ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។
បងប្អូនអតីតយុទ្ធជនទាំងអស់ជាទីមេត្រី។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមសំដែងនូវសេចក្ដីរីក រាយ និងអបអរសាទរក្នុងទិវាខួបលើក ១០ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ដែលត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធមនាពេលនេះ។ ទិវានេះ ពិតជាមានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជាតិខ្មែរ ដើម្បីសំដែង នូវការអរគុណចំពោះបងប្អូនអតីតយុទ្ធជន និងបងប្អូនវីរអ្នកស្នេហាជាតិយើង ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជានកម្ពុជាយើងនៅគ្រប់ដំណាក់កាល។
ក្នុងឱកាសជាប្រវត្តិសាស្រ្តនេះ ខ្ញុំសូមលម្អោនកាយគោរពចំពោះវិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជន ដែល បានធ្វើពលីកម្ម ដើម្បីបុព្វហេតុរំដោះជាតិ រំដោះអាយុជីវិត រំដោះសិទ្ធិសេរីភាព ការពារជាតិមាតុភូមិ ជាទី សេ្នហារបស់យើង និងសូមផ្ដាំផ្ញើការសាកសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់លំដាប់ ថ្នាក់ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិនៅទូទាំងប្រទេស និងកំ ពុងបេសកកម្មថែរក្សាសន្ដិភាព ក្នុងគោលដៅមនុស្សធម៌ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ រហូតចប់]
សំដែងនូវទុក្ខក្រៀមក្រំក្នុងការបាត់បង់ឯកឧត្តម មាស ក្រូច និងទាហាន ៤ នាក់ នៅអាហ្វ្រិកកណ្ដាល
ជាមួយនឹងការរីកររាយរបស់យើងនៅថ្ងៃនេះ យើងក៏មានការក្រៀមក្រំចំពោះការបាត់បង់ឯកឧត្តម មាស ក្រូច ដែលពេលនេះ កំពុងធ្វើពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ឯកឧត្តម មាស ក្រូច គឺជាអ្នករួម ចំណែកដ៏សំខាន់មួយនៅក្នុងការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការជួបគ្នា រវាងខ្ញុំ និងឯកឧត្តម មាស ក្រូច នៅក្នុង ខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ហើយបន្ទាប់មក ក្លាយខ្លួនទៅជាអនុ ប្រធានសេនាធិការទទួលបន្ទុកកំណែន។ ពេលនោះ យើងក៏បានកសាងកងទ័ពមួយរៀបរយ ដែលមានរហូតទៅដល់ ២៣ កងវរសេនាតូច និង ១០០ ក្រុមប្រតិបត្តិការប្រដាប់អាវុធ សម្រាប់ចូលរួមចំណែកក្នុងការរំដោះជាតិ។ ឆ្នាំទៅ ឯកឧត្តម មាស ក្រូច បានមកចូលរួមជាមួយយើងនៅទីនេះ ក៏ប៉ុន្តែថ្ងៃនេះ គាត់មិនបានចូលរួមជាមួយយើងទៀតទេ។ យើងសំដែងនូវការសោកស្ដាយចំពោះមិត្តរួមអាវុធ ដែលបានរួមចំណែកពីដើមទី រហូតដល់ទីបញ្ចប់របស់ខ្លួន។
ជាមួយគ្នានេះ យើងក៏មានការបាត់បង់មួយទៀត ដែលចាប់ផ្ដើមពីម្សិលមិញ។ ម្សិលមិញ ព័ត៌មានបឋម កងកម្លាំងរបស់យើងដែលនៅប្រទេស(សាធារណរដ្ឋ)អាហ្វ្រិកកណ្ដាល គឺគ្រាន់តែត្រឹមពលីតែម្នាក់ និងបាត់ខ្លួន ៣ នាក់។ ប៉ុន្តែមកដល់ពេលនេះ យើងបានទទួលព័ត៌មានជាក់លាក់ និងបានទទួលនូវសាកសពរួចមកហើយ។ កងទ័ពដែលបាត់ខ្លួនទាំង ៣ នាក់នោះ បានពលីរួចទៅហើយ។ ជនជាតិកម្ពុជាធ្វើសកម្មភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិក្នុងគោលដៅមនុស្សធម៌ បានពលីជីវិតដោយកិតិ្តយស និងសេចក្ដីក្លាហាន នៅលើទឹកដីនៃអាហ្វ្រិកកណ្ដាល។ អនុសេនីយទោ អ៊ឹម សំ, ព្រិន្ទបាលទោ ស៊ាង នរិន្ទ, ព្រិន្ទបាលទោ មុំ តុលា និងអនុសេនីយឯក ម៉ៅ អេង បានពលីដោយសារការវាយប្រហារពីក្រុមឧទ្ទាម។ សម្រាប់អនុសេនីយឯក ធុន គឹម កំពុងត្រូវរបួសដៃឆ្វេង។ នេះជាការបាត់បង់មួយសម្រាប់កងទ័ព និងប្រជាជនកម្ពុជា ដែលខ្ញុំសូមអញ្ជើញឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ងើបឈរឡើងដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធចំពោះឯកឧត្តម មាស ក្រូច និងចំពោះវីវនាយទាហាន និងនាយទាហានរងរបស់យើង ដែលបានពលីកម្មកាលពីម្សិលមិញ។
ថ្កោលទោស និងស្វែករកម្ចាស់ផេកហ្វេសប៊ុក ឡុង ឌីម៉ង់ (Long Dimanche)
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រធានសមាគមអតីតយុទ្ធជន ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមមរណទុក្ខចំពោះគ្រួសារនៃសព ហើយសូមឧទិ្ទសនូវការងារនេះជាកិត្តិយសសម្រាប់ជាតិទាំងមូល ហើយខ្ញុំសូមស្នើអោយរកហ្វេសប៊ុកឈ្មោះ ឡុង ឌីម៉ង់ (Long Dimanche) អោយធ្វើការកែ ជាបន្ទាន់នៅក្នុងការបង្ហោះហ្វេសប៊ុកបែបនេះ (ទាហានខ្មែរត្រូវបានកាត់ក្បាលដោយក្រុម ISIS)។ នេះជាការបង្ហោះមួយដែលបំផ្លិចបំផ្លាញដល់កិត្តិយសរបស់កងទ័ព។ លោក ឡុង ឌីម៉ង់(នេះ) ដែលមិនមែនជាលោក ឡុង ឌីម៉ង់ អគ្គរដ្ឋទូតនៅកូរ៉េខាងត្បូងទេ។ ខ្ញុំបញ្ជាអោយក្រសួងមហាផ្ទៃតាមជាបន្ទាន់ ធ្វើកិច្ចការនេះ (ស្វែងរកម្ចាស់ផេកហ្វេកប៊ុក Long Dimanche) … វាមានតម្លៃស្មើនឹងការប្រកាសសង្រ្គាមជាមួយនឹងកងទ័ពកម្ពុជាទាំងមូល។
យើងមិនអាចអត់អោនអោយពួកភេរវករដែលបានវាយប្រហារសម្លាប់ជនរួមជាតិ និងទាហានរបស់យើងដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេសនោះទេ។ យើងបន្តប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ប៉ុន្តែអ្នកបង្ហោះហ្វេសប៊ុកដោយរូបភាពកាត់តបែបនេះ គឺត្រូវទទួលខុសត្រូវ។ ប្រសិនបើជាការដកចេញនូវរូបភាពនេះ យើងអាចយោគយល់បាន ប៉ុន្តែបើសិនជាអ្នកបង្ហោះមិនដករូបភាពនេះចេញទេ យើងនឹងស្វះស្វែងរកមនុស្សនេះ ដើម្បីផ្ដន្ទាទោស ហើយអ្នកនឹងក្លាយទៅជាសត្រូវរបស់កងកម្លាំងប្រដាប់អាវុធ។ ប្រសិនបើអ្នកជាសមាជិកបក្សនយោបាយផ្សេងដែលមានចេតនា បក្សនោះក៏ក្លាយទៅជាសត្រូវ នៃកងកម្លាំងប្រដាប់អាវុធផងដែរ។ សូមអោយមានការស្រាវជ្រាវ ក្រែងលោមានការជ្រុលជ្រួសយ៉ាងណាមួយ លោក ឡុង ឌីម៉ង់ ត្រូវតែបញ្ចប់ ដកចេញភ្លាម។ នេះអាចរួចខ្លួន …។
សុំសេនាធិការកងទ័ពអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្ដាល ពិនិត្យ និងរៀបចំកម្លាំងការពារបន្ថែម
សម្រាប់ការបាត់បង់របស់យើងនេះ យើងអំពាវនាវអោយអង្គការសហប្រជាជាតិ ជាពិសេសផ្នែកសេនាធិការនៃកងទ័ពរបស់អង្គការសហប្រជាជាតិ ដែលកំពុងប្រតិបត្តិការនៅអាហ្វ្រិកកណ្ដាល ចាត់ចែងកម្លាំង ឬ រៀបចំកម្លាំងបន្ថែមទៀត ព្រោះថាការថ្លោះធ្លោយនៃការរៀបចំដោយសេនាធិការរបស់អង្គការសហប្រជាជាតិ វាអាចនាំមកនូវគ្រោះថ្នាក់សម្រាប់កងទ័ពនៃប្រទេសនានា ដែលយើង និងប្រទេសម៉ារ៉ុក សុទ្ធតែមានការបាត់បង់ដូចគ្នា ប៉ុន្តែម៉ារ៉ុក ត្រឹមតែរងរបួស និងបាត់ខ្លួន។ ប្រហែលជាប្រជាជនម៉ារ៉ុក គេចេះភាសានៅទីនោះ។ ម៉ារ៉ុក ក៏និយាយភាសាបារាំង ហើយនៅអាហ្វ្រិកកណ្ដាលក៏និយាយភាសាបារាំង ប៉ុន្តែបងប្អូនយើងអាចពេលនោះ តាមការស្មានរបស់ខ្ញុំជាមួយនឹងឯកឧត្តម ទៀ បាញ់ យប់មិញនេះ ដោយសារសាកសពបានរកឃើញនៅចម្ងាយប្រមាណជា ២ គីឡូម៉ែត្រ ពីកន្លែងប្រយុទ្ធដំបូង។ ដូច្នេះ បងប្អូនរបស់យើងនេះ អាចនឹងត្រូវចាប់ខ្លួន ហើយសម្លាប់ជាក្រោយ រួចហើយយកទៅកប់។ យើងបានចរចាជាមួយនឹងព្រះវិហារកាតូលិក ដើម្បីនឹងយកសាកសពនេះ។
កម្ពុជានឹងបញ្ជូនក្រុមមួយពីការពារជាតិ ទៅសង្កេតមើល និងពិនិត្យការរៀបចំនៅអាហ្វ្រិកកណ្ដាល
ខ្ញុំគិតថា ត្រូវចាត់តាំងក្រុមមួយពីក្រសួងការពារជាតិ ដើម្បីទៅកាន់អាហ្រ្វិកកណ្ដាល ហើយសង្កេតមើលអំពីការរៀបចំកម្លាំងមុនការកើតហេតុនេះ ព្រោះយើងក៏សុទ្ធតែជាទាហានដែរ ហើយនៅក្នុងទីនេះ ក៏សុទ្ធតែទាហានដែលធ្លាប់ច្បាំង ហើយមួយភាគធំក៏សុទ្ធតែអ្នកដែលធ្លាប់រៀនសេនាធិការ។ យើងមិនស្ដីបន្ទោសចំពោះសេនាធិការរបស់អង្គការសហប្រជាជាតិនោះទេ ក៏ប៉ុន្តែយើងអំពាវនាវចំពោះសេនាធិការកងទ័ពរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្ដាល ពិនិត្យទៅលើការរៀបចំកម្លាំងឡើងវិញ ដើម្បីជៀសវាងនូវឧបទ្ទវហេតុ(ដូចនេះ) ព្រោះថាកម្លាំងរបស់កម្ពុជាដែលបញ្ជូនទៅនេះ មិនមែនជាកម្លាំងទៅដើម្បីប្រយុទ្ធនោះទេ។ … កម្លាំងរបស់យើងសុទ្ធតែជាកម្លាំងវិស្វកម្ម ដែលត្រូវធ្វើការដោះមីនផង និងធ្វើការសាងសង់ជួសជុលផ្លូវរហូតទៅដល់ព្រលានយន្ដហោះ។
ខ្ញុំសូមអោយមានការរៀបចំ ដើម្បីទៅពិនិត្យមើលអំពីបញ្ហានេះ ហើយស្នើសុំនូវផែនទីរៀបចំកម្លាំងនៅតំបន់ ដើម្បីធ្វើជាមូលដ្ឋាននៃការសិក្សារបស់យើង តើការរៀបចំកម្លាំងនេះ វាត្រូវ ឬទេ? ព្រោះយើងនៅទីនេះ មិនមែនជាទាហានលំអរទីក្រុងទេ តែយើងសុទ្ធតែជាអតីតទាហាន ដែលធ្លាប់ឆ្លងកាត់នូវការប្រយុទ្ធរាប់សិប និងដល់រយលើក។ យើងស្គាល់នូវរបៀបរៀបចំកម្លាំង។ យើងជាសមាជិកអង្គការសហប្រជាជាតិ យើងមានសិទ្ធិផ្ដល់មតិជូនដល់អង្គការសហប្រជាជាតិ ទៅលើការជ្រើសរើសទាហានចេញពីប្រទេសណាទៅធ្វើជាសេនាធិការ ឬធ្វើមេបញ្ជាការ។
កម្ពុជា នឹងបង្កើនការខិតខំបញ្ជូនកម្លាំងបន្តទៅជួយបណ្តាប្រទេសជាមិត្ត
នេះក៏ជាផ្នែកមួយនៃការទទួលខុសត្រូវរបស់យើង ចំពោះសភាពកាណ៍ ដែលបានកើតឡើងរួចមកហើយ កុំអោយវាកើតឡើងសាជាថ្មីម្ដងទៀត។ សង្ឃឹមថា កម្លាំងដែលកំពុងឈរជើងនៅអាហ្វ្រិកកណ្ដាលក្ដី នៅម៉ាលីក្ដី នៅស៊ូដង់ខាងត្បូង ក៏ដូចជានៅលីបង់ មិនតក់ស្លុតចំពោះសភាពការណ៍នេះនោះទេ ហើយបងប្អូនប្រជាជនកម្ពុជា ១៥ លាននាក់, កងទ័ពប្រមាណ ១១ ម៉ឺននាក់ នគរបាលប្រមាណជាង ៦ ម៉ឺននាក់ ឈរពីក្រោយ និងត្រៀមខ្លួនជាស្រេច ដើម្បីចេញប្រតិបត្តិការរក្សាសន្តិភាពជាបន្ត។ យើងមានកម្លាំង យើងកំពុងត្រៀមរៀបចំដើម្បីប្តូរវេន រាប់ទាំងការទិញសម្ភារៈថ្មីៗ បំពាក់ឲ្យកម្លាំងរបស់យើងនៅក្រៅប្រទេស។ យើងមិនថយក្រោយ ហើយសម្រេចចិត្តឈប់ចូលរួមប្រតិបត្តិការរក្សាសន្តិភាពនោះទេ។
ផ្ទុយទៅវិញ ខ្ញុំយកឱកាសនេះបញ្ជាក់ទៅអង្គការសហប្រជាជាតិថា កម្ពុជានឹងបង្កើនការខិតខំរបស់ខ្លួន ដើម្បីបញ្ជូនកម្លាំងបន្តទៅជួយបណ្តាប្រទេសជាមិត្ត មិនចុះចាញ់ជាមួយនឹងការរំលោភបំពានណាក៏ដោយចុះ ព្រោះថា(ក្នុងការអនុវត្ត)កិច្ចព្រមព្រៀងឈប់បាញ់ សភាពការណ៍នេះក៏ធ្លាប់បានកើតនៅកម្ពុជា ពេលនោះកម្លាំងខ្មែរក្រហម ដែលមិនអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងបារីស ក៏បានលបវ៉ៃឆ្មក់ទៅលើទាហាននៃប្រទេសមួយចំនួន រាប់ទាំងក្រុមនគរបាលរបស់ប្រទេសជប៉ុនផងដែរ។
កម្ពុជារំដោះខ្លួនចេញ និងទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍
កម្ពុជាមិនតក់ស្លុតជាមួយនឹងបញ្ហានេះនោះទេ។ ថ្ងៃនេះ យើងមានការបាត់បង់ តែយើងក៏មានមោទនភាពថា កម្ពុជាសម័យនេះ គឺកម្ពុជាមិនគ្រាន់តែងើបឈរឡើង ដើម្បីរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ កម្ពុជាទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ដំណើរការសន្តិភាព និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ នាំមកនូវការបញ្ចប់សង្រ្គាមទាំងស្រុង ដែលថ្ងៃនេះ បងប្អូនទាំងឡាយនៅទីនេះ បានរបួស ពិការ… ពិតណាស់ហើយ បងប្អូនយើង(ធ្វើ)ពលីកម្ម (ទាំង)យុទ្ធមិត្តរបស់យើងនៅទីនេះក្តី និងអ្នកមិននៅទីនេះក្តី (បាន)នាំមកនូវសេចក្តីសុខថ្ងៃនេះសម្រាប់ប្រជាជនកម្ពុជាទាំងមូល រាប់ទាំងសម្រាប់បក្សនយោបាយនានា ដែលមុននេះ មិនដឹងថានៅឯណាផងទេ ប៉ុន្តែពេលនេះចេញមុខធ្វើជា “អ្នកសាងគ្រោះ” ឲ្យជាតិ។ ពេលសភាពការណ៍អាសន្ន ដែលប្រទេសជាតិត្រូវការសង្រ្គោះ តើពួកគេនៅឯណា? … បន្ទាប់ពីការរត់ក្រោមគ្រាប់បែក គ្រាប់ផ្លោង ក្រោមត្បូងចប ពលិកម្មនេះ បានផ្តល់សេចក្តីសុខសម្រាប់ប្រជាជនយើង។ (យោងតាមពាក្យសម្តីក្នុងហ្វេសប៊ុក) ខ្ញុំនៅតែអះអាងដាច់ខាតលើកនេះ សង្គ្រាមវានឹងកើត ប្រសិនបើគណបក្សប្រជាជនមិនបន្តការគ្រប់គ្រងអំណាចនោះ។
យើង(យុទ្ធមិត្ត)បានខិតខំធ្វើអោយប្រទេសកម្ពុជាផ្លាស់ពីតំបន់ត្រួតត្រាច្រើន មកក្លាយជាតំបន់ត្រួតត្រាមួយ
ខ្ញុំមិននិយាយតាមសុន្ទរកថាទៀតទេ បានជាជ្រុលប៉ុណ្ណេះហើយ គឺឈប់និយាយតាមសុន្ទរកថាហើយ។ ខ្ញុំត្រូវតែនិយាយឲ្យបានច្បាស់ ជាមួយនឹងយុទ្ធមិត្តទាំងអស់ដែលបានបូជាសាច់ស្រស់ឈាមស្រស់ សម្រាប់ជាតិមាតុភូមិដ៏កំសត់មួយនេះ។ រយៈពេលកន្លងទៅ ការខិតខំរបស់យើងបាននាំមកនូវសមិទ្ធផលសម្រាប់សង្គមជាតិ។ មានអ្នកខ្លះគេជេរយើង គេលាបពណ៌យើង តែគេមិនបានដឹងថា ក្បាលរបស់គេបានរស់ដោយសារពលិកម្មរបស់យើងនោះទេ។ អ្នកខ្លះកើតមិនទាន់ តែយើងក៏បានសង្រ្គោះឪពុកម្តាយ និងជីដូន ជីតារបស់ពួកគេ ប៉ុន្តែ បែរជាត្រូវមនោគមវិជ្ជាមួយគ្របដណ្តប់។ មិនហ៊ាននិយាយទេ ទៅលើបុព្វហេតុនៃការរំដោះជាតិ នៃការនាំមកនៃសន្តិភាពពិតប្រាកដមួយ។ ប្រទេសកម្ពុជាដែលអតីតកាលរបស់ខ្លួន ជាប្រទេសមួយ ធ្លាប់មានតំបន់ត្រួតត្រាច្រើន និងកម្លាំងប្រដាប់អាវុធច្រើន … ធ្លាប់មានតំបន់ត្រួតត្រាច្រើន និងរដ្ឋាភិបាល ២ យើងបានខិតខំធ្វើកិច្ចការងារនេះ ដើម្បីនាំមកនូវប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ មិនមែនជាបញ្ហាលេងសើចទេ ហើយក៏មិនមែនទេវតាប្រទានឲ្យយើងដែរ គ្មានបរទេសណាផ្តល់ឲ្យយើងនៅនាទីចុងក្រោយដែរ។ អ៊ុនតាក់ បានចាយលុយអស់ ២០០០ លានដុល្លារសហរដ្ឋអាមេរិក យើងទទួលស្គាល់នូវតួនាទីរបស់អ៊ុនតាក់ ដែលនាំមកនូវការស្រុះស្រួលរវាងភាគី ៣ ហើយដំណើរការបោះឆ្នោតដែលរៀបរៀងដោយ អ៊ុនតាក់ ប៉ុន្តែ អ៊ុនតាក់ខ្លួនឯង និងសហប្រជាជាតិខ្លួនឯង ក៏មិនត្រូវភ្លេចថាពេលដែលដកត្រឡប់ទៅវិញ ទុកឲ្យកម្ពុជាមានតំបន់ត្រួតត្រា ២ មានរដ្ឋាភិបាល ២ ក្នុងចន្លោះឆ្នាំ ១៩៩៣ ដល់ ឆ្នាំ ១៩៩៨ …។
នយោបាយឈ្នះឈ្នះ មិនបង្កើតឲ្យអ្នកណាមួយរងគ្រោះទេ
នយោបាយឈ្នះឈ្នះរបស់យើងបាននាំមកសន្តិភាព និងការបង្រួបបង្រួមជាតិ និងជាការឯកភាពលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរាប់សិប ឬដល់រាប់រយឆ្នាំ បើគិតតាំងពីដំណាក់កាលដែលព្រះស្រីរាជាគ្រងរាជ្យ នៅឆ្នាំ ប្រមាណជាង ១៤៧០ ខ្មែរ។ ឃើញតែទាស់គ្នា បែកបាក់គ្នា កម្លាំងប្រដាប់អាវុធមាននៅតាមក្រុមផ្សេងៗគ្នា ជាខ្មែរក្រហម ជាខ្មែរស ជាខ្មែរខៀវ ជាខ្មែរស៊ីជម្ពូ និងខ្មែររដ្ឋាភិបាល។ ឆ្នាំ ៧០-៧៥ ប្រទេសកម្ពុជាមួយបែងចែកជាតំបន់ត្រួតត្រា ២ និងរដ្ឋាភិបាល ២ មិនគ្រាន់តែប្រយុទ្ធគ្នានៅផ្ទៃក្នុងប្រទេសទេ ក៏ប៉ុន្តែបានប្រយុទ្ធគ្នា នៅតាមវេទិកាអន្តរជាតិ អង្គការសហប្រជាជាតិ។ (វេទិកាទាំងនោះ) ត្រូវកាន់កាប់ដោយពួក លន់ នល់ ដែលធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ គេបានបន្តកាន់កាប់អាសនៈ នៅអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ត្រូវកាន់កាន់ដោយរណសិរ្សរួបរួមជាតិកាន់កាប់ដោយសម្តេច នរោត្តមសីហនុ។ នោះហើយជាលទ្ធផលនៃការផ្លាស់ប្តូរ វាជាលទ្ធផលនៃនយោបាយជំរុញឲ្យមានជម្លោះ។
បន្តមកទៀត របបប្រល័យពូជសាសន៍បានធ្លាក់មកលើប្រជាជនកម្ពុជា។ យើងបានប្រឹងប្រែងរួមគ្នា បើទោះបីជាអ្នកមិនបានចូលរួមនៅក្នុងកងទ័ពក៏ដោយចុះ។ ប្រជាជនកម្ពុជាពេលនោះ បានប្រឹងងើបឈរឡើងជាផ្នែកដ៏សំខាន់នៃការរំដោះប្រទេសដ៏ឆាប់រហ័ស។ ទំនាក់ទំនងផលិតកម្មបែបផែនផលិតកម្មធ្វើរួមស៊ីរួមរបស់ ប៉ុល ពត បានជំរុញឲ្យប្រជាជនកម្ពុជាងើបឡើងផ្លាស់ប្តូរនូវបែបផែនផលិតកម្ម និងទំនាក់ទំនងផលិតកម្មដោយចែកចាន ចែកឆ្នាំងគ្នាត្រឡប់ទៅវិញ។ នេះជាផ្នែកដ៏សំខាន់មួយដែលជួយទៅដល់រដ្ឋាភិបាលពេលនោះដើម្បីដោះស្រាយបញ្ហា ជាផ្នែកមួយនៃការតស៊ូរបស់ប្រជាជន។ ប៉ុន្តែសង្រ្គាមនៅបន្តទៀត។ ជាថ្មីម្តងទៀត កម្ពុជាបានវិលត្រឡប់ទៅមានតំបន់ត្រួតត្រា ៤ យើងបានប្រឹងប្រែងរួមចំណែកដ៏ធំសំបើម នៅក្នុងការស្វែងរកសន្តិភាពដើម្បីឈានទៅដល់កិច្ចព្រមព្រៀងទីក្រុងបារីស។
កម្លាំងប្រដាប់អាវុធ ត្រូវចូលរួមការពារសន្តិភាពឲ្យបាន
សព្វថ្ងៃមានមនុស្សខ្លាំងដែលមិនដឹងថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសបែរមុខទៅណា ចាប់ផ្តើមពីណាទៅណា ធាតុវាជាអ្វី ប្រឹងប្រែងនិយាយលើសពីអ្នកដែលបានធ្វើកិច្ចការងារនេះដោយផ្ទាល់ទៀតផង។ វត្តមានអង្គការសហប្រជាជាតិ តាមរយៈ អ៊ុនតាក់ ដែលហៅថាអាជ្ញាធរ បណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ អន្តរកាលនេះ ក៏បានរួមចំណែកធំធេងសម្រាប់សន្តិភាពរបស់កម្ពុជា តែនៅដំណាក់កាលចុងក្រោយ យើងត្រូវលះបង់បន្ថែមទៀត។ ការលះបង់លើកនេះ វាមានតំលៃធំធេងរបស់វា។ សន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ គឺមិនបង្កើតឲ្យអ្នកណាមួយរងគ្រោះនោះទេ។ សូម្បីគ្រាប់កាំភ្លើងមួយគ្រាប់ ក៏យើងមិនបានប្រើផង។ ប៉ុន្តែ ដោយសា្មរតីស្រឡាញ់សន្តិភាព និងការបង្រួបបង្រួមជាតិ យើងបានចូលរួមទាំងអស់គ្នា ទាំងកម្លាំងគ្រប់ភាគី ជាពិសេស ភាគីកម្ពុជាប្រជាធិបតេយ្យក៏បានវិលមក។ ឥឡូវតំបន់ទាំងអស់នៅទូទាំងប្រទេសមានការអភិវឌ្ឍប្រហាក់ប្រហែលគ្នា។
សូមសម្លឹងមើល នៅពេលដែលសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ គេបានឃើញថា សិស្សនៅតាមខេត្តដាច់ស្រយាលកាលពីពេលមុន ក៏បានជាប់ច្រើន ហើយក៏មានអ្នកជាប់និទ្ទេស A នៅតំបន់ឆ្ងាយៗផងដែរ។ នោះហើយគឺជាលទ្ធផលនៃសន្តិភាពដែលយើងរកបានដោយលំបាក។ ដូច្នេះ ទាំងកងទ័ពបច្ចុប្បន្ន កម្លាំងប្រដាប់អាវុធបច្ចុប្បន្ន ទាំងកងទ័ពដែលបានចូលនិវត្តន៍ ត្រូវចូលរួមដើម្បីការពារសន្តិភាពនេះឲ្យបាន។ យើងដាច់ខាតមិនឲ្យនរណាម្នាក់បំផ្លាញសន្តិភាពនេះទេ ទោះបីអ្នកឯងនិយាយថា អ្នកឯងគ្មានអាវុធទេ ប៉ុន្តែ សង្គ្រាម មិនមែនកើតឡើងតែប្រើអាវុធទេ សង្គ្រាមវាអាចកើតឡើងដោយសារមាត់របស់អ្នកឯងតែម្តង …។ ប្រសិនបើមានចេតនារក្សាសន្តិភាពពិតប្រាកដ អប់រំផ្នែកខាងក្រោម ឈប់ជេរ ឈប់បញ្ចោរគ្នាទៅ។ នេះគឺជារឿងដែលគួរធ្វើ …។
សូមខិតខំបោះមេដាយ ដើម្បីបំពាក់ជូនយុទ្ធជន
… ខ្ញុំសុំអរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំនៃអតីតយុទ្ធជន ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ គន់ គីម ដែលបានប្រឹងប្រែងពាំនាំនូវការសួរសុខទុក្ខរបស់ខ្ញុំ និងអំណោយរបស់ខ្ញុំទៅកាន់បងប្អូនអតីតយុទ្ធជន នៅតាមមូលដ្ឋាននានា ហើយអម្បាញ់មិញ និយាយពីបញ្ហាខ្វះមេដាយ។ ឯកឧត្តម ប៊ិន ឈិន ត្រូវខិតខំបោះមេដាយ ដែលជាតម្រួវការ ព្រោះអារឿងមេដាយ គឺវាមិនលំបាកទេ ហើយរឿងស៊ីញ៉េឲ្យមេដាយ វាមិនពិបាកទេ ក៏ប៉ុន្តែ ការផលិតមេដាយនោះត្រូវឲ្យគ្រប់ ដើម្បីបំពាក់ជូនបងប្អូនគ្រប់ៗគ្នា។ យ៉ាងណាក៏ដោយ ក្នុងមួយជីវិតរបស់យើង ក៏បានទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជូននូវមេដាយទាំងអស់នេះ។
កំពុងខិតខំរំកិលឡើងនៃប្រាក់សោធននិវត្តន៍ របស់អ្នកចូលនិវត្តន៍មុនៗ
ខ្ញុំក៏សូមជម្រាបជូនចំពោះយុទ្ធមិត្តទាំងឡាយថា ពេលនេះ រាជរដ្ឋាភិបាលក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ កំពុងតែខិតខំធ្វើរំកិលឡើងនៃប្រាក់សោធននិវត្តន៍ មិនគ្រាន់តែកងកម្លាំងប្រដាប់អាវុធ ជាកងទ័ព នគរបាល អាវុធហត្ថ ប៉ុណ្ណោះទេ ក៏ប៉ុន្តែ មន្រ្តីរាជការ ដែលចូលនិវត្តន៍(ផងដែរ) ព្រោះអ្នកដែលចូលនិវត្តន៍មុនគឺប្រាក់ខែតិច ដល់ទៅអ្នកចូលនិវត្តន៍ក្រោយប្រាក់ខែច្រើន។ យើងត្រូវរំកិលអ្នកដែលបានចូលនិវត្តន៍មុន ក្នុងពេលដែលប្រាក់បៀវត្សរ៍ទាបឲ្យឡើងបន្តិចម្តងៗ។ យើងកំពុងធ្វើនៅក្របខណ្ឌទូទាំងប្រទេស ហើយខ្ញុំអំពាវនាវឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ជាមួយនឹងក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន រុញនូវ(ការរំកិល)ប្រាក់សោធននិវត្តន៍នេះឲ្យបានលឿន។ សំខាន់អ្នកដែលបានចូលនិវត្តន៍នៅពេលដែលមានប្រាក់ខែទាបនោះ (សូមរុញ)ឲ្យបានលឿនបន្តិច ព្រោះឥឡូវប្រាក់ខែខ្លះគាត់ ១ លាន ដល់ទៅចូលនិវត្តន៍នៅសល់ ៨០% ស្មើនឹង ៨០ ម៉ឺនរៀល តែកាលដែលពេលបងប្អូនយើងចូលនិវត្តន៍មុន ប្រាក់ខែត្រឹម ៤០ ម៉ឺន ដល់ចូលនិវត្តន៍ទៅ វានៅសល់ត្រឹម ៣០ ម៉ឺនរៀលប៉ុណ្ណឹង។ ដូច្នេះ ត្រូវជម្រុញល្បឿននៃការធ្វើកិច្ចការនេះជាបន្តទៅទៀត។
បន្តដោះស្រាយដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន
សូមឲ្យឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម គន់ គីម ធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធទៅលើការដោះស្រាយដីសម្បទានសង្គមកិច្ច ជូនចំពោះអតីតយុទ្ធជនរបស់យើង។ ឯកឧត្តម ជា សុផារ៉ា បានប្រាប់ខ្ញុំអំពីការប្រគល់ដីធ្លីនោះទៅឲ្យខេត្ត។ ដូច្នេះ ទន្ទឹមនឹងធ្វើការងារជាមួយថ្នាក់ជាតិ យើងក៏ត្រូវធ្វើការងារជាមួយថ្នាក់ក្រោមជាតិ គឺនៅថ្នាក់ខេត្ត ដើម្បីផ្តល់នូវដីធ្លីជូនចំពោះអតីតយុទ្ធជនរបស់យើង។ អ្វីដែលខ្ញុំស្នើសុំ នៅពេលដែលបងប្អូនបានដីហើយ សូមកុំលក់ ទុកជាកេរអាករ ប្រើប្រាស់វា ដើម្បីបង្កបង្កើនផល ប្រើប្រាស់វាជាកេរមត៌ក ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យសម្រាប់យើងផង និងសម្រាប់តកូន តចៅរបស់យើងផង។ ខ្ញុំពិតជាមានមោទនភាព ដោយសារកន្លងទៅ ខ្ញុំសង្កេតឃើញថា អតីតយុទ្ធជនរបស់យើង និងយុទ្ធជនរបស់យើង ក្រៅពីការខិតខំបម្រើជាតិតាំងពីវ័យក្មេង ទោះបីជានៅក្នុងក្របខណ្ឌទាហានបច្ចុប្បន្ន កងទ័ពបច្ចុប្បន្ន ឬក៏ធ្លាក់ខ្លួនពិការក៏ដោយចុះ ក៏ប៉ុន្តែបានប្រឹងប្រែងដើម្បីបណ្តុះបណ្តាលកូនរបស់ខ្លួន ឲ្យក្លាយទៅជាបញ្ញាវ័ន្ត ដែលជាសេចក្តីត្រូវការរបស់ប្រទេសជាតិ។ កូនក្មួយទាំងនោះ មួយភាគបានទទួលយកអាហារូបករណ៍របស់ខ្ញុំ។ ខ្ញុំគិតឃើញថា អតីតយុទ្ធជនរបស់យើង គឺបានគិតគូរជាមួយនឹងការបណ្តុះបណ្តាលរបស់កូនចៅខ្លួន ហើយក៏ជាផ្នែកដ៏សំខាន់មួយ នៃការគ្រប់គ្រងសណ្តាប់ធ្នាប់សង្គម ភូមិ ឃុំ មានសុវត្ថិភាព តាមរយៈបងប្អូនអតីតយុទ្ធជន ឬុយុទ្ធជនពិការរបស់យើង។
ប្រពន្ធ និងកូន កុំអន់ចិត្ត ដែលមានប្តី និងឪពុកជាយុទ្ធជនពិការ តែត្រូវមានមោទនភាព
កាលពីថ្ងៃទី ១៣ មេសា មុនចូលឆ្នាំ ទៅ ៣១៧ គូលេន ខ្ញុំក៏បាននិយាយថា សុំប្អូនស្រី ក្មួយស្រី កុំតូចចិត្តថាបានប្តីជាជនពិការ។ ប៉ុន្តែ ចេញមកស្រាប់តែជួបជាមួយនឹងអនុសេនីយទោម្នាក់ ដែលប្រពន្ធទើបនឹងរត់ចោល។ នេះជារឿងដែលមិនគួរមានទេ។ សូមក្មួយៗ ដែលជាកូនរបស់យុទ្ធជនពិការ កុំតូចចិត្តជាមួយនឹងឪពុក ឬម្តាយរបស់ខ្លួន ដែលបានក្លាយខ្លួនទៅជាជនពិការឲ្យសោះ ផ្ទុយទៅវិញ នោះគឺជាមោទនភាពដែលឪពុកម្តាយរបស់ខ្លួន ឬរហូតដល់ជីដូនជីតារបស់ខ្លួន ដែលធ្លាក់ខ្លួនពិការដោយសារប្រទេសជាតិ។
គណបក្សប្រជាជន កសាងសន្តិភាព និងអភិវឌ្ឍ
យើងបានធ្វើកិច្ចការច្រើន ហើយសង្ឃឹមថា យើងនឹងបន្តធ្វើកិច្ចការទាំងនេះតទៅទៀត។ យើងបានធ្វើច្រើនដំណាក់កាល តជំនាន់។ យើងរួមគ្នាតាំងពីស៊ីអត់ស៊ីឃ្លានរស់នៅជាមួយគ្នា។ បើនិយាយពីក្របខណ្ឌគណបក្ស មានតែគណបក្សប្រជាជនមួយគត់ ដែលបានកសាងសន្តិភាពនៅប្រទេសនេះ ហើយក៏មានតែគណបក្សប្រជាជនតែមួយគត់ដែលបានកសាង និងអភិវឌ្ឍឲ្យមានការរីកចម្រើនរហូតសព្វថ្ងៃ។ គណបក្សដទៃ ក្រៅពីការបំផ្លាញក្នុងដំណាក់កាលនៃការរស់រានឡើងវិញរបស់ប្រជាជន ក្រោយពេលរំដោះពីរបប ប៉ុល ពត ពួកគេបានរួមដៃគ្នាដើម្បីប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជន។
បក្សប្រឆាំងមិនបានជួយ ហើយធ្វើឲ្យខាតបង់ប្រយោជន៍របស់កម្មករ-កម្មការិនី មន្រ្តីរាជការ
ពេលដែលយើងកសាងប្រទេស ជាពេលដែលគេបានទៅសុំឲ្យបរទេសផ្តាច់ជំនួយ គេទៅសុំបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា គេក៏ទៅសុំបរទេសថាកុំឲ្យមកវិនិយោគនៅកម្ពុជា គេក៏ទៅសុំបរទេសកុំឲ្យបញ្ជាទិញទំនិញពីកម្ពុជា។ ក្មួយៗ កម្មករ កម្មការិនីរោងចក្រទាំងឡាយ ការងារដែលមានសព្វថ្ងៃមិនបានកើតមកពីបក្សប្រឆាំងទេ។ ផ្ទុយទៅវិញ បក្សប្រឆាំងប៉ុនប៉ង ធ្វើសកម្មភាពរហូតទៅដល់អឺរ៉ុប ដើម្បីកុំឲ្យបញ្ជាទិញ សំលៀកបំពាក់ពីកម្ពុជា។ តើនេះ ជាការកសាងជាតិ ឬការបំផ្លិចបំផ្លាញរបស់ពួកគេ? វាគ្រប់គ្រាន់ដើម្បីឲ្យយើងយល់ថា ប្រសិនបើគណបក្សប្រជាជន មិនខិតខំ និងមិនបន្តកាន់អំណាច គ្រោះថ្នាក់នឹងមកដល់សាជាថ្មី។
ពេលដែលយើងតម្លើងបៀវត្សឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សុំចាក់ឡើងវិញនូវការដេញដោលក្នុងសភា (គណបក្សប្រឆាំង)គេមិនបានបោះឆ្នោតគាំទ្រនូវច្បាប់ថវិកានោះទេ ប៉ុន្តែ ឥឡូវនេះគេដើរឃោសនាថា ការតម្លើងបៀវត្សឲ្យមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ គឺដោយសារការទាមទាររបស់ពួកគេទៅវិញ។ តើវាត្រឹមត្រូវឬទេ ដែលនិយាយ(ថារាជរដ្ឋាភិបាលធ្វើ)តាមការទាមទាររបស់ខ្លួនក្នុងពេលដែលខ្លួនមិនបានបោះឆ្នោតគាំទ្រច្បាប់ថវិកា ដែល ៥០ ភាគរយ នៃចំណាយចរន្ត បានប្រើប្រាស់ទៅលើបន្ទុកបុគ្គលិក គឺបៀវត្សមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងអ្នកចូលនិវត្តន៍នោះឯង។ តើនេះឬជាការទាមទាររបស់អស់លោកអ្នក? ខ្ញុំមិនមែនយកវេទិកានេះដើម្បីធ្វើការឃោសនាបោះឆ្នោតទេ ក៏ប៉ុន្តែ ខ្ញុំសុំនិយាយការពិតចេញមក មិនមែន ជារឿងមួលបង្កាច់អ្នកណានោះទេ។ … រាប់ទាំង CG តូក្យូ នៅពេលនោះ គេបានទៅទប់ស្កាត់កុំឲ្យផ្តល់ជំនួយឲ្យកម្ពុជា។ ក្រោយមក ជាបន្តបន្ទាប់ ហើយចុងក្រោយទៅដល់សហគមន៍អឺរ៉ុប ទាមទារកុំឲ្យមានការបញ្ជាទិញសំលៀកបំពាក់ពីកម្ពុជា ដែលជាការសម្លាប់កម្មករ/ការិនី ហើយក៏ជាការសម្លាប់កូនចៅរបស់ប្រជាពលរដ្ឋជាកសិករនៅឯមូលដ្ឋាន។ នេះឬជាការចង់បានឲ្យកម្មករ ឲ្យមនុស្សមានការងារធ្វើ? …។
បើគណបក្សប្រជាជនបាត់បង់ការប្រុងប្រយ័ត្នតែបន្តិច សង្រ្គាមវាមកដល់ភ្លាម
បើសិនជាសព្វថ្ងៃនេះ អ្នកណាក៏បានឲ្យតែស្រលាញ់ និងបោះឆ្នោតឲ្យគណបក្សប្រជាជនសុទ្ធតែជាអាយ៉ងរបស់បរទេស ជាជនក្បត់ជាតិ។ នេះជាការប្រមាថដ៏ធំ ចំពោះអ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនដែលមានចំនួនច្រើនលើសលប់ ហើយជាអ្នកដែលឈ្នះឆ្នោតជាបន្តបន្ទាប់។ យើងឈ្នះ យើងកាន់អំណាច យើងផ្តល់ឲ្យពួកគេនូវសេរីភាព នៃការធ្វើសកម្មភាពទាំងអស់តាមច្បាប់របស់កម្ពុជា ប៉ុន្តែ ទង្វើដែលគេកំពុងធ្វើតាមរយៈនៃការលាបពណ៌ ការជេរប្រទេច និងសកម្មភាពដទៃទៀត តើវាជាទង្វើស្អី? ប្រសិនបើគណបក្សប្រជាជនបាត់បង់ការប្រុងប្រយ័ត្នតែបន្តិច សង្រ្គាមវានឹងមកដល់ភ្លាម។ ខ្ញុំសូមបញ្ជាក់ សូម្បីតែវីរៈកីឡាការិនី ស៊ន សៀវម៉ី ទទួលបានពានរង្វាន់អាស៊ី តើដែលឃើញបក្សប្រឆាំង ធ្វើការអបអរសាទរទេ? កញ្ញា អ៊ុក ស្រីមុំ ដែលប៉ុន្មានថ្ងៃកន្លងទៅនេះ។ ឥឡូវដូចជា វរសេនីយត្រីហើយ កងទ័ព វរសេនីយត្រី អ៊ុក ស្រីមុំ ក៏ចេញពីកងទ័ពដែរ ប្រកួតយកមេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់ នៅប្រទេសបែលហ្ស៊ិក សួរថា តើបក្សប្រឆាំងបានអបអរសាទរមួយម៉ាត់ទេ? … សួរថាបក្សប្រឆាំងហ៊ានទេ? គេមិនហ៊ានទេ ព្រោះបើសសើរ វាដូចជាសសើរគណបក្សប្រជាជន។ តើនេះឬ ជាចរិតនៃការរួបរួមជាតិ? ពេលដែលមានទង្វើអាក្រក់ គេផ្សាយភ្លាម ប៉ុន្តែពេលដែលមានចំណុចវិជ្ជមាន គេមិនដែលនិយាយមួយម៉ាត់ទាល់តែសោះសួរថា? តើនេះឬជាចរិតនៃបក្សនយោបាយ ឬបុគ្គលដែលមានការទទួលខុសត្រូវក្នុងការបង្រួបបង្រួមជាតិទេ?
មិនភ្លេចនូវកាយវិការរបស់មន្រ្តីបក្សប្រឆាំងមួយចំនួន
សូមឲ្យប្រជាជនពិនិត្យ ពិចារណាឲ្យបានច្បាស់ ថោកអីនឹងដៃ ថ្លៃអីនឹងមាត់ ពេលដែលសម្តេចវិបុលបញ្ញា សុខ អាន ទទួលមរណភាព សូម្បីតែសារមួយបន្ទាត់ ក៏គ្មានផង ថែមទាំងប្រើប្រាស់ពាក្យពេជន៍មិនត្រឹមត្រូវស្ទើរតែមានបាតុកម្មរបស់យុវជន ទើបសារលិខិតសុំទោសបានមកដល់។ នេះដោយសារ សីហា វាចេះចាប់សម្លេងពីត្រង់ណាបានយកទៅផ្សាយ តើនេះឬជាចរិតនៃការរួបរួមជាតិ? ពេលឯកឧត្តម ប៉ែន សុវណ្ណ ទទួលមរណភាព មន្រ្តីគណបក្សប្រជាជន ថ្នាក់ការិយាល័យនយោបាយ គណអចិន្រ្តៃយ៍ និងសមាជិកសភា អនុប្រធានសភា បានទៅគោរពវិញ្ញាណក្ខ័ន្ធដល់កន្លែង។ ពេលដែលម្តាយក្មេក ម្តាយរបស់លោកជំទាវ ជូឡុង សូមូរ៉ា ទទួលមរណភាព ខ្ញុំបានទូរស័ព្ទទៅលោកជំទាវ ជូឡុង សូមូរ៉ា បន្ទាប់ទៅ ខ្ញុំក៏បានចេញសាររំលែកទុក្ខ ហើយក៏បានបញ្ជូនកូនប្រុសទៅចូលរួមមរណទុក្ខ។
កាយវិការផ្ទុយគ្នាស្រលះបែបនេះ តើយកជាគ្នាបានឬអត់? នេះជាសំនួរសម្រាប់ប្រជាពលរដ្ឋថ្លឹងថ្លែងទៅចុះ។ តើទាស់ខុសអីគ្រាន់តែអបអរសាទរកញ្ញា អ៊ុក ស្រីមុំ ដែលបានទទួលមេដាយមាស តើទៅថោកអី? លោកស្រី កែ ឡេង ដែលទទួលមេដាយមាស កញ្ញា ស៊ន សៀវម៉ី ដែលទទួលមេដាយមាស តើវាទាស់ខុសអីនៅពេលដែលកីឡាបាល់ទាត់កម្ពុជាយកឈ្នះទៅលើប្រទេសមួយចំនួន។ ប្រជាជនគួរត្រូវបានពិចារណាទៅលើទង្វើអស់ទាំងនេះ។ កីឡាអត់មាននយោបាយទេ ហេតុអ្វីបានគេមិនធ្វើ តែខ្ញុំក៏មិនភ្លេចនូវកាយវិការរបស់មន្រ្តីបក្សប្រឆាំងមួយចំនួន ដែលនៅថ្ងៃបូជាសពសម្តេចវិបុលបញ្ញា ក៏បានមកចូលរួមនៅក្នុងពិធីនោះផងដែរ អាចចាត់ទុកថាជាកាយវិការផ្ទុយពីមេបក្សរបស់ខ្លួន …។
ខ្ញុំមិនមែនជាទាហាន ត្រឹមតែលម្អទីក្រុងទេ
សុំបញ្ជាក់ថា កងទ័ពដូចជារូបខ្ញុំនេះ មិនមែនព្រះមហាក្សត្រព្រះអង្គចេះតែប្រទាននោះទេ។ ងារតេជោ គោរមងារជាសម្តេច ដែលព្រះបរមរតនកោដ្ឋ បានព្រះប្រទាន បន្ទាប់ទៅងារសម្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ មិនមែនចេះតែបំពាក់នោះទេ។ ប៉ុន្តែច្បាស់ណាថា គោរមងារទាំងនេះ គឺជាការទទួលស្គាល់នៅក្នុងព្រះរាជក្រឹត្យរួចស្រេចទៅហើយ(ថា) ខ្ញុំមិនមែនជាទាហាន ដែលត្រឹមតែលម្អទីក្រុងទេ។ ព្រឹត្តិការណ៍កើតឡើង អស់លោកនាយទាហាន ពលទាហាន សុទ្ធតែបានដឹងនូវការរៀបចំរបស់ខ្ញុំ។ ឥឡូវ ពេលវេលាចែកអាវភ្លៀងបានមកដល់។ រៀបចំឲ្យបានស្រូត ឆ្នាំនេះភ្លៀងធ្លាក់ពីដើមឆ្នាំ ត្រូវបញ្ជូនអាវភ្លៀងបន្ទាន់ ទៅកាន់គ្រប់គោលដៅដែលយើងធ្លាប់បានផ្តល់រួចមកហើយ។ ខែរងាគឺត្រូវផ្តល់អាវរងា ខែភ្លៀងត្រូវផ្តល់អាវភ្លៀង ដែលអស់លោកប្រសិទ្ធនាមឲ្យខ្ញុំថា អគ្គភស្តុភាជាន់ខ្ពស់នោះអី ការគិតសព្វគិតគ្រប់ តាំងពីក្បាលដល់ចុងជើង ព្រោះខ្លួនខ្ញុំផ្ទាល់ដែលជាអ្នកធ្លាប់ដេកក្នុងលេណដ្ឋាន ជាអ្នកធ្លាប់ចងអង្រឹងដេក ជាអ្នកផ្អែកដើមឈើដេក។ គ្រប់រសជាតិ ខ្ញុំបានស្គាល់ ហើយ(ភាព)របួសពិការ … កាន់តែលើកទឹកចិត្តអោយខ្ញុំរួមចំណែករំដោះប្រទេស នំាមក និងរក្សាសន្តិភាពជាបន្ត។
ដើម្បីការពារសន្តិភាព និងសមិទ្ធផល គណបក្សប្រជាជនត្រូវតែឈ្នះឆ្នោតគ្រប់ការបោះឆ្នោតទំាងអស់
ទោះអ្នកនិយាយថាយ៉ាងម៉េចក៏ដោយចុះ ហោចណាស់ អ្នកត្រូវបើកភ្នែកអោយឃើញថា ស្ពានធំៗ ដែលឆ្លងកាត់ទន្លេ បានកើតនៅក្នុងដំណាក់កាលនៃការដឹកនំារបស់ តេជោសែន នេះឯង។ អគ្គិសនី ផ្លូវថ្នល់ ប្រឡាយទឹក។ ពិតមែនតែវាមិនទាន់គ្រប់គ្រាន់ទេ យើងចាប់ផ្តើមពីបាតដៃទទេ ពីទីក្រុងភ្នំពេញដែលគ្មានមនុស្សនៅ ឥឡូវក្រុងភ្នំពេញកកស្ទះទៅដោយយានយន្តគ្រប់ប្រភេទ។ អ្វីៗបានកើតក្នុងដំណាក់កាលនេះ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងយល់ ហើយសង្ឃឹមថា នេះជាក្តីមោទនភាពនៃអតីតយុទ្ធជន និងយុទ្ធជនពិការរបស់យើង ក៏ដូចជាបងប្អូនមន្ត្រីរាជការ ដែលបានចូលនិវត្តន៍ទៅហើយ ៣៨ ឆ្នំាបានកន្លងផុត ជាមួយនឹងការខិតខំរបស់យើងទំាងអស់គ្នា។ ដូច្នេះ ដោយតម្លៃណាក៏ដោយ ត្រូវតែការពារអោយបាន។ ដើម្បីការពារបានគណបក្សប្រជាជនត្រូវតែឈ្នះឆ្នោតគ្រប់ការបោះឆ្នោតទំាងអស់។
សូមកុំភ្លេច ថ្ងៃ ២៨ ខែកក្កដា មិនទាន់ដឹងលទ្ធផលផ្លូវការផង ឆេះឡានអស់ប៉ុន្មាននៅស្ទឹងមានជ័យ។ អ្នកឯងធ្វើសកម្មភាពច្រើនទីកន្លែង មិនអោយពលរដ្ឋចូលបោះឆ្នោត តែដើម្បីថ្នាក់ថ្នមសភាពការណ៍ យើងអត់ធ្មត់មិនធ្វើសកម្មភាព។ កុំភ្លេចថា ២០១៧ និង ២០១៨ បើសកម្មភាពរបស់ពួកអ្នកឯងរបៀបនេះ កម្លំាងប្រដាប់អាវុធត្រូវចេញបង្ក្រាបភ្លាម … អត់មានទុកអោយមកដុតឡានបំផ្លាញសណ្តាប់ធ្នាប់សាធារណៈទេ។ មិនទាន់នឹងឈ្នះផង បែរជាទាមទារ បែរជាបង្ករហេតុទៅហើយ។ បន្ទាប់ពីនោះ ធ្វើបាតុកម្ម ហ៊ុន សែន អើយ ចុះចេញទៅ ហ៊ុន សែន អើយ ចុះចេញទៅ។ ខ្ញុំបាននិយាយជាមួយ កឹម សុខា ផ្ទាល់នៅនឹងរដ្ឋសភា ខ្ញុំថាម៉េចឯកឧត្តមថា បើមិនចុះមានតែអង្រួនអោយចុះ។ ខ្ញុំបានចង្អុលមុខគាត់ ពេលនោះឯកឧត្តម ងួន ញ៉ិល គាត់នៅជិតខ្ញុំថា ឯកឧត្តម បើសិនជាឯកឧត្តមសម្រេចធ្វើ ថ្ងៃនេះគឺជាថ្ងៃបុណ្យខ្មោចឯកឧត្តមទេ។
សូមកុំព្រហើន អ្នកឯងមិនទាន់ឈ្នះ អ្នកឯងទៅប្រកាសនៅស្រុកស្អាង បោះឆ្នោតរួចហើយ ដឹងហើយលទ្ធផល អ្នកណាប៉ុន្មាន អ្នកណាប៉ុន្មាន? ហេតុអ្វីក្រោយការបោះឆ្នោតគេប្រើពាក្យថា វាជាឱកាសល្អបំផុតសម្រាប់ការផ្លាស់ប្តូរនៅឆ្នំា ២០១៣ នេះ។ មានន័យដូចម្តេចទៅ។ សូមកុំភ្លេច headquarters របស់អ្នកឯង មិនអាចទប់ទល់ជាមួយនឹងកម្លំាងដ៏ស្មោះត្រង់របស់រាជរដ្ឋាភិបាលស្របច្បាប់នោះទេ។ ហើយក៏បានឃើញអ្នកឯងរត់ទៅសម្ងំលាក់ខ្លួន នៅពេលដែលអ្នកឯងធ្វើសកម្មភាពជ្រុលហួស។ សូមព្រមានទុកអោយហើយកុំអោយសភាពការណ៍ឆ្នំា ២០១៣ វិលវិញ ទំាងមុនបោះឆ្នោត និងក្រោយបោះឆ្នោត។ … ធម្មតាកងទ័ពអត់និយាយថា លោកម្ចាស់សូមនៅអោយស្ងៀម។ អត់ទេ។ ទាហានអត់និយាយអញ្ចឹងទេ។ បើទាហាន West Point វិញ អាឆ្នំាទីមួយគេអោយដើរអោយលឿន … ខ្ញុំទៅដល់សាលា។ ឆ្នំាទីមួយគេអោយដើរអោយលឿន។ ឆ្នំាទីពីរ គេបង្រៀនស្រែកអោយខ្លំាងៗ ព្រោះមេទ័ពទៅបញ្ជា … បើមិនអញ្ចឹងៗ មានអ្នកណាស្តាប់ ទាហានគេនិយាយខ្លំាង។
ប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីកំណែទម្រង់រដ្ឋក្នុងការបើកប្រាក់បៀវត្ស
យើងបន្តការខិតខំបន្តទៅទៀត តាមរយៈនៃការជម្រុញនៃកិច្ចការទំាងឡាយ ដែលត្រូវធ្វើសម្រាប់បងប្អូនរបស់យើង ក្នុងនោះបញ្ហាបេឡាជាតិអតីតយុទ្ធជន ប្រឹងប្រែងធ្វើម៉េចអោយកិច្ចការងារនេះដំណើរការបានស្រូត បានល្អ … កន្លងទៅ ឯកឧត្តម វង្ស សូត្រ បានរាយការណ៍អោយខ្ញុំ មិនចំាបាច់ធ្វើដំណើរឆ្ងាយមកបើកលុយនោះទេ មានតែកាត ATM បើកលុយក្បែរផ្ទះនោះទៅ …។ នេះហើយជាការកែទម្រង់រដ្ឋ ដែលមកទល់បច្ចុប្បន្ននេះ មន្ត្រីរាជការស៊ីវិលរបស់យើង ទន្ទឹមនឹងការឡើងបៀវត្ស ក៏បានបើកប្រាក់ទៅតាមធនាគារអស់ហើយ។ នគរបាលក៏បានធ្វើជិតអស់ហើយ។ ឯអ្នកដែលមិនទាន់បានបើក ក៏គ្រាន់តែមិនទាន់បានប្រើប្រាស់។ កងទ័ពមួយផ្នែកក៏បានធ្វើហើយ។ យើងប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជម្រុញកំណែទម្រង់ ដូចជាបើកផ្តល់បៀវត្ស ដោយមិនចំាបាច់ដឹកសាច់ប្រាក់ទំាងឡានៗចេញ ពីទីក្រុងភ្នំពេញទៅកាន់បណ្តាខេត្ត ឬបណ្តាយុទ្ធភូមិភាគ ឬកងពលនោះទេ នេះជាវិធីដែលរាជរដ្ឋាភិបាលដឹកនំាដោយគណបក្សប្រជាជន បន្តការខិតខំ។
ផ្តល់ដីសម្បទានអោយអតីតយុទ្ធជន និងយុទ្ធជន
ខ្ញុំស្នើទទូចអោយបន្តការខិតខំពិនិត្យរៀបចំការផ្តល់ដីសម្បទាននេះ សម្រាប់អោយបងប្អូនរបស់យើងមានដីធ្លីសម្រាប់បង្កបង្កើនផលតាមខេត្ត លើកលែងតែទីក្រុងភ្នំពេញគ្មានដីទេ ខេត្តកណ្តាលគ្មានដីទេ ប៉ុន្តែខេត្ត(ផ្សេង)មានដីនោះ ហើយធ្វើម៉េចអោយបានដល់ដៃអតីតយុទ្ធជន និងយុទ្ធជនធ្វើការពិតប្រាកដ។ ខ្ញុំសូមអរគុណចំពោះដៃគូនេះ ដែលបានផ្តល់ជំនួយ ក្នុងរយៈពេលកន្លងទៅ ដូចជាការធ្វើជើងសិប្បនិម្មិត្ត ឬការស្តារឡើងវិញនូវកាយសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈជូនបងប្អូនអតីតយុទ្ធជន ឬយុទ្ធជនពិការ។ អរគុណសប្បុរសជននានានៅក្នុងប្រទេស ដែលបានចែករំលែកថវិការបស់ខ្លួន ដើម្បីផ្តល់ជួយទៅដល់យុទ្ធជនពិការ តាមរយៈការផ្តល់ថវិកា ដើម្បីកសាងនៅផ្ទះជូនយុទ្ធជនពិការ។ នៅពេលមានសភាពការណ៍នៅតាមព្រំដែន ប្រជាជនយើងទោះតិចទោះច្រើនបានគំាទ្រនៅយុទ្ធជននៅព្រំដែន។ នេះជាកាយវិការដែលបញ្ជាក់ច្បាស់ថាកងទ័ព ជាកងទ័ពរបស់ប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន មិនមែនជាមនុស្សដាច់ដោយឡែក ហើយដែលត្រូវបក្សប្រឆាំងជេរបញ្ចោរនោះទេ។
នយោបាយបោកប្រោស់ប្រជាភិថុតិ បញ្ញើក្អែក មិនមែនជាជម្រើស
សេចក្ដីសុខរបស់អ្នកបានមកពីញើសឈាមរបស់អតីតយុទ្ធជន និងយុទ្ធជនបច្ចុប្បន្ន ដែលកំពុងឈរការពារនៅគ្រប់ទីកន្លែង។ ដើម្បីសេចក្ដីសុខរបស់អ្នក សុំអ្នកកុំប្រមាថឲ្យសោះ។ អ្នកកំពុងសប្បាយរីករាយ អ្នកកំពុងតែប្រជុំដាក់ផែនការដើម្បីបំផ្លាញរាជរដ្ឋាភិបាល។ តែកំលាំងរាជរដ្ឋាភិបាលក៏កំពុងការពារនៅទីកន្លែងរបស់អ្នកដែរ។ អ្នកត្រូវយល់ឲ្យច្បាស់។ … នយោបាយបោកប្រោស់ប្រជាភិថុតិ និងរបៀបបញ្ញើក្អែក វាមិនមែនជាជម្រើសដែលត្រូវជ្រើសរើសយកធ្វើជាមេដឹកនាំទេ មិនថាមេដឹកសម្រាប់ប្រទេស សូម្បីតែមេដឹកនាំថ្នាក់ខេត្ត ឬស្រុកក៏វាមិនសក្តិសមផង។
នយោបាយដ៏ត្រឹមត្រូវ នាំមកនូវវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន
… ខ្ញុំដឹង មុននេះត្រៀមបម្រុងទុកថា ល្ងាចនេះយើងនឹងបាយជាមួយគ្នា។ ក៏ប៉ុន្តែ ជាអកុសល ដោយសារតែយើងត្រូវធ្វើវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែក ថ្ងៃនេះនាយករដ្ឋមន្រ្ដីឡាវនឹងមកដល់ ខ្ញុំត្រូវជួបជាមួយនាយករដ្ឋមន្រ្ដីឡាវ បន្តទៅជួបជាមួយនឹងគណៈប្រតិភូនានា ដែលជាលើកដំបូងបន្ទាប់ពីការបង្កើតឡើង នៃធនាគារវិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។ យប់នេះដែរ បើសិនជាគ្មានការប្រែប្រួលទេ ប្រធានាធិបតីហ្វីលីពីននឹងមកដល់កម្ពុជា បន្ទាប់មកទៀតគឺនាយករដ្ឋមន្រ្ដីវៀតណាម។ ឥស្សរជនយ៉ាងច្រើនជាថ្នាក់រដ្ឋមន្រ្ដីបានមកកាន់ប្រទេសកម្ពុជា។ អ្នកវិនិយោគធំៗ ពីអាមេរិក ពីអឺរ៉ុប និងអាស៊ី ប្រមាណជាជិត ៨០០ នាក់ មកដល់កម្ពុជា។ វាជាកិត្តិយសនៃប្រទេសមួយដែលចេញពីការបែកបាក់ ចេញពីភាពខ្ទេចខ្ទាំ បានចូលរួមដើរតួនាទីក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ ក្នុងក្របខណ្ឌនៃវេទិកាតំបន់ ដែលលើកនេះយើងធ្វើវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន។
នេះជារឿងមិនចៃដន្យទេ ក៏ប៉ុន្តែវាបានមកពីនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ទាំងនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។ យើងបានធ្លាប់ធ្វើប្រធានអាស៊ានពីរដងរួចមកហើយ តើនេះវាមិនមែនជាមោទនភាពរបស់អតីតយុទ្ធជន ឬយុទ្ធជនបច្ចុប្បន្ននេះឬទេ? តើនេះមិនមែនជាមោទនភាពរបស់ប្រជាជនកម្ពុជាទេឬ? ហើយជាពិសេស តើនេះវាមិនមែនជាមោទនភាពនៃអ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនទេឬ? ត្រូវចាប់ឲ្យជាប់ រក្សាឲ្យបាននូវមោទនភាព ដែលខ្លួនបានចូលរួមចំណែកខិតខំ ដើម្បីងើបឈរឡើងពីភាពខ្ទេចខ្ទាំមកកាន់ឋានៈជាប្រទេសមួយ ដែលមានសុខសន្ដិភាពពេញលេញ គ្មានតំបន់អបគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានអត្រា ៧.៧% ក្នុងរយៈកាល ២០ ឆ្នាំជាប់គ្នា ហើយបន្តមកទៀតគឺ ៧% ជារៀងរាល់ឆ្នាំ។ កំណើនប្រាក់បៀរវត្សរបស់កងទ័ព នគរបាល មន្រ្ដីរាជការរបស់យើងគឺកាន់តែមានការកើន ហើយមិនមែនបានមកពីអ្នកប្រឆាំងទាមទារដូចដែលគេដើរខ្សឹបគ្រប់ទីកន្លែងទេ …។
ឥឡូវ យើងត្រូវប្រឹងទាំងអស់គ្នា ប្រឹងដើម្បីធានានូវសន្ដិភាព និងការអភិវឌ្ឍល្អរបស់យើង។ ថ្ងៃនេះ សមាជិក/ជិកាអតីតយុទ្ធជនពិការ ដែលអញ្ជើញមកចូលរួមចំនួន ២៥០០ នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ១០ ម៉ឺនរៀល។ ជូនកងកិត្តិយស និងត្រែទ័ពថវិកាចំនួន ២ លានរៀល ជូនគណៈកម្មការរៀបចំកម្មវិធីចំនួន ១០ លានរៀល។ ដោយសារល្ងាចនេះខ្ញុំមិនបានចូលរួមនៅក្នុងការទទួលទានអាហារ ដូច្នេះខ្ញុំសុំបន្ថែមនូវថវិកាសម្រាប់ម្នាក់ចំនួន ១០ ម៉ឺនរៀលបន្ថែមទៀត។ សូមជឿទុកចិត្ត ទៅលើគណបក្សប្រជាជន ហើយសូមជឿទុកចិត្តទៅលើអ្វីដែលយើងបានរួមគ្នាធ្វើកន្លងទៅ។ ខ្ញុំមិនដែលគូសវាសយុទ្ធសាស្រ្ដនាំទៅដល់ការខុសឆ្គងសម្រាប់ប្រទេសជាតិនោះទេ។ ហេតុអ្វីបានជាខ្ញុំសូមសំណូមពរឲ្យមានការរៀបចំផ្នែកសេនាធិការនៅអាហ្វិ្រកកណ្ដាល ហើយចាត់តាំងមន្រ្ដីយោធារបស់យើងទៅកាន់អាហ្វិ្រកកណ្ដាល ដើម្បីពិនិត្យមើលការរៀបចំកម្លាំងនៅទីនោះ មុនកើតហេតុការណ៍តើវាយ៉ាងម៉េច ដើម្បីយើងដែលសុទ្ធតែជាអតីតយុទ្ធជន អតីតទាហាន មានលទ្ធភាពដើម្បីនឹងពិនិត្យមើលនូវចំណុចខ្លាំងចំណុចខ្សោយនៃការរៀបចំ …។
អរគុណឯកឧត្តម ទៀ បាញ់ ដែលបានផ្ញើសាររំលែកទុក្ខចំពោះក្រុមគ្រួសារ នៃយុទ្ធមិត្តរបស់យើង ដែលបានពលីកម្មនៅអាហ្វិ្រកកណ្ដាល
អរគុណចំពោះការចូលរួមទាំងឡាយនៅថ្ងៃនេះ ហើយសូមអភ័យទោសចំពោះការនិយាយខ្លាំងៗរបស់ខ្ញុំ ប៉ុន្តែដូចខ្ញុំបាននិយាយអម្បាញ់មិញហើយ ជាយោធាគឺវានិយាយបែបនេះហើយ ប៉ុន្តែបើទោះបីខ្ញុំដោះឯកសណ្ឋានយោធាចេញ សំលេងរបស់ខ្ញុំវាក៏ប៉ុណ្ណឹងដែរ ដោយសារតែវាជាកងទ័ពតាំងពីអាយុ ១៨ ឆ្នាំ ឯនោះ។ ដូច្នេះទម្លាប់ស្រែកលឺក្នុងការបញ្ជាទ័ព ឬក៏ធ្លាប់និយាយខ្លាំង … សូមអភ័យទោស បើសិនជាខ្ញុំមានការខ្វះខាតក្នុងការនិយាយស្ដី … សុំអរគុណឯកឧត្តម ទៀ បាញ់ ដែលបានផ្ញើសាររំលែកទុក្ខចំពោះក្រុមគ្រួសារនៃយុទ្ធមិត្តរបស់យើងដែលបានពលីនៅអាហ្វិ្រកកណ្ដាល ជាពលីកម្មប្រកបដោយកិតិ្តយស និងសេចក្ដីថ្លៃថ្នូរ។ សូមជួយមើលការរៀបចំពិធី តាមដានឲ្យជាប់ពីដំណើរវិលមាតុភូមិនិវត្តន៍នៃយុទ្ធមិត្តរបស់យើងមកកាន់មាតុប្រទេសវិញ។ ចាត់ចែងធ្វើបុណ្យឲ្យបានល្អ។ ជាមួយនឹងការអបអរសាទរខួបលើកទី ១០ ទិវាអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី ជាពិសេសបងប្អូនយុទ្ធជនពិការ អតីតយុទ្ធជន សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕