សុន្ទរកថា ថ្លែងក្នុង « វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ » ក្រោមប្រធានបទ៖ «សហថាមភាពនៃគោលនយោបាយ ដើម្បីភាពជាដៃគូជិតស្និទ្ធ»
ឯកឧត្តម ស៊ី ជីនភីង , ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានអង្គប្រជុំ; ឯកឧត្តម, លោកជំទាវ , ជាថ្នាក់ដឹក នាំនៃបណ្តាប្រទេសចូលរួម; ឯកឧត្តម , លោកជំទាវ , លោក , លោកស្រី , ជាទីមេត្រី! ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីរីករាយជាអនេក ដែលបានចូលរួមក្នុង «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តជាតិ» ដ៏សំខាន់នេះ។ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ប្រធានាធិបតី ស៊ី ជីនភីង, ក្នុងនាមជាប្រធានអង្គប្រជុំ, ក៏ដូចជាចំពោះរដ្ឋាភិបាល និងប្រជាជនចិនទាំងមូល ដែលសម្រេចបានវឌ្ឍនភាពគួរកត់សម្គាល់ ក្នុងការអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» និងបានរៀបចំវេទិកានេះឡើង សម្រាប់ការពិភាក្សាក្នុងចំណោមថ្នាក់ដឹកនាំពិភពលោក ដើម្បីកំណត់ទិសដៅសម្រាប់អនុវត្តគំនិតផ្តួចផ្តើមនេះ ឱ្យទទួលបានជោគជ័យបន្តទៀត។ ខ្ញុំសូមអបអរចំពោះសុន្ទរកថាប្រកបដោយខ្លឹមសារដ៏ជ្រាលជ្រៅរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ក្នុងកម្មវិធីបើកវេទិកា ពីម្សិលមិញ និងសូមគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើម និងគម្រោងទាំងឡាយ ដែលឯកឧត្តមប្រធានាធិបតីបានលើកឡើង។ ចិនបាន និងកំពុងដើរតួនាទីដ៏សំខាន់ ក្នុងដំណើរការសេដ្ឋកិច្ច,…