបន្តឈានឡើង ធ្វើអោយសកម្មភាពរបស់យើង ធ្វើអោយការងាររបស់យើងកាន់តែល្អ។ យើងអាចទៅរកការងារធ្វើបាន ឬយើងអាចបង្កើតនូវមុខរបរ ដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯងបាន។ រៀនមិនមែនដើម្បីយកទៅទុកទេ រៀនដើម្បីទៅធ្វើការបម្រើប្រទេសជាតិ។ ហើយដំបូងបំផុត គឺបម្រើខ្លួនឯងតែម្តង វាគ្មានទៅបម្រើស្អីទេ ជារឿងដំបូង តែមិនមែនជារឿងដែលធ្វើខុសច្បាប់ទេ។ អ្វីដែលសំខាន់ គឺប្រាក់ចំណូលបានមកផ្ទាល់ខ្លួនទេតើ មិនមែនប្រាក់ចំណូលបានមករដ្ឋឯណា? ហើយនាំគ្នាធ្វើ ដើម្បីបញ្ចូនមកអោយរដ្ឋាភិបាលនោះក៏មិនមែនដែរ។ ប៉ុន្តែ រដ្ឋាភិបាលក៏បានទទួលផលប្រយោជន៍ អំពីសកម្មភាពទាំងឡាយ នៃវិស័យសេដ្ឋកិច្ច ដែលកើតឡើងដោយបណ្តាក្រុមហ៊ុន ដែលកើតឡើង នៃអ្នកធ្វើការនៅតាមក្រុមហ៊ុន ដែលជាប្រាក់ចំណូលរបស់រដ្ឋ ហើយរដ្ឋក៏ប្រើប្រាស់ប្រាក់នោះត្រឡប់ទៅវិញ ទៅក្នុងវិស័យអប់រំ ទៅក្នុងវិស័យសុខាភិបាល ទៅក្នុងវិស័យផ្សេងៗទៀត។
រាជរដ្ឋាភិបាលប្រើប្រាស់ទុនកសាងហេដ្ឋារចនាសម្ព័ន្ធ ជាការប្រើថវិកាដោយសមភាព និងសមធម៌
ការប្រើប្រាស់នូវថវិកា សម្រាប់ការកសាង ដូចជា៖ ការកសាងផ្លូវថ្នល់ ដែលហៅថា ហេដ្ឋារចនាសម័្ពន្ធសម្រាប់វិស័យដឹកជញ្ចូន។ ការកសាងសាលារៀន សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស។ ការកសាងមន្ទីរពេទ្យ ដើម្បីបម្រើអោយការពិនិត្យព្យាបាល និងការការពារសុខុមាលភាពប្រជាជន គឺជាការប្រើប្រាស់នូវថវិកាដែលសមភាពបំផុតហើយ សមធម៌បំផុតហើយ។ ធ្វើផ្លូវ មនុស្សទាំងអស់ គឺធ្វើដំណើរលើផ្លូវ ទាំងអ្នកមាន ទាំងអ្នកក្រ គឺធ្វើដំណើរលើផ្លូវទាំងអស់។ ហើយផ្លូវនោះហើយ គឺជាការតភ្ជាប់ ដែលវាកាត់បន្ថយគម្លាត រវាងទីក្រុង និងជនបទ ដែលមុននេះត្រូវកាត់ផ្តាច់ជាកង់ៗ ដោយសង្គ្រាមផង ដោយគ្មានហេដ្ឋារចនាសម័្ពន្ធផង។ អញ្ចឹង រាជរដ្ឋាភិបាលប្រើប្រាស់នូវទុន ដើម្បីកសាងនូវហេដ្ឋារចនាសម័្ពន្ធ គឺជាការឆ្លើយតបជាមួយនឹងតម្រូវការផង ហើយវាមានសមធម៌ខ្លាំងណាស់ អ្នកមានក៏ដើរ អ្នកក្រក៏ដើរ ប្រើបានដូចគ្នា។ ការកសាងសាលារៀន សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ក៏វាទទួលបាននូវសមធម៌ខ្លាំងណាស់ កូនអ្នកក្រក៏រៀនបាន កូនអ្នកមានក៏រៀនបាន។ កសាងមន្ទីរពេទ្យ គឺសុទ្ធតែជាផ្នែកដែលយើងត្រូវផ្តល់អាទិភាព នៃការចំណាយ។ ហើយទាំងអស់នោះ ក៏បានមកពីសកម្មភាពសេដ្ឋកិច្ចដ៏មមាញឹក។
កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ជារៀងរាល់ឆ្នាំ
ក្នុងកំណើនសម្រាប់ប្រទេសយើង ២០ ឆ្នាំមុននេះ មុននេះប៉ុន្មានឆ្នាំ? យើងគិត ២០ ឆ្នាំ កំណើនសេដ្ឋកិច្ច ៧.៧% ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចពិភពលោក និងតំបន់ជួបការលំបាក។ ឆ្នាំ ១៩៩៧ វិបត្តិហិរញ្ញវត្ថុអាស៊ី បន្ទាប់ទៅ ២០០៨-២០០៩ ក្រោយមកទៀតវិបត្តិសេដ្ឋកិច្ចសកលកើតឡើង ប៉ុន្តែ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា គិតជាមធ្យមរយៈពេល ២០ ឆ្នាំ ៧.៧% ហើយបច្ចុប្បន្ននេះ បន្ទាប់ពីវិបត្តិ យើងក៏នៅរក្សាអត្រាកំណើនសេដ្ឋកិច្ចរបស់យើងក្នុងរង្វង់ ៧% ជារៀងរាល់ឆ្នាំ។
កំណើនសេដ្ឋកិច្ចពីឆ្នាំ ២០១៧ បានជះផលល្អមកឆ្នាំ ២០១៨
បន្ទាប់ពីដំណាច់ឆ្នាំ ២០១៧ ឥទ្ធិពលនៃការលូតលាស់ខាងវិស័យសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០១៧ កន្លងទៅ វាកំពុងតែជះផលល្អមកឆ្នាំ ២០១៨ នេះ។ យើងមិនទាន់ធ្វើសន្និបាតបូកសរុបក្នុងវិស័យកសិកម្មទេ ក៏ប៉ុន្តែអាចនិយាយបានមុនថា ឆ្នាំកន្លងទៅ និងចូលមកដល់ឆ្នាំនេះ ដែលនឹងបិទបញ្ជីក្នុងវិស័យកសិកម្មនៅក្នុងខែមេសា ជារៀងរាល់ឆ្នាំ គឺយើងបានឃើញថា អតិរេកស្រូវ ដែលយើងនៅសល់មិនតិចជាង ៥ លាន ៥ សែន តោនទេ។ ក្នុងពេលជាមួយគ្នា តម្លៃស្រូវ និងតម្លៃកសិផលដទៃទៀត ដូចជា ដំឡូងមីជាដើម កំពុងទទួលបានផលល្អ។ នេះក៏ជាផ្នែកនៃការជួយដល់កសិកររបស់យើង ក្នុងការរកទីផ្សារ និងការខិតខំទាំងឡាយដើម្បីដោះស្រាយបញ្ហា សម្រាប់កសិកររបស់យើង។ ក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវា ក៏បន្តការរីកលូតលាស់ ដែលខ្ញុំធ្លាប់លើករួចមកហើយថា ចំណែកក្នុងវិស័យកសិកម្មនៅបន្តរួមចំណែកត្រឹម ២៥% ទេ។ ឧស្សាហកម្មបានរួមចំណែកដល់ ៣០% ទៅហើយ និងខាងផ្នែកសេវាកម្មបានរួមចំណែកទៅដល់ ៤៥% ដែលក្នុងនោះ វិស័យទេសចរណ៍ក៏មានចំណែកយ៉ាងធំនៅក្នុងវិស័យសេវា។
ពីប្រទេសខ្វះស្បៀង ទៅជាប្រទេសសល់ស្បៀងសម្រាប់នាំចេញ
និយាយយ៉ាងដូច្នេះ ខ្ញុំសូមបញ្ជាក់សាជាថ្មីម្តងទៀត កុំអោយមានការភ័ន្តច្រឡំថា ហេតុអីបានជាវិស័យកសិកម្មនៅមានត្រឹម ២៥%? យើងត្រូវចាំថា នៅពេលមួយ វិស័យកសិកម្មក្នុងប្រទេសរបស់យើងរួមចំណែកទៅដល់ ៨០% វិស័យឧស្សាហកម្មតូច និងវិស័យសេវាតូច ប៉ុន្តែ នៅពេលនោះ យើងមានប្រជាជនមិនដល់ ១០ លាននាក់ផង។ ប៉ុន្តែ ៨០% នៃចំនួនកសិកម្មនោះ យើងខ្វះអង្ករស៊ី ឥឡូវនេះ កសិកម្មរបស់យើងបានមកនៅត្រឹម ២៥% តែប៉ុណ្ណោះ ក្នុងផលិតផលសរុប ប៉ុន្តែ កសិកម្មរបស់យើងចិញ្ចឹមប្រជាជនជាង ១៥ លាននាក់ ហើយសល់ស្រូវ សល់អង្ករ ដើម្បីការនាំចេញទៅបរទេសទៀតផង។
ប្រទេសដែលមានសេវា និងឧស្សាហកម្មកាន់តែធំ ធ្វើអោយវិស័យកសិកម្មធ្លាក់ចុះ
ប្រទេសដែលមានការអភិវឌ្ឍ កសិកម្មរបស់គេមាននៅត្រឹម ១% ឬ ២% តែប៉ុណ្ណឹងទេ ប៉ុន្តែ មិនមែនបានសេចក្តីថា សមត្ថភាពចិញ្ចឹមរបស់គេមិនគ្រប់គ្រាន់នោះទេ? សមត្ថភាពរបស់គេកាន់តែខ្ពស់ គេមានលទ្ធភាពចិញ្ចឹមប្រជាជនរបស់គេហើយ គេមានលទ្ធភាពនំាចេញផ្នែកកសិកម្មមកកាន់ប្រទេសក្រៅទៀតផង។ ដូចជានៅប្រទេសរបស់យើង ខ្ញុំមិនធ្លាប់បានដឹងទេ តែក្រោយមកបានដឹងដែរ ឥឡូវនេះលឺថា តាមសណ្ឋាគារខ្លះ ទៅកុម៉្មង់សាច់គោកូបេ សាច់គោអាមេរិក សាច់គោមកពីប្រទេសនេះ ប្រទេសនោះ ខ្ញុំសួរគេថា អូ! មានអាហ្នឹងយកកុម្ម៉ង់? គេថា អត់ទេ មានយកមកលក់នៅតាមសណ្ឋាគារ តាមតែយើងកុម្ម៉ង់ចង់បានសាច់អី ទៅមួយបែបទៅ។ អញ្ចឹងទេ អានោះ គឺជាវិស័យកសិកម្មរបស់ប្រទេសគេ ដែលគេមិនត្រឹមតែចិញ្ចឹមប្រជាជនខ្លួនឯងទេ ប៉ុន្តែ គេមានលទ្ធភាព ដើម្បីនំាចេញទៅខាងក្រៅ។
ដូចជាឥឡូវ យើងក្រឡេកទៅមើលប្រទេសជប៉ុន កសិកម្មរបស់ប្រទេសជប៉ុនមានតែ ១% ទេ រួមចំណែកតែ ១% ទេ ប៉ុន្តែ គ្រាន់តែជប៉ុននំាចេញម្ហូបអាហារ ដែលទាក់ទងនឹងវិស័យកសិកម្ម មិនមែនគ្រាន់តែទីផ្សារកម្ពុជាមួយទេ ទីផ្សារសឹងតែគ្រប់ប្រទេសទំាងអស់ មានម្ហូបជប៉ុនទំាងអស់ នេះគ្រាន់តែបញ្ជាក់អោយឃើញ។ ទំហំសេវាកាន់តែធំ ទំហំឧស្សាហកម្មកាន់តែធំ ការរួមតូចនៃវិស័យកសិកម្មធ្លាក់ចុះ ប៉ុន្តែ មិនមែនធ្លាក់ចុះ ធ្លាក់ចុះគ្រាន់តែគិតជាភាគរយ នៃចំណែកសេដ្ឋកិច្ចទំាងមូលតែប៉ុណ្ណោះ ក៏ប៉ុន្តែ មិនធ្លាក់ចុះនៃបរិមាណ នៃសមត្ថភាពចិញ្ចឹមរបស់វិស័យកសិកម្មទេ។
ខិតខំធ្វើអោយតម្លៃអង្ករកម្ពុជាមានតម្លៃប្រហាក់ប្រហែល ឬទាបជាងប្រទេសដទៃ/លក្ខណៈពិសេសអង្ករកម្ពុជា
នេះជាការបញ្ជាក់ជូនបន្តិច យើងត្រូវប្រឹងប្រែង យើងដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលជាគោលដៅមួយ ក្នុងចំណោមគោលដៅដែលយើងត្រូវខិតខំសម្រេច។ មុននោះយើងដាក់ចេញនូវគោលនយោបាយ ស្តីពីផលិតកម្មស្រូវ និងការនំាចេញអង្ករ ប៉ុន្តែ គោលដៅទំាងពីរនេះ យើងសម្រេចបានគោលដៅមួយ តែមិនសម្រេចបានគោលដៅមួយផ្សេងទៀតទេ។ យើងចាប់ផ្តើមពីការសល់អតិរេកស្បៀង ត្រឹមតែកន្លះលានតោនតែប៉ុណ្ណោះ កាលពីពេលដែលយើងដាក់ចេញគោលនយោបាយនោះ ឆ្នំាខ្លះយើងខ្វះទៀតផង នៅពេលដែលមានការរំាងស្ងួត ប៉ុន្តែ នៅពេលដែលយើងដាក់ចេញនៅគោលនយោបាយកសិកម្ម ការផលិតស្បៀង និងការនំាចេញអង្ករ។ យើងបានធ្វើអោយប្រទេសរបស់យើងរីកលូតលាស់ ក្នុងអត្រាកំណើន ដែលអតិរេកស្បៀងមិនតិចជាង ៥ លានតោន ក្នុងមួយឆ្នំា គឺយើងផលិតលើសសេចក្តីត្រូវការ ប៉ុន្តែសម្រាប់ការនំាចេញ ដោយសារពិភពលោកនេះ មិនមែនមានតែកម្ពុជាជាអ្នកនំាចេញអង្ករនោះទេ។ ប្រទសជាច្រើនជាអ្នកនំាចេញអង្ករ នំាចេញច្រើនជាងយើងផង ដូចជាថៃ ដូចជាវៀតណាម ហើយនៅក្នុងប្រទេសតំបន់របស់យើងផលិតផលប្រហាក់ប្រហែលគ្នា។ ប្រទេសមីយ៉ាន់ម៉ា ក៏មាននំាអង្ករចេញ ហើយឥណ្ឌា ក៏ជាប្រទេសធំមួយ សម្រាប់ការនំាចេញអង្ករ។ ហើយភាពប្រកួតប្រជែងរបស់យើង ទោះបីថា អង្ករកម្ពុជារបស់យើងត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ ប៉ុន្មានឆ្នំាជាប់គ្នា ក៏ប៉ុន្តែ តម្លៃរបស់យើង គឺមានថ្លៃខ្ពស់ជាងតម្លៃ នៃប្រទេសដទៃ។
អញ្ចឹង យើងត្រូវបន្តការខិតខំបន្តទៀត ដើម្បីធ្វើអោយតម្លៃរបស់យើងវាប្រហាក់ប្រហែលជាមួយប្រទេសដទៃ ឬក៏អាចថោកជាប្រទេសដទៃ ហើយយើងនំាទៅកាន់ទីផ្សារប្រទេសដទៃ។ យើងតែងតែចូលរួមដេញថ្លៃ សម្រាប់ការផ្គត់ផ្គង់នៅក្នុងប្រទេសហ្វីលីពីន តែយើងមិនដែលដេញថ្លៃឈ្នះវៀតណាម និងឈ្នះថៃនោះទេ ដោយសារតែផលិតផលរបស់គេវាថ្លៃទាបជាងយើង ឯយើងថ្លៃច្រើនជាងគេ។ នៅឥណ្ឌូនេស៊ីចុះហត្ថលេខាជាមួយយើង ទិញពីយើងមួយឆ្នំា ១០ ម៉ឺនតោន ប៉ុន្តែ ភាគីឥណ្ឌូនេស៊ីបានប្រាប់មកយើងវិញថា មិនទាន់អនុវត្តបានទេ ដោយសារតែថ្លៃអង្កររបស់កម្ពុជាខ្ពស់ជាងថ្លៃ នៃអង្កររបស់ប្រទេសផ្សេងទៀត ក៏ប៉ុន្តែ មានចំណុចពិសេសមួយនៃអង្ករកម្ពុជា គឺអង្ករកម្ពុជាឆ្ងាញ់។ មេដឹកនំា នៃប្រទេសមួយចំនួន គឺមិនហូបអង្ករប្រទេសខ្លួនឯងទេ គឺហូបអង្ករកម្ពុជា។ នេះខ្ញុំមិននិយាយចំប្រទេសណាទេ ហូបអង្ករកម្ពុជា ដែលទិញពីកម្ពុជាទៅ។ អញ្ចឹង ជួនកាលការផលិតអង្ករ ដែលមានតម្លៃខ្ពស់ ដែលមានគុណភាពខ្ពស់ វាអាចនំាទៅដល់ការតម្លៃខ្ពស់ដែរ ប៉ុន្តែ យើងមិនអាចទៅខិតខំទៅផលិតអាផ្សេង ដើម្បីអោយឈ្នះទៅលើទីផ្សារ មិនមែនអញ្ចឹងទេ តែរកវិធីយ៉ាងណា ដើម្បីកាត់បន្ថយតម្លៃ នៃការផលិតស្រូវរបស់ប្រជាកសិកររបស់យើង តាមរយៈនៃការបន្ធូរបន្ថយអត្រាការប្រាក់ តាមរយៈនៃការសម្រួលនានា ទៅលើការផ្គត់ផ្គង់ជី ផ្គត់ផ្គង់ថ្នាំសម្លាប់សត្វល្អិត ដើម្បីជួយដោះស្រាយកសិកររបស់យើង។
៣៣ ឆ្នាំ ជានាយករដ្ឋមន្ត្រីមិនដាច់រយៈ
ខ្លួនខ្ញុំផ្ទាល់ដែលនៅក្នុងរដ្ឋាភិបាលយូរជាងគេ ហើយក៏មានតែមនុស្សម្នាក់គត់ ដែលនៅក្នុងរដ្ឋាភិបាលរយៈពេល ៣៩ ឆ្នំាជាង យូរជាងគេទាំងអស់ មនុស្សដែលមិនចង់ធ្វើបែរជាធ្វើកន្លែងហ្នឹង។ ថ្ងៃ(ទី) ៧ ខែ មករា ឆ្នំា ១៩៧៩ យើងរំដោះប្រទេស។ ថ្ងៃ(ទី) ៨ ខែ មករា គឺចាត់តាំងរដ្ឋាភិបាល ដែលហៅថា ក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា។ ពេលនោះ ក្នុងកិច្ចពិភាក្សា ដើម្បីរៀបចំរដ្ឋាភិបាល ខ្ញុំត្រូវបានទទួលនូវការរៀបចំអោយធ្វើជារដ្ឋមន្ត្រីការបរទេស។ ខ្ញុំបានប្រាប់ថ្នាក់ដឹកនំាទំាងឡាយ ក្នុងនោះមាន សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន ខ្ញុំថា បង! ខ្ញុំដែលស្គាល់កិច្ចការបរទេសពីអង្កាល់? ហើយអោយខ្ញុំទៅធ្វើរដ្ឋមន្ត្រីការបរទេស? ខ្ញុំមិនធ្វើទេ ខ្ញុំប្រកែក។ ពេលនោះ ខ្ញុំចំាមិនច្បាស់ទេ ក៏ប៉ុន្តែ បើមិនបង ហេង សំរិន, បង ជា ស៊ីម គាត់ថា បើ សែន ឯងមិនធ្វើទេ មានតែអោយ អៀង សារី ធ្វើវិញ? ខ្ញុំក៏សុខចិត្តឆ្លើយតបថា ឥឡូវ ខ្ញុំសុខចិត្តធ្វើ ៣ ខែ។ ពេលដែលយើងចូលដល់ទីក្រុងភ្នំពេញ យើងនឹងរកឃើញនូវអ្នកការទូតនានា សូមអោយអ្នកការទូតនោះ គេធ្វើរដ្ឋមន្ត្រីការបរទេសទៅ ហើយខ្ញុំត្រឡប់ទៅកងទ័ពវិញ ព្រោះមិនមែនជាមុខជំនាញរបស់ខ្ញុំទេ។ ខ្ញុំគឺកងទ័ព ប៉ុន្តែ អត់នឹកស្មានថា អ្នកដែលមិនចង់ធ្វើជាសមាជិករដ្ឋាភិបាលនៅពេលនោះ ព្រោះពេលនោះរដ្ឋមន្ត្រីមន្ត្រីការបរទេស ជាសមាជិកអចិន្ត្រៃយ៍ នៃរាជរដ្ឋាភិបាលសម័យនោះ។ ប៉ុន្តែ ចាប់តំាងពី ៨ មករា រហូតមកដល់ថ្ងៃ ១៣ ខែ កុម្ភៈ ឆ្នំា ២០១៨ នេះ ៣៩ ឆ្នំាជាង ខ្ញុំគឺជាមនុស្សតែម្នាក់គត់ ដែលនៅក្នុងរដ្ឋាភិបាលមិនដាច់រយៈ។ ដូច្នេះ ទំាងក្តៅ ទំាងរងា ទំាងផ្អែម ទំាងត្រជាក់ ទំាងស្រួល ទំាងលំបាក ទំាងខុស ទំាងត្រូវ គឺថា នៅហ្នឹងទំាងអស់គ្នា។ នៅក្នុងចំណោមនោះ កិច្ចការធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ ៣៣ ឆ្នំា គឺរយៈពេលមួយដល់វែង។ ខ្ញុំមិនមែនជើងចាស់ទេ គ្រាន់តែជាជើងយូរតែប៉ុណ្ណោះ ដោយសារខ្ញុំចាប់ផ្តើមធ្វើកិច្ចការងារក្នុងរាជរដ្ឋាភិបាល តាំងពីអាយុមិនទាន់គ្រប់ ២៧ ឆ្នាំផង នៅពេលនោះ ហើយនៅពេលដែលធ្វើនាយករដ្ឋមន្ត្រី ទើបនឹងមានអាយុ ៣២ ឆ្នាំទេ។ ឥឡូវ បូកជាមួយនឹងធ្វើជានាយករដ្ឋមន្ត្រី ៣៣ ឆ្នាំ គឺធ្វើនាយករដ្ឋមន្ត្រីច្រើនជាងអាយុ។ បើនិយាយពីការចាប់ផ្ដើមត្រឹមអាយុ ៣២ ឆ្នាំ ចាប់ផ្ដើមធ្វើនាយករដ្ឋមន្ត្រី។ ដល់ធ្វើនាយករដ្ឋមន្ត្រី ៣៣ ឆ្នាំ ប៉ុន្តែឥឡូវប្រកាសត ១០ ឆ្នាំទៀត អ្នកឯងចង់ធ្វើអីធ្វើទៅ? ខ្ញុំធ្វើ។ ហើយកុំឡប់ៗ មកបបួលអាយុ ៦៥ ឆ្នាំ ឈប់ទាំងអស់គ្នា។ ចុម! ហែ្ហងអ្នកជាប់គុកសោះ រត់ចោលស្រុកសោះ មកបបួលអញជានាយករដ្ឋមន្ត្រីក្នុងតំណែងឈប់ទាំងអស់គ្នា? អានេះខូច។ មិនខូចទេ អានេះវាឆ្កួតតែម្ដង។ ហ្ស៊ែនរបស់វាឆ្កួតតែម្ដង។ សុខៗមកបបួលយើងថា ៦៥ ឆ្នាំ ឈប់ទាំងអស់គ្នា។ ហ្អែងព្រាត់ប្រាស់ទៅណាទៅទៅ ងាប់ទៅណាងាប់ទៅ កុំមកបបួលអញទៅជាមួយ អញមិនទៅទេ ព្រោះឯងចរិតវាអញ្ចឹង។
នឹងពង្រឹងនូវការអនុវត្តទ្រឹស្តីរបស់ សម រង្ស៊ី (មានស៊ីអត់សែន មានសែនអត់ស៊ី)
ឥឡូវ ទៅប្ដឹងខ្ញុំនៅហ្វេសប៊ុក ឱ!ព្រះអើយ ចុះនៅក្នុងហ្នឹង តើខ្ញុំដឹងថាអាហ្នឹងវាមកពីណា? អានៅក្នុងនេះ? ពិតមែនហើយ ឥឡូវ ប្រហែលជាគេកំពុងliveផ្ទាល់ផងមិនដឹង ព្រោះធម្មតាគេliveនៅក្នុងពេលដែលខ្ញុំ(ថ្លែងសង្កថា) ហ្វេសប៊ុកផេកliveផ្ទាល់ ហើយដឹងអ្នកណា Like មកពីណា? អ្នកណាស្អីមកពីណា? ចុះអាណាទៅដឹង? កាលពីមុនគេហៅសម្ភាសន៍យុវជនមួយ គេថាគេ Like អោយលោកប្រធាន(សម រង្សី) ស្រាប់តែបានៗទៅ ហ៊ុន សែន។ ហ្ហាក! អញ្ចឹង ម្ចាស់ហ្វេសប៊ុកហ្នឹង គឺថា ទទួលខុសត្រូវទៅ គឺហ្អែងយកLike របស់គេយកមកអោយអញ អញដឹង? អ្នកណាទៅបញ្ជាអាហ្នឹងទៅរួច? យី! អានេះលេងត្រឹមតែហ្វេសប៊ុកចាញ់គេ ក៏វារករឿងដែរ? ឆ្កួតឡប់តែម្ដង។ ហើយធ្វើនយោបាយ ដាក់ចេញនយោបាយពេលណា ដាក់ចេញកម្ចាត់គេរហូត។ មានស៊ី អត់សែន មានសែន អត់ស៊ី។ ឥឡូវ ត្រូវហើយ ខ្ញុំនឹងធ្វើអោយដូចតែម្ដង ព្រោះអ្នកឯងអត់ព្រមកែទេ។
ខ្ញុំបានអោយឱកាសអ្នកឯងច្រើនលើកច្រើនសាហើយ តែអ្នកឯងអត់កែទេ។ អញ្ចឹង ជម្រើសដែលនៅសល់របស់ខ្ញុំៗនឹងពង្រឹងនៅការអនុវត្តទ្រីស្ដីរបស់អ្នកឯង មានឯងអត់អញ មានអញអត់ឯង តែប៉ុណ្ណឹង ព្រោះអ្នកឯងអត់ព្រមកែ។ ឥឡូវ អ្នកឯងសាកល្បងមើល អ្នកឯងប្រកាសសុំទោសប្រជាពលរដ្ឋថា ខ្ញុំបានដាក់ចេញនៅគោលនយោបាយកម្ចាត់ ហ៊ុន សែន ចោលនោះ វាជានយោបាយខុសឆ្គង វាខ្វះស្មារតីបង្រួបបង្រួមជាតិ អ្នកឯងប្រកាសទៅ? ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំសូមប្រាប់ជាមុន ខ្ញុំមិនផ្ដល់ឱកាសអោយអ្នកឯងថែមទៀតទេ។ លើកលែងទោសអោយអ្នកឯងពីរលើកហើយ គ្មានលើកទីបីទៀតទេ។ អាធុននេះធុនបំបែកបំបាក់ជាតិ។ ចាប់ផ្ដើមឡើងកម្ចាត់គេ ហើយចុះសួរថា គេអ្នកកម្ចាត់ហ្នឹងគេទុកអោយកម្ចាត់លេងៗឬអី? ហើយជាពិសេសមនុស្សធុនខ្ញុំហ្នឹងសុខចិត្តឈរអោយអ្នកឯងវាយ? មនុស្សធុនដូចខ្ញុំនេះ? អាពត ធ្វើអីខ្ញុំមិនបានផង? ទីចុងបំផុត អាពត ងាប់រកដីកប់គ្មានផង។ មេអាពត ចាប់ចូលគុក ចាប់កាត់ទោសទាំងអស់ ដោយតុលាការកូនកាត់។ អង្គការចាត់តាំងនយោយបាយ នៃយោធាមួយត្រូវរលំរលាយដោយសារនយោបាយឈ្នះឈ្នះរបស់ ហ៊ុន សែន។ គេហ៊ានធ្វើប៉ុណ្ណេះ គេឈរនៅទីនេះយ៉ាងរឹងមាំ ហើយឥឡូវសុទ្ធតែ លោក ហ៊ុន សែន ឯកោហើយ នៅតែឯងហើយ គ្រាន់តែក្នុងបក្សក៏គេមិននៅជាមួយដែរ ចាំតើអាពៅ ហ្អែងនៅតែម្នាក់ឯងទេ ហ្អែងនៅប៉ារីស អញនៅមានមនុស្សដើរជាមួយច្រើនណាស់ អញទៅជាមួយកម្មករ កម្មករថើបអញចង់ងាប់ហើយ វាមិនសុខវាមិនសាប់ វាស្អីវាអាមួយនេះ? ហើយដាក់ទៅ ចាំមើលអ្នកណាងាប់មុនអ្នកណា ហ្អែងអាយុច្រើនជាងអញ ហ្អែងងាប់មុនអញ អត់នឹងបានឃើញមុខគ្នាទេ វាខូចពេក។
២០១៨ ជាឆ្នាំពោរពេញដោយការងារ
ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងនៅការកើតសរសើរ ចំពោះវឌ្ឍនភាពនៃសាកលវិទ្យាល័យ វេស្ទើន ហើយក៏សូមធ្វើការកោតសរសើរ ចំពោះអ្នកគ្រប់គ្រង និងសាស្ត្រាចារ្យ ដែលបានខិតខំរួមគ្នាបង្ហាត់បង្ហាញនិស្សិតរបស់យើង។ អបអរសាទរ ចំពោះជ័យលាភី ក៏ដូចជា ក្រុមគ្រួសារនៃជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ហើយសង្ឃឹមថា ក្មួយៗនឹងបន្ត(ការខិតខំ)។ ឆ្នាំ ២០១៨ គឺជាឆ្នាំដែលពោរពេញទៅដោយការងារ។ មុនដាច់ឆ្នាំ ក៏ការងារវាខ្លាំងណាស់ទៅហើយ តែឥឡូវបន្ទាប់ពីចូលឆ្នាំថ្មី ឆ្នាំនេះយើងត្រូវរវល់ច្រើនណាស់ ហើយខ្ញុំត្រូវចេញទៅក្រៅប្រទេសដូចជាបីដងទៀត ទម្រាំដល់ពេលបោះឆ្នោត។ ខែ មីនា ត្រូវចេញទៅពីរដង ១ គឺអាស៊ាន-អូស្ត្រាលី។ មួយទៀត គឺប្រជុំមហាអនុតំបន់មេគង្គ នៅឯហាណូយ និងមួយទៀតត្រូវប្រជុំអ៊ិចម៉ិច CLMV នៅឯបាងកក។ ការងារពិតជាច្រើន ប៉ុន្តែ វាមិនរំខាន វាមិនបន្ទុចបង្អាក់នូវដំណើរដែលខ្ញុំកំពុងធ្វើនេះទេ។
រាជរដ្ឋាភិបាលកម្ពុជា អបអរសាទរជាមួយនឹងដំណើរទៅមុខរបស់កូរ៉េទាំងពីរ
ថ្ងៃនេះខ្ញុំគួរតែនិយាយពាក្យពីរបីម៉ាត់ ដែលជាចំណុចពិភពលោក កំពុងតែផ្ដោតការយកចិត្តទុកដាក់។ កាលពីចុងឆ្នាំ ពិភពលោកកំពុងតែខ្វាយខ្វល់ពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ប្រជុំនៅអេប៉ិច នៅវៀតណាមនៅដាណាំង។ ហើយនៅក្នុងកិច្ចសន្ទនា រវាងអេប៉ិច និងអាស៊ាន ក៏ប្រធានបទលើបញ្ហានុយក្លេអ៊ែរកូរ៉ខាងជើង ក៏ត្រូវបានលើកយកមកពិភាក្សា។ បន្ទាប់ទៅ ប្រជុំនៅអាស៊ានក៏មានការលើកឡើងទាក់ទងបញ្ហាកូរ៉េខាងជើង ក៏ប៉ុន្តែ ប៉ុន្មានថ្ងៃថ្មីៗនេះ យើងពិតជាមានការលើកទឹកចិត្តមួយ ដោយសារមេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំកូរ៉េខាងត្បូង ដែលជាបងប្អូនជាមួយគ្នានេះ គេរកវិធីសន្ទនាគ្នា ដែលខ្ញុំគិតថា ប្រទេសមហាអំណាចទាំងអស់ មិនថាមហាអំណាច ឬក៏មិនមហាអំណាចទេ គួរតែត្រូវអបអរសាទរ និងលើកទឹកចិត្តអោយកូរ៉េទាំងពីរសហការគ្នា។
ខ្ញុំពិតជាមានការធុញទ្រាន់ និងទើសទាល់ជាមួយឥរិយាបថរបស់ប្រទេសខ្លះ ដែលឃើញកូរ៉េខាងជើង និងកូរ៉េខាងត្បូងត្រូវរ៉ូវគ្នា បែរជាសម្តែងការមិនសប្បាយចិត្ត ហើយរកវិធីដាក់គំនាបបន្ថែម។ អោយតែអ្នកទាំងពីរគេត្រូវគ្នាទៅ យើងជួយអរទៅវាយ៉ាងម៉េច? កូរ៉េខាងជើង បានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ ពិតមែនតែ លោក គឹម ជុងអ៊ុន (Kim Jong-un) មិនទៅខ្លួនឯងផ្ទាល់ ក៏ប៉ុន្តែ លោក គឹម យ៉ុងណាម (Kim Yong-nam) គឺជាមនុស្សទីពីររបស់កូរ៉េខាងជើង ហើយបញ្ជូនទាំងប្អូនស្រី ដែលជាតំណាងនាំលិខិតទៅជូនប្រធានាធិបតីកូរ៉េខាងត្បូង។ អាចចាត់ទុកថា ជាកាយវិការ នៃការស្វែងរកនូវការស្រុះស្រួលមួយ ដែលបន្ធូបន្ថយនូវភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។ សង្ឃឹមថា ដំណើរផ្លូវនេះ គឺជាដំណើរផ្លូវដ៏ល្អ ដែលគួរត្រូវបានលើកទឹកចិត្តអោយបន្តការខិតខំទៅតាមផ្លូវនេះ។ មិនគួរអ្នកដទៃ ឬអ្នកណាធ្វើការរារាំងទេ? គួរទុកអោយកូរ៉េទាំងពីរមានការសន្ទនាគ្នា សហការគ្នា កាត់បន្ថយការតានតឹង ដែលមុននេះ ឃើញតែមួយថ្ងៃបាញ់ មួយអាទិត្យបាញ់ ពីរអាទិត្យបាញ់ គិតតែពីបាញ់ ហើយបាញ់ហើយ គឺថា ឯណោះធ្វើសមយុទ្ធ ឯណោះបាញ់ ឯណេះបាញ់ ខាងនោះធ្វើសមយុទ្ធ ចុះឡើងៗ តែឥឡូវសភាពការណ៍ដូចជាធូរស្រាល។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវការអបអរសាទរ ជាមួយនឹងទំនាក់ទំនងដែលត្រូវបានកែលម្អ ទោះបីជាបានរយៈពេលខ្លីក៏ដោយ ប្រសើរជាងភាពតានតឹង។ នេះជាគោលជំហរផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះសភាពការថ្មីៗនៅឧបទ្វីបកូរ៉េ។ យើងអបអរសាទរជាមួយនឹងទំនាក់ទំនងថ្មីៗ ការស្វះស្វែងរកការសម្រុះសម្រួលថ្មីៗ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ ហើយសង្ឃឹមថា ប្រទេសនានាៗ នឹងបន្តការលើកទឹកចិត្តអោយកូរ៉េទាំងពីរអនុវត្តក្នុងដំណើរឆ្ពោះទៅរកការស្រុះស្រួល កាត់បន្ថយនូវភាពតានតឹង។
ប្រសិនបើប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងទៀត អាចចាត់ទុកថា ជាដំណាក់កាលទី ៣ នៃប្រធានាធិបតីកូរ៉េខាងត្បូងទស្សនកិច្ចនៅកូរ៉េខាងជើង។ ទស្សនកិច្ចលើកទី ១ ដោយអតីត ប្រធានាធិបតី គឹម ដាយ៉ុង (Kim Dae-jung) នៅឆ្នាំ ២០០០។ ទស្សនកិច្ចទី ២ គឺដោយអតីតប្រធានាធិបតី រ៉ូ ម៉ូយ៉ុង (Roh Moo-hyun) ដូចជាឆ្នាំ ២០០៥។ ហើយប្រសិនបើ លោក ម៉ូន ជេអិន (Moon Jae-in) ទៅទស្សនកិច្ចលើកនេះទៀត នឹងក្លាយទៅជាប្រធានាធិបតីទី ៣ ដែលទស្សនកិច្ចនៅកូរ៉េខាងជើង។
កុំថា ម៉េចកូរ៉េខាងជើងនៅឆ្ងាយយើងនិយាយ? រឿងនេះជាបញ្ហាក្តៅនៅក្នុងតំបន់ ដែលនៅពេលក្តៅយើងនិយាយ ដល់ត្រជាក់យើងគួរតែនិយាយដែរ កុំចាំតែក្តៅនាំគ្នាស្រែកជេរ ហើយដល់ត្រជាក់ បែរជានាំគ្នានៅស្ងៀម។ អញ្ចឹង កម្ពុជាសុំនិយាយហើយ។ សុំថា អបអរសាទរជាមួយនឹងដំណើរទៅមុខរបស់កូរ៉េទាំងពីរ ដែលជាបងប្អូនខ្លួនឯង។ កាយវិការទាំងសងខាងនេះ បានបង្ហាញអោយឃើញពីការចង់ស្រុះស្រួលគ្នា បើទោះបីជារបបនយោបាយមិនត្រូវគ្នា ក៏ប៉ុន្តែ គឺអ្នកជិតខាងគ្នា បើយ៉ាងហោចណាស់ជិតខាងគ្នា តែអ្វីដែលសំខាន់ជាង(នេះ)ទៀត កូរ៉េទាំងពីរ គឺជាកូរ៉េនិយាយភាសាដូចគ្នាតែម្តង គ្រាន់តែរបបនយោបាយមិនដូចគ្នាតែប៉ុណ្ណោះ។ ដូច្នេះ យើងលើកទឹកចិត្តម្តងហើយម្តងទៀត និងអំពាវនាវអោយមានការខិតខំ និងកុំអោយមានអ្នករំខានទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកំពុងមានការកែលម្អ។
ខ្ញុំនិយាយនៅម៉ោងនេះ មិនដឹងថាម៉ោងនេះកូរ៉េមានអ្វីកើតឡើងទេ? ខ្ញុំក៏មិនច្បាស់ ដោយសារតែវាឡើង វាដូចធាតុអាកាសនៅទីក្រុងឡុងដ៏អញ្ចឹង បន្តិចភ្លៀងទៅ បន្តិចរាំងទៅ។ ប៉ុន្តែ សង្ឃឹមថា ដោយសារលើកនេះ កម្រិតទៅចូលរួមអូឡាំពិករដូវរងានៅឯកូរ៉េខាងត្បូងនោះ ត្រូវបានបញ្ជូនមេដឹកនាំជាន់ខ្ពស់អមដោយប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន (Kim Jong-un) ទៅទៀត ដែលជានិមិត្តរូបបង្ហាញអោយឃើញអំពីបំណងប្រាថ្នារបស់កូរ៉េខាងជើង និងបំណងប្រាថ្នារបស់កូរ៉េខាងត្បូង ហើយប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានទទួលយ៉ាងរាក់ទាក់ជាមួយនឹងប្អូនស្រី លោក គឹម ជុងអ៊ុន (Kim Jong-un) ជាមួយនឹង លោក គឹម យ៉ុងណាម (Kim Yong-nam)។ ដែលជាផ្លូវការ គាត់ដូចជាប្រមុខរដ្ឋដូច្នោះដែរ។ នេះគឺជាអ្វីដែលខ្ញុំគួរតែនិយាយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អំពីគោលជំហររបស់កម្ពុជា ទៅក្នុងការដែលយើងគួរតែត្រូវបានស្វាគមន៍ និងលើកទឹកចិត្ត ដើម្បីកាត់បន្ថយនូវភាពតានតឹង និងការភ័យខ្លាច សម្រាប់បណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។
ពាំនាំ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់ជ័យលាភី ដែលទទួលនូវសញ្ញាបត្រថ្ងៃនេះ មានចំនួន ៤.១៥៨ អង្គនាក់ ក៏សូមប្រគេន និងជូនចំពោះនិស្សិតទាំងអស់ ទាំង ៤.១៥៨ អង្គនាក់នេះ (ថវិកា)ចំនួន ៥ ម៉ឺនរៀល ក្នុងម្នាក់ៗ។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ៤២៨ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនចំពោះ សាកលវិទ្យាល័យ វេស្ទើន (ថវិកា) ចំនួន ៥ លានរៀល។
ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលចូលឆ្នាំចិន
ខ្ញុំកំពុងតែគិតថា ថ្ងៃនេះ ថ្ងៃ(ទី) ១៣ ថ្ងៃទី ១៥ ដូចចិនសែន ខ្ញុំគិតថា បន្ទាប់ពីការជួបជុំនេះទៅ ប្រហែលជាមន្ត្រីចូលតាមស្ថាប័នតិចណាស់។ ឥឡូវហ្នឹង គឺថា វាកាត់ចិនអស់ទៅហើយ។ ចូលឆ្នាំចិនស្រវឹងខ្មែរ។ សុំធ្វើយ៉ាងម៉េចនៅក្នុងឱកាសចូលឆ្នាំចិន/វៀតណាមនេះ បែរជានាំគ្នាគ្រោះថ្នាក់ចរាចរណ៍។ អំពាវនាវអោយបន្តការយកចិត្តទុកដាក់ ធ្វើយ៉ាងណាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានទប់ស្កាត់។
ឡានតទ្រុងខុសលក្ខណៈបច្ចេកទេស ត្រូវចាប់កាត់ទាំងអស់ និងត្រូវធ្វើសកម្មភាពជាប់រហូត
ម្យ៉ាងទៀត ខ្ញុំក៏មានការភ្ញាក់ផ្អើលដែរ នៅពេលដែលដាក់ចេញបទបញ្ជាមិនអោយឡានដែលតទ្រុងបើកលើផ្លូវ ស្រាប់តែចេញមិនមែនរាប់សិបគ្រឿងទេលោកអើយ! ចូលដល់ពាន់គ្រឿង។ ឥឡូវ កាត់ទាំងអស់ៗ អ្នកដែលចង់កាត់ខ្លួនឯង កាត់អោយហើយចាំចេញ អ្នកដែលបើកដោយតទ្រុង អាតឡើងលើក៏ត អាតទៅក្រោយក៏ត ចាប់កាត់ទាំងអស់។ ហើយធ្វើអោយជាប់រហូត។ ខ្ញុំកំពុងគិតថា តើមន្ត្រីរបស់យើងអនុវត្តច្បាប់ ឬអនុវត្តបទបញ្ជា? ខ្ញុំកំពុងតែដាក់ជាសំណួរខ្លួនឯងថា មន្ត្រីរបស់យើងនេះអនុវត្តច្បាប់ ឬអនុវត្តបទបញ្ជា? ច្បាប់មានហើយគេមិនអោយតទេអាទ្រុងហ្នឹង? ម៉េចក៏មិនអនុវត្ត? ចាំដល់នាយករដ្ឋមន្ត្រីបញ្ជា បាននាំគ្នាអនុវត្ត? អាចំណុចនេះ គឺជាចំណុចគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ប្រព័ន្ធគ្រប់គ្រងមួយ។
មិនមែនអោយអស់លោកអនុវត្ត(បទ)បញ្ជាទេ គឺអោយអស់លោកអនុវត្តច្បាប់។ គ្រប់ស្ថាប័នទាំងអស់តែងមានច្បាប់ ស្តីពីការបង្កើតស្ថាប័ន រួចហើយមានអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃស្ថាប័ននោះ។ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអង្គភាពអនុវត្តច្បាប់ សុទ្ធតែមានតួនាទីដែលកំណត់ដោយច្បាប់ ប៉ុន្តែ បែរជាមិននាំគ្នាអនុវត្តអាច្បាប់នោះទេ ចាំអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី។ រឿងនេះ បើសិនជាបន្តទុកស្ថានភាពបែបនេះ គឺអាក្រក់ណាស់។ វាមិនគួរអោយកើតនូវស្ថានភាពនេះទេ។
បើយោងទៅលើរបាយការណ៍តាមខេត្តមក ក្នុងចំណោម ៥០០ គ្រឿង មាន ២០០ គ្រឿង បាត់ទៅហើយ អាត(ទ្រុង) បើអញ្ចឹងមួយទូទាំងប្រទេសចូលដល់ពាន់គ្រឿង។ អញ្ចឹង កាត់ទៅ ហើយមើលៗអាកន្លែងតឡានហ្នឹងវានៅត្រង់ណា? ទៅធ្វើអាហ្នឹង? តនៅកន្លែងហ្នឹង យកទៅកាត់នៅកន្លែងហ្នឹង រួចហើយបិទអាកន្លែងហ្នឹងចោល ឬក៏ដាក់កំណត់តែម្តង អ្នកឯងហ៊ានតែអនុវត្តការតឡាន បិទវាចោលទៅ។ នេះគឺជារឿង មួយដែលខ្ញុំថា អត់ដកថយទេ ប៉ុន្តែ ខ្ញុំកំពុងតែមានចម្ងល់ តើមន្ត្រីតាមស្ថាប័ន មន្ត្រីអនុវត្តច្បាប់ តើអនុវត្តច្បាប់ ឬអនុវត្តនូវបទបញ្ជា? ព្រោះនៅពេលមុនមានបទបញ្ជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនមិនបានធ្វើទេ? ដល់ទៅពេលមានបទបញ្ជា ចាប់ផ្តើមបញ្ជាគ្រឹបៗ ធ្វើភ្លាម។
អញ្ចឹងទេ មានន័យថា ស្ថាប័នជាតិរបស់យើងកំពុងអនុវត្តបទបញ្ជាទេ មិនមែនអនុវត្តច្បាប់ឯណា? បើសិនអនុវត្តច្បាប់អោយទៀតទាត់ គ្មានរឿងអ្វីកើតឡើងនូវអាឡានតទ្រុងហ្នឹងទេ មិនថាតឡើងតចុះទេ ប៉ុន្តែ ទាល់តែមានបទបញ្ជានាំគ្នាធ្វើ។ ហើយខ្ញុំសង្ស័យដល់បទបញ្ជាហ្នឹងយូរៗខាននិយាយ ហើយច្បាប់មិនព្រមអនុវត្ត អាជំងឺឡប់ហ្នឹងវាមកវិញ។ ពីមុនវាមានម្តងហើយអាកាត់តទ្រុង។ ឥឡូវ កាត់អោយអស់។ ហើយខ្ញុំនិយាយអោយច្បាស់ ម្តងហើយម្តងទៀត ដែនដីណា ដែនដីហ្នឹងទទួលខុសត្រូវ អត់មានចាំបាច់រង់ចាំក្រសួងសាធារណការ (និងដឹកជញ្ជូន)ទេ។ មន្ត្រីអនុវត្តច្បាប់ទៅលើបញ្ហាចរាចរណ៍ផ្លូវគោក គឺមានច្រើនសណ្ឋានណាស់ ដែលត្រូវធ្វើនូវរឿងនេះ។
ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យក្នុងអំឡុងពេលចូលឆ្នាំចិន
ខិតខំធ្វើយ៉ាងម៉េចនៅក្នុងពេលចូលឆ្នាំចិននេះ គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយអគ្គិភ័យ។ អាសែនដូនតាដោយមិនព្រមពន្លត់(ភ្លើងទៀន/ធូប)នេះ ឥឡូវ អោយដូនតាទៅនៅឯណា បើផ្ទះឆេះអស់ រលីងទៅហើយហ្នឹង? ឆេះទាំងដូនតាទៀត ហើយទំនើបណាស់សម័យឥឡូវ។ ព្រឹកមិញមុនខ្ញុំមក ខ្ញុំមើលទូរទស្សន៍គេផ្សាយសុទ្ធតែជ្រូកខ្វៃ។ ស្រុកឥឡូវស្រួលណាស់។ ពីដើមគេធ្វើបាយខ្លួនឯងអីខ្លួនឯង ដើម្បីសែនដូនតា ឥឡូវ អត់ទេ កុម្ម៉ង់មួយតុមក គេដឹកយកមកដល់ផ្ទះ រួចហើយសែនទៅ វាស្រួលអស់ប៉ុណ្ណឹងហើយ។ ប៉ុន្តែ ខ្ជិលទៀត ខ្ជិលនឹងអាពន្លត់ទៀន និងពន្លត់ធូប រួចហើយតាមរយៈហ្នឹង គឺឆេះផ្ទះបណ្តោយ។ អញ្ចឹង សុំធ្វើម៉េចកាត់បន្ថយ ឬក៏កុំអោយវាមានតែម្តង ពាក្យខ្មែរគេថា “ស៊ូស្លាប់បា កុំអោយស្លាប់មេ លិចទូកកណ្តាលទន្លេ កុំអោយតែភ្លើងឆេះផ្ទះ” អានេះគ្រាន់តែជាន័យប្រៀបធៀបទេ យកល្អកុំអោយមានតែម្តងទៅ អាលិចទូកក៏មិនអោយមាន អាឆេះផ្ទះក៏មិនអោយមាន ស្លាប់ឪពុកក៏មិនអោយមាន ស្លាប់ម្តាយក៏កុំអោយមាន។
ការសម្លាប់ខ្លួនមិនមែនជាជម្រើសល្អទេ
ខ្ញុំមើលតាមការផ្សាយរបស់ Fresh News ដូចជាមាននាយកសាខា(សាលា)វេស្ទើនមួយ ដែលសម្រេចចិត្តធ្វើអត្តឃាត ប៉ុន្តែ គាត់យកជម្រើសរបៀបនេះ គឺជាជម្រើសគួរអោយសោកស្តាយ ដោយសារខ្លាចពិបាកដល់ប្រពន្ធ ខ្លាចពិបាកកូន ខ្លាចពិបាកឪពុកម្តាយ ខ្លាចពិបាកបងប្អូន សុខចិត្តសម្រេចយក(ផ្លូវធ្វើ អត្តឃាត) ដោយសារតែជំងឺរបស់ខ្លួន។ ប៉ុន្តែ ជម្រើសរបៀបនេះ មិនមែនជាជម្រើសល្អទេ។ យើងចូលរួមសោកស្តាយចំពោះគ្រួសារសពផងដែរ។
សូមកុំអោយថ្ងៃនៃសេចក្តីស្រឡាញ់ ក្លាយទៅជាថ្ងៃបង់ខ្លួនប្រាណ
មួយទៀតក៏សូមផ្តាំផ្ញើទៅក្មួយៗ ថ្ងៃស្អែកនេះគេហៅ ថ្ងៃនៃសេចក្តីស្រឡាញ់។ អាហ្នឹងមិនមែនទំនៀមទម្លាប់ខ្មែរទេ វាជាទំនៀមទម្លាប់បរទេស ក៏ប៉ុន្តែ យើងមិនអាចរារាំងបានទេ តែសុំតែម្យ៉ាងទេ សុំកុំប្រគល់ខ្លួនអោយបុរសណាទាំងអស់ថ្ងៃហ្នឹង។ អានេះថ្ងៃនៃសេចក្តីស្រឡាញ់ មិនមែនជាថ្ងៃប្រគល់ខ្លួនអោយអ្នកណាទេ។ ហើយផ្កាលក់ដាច់អស់ទាស់ហើយ ព្រោះមួយបាច់ទៅ ជួនកាលមួយទងទៅ ផ្កាកុលាបលក់ដាច់អស់ទាស់ហើយ។ ខ្មែរសម័យឥឡូវនេះអស់ហើយ គ្រប់សព្វហើយ។ អោយវាក្លាយទៅជាថ្ងៃនៃការស្រឡាញ់ឪពុកម្តាយ ថ្ងៃនៃការស្រឡាញ់កូនចៅ ថ្ងៃនៃការស្រឡាញ់ជីដូនជីតា ថ្ងៃនៃការស្រឡាញ់ជាតិ ថ្ងៃនៃការស្រឡាញ់វប្បធម៌ កុំថ្ងៃហ្នឹងទៅជាថ្ងៃទិវាសង្សារ វាទៅជារឿងអីឯណាផ្សេងទៅ។ សង្ឃឹមថា ក្មួយៗនឹងអាចយល់អំពីបញ្ហានេះ។ កុំចាំតែថា រាប់ថ្ងៃអោយតែដល់(ថ្ងៃ)ហ្នឹង ឥឡូវ ដល់ពេលហ្នឹងរាប់ម៉ោងម្តងហើយ សល់ប៉ុន្មានម៉ោងទៀតហ្នឹងអាចដល់ រួចហើយណាត់ទៅ នែ៎! សណ្ឋាគារនោះ បន្ទប់លេខប៉ុណ្ណេះ ងាប់បណ្តោយអាហ្នឹង។
ជាមួយនឹងការអបអរសាទរ សម្រាប់វឌ្ឍនភាព នៃសាកលវិទ្យាល័យ វេស្ទើន ក៏ដូចជាអបអរសាទរ ចំពោះ និស្សិតជ័យលាភី និងអបអរសាទរជាមួយនឹងក្រុមគ្រួសារ ដែលមានកូនចៅ ប្តីសី ដែលជាជ័យលាភី ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕