ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ វេស្ទើន

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! វឌ្ឍនភាពសាកលវិទ្យាល័យ វេស្ទើន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់និស្សិត ចំនួន ៤.១៥៨ នាក់ នៅសាកលវិទ្យាល័យ វេស្ទើន។ អម្បាញ់មិញ លោកសាកលវិទ្យាធិការ តែ ណូរិន បានធ្វើរបាយការណ៍ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យនេះ ក៏ដូចជា ការខិតខំរបស់សាកលវិទ្យាល័យ ព្រមទាំងការសិក្សារបស់និស្សិតនៅទីនេះ។ សិស្សរៀនកាន់តែពូកែ បង់ប្រាក់កាន់តែតិច ជាចំណុចដែលរាជរដ្ឋាភិបាលចង់បាន ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ សុំសម្តែងនូវការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ដែលបានធ្វើក្នុងរយៈពេលកន្លងទៅ។ អម្បាញ់​មិញ លោក តែ ណូរិន បានលើកឡើងនូវចំណុចមួយថា សិស្សរៀនកាន់តែពូកែ បង់ប្រាក់កាន់តែតិច នេះជាចំណុចដែលយើងចង់បាន ទាក់ទងទៅនឹងគុណភាព នៃការបណ្ដុះបណ្ដាលរបស់យើង។ ថ្ងៃនេះ យើងមាននិស្សិតដែលជាធនធានមនុស្សសម្រាប់ជាតិរបស់យើងចំនួនជាង…