ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោក ស្រី ពិសេស ក្មួយៗ ចៅៗ កម្មករ/ការិនីទាំងអស់ចំនួនជាង ១៥.០០០ នាក់ ដែលបានអញ្ជើញចូលរួម នៅក្នុងពិធីសំណេះសំណាលនៅក្នុងថ្ងៃនេះ។ សង្ឃឹមថា ក្មួយៗ ចៅៗ នឹងបានទទួលនូវការសប្បាយរីក រាយនៃការជួបជុំនៅថ្ងៃនេះ។ ពិតមែនតែព្រះពិរុណ ដែលហៅថា ទឹកភ្លៀង មិនអនុគ្រោះសម្រាប់យើង នោះទេ។ អម្បាញ់មិញនេះ នៅតាមដងផ្លូវធ្វើដំណើរចូលមកដល់ទីនេះ ខ្ញុំ និងក្មួយៗចៅៗ ជាកម្មករ/ការិនី (រួមគ្នាដើរកាត់)ទឹកមួយចំនួន។ ហើយគិតទៅដល់រឿងនេះ កាលពី ២ ឆ្នាំមុន ខ្ញុំបានមើលឃើញនៅប្រ ទេសមួយ ដែលមានត្រឹមតែចៅហ្វាយខេត្ត ចៅហ្វាយស្រុកតែប៉ុណ្ណោះ ចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ ប៉ុន្តែចៅហ្វាយស្រុក ឬក៏ចៅហ្វាយខេត្តរូបនោះ បែរជាដាក់អោយគេ សែង ដើម្បីឆ្លងកាត់(ទឹក) គាត់អត់ហ៊ាន(ដើរ)ក្នុងទឹកទេ។ ប៉ុន្តែ(មិនជាលំបាក)សម្រាប់យើងទាំងអស់គ្នា នៅទីនេះ (ព្រោះយើង)សុទ្ធតែជាអ្នកដែលកើតចេញពីអ្នកក្រីក្រ។
ដូចជាខ្លួនខ្ញុំនេះ កើតក្នុងទឹកតែម្ដង ដោយសារតែវាជាឆ្នាំរោង ហើយនៅជាប់ទន្លេ វាជាទឹកធំ។ ដូច្នេះ ពូជា មនុស្សដែលកើតនៅក្នុងទឹក ដែលទឹកលិចផ្ទះតែម្ដង។ អញ្ចឹងទេ ប្រហែលជាដោយនិស្ស័យថា ខ្លួនជាឆ្នាំ រោងនេះឯង បានជាមកលិចខាងលិចនេះ បែរជាភ្លៀងស្វាគមន៍រហូត មិនដឹងថាម៉េច។ ថ្ងៃមុន មកកំបូល កំពុងតែនិយាយ ភ្លៀងមក។ យប់មិញនេះ មួយយប់ទល់ភ្លឺ ភ្លៀងរលឹម។ ម៉ោងប្រហែលជាជិត ១២ ហើយ យើងមើលតាម camera ខាងក្រៅ(ផ្ទះ) គ្រួសារខ្ញុំថា ភ្លៀងរលឹមរហូត …។ ប៉ុន្តែពេលដែលយើងទៅសួនឧស្សាហកម្មវឌ្ឍនៈ សួនកាណាឌីយ៉ា អត់មានភ្លៀងទេ។ ដល់មកទិសខាងលិច ភ្លៀងរហូត។ អញ្ចឹងចាំមើលថ្ងៃក្រោយភ្លៀងទៀត ឬអត់? បើថា ភ្លៀងមែន គឺថា ឆុងតែម្ដង។ ប៉ុន្តែ នេះក៏ជាសញ្ញាមួយ នៃការប្រសិទ្ធពរជ័យពីសំណាក់ទេវតា សម្រាប់ការជួបជុំរបស់យើងនៅថ្ងៃនេះ។
កម្មវិធីទ្រទ្រង់ស្ត្រីមានផ្ទៃពោះ/ឆ្លងទន្លេ សុខុមាលភាព និងកាត់បន្ថយអត្រាស្លាប់មាតា និងទារក
ប៉ុន្តែ ក៏សូមរំលឹកក្មួយៗដែលមានផ្ទៃពោះ សូមអោយមានការប្រុងប្រយ័ត្ន ក្រែងលោមានការរអិលអីអញ្ចេះអញ្ចុះ។ ថ្ងៃនេះ (ស្រ្ដីមានផ្ទៃពោះ)មានរហូតដល់ ៥៩៨ នាក់។ សូមស្វាគមន៍ជាមួយនឹងចៅៗហ្នឹងផង។ ទោះបីវាមិនទាន់កើត ក៏ប៉ុន្តែម្ដាយរបស់គេក៏បានមកអង្គុយនៅទីនេះ។ រយៈកាលកន្លងទៅប្រហែលជាក្មួយៗបានដឹងហើយថា ពូបានប្រកាសចេញនូវកម្មវិធីសម្រាប់ទ្រទ្រង់ដល់ស្រ្តីមានផ្ទៃពោះ និងស្រ្តីឆ្លងទន្លេ នៅក្នុងចំណោមមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងចំពោះកម្មការិនីរបស់យើង បូកនឹងកីឡាការិនីបន្ថែមនៅរយៈពេលចុងក្រោយនេះ។ ដែលនេះគឺជាការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយក្នុងនោះ កាត់បន្ថយអត្រាស្លាប់មាតា និងទារក ហើយក៏បង្កើននូវអាហារូបត្ថម្ភសម្រាប់ស្រ្តីដែលឆ្លងទន្លេ និងសម្រាប់ទារកដែលទើបនឹងកើត។
បន្តជួបកម្មករ/ការិនី ដើម្បីជម្រុញការអនុវត្តនូវគោលនយោបាយស្ដីពី ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ហើយដែលសុំសំដែងនូវការកោតសរសើរចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលរៀបចំ និងអនុញ្ញាតអោយខ្ញុំបានជួបជាមួយកម្មករ/ការិនីក្នុងរយៈពេលកន្លងទៅនេះ ដែលមានចំនួនច្រើនបង្គួរហើយ។ ប៉ុន្តែចំនុចនេះ មិនទាន់គ្រប់គ្រាន់សម្រាប់ខ្ញុំទេ ខ្ញុំនឹងបន្តជំនួបបែបនេះតទៅទៀត ហើយធ្វើមិនចប់មិនដាច់។ នោះដើម្បីជំរុញការអនុវត្តនូវគោលនយោបាយ ស្ដីពីឧស្សាហកម្មឆ្នាំ ២០១៥-២០២៥។ ខ្ញុំបានប្រកាសហើយថា ខ្ញុំនឹងបន្តនៅក្នុងតំណែងជានាយករដ្ឋមន្រ្តី ដោយរយៈពេលមិនតិចជាង ២ អាណត្តិ។ បានសេចក្ដីថា មិនតិចជាង ១០ ឆ្នាំទៀតទេ។ ដូច្នេះ នៅក្នុងរយៈពេលដែលនៅសេសសល់ ប្រមាណមិនតិចជាង ១០ ឆ្នាំទៀតនេះ ខ្ញុំនឹងបន្តធ្វើដំណើរពីកន្លែងមួយ ទៅកាន់កន្លែងមួយ ដើម្បីជួបជាមួយកម្មករ/ការិនីរបស់យើង។ វាជាដំណាក់កាលថ្មី ដែលទាមទារអោយយើងធ្វើបែបនេះ ហើយបញ្ហានេះវាអាចនឹងផ្ដល់អោយយើងនូវការដោះស្រាយបញ្ហានានា។ សូម្បីតែបញ្ហាតូចតាច ដែលគេអាចចាត់ទុកថា វាមិនសម មិនគួរនាយករដ្ឋមន្រ្តីដោះស្រាយ។ ក៏ប៉ុន្តែ ប្រសិនបើនាយករដ្ឋមន្រ្តីដោះស្រាយទៅនោះ វាបានជាផលប្រយោជន៍សម្រាប់កម្មករ ខ្ញុំគិតថា មិនខ្លាចជាមួយនឹងការសុំ និងការទាមទារនោះទេ។
ចេញមុនម៉ោង ១៥ នាទី សម្រាប់កម្មការិនីមានផ្ទៃពោះ រឿងកំប៉ិកកំប៉ុក តែជាផលប្រយោជន៍កម្មការិនី
ដូចជាក្មួយៗជាកម្មការិនីដែលមានផ្ទៃពោះ ដែលកាលមុននេះ រោងចក្រខ្លះគេអោយ ៥ នាទី(ដើម្បីចេញមុន) រោងចក្រខ្លះគេអោយ ១០ នាទី រោងចក្រខ្លះគេអោយ ១៥ នាទី ហើយរោងចក្រខ្លះទៀតគេអោយលើសពីនេះ។ ប៉ុន្តែសួរតាមការពិនិត្យមើល អោយ ៥ នាទី និង ១០ នាទី(ដើម្បីចេញមុន) ច្រើនជាង។ ពូ បានស្នើសុំទៅម្ចាស់រោងចក្រទាំងអស់ ហើយដែលឥឡូវនេះ បានសួរបញ្ជាក់អម្បាញ់មិញ បានឡើងទៅដល់ ១៥ នាទីហើយ(ដើម្បីចេញមុន)។ ដូច្នេះ ការលើកឡើងនូវចំណុចអស់ទាំងអស់នេះ អ្នកខ្លះយល់ថា នាយករដ្ឋមន្រ្តីធ្វើការងារកំប៉ិចកំប៉ុក សូម្បីតែរឿងសំណើសុំអោយស្រ្ដីមានផ្ទៃពោះ ដែលសុំអោយចេញមុនម៉ោង ១៥ នាទី ក៏ត្រូវធ្វើការសុំ(ដោយខ្លួនឯង)ដែរ។ អ្វីក៏ដោយដែលជាផលប្រយោជន៍ប្រជាជន មិនមែនជាបញ្ហាតូចតាចទេ។ នេះជាបទពិសោធន៍ដែលពូបានកាន់កាប់តំណែងជានាយករដ្ឋមន្រ្តីនៅក្នុងប្រទេសនេះរយៈពេលជិត ៣៣ ឆ្នាំរួចមកហើយ។ អ្វីក៏ដោយដែលជាផលប្រយោជន៍របស់ប្រជាជន មិនមែនជាបញ្ហាតូចតាចដែលត្រូវមើលស្រាលនោះទេ។
ខកខានជួបនៅកោះពេជ្រ ២ អាទិត្យ ដោយសាររវល់
ជំនួបបែបនេះនឹងត្រូវធ្វើជាបន្តទៀត។ មុននេះ យើងបានជួបជាមួយនឹងប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមនៃបណ្ដារោងចក្រចំនួន ៣៩៨ រោងចក្រ រួចស្រេចមកហើយ ដែលមានចំនួនកម្មករ ២២.៣៩១ នាក់ ប៉ុន្តែយើងអាក់ខានជួបក្នុងរយៈពីរអាទិត្យកន្លងទៅនេះ។ សប្ដាហ៍មុននោះ នៅថ្ងៃទី ៨ ខែតុលា គឺជាថ្ងៃចេញខែ គេហៅថាបង្កក់ចៅ (បើយើងមិនចូលរួម) យើងហាក់ដូចជាមិនផ្ដល់ភាពកក់ក្ដៅសម្រាប់ចៅទី ១៩។ ដូច្នេះហើយ បានជាសុំការយោគយល់ លើកទៅពេលក្រោយ។ ដល់ថ្ងៃទី ១៥ ខែតុលា ថ្ងៃអាទិត្យ កន្លងទៅ ក៏គាប់ជួននឹងថ្ងៃដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសធ្វើការគោរពព្រះវិញ្ញាណក្ខន្ធចំពោះសម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបរមរតនកោដ្ឋនៃយើង។ ប៉ុន្តែ ថ្ងៃអាទិត្យខាងមុខនេះ ខ្ញុំនឹងមានការជួបសាជាថ្មីម្ដងទៀត ជាមួយនឹងប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ដែលជំនួបបែបនេះ វានឹងបង្កើតនូវឱកាសសម្រាប់ការយោគយល់ ហើយរាប់ទាំងម្ចាស់រោងចក្រទៀតផង។
កម្មករ អ្នកគ្រប់គ្រង និងនិយោជក ជាដៃគូខ្វះមិនបាន
ថ្ងៃនេះ ខ្ញុំក៏សុំអរគុណម្ចាស់រោងចក្រទាំង ១០ ដែលអនុញ្ញាតអោយកម្មករ/ការិនី បានមកជួបជុំគ្នាទៅទីនេះ។ ការយោគយល់គ្នានៅក្នុងចំណោមកម្មករ/ការិនី ជាមួយនឹងអ្នកគ្រប់គ្រងជាប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល និងម្ចាស់រោងចក្រ វាបង្កើតនូវស្ថានភាពសុខដុមរមនានៅក្នុងរោងចក្រ ដែលយើងបាន និងកំពុងធ្វើការ។ មិនមែនជាកែវភ្នែកដែលសម្លឹងរកគ្នានៅក្នុងផ្លូវអាក្រក់ទេ។ ក៏ប៉ុន្តែ ជាកែវភ្នែកដែលសម្លឹងរកគ្នាក្នុងផ្លូវល្អ ផ្លូវដែលយើងរួមគ្នាដើម្បីអោយក្លាយទៅជាសហគមន៍ដ៏ល្អមួយ នៅក្នុងរោងចក្ររបស់យើង ដែលវាជាឆ្នាំងបាយរួមរបស់យើង។ កម្មករ បើគ្មានរោងចក្រ ហើយបែរជាកាន់នូវឧបករណ៍កសិកម្ម គេមិនហៅថា កម្មករទេ។ កម្មករត្រូវការរោងចក្រ ដើម្បីមានការងារធ្វើ និងមានប្រាក់ចំណូល។ បើមានតែថៅកែ អត់មានកម្មករ គេក៏មិនហៅថា ជាថៅកែដែរ។ ដូច្នេះ ម្ខាងគឺជំនួបជាមួយនឹងប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងម្ចាស់រោងចក្រ តែមួយផ្នែកទៀត ក៏មកជួបជុំគ្នារួមនៅជាមួយនឹងកម្មករ/ការិនីរបស់យើង។ សំដៅធ្វើអោយមានការជឿនលឿន ធ្វើអោយមានការកាន់តែប្រសើរឡើងនូវការងារ។ ធ្វើអោយកាន់តែប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការងារ ដែលតម្រូវអោយមានការយោគយល់អធ្យាស្រ័យគ្នា។ ក៏ប៉ុន្តែ ហើយជាមួយនោះ លក្ខខណ្ឌទាំងឡាយដែលចែងនៅក្នុងច្បាប់ការងារត្រូវបានគោរព បូកបន្ថែមដោយការយោគយល់អធ្យាស្រ័យ ដើម្បីនាំអោយការរីកចម្រើនទាំងអស់គ្នា។
ប្រាក់ឈ្នួលអប្បបរមា ១៧០ ដុល្លារ នៅឆ្នាំ ២០១៨
ពិនិត្យមើលវិស័យទាក់ទងជាមួយនឹងការរីកចម្រើនក្នុងវិស័យឧស្សាហកម្មរបស់យើង ថ្ងៃនេះខ្ញុំក៏សុំបញ្ជាក់សាជាថ្មីថា ប្រាក់ឈ្នួលកម្មករអប្បបរមានៅឆ្នាំ ២០១៧ នេះ បាន និងកំពុងអនុវត្តប្រាក់ឈ្នួល ១៥៣ ដុល្លារសហរដ្ឋអាមេរិក បូកនឹងអត្ថប្រយោជន៍ដទៃទៀត ក្មួយៗបានទទួលប្រមាណជិត ២០០ ដុល្លារ ឬធ្វើការបន្ថែមម៉ោងទៀត បានលើស ២០០ ដុល្លារ(ក្នុងមួយខែ)។ ប៉ុន្តែចាប់តាំងពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ តទៅ កម្មករ/ការិនីរបស់យើងមានប្រាក់ឈ្នួលទាបបំផុត ១៧០ ដុល្លារសហរដ្ឋអាមេរិក។ នេះជាការខិតខំមួយ ដើម្បីនាំមកនូវប្រាក់ចំណូលកាន់តែល្អសម្រាប់ក្មួយៗជាកម្មករ/ការិនីរបស់យើង។
សង្ឃឹមថា ក្មួយៗកម្មករ/ការិនីរបស់យើង បើទោះបីថា វាមិនទាន់គ្រាន់ទៅតាមអ្វីដែលយើងចង់បាន។ យើងចង់បានខ្ពស់លើសនេះ ក៏ប៉ុន្តែសុំក្រឡេកមើលក្រោយបន្តិច ហើយក៏សុំក្រឡេកមើលទៅក្នុងស្ថានភាពនៃប្រទេសមួយចំនួន ដែលមានការប្រកួតប្រជែងជាមួយយើង ទៅកាន់ទីផ្សារសម្រាប់ការទទួលទិញពីប្រទេសនានាផងដែរ។ កាលពីមុនឆ្នាំ ១៩៩៧ ជាមួយនឹងរោងចក្រតិចតួច និងកម្មករចំនួនតិចតួច។ កម្មករ/ការិនីរបស់យើងកាលពីពេលនោះ មានប្រាក់ឈ្នួលត្រឹមតែជាង ៣០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ឥឡូវ យើងចាប់គិតពីឆ្នាំ ១៩៩៧ ដែលពេលនោះ តាមជើងលេខបានបញ្ជាក់ថារោងចក្ររបស់យើងកាលពីពេលនោះ មានតែ ៦៤ រោងចក្រតែប៉ុណ្ណោះ ជាមួយនឹងកម្មករ/ការិនីចំនួន ៨២.០០០ នាក់ ពេលនោះ ប្រាក់បៀវត្សមានត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ក្នុងពេលដដែលនោះ ប្រាក់បៀវត្សនៅប្រទេសមីយ៉ាន់ម៉ា ឬហៅថា ភូមា មានត្រឹមតែ ២៥ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ឥឡូវនេះ ចំនួនរោងចក្ររបស់យើងបានកើនឡើង រោងចក្រសហគ្រាស និងគ្រប់បណ្ដាក្រុមហ៊ុន គ្របដណ្ដប់រហូតទៅដល់ជាង ១០.០០០ រោងចក្រសហគ្រាស។ ប៉ុន្តែដោយឡែក តែរោងចក្រកាត់ដេរ និងដេរស្បែកជើង មានជាង ១.១០០ រោងចក្រ ជាមួយនឹងកម្មករ/ការិនីជាង ៧០ ម៉ឺននាក់។ ចំនួនប្រាក់ឈ្នួលដែលបានកើនឡើងតាំងពីចំនួន ៤០ ដុល្លារសហរដ្ឋអាមេរិក ឡើងរហូតមកដល់ ១៥៣ ដុល្លារនៅពេលនេះ នឹងនៅបាំងតែប៉ុន្មានខែទៀតតែប៉ុណ្ណោះ ក្មួយៗនឹងឡើង(ប្រាក់ឈ្នួល)ទៅដល់ ១៧០ ដុល្លារ។ អត្ថប្រយោជន៍នៃការឡើងនេះ ក៏បានផ្ដល់អោយក្មួយៗនូវចំនួនប្រាក់បានច្រើនជាងពេលមុន។ អត្ថប្រយោជន៍ នេះបានមកពីការខិតខំរបស់ក្មួយៗ ហើយក៏បានមកពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងដឹកនាំប្រទេស ហើយបានមកពីបក្សនយោបាយ គណបក្សប្រជាជនកម្ពុជា ដែលបាន និងកំពុងដឹកនាំប្រទេសនេះ ក្នុងសុខសន្ដិភាពសម្រាប់បង្កើតការងារ បង្កើតផលិតផលសម្រាប់ការនាំចេញរបស់យើង។
ការស្រឡាញ់រាប់អាន ស្និតស្នាល ស្វាគមន៍ ដោយសារទទួលស្គាល់នូវអ្វីដែលបានធ្វើពីអតីតកាល
ខ្ញុំពិតជាមានមោទនភាពណាស់ ហើយសប្បាយរីករាយខ្លាំងណាស់ នៅដល់ពេលថ្ងៃដែលជួបកម្មករ/ការិនី គឺជាថ្ងៃដែលខ្ញុំសប្បាយ។ ចាត់ទុកថា ដូចជាថ្ងៃដែលខ្ញុំបានធ្វើបុណ្យរួមជាមួយនឹងក្មួយៗ ចៅៗ ទាំងឡាយ។ វាជាការកំសត់ណាស់ ដែលយើងធ្វើការនៅក្នុងការិយាល័យដែលមានតែម្នាក់ឯងត្រមង់ត្រមោច អង្គុយចុះហត្ថលេខា និងពិនិត្យឯកសារ។ ពិតហើយ ល្ងាចនេះ ជៀសមិនរួចទេ ឯកសារនៅគរ នៅចាំនៅផ្ទះឯណោះ ក៏ប៉ុន្តែព្រឹកនេះ ក៏មានការសប្បាយរីករាយ ដោយសារការស្រឡាញ់រាប់អានរបស់ក្មួយៗ។ ធ្វើដំណើរអម្បាញ់មិញនេះ អស់ប្រមាណ ២០ នាទី ឬលើស ២០ នាទីផង ព្រោះក្មួយៗត្រូវការថតរូប ត្រូវការអោប ត្រូវការថើប។ មិនអីទេ ថាសុំថើប មិនបាច់សុំទេ ថើបតែម្ដងទៅ។
ការកើនឡើងនូវស្ថានភាពនេះ ក្នុងទំនាក់ទំនងរវាងនាយករដ្ឋមន្រ្តី ដែលជាប្រមុខនៃអង្គការនីតិប្រតិបត្តិ ដែលជាអ្នកមានអំណាចកំពូលនៅក្នុងប្រតិបត្តិរបស់ប្រទេសមួយ ជាមួយនឹងកម្មករ/ការិនីបែបនេះ បង្ហាញអោយឃើញអំពីការយល់ដឹងរបស់ក្មួយៗ របស់ចៅៗ។ ហើយរឿងនេះ ក៏ផ្ដើមចេញពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រទាំងឡាយ ដែលមានតាំងពីជីដូនជីតារបស់ក្មួយៗ។ ឪពុកម្ដាយរបស់ក្មួយៗ រហូតមកដល់ក្មួយៗចំពោះពូ ចំពោះគណបក្សប្រជាជនកម្ពុជាផងដែរ។ ខ្ញុំពិតជាមានអារម្មណ៍ថា ដោយសារភាពស្និតស្នាល ហើយដោយសារការស្វាគមន៍ទទួលដ៏រាក់ទាក់ ក្នុងភាពជាការស្រឡាញ់ចេញពីបេះដូងបែបនេះ ពិតណាស់ បើសិនមិនមានការយល់ដឹងអំពីអតីតកាលរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ឬ តេជោសែន នោះទេ ប្រហែលជាមិនមានស្ថានភាពជិតស្និតបែបនេះកើតឡើងទេ។ ក៏ប៉ុន្តែ តាំងពីជីដូនជីតារបស់ក្មួយៗ តាំងពីឪពុកម្ដាយរបស់ក្មួយៗ រហូតមកដល់ក្មួយៗ បានទទួលប្រយោជន៍ពីសកម្មភាពទាំងឡាយ ដែល ហ៊ុន សែន បានធ្វើសម្រាប់ជាតិ និងប្រជាជន។
រំដោះប្រទេស/ប្រជាជន ទប់ស្កាត់ការវិលមកវិញនៃ ប៉ុល ពត អនុវត្តនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិ
ក្មួយៗ ជីដូនជីតារបស់ក្មួយៗ ឪពុកម្ដាយរបស់ក្មួយៗ បានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏មានចំណែករបស់ពូ ក៏មានចំណែករបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ពូគ្រាន់តែជាចំណែកតួអង្គមួយ តែក៏ជាតួអង្គសំខាន់មួយនៅក្នុងតួអង្គសំខាន់ដទៃទៀត ដែលបានរួមចំណែកធ្វើអោយប្រទេសយើងចាកចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បន្តមកទៀត ទប់ស្ដាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តមកទៀត ក៏បានស្វែងរកនូវសន្ដិភាពសម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ដែលនឹងមកដល់ជាខួបលើកទី ២៤ នៅពេលខាងមុខ គឺថ្ងៃទី ២៣ ខែតុលា។ បន្ទាប់ទៅ តាមរយៈនៃនយោបាយឈ្នះឈ្នះ ដែលពូបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ជាមួយនឹងសហការីនៅក្នុងគណបក្សប្រជាជនកម្ពុជា យើងបាននាំមកនូវការឯកភាពទឹកដី ប្រទេសយើងគ្មានសង្គ្រាមទេ មានសន្តិភាពនៅគ្រប់ទីកន្លែង គ្មានរបងខណ្ឌដូចអតីតកាល ដែលតំបន់នេះគ្រប់គ្រងដោយប្រដាប់អាវុធមួយ តំបន់នោះគ្រប់គ្រងដោយកម្លាំងប្រដាប់អាវុធនោះមួយទេ។ តាមរយៈនោះហើយ ដែលធ្វើឲ្យសន្តិភាពដែលយើងរកបានដោយលំបាក នោះហើយដែលផ្តល់ឱកាសឲ្យយើងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ។
ពីខ្វះស្បៀង មកសល់ស្បៀងនាំចេញ ទេសចរកើនឡើង បង្កើតបានការងារ គឺដោយសារកត្តាសន្តិភាព
ពេលដែលយើងរំដោះប្រទេស ពេលនោះយើងមានប្រជាពលរដ្ឋរបស់យើងត្រឹមតែជាង ៥ លាននាក់តែប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះប្រជាពលរដ្ឋរបស់យើង បានកើនទៅដល់ជាង ១៥ លាននាក់ទៅហើយ។ កាលពីយើងមានប្រមាណជា ៥ លាន នាក់ ពេលនោះការផ្គត់ផ្គង់ស្បៀងរបស់យើងនៅខ្វះ យើងត្រូវសុំជំនួយបរទេសជាអង្ករ ជាស្បៀង។ ប៉ុន្តែឥឡូវ ប្រជាជនកម្ពុជាយើងមានជាង ១៥ លាននាក់ តែយើងបានផ្គត់ផ្គង់ស្បៀងសម្រាប់ប្រជាជនយើងគ្រប់គ្រាន់។ សល់ពីនោះជាង ៥ លានតោន សម្រាប់តម្រូវការនាំចេញទៀតផង។ ឥឡូវនេះ យើងកំពុងបន្តអនុវត្តលើគ្រប់ផ្នែក ទាំងវិស័យកសិកម្ម ទាំងវិស័យឧស្សាហកម្ម និងសេវា។ ប្រទេសយើងដែលមុននេះ គឺមិនមានទេសចរមកទស្សនកិច្ចទេ ក៏ប៉ុន្តែ ឥឡូវនេះ ទេសចរសម្រាប់ប្រទេសយើង ឆ្នាំ ២០១៦ កន្លងទៅ មាន ៥ លាន ៥ សែននាក់។ ឆ្នាំនេះរំពឹងទុកថា នឹងមានទេសចរមកកាន់ប្រទេសយើងប្រមាណជា ៥ លាន ៧ សែន និង ៥ លាន ៨ សែន ព្រោះថាឥឡូវ ជិតអស់ទឹកភ្លៀង ទេសចរនឹងមកកាន់ប្រទេសយើងកាន់តែច្រើនទៅៗ។ កត្តាសន្តិភាពបាននាំមកឲ្យក្មួយៗ នូវឱកាសការងារ ហើយប្រសិនបើគ្មានបាតដៃគណបក្សប្រជាជនកម្ពុជា គ្មានបាតដៃរាជរដ្ឋាភិបាល គ្មានបាតដៃ ហ៊ុន សែន ទេ មិនមានសង្ឃឹមថា មានស្ថានភាពបែបនេះកើតឡើងសម្រាប់ក្មួយៗនោះទេ។ បើគ្មានសន្តិភាព តើអ្នកណាមកដាក់រោងចក្រនៅកម្ពុជា បើគ្មានសន្តិភាព តើអ្នកណាមកទស្សនកិច្ចនៅកម្ពុជា ដែលបង្កើតការងារ សណ្ឋាគារយ៉ាងច្រើន សម្រាប់កម្មករ/ការិនីរបស់យើង ដែលធ្វើការក្នុងវិស័យសណ្ឋាគាររបស់យើង ឬវិស័យសេវាដទៃទៀត។ យើងបាននាំគ្នាមកដល់ទីនេះ ជាមួយនឹងការលំបាកជាច្រើន ប៉ុន្តែកត្តាសន្តិភាពផ្តល់ឱកាសឲ្យយើងបានច្រើនណាស់ យើងត្រូវរក្សាសន្តិភាពនេះឲ្យបាន។
ឆ្លើយតបទៅការវិភាគថា “ការរំលាយបក្សប្រឆាំង រំលោភឆន្ទៈប្រជាពលរដ្ឋម្ចាស់ឆ្នោត”
និយាយដល់បញ្ហានេះ ខ្ញុំគួរតែរំលេចបន្តិច ហើយក៏ជូនសារទៅចំពោះអ្នកដែលបាននិយាយថា បើកាត់ទោសមេបក្សប្រឆាំង ឬរំលាយបក្សប្រឆាំង ជាការរំលោភទៅលើឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត។ ខ្ញុំសូមឲ្យសារត្រឡប់ទៅវិញ ដើម្បីអ្នកចងចាំឲ្យបាន កុំបកស្រាយតាមចិត្តនឹកឃើញ។ ខ្ញុំយកចំណុច ២ ជាសំខាន់ យកមកបង្ហាញអ្នក ឲ្យអ្នកបានឃើញ តើអ្នកមានបានគិតទេថា នៅពេលអ្នកបានធ្វើរដ្ឋប្រហារផ្តួលរំលំ សម្តេចព្រះនរោត្តម សីហនុ អ្នកបានគាំទ្រការផ្តួលរំលំសម្តេច ព្រះនរោត្តម សីហនុ តើពួកអ្នកមានបានគិតអំពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតសម្រាប់តំណែងព្រះប្រមុខរដ្ឋរបស់សម្តេច ព្រះនរោត្តម សីហនុទេ? ពួកអ្នកបានគិតអំពីឆន្ទៈរាស្ត្រនោះទេ? ពួកអ្នកអត់បានគិតអំពីឆន្ទៈរាស្ត្រនោះទេ។ អ្នកគិតអំពីបញ្ហាថា សម្តេច ព្រះនរោត្តម សីហនុ ដឹកនាំផ្តាច់ការ ឬធ្វើនេះធ្វើនោះក្នុងពេលដែលព្រះអង្គមិនបានធ្វើអ្វីខុសនោះទេ។ ដើម្បីបម្រើឲ្យសង្គ្រាមនៅវៀតណាម អ្នកត្រូវកាន់កាប់កម្ពុជា ហើយដោយសារសម្តេចព្រះនរោត្តម សីហនុ មិនធ្វើតាមបំណងរបស់អ្នក អ្នកក៏ចាប់ផ្តើមផ្តួលរំលំសម្តេចព្រះនរោត្តម សីហនុ ដោយមិនបានគិតអំពីឆន្ទៈរបស់រាស្ត្រ ដែលបានគាំទ្រ ហើយថ្វាយអំណាចចំពោះព្រះអង្គ ជាព្រះប្រមុខរដ្ឋអស់មួយជីវិតទៀតផង។ កន្លងទៅនៅកម្ពុជា នៅពេលដែលអ្នកបានស្រែកថា «ហ៊ុន សែន អើយ! ចុះចេញទៅ» អ្នកបានគិតអំពីឆន្ទៈរាស្ត្រ ដែលបានបោះឆ្នោតដោយសម្លេងភាគច្រើនលើសលប់ ឲ្យគណបក្សប្រជាជន ឲ្យ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីឬទេ? នេះជាចំណុចអ្នកត្រូវគិត ហើយសុំអ្នកកុំគេចវេះថា រឿងនេះជារឿងចាស់ តែរឿងចាស់ និងរឿងថ្មីវាដូចគ្នា កុំធ្វើជា logic របស់ពួកឆ្កួត។
មួយទៀត ខ្ញុំចង់ចង្អុលទៅមហាអំណាចដែនដីដែលហៅថាដែនដីមហាអំណាច និងសិទ្ធិមនុស្សតែម្តង គឺសហរដ្ឋអាមេរិក នៅត្រង់ថា កាលពេលលោក Nixon (Richard Nixon) ធ្វើខុស ដែលមានរឿងអាស្រូវ Watergate ពេលនោះគេបានទម្លាក់ Nixon ចេញពីតំណែង។ អញ្ចឹងទេ កាលដែល Nixon ធ្វើខុសពិតប្រាកដ ហើយគេទម្លាក់ Nixon ចេញពីតំណែង ហេតុអ្វីបានជាគ្មានអ្នកណាធ្វើអត្ថាធិប្បាយអំពីឆន្ទៈរាស្ត្រ ដែលបោះឆ្នោតឲ្យ Nixon ធ្វើប្រធានាធិបតី។ ខ្ញុំមិនចង់វាយប្រហារ វាយបក ដោយទ្រឹស្តីណាមួយទេ ក៏ប៉ុន្តែ វាជាការហួសហេតុ ក៏សូមផ្ញើសារទៅអ្នកទាំងឡាយណា ដែលបកស្រាយថា ការផ្តន្ទាទោសមេបក្សប្រឆាំង ដែលប្រព្រឹត្តអំពើក្បត់ជាតិ និងបក្សនយោបាយដែលប្រព្រឹត្តជាប្រព័ន្ធនូវអំពើក្បត់ជាតិ ដែលត្រូវរំលាយ … តើអ្នកមានបាននឹកឃើញកាលពីអ្នកបានផ្តួលរំលំសម្តេចព្រះនរោត្តម សីហនុ ហើយរហូតទៅដល់រំលាយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា អ្នកមានបានគិតអំពីឆន្ទៈរាស្ត្រទេ ហ្នឹងសម្រាប់នៅកម្ពុជា។ ប៉ុន្តែ សម្រាប់នៅសហរដ្ឋអាមេរិកផ្ទាល់តែម្តងដែលជាបិតាប្រជាធិបតេយ្យ សូមឆ្លើយមក តើពេលហ្នឹងមានត្រូវទៅសុំការសម្រេចពីប្រជាជន ទុកឱកាសឲ្យប្រជាជនបោះឆ្នោតទម្លាក់ Nixon ទេ គេប្រាប់សភានៅពេលនោះ ព្រឹទ្ធសភានៅរួមគ្នា ដើម្បីទម្លាក់ Nixon។ តើមានបានគិតអំពីឆន្ទៈរាស្ត្រ ដែលបោះឆ្នោតឲ្យ Nixon ធ្វើប្រធានាធិបតីឬអត់? តើនេះវាជា logic របស់មនុស្សឆ្កួត ហើយគិតតែពីបកស្រាយយកត្រូវ។ ត្រូវគិតឲ្យច្បាស់ រាប់ទាំងអ្នកវិភាគសង្គម និងអ្នកច្បាប់ទាំងឡាយត្រូវមើលឲ្យឃើញចំណុចនេះ។
សូម្បីយើងមិននិយាយអីទៅកាន់ផ្ទៃក្នុងរបស់ប្រទេសថៃទេ។ ប្រទេសថៃនាយករដ្ឋមន្ត្រីគ្រាន់តែទៅឆាបាយដាក់តាមទូរទស្សន៍ គេកាត់សិទ្ធិអត់ឲ្យធ្វើនាយករដ្ឋមន្ត្រីតទៅទៀតទេ ព្រោះគេហាមអត់ឲ្យចូលពាក់ព័ន្ធជាមួយវិស័យឯកជន។ គេហាមតែម្តង រួចហើយរំលាយបក្សថៃមិនដឹងប៉ុន្មានដងទេ។ រំលាយបក្សកាន់អំណាចតែម្តង។ នៅកូរ៉េខាងត្បូង ដែលឥឡូវនេះ អ្នកស្រី Park Geun-hye ត្រូវបានកាត់ទោសដោយតុលាការ បញ្ឈប់ពីតំណែងប្រធានាធិបតី ហើយត្រូវកាត់ទោសឲ្យជាប់គុកទៀតផង តើគេបាននិយាយអំពីបញ្ហាសិទ្ធិពលរដ្ឋទេ? ឆន្ទៈរាស្ត្រទេ។ ត្រូវមើលឲ្យច្បាស់ កុំមើល ១ ជ្រុង ហើយបកស្រាយ ១ ជ្រុងតាមរបៀបបោកប្រាស់។ មានគេអ្នកចេះដឹងដែរ គេយល់ពីច្បាប់ដែរ ហើយគេដឹងថា ទីណាកើតរឿងអ្វី។ សូម្បីតែនៅសហរដ្ឋអាមេរិកខ្លួនឯង ទម្លាក់ប្រធានាធិបតី មិនបានគិតអំពីសិទ្ធិ ព្រោះ Nixon ត្រូវប្រជាពលរដ្ឋបោះឆ្នោតឲ្យផ្ទាល់ សម្រាប់ការឈ្នះឆ្នោត ពេលដែល Nixon ធ្វើខុស ម៉េចក៏មិនដាក់ឲ្យបោះឆ្នោតឡើងវិញ បែរជាទៅកាត់ទោសតាមរយៈប្រព័ន្ធសភា និងព្រឹទ្ធសភា។ ឯនៅប្រទេសកូរ៉េខាងត្បូង ម៉េចក៏មិនដាក់ឲ្យមានការបោះឆ្នោត បែរទៅជាកាត់ទោសដោយតុលាការរឿងនេះដោយសភា រួចហើយដោយតុលាការ។ ខ្ញុំសូមអភ័យទោសពីសំណាក់មិត្តថៃ ពីសំណាក់មិត្តកូរ៉េខាងត្បូង ដោយយក(សភាពការណ៍ប្រទេសមិត្តភ័ក្រមកធ្វើ)ការប្រៀបធៀប …។ បើអ្នកឯងកុំធ្វើខុស វាគ្មានអ្នកណាធ្វើអីអ្នកឯងទេ ប៉ុន្តែ អ្នកឯងឆ្លើយតបជាមួយនឹងបទចោទទាំងឡាយមក ថាបទចោទហ្នឹងត្រូវឬខុស បញ្ចេញមកនូវមេធាវី ដែលល្បីៗ រកទឡ្ហីករណ៍។
Clip អំពាវនាវកម្លាំងប្រដាប់អាវុធបង្វែរកាណុង ស៊ីសង្វាក់គ្នានឹងភស្តុតាង
ព្រឹកមិញនេះបានឃើញ Clip មួយទៀតអំពីការអំពាវនាវឲ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមក ដើម្បីនឹងបង្វែរកាណុង។ នេះគឺនិយាយតាំងពីឆ្នាំ ២០១១ ថ្ងៃ ០៤ ខែ មិថុនា តែវាផ្សារភ្ជាប់គ្នា រឿងរ៉ាវបាននិយាយនៅរដ្ឋ Massachusetts ទីក្រុង Lowell នៅសហរដ្ឋអាមេរិក។ គេបាននិយាយថា របប ហ៊ុន សែន ជិតដួលរំលំហើយ ការបះបោរយើងត្រូវរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុង ផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន។ តើនៅទីនេះ វាជាអ្វី? ហើយកន្លងទៅនេះ «ហ៊ុន សែន អើយ! ចុះចេញទៅ» ហើយបង្កើតចលនាដែលធ្វើឲ្យមានការស្លាប់មនុស្សនៅផ្លូវវេងស្រេង តើវាជាអ្វី? តើនេះជាទង្វើគោរពឆន្ទៈរាស្ត្រ ឬក៏ជាទង្វើកូដកម្មផ្តួលរំលំ ហើយក្រោមការបង្គាប់បញ្ជារបស់បរទេស ដើម្បីបង្កើតនូវសង្គ្រាមឡើងវិញនៅកម្ពុជា? អ្នកបានធ្វើរួចមកហើយ អ្នកបានចាញ់ ប៉ុន្តែអ្នកមិនបានបោះបង់ចោលឧបាយកលទេ។ សូមកុំភ្លេចបន្លាយខ្សែវែង ដើម្បីចាប់ត្រីធំ វាជារឿងចាំបាច់នៃការស្រាវជ្រាវ។ សួរថា ចុះនិយាយតាំងពីមុន ទើបចាប់ពេលក្រោយ បញ្ហានៅត្រង់ថា តើភស្តុតាងនឹងអ្វីដែលនិយាយ វាស៊ីសង្វាក់គ្នាឬអត់? តែប៉ុណ្ណឹងទេ វាស៊ីសង្វាក់គ្នាឬអត់? ដល់ពេលវាស៊ីសង្វាក់គ្នាហើយ គឺវាមិនមែនតែបុគ្គលម្នាក់ទេ គឺវាជាបក្សទាំងមូលដែលចាំបាច់ត្រូវតែរំលាយដោយតុលាការ។ ក៏ប៉ុន្តែនេះគឺជាសមត្ថកិច្ចរបស់តុលាការ ដែលនឹងឈានទៅដល់នៅពេលខាងមុខ។
មានសន្តិភាព ទើបមានឱកាសការងារ ត្រូវរួមគ្នាការពារសន្តិភាព
អញ្ចឹង ខ្ញុំបកត្រឡប់មកវិញ អញ្ចឹងក្មួយៗត្រូវចាំឲ្យច្បាស់ ឱកាសការងារដែលក្មួយៗមានសម្រាប់ពេលនេះ កន្លងទៅ ពេលនេះគឺមានសន្តិភាពប៉ុណ្ណោះ ដែលផ្តល់ឱកាសការងារសម្រាប់ក្មួយៗ។ គ្មានអ្នកណាមកវិនិ យោគនៅប្រទេសរបស់យើងទេ ក្នុងពេលដែលយើងមានសង្គ្រាមនោះ ហើយគ្មានអ្នកណាមកទេសចរណ៍ ឬ មករកស៊ីជាមួយយើង ក្នុងពេលដែលយើងមានអស្ថេរភាពនោះទេ។ ប្រទេសដែលមានការលូតលាស់ គឺប្រទេសដែលមានស្ថេរភាពនយោបាយរឹងមាំ។ សូមក្រឡេកមើល សាំងហ្គាពួរ គឺគេយកស្ថេរភាពជាឆ្អឹងខ្នង ដើម្បីការអភិវឌ្ឍ។ ប្រទេសចិនដែលមានការលូតលាស់ ក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទី ២ និងឈានទៅរកជាមហាអំណាចនៃសេដ្ឋកិច្ចទី ១ ជំនួសឲ្យសហរដ្ឋអាមេរិក ក៏ផ្តើមចេញពីសន្តិភាព និងស្ថេរភាពខាងនយោបាយរបស់គេដែរ។ ប្រទេសជប៉ុនក៏ដូចគ្នា ប្រទេសណាក៏មានតម្រូវការនៃបញ្ហានេះដូចគ្នា ដែលក្មួយៗត្រូវចងចាំ ហើយត្រូវតែការពារវាឲ្យបាន។ យើងបានខិតខំច្រើនណាស់ សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ចរបស់ជាតិ ដែលនាំឈ្មោះយើងពីភាពក្រីក្រ ១០០% មកកាន់ប្រទេសមួយដែលអត្រានៃភាពក្រីក្រត្រឹមតែ ១៣% ប៉ុណ្ណោះ។ ខ្ញុំសូមបញ្ជាក់នៅទីនេះ សម្រាប់ក្មួយៗបន្តិច ដែលហៅថា នៅលើបន្ទាត់ ឬក្រោមបន្ទាត់នៃភាពក្រីក្រ តាមការកំណត់របស់អង្គការសហប្រជាជាតិ កាលពីមុនអ្នកដែលរកបាន ១ ដុល្លារក្នុងមួយថ្ងៃ ចាត់ទុកថានៅលើបន្ទាត់នៃភាពក្រីក្រ។ ឥឡូវនេះ អ្នកដែលរកបាន ១,២៤ ដុល្លារ ចាត់ទុកថា បានផុតពីបន្ទាត់នៃភាពក្រីក្រ។ ក៏ប៉ុន្តែ សម្រាប់ក្មួយៗ ឥឡូវនេះ បើគិតអំពីប្រាក់បៀវត្សអប្បបរមា នៅឆ្នាំនេះ ១៥៣ ដុល្លារ ក្មួយៗអាចរកបានដូចជា ៥ ដុល្លារ (ក្នុងមួយថ្ងៃ)។
យើងមានការប្រកួតប្រជែងច្រើន ជាមួយប្រទេសក្នុងតំបន់ ដោយសារថ្លៃពលកម្មថោកជាង
ម្យ៉ាងទៀត ពូក៏ចង់ផ្តាំចំពោះក្មួយៗទាំងឡាយ ក្រៅពីសន្តិភាព គឺយើងក៏ត្រូវដល់សន្តិភាព និងការងារ ដូចជាប្រាក់ចំណូលដែលក្មួយៗទទួលបាននៅពេលនេះ។ កិច្ចការដែលយើងត្រូវមើលឃើញ ការប្រកួតប្រជែងពីខាងក្រៅ រវាងប្រទេសដែលមានការផលិតផលដូចៗយើងក៏មានច្រើនដែរ។ ប្រទេសយើងបានឡើងបៀវត្សដល់ទៅ ១៧០ ដុល្លារ សម្រាប់ឆ្នាំក្រោយ ក៏ប៉ុន្តែមិនត្រូវភ្លេចថា អ្នកដែលមានលទ្ធភាពប្រកួតប្រជែងជាមួយយើង ហើយអាចនាំរោងចក្រចេញពីប្រទេសរបស់យើង មានប្រទេសឡាវ ដែលមានប្រាក់បៀវត្សត្រឹមតែ ១១០ ដុល្លារ មានប្រទេសមីយ៉ាន់ម៉ា ដែលមានកម្លាំងពលកម្មដ៏ធំ ប្រជាពលរដ្ឋប្រមាណ ៥០ លាននាក់ប្លាយ គឺបៀវត្សទើបនឹងមាន ៧៩ ដុល្លារសហរដ្ឋអាមេរិកទេ។ បង់ក្លាដេសប្រជាពលរដ្ឋស្ទើរតែជាង ២០០ លាននាក់ ប្រាក់បៀវត្សត្រឹមតែ ៦៧ ដុល្លារទេ។ ស្រីលង្ការ ៦៩ ដុល្លារ។ ហើយឥណ្ឌាដែលជាប្រទេសមួយធំ ត្រឹមតែ ៧៧ ដុល្លារសហរដ្ឋអាមេរិកនោះទេ។
រាជរដ្ឋាភិបាលសុខចិត្តលះបង់ ដើម្បីកុំឲ្យបន្ទុកធ្ងន់លើនិយោជក
ដូច្នេះ ការទាមទារទាំងអស់ ក៏យើងត្រូវគិតអំពីការទ្រាំទ្របាននូវអ្នកវិនិយោគ យើងខិតខំធ្វើយ៉ាងម៉េចឲ្យអ្នកវិនិយោគនៅទីនេះ ដូចជាការតម្លើងកន្លងទៅនេះ ខាងនិយោជិត ខាងនិយោជក ដែលជាម្ចាស់រោងចក្រ ហ៊ានត្រឹមតែ ១៦៥ ទេ គេអាចទ្រាំទ្របាន ដើម្បីឲ្យបាន ១៧០ ដុល្លារ នាយករដ្ឋមន្រ្តីត្រូវធ្វើការ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលះបង់ក្នុងមួយឆ្នាំ ប្រមាណជាង ៤០ លាន ដុល្លារសហរដ្ឋអាមេរិក ដើម្បីបន្ថែម ៥ ដុល្លារ ឲ្យក្មួយៗ ព្រោះកុំឲ្យបន្ទុកនេះធ្លាក់ធ្ងន់ពេកទៅលើម្ចាស់រោងចក្រ ដែលឯណាត្រូវបង់ថ្លៃថែទាំសុខភាព ដែលមុននេះក្មួយៗបង់ ៥០ ភាគរយ ហើយចាប់ពីឆ្នាំក្រោយទៅថៅកែត្រូវបង់ជំនួសឲ្យក្មួយៗ។ ការតម្លើងបៀវត្ស ឲ្យក្មួយៗ គឺវាសុទ្ធតែជាបន្ទុករបស់ម្ចាស់រោងចក្រ អត្ថប្រយោជន៍ដទៃទៀត ដែលម្ចាស់រោងចក្រផ្តល់ ក៏ត្រូវម្ចាស់រោងចក្រទទួលបន្ទុក អញ្ចឹង បើសិនជាទទួលបន្ទុកបែបហ្នឹងតើគេអាចទ្រាំទ្របានទេ? អញ្ចឹង រដ្ឋត្រូវលះបង់ពន្យារពន្ធកាត់ទុក លើប្រាក់ចំណេញរហូតឆ្នាំ ២០២២។ ហើយពន្ធលើកម្រៃនាំចេញ ប្រមាណជា ២៤ លានដុល្លារ សហរដ្ឋអាមេរិក ពីរហ្នឹង អស់ជាង ៤០ លាន ដើម្បីយកទៅជំនួយឲ្យខាងផ្នែករោងចក្រ។
រាជរដ្ឋាភិបាលពិនិត្យតែបៀវត្សអប្បបរមា មិនឲ្យក្រោម ១៧០ ដុល្លារ
តាមរយៈនេះ រោងចក្រក៏ត្រូវបង្កើនឲ្យដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ខ្ញុំក៏សុំបញ្ជាក់នៅទីនេះថា រាជរដ្ឋាភិបាលពិនិត្យតែប្រាក់អប្បបរមាតែប៉ុណ្ណោះ បញ្ជាក់ទៅគ្រប់រោងចក្រ បញ្ជាក់ទៅគ្រប់កម្មករ/ការិនី នៅទូទាំងប្រទេសឲ្យបានជ្រាបថា រាជរដ្ឋាភិបាលពិនិត្យតែលើបៀវត្សអប្បបរមា។ ឧទាហរណ៍ ឆ្នាំ ២០១៨ បៀវត្សអប្បបរមា ១៧០ បើអ្នកណាឲ្យត្រឹម ១៦៨ គឺខុសច្បាប់ ប៉ុន្តែ បើឲ្យដល់ ១៨០ គឺត្រូវទាំងអស់។ អញ្ចឹងយើងលើកទឹកចិត្ត ឲ្យរោងចក្រ សហគ្រាស បង្កើនបៀវត្ស និងអត្ថប្រយោជន៍ដទៃទៀត ឲ្យកាន់តែច្រើន កាន់តែល្អ។ សូមបញ្ជាក់ឡើងវិញ ឥឡូវនេះ រោងចក្រដែលផ្តល់ឲ្យកម្មការិនីមានផ្ទៃពោះ ១៥ នាទី គឺត្រូវនឹងសំណូមពរ បើឲ្យត្រឹម ១០ នាទី មិនទាន់ត្រូវតាមសំណូមពរទេ តែបើឲ្យដល់ ២០ ឬ ៣០ នាទី គឺត្រូវទាំងអស់។ អ្វីដែលជាផលចំណេញសម្រាប់កម្មករ/ការិនីរបស់យើង គឺរាជរដ្ឋាភិបាលគាំទ្រ និងស្វាគមន៍ឲ្យធ្វើបែបនេះ ហើយជាមួយនឹងប្រាក់ដែលទទួលបានកាន់តែច្រើន ការចំណាយរបស់ក្មួយៗ ក៏កាន់តែតិចវិញដែរ។
កម្មករ/ការិនី កីឡាករ/ការិនី ជនចាស់ជរា/ចូលនិវត្តន៍ ជិះឡានក្រុងមិនបង់ប្រាក់រយៈពេលយ៉ាងតិច ២ ឆ្នាំ
ដំបូងខ្ញុំគួរតែបញ្ជាក់បន្ថែមថា កម្មករ/ការិនី ទាំងក្នុងប្រព័ន្ធទាំងក្រៅប្រព័ន្ធ កីឡាករ/ការិនី ក៏ដូចជាជនចាស់ជរាជាដើម ហើយខ្ញុំគិតថា ឯកឧត្តម ឃួង ស្រេង គួរត្រូវបានបន្ថែមទៅលើអ្នកចូលនិវត្តន៍មួយចំនួនទៀត បានសេចក្តីថាមានរួចហើយ អញ្ចឹងដូច្នេះ មិនបាច់បន្ថែមទេ បើគេមានរួចហើយ នឹងត្រូវបានជិះឡានក្រុងដោយមិនបង់ប្រាក់រយៈពេលយ៉ាងតិច ២ ឆ្នាំ។ ត្រូវខិតខំដោះស្រាយនូវរថយន្តក្រុងឲ្យបានច្រើន កាន់តែច្រើន កាន់តែល្អ ហើយរឿងនេះ វាជាការកាត់បន្ថយចំណាយមួយសម្រាប់កម្មករ/ការិនី ហើយសូមបញ្ជាក់ថា មិនមែនគ្រាន់តែជិះឡាននេះមកធ្វើការ ទើបមិនបង់ថ្លៃទេ ក្មួយអាចជិះទៅលេងនៅឯណាក៏បានដែរ ឲ្យតែត្រូវចំឡានក្រុង។ ប៉ុន្តែ បើកន្លែងហ្នឹងអត់មានឡានក្រុង មានតែឡានឯកជន ត្រូវបង់ថ្លៃហើយ ប៉ុន្តែ ឲ្យតែឡានក្រុងរបស់សាលាក្រុងភ្នំពេញ ក្មួយៗមិនចាំបង់ថ្លៃទេ បើទោះបីទៅលេងបុណ្យអុំទូក ក៏មិនចាំបាច់បង់ដែរ បន្តិចទៀតបុណ្យអុំទូកហើយ សល់តែប៉ុន្មានថ្ងៃទេ ថ្ងៃនេះ ថ្ងៃ ១៨ ហើយអុំថ្ងៃទី ២ (ខែ ១១) ដូច្នេះ នៅសល់តែប៉ុន្មានថ្ងៃទេ បុណ្យអុំទូកហើយ ទឹកប្រហែលនៅខ្ពស់បន្តិចហើយ …។ ប៉ុន្តែ ទឹកហូរខាងណោះនៅហូរចូលទន្លេសាប អាហ្នឹងច្បាស់ជាលុបចោលបុណ្យអុំទូកហើយ អុំវាមិនកើត។ ប៉ុន្តែ ឥឡូវនេះ ទឹកទន្លេបានចាប់ស្រកនៅខាងលើ ដូច្នេះសង្ឃឹមថាអុំទូកបាន។ ប៉ុន្តែ អុំឆ្នាំនេះ ប្រឈមជាមួយភ្លៀង ព្រោះការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងត្រូវអស់នៅអាទិត្យទីពីរ ខែវិច្ឆិកាឯណោះ។ អញ្ចឹងទេ យើងអុំនៅក្នុងអាទិត្យទីមួយ នៃខែវិច្ឆិកា ដូច្នេះ អាចមានភ្លៀងនៅក្នុងបុណ្យអុំទូក ដែលត្រូវតែមានការប្រុងប្រយ័ត្នសម្រាប់សុវត្ថិភាព នៃកីឡាករអុំទូករបស់យើង។
ថ្លៃទឹក ភ្លើង ចុះថោក បន្តអំពាវនាវ កុំឲ្យម្ចាស់ផ្ទះជួលឡើងថ្លៃនៅឆ្នាំ ២០១៨
ការចំណាយទៅលើប្រាក់ឈ្នួលផ្ទះនៅក្នុងឆ្នាំនេះ គឺតិច ហើយយើងនឹងបន្តជាមួយនឹងការអំពាវនាវកុំឲ្យម្ចាស់ផ្ទះជួលឡើងថ្លៃនៅឆ្នាំ ២០១៨។ ចាំឆ្នាំ ២០១៩ ហើយ ២០១៩ ក៏គួរកុំឡើងដល់ថ្នាក់ឌុប ឡើងក្នុងកម្រិតល្មម ដែលជាការរួមបង្កើតនូវស្ថានភាពល្អប្រសើររបស់កម្មករ/ការិនី តម្លៃទឹក តម្លៃភ្លើង សម្រាប់កម្មករ/ការិនី ដែលភ្លើងរបស់រដ្ឋ និងទឹករបស់រដ្ឋទៅដល់ ក៏បានកាត់បន្ថយ។ ដូចជាភ្លើងមុននេះត្រូវកំណត់ ដោយម្ចាស់ផ្ទះ ១.០០០ ឬ ១.៥០០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ តែឥឡូវបានប្រើប្រាស់ត្រឹមតែ ៤៨០ រៀល តែប៉ុណ្ណោះ។ ថ្លៃទឹក ដែលមុននេះម្ចាស់ផ្ទះកំណត់ ក្រោយមកយើងកំណត់ត្រឹមតែមួយម៉ែត្រគូប ១.២០០ រៀល ឥឡូវនេះ កំពុងអនុវត្តនូវថ្លៃទឹក ចំនួន ៨០០ រៀល តែប៉ុណ្ណោះ។ ក្រៅពីនោះ ក្មួយៗនៅទទួលបានអត្ថប្រយោជន៍ដទៃទៀត។
ឆ្ពោះទៅប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ដោយពលកម្មវ័យក្មេង
អញ្ចឹង បញ្ហាធំរបស់យើងនៅទីនេះ ខិតខំធ្វើយ៉ាងម៉េចបន្តខិតខំធ្វើការងារនេះ ដើម្បីឲ្យប្រទេសរបស់យើងកាន់តែមានការរីកចម្រើន។ យើងបានឈានចេញពីប្រទេសដែលមានប្រាក់ចំណូលទាប មកកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមានមហិច្ឆតាឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ សង្ឃឹមថាកម្លាំងពលកម្មវ័យក្មេង ជាមួយនឹងការវិនិយោគមកកាន់ប្រទេសរបស់យើង នឹងមានកាន់តែប្រសើរឡើង ដែលនឹងនាំឲ្យយើងសម្រចបាននូវមហិច្ឆតា និងគោលដៅដែលយើងចង់បាននាពេលខាងមុខ។
កិច្ចការទី ១ រួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និងស្ថេរភាពការងារ
ឥឡូវ កិច្ចការដែលយើងត្រូវខំ ជាមួយនឹងការអំពាវនាវឲ្យក្មួយៗទាំងអស់ រួមគ្នារក្សាសន្តិភាព ដើម្បីធានា ដល់ការអភិវឌ្ឍ។ រឿងនេះធំជាងគេ អតីតកាលដែលជីដូនជីតារបស់ក្មួយៗ ដែលឪពុកម្តាយរបស់ក្មួយៗបានជួបប្រទះ វាបានផ្តល់មេរៀនធំណាស់សម្រាប់ពួកយើង។ ប្រទេសមួយចំនួនដែលកំពុងមានសង្រ្គាម គ្មានបានទទួលនូវការអភិវឌ្ឍណាមួយ ក្រៅតែពីការបំផ្លិចបំផ្លាញនោះទេ។ ដូច្នេះ ការរួមគ្នា ដើម្បីរក្សានូវសន្តិភាព វាជាកត្តាគន្លឹះសម្រាប់ជាតិមួយ ក្នុងដំណើរឈានឡើងរបស់ខ្លួន។ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ហើយបើគ្មានការអភិវឌ្ឍ ក៏គ្មានការរក្សាទុកនូវស្ថេរភាពនេះបានដែរ។ ទន្ទឹមនឹងកិច្ចការ ដែលជាកិច្ចការទំហំដែលមានជាក្របខណ្ឌម៉ាក្រូ ជាទូទៅនេះ ខ្ញុំសូមអំពាវនាវចំពោះក្មួយ យកចិត្តទុកដាក់ទី ១ រួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និងស្ថេរភាពការងារ។ ខាងលើពូបាននិយាយហើយ គ្មានការអភិវឌ្ឍណាមួយ ដែលបានមកដោយខ្វះស្ថេរភាព និងសន្តិភាពទេ រោងចក្រដែលអាចដំណើរការទៅបានទៀងទាត់ គឺតំបន់រោងចក្រ ដែលមានសន្តិភាព និងស្ថេរភាពមិនអាចទីនោះ ដោយមានផ្ទុះគ្រាប់បែក នៅទៅនោះ ដោយមានគ្រាប់ផ្លោង គ្រាប់បែក នៅទីនោះ មានបងតូច មានបងធំ មានក្រុមគ្រឿងញៀននោះទេ មិនអាចទេ។
រកវិធីសម្របសម្រួលអំពីកិច្ចសន្យាការងារខ្លីពេក
សុវត្ថិភាពកម្មករ/ការិនី មិនត្រូវបានធានាទេ ហើយនៅក្នុងសុវត្ថិភាពការងារនេះ ខ្ញុំក៏នៅតែបន្តអំពាវនាវ ឲ្យមានការខិតខំ ដើម្បីឲ្យមានការសម្របសម្រួលអំពីកិច្ចសន្យាការងារ ដែលនៅតំបន់រោងចក្រខ្លះ កិច្ចសន្យាខ្លីពេក រយៈពេលត្រឹមតែ ៣ ខែ ដូច្នេះ ធ្វើឲ្យអារម្មណ៍កម្មករ/ការិនីរបស់យើងមិននឹងនរ។ តើបន្ទាប់ពី ៣ ខែទៅ តើថៅកែព្រមចុះហត្ថលេខា ឲ្យយើងបន្តការងារ ឬអត់? ប៉ុន្តែ កម្មករ/ការិនីរបស់យើង ក៏ត្រូវមានការយោគយល់ត្រឡប់មកវិញ កិច្ចការមានរយៈពេលខ្លី មិនអាចតម្រូវទាមទារឲ្យម្ចាស់រោងចក្រ ចុះហត្ថលេខា នៅក្នុងរយៈពេលវែងនោះបានទេ។
កិច្ចការទី ២ រួមគ្នារក្សាការងារ និងបង្កើតការងារថ្មី
កិច្ចការទី ២ គឺយើងត្រូវរួមគ្នារក្ស ការងារ និងបង្កើតការងារថ្មី។ ការងារចាស់ដែលយើងមានរួចមកហើយ សុំក្មួយបន្តខិតខំដើម្បីរក្សាការងារចាស់ ដែលយើងបាន និងកំពុងមាន ហើយកំពុងទទួលអត្ថប្រយោជន៍ កាន់តែច្រើនទៅៗ មួយឆ្នាំឡើងបន្តិចៗ។ ពិតហើយ វាមិនទាន់គ្រប់គ្រាន់ទេ គ្មាននៅលើលោកនេះ ដូចជាគ្មានអ្នកណាមួយ ដែលឆ្អែតឆ្អន់ជាមួយនឹងការចង់បាន ចង់មាននោះទេ។ មហាសេដ្ឋីនៅលោកនេះ គ្មានមហាសេដ្ឋីណាមួយ ថាអញគ្រប់គ្រាន់នោះទេ គេនៅតែប្រឹងរក ដើម្បីឲ្យប្រាក់ចំណូលរបស់គេ កាន់តែច្រើន។ សម្រាប់កម្មករ/ការិនីរបស់យើង ប្រាក់បៀវត្សដែលបានឡើងនៅឆ្នាំ (២០១៨) ១៧០ ដុល្លារ ប៉ុន្តែ វាមិននៅងាប់ស្តូក ១៧០ ដុល្លារ នៅឆ្នាំ ២០១៨ ទេ ឆ្នាំ ២០១៩ នៅបន្តឡើងទៀត។ តែឡើងដល់ប៉ុន្មានគឺយន្តការត្រីភាគីនឹងបន្តធ្វើកិច្ចការងារនេះ ដើម្បីរក្សាបានការងារ និងបង្កើតការងារថ្មី ហេតុអីបង្កើតការងារថ្មី? ក្មួយៗមានការងារធ្វើហើយ ក៏ប៉ុន្តែ មានប្អូន មានក្មួយ មានសាច់ញាតិ មានមិត្តភក្តិ មិនទាន់មានការងារធ្វើ ហើយកូនចៅរបស់ក្មួយៗដែលវាធំឡើង វាក៏ត្រូវមានការងារធ្វើ ដូច្នេះ យើងត្រូវបង្កើតការងារថ្មី។ រាជរដ្ឋាភិបាលក៏ត្រូវធ្វើការខិតខំ ដើម្បីទាក់ទាញវិនិយោគមកបន្ថែមទៀត និងបើកទីផ្សារនៅខាងក្រៅ។ រាជរដ្ឋាភិបាល ក៏បានខិតខំប្រឹងប្រែង ដើម្បីនឹងកសាងហេដ្ឋារចនាសម្ព័ន្ធ ជាផ្លូវថ្នល់ដើម្បីសម្រួលដល់ការដឹកជញ្ជូន ជាកំពង់ផែ ជាព្រលានយន្តហោះ ជាការផ្គត់ផ្គង់អគ្គិសនី និងផ្នែកដទៃទៀត ដែលមានការពាក់ព័ន្ធ។
និយាយដល់បញ្ហាផ្លូវថ្នល់នេះ សុំឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម ឃួង ស្រេង ពិនិត្យមើលផង។ ប៉ុន្តែ ឥឡូវវានៅទឹក ផ្លូវដែលមកនេះ វាខូចខាត ប្រហែលជាគួរសមហើយ ល្មមដល់ពេលដែលយើងត្រូវជួសជុលហើយ ប៉ុន្តែ ឆ្នាំនេះភ្លៀងវាច្រើន ហើយការដឹកជញ្ជូនរបស់យើងក៏វាច្រើន អញ្ចឹងតម្រូវការនៃការជួសជុលផ្លូវជាតិលេខ ៤ នៅលើកន្លែងដែលមានការខូចខាត ត្រូវតែធ្វើឲ្យបានឆាប់ បើយើងគ្មានផ្លូវល្អ គ្មានកំពង់ផែល្អ គ្មានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ គ្មានព្រលានយន្តហោះល្អ គឺលំបាកទាក់ទាញគេឲ្យមកវិនិយោគ ឲ្យគេមកធ្វើទស្សនកិច្ចនៅកម្ពុជា តាមរយៈវិស័យទេសចរណ៍។ យើងគ្មានសណ្ឋាគារគ្រប់គ្រាន់ឲ្យគេក៏មិនបាន។ អញ្ចឹងទេ ជាមួយនឹងការងារដែលមានស្រាប់ យើងត្រូវបង្កើតការងារថ្មី ដោយវិធីទាក់ទាញវិនិយោគ និងស្វែងរកទីផ្សារ សម្រាប់ការនាំចេញទៅក្រៅប្រទេស។
កិច្ចការទី ៣ រួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង/តម្លើងពិដានយកពន្ធពីប្រាក់ចំណូលដល់ ១ លាន ២ សែនរៀល
ឯការងារទី ៣ យើងត្រូវរួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង។ បៀវត្សត្រូវឡើងជារៀងរាល់ឆ្នាំ តាមរយៈយន្តការត្រីភាគី ហើយយើងក៏បានបញ្ចប់ មិនឲ្យមាននូវច្បាប់ស្តីពីវិវាទការងារនោះទេ ដោយប្រើប្រាស់យន្តការត្រីភាគី ដែលមានកន្លងទៅ សម្រាប់សម្រួលដល់បញ្ហាកុំឲ្យរឿងរ៉ាវវាឡើងទៅដល់តុលាការ ការងារនោះ។ ពន្ធលើប្រាក់បៀវត្សដែលមុននេះត្រូវ ជាប់ពន្ធ ៥០ ម៉ឺនរៀល តម្លើងដល់ ៨០ ម៉ឺន តម្លើងដល់ ១ លានរៀល នៅឆ្នាំ ២០១៧។ គ្រោងនៅឆ្នាំ ២០១៨ នេះ អ្នកជាប់ពន្ធ ប្រាក់ត្រឹម ១ លាន ២ សែនរៀល បានសេចក្តីថាត្រឹម ៣០០ ដុល្លារ សហរដ្ឋអាមេរិក មិនត្រូវបានជាប់ពន្ធទេ។ នេះគឺជាការយកចិត្តទុកដាក់ ដើម្បីផ្តល់ឲ្យកម្មករ/ការិនី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលនឹងទទួលបានប្រាក់បៀវត្សនៅឆ្នាំ ២០១៨ តិចជាង ១ លានរៀល មិនត្រូវបានជាប់ពន្ធនោះទេ។ ប៉ុន្តែ ក៏សូមបញ្ជាក់កាលបរិច្ឆេទរវាងកម្មករ/ការិនី និងកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគឺ ខុសគ្នា កាលបរិច្ឆេទសម្រាប់កម្មករ/ការិនី គឺចាប់អនុវត្ត ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៨ ទៅ ប្រាក់បៀវត្សអប្បបរមា នឹងឡើងទៅដល់ ១៧០ ដុល្លារ។
ឯសម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខែមករា នឹងឡើងតិចតួច ប៉ុន្តែ ខែមេសា ទើបជាខែដែលត្រូវឡើង ព្រោះអាហ្នឹងដល់ឆ្នាំត្រូវឡើង ឡើងមុនចូលឆ្នាំ ហើយបើកឲ្យបានមុនចូលឆ្នាំទៀត។ នេះជាការខិតខំ ដើម្បីសម្រួលឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង បានទទួលផលប្រយោជន៍ពីការតម្លើងបៀវត្សនេះឯង។ យើងកាត់បន្ថយចំនួនដែលជាប់ពន្ធលើប្រាក់បៀវត្ស។ នៅលើលោកនេះ គ្មានប្រទេសណា ដែលមិនអនុវត្តអំពីបញ្ហាពន្ធលើប្រាក់បៀវត្សនោះទេ សុទ្ធតែមានទាំងអស់។ ប៉ុន្តែ តើគេយកកម្រិតណា ឯយើងចេះតែបង្កើន។ ប៉ុន្តែ ក៏សុំបញ្ជាក់ថា ក្មួយអ្នកដែលមានបៀវត្សត្រឹមតែ ៣០០ អញ្ចឹងមិនយកទេអា ៣៥០ ព្រោះខ្លាចជាប់ពន្ធ ឬអា ៣២០។ សុំកុំភ័ន្តច្រឡំ តិចថា មិនយកឲ្យលើស ៣០០ ដុល្លារទេ ខ្លាចជាប់ពន្ធ គឺយកត្រឹមតែក្រោម។ ឥឡូវ និយាយជាប្រាក់រៀល ថា ១ លាន ២ សែន អញ្ចឹងយកតែ ១,១៩៩,៩៩៩ រៀល អត់យកឲ្យដល់ ១ លាន ២ សែន ទេ។ ពន្ធគេគិតរបៀបនេះ បើសិនជាយើងមានប្រាក់ដល់ទៅ ១ លាន ៣ សែន គេយកតែ ១ សែន ទេ មកគិតពន្ធ ឯ ១ លាន ២ សែន ទៀត គេកាត់ចេញ នេះជារបៀបគិតពន្ធសម្រាប់ប្រាក់បៀវត្ស ហើយប្រាក់នោះហើយជាអត្ថប្រយោជន៍ពេលយើងចូលនិវត្ដន៍។
ជាមួយគ្នានេះ យើងត្រូវខិតខំដើម្បីពង្រឹងគុណភាពទំនិញរបស់យើង ដើម្បីចូលទៅកាន់ទីផ្សារ នៃប្រទេសនានា ហើយខ្ញុំពិតជាមានមោទនភាពជាមួយទឹកដៃកម្មករ/ការិនីរបស់យើងដែលបានខិតខំ។ ខ្ញុំទៅពិនិត្យរោងចក្រមួយចំនួន សូម្បីតែអាវខ្ញុំពាក់ហាត់ប្រាណរៀងរាល់ល្ងាច អាវផលិតនៅប្រទេសកម្ពុជា។ មានអាវរបស់ក្រុម Real Madrid ទៀតផង នៅពេលដែលខ្ញុំបង្ហោះហ្វេសប៊ុកភ្លាម ស្រាប់តែមានអ្នកមក comment ថា ខ្ញុំស្រឡាញ់សម្ដេចមិនខុសទេ ព្រោះសូម្បីតែចិត្តសម្តេចក៏ដូចខ្ញុំដែរ ខ្ញុំស្រឡាញ់(ក្រុម) Real Madrid ឥឡូវសម្តេចពាក់អាវ Real Madrid។ អញ្ចឹងទេ អារបស់អស់អញ្ចឹងៗ មិនមែនប្រទេសគេចេះតែបញ្ជាទិញទេ ទាល់តែយើងផលិតមានគុណភាព។ ដូច្នេះ ទន្ទឹមនឹងការឡើងបៀវត្ស កម្មករ/ការិនីរបស់យើងក៏ត្រូវបង្កើនសមត្ថភាព នៃការចេះដឹងរបស់ខ្លួនផងដែរ ដើម្បីឲ្យយើងទទួលបានផលកម្រៃ នៃប្រាក់ឈ្នួលរបស់យើងកាន់តែខ្ពស់។
ការងារទី ៤ គឺផ្ដោតលើការងារគាំពារសង្គម លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ
ឯកិច្ចការទី ៤ គឺផ្ដោតទៅលើការងារគាំពារសង្គម លក្ខខណ្ឌការងារ និងជាសុវត្ថិភាពការងារ ដែលនេះជាតម្រូវការខានមិនបាន ហើយជាផ្នែកដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់។ ពិតមែនតែកន្លងទៅមិនទាន់បានចុះមកជួបកម្មករញឹកញាប់ ហើយជួបក្នុងមួយឆ្នាំបានតែ ២ ពេល និងទៅតាមរោងចក្រខ្លះ ដែលពូបានទៅតែប៉ុណ្ណោះ។ ប៉ុន្តែ ការយល់ដឹង និងការផ្ដល់ការណែនាំចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជា្ជជីវៈមានជាបន្ដបន្ទាប់សម្រាប់សុវត្ថិភាពការងាររបស់ក្មួយៗ។ ក៏សូមបញ្ជាក់ប្រាប់ក្មួយថាកន្លងទៅប្រាក់សន្តិសុខសង្គមផ្នែកថែទាំសុខភាព កម្មករ/ការិនីរបស់យើងត្រូវបង់ ៥០% ឯនិយោជកត្រូវបង់ ៥០% តែចាប់ពីឆ្នាំ ២០១៨ នេះទៅកម្មករ/ការិនីរបស់យើងមិនត្រូវបានបង់ទៀតទេ និយោជក ម្ចាស់រោងចក្រត្រូវជាអ្នកបង់ជំនួសក្មួយៗតែម្ដង។ ដូច្នេះ ធ្វើឲ្យកម្មករ/ការិនីទទួលនូវផលចំណេញក្នុងចន្លោះពី ៨ ពាន់រៀល ទៅ ១ ម៉ឺន ៣ ពាន់ រៀល ក្នុង ១ ខែ។
កម្មករ/ការិនី កីឡាករ/ការិនី ពីនិត្យជំងឺឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ
នេះហើយដែលខ្ញុំនិយាយថាប្រាក់ចំណូលកាន់តែខ្ពស់ ការចំណាយកាន់តែតិចទៅវិញ។ ហើយចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ កម្មករគ្រប់ផ្នែកទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក៏ដូចជាកីឡាករ/ការិនីនៅទូទាំងប្រទេស នឹងត្រូវទទួលការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ។ រដ្ឋនឹងបង់ថ្លៃជំនួសតាមកម្មវិធីសមធម៌ ដែលបាន និងកំពុងអនុវត្ដ។ ប៉ុន្តែ ឥឡូវនេះសំណូមពររបស់ ឯកឧត្តម ម៉ម ប៊ុនហេង បន្ទាប់ពីចុះពិនិត្យនៅតំបន់រងគ្រោះនូវអាវុធគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិកនៅទសវត្សរ៍ទី ៧០ មិនត្រឹមតែឃុំមួយទេ និងអាចមានច្រើនឃុំផ្សេងទៀត។ ឥឡូវ រកឃើញកាន់តែច្រើនហើយ ជាសោកនាដកម្មដែលបានកើតក្នុងប្រទេសរបស់យើង។ តើនោះគេបានគិតពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ។ ប្រជាពលរដ្ឋរបស់យើងនៅក្នុងប៉ុន្មានឃុំនៅកន្លែងនោះ កូនកើតមកខ្លះក្បាលធំ ខ្លះភ្នែកលៀន ហើយសាម៉ីខ្លួនត្រូវរមាស់ ស្ទើរតែជាមនុស្សកើតឃ្លង់ តើនេះអស់លោកនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែរ ឬអត់? អស់លោកមិនបានគិតទេ នៅពេលដែលអស់លោកកេះកៃកាំភ្លើងមកលើយើង សម្លាប់យើង គ្រាប់បែករាប់លានតោន បានទំលាក់មកលើប្រទេសរបស់យើង។ ឥឡូវ យើងត្រូវបង្កើតនូវតំបន់ព្យាបាល ហើយវិធីបន្សាបចោលនូវគ្រឿងអាវុធគីមីនេះ ហើយយើងដាក់ប្រជាពលរដ្ឋនៅតំបន់នេះ ចូលទៅក្នុងកម្មវិធីសមធម៌ សម្រាប់ការព្យាបាលជំងឺដោយឥតគិតថ្លៃ នូវមូលនិធិសមធម៌។ ប៉ុន្តែ ពូសូមបញ្ជាក់ថាគឺតែតាមមន្ទីរពេទ្យរដ្ឋតែប៉ុណ្ណោះ។ បើក្មួយៗទៅតាមមន្ទីរពេទ្យឯកជន ត្រូវបង់ថ្លៃ ប៉ុន្តែ ចូលមន្ទីរពេទ្យរដ្ឋមិនត្រូវបានបង់ថ្លៃទេ សម្រាប់មុខសញ្ញាកម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ បូករួមទាំងកីឡាករ/ការិនីថែមទៀតផង។
កម្មការិនីមានផ្ទៃពោះ សម្រាក ៣ ខែ ប្រាក់បៀវត្ស ១២០% ចេញមុន ១៥ នាទី, កម្មការិនីឥស្លាម ស្លៀកសំលៀកបំពាក់ឥស្លាមមកធ្វើការបាន ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន
សូមបញ្ជាក់សម្រាប់ក្មួយៗកម្មការិនី ដែលត្រូវឆ្លងទន្លេ ត្រូវទទួលបានអត្ថប្រយោជន៍ ទទួលបានការឈប់សំរាក ៣ ខែ ជាមួយប្រាក់បៀវត្ស ១២០ ភាគរយ។ ក្នុងនោះ ដើម្បីបានបៀវត្សឲ្យក្មួយៗ បេឡាជាតិសន្តិសុខសង្គមត្រូវចេញ ៧០% ហើយនិយោជកចេញ ៥០%។ អញ្ចឹងទេ នេះជាការធានាសម្រាប់កម្មការិនីរបស់យើង ដើម្បីទទួលបាននៅពេលឆ្លងទន្លេ។ ឥឡូវនេះ យើងបានស្នើសុំហើយ យើងទទួលបានហើយនូវអត្ថប្រយោជន៍របស់ខ្លួនខ្ញុំផ្ទាល់ជាមួយក្រសួងការងារ អំពីបញ្ហាស្រ្ដីមានផ្ទៃពោះចាប់ពី ៣ ខែ ទៅ គឺត្រូវចេញ(មុន) ១៥ នាទីយ៉ាងតិច។ មានរោងចក្រខ្លះ គេឲ្យបាន ២០ នាទី ៣០ នាទីទៅហើយ ដូចនេះ មិនអាចទម្លាក់មកវិញទេ ដូចនេះអ្នកមាន ៥ នាទី ១០ នាទីត្រូវឡើងដល់កន្លះម៉ោង ហើយខ្ញុំបានឃើញរួចហើយនៅតាមរោងចក្រមួយចំនួន ស្រ្ដីដែលធ្វើការជាឥស្លាម បានស្លៀកសំលៀកបំពាក់ឥស្លាមរួចហើយ ប៉ុន្តែបើរោងចក្រខ្លះមិនទាន់បានអនុវត្ដទេ សូមអនុវត្ដ ហើយអនុវត្តនៅក្នុងស្ថាប័នរដ្ឋ ស្ថាប័នក្នុងវិស័យឯកជនដទៃទៀត អនុញ្ញាតអោយស្រ្ដីឥស្លាមទទួលបានការស្លៀកសំលៀកបំពាក់បែបឥស្លាម ដើម្បីចូលបម្រើការងារនៅក្រុមហ៊ុន និងតាមស្ថាប័នរបស់រដ្ឋផងដែរ។ នេះជាការផ្តល់ឱកាសបន្ថែមសម្រាប់បងប្អូន ក្មួយៗ ជាស្រ្ដីឥស្លាម ដែលមានតម្រូវការផ្នែកសាសនារបស់ខ្លួន …។
កម្មការិនីឆ្លងទន្លេទទួលសាច់ប្រាក់ឧបត្ថម្ភ ចាប់ពី ខែ មករា ឆ្នាំ ២០១៨ ទៅ
សូមបញ្ជាក់ជូនក្មួយៗកម្មការិនីទាំងអស់ កម្មវិធីសាច់ប្រាក់នឹងត្រូវអនុវត្ដចាប់ ម៉ោង សូន្យ ថ្ងៃទី ១ មករា ឆ្នាំ ២០១៨ ទៅ។ នោះនៅត្រង់ថាកម្មការិនីដែលឆ្លងទន្លេបានកូនមួយនឹងទទួលបានសាច់ប្រាក់ ៤០ ម៉ឺនរៀល កូនភ្លោះ ២ នឹងទទួលបានសាច់ប្រាក់ ៨០ ម៉ឺនរៀល កូនភ្លោះ ៣ ទទួលបានសាច់ប្រាក់ ១ លាន ២ សែនរៀល ហើយនឹងក្លាយទៅជាក្រុមគ្រួសារ នៃកូនភ្លោះ ៣ ដែលខ្ញុំឧបត្ថម្ភទៀតផង។ អញ្ចឹង ក្មួយៗថ្ងៃនេះ ដែលក្មួយខាងនេះថាទើបនឹង ៥ ខែ បើទើបនឹង ៥ ខែ នឹងកើតនៅឆ្នាំ ២០១៨ ហើយ អញ្ចឹងទេ ពេលនោះ គឺក្មួយនឹងទទួលបាន សម្រាប់អ្នកដែលកើតនៅឆ្នាំ ២០១៨។ ប៉ុន្តែ អ្នកដែលកើតនៅឆ្នាំ ២០១៧ ចាំកូនទី ២ ទៅ ចាំកូនក្រោយ។ សូមបញ្ជាក់បន្តិច កីឡាការិនី ដែលឆ្លងទន្លេក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នានឹងកម្មការិនីផងដែរ។ ហ្នឹងខាងផ្នែកកីឡា។
ស្រ្តី ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ទទួលបានសាច់ប្រាក់ឧបត្ថម្ភពេលសម្រាលកូនដែរ
សម្រាប់ស្ត្រីជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធមុននេះ គឺកងកម្លាំងប្រដាប់អាវុធមិនទាន់បានអនុវត្តទេ ប៉ុន្តែ ខាងមន្រ្តីរាជការជានារីទទួលបាន ៦០ ម៉ឺន(រៀល) ត្រូវឡើងទៅដល់ ៨០ ម៉ឺនរៀល។ អាហ្នឹងសម្រាប់អ្នកដែលឆ្លងទន្លេ ប៉ុន្តែ ក៏ត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ ២០១៨ តទៅ។ នេះគឺជាកម្មវិធីគាំពារសង្គម ហើយដែលផ្តោតការយកចិត្តទុកដាក់មុនគេ ចំពោះស្រ្តីមានផ្ទៃពោះនឹងត្រូវឆ្លងទន្លេ។ យើងកំពុងតែពិនិត្យនូវលទ្ធភាពអនុវត្តសម្រាប់ប្រជាជនទូទៅយ៉ាងណា ទៅលើបញ្ហាស្ត្រីឆ្លងទន្លេ។ ស្ត្រីមានផ្ទៃពោះត្រូវបានការពិនិត្យជាទូទៅ ដោយមិនមានការបង់ប្រាក់ទេ។ ប៉ុន្តែ សម្រាប់ស្រ្តីឆ្លងទន្លេ ជាជំហានដំបូង យើងអនុវត្តចំពោះកម្មករ យើងអនុវត្តចំពោះស្រ្តីនៅក្នុងកងទ័ព នៅក្នុងនគរបាល នៅក្នុងអាវុធហត្ថ នៅក្នុងមន្រ្តីរាជការស៊ីវិលរបស់យើង។ ហើយការបើកជាសាច់ប្រាក់ គឺត្រូវអនុវត្តឲ្យបានល្អ ហើយចាប់ផ្តើមធ្វើការពីឥឡូវ។ យើងបានត្រៀមខ្លួនទុកថា នៅក្នុងក្របខណ្ឌកម្មករ ទាំងក្នុង និងក្រៅប្រព័ន្ធ គឺប្រមាណជា ១០ លានដុល្លារសហរដ្ឋអាមេរិកក្នុង ១ ឆ្នាំ។ ឯនៅក្នុងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រមាណជា ២ លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ យើងមានលទ្ធភាពនឹងអាចធ្វើទៅរួច។
សូមបន្តរៀបចំគិលានដ្ឋាន កន្លែងបំបៅកូន ទារកដ្ឋាន និងកន្លែងហូបបាយ
ក្រៅពីនេះ ក៏សូមអំពាវនាវឲ្យបណ្តារោងចក្រ សហគ្រាស ឲ្យរៀបចំបន្ថែម អ្នកដែលរៀបចំគឺល្អហើយ ប៉ុន្តែ គិលានដ្ឋានដែលនៅតាមរោងចក្រ សហគ្រាស ដែលនៅសល់ ១២ ភាគរយ សូមបន្តការខិតខំដើម្បីរៀបចំឲ្យមានគិលានដ្ឋាន។ មានកន្លែងហូបបាយ មានកន្លែងបំបៅកូន មានទារកដ្ឋាន ដើម្បីកម្មករ/ការិនី ជាពិសេសកម្មការិនីរបស់យើង កាន់តែមានភាពងាយស្រួល។ អនុវត្តរបបឈបសម្រាកឲ្យបានត្រឹមត្រូវ។
របបសោធននិវត្តន៍វិស័យឯកជន អនុវត្ត ២០១៩ តទៅ
ជាបន្ត ក្មួយៗក៏សូមជា្របថា ចាប់ពីឆ្នាំ ២០១៩ ទៅ រាជរដ្ឋាភិបាលនឹងដាក់ឲ្យអនុវត្តនូវប្រាក់របបសោធននិវត្តន៍ ដែលហៅថាប្រាករឺត្រែតសម្រាប់ក្នុងកម្មកររបស់យើង។ អញ្ចឹង សម្រាប់កម្មករ/ការិនីរបស់យើង ពេលនេះ អ្នកណាក៏គិតដែរអំពីអនាគត។ សូម្បីតែខ្លួនខ្ញុំ នៅក្នុងវ័យប៉ុណ្ណេះចាប់ផ្តើមគិតទៅហើយ នៅពេលដែលខ្លួនចាស់ទៅ ឈប់ធ្វើការងារទៅ តើកូនណា ឬចៅមួយណា ដែលវាចិញ្ចឹមយើង។ បញ្ហាទ្រព្យសម្បត្តិវាអត់ចោទទេ ប៉ុន្តែ វាសំខាន់នៅត្រង់ តើកូនណា ឬចៅណា ដែលវាចិត្តបាន។ ត្រូវចាប់ផ្តើមគិតហើយ។ ប៉ុន្តែ ក្មួយៗមានការគិតខុសពីពូ ថាតើពេលដែលអញឈប់ពីការងារកម្មករទៅ តើមានអ្វីចិញ្ចឹមខ្លួន? មិនទាន់គិតទៅដល់បញ្ហាកូនណាចិត្តបាន កូនណាចិត្តមិនបានថែមទៀត? តែឥឡូវនេះ ដោយអនុវត្តនូវប្រាក់សោធននិវត្តន៍ចាប់តាំងពីឆ្នាំ ២០១៩ ទៅ គឺក្មួយៗនឹងទទួលបានអត្ថប្រយោជន៍សម្រាប់នៅពេលដែលខ្លួនចាស់ជរា ចាស់ទៅធ្វើការលែងកើត។ ក្មួយៗមិនចាំបាច់មើលទឹកមុខកូន ថាកូនណាឲ្យអញទទួលទាន ឬអត់ទេ។ គឺក្មួយៗមានប្រាក់(ខ្លួនឯង) ឧទាហរណ៍ នៅពេលដែលក្មួយមានប្រាក់អប្បបរមា ១៧០ ដុល្លារ ពេលដែលក្មួយៗចូលនិវត្តន៍ ធ្វើការគ្រប់លក្ខខណ្ឌត្រឹមតែប៉ុណ្ណឹងទេ កាត់ ២០ ភាគរយចេញ នៅសល់ប្រមាណជា ១៣០ ដុល្លារជាង ក្នុងមួយខែដែរ។ បើក្មួយៗមានប្រាក់ខែកាន់តែខ្ពស់ ឧទាហរណ៍ថាឡើងដល់ ២០០ ដុល្លារ ពេលដែលចូលនិវត្តន៍ គឺនៅសល់ ៨០ ភាគរយ អញ្ចឹងក្មួយៗអាចនៅសល់រហូតទៅដល់ ១៦០ ដុល្លារសហរដ្ឋអាមេរិក។ អញ្ចឹង ក្មួយៗមានប្រាក់(ខ្លួនឯង) ដោយមិនចាំបាច់ពឹងពាក់ទៅលើកូនណាចិត្តបាន ឬមិនបាននោះទេ។
ពេលនោះ វាគ្មានការខុសគ្នារវាងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ/ការិនីនោះទេ។ នេះជាចំណុចដែលក្មួយៗត្រូវខិតខំធ្វើពីឥឡូវ មិនអាចធ្វើការមួយឆ្នាំ ហើយទទួលបាននូវប្រាក់ចូលនិវត្តន៍ទេ។ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ធ្វើការគ្រប់ឆ្នាំ ទើបបានទទួលនូវប្រាក់ចូលនិវត្តន៍។ ពាក្យចាស់លោកថា «បើចង់ឆ្ងាញ់ ឲ្យរកអន្លក់ បើចង់ស្រណុក ឲ្យនឿយពីក្មេង។ អញ្ចឹង ក្មួយៗខិតខំធ្វើការងារដើម្បីឲ្យគ្រប់ចំនួនឆ្នាំទៅ និងទទួលបាននូវបៀវត្សខ្ពស់នៅពេលដែលយើងចូលនិវត្តន៍ ពេលនោះ យើងក៏នឹងទទួលបាននូវបៀវត្សខ្ពស់ផងដែរ។
ធ្វើឲ្យកម្មករក្រៅប្រទេសមិនស្របច្បាប់ ក្លាយជាស្របច្បាប់ ទទួលផលប្រយោជន៍ដូចកម្មករប្រទេសគេ
នេះជាកិច្ចការ ដែលយើងត្រូវយកចិត្តទុកដាក់។ ឯកិច្ចការចុងក្រោយ ក្នុងពេលដែលខ្ញុំជួបកម្មករនៅក្នុងប្រទេស ខ្ញុំក៏មិនភ្លេចជាមួយនឹងកម្មករដែលកំពុងធ្វើការងារនៅក្នុងប្រទេសក្រៅនោះដែរ។ កន្លងទៅ ខ្ញុំក៏បានឃើញឯកឧត្តម អ៊ិត សំហេង បានធ្វើដំណើរទៅ លោកជំទាវ ម៉ែន សំអន ថ្ងៃអាទិត្យនឹងទៅ មានការធ្វើដំណើរជាបន្តបន្ទាប់ទៅកាន់ប្រទេសក្រៅ។ យើងបានខិតខំដើម្បីបើកទីផ្សារការងារនៅក្រៅប្រទេស ក្នុងហ្នឹងព្រះរាជាណាចក្រថៃ គឺមានកម្មករ/ការិនីរបស់យើងទៅធ្វើការទាំងខុសច្បាប់ និងត្រូវច្បាប់។ យើងកំពុងខិតខំធ្វើឲ្យអ្នកខុសច្បាប់ ក្លាយទៅជាស្របច្បាប់ ដោយខិតខំធ្វើកិច្ចការជាមួយរាជរដ្ឋាភិបាលថៃបង្កលក្ខណៈឲ្យកម្មករ/ការិនីរបស់យើង ដែលទៅធ្វើការខុសច្បាប់ ក្លាយទៅជាអ្នកត្រូវច្បាប់ ធ្វើយ៉ាងម៉េចឲ្យកម្មករ/ការិនីរបស់យើង បានទទួលអត្ថប្រយោជន៍កាន់តែច្រើនដូចកម្មករថៃផងដែរ។ នៅប្រទេសកូរ៉េខាងត្បូង នៅជប៉ុន និងនៅកន្លែងដទៃទៀត យើងកំពុងតែខិតខំដើម្បីបើកទីផ្សារការងារ។
មិនមែនមានតែកម្ពុជាទេ ដែលបញ្ជូន(កម្មករទៅក្រៅប្រទេស)។ ខ្លះគេបង្អាប់ខ្ញុំថា បញ្ជូនមនុស្សទៅឲ្យធ្វើខ្ញុំគេ។ ប៉ុន្តែ សូមបញ្ជាក់ថា តើមានតែកម្ពុជាឬ? វាមិនមែនមានតែកម្ពុជាទេ។ ហ្វីលីពីនគឺជាប្រទេសដែលមានចំនួនកម្មករច្រើនជាងគេ រហូតដល់ជាង ១២ លាននាក់ ដែលធ្វើការនៅក្រៅប្រទេស ក្នុងហ្នឹងមានប្រមាណ ១ ម៉ឺននាក់ ធ្វើការនៅកម្ពុជា។ ប្រទេសថៃ ដែលយកកម្មករពីយើងទៅ គេក៏បញ្ជូនកម្មករ(គេ)ទៅធ្វើការនៅកូរ៉េខាងត្បូង នៅជប៉ុន នៅកោះតៃវ៉ាន់ និងនៅមជ្ឈឹមបូព៌ា។ ប្រទេសដែលមិនមានបញ្ជូនកម្មករពលករចេញ គឺមានសាំងហ្គាពួរ និងប្រទេសម៉ាឡេស៊ី តែប៉ុណ្ណោះ ឯក្រៅពីនោះសុទ្ធតែមានទាំងអស់។ អញ្ចឹង សូមកុំតេះដៀលខ្ញុំថា បញ្ជូនមនុស្សឲ្យទៅធ្វើខ្ញុំគេ។ កន្លងទៅ មានការបន្តុះបង្អាប់ថា ក្មួយៗសុទ្ធតែជាអ្នកមកធ្វើកញ្ជះគេ ក្នុងពេលដែលក្មួយៗស្វែងរកឱកាសការងារយ៉ាងលំបាក គេមកបន្ទោសថា ពូដឹកនាំគ្រាន់តែធ្វើឲ្យមនុស្សធ្វើកញ្ជះគេ។ ក៏ប៉ុន្តែ អ្នកនិយាយនោះ ក៏ធ្វើការឲ្យគេដែរ គាត់មិនមែនធ្វើជាថៅកែទេ។ បើដូច្នោះមានអ្វីខុសគ្នា?
មានសន្តិភាព ទើបមានការងារ និងប្រាក់ចំណូល
នៅលើលោកិយនេះ គ្មានសេដ្ឋីទាំងអស់គ្នានៅក្នុងប្រទេសនោះទេ។ នេះគឺជាការជួបជាមួយក្មួយៗនៅថ្ងៃនេះ ហើយសង្ឃឹមថា ក្មួយៗកាប់ថ្មចំណាំទៅ មានសន្តិភាព ទើបក្មួយៗមានការងារ និងប្រាក់ចំណូល។ បាត់សន្តិភាព នឹងបាត់ការងារ និងប្រាក់ចំណូលភ្លាម។ អ្នកដែលខាតបង់មុនគេ គឺក្មួយៗកម្មករ/ការិនីនេះឯង។ វាជាការវាយបំបែកឆ្នាំងបាយខ្លួនឯង។ អ្នកណាក៏ដោយ ដែលទៅប្រាប់បរទេសកុំឲ្យផ្តល់ជំនួយមកកម្ពុជា កុំឲ្យវិនិយោគនៅកម្ពុជា កុំឲ្យទិញទំនិញពីកម្ពុជា គឺជាអ្នកក្បត់នឹងផលប្រយោជន៍របស់ក្មួយៗកម្មករ/ការិនី ក្បត់នឹងផលប្រយោជន៍របស់ប្រជាជាតិកម្ពុជា។ មិនមែនសមហេតុសមផលធ្វើជាមេដឹកនាំរបស់កម្ពុជានោះទេ។ ត្រូវពិនិត្យមើលអំពីចំណុចនេះ ហើយសង្ឃឹមថា ក្មួយៗនឹងបន្តការខិតខំរួមចំណែកដើម្បីអភិវឌ្ឍប្រទេសជាតិដ៏កម្សត់មួយនេះ ឲ្យទៅជាប្រទេសដែលមានការរីកចម្រើន។ ពូពិតជាមានមោទនភាពជាមួយនឹងកម្មករ/ការិនី និងប្រជាពលរដ្ឋរបស់យើង ដែលបានរួមចំណែកជាមួយពូ អស់រយៈកាលជាង ៤០ ឆ្នាំកន្លងទៅនេះ ដើម្បីផ្តួលរំលំ ប៉ុល ពត ដើម្បីទប់ស្កាត់ ប៉ុល ពត ដើម្បីស្វែងរកសន្តិភាព និងដើម្បីការអភិវឌ្ឍប្រទេសជាតិ។
និយាយលេងពីការហាត់ប្រាណ
ខ្ញុំនឹងបន្តដំណើរទៅកាន់បណ្តារោងចក្រ ហើយថ្ងៃនេះ មានរោងចក្រមួយ ដែលហៅថា ហ្គោលដិន ប្រសហ្វើ ហ្វ៊ូតវ៊ែរ (Golden Prosper Footwear Co., Ltd.) (និយាយលេងអំពីការសរសេរឈ្មោះជាភាសាខ្មែរអានមិនដាច់)។ បន្តិចទៀត ខ្ញុំនឹងទៅកាន់រោងចក្រនោះ។ … ដោយសារតែខ្ញុំត្រូវរត់ មិនដឹងថាស្បែកជើងរបៀបណាទេ ស្បៀកជើងឃ្វា ឬស្អីៗទេ។ មានតែម្សិលទេ ម្សិលមិញ ធ្វើការដល់ព្រលប់ វាអត់អស់ឯកសារ។ អញ្ចឹងទេខានហាត់ប្រាណ។ មួយថ្ងៃ ត្រូវហាត់ប្រាណដើម្បីទម្លាក់កាឡូរីជាង ៦០០ អញ្ចឹងត្រូវដើរ(ម៉ាស៊ីន)មួយម៉ោងកន្លះ តែឥឡូវបានបន្ថយវាមកនៅ ៨០ នាទី ដើម្បីទម្លាក់កាឡូរី ហើយដុតកាឡូរីចោលជាង ៣០០។ រួចហើយ ទៅជិះកង់ ៩០ នាទីទៀត ដើម្បីដុតកាឡូរីជាង ៣០០ ទៀត បូកសរុបជាង ៦០០ ក្នុងមួយថ្ងៃ។ អញ្ចឹងទេ បានឥឡូវ ឃើញរាងស្គមបន្តិច ព្រោះបើមិនអញ្ចឹងទេ ទម្ងន់វាធ្ងន់ពេកលើស (កម្ពស់)១,៧០ ម៉ែត្រ គេឲ្យទម្ងន់យើងនៅក្រោម ៧៥ គីឡូក្រាម។ ឥឡូវ ប្រឹងប្រែងប៉ុន្មានថ្ងៃនេះ ប្រឹងប៉ុណ្ណឹងហើយវាឡើងមកដល់ ៧៤ គីឡូទៀត វានៅក្រោម ៧៥ គីឡូក្រាមមែន តែយើងធ្លាក់ដល់ ៧៣, ៧២ គីឡូក្រាមទៅហើយ ស្រាប់តែវាហក់ឡើងមកវិញ ថាមកពីស្អី? រកចុះរកឡើង មកពីយើងស៊ីចេក។ ប្រហែលមកពីចេកមែន ចេកណាំវ៉ាយើង ថាស៊ីឲ្យវាមានជាតិកាល់ស្យូម ដល់ទៅមានកាល់ស្យូម វាឡើងគីឡូនេះទៅទៀត។ ខំបន្ថយតាំងពីណាពីណីឲ្យវាចុះមកបន្តិច ដើម្បីឲ្យវាស្រួល ព្រោះមនុស្សទម្ងន់ធ្ងន់ហ្នឹងវាមិនស្រួលទេ។
ថ្ងៃនេះ ក៏បាននាំមកសម្រាប់ក្មួយៗមិនច្រើនទេ តែក្មួយៗមកក៏គ្មានគោលដៅដើម្បីទទួលថវិកាត្រឹមប៉ុណ្ណឹងទេ។ មួយចំនួនមកដើម្បីបានស្តាប់ ហើយមួយចំនួនទៀត គឺថតរូបជាមួយគ្នា។ ហើយមកវិន័យល្អណាស់ ឲ្យតែចាប់ផ្តើមម៉ោងមិនទាន់ ៦ កន្លះផង លឺថាជុំគ្នាអស់ អញ្ចឹង យើងត្រូវតែក្រោកពីព្រលឹម ហើយមកតាំងពីព្រលឹមដែរ ដើម្បីជួបគ្នា។ ថ្ងៃនេះ សម្រាប់កម្មករ/ការិនីចំនួន ១៥.២២១ នាក់ ជូនម្នាក់ៗបានត្រឹមតែ ២ ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់កំដរដៃក្មួយៗ ហើយក្រុមតន្រីសម័យជូន ២ លានរៀល។ ឯសម្រាប់ក្មួយៗដែលជាកម្មការិនីមានផ្ទៃពោះចំនួន ៥៩៨ នាក់ ពូមិនប្រកាសទេ នឹងចែកជូនស្រោមសំបុត្រដោយផ្ទាល់ដៃតែម្តង ហើយចាំបើកមើលទៅ។ ប៉ុន្តែ ក៏សូមបញ្ជាក់ក្មួយណាមានកូនភ្លោះ ដែលបានពិនិត្យថាមានកូនភ្លោះហើយ ពេលពូទៅដល់សូមប្រាប់ថាមានកូនភ្លោះ ព្រោះអ្នកដែលមានផ្ទៃពោះកូនភ្លោះត្រូវបាន ២ ស្រោមសំបុត្រ បើមានសូមប្រាប់ថាមាន ដើម្បីឲ្យបានទទួល។ ហើយពូសង្ឃឹមថា ក្មួយៗនឹងកើតបានចៅជាទីស្រឡាញ់ ដែលនឹងក្លាយទៅជាពលរដ្ឋដ៏ល្អជាពេលអនាគត តាមរយៈការប្រឹងប្រែងរបស់ក្មួយៗដែលមកធ្វើជាកម្មករ/ការិនីនៅតាមរោងចក្រ ហើយមានកូន ថ្ងៃនេះបានជួបជាមួយពូ និងដល់ពេលដែលត្រូវឆ្លងទន្លេចាប់ពីខែមករាទៅ នឹងទទូលនូវប្រាក់ឧបត្ថម្ភ ដើម្បីបង្កើននូវអាហារូបត្ថម្ភសម្រាប់ក្មួយៗ ជាមួយអត្ថប្រយោជន៍នៃការឈប់សម្រាក ៣ ខែ និងបៀវត្ស ១២០ ភាគរយ។
ពូនឹងបន្តធ្វើដំណើរបែបនេះទៅទៀត ហើយចុងក្រោយ ក៏សូមអភ័យទោស និងអធ្យាស្រ័យចំពោះក្មួយៗ ប៉ុន្តែ រឿងនេះវាជារឿងធម្មជាតិសម្រាប់ទាំងអស់គ្នា។ ស្បែកជើងខ្ញុំក៏មានទឹកចូលខ្លះដែរ តែខ្ញុំមិនឲ្យគេសែងទេ ហើយខ្ញុំក៏មិនជូតស្បែកជើងដែរ។ ដើរទៅខាងនេះ ក្មួយៗនេះជើងត្រាំក្នុងទឹក មិញដាក់ទៅខាងនោះ បើមិនដាក់អញ្ចឹង គឺអង្គុយវាមិនកើត។ ថ្ងៃនេះ ភ្លៀងពីយប់ ថ្ងៃអត់ភ្លៀង ឥឡូវចាំមើលអាទិត្យក្រោយ យើងមកទិសខាងត្បូងឈាងខាងលិច(ចម្ការដូង) តើភ្លៀងទៀតឬអត់ ថ្ងៃពុធអាទិត្យក្រោយ យើងចង់ដឹងមើល។ ឲ្យតែមកទិសខាងលិចដឹងតែភ្លៀង ដល់ទៅទិសខាងត្បូងអត់ភ្លៀងទេ។ ចាំមើលដល់អាទិត្យក្រោយ ខាងលិចឈាងខាងត្បូង ភ្លៀងឬអត់? ប៉ុន្តែ យើងទៅហាមឃាត់យ៉ាងម៉េចមេឃនោះ ប៉ុន្តែ ក៏ត្រជាក់ត្រជុំប្រោះព្រំឲ្យយើងទទួលបាននូវជំនួបដ៏ល្អនៅថ្ងៃនេះ ហើយចុងបញ្ចប់សូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ/ការិនី ទាំងអស់សូមជួបប្រទះនឹងពុទ្ធពរ និងពរប្រាំប្រការ៕