មិនបានជួបជុំនៅថ្ងៃអាទិត្យ ដោយសារបង្កក់ចៅ និងសប្តាហ៍ក្រោយ ១៥ តុលា ខួបសម្ដេចតា
ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស ក្មួយៗ កម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបាន មកធ្វើពិធីនៅទីនេះសាជាថ្មីម្ដងទៀត ជាមួយនឹងកម្មករ/ការិនី ដែលអញ្ជើញមកពីតំបន់ជិតខាង នៃតំបន់នេះ ហើយដែលមានរហូតទៅដល់ ១៤.៤០០ នាក់។ ក្នុងចំណោមនោះ ក៏មានក្មួយៗមួយចំនួនក៏បានជួបជាមួយ ពូនៅឯកោះពេជ្ររួចហើយ។
នៅក្នុងកម្មវិធីក្នុងការជួបគ្នានៅឯកោះពេជ្រ ខ្ញុំសូមអធ្យាស្រ័យពីសំណាក់ក្មួយៗ ដែលមិនទាន់បានទៅជួប ដោយសារតែកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក៏មានការពាក់ព័ន្ធជាមួយធុរៈនៅក្នុងគ្រួសារ។ នោះគឺធុរៈទាក់ទង ជាមួយនឹងការបង្កក់ចៅ។ វាជាការមិនសមរម្យទេ នៅពេលដែលជីតាត្រូវមានភារកិច្ចនៅក្នុងការពរចៅចេញ ទៅមើលពន្លឺព្រះអាទិត្យជាលើកដំបូង ក្នុងរយៈពេលមួយខែ។ នៅថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ កម្មវិធីរបស់ យើងក៏ត្រូវផ្អាកសាជាថ្មីម្ដងទៀត។ ដូចដែលក្មួយៗទាំងអស់បានដឹងហើយថា ថ្ងៃទី ១៥ ខែតុលា ជារៀងរាល់ឆ្នាំជាថ្ងៃឈប់សម្រាក ដើម្បីប្រជាពលរដ្ឋកម្ពុជារបស់យើង បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធចំពោះសម្ដេចឪ សម្ដេចតា សម្ដេចតាទួត អតីតព្រះមហាក្សត្រនៃយើង ដែលព្រះអង្គបានសោយទីវង្គតនៅឆ្នាំ ២០១២ រហូតមក ដល់ពេលនេះ មានរយៈពេល ៥ ឆ្នាំ។
ការស្វាគមន៍ដ៏កក់ក្ដៅ គឺជាប្រភពនៃកម្លាំងចិត្តរបស់សម្ដេចតេជោ
ខ្ញុំសូមយកឱកាសនេះ ដើម្បីសំដែងនូវការអរគុណជាមួយនឹងការបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ក្នុងភាពជាការជឿ ទុកចិត្ត ក្នុងភាពផ្ដល់នូវការស្រឡាញ់រាប់អាន និងក្នុងភាពជាសាច់ញាតិ ដូចជាកូន ជាចៅ ដែលក្មួយៗបាន ធ្វើមកចំពោះខ្ញុំ។ រឿងនេះ ជាអារម្មណ៍ដែលអាចអោយខ្ញុំយល់បានថា ច្បាស់ណាស់ ជីដូនជីតារបស់ក្មួយៗ ឪពុកម្ដាយរបស់ក្មួយៗ រាប់ទាំងក្មួយៗផ្ទាល់ បានដឹងថា តើខ្លួនពូនេះបានធ្វើអ្វីខ្លះសម្រាប់ប្រជាជាតិកម្ពុជា? សម្រាប់ជីដូនជីតា ឪពុកម្ដាយ និងក្មួយៗផ្ទាល់? ដូច្នេះ ការផ្ដល់នូវការស្រឡាញ់រាប់អាន និងជឿទុកចិត្តនេះ ហើយ ដែលពូមានកម្លាំង។ នេះជាប្រភពលើកទឹកចិត្ត នៃការបន្តសកម្មភាពរបស់ខ្ញុំតទៅទៀត។
ខ្ញុំពិតជាមានមោទនភាព ហើយក៏សូមអភ័យទោសពីសំណាក់ក្មួយៗមួយចំនួន ដោយសារតែដំណើរបានតែ ប៉ុន្មានម៉ែត្រប៉ុណ្ណោះ យើងធ្វើដំណើរអស់រយៈពេលជាច្រើន ដោយសារមានការជាប់ថតរូបជាមួយនឹងក្មួយៗ។ ឥឡូវនេះ ការពេញនិយមណាស់ អ្វីដែលហៅថា selfie នោះ។ រូបថតនៅសល់រាប់ពាន់សន្លឹកទៀត ដែលមិន ទាន់បានបង្ហោះ។ សង្ឃឹមថា ក្រុមហ្វេសប៊ុករបស់ខ្ញុំនឹងបន្តបង្ហោះរូបភាពទាំងអស់នោះ រាប់ទាំងរូបភាព ដែល ជួបជាមួយក្មួយៗ និងរូបភាពទៅតាមបណ្ដាខេត្តនានា។ ដែលកន្លងទៅ ថតបានមួយពាន់រូប បង្ហោះត្រឹមតែ ២០ ទៅ ៣០ សន្លឹក។ អញ្ចឹងនៅសល់រូបថតច្រើនណាស់ ដែលក្រោយនេះ ខ្ញុំគិតថា ខ្ញុំនឹងក្លាយទៅជាមនុស្ស ម្នាក់ក្នុងចំណោមមនុស្សដែលមានរូបថត selfie ច្រើនបំផុតជាមួយនឹងប្រជាជនកម្ពុជា។ នៅពេលនោះ ក្មួយៗ រង់ចាំទទួលយកនូវរូបថត បើសិនជាថតមិនបានរូបខ្លួនឯងទេ ចាំ save យករូបថតដែលគេបង្ហោះនៅតាម ហ្វេសប៊ុក ក្នុង account ហ្វេសប៊ុកឈ្មោះ Duong Dara (ដួង តារា) …។
ឆ្នាំ ២០១៨ ប្រាក់បៀវត្សរបស់កម្មករ នឹងឡើងដល់ ១៧០ ដុល្លារ
ថ្ងៃនេះ ដូចដែលឯកឧត្តម រដ្ឋមន្រ្តី អ៊ិត សំហេង បានធ្វើការរាយការណ៍ជូនអង្គប្រជុំអម្បាញ់មិញ។ ហើយថ្ងៃនេះ ខ្ញុំក៏មានកិត្តិយសក្នុងនាមរាជរដ្ឋាភិបាល ដើម្បីប្រកាសជូនចំពោះក្មួយៗជាកម្មករ/ការិនី នៅក្នុងក្របខណ្ឌនៃរោងចក្រកាត់ដេរ និងដេរស្បែកជើងអោយបានជ្រាបថា បៀវត្សអប្បបរមារបស់ក្មួយៗ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ តទៅ នឹងឡើងទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ នៅទីកន្លែងនេះ ឬនៅកោះពេជ្រ និងខាងកំបូល ខ្ញុំបានប្រកាសហើយថា បៀវត្សបច្ចុប្បន្ន គឺមាន ១៥៣ ដុល្លារ ហើយនៅឆ្នាំ ២០១៨ នឹងមិនអោយទាបជាង ១៦០ ដុល្លារ។ អញ្ចឹងទេ ខ្ញុំក៏មានកង្វល់ថា តើនឹងបាន ១៦០ ប៉ុន្មានទៅ? តួលេខនៃការបោះឆ្នោតសម្រាប់ភាគីនិយោជក ភាគីខាងកម្មករតំណាងដោយសហជីព និងភាគីខាងរាជរដ្ឋាភិបាល បានបោះឆ្នោតសម្រាប់ប្រាក់គោលអប្បបរមាចំនួន ១៦៥ ដុល្លារ ប៉ុន្តែដើម្បីអោយក្មួយៗមានលទ្ធភាពទទួលបាននូវប្រាក់ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ ពូ តាមសំណូមពររបស់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយក្នុងពេលនោះ ក៏ត្រូវពិភាក្សាទាំងយប់ជាមួយនឹងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបូកជាមួយនឹង(ក្រសួងពាណិជ្ជកម្ម) មិនបានជួបផ្ទាល់ជាមួយនឹងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយសារប្រហែលជាគាត់ទទួលយឺតនូវអ្វីដែលខ្ញុំបានបញ្ជូនសារទៅគាត់ ប៉ុន្តែគាត់ក៏បានឆ្លើយតបយល់ព្រមឯកភាព។ ដើម្បីបាន ១៧០ ដុល្លារ រាជរដ្ឋាភិបាលត្រូវបង្គ្រប់ជូនក្មួយៗ ចំនួន ៥ ដុល្លារបន្ថែមទៀត ពី ១៦៥ ដុល្លារ ឡើង ១៧០ ដុល្លារ។
រាជរដ្ឋាភិបាលបានជួយសម្រួលយ៉ាងច្រើន ដើម្បីកុំអោយដាក់បន្ទុកតែលើម្ចាស់រោងចក្រ
តើរាជរដ្ឋាភិបាលត្រូវធ្វើអ្វីខ្លះ ដើម្បីកុំអោយទម្ងន់នេះ ធ្លាក់ទៅលើម្ចាស់រោងចក្រទាំងអស់? ព្រោះម្ចាស់រោងចក្រ ក៏ត្រូវទទួលបន្ទុកជាមួយនឹងផលប្រយោជន៍របស់ក្មួយៗ រាប់ទាំងចាប់ពីឆ្នាំ ២០១៨ តទៅ (បូកបន្ថែមនូវ)ការថែទាំសុខភាព ដែលមុននេះ ក្មួយៗត្រូវបង់ ៥០% និយោជកត្រូវបង់ ៥០% ប៉ុន្តែចាប់ពីឆ្នាំ ២០១៨ ទៅ និយោជកត្រូវបង់ ១០០% ជំនួសអោយក្មួយៗ។ ដូច្នេះ ទម្ងន់នេះ វាធ្លាក់ទៅលើម្ចាស់រោងចក្រ តើម្ចាស់រោងចក្រអាចទ្រាំទ្របាន ឬអត់?
ដូច្នេះ រាជរដ្ឋាភិបាលក៏សម្រេចថា នឹងពន្យារការមិនយកពន្ធលើប្រាក់ចំណេញរបស់រោងចក្រកាត់ដេរ និងផលិតស្បែកជើង ហៅថាពន្យារសុពលភាពនៃការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២។ នេះជាការខាតបង់ប្រមាណជា ២០ លានដុល្លារសហរដ្ឋអាមេរិក។ និងមួយផ្នែកទៀត ប្រាក់ដែលធ្លាប់តែចូលហើយ ហើយនិងត្រូវបាត់បង់ត្រឡប់ទៅវិញ គឺតាមរយៈក្រសួងពាណិជ្ជកម្ម គឺជាង ២០ លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។ ដូច្នេះ ក្នុងមួយឆ្នាំ រាជរដ្ឋាភិបាលត្រូវប៉ះប៉ូវទៅអោយម្ចាស់រោងចក្រប្រមាណជាង ៤០ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែម្ចាស់រោងចក្រត្រូវតែខិតខំធ្វើយ៉ាងណាដើម្បីអោយក្មួយៗបានទទួលប្រាក់ខែកាន់តែខ្ពស់។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមការងារអន្តរក្រសួង ខាងភាគីរាជរដ្ឋាភិបាល កោតសរសើរចំពោះតំណាងអោយកម្មករ កោតសរសើរចំពោះតំណាងអោយនិយោជក ដែលបានខិតខំរួមគ្នាបង្កើតអោយមានស្ថានភាពនៃការតំឡើងប្រាក់បៀវត្សសម្រាប់កម្មករ/ការិនីនៅក្នុងក្របខណ្ឌវិស័យកាត់ដេរ និងដេរស្បែកជើងរបស់យើង ដែលនេះជាការឡើងពិតប្រាកដនៃប្រាក់បៀវត្ស មិនមែនជាការសន្យាខ្យល់ ហើយដែលបើកមិនបាននោះទេ។ ពេលនេះ ក្មួយៗកំពុងទទួលបាននូវអត្ថប្រយោជន៍នៃប្រាក់បៀវត្សចំនួន ១៥៣ ដុល្លារសហរដ្ឋអាមេរិក បូកបន្ថែមនឹងអត្ថប្រយោជន៍ដទៃទៀត គឺបានប្រមាណក្នុងរង្វង់ ១៧០ ឬ ១៨០ ឬ ១៩០ ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែចាប់ពីខែមករា ឆ្នាំ ២០១៨ ទៅ បៀវត្ស(អប្បបរមារបស់កម្មករគឺ) ១៧០ ដុល្លារ បូកជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត និងប្រាក់រង្វាន់ គឺបានក្នុងរង្វង់ ពី ១៨៧ ទៅ ១៩៨ ដុល្លារ។ ហើយបើគិតប្រាក់ការងារបន្ថែមម៉ោង និងប្រាក់រង្វាន់ផ្សេងៗ អាចទទួលបានក្នុងរង្វង់ ២២០ ដុល្លារឡើងទៅ ក្នុងមួយខែ។ ដូច្នេះ ប្រាក់ចំណូលរបស់យើងកាន់តែខ្ពស់ទៅៗ។
ឆ្នាំ ២០១៨ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងទទួលបានប្រាក់បៀវត្សមិនទាបជាង ១ លានរៀល
ដើម្បីធានាថា ប្រាក់បៀវត្សរបស់កម្មករ/ការិនីរបស់យើង រាប់ទាំងប្រាក់បៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានឡើង ផ្នែកខាងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងឡើង(ដែល)ប្រាក់ទាបបំផុតមិនទាបជាង ១ លានរៀល។
ឆ្នាំ ២០១៨ ពិដាននៃប្រាក់បៀវត្សជាប់ពន្ធ ចាប់ពី ១ លាន ២ សែនរៀល ឬ ៣០០ ដុល្លារ
ថ្ងៃនេះ ខ្ញុំក៏សូមប្រកាសជូនចំពោះកម្មករ កម្មការិនីរបស់យើងនៅទីនេះ អោយបានជ្រាបថា ក្នុងគោលបំណងបង្កើននូវប្រាក់ចំណូលរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាចំពោះកម្មករ/ការិនីដែលមានប្រាក់បៀវត្សទាបជាង ១២០ ម៉ឺនរៀល បានសេចក្ដីថា ១ លាន ២ សែនរៀល ឬស្មើនឹង ៣០០ ដុល្លារ គឺមិនត្រូវបានជាប់ពន្ធទេ។ រាជរដ្ឋាភិបាលនឹងដាក់ទៅក្នុងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងនៅឆ្នាំ ២០១៨ ដោយតំឡើងពីអត្រានៃប្រាក់ជាប់ពន្ធចំនួនពី ១ លានរៀល ទៅកាន់ ១ លាន ២ សែន រៀល។ នេះគឺទទួលបានផលប្រយោជន៍ទាំងអស់គ្នា សម្រាប់អ្នកដែលមានបៀវត្សទាបជាង ៣០០ ដុល្លារសហរដ្ឋអាមេរិក។
ប៉ុន្តែ ខ្ញុំក៏សូមបញ្ជាក់ដែរថា បងប្អូនមួយចំនួនមិនបានយល់អំពីបញ្ហាទាក់ទិនជាមួយនឹងពន្ធលើបៀវត្សនោះទេ។ ដូចជាខ្ញុំធ្លាប់និយាយនៅទីនេះហើយថា ជួនកាល ប្រាក់ ១ លាន ១ រៀលទៅ វាជាប់ពន្ធ ប៉ុន្តែសួរថា គេយកទាំង ១ លាន ១ រៀល មកគិតពន្ធ ឬយ៉ាងណា? អត់ទេ គេយកតែ ១ រៀលហ្នឹងទេ(ដើម្បីគិតពន្ធ)។ អញ្ចឹងមានខ្លះអាចថា ខ្ញុំមិនយកទេប្រាក់ខែ ១ លានរៀលនោះ យកតែ ៩៩៩.៩៩៩ រៀល ដើម្បីកុំអោយវាជាប់ពន្ធ។ យល់យ៉ាងនេះ គឺជាការខុស។ ឥឡូវ ១ លាន ២ សែនរៀល ទើបជាប់ពន្ធ។ អញ្ចឹងមិនព្រមយកទេ ១ លាន ២ សែន ១ ម៉ឺនរៀល យកតែ ១.១៩៩.៩៩៩ រៀល។ អញ្ចឹងទេ ក៏សូមបញ្ជាក់ជូនអោយហើយ អ្នកដែលមានប្រាក់បៀវត្សលើសពី ៣០០ ដុល្លារ គឺ ៣០០ ដុល្លារ គេកាត់ចេញ នៅសល់ប៉ុន្មាន បានគេយកទៅគិតពន្ធប៉ុន្មានភាគរយតែប៉ុណ្ណោះ។
នេះជាវប្បធម៌បង់ពន្ធសម្រាប់ប្រជាពលរដ្ឋនៅគ្រប់ប្រទេសទាំងអស់ ហើយតាមរយៈពន្ធដារនេះហើយ ដែលរដ្ឋមានប្រាក់ចំណូល ហើយវាក៏ជាផ្នែកនៃការទទួលបាននូវអត្ថប្រយោជន៍នៅពេលដែលយើងចូលនិវត្តន៍ ហើយដែលមានប្រាក់សោធននិវត្តន៍។ ថ្ងៃនេះ ជាមួយនឹងការកោតសរសើរ ខ្ញុំក៏សូមថ្លែងអំណរគុណម្ចាស់រោងចក្រនានា ដែលបានផ្ដល់ឱកាសសម្រាប់ក្មួយៗ រហូតទៅដល់ ១១ រោងចក្រ ដែលបានមកជួបជុំគ្នានៅទីនេះ។ ខ្ញុំនឹងបន្តធ្វើដំណើរបែបនេះតទៅទៀត ដើម្បីជួបជុំជាមួយនឹងកម្មករ/ការិនីនៅក្នុងក្របខណ្ឌទូទាំងប្រទេស មិនមែនគ្រាន់តែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ។ ខ្ញុំគិតថា កម្លាំងរបស់ខ្ញុំមានលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះប្រភពនៃការលើកទឹកចិត្តពីសំណាក់ក្មួយៗ គឺជាកម្លាំងពិតប្រាកដរបស់ពូ។ ពិតមែនហើយ ក្មួយៗបានមកអោបពូថា ត្រជាក់ណាស់។ តាមពិតញើសទេ ក្មួយៗ។ ខ្ញុំ គឺជាមនុស្សដែលបែកញើសច្រើនណាស់ ហើយក្មួយៗឱបមក ក៏វាជួយទាញអាញើសហ្នឹងចេញដែរ ប៉ុន្តែ ក្មួយៗថាត្រជាក់ មិនត្រជាក់យ៉ាងម៉េច បើវាញើសជោគនៅហ្នឹង។
អ្នកជំនាន់មុន គ្មានឱកាសដូចជំនាន់នេះទេ
អរគុណជាមួយនឹងការរាប់អាននានា។ អរគុណជាមួយនឹងការគាំទ្រទាំងឡាយ ដែលក្មួយៗបានចូលរួម ក្នុងរយៈពេលកន្លងទៅ ហើយមិនមែនមួយថ្ងៃ (ឬ)ពីរថ្ងៃ កញ្ឆក់កណ្តៀតទេក្មួយ។ ក្មួយៗត្រូវយល់ដឹងអោយបានច្បាស់ថា ដើម្បីដំណើរមកកាន់ទីនេះរបស់ក្មួយៗ កាលពីជីដូនជីតារបស់ក្មួយៗ ឪពុកម្តាយរបស់ក្មួយៗ បានរួមដំណើរជាមួយពូ រួមដំណើរជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជម្នះនូវការលំបាកនានា ដែលយើងបានឆ្លងកាត់ ហើយដែលយើងបានជួបប្រទះបញ្ហាពីអតីតកាល គឺសង្គ្រាមនៅក្នុងប្រទេសកម្ពុជា និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បន្ទាប់ទៅក៏មានសង្គ្រាមជាបន្ត ដែលយើងត្រូវខិតខំរួមគ្នាជម្នះ។ ជីដូនជីតារបស់ក្មួយៗ ឪពុកម្តាយរបស់ក្មួយៗមួយចំនួនកាលពីពេលមុន គ្មានឱកាសដូចក្មួយៗបច្ចុប្បន្នទេ គ្មានស្គាល់អ្វីដែលហៅថា ប្រាក់ដុល្លារដូចជាពេលនេះ ដែលក្មួយៗមានរាប់សិបមានរាប់រយ រហូតដល់មានពាន់ដុល្លារសហរ ដ្ឋអាមេរិកនោះទេ។
ស្ថានភាពធ្វើការ ដើម្បីដូរអង្ករ និងទំនិញ ៩ មុខ ត្រូវបានផ្លាស់ប្តូរ
សម័យដើម ពេលនោះប្រទេសរបស់យើងមិនទាន់មានការចាយប្រាក់ទេ។ ឆ្នាំ ១៩៧៥ ប៉ុល ពត បានបំផ្លាញចោលទីផ្សារ និងអត់មានការចាយវាយប្រាក់ ដូច្នេះ នៅពេលនោះ គ្រូបង្រៀន មន្ត្រីរដ្ឋការរបស់យើង កម្មករ/ការិនីនៅតាមរោងចក្រមួយចំនួនរបស់យើង ធ្វើការដោយដូរអង្ករទេ សូម្បីតែពូជារដ្ឋមន្ត្រីក្រសួងការបរទេសនាពេលនោះ មានរបបត្រឹមតែ ១៧ គីឡូ ក្នុងហ្នឹងអង្ករ ១០ គីឡូ និងពោត ៧ គីឡូ។ ប៉ុន្តែឥឡូវនេះ ស្ថានភាពវាបានផ្លាស់ប្តូរហើយ ហើយការផ្លាស់ប្តូរនេះបានផ្លាស់ប្តូរដោយមានការរួមចំណែកពីជីដូនជីតាពីឪពុកម្តាយរបស់ក្មួយៗ ហើយក៏វាមានការរួមចំណែកពីសំណាក់ក្មួយៗ ដែលនាំមកនូវការផ្លាស់ប្តូរយ៉ាងពិតប្រាកដនៅក្នុងសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ អត្រានៃភាពក្រីក្ររបស់ប្រជាជន ដែលមុននេះមានដល់ ១០០% ឥឡូវនេះ យើងនៅសល់ ១៣% នៃអត្រានៃភាពក្រីក្រ។
ពីមុនប្រាក់ឈ្នួលរបស់មន្ត្រីរាជការ មន្ត្រីរដ្ឋការនោពេលនោះ កម្មករ/ការិនីនៅពេលនោះ បន្ទាប់ពីធ្វើការងារដោយដូរជាមួយស្បៀង យើងបានទទួលនូវប្រាក់កម្រៃតិចតួចដើម្បីចិញ្ចឹមជីវិត។ បើក្នុងមន្ត្រីរាជការវិញ យើងទទួលនូវរបបទំនិញ ៩ មុខ ដើម្បីការរស់រាន ហើយជាពិសេសក្នុងក្របខណ្ឌគ្រូបង្រៀន គ្រូពេទ្យ ដែលធ្វើការពេលនោះ ខិតខំដោះស្រាយទំនិញ ៩ មុខ ដែលជាទំនិញអាទិភាព សម្រាប់អោយអ្នកបម្រើការងាររដ្ឋនៅពេលនោះ ក៏ដូចជា កម្មករ/ការិនីនៅតាមរោងចក្រខ្លះ ដែលនៅសេសសល់ពីការបំផ្លាញដោយសង្គ្រាម និងរបប ប៉ុល ពត។ ថ្ងៃនេះ អ្វីៗបានផ្លាស់ប្តូរពីស្ថានភាពដ៏លំបាកលំបិន មកកាន់ស្ថានភាព នៃជីវភាពល្អប្រសើរជាងមុន។
អ្វីគ្រប់យ៉ាងកំពុងមានសព្វថ្ងៃបានមកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជន
នេះក៏សូមបញ្ជាក់ជូនក្មួយៗ អោយបានឃើញកាន់តែច្បាស់ថា វាមិនមែនជាបញ្ហាដែលធ្លាក់ពីលើមេឃ ហើយបានមកដោយការសន្យារបស់បក្សនយោបាយណាមួយទេ ក៏ប៉ុន្តែ វាបានមកអំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រទេស គឺគណបក្សប្រជាជនកម្ពុជា បានមកពីការខិតខំប្រឹងប្រែង ដែលមានការរួមចំណែក និងគាំទ្រពីជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ និងពីសំណាក់ក្មួយៗផងដែរ។ យើងមិនបានធ្វើការកញ្ឆក់កណ្តៀតតាមរបៀបការឃោសនា ដើម្បីយកសម្លេងឆ្នោតនៃរដូវឃោសនានោះទេ។ ការព្យាករទុក និងការសន្យាខាងនយោបាយ គេហៅថាកិច្ចគម្រោងខាងនយោបាយ យើងបានកំណត់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះថា បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មិនត្រូវអោយទាបជាង ១ លានរៀល នៅឆ្នាំ ២០១៨។ ឯប្រាក់បៀវត្សអប្បបរមារបស់កម្មករ/ការិនីរបស់យើង មិនត្រូវអោយទាបជាង ១៦០ ដុល្លារ(សហរដ្ឋអាមេរិក)។ នេះជាការគិតគូរបែបវិទ្យាសស្ត្រនៃកំណើនសេដ្ឋកិច្ចរបស់យើង មិនមែនចេះតែនិយាយ អ្នកខ្លះសន្យា ៣០០ ដុល្លារ(សហរដ្ឋអាមេរិក) អ្នកខ្លះសន្យា ៥០០ ដុល្លារ(សហរដ្ឋអាមេរិក)។ សន្យាចេះតែបានហើយ ក៏ប៉ុន្តែ តើអាចធ្វើបាន ឬអត់?
មានប្រទេស និងបក្សនយោបាយជាច្រើនដែលធ្លាប់បានសន្យា តែដល់ពេលធ្វើ ធ្វើមិនបាន
ប្រទេសច្រើនហើយ បក្សនយោបាយច្រើនហើយ នៃបណ្តាប្រទេសដែលបានសន្យាបែបនេះ ហើយធ្វើមិនកើត។ ប៉ុន្តែ ក្នុងឋានៈជាបក្សកាន់អំណាច និងជានាយករដ្ឋមន្ត្រី ឬក្របខណ្ឌរាជរដ្ឋាភិបាល មិនអាចចេះតែសន្យាបានទេ។ ដាក់ចេញហើយ ចាប់ពីខែ មករា តទៅ ត្រូវតែអនុវត្តអោយខានតែបាន។ មុនពេលដែលក្មួយៗមកកាន់ដំណាក់កាលនេះ តើយើងបានជួបអ្វីខ្លះពីអតីតកាល? ក្មួយៗដឹងហើយ សង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយបន្ទាប់ទៅសង្គ្រាមបន្ត តើធ្វើអោយយើងបាត់បងឱកាសបែបណាទៅ? ជីដូនជីតា ឪពុកម្តាយក្មួយៗ ក្រុមគ្រួសាររបស់ក្មួយៗ គ្មានគ្រួសារណាមួយមិនជួបប្រទះនូវសោកនាដកម្មពីអតីតកាល? ដែលក្នុងហ្នឹង សង្គ្រាមឈ្លានពានរបស់ពួកចក្រព័ទ្ធមកលើប្រទេសកម្ពុជា ក្នុងរង្វង់ឆ្នាំ ១៩៧០-១៩៧៥ ហើយបន្ទាប់ទៅរបបប្រល័យពូជសាសន៍ ប៉ុល ពត សុទ្ធតែធ្វើអោយគ្រួសារនានាបែកបាក់ បាត់បង់អ្វីៗទាំងអស់។
យើងចាប់ផ្តើមពីបាតដៃទទេ តាំងពីក្មួយៗមិនទាន់កើត។ ពិតមែនណាស់ ដែលយោងទៅលើដែលខ្ញុំជួប ជាមួយនឹងកម្មករអម្បាញ់មិញ ក៏មានក្មួយៗមួយចំនួនអាចនឹងវ័យកុមារនៅក្នុងជំនាន់នោះ ក្មួយៗអាចដឹងហើយ សូម្បីតែស្បែកជើងក៏គ្មានពាក់ផង។ ទីក្រុងភ្នំពេញស្ងាត់ជ្រងំ គ្មានមនុស្សនៅទេ។ តំបន់នេះ គឺជាតំបន់ដែលស្ថិតនៅក្រៅក្រុង ហើយត្រូវប្រយ័ត្នប្រយែង អំពីបញ្ហាសុវត្ថិភាព និងសន្តិសុខ ដែលពួកខ្មែរក្រហមនៅសម្ងំលាក់ខ្លួននៅក្បែរនេះ។
មិនមានប្រទេស និងក្រុមហ៊ុនណាមួយមកវិនិយោគជាមួយប្រទេសអសន្តិសុខ និងមានសង្គ្រាមទេ
ឥឡូវនេះ យើងបានដើរមកដល់ដំណាក់កាលនេះ ហើយបើយើងពិនិត្យតែក្នុងវិស័យឧស្សាហកម្មមួយមុខ គឺយើងចាប់ផ្តើមពីឧស្សាហកម្មដែលមានចរិតត្រឹមតែសិប្បកម្មប៉ុណ្ណោះ ដើម្បីធ្វើដំណើរបន្តិចម្តងៗ។ សង្គ្រាមវាបានបន្ទុចបង្អាក់យើង មិនគ្រាន់តែបន្ទច់បង្អាក់ទេ វាបំផ្លាញតែម្តង។ គ្មានប្រទេសណាមួយ គ្មានក្រុមហ៊ុនណាមួយមកវិនិយោគជាមួយប្រទេសអសន្តិសុខ និងមានសង្គ្រាមនោះទេ។ ដូច្នេះ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត វាជាការចាំបាច់ ដើម្បីការរស់រានមានជីវិតរបស់ប្រជាជន។ សិទ្ធិមនុស្សដែលគេត្រូវនិយាយមុនគេ គឺសិទ្ធិនៃការរស់រានមានជីវិត។ បើគេមិនទទួលយកនូវបញ្ហានេះ មានន័យថា ពួកគេ គឺជាអ្នកបំភ្លេចចោលនូវគុណបំណាច់របស់មាតាបិតា ដែលជាអ្នកបង្កើតក្បាលរបស់យើងចេញមក បើឪពុកម្តាយរបស់យើងស្លាប់ទៅហើយៗ បើខ្លួនយើងស្លាប់ទៅហើយ តើមានសិទ្ធិមនុស្សមកពីណាទៀត? មានប្រជាធិបតេយ្យមកពីណាទៀត?
ការរស់រានមានជីវិតជាសិទ្ធិមុនគេ ក្នុងចំណោមសិទ្ធិមនុស្ស។ តាមរយៈនោះ យើងបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧ មករា ១៩៧៩ ជាមួយនឹងការធ្វើដំណើរដ៏លំបាកលំបិន ក្នុងស្ថានភាពដែលប្រជាជននៅសល់តែបាតដៃទទេ ត្រូវគេយកអស់ដីស្រែ ត្រូវគេយកអស់នូវទ្រព្យសម្បត្តិ។ ត្រូវកសាងឡើងវិញ ជម្លៀសប្រជាជនពីកន្លែងមួយទៅកាន់កន្លែងមួយ នេះគឺជាទុក្ខសោករបស់យើង។ របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានការគាំទ្ររបស់បរទេស រាប់ទាំងអង្គការសហប្រជាជាតិផង បានវាយប្រហារមកលើយើង ដាក់ទណ្ឌកម្មដើម្បីសម្លាប់យើងបន្ថែម។
គាំទ្រ ប៉ុល ពត អោយអង្គុយនៅអង្គការសហប្រជាជាតិកាលពីឆ្នាំ ១៩៧៩ ជាការអាម៉ាស់
ឥឡូវ ថ្ងៃទី ២៣ តុលា កិច្ចព្រមប៉ារីសជិតមកដល់ហើយ ខ្ញុំគិតថា រាប់ទាំងអង្គការសហប្រជាជាតិ ជាការគួរអោយអាម៉ាស់ណាស់ ដែលបានបន្តគាំទ្ររបបប្រល័យពូជសាសន៍ ប៉ុល ពត អោយអង្គុយនៅអង្គការសហប្រជាជាតិតាំងពីឆ្នាំ ១៩៧៩ រហូតមកទល់ឆ្នាំ ១៩៩១ នៅពេលដែលក្រុមប្រឹក្សាជាតិជាន់ខ្ពស់ចូលទៅកាន់កាប់អាសនៈនៅទីនោះ។ វាជាការចំអក នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលគេស្រែកក្តែងៗ ហើយគេមិនទទួលស្គាល់ការពិត។ ឥឡូវ ការដែលពួកគេមិនទទួលស្គាល់ ទៅជាការទទួលស្គាល់ហួសហេតុ និងទាមទារអោយមានការកាត់ទោសមនុស្ស មិនត្រឹមតែមេក្លោងប៉ុន្មាននាក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ គេចង់ពង្រីកនូវវិសាលភាព នៃការកាត់ទោសទៀតផង ដែលអាចនាំទៅដល់អស្ថេរភាពរបស់ប្រទេសនេះ។
ធាតុផ្សំនៃកិច្ចព្រមព្រៀងក្រុងប៉ារីសប្រមូលផ្តុំក្នុងរដ្ឋធម្មនុញ្ញ
យើងបន្តការខិតខំទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយយើងក៏បានខិតខំ ដើម្បីចរចាស្វែងរកដំណោះស្រាយនយោបាយ ហើយយើងក៏សម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដែលហៅថា កិច្ចព្រមព្រៀងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ឥឡូវនេះ ២៣ តុលា ២០១៧ ជិតមកដល់ហើយ ដែលជា ខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលយើងបានអនុវត្ត ហើយធាតុផ្សំទាំងអស់វាបានប្រមូល ផ្តុំមកនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាហើយ។ សូមកុំស្រមើស្រមៃថា កោះប្រជុំសន្និសីទអន្តរជាតិប៉ារីសឡើងវិញនោះ ព្រោះសន្និសីទអន្តរជាតិប៉ារីសខ្មោចអី បើប្រទេសសូវៀតមួយក្លាយទៅជារដ្ឋមិនដឹងប៉ុន្មានឯណោះ? សូម្បីតែប្រទេសហត្ថលេខី ក៏វាប្រែប្រួលអស់ទៅដែរ។ វាមាននៅសល់អីទៀត? ដូចជា ភាគីជម្លោះរបស់កម្ពុជា ភាគីខ្មែរក្រហម។ បើអញ្ចឹងវាទាល់តែបង្កើតភាគីខ្មែរក្រហមឡើងវិញ ដើម្បីអោយវាចូល។ ហើយអារឿងកាត់ទោសខ្មែរក្រហមគ្មានចែងក្នុងកិច្ចព្រមព្រៀងប៉ារីសទេ។ កុំស្អីកិច្ចព្រមព្រៀងប៉ារីសៗ កិច្ចព្រមព្រៀងប៉ារីសអត់មានចែងពីការកាត់ទោសខ្មែរក្រហមទេ។ អញ្ចឹង ចាត់ទុកការកាត់ទោសខ្មែរក្រហមជាការខុសកិច្ចព្រមព្រៀងប៉ារីសទេ?
រំលាយបក្សមួយ បក្សប្រាំចូលជំនួស
គេនិយាយតែពីរឿងបញ្ហាពហុបក្ស ប៉ុន្តែ សូមបញ្ជាក់ បើរំលាយបក្សមួយ បក្សប្រាំទៀតចូលជំនួស បានសេចក្តីថា ពីបក្សពីរ ឡើងបក្សប្រាំមួយនៅក្នុងសភា។ នេះវានឹងកើតនៅពេលខាងមុខនេះ។ ព្រឹកមិញនេះ ឃើញសារព័ត៌មានចុះផ្សាយ អំពីបញ្ហាការកែច្បាប់មួយចំនួន។ នៅកម្ពុជាមានបក្សនយោបាយរាប់សិប វាជាឋានសួគ៌លោកិយនៃបក្សនយោបាយ ហើយវាក៏ជាឋានសួគ៌លោកិយនៃអង្គការក្រៅរដ្ឋាភិបាលដែរ។ យើងបានខិតខំ ដើម្បីជម្នះនូវការលំបាក។ អ៊ុនតាក់ ចាយលុយ ២ ពាន់លានដុល្លារសហរដ្ឋអាមេរិកមិនអាចរំលត់ភ្លើងសង្គ្រាមនៅ កម្ពុជាបានទេ។ យើងត្រូវប្រឹងប្រែងដោយខ្លួនឯង ដើម្បីបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះ ដែលជាការឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំ របស់កម្ពុជា។
ពីប្រទេសខ្វះខាតស្បៀង ទៅជាប្រទេសសល់ស្បៀងសម្រាប់ការនាំចេញ
តាមរយៈ នៃសន្តិភាពនេះហើយ ដែលធ្វើអោយយើងមានឱកាស ដើម្បីអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែ ការចាប់ផ្តើមរបស់យើងវាលំបាក។ ដោះស្រាយមុនគេ ដែលធ្វើអោយយើងមានលទ្ធភាពមកដល់ពេលនេះ យើងមិនអាចមើលរំលងវិស័យកសិកម្មបាននោះទេ ដែលមានតម្រូវការស្បៀង។ នៅក្នុងពេលយើងរំដោះប្រទេស ពេលនោះ ប្រជាជនមានប្រមាណ ៥ លាននាក់ តែប៉ុណ្ណោះ យើងខ្វះខាតស្បៀង យើងត្រូវនាំចូលស្បៀងពីក្រៅប្រទេស តាមរយៈជំនួយពីបរទេសជាអង្ករមកកាន់កម្ពុជា។ ប៉ុន្តែឥឡូវនេះ កម្ពុជា ប្រជាជនមានជាង ១៥ លាននាក់ យើងបានផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាជនគ្រប់គ្រាន់ នៅសល់ប្រមាណជា ៥ លានតោន សម្រាប់ការនាំចេញ។ ហ្នឹងគ្រាន់តែគិតជាអង្ករ ដោយមិនគិតទៅដល់អ្វីដែលជាផ្នែកនៃស្បៀង តាមអង្គការស្បៀងអាហារពិភពលោក និងអង្គការកសិកម្ម និងម្ហូបអាហារពិភពលោក គេបានកំណត់ថា អ្វីដែលជាស្បៀង ដែលរួមមាន៖ ពោត មានដំឡូង មានចេក ព្រោះដូចនៅប្រទេសសៅតូម៉េហ្វ្រាំងស៊ីប (Sao Tome and Principle) ខ្ញុំទៅមួយអាទិត្យ ស៊ីបាយបានតែពីរដងទេ មួយអាទិត្យនៅលើកោះស៊ីតែចេក។ ដល់ទៅ បេណាំង (Benin) ស៊ីពោតក្រហម។ គេចាត់ទុកថា អាហ្នឹងជាផ្នែក(មួយនៃ)ស្បៀង។ នៅប្រទេសកម្ពុជាយើង ដែលហៅថាស្បៀង គឺតែអង្ករ។ ពីដើម ៥ លាននាក់ យើងផ្គត់ផ្គង់ខ្វះ ឥឡូវឡើងជាង ១៥ លាននាក់ យើងផ្គត់ផ្គង់នៅសល់ជាង ៥ លានតោន ដែលកំពុងរកទីផ្សារនាំចេញ និងកំពុងតែខិតខំដើម្បីដោះស្រាយតម្លៃស្រូវអង្ករសម្រាប់ប្រជាជន។
ការអភិវឌ្ឍសេដ្ឋកិច្ច មិនមែនគ្រាន់តែធ្វើវិស័យកសិកម្មមួយគ្រប់គ្រាន់ទេ
ការអភិវឌ្ឍសេដ្ឋកិច្ចមិនមែនគ្រាន់តែធ្វើវិស័យកសិកម្មមួយគ្រប់គ្រាន់ទេ។ ប៉ុល ពត បានលើកឡើងទ្រឹស្ដីថា “មានស្រូវ គឺមានអ្វីៗទាំងអស់” ប៉ុន្តែសម្រាប់យើងមិនដូច្នោះទេ។ យើងត្រូវធ្វើប្រទេសនេះឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងអនុវិស័យ ហើយបើវិស័យធំៗពាក់ព័ន្ធជាមួយនឹងការរីកចម្រើនរបស់ប្រទេសរួមមានវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវា។ ឥលូវនេះវិស័យឧស្សាហកម្មរបស់យើងគ្របដណ្ដប់ប្រមាណជាជាប់ ៣០% នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ យើងបានចាប់ផ្ដើមពីរោងចក្រតិចតួច ហើយកត្តាសន្ដិភាពនោះដែលនាំមកនូវការវិនិយោគរោងចក្រ ឥឡូវនេះយើងមានជាង ១ ម៉ឺន ១ ពាន់ រោងចក្រ សហគ្រាស ដែលក្នុងនោះមានជាង ១ ពាន់ ១ រយ រោងចក្រកាត់ដេរសំលៀកបំពាក់បើប្រៀបធៀបទៅនឹងឆ្នាំ ១៩៩៧ យើងមានរោងចក្រត្រឹមតែ ៦៤ រោងចក្រតែប៉ុណ្ណោះ។
គោលនយោបាយផ្តល់សាច់ប្រាក់ចំពោះស្ដ្រីមានផ្ទៃពោះជាអាទិភាព
ខ្ញុំសុំជម្រាបជូនក្មួយៗ ខាងផ្នែកកម្មការិនី ដែលមានផ្ទៃពោះ ពេលណាតឹងតែងសុំឲ្យទៅសម្រួល(ឥរិយាបថ) ព្រោះថាវាលំបាកណាស់ក្នុងការដែលមានផ្ទៃពោះហើយមកអង្គុយយូរនោះ។ យើងសម្រួលឲ្យស្រួលទៅ ហើយយើងត្រូវជួបគ្នាបន្ដិចទៀតយើងជួបខាងនេះ។ អរគុណណាស់ ថ្ងៃនេះនាំមកទាំងអាល្អិត ពិតមែនតែវាមិនទាន់កើត តែវាកំពុងតែសង្ងំស្ដាប់ថា ជីតាវានិយាយពីអី្វ។ ច្បាស់ណាស់ចៅអើយ! តាកំពុងនិយាយពីអនាគតរបស់ម្ដាយចៅឯង ហើយវាទាក់ទងនឹងអនាគតរបស់ចៅឯងហ្នឹងដែរ។ អញ្ចឹងផ្ដាំទៅអាក្នុងពោះនោះ ខ្លះនៅតែមួយអាទិត្យទៀតកើតហើយ។ ប៉ុន្មានកន្លែងហើយ។ កំពុងតែប្រជុំចេញទៅកើត។ ព្រោះអាហ្នឹងតែដល់ម៉ោងវា វាទៅ(កើត)ហើយ។ ខ្ញុំក៏ទើបនឹងបានពីរថ្ងៃហើយ បានចៅទី ២០ អាយុបានពីរថ្ងៃហើយ អាមួយ(ទៀត)បានមួយខែពីរថ្ងៃ។ អញ្ចឹងទេចៅ ២០ ហើយ។ អាចមានអា ២១ និង ២២ ទៀត … និយាយពីអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា ដែលមានសិទ្ធិយកប្រពន្ធត្រឹមតែមួយនោះ គឺអាចនិយាយបានថាក្នុងចំណោមប្រធានាធិបតី និងនាយករដ្ឋមន្រ្ដី គឺពូប្រហែលជាអ្នកដែលមានចៅច្រើនជាងគេ បើមិនច្រើនជាងគេទេក៏ប្រដំប្រសងជាមួយអ្នកដទៃ មានតិចណាស់ដែលមានចៅច្រើនលើសពូ។ អញ្ចឹងទេ ពូយល់ពីអ្វីដែលជាតម្រូវការរបស់ស្ដ្រី។
វិលមកអំពីបញ្ហារោងចក្រ គិតពីត្រឹមឆ្នាំ ១៩៩៧ មកចុះ ២០ ឆ្នាំមុនពេលនោះយើងមានរោងចក្រត្រឹមតែ ៦៤ រោងចក្រ និងកម្មករជាង ៨ ម៉ឺននាក់តែប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះយើងមានជាងមួយពាន់មួយរយរោងចក្រ ជាមួយនឹងកម្មករ/ការិនីប្រមាណជាង ៧៤ ម៉ឺននាក់ ដែលជាចំនួនមួយច្រើន ហើយបើគិតសរុបទៅនឹងសហគ្រាសទាំងអស់ជាងមួយម៉ឺនមួយពាន់គឺយើងមានប្រមាណជា ១.២ លាននាក់នៃកម្មករ/ការិនីដែលគ្របដណ្ដប់ ហើយបើគិតទាំងក្រៅប្រព័ន្ធទៀតយើងមានកម្មករប្រមាណជា ៣ លាននាក់បន្ថែមទៀត ដែលក្នុងនោះស្ដ្រីនៅក្នុងវិស័យកាត់ដេរនៅក្នុងប្រព័ន្ធដែលមាន ១.២ លាននាក់ប្លាយនេះ គឺមានស្រ្ដីប្រមាណជា ៨០ ម៉ឺននាក់ ហើយនៅក្នុងចំណោមកម្មករក្រៅប្រព័ន្ធស្រ្ដីមានប្រមាណជា ៣.២ លាននាក់ ដែលយើងត្រូវគិតគូរផ្ដល់នូវប្រាក់សម្រាប់ស្រ្ដីឆ្លងទន្លេ ដែលវានឹងមកដល់សម្រាប់ចំពោះកម្មការិនីនៅក្នុងវិស័យឯកជនហើយមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធជាស្ដ្រី ត្រូវទទួលបានជាកម្មវិធីសាច់ប្រាក់សម្រាប់ផ្ដល់ឲ្យស្រ្ដី យើងអាទិភាពជាមួយនឹងកម្មការិនីមុនគេ មុនឈានទៅដល់ការគិតគូរអំពីភាពសកលរបស់វា។
បក្សប្រឆាំង កេងចំណេញសមិទ្ធផលដែលរាជរដ្ឋាភិបាលរកឲ្យកម្មករ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ
ការកើនឡើងនៃចំនួនរោងចក្រ ហើយដែលបង្កើតការងារ និងប្រាក់ចំណូលឲ្យក្មួយៗមិនមែនធ្លាក់មកពីលើមេឃ ហើយក៏មិនមែនបានមកដោយការសន្យាណាមួយនោះទេ ក៏ប៉ុន្តែវាបានមកពីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន។ ត្រូវយល់ឲ្យច្បាស់អំពីចំណុចនេះ គ្មានបាតដៃបក្សប្រឆាំងណាមួយមកជួយបង្កើតការងារឲ្យក្មួយទេ។ គេបានទៅសុំបរទេសកុំឲ្យផ្ដល់ជំនួយដល់កម្ពុជា គេបានទៅសុំបរទេសកុំឲ្យទិញទំនិញពីកម្ពុជា គេបានទៅសុំបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា។ ដូច្នេះក្មួយៗត្រូវចងចាំទៅលើចំណុចនេះ។ ប្រសិនបើគេទាមទារវិញ អ្វីរបស់ដែលគេទាមទារគឺការតម្លើងប្រាក់ខែ។ ហើយការតម្លើងប្រាក់ខែនោះ ក្មួយៗគិតឲ្យបានត្រឹមត្រូវ តើជាការទាមទារពិតប្រាកដ ឬដើម្បីសម្លាប់កម្មករ? ការតម្លើងខុសក្បួនខ្នាតនៃសេដ្ឋកិច្ច វាជាភាពរុញឲ្យខ្លោច រោចឲ្យឆៅតែប៉ុណ្ណោះ។ គេទាមទារឲ្យមានការតម្លើងហើយរុញកម្មករឲ្យធ្វើបាតុកម្មដើម្បីតម្លើងបៀវត្ស។ ទីចុងបំផុតលទ្ធផលចុងក្រោយរបស់វា គឺការបិទរោងចក្រ ហើយការបិតរោងចក្រអ្នកដែលរងគ្រោះមុនគេគឺអ្នកណា? គឺកម្មករ។ ដូច្នេះ សុំកុំមើលឃើញថាអ្នកដែលទាមទារ ហើយអ្នកខ្លះគេបាននិយាយថាការឡើងប្រាក់ខែមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ ការឡើងបៀវត្ស បានមកពីការទាមទាររបស់ពួកគេ។ នេះគេហៅថាឆ្លៀតយកចំណេញ ប៉ុន្តែផ្ទុយទៅវិញអ្វីដែលពួកគេទាមទារ គឺសុទ្ធតែមានបំណងបំផ្លាញចោលនូវសមិទ្ធផលដែលរាជរដ្ឋាភិបាលបានប្រឹងប្រែង ហើយទាញយកការចំណេញខាងនយោបាយ។
គេរិះគន់ថា ហ៊ុន សែន ដឹកនាំឲ្យប្រជាជនធ្វើខ្ញុំកញ្ជះគេ
យើងទទួលផលកាន់តែច្រើន តែយើងក៏នៅទទួលការងារកាន់តែច្រើនដែលត្រូវឈានទៅមុខ យើងមិនស្កប់ត្រឹមប្រាក់ខែ ១៧០ ដុល្លារ។ តម្រូវការរបស់យើងនៅមានតទៅទៀត ហើយក៏មិនត្រូវស្កប់ជាមួយនឹងអ្វីដែលវាបានកើតក្នុងរយៈពេលកន្លងទៅ។ យើងត្រូវធ្វើការខិតខំជាបន្តទៀត យើងបានប្រែក្លាយពីប្រទេសដែលមានអ្នកក្រ ១០០% នៅឆ្នាំ ១៩៧៩ ឲ្យមកសល់អ្នកក្រោមបន្ទាត់ភាពក្រីក្រ ១៣%។ មានថ្ងៃមួយ ពូមើលទៅវាហួសចិត្ត គេបានសរសេរថាលោក ហ៊ុន សែន ដឹកនាំយូរៗធ្វើឲ្យប្រជាជនមកធ្វើកញ្ជះគេ មកពីស្រុកមកធ្វើកញ្ជះគេនៅតាមរោងចក្រ។ អញ្ចឹងទេ តើគេគិតម៉េច គេចង់និយាយថាម៉េចអាហ្នឹងពិតប្រាកដ?
យើងខិតខំទាញរោងចក្រ ដើម្បីមកបង្កើតការងារឲ្យកម្មករ ហើយយើងប្រឹងចរចាឲ្យកម្មករ គេបង្អាប់យើងថា នាំក្មួយៗឲ្យមកធ្វើកញ្ជះគេ។ ឥលូវយើងគិតមើល បើក្មួយៗនៅនឹងផ្ទះ ក្មួយៗក៏ត្រូវធ្វើការ គ្មានអ្នកណាគេយកបាយទៅឲ្យស៊ីទេ។ តិចទៅគិតថា គិតតាម អាពត។ អាពត ថាប្រឹងទៅ បន្ដិចទៀតមានទាំងគ្រឿងយន្ដបញ្ចុកបាយនោះ។ មិនទៅស៊ីទេ អាគ្រឿងយន្ដមកបញ្ចុកបាយហ្នឹង បញ្ចុកជ្រុលទៅប៉ះបាក់ធ្មេញ។ … កោតតែគេអាចនិយាយទៅរួច។ តើប្រទេសណានៅលើពិភពលោកនេះមានសេដ្ឋីទាំងអស់គ្នា? ពិនិត្យមើល ហើយអាអ្នកនិយាយហ្នឹង តើវាធ្វើការ ឬអត់? ខ្ញុំឆ្ងល់អាចតែគេនិយាយទៅរួច …។
ប្រទេសណាក៏មានប្រជាជនធ្វើការនៅក្រៅប្រទេសដែរ
យើងប្រឹងប្រែងបើកទីផ្សារនៅក្រៅប្រទេស ឲ្យមានពលកររបស់យើងទៅធ្វើការនៅកូរ៉េ នៅជប៉ុន នៅថៃ នៅម៉ាឡេស៊ី និងនៅប្រទេសផ្សេងៗទៀត គេថាយើងអភិវឌ្ឍត្រឹមតែបញ្ជូនមនុស្សឲ្យទៅធ្វើខ្ញុំ(កញ្ជះ)គេ។ ឥលូវសូម្បីតែពួកអាមេរិកាំង ក៏វាដើរស៊ីឈ្នួលគេដែរ។ គ្រាន់តែគេដើរក្នុងកម្រិតខ្ពស់ជាង។ ឧទាហរណ៍ ទូរទស្សន៍បាយ័នរាល់ថ្ងៃនេះ ជួលពួកអាមេរិកាំងមកជួយគ្រប់គ្រងទេតើ ព្រោះខ្មែរយើងគ្រប់គ្រងមួយចំនួន គ្រប់គ្រងចុះ គ្រប់គ្រងឡើង វាដូចអត់សូវស្រួល។ អញ្ចឹងសុខចិត្តចំណាយប្រាក់បៀវត្សខ្ពស់បន្ដិច ឲ្យជនជាតិអាមេរិកាំងមកជួយគ្រប់គ្រង។ អញ្ចឹងអាមេរិកាំងមកស៊ីឈ្នួលខ្មែរ … ទូរទស្សន៍ BTV ETV បីទូរទស្សន៍នេះជួលអាមេរិកាំងមកជួយគ្រប់គ្រង។ បើជនជាតិហ្វីលីពីន ១២ លាននាក់ ដែលបញ្ចេញទៅធ្វើការនៅក្រៅប្រទេសក្នុងនោះមកកម្ពុជាប្រមាណ ១ ម៉ឺននាក់។
យប់ថ្ងៃទី ៦ ខ្ញុំជាមួយនឹងប្រធានាធិបតីហ្វីលីពីន ដើរជាមួយគ្នាចេញមក ដើម្បីមករកឡាន ពេលហ្នឹងជនជាតិហ្វីលីពីនដែលកំពុងធ្វើការងារនៅក្នុងវិមានកន្លែងព្រះមហាក្សត្រប្រ៊ុយណេ ស្នើសុំ selfie ជាមួយនឹងប្រធានាធិបតីហ្វីលីពីន។ អញ្ចឹងទេ ខ្ញុំក៏ឈរចាំ ហើយបន្ទាប់ទៅគាត់បានប្រាប់ថា ជនជាតិហ្វីលីពីន ដែលកំពុងធ្វើការនៅឯប្រ៊ុយណេអញ្ចឹងនៅច្រើនកន្លែងណាស់ៗ។ យើងទាក់ទាញវិនិយោគមកកាន់ទីនេះ ដើម្បីឲ្យមានការងារធ្វើ និងប្រាក់ចំណូល ហើយបង្កើតផលិតផល ដើម្បីការនាំចេញទៅកាន់ទីផ្សារនៅបរទេស។ យើងបានប្រឹងប្រែងធ្វើកិច្ចការនេះ។ ខ្ញុំមិនយល់ទេ។ សុំអ្នកដែលនិយាយនេះសាកល្បងកុំធ្វើការមើល តើមានប្រាក់ចំណូលមកពីណា។ ខ្លួនឯងសាកល្បងមើល។ ខ្លួនឯងរាល់ថ្ងៃមិនមែនជាថៅកែទេ អ្នកដែលនិយាយមិនមែនជាថៅកែទេ ក៏ធ្វើការឲ្យគេដែរ។ នៅលើលោកនេះក៏គ្មានប្រទេសណាដែលមានមន្រ្ដីរាជការទាំងអស់គ្នានោះទេ បើធ្វើមន្រ្ដីរាជការទាំងអស់គ្នា បានអ្នកណាធ្វើប្រជាជន បានអ្នកណាធ្វើកសិករ បានអ្នកណាធ្វើកម្មករ បានអ្នកណាធ្វើសិប្បករ។ នៅលើលោកនេះ វាទាល់តែមានអ្នកដែលមានប្រាក់បញ្ចេញមកវិនិយោគ ទើបបង្កើតបានរោងចក្រ សហគ្រាស ដើម្បីបានការងារធ្វើសម្រាប់កម្មករ សម្រាប់ពលរដ្ឋ។
ក្រសួងការងារគួរតាមដាន និងធ្វើរបាយការណ៍អំពីការបង្កើតការងារ ឬការបាត់បង់ការងាររបស់ប្រជាពលរដ្ឋ
គេលើកទឹកចិត្តណាស់ជាមួយនឹងវិនិយោគ ដើម្បីបង្កើតការងារដូចជាប្រទេសអាមេរិក ប្រទេសជឿនលឿន។ គេរាប់ហើយ គេផ្សាយតួលេខរៀងរាល់ខែ។ តើក្នុងមួយខែ គេបង្កើតការងារបានប៉ុន្មានឲ្យពលរដ្ឋរបស់គេ? ឬក៏ត្រូវបាត់បង់ការងារប៉ុន្មាន? គេតាមដានខ្លាំងណាស់ ហើយក្រសួងការងាររបស់យើងក៏ត្រូវតែបញ្ចេញនូវលទ្ធផលហ្នឹងជារៀងរាល់ខែ ឬក៏ថាបីខែម្ដង ឬប្រាំមួយខែម្ដង ឬមួយឆ្នាំ។ តើឆ្នាំ ២០១៧ នេះយើងបង្កើតការងារបានប៉ុន្មានកន្លែង? ត្រូវធ្វើរបាយការណ៍ហ្នឹង ហើយផ្សព្វផ្សាយរបាយការណ៍ហ្នឹង ដើម្បីឲ្យប្រជាជនយើងបានយល់។ ប្រជាពលរដ្ឋ និយាយរួមការងារច្រើនណាស់ ប៉ុន្តែពូក៏សុំប្រាប់ទៅក្មួយៗថា ដើម្បីធ្វើម៉េចរោងចក្រសហគ្រាសនៅកម្ពុជាស្ថិតនៅ ទាមទារអោយយើងធ្វើកិច្ចការជាបន្តទៀតយ៉ាងច្រើន។
អាវុធគីមី ៩ កន្លែង សល់ពីជំនាន់អាមេរិកទម្លាក់នៅស្វាយរៀង
ដំបូង ខ្ញុំចង់និយាយទៅកាន់ក្មួយៗថា មានតែប្រទេសដែលមានសន្តិភាពតែប៉ុណ្ណោះ ទើបទទួលបាននូវការអភិវឌ្ឍ។ អតីតកាលរបស់កម្ពុជា ប្រកបនូវការឈឺចាប់ បានផ្តល់នូវមេរៀនអោយយើងរួចស្រេចទៅហើយ នោះគឺសង្គ្រាមដែលនំាអោយវិនាសកម្មខ្លោចផ្សារ។ ឥឡូវ អាវុធគីមីបានរកឃើញច្រើននៅទីតំាងខេត្តស្វាយរៀង យើងដំបូងនឹកស្មានតែមានពីរទីតំាងតែប៉ុណ្ណោះទេ ឥឡូវ ៩ ទីតំាងអាវុធគីមី។ អញ្ចឹងទេ បានជាបញ្ហានេះ សូមអោយឯកឧត្តម ម៉ម ប៊ុនហេង ខាងក្រសួងសុខាភិបាលជួយធ្វើការស្រាវជ្រាវនៅក្នុងតំបន់នោះ យើងទើបតែរកឃើញខែមករាកន្លងទៅនោះទេ យើងបានរស់នៅជាមួយវា ជាមួយអាវុធគីមីនេះ រយៈពេលរាប់សិបឆ្នំាមកហើយ។ ជាង ៤០ ឆ្នំាមកហើយ បើគិតតំាងពីពេលដែលគេទំលាក់។ អញ្ចឹងតើសុខភាពប្រជាពលរដ្ឋនៅតំបន់នេះយ៉ាងម៉េច។ កូនកើតឡើងវាយ៉ាងម៉េច ត្រូវស្រាវជ្រាវពីបញ្ហានេះ។ វាជាផលប៉ះពាល់មួយ ហើយអាវុធគីមី គឺជាអាវុធប្រល័យលោក ដែលគេបានប្រើក្នុងកម្ពុជា។
ខ្ញុំមិនចង់និយាយអោយប៉ះពាល់ដល់ប្រទេសណាទេ ក៏ប៉ុន្តែវាជំពាក់ ត្រូវតែនិយាយ អានេះជាគ្រាប់បែកសហរដ្ឋអាមេរិកដែលទំលាក់នៅកម្ពុជា។ ក៏ប៉ុន្តែមានក្រុម គេហៅថា ផ្នែកគីមីរបស់សហរដ្ឋអាមេរិកក៏បានមកចូលរួមសហការ ដើម្បីធ្វើកិច្ចការងារនេះ យើងស្វាគមន៍ជាមួយនឹងកិច្ចការងារនេះ។ ខ្ញុំថា កុំមកតែពីរឿងទាមទារយកឆ្អឹងខ្មោចចេញពីកម្ពុជានោះ ត្រូវគិតយកគ្រាប់បែក ជាពិសេសអាគីមីនេះ ហើយគីមីនេះ មិនមែនមានតែទីតំាងក្នុងខេត្តស្វាយរៀងទេ នៅមានខាងមេមត់ នៅមានកន្លែងដទៃទៀត។ កាលពីឆ្នំា ១៩៧០ ប្រើប្រាស់គីមីទំលាក់ ដើម្បីអោយស្លឹកឈើជ្រុះ ងាយមើលចំពោះយៀកកុង និងទ័ពតស៊ូ។ គេអាចធ្វើទៅរួច ដោយមិនបានគិតពីសិទ្ធិមនុស្សទេ។
ស្តង់ដារទ្វេរបស់សហរដ្ឋអាមេរិក លើបញ្ហាសិទ្ធិមនុស្ស
ឥឡូវយើងត្រឹមតែប្រើច្បាប់ ដើម្បីការពារជាតិ ដើម្បីការពារសន្តិភាព សន្តិសុខរបស់ប្រទេសជាតិ គេថាយើងរំលោភសិទ្ធិមនុស្ស ប៉ុន្តែនៅពេលដែលគេលើកដៃមកបាញ់យើង សម្លាប់យើង ទម្លាក់គ្រាប់បែកមកលើប្រជាជនយើង តើគេមានបានគិតអំពីសិទ្ធិមនុស្សរបស់ប្រជាជនកម្ពុជាទេ? គេអត់បានគិតទេ។ ដល់តែពេលយើងប្រើច្បាប់ត្រឹមតែដើម្បីការពារជាតិ ការពារប្រជាជនគឹ គេថាយើងរំលោភសិទ្ធិមនុស្ស បំបិទសេរីភាព តើសេរីភាពរបស់អ្នកមានសិទ្ធិបាញ់គេ ហើយសិទ្ធិរបស់យើងបានត្រឹមតែការអនុវត្តច្បាប់ វាជាការបំពានរំលោភសិទ្ធិមនុស្ស ឬយ៉ាងណា? តើនៅលើលោកនេះមានស្តង់ដារប៉ុន្មានទៅ? អ្នកមានលទ្ធភាពដើរឈ្លានពាន វ៉ៃប្រហារ បាញ់សម្លាប់គេ។ ឯអ្នកប្រទេសក្រីក្រតូចតាច មានលទ្ធភាពត្រឹមតែការពារខ្លួន អនុវត្តច្បាប់របស់ប្រទេស ដើម្បីធានានូវសន្តិភាព ស្ថេរភាព សម្រាប់ការរស់រានរបស់ប្រជាជន តើយើងមានសិទ្ធិដែរឬទេ? ឬមានសិទ្ធិតែចំពោះអ្នក ហើយសិទ្ធិរបស់ពួកខ្ញុំមិនមាន?
យើងខ្ញុំគ្មានអាវុធប្រល័យលោកនោះទេ យើងខ្ញុំគ្មានលទ្ធភាពនំាកងទ័ពចេញក្រៅរបងផ្ទះ ក្រៅតែពីនាំកងទ័ពទៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីទៅជួយនៅប្រទេសដទៃ ដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី អាហ្វ្រិកកណ្តាល លីបង់ ហើយពីមុននេះមាន ឆាត ផងដែរ និងរហូតទៅដល់កោះស៊ីប នៅឯអឺរ៉ុបឯណោះ។ យើងខ្ញុំមានលទ្ធភាពត្រឹមប៉ុណ្ណឹង។ អញ្ចឹងសូមអោយមិត្តបរទេសយល់ពីសភាពការណ៍របស់យើង អតីតកាលឈឺចាប់មួយនេះ បង្ហាញថា អស់លោកអ្នកមិនបានគោរពយើងខ្ញុំទេ។ អស់លោកអ្នកបានគំាទ្រ ប៉ុល ពត នៅឯអង្គការសហប្រជាជាតិ អស់លោកមិនបានគិតពីសិទ្ធិមនុស្សទេ ក៏ប៉ុន្តែនៅពេលដែលយើងខ្ញុំអនុវត្តត្រឹមច្បាប់ ដើម្បីការគ្រប់គ្រងរដ្ឋមួយ ប្រកបដោយសន្តិភាព ឯករាជ្យ និងសន្តិភាព តែអស់លោកយល់ថា នេះជាការបំផ្លាញដំណើរការប្រជាធិបតេយ្យ? តើប្រជាធិបតេយ្យ ទាល់តែស្លាប់មនុស្ស បានហៅថាប្រជាធិបតេយ្យដែរអី?
អំពាវនាវចំពោះប្រជាពលរដ្ឋ ដើម្បីរួមគ្នាការពារសន្តិភាព
ខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ក្រោកឈរឡើងរួមគ្នា ដើម្បីការពារសន្តិភាពរបស់ប្រទេស។ សន្តិភាពនោះហើយដែលធានាដល់ការអភិវឌ្ឍសម្រាប់យើងទៅថ្ងៃអនាគត។ ក្មួយៗសម្លឹងទៅប្រទេសនានា ដែលកំពុងមានសង្គ្រាម តើនៅទីនោះពួកគេបានវិនិយោគ តើមានទេសចរទៅក្នុងប្រទេសនោះទេ? អ៊ីរ៉ាក់ ស៊ីរី លីប៊ី យេមែន តើប្រទេសទំាងនោះ ទទួលបាននូវទេសចរទេ? ទទួលបាននូវរោងចក្រសហគ្រាសទេ? ទទួលបាននូវការងារធ្វើទេ? អឺរ៉ុបកំពុងរងគ្រោះនូវទង្វើខ្លួនឯង ដោយគំាទ្ររួមគ្នាធ្វើបដិវត្តពណ៌នៅស៊ីរី នៅលីប៊ី នៅយេមែន ហើយនិងការចូលឈ្លានពានទៅអ៊ីរ៉ាក់។ ឥឡូវ អ្នកទំាងនោះកំពុងរត់ទៅប្រទេសអឺរ៉ុប។ អឺរ៉ុបកំពុងតែរងគ្រោះដោយសារតែជនភៀសខ្លួន។ បើមិនអោយនៅគឺវាមិនកើត ចាប់បញ្ជូនមកប្រទេស(ដើមវិញ) គឺវាកាន់តែមិនកើត។ អញ្ចឹងទេ ស្ថានភាពនេះ គឺជាស្ថានភាពដែលយើងបន្តរួមគ្នា ដើម្បីធ្វើយ៉ាងណា អោយស្ថានភាពនៅស្ថិតស្ថេរ ការងារដែលយើងធ្វើនៅទីនេះ។
ក្មួយៗ! ពូសូមអំពាវនាវលើ ៥ ចំណុច៖
ទី ១ រួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្តិភាពសង្គម និងស្ថេរភាពការងារ។ គ្មានចលាចលណាមួយដែលយើងអាចធ្វើការងារបានទេ សូម្បីតែបទពិសោធន៍ឈឺចាប់ នៅចុងឆ្នំា ២០១៣ នៅផ្លូវវេងស្រេងនេះ វាក៏ធ្វើអោយក្មួយៗដែលជាកម្មករ/ការិនី ធ្វើការនៅទីនេះ ជួបការលំបាក។ ឥឡូវយើងបានរកឃើញនូវមេក្លោង ដែលបានបំផុសចលនានៃបដិវត្តពណ៌ក្នុងតំបន់នេះ។ គ្មានកម្មករណា ដែលទាមទារនូវប្រាក់បៀវត្ស និងលក្ខខណ្ឌការងារនៅម៉ោង ២ ភ្លឺទេ។ វាច្បាស់ណាស់។ ហើយឥឡូវប្រកាសថា បាត់មនុស្ស។ អញ្ចឹងបានខ្ញុំប្រកាសថា បើចង់រកមនុស្ស វាទាល់តែរកអាមេដឹកនំាបាតុកម្មហ្នឹង ទើបរកឃើញមនុស្ស។
(តែបើសិន)បាត់មនុស្សដែល(កំពុង)មកជួបជុំនៅទីនេះ ម្ចាស់រោងចក្រត្រូវទទួលខុសត្រូវ ក្រសួងការងារត្រូវទទួលខុសត្រូវ នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទទួលខុសត្រូវ បើសិនជាបាត់មនុស្សនៅទីនេះ ព្រោះសុទ្ធតែទទួលការអញ្ជើញអោយមកចូលរួម។ ប៉ុន្តែបាត់មនុស្សនៅផ្លូវវេងស្រេងកាលពីឆ្នំា ២០១៣ ដែលគេបំផុសធ្វើបាតុកម្មនៅតាមផ្លូវវេងស្រេង ត្រូវចាប់ពួកអ្នក ដែលដឹកនំាធ្វើបាតុកម្មទំាងប៉ុន្មាន សួរចម្លើយ ទើបរកឃើញ ឬអ្នកឯងគ្រាន់តែបំផុសថា បាត់មនុស្ស ហើយទំលាក់កំហុសដល់រាជរដ្ឋាភិបាល? ឥឡូវ អ្វីដែលអ្នកឯងចង់ដាក់កំហុសអោយរដ្ឋាភិបាល គឺបានធ្លាក់ទៅលើចំណងសម្រាប់អ្នកឯងវិញហើយ ព្រោះនេះជាចរិក នៃការផ្តួលរំលំដ៏ជាក់លាក់។ ក្រោយការបោះឆ្នោត រឿងអីអ្នកឯងស្រែក «ហ៊ុន សែន អើយចុះចេញទៅ»? ហ្នឹងហើយ ឥឡូវ កម្មពៀរវាតាមទាន់ វាទាន់ហន់ណាស់ ទេវតាមានភ្នែក។ អញ្ចឹងទេ ក្មួយៗ កុំបណ្តោយ ហើយក្នុងរោងចក្រ សហគ្រាស មានបងតូចបងធំ ក្មួយៗកុំបណ្តោយអោយក្នុងរោងចក្រ សហគ្រាស មានក្រុមគ្រឿងញៀន សុវត្ថិភាពការងាររបស់ក្មួយៗ ត្រូវខិតខំ(រក្សា)។
ម្ចាស់រោងចក្រ និងក្រសួងការងារ យកចិត្តទុកដាក់ដោះស្រាយនូវកិច្ចសន្យាការងារ
ក្នុងនោះ ខ្ញុំយកឱកាសនេះ ដើម្បីអំពាវនាវ ភាគីនិយោជក ដែលជាម្ចាស់រោងចក្រ និងក្រសួងការងារ យកចិត្តទុកដាក់ ដោះស្រាយនូវកិច្ចសន្យាការងារ ដែលរោងចក្រខ្លះធ្វើបានល្អហើយ ក៏ប៉ុន្តែ រោងចក្រខ្លះធ្វើមិនទាន់បានល្អ កិច្ចសន្យាការងារធ្វើត្រឹមតែ ៣ ខែ តែប៉ុណ្ណោះ ដែលនេះ គឺវាបានបង្កើតនូវអារម្មណ៍មិនជ្រះថ្លា នៃកម្មករ/ការិនីរបស់យើង។ មិនដឹងថា ផុតកិច្ចសន្យារយៈពេល ៣ ខែទៅ តើមានការងារធ្វើតទៅទៀត ឬអត់? ឬម្ចាស់រោងចក្របញ្ឈប់? អញ្ចឹងទេ សូមអោយយកចិត្តទុកដាក់នូវកង្វល់របស់កម្មករ ដែលខ្ញុំក្តាប់បានរឿងនេះ សូមអោយយកចិត្តទុកដាក់ ប៉ុន្តែត្រូវរៀបចំកុំទាមទារហួស បើការងារក្នុងរង្វង់តែ ៥ ខែ ហើយចាប់ថៅកែអោយចុះកិច្ចសន្យាការងារទៅដល់ ១ ឆ្នំា ក៏វាអត់ត្រូវដែរ។ ធ្វើយ៉ាងម៉េចអោយវាសមស្រប ដែលយើងអាចទទួលបានទំាងអស់គ្នា។
បន្តរក្សាសុខដុមបនីយកម្មក្នុងរោងចក្រ ដោះស្រាយបញ្ហាដោយសន្តិវិធី
ប៉ុន្តែ ខ្ញុំពិតជាមានមោទនភាពណាស់ ជាមួយនឹងការដោះស្រាយដោយរលូន ចំពោះបញ្ហាទំាងឡាយដែលប្រឈមកាលពីពេលមុន។ កូដកម្ម បាតុកម្ម ត្រូវបានធ្លាក់ចុះយ៉ាងគំហុក តាមរយៈការយោគយល់អធ្យាស្រ័យ រវាងម្ចាស់រោងចក្រ រវាងប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជាមួយកម្មករ/ការិនី រវាងសហជីព ជាមួយកម្មករ និងម្ចាស់រោងចក្រ។ ខ្ញុំសុំអោយបន្តការធ្វើសុខដុមបនីយកម្ម នៅក្នុងចំណោមកម្មករ/ការិនី យើងត្រូវចាត់ទុកថា រោងចក្ររបស់យើង គឺជាគ្រួសារតែមួយ។ ថៅកែរោងចក្រ បើអត់កម្មករ មិនមែនជាថៅកែទេ ប្រធានផ្នែកបើអត់កម្មករ មិនមែនជាប្រធានផ្នែកដែរ កម្មករបើអត់មានរោងចក្រ មិនហៅកម្មករទេ បើសិនជាក្មួយៗកាន់ចប ឬកាន់ឧបករណ៍កសិកម្ម គេហៅថាកសិករ។ ដូច្នេះ ក្មួយៗត្រូវចំា រួមគ្នាធ្វើកិច្ចការងារនេះ ដែលជាផ្នែកដ៏សំខាន់នៃស្ថេរភាពការងាររបស់ក្មួយៗ ធ្វើសុខដុមបនីយកម្មចាត់ទុកថា នេះជាឆ្នំាងបាយរួម ធ្វើការងារបានល្អ ថៅកែមានប្រាក់ចំណេញ តម្លើង(ឲ្យកម្មករ)។
បៀវត្សត្រូវឡើងរាល់ឆ្នំា
ហើយខ្ញុំសូមបញ្ជាក់ជូនក្មួយៗថា បៀវត្សមិនមែនឡើងត្រឹមតែឆ្នំា ២០១៨, ១៧០ (ដុល្លារ)ទេ។ ឆ្នំា ២០១៩ នឹងបន្តឡើងទៀត ឡើងរាល់ឆ្នំា។ ដើម្បីអោយបានឡើងរាល់ឆ្នំា យើងក៏ត្រូវប្រឹង ដើម្បីធានាអោយមានសុវត្តិភាព និងស្ថេរភាពការងារ។
កិច្ចការទី ២ ដែលពូចង់និយាយ គឹរួមគ្នារក្សាការងារ និងបង្កើតការងារ។ ការងារដែលយើងមានបាន និងកំពុងមានសព្វថ្ងៃត្រូវការពារវាអោយបាន តាមរយៈការខិតខំទំាងអស់គ្នា ទាំងម្ចាស់រោងចក្រ ទំាងកម្មករ កម្មការិនី និងអ្នកគ្រប់គ្រងទំាងអស់។ ដូចដែលពូបាននិយាយខាងលើ នោះជាការចំាបាច់ សាមគ្គីភាព គឺជាកំលាំងដែលធ្វើអោយរោងចក្រនេះរស់ ហើយរោងចក្ររស់ យើងក៏មានការងារធ្វើ យើងក៏មានប្រាក់ចំណូល។ ហើយបើសិនជារោងចក្រត្រូវបាត់បង់ យើងក៏ត្រូវបាត់បង់មុនគេតែម្តង។ ម្ចាស់រោងចក្រគេអាចដករោងចក្រទៅកាន់ទីកន្លែងដែលមានប្រាក់ឈ្នួលទាបជាងយើង នៅប្រទេសបង់ក្លាដេស ប្រទេសស្រីលង្ការ ប្រាក់បៀវត្សអប្បបរមាត្រឹមតែ ៦៧ ដុល្លារតែប៉ុណ្ណោះ។ នៅប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនបំផុត កៀកនឹងប្រទេសចិន រហូតទៅដល់ ១៣០ លាន នាក់ប្លាយ ប្រាក់បៀវត្សត្រឹមតែ ៧០ ដុល្លារទេ។ នៅក្នុងអាស៊ានរបស់យើងគឺ មីយ៉ាន់ម៉ាទាបជាងគេ តែ ៧៩ ដុល្លារទេ, នៅឡាវ ១១០ ដុល្លារ, នៅវៀតណាមអាចបានតំបន់ខ្លះ ១៣១ ដុល្លារ តំបន់ខ្លះ ១៧០ ដុល្លារ។
យើងជាប្រទេសដែលឈរនៅលំដាប់ទី ៤ នៅអាស៊ាន បន្ទាប់ពីសំាងហ្គាពួរ ម៉ាឡេស៊ី ថៃ មកដល់កម្ពុជាតែម្តង។ ហ្វីលីពីនក៏មានតំបន់ទាបជាងយើង ឥណ្ឌូនេស៊ីក៏មានតំបន់ទាបជាងយើង។ បើគិតជាមធ្យមភាគ កម្ពុជាបានឈរលំដាប់លេខ ៤ នៅក្នុងបណ្តាប្រទេសអាស៊ាន។ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសដែលផលិតសម្លៀកបំពាក់ កម្ពុជាយើងមានប្រាក់បៀវត្សខ្ពស់ណាស់ទៅហើយ។ ម្ចាស់រោងចក្រទ្រាំមិនបាន គេអាចដករោងចក្រចេញពីកម្ពុជា។ ក្មួយៗបាត់ភ្លាមនូវការងារ។ ប៉ុន្តែ ការរក្សាការងារវាមិនទាន់គ្រប់គ្រាន់ទេ តែត្រូវបង្កើតការងារថ្មីបន្ថែមទៀត តាមរយៈទាក់ទាញឲ្យមានការវិនិយោគមកកម្ពុជា ទាក់ទាញ ដើម្បីពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេសរបស់យើង។
យើងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យអ្នកវិនិយោគគេមកវិនិយោគ
នេះជាកិច្ចការដែលយើងត្រូវខំ រាជរដ្ឋាភិបាលនឹងបន្តការខិតខំ ហើយកន្លងទៅ ក្មួយៗបានដឹងហើយ ឆ្នាំទៅ យើងបានទិញយកមកវិញនូវផ្លូវវេងស្រេង ដែលមុននេះគឺជាផ្លូវមួយដែលបានបង់ប្រាក់ សម្រាប់ការធ្វើដំណើរឆ្លងកាត់។ ផ្តើមចេញពីហេដ្ឋារចនាសម្ព័ន្ធ យើងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ដើម្បីឲ្យអ្នកវិនិយោគមកហើយ ឥឡូវគេចង់មកថែមទៀត។ យើងដកយកផ្លូវលេខ ៤ ត្រឡប់មកវិញ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ យើងបានទិញយកផ្លូវដែលថ្មីបំផុត ដែលមិនមានពីមុននេះ គឺផ្លូវព្រែកព្នៅ ដែលវិនិយោគដោយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់។ ទាំងផ្លូវ ទាំងស្ពាន ដែលមានផ្ទៃដីរហូតទៅដល់ជាង ៤០ ហិកតា។ ចាប់ពីថ្ងៃទី ១៥ នេះទៅ គឺអ្នកដែលត្រូវឆ្លង គឺមិនត្រូវបានបង់ប្រាក់ទៀតទេ ហើយនេះក៏មានចំណែក ដើម្បីសម្រួលដល់ការដឹកជញ្ជូន ឆ្លងកាត់ ហើយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់បង់ប្រាក់។
រាជរដ្ឋាភិបាលបន្តការខិតខំដើម្បីទាក់ទាញវិនិយោគ ហើយដើម្បីទាញវិនិយោគបាន ត្រូវខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ មានទឹក មានផ្លូវ មានភ្លើង មានធនធានមនុស្ស។ គ្មានអ្នកណាមកវិនិយោគដោយគ្មានផ្លូវដឹក ហើយគ្មានអ្នកណាមកវិនិយោគ ដោយយើងមិនមានកំពង់ផែ មិនមានព្រលានយន្តហោះ មិនមានការប្រកួតប្រជែង។ យើងខិតខំសម្រួលកិច្ចការនានា ដែលទាក់ទងនឹងការវិនិយោគនៅកម្ពុជា រាប់ទាំងការវិនិយោគទៅលើធនធានមនុស្ស ខិតខំទាំងអស់គ្នា។
ឯកិច្ចការទី ៣ រួមគ្នាបង្កើតប្រាក់ចំណូល និងបង្កើនការចេះដឹង។ រឿងនេះខ្ញុំបាននិយាយរួចមកហើយ ប្រាក់ចំណូលកម្មករ បៀវត្សកម្មករត្រូវឡើងជារៀងរាល់ឆ្នាំ។ ឆ្នាំនេះយើងបានឡើងហើយ ឡើងពី ១៥៣ ដល់ ១៧០ ឡើងច្រើន មិនមែនឡើងតិចទេ បើគិតជាភាគរយ ១១%។ ចំនួននេះកើន។ ប៉ុន្តែរដ្ឋក៏បានជួយបំពេញឲ្យវិញ ដើម្បីកុំឲ្យទម្ងន់នេះធ្លាក់ទៅលើម្ចាស់រោងចក្រ ដែលនាំទៅដល់ការបិទរោងចក្រ ហើយក្មួយៗបាត់បង់ការងារធ្វើ ហើយបាត់បង់ប្រាក់ចំណូល។ សង្ឃឹមថា ការងារទាំងនេះគឺនឹងបង្កើតបាននូវស្ថានភាពល្អប្រសើរ មិនគ្រាន់តែក្មួយៗនៅទីនេះ ក្រុមគ្រួសារក្មួយៗ ឪពុកម្តាយក្មួយៗ ក៏នឹងទទួលបាននូវប្រាក់ចំណូលដែលក្មួយៗផ្ញើទៅពួកគាត់ ហើយគាត់បានប្រើប្រាស់ប្រាក់នោះ ដើម្បីជីវភាព និងប្រើប្រាស់ប្រាក់នោះ ដើម្បីផលិតក្នុងវិស័យកសិកម្ម ដោយប្រើគ្រឿងយន្តកសិកម្មកាន់តែច្រើន តាំងពីការភ្ជួររាស់។ កសិករបច្ចុប្បន្ននេះ គឺប្រើប្រាស់គ្រឿងយន្តរហូត បើនិយាយពីផ្នែកភ្ជួររាស់ គឺប្រើប្រាស់គ្រឿងយន្តរហូតដល់ ៩៣% ឯណោះ នៅសល់តែជាង ៦% ប៉ុណ្ណោះ ដែលប្រើប្រាស់គោក្របី។ ការច្រូតកាត់ទៀតសោត ក៏ត្រូវច្រូតកាត់ដោយគ្រឿងយន្តទៅហើយ។ ប្រជាជនប្រមាណជា ៣ លាននាក់ ដែលទទួលការងារប្រយោល ហើយបៀវត្ស ដែលក្មួយៗបានទទួលកាន់តែច្រើន ហើយអាចំណាយកាន់តែតិច។
យើងអនុវត្តថ្លៃទឹក ថ្លៃភ្លើង និងថ្លៃឈ្នួលផ្ទះ បានសង្ឃឹមទៅលើម្ចាស់ផ្ទះ បានខ្ញុំបានអំពាវនាវថា កុំឲ្យមានការឡើងថ្លៃនៅក្នុងឆ្នាំ ២០១៨ សូម ១ ឆ្នាំហ្នឹង កុំឡើង ដើម្បីយើងតាមដានពិនិត្យមើល ការអង្កេតមើលក្នុងវិស័យការងារ និងសុខុមាលភាពរបស់កម្មករ/ការិនី តើយ៉ាងម៉េច? អញ្ចឹងម្ចាស់ផ្ទះទាំងឡាយហាក់ដូចជាបានទទួលយកនូវសំណូមពរមិនតម្លើងថ្លៃឈ្នួលផ្ទះនៅក្នុងឆ្នាំ ២០១៨ ហើយឆ្នាំ ២០១៩ ចាំឡើង។ ថ្លៃទឹកដែលមុននេះក្មួយៗត្រូវបង់ក្នុង ១ ម៉ែត្រគូប ១.២០០ រៀល ឥឡូវកន្លែងដែលប្រើទឹករបស់រដ្ឋ រដ្ឋលក់ឲ្យទៅម្ចាស់ផ្ទះ ៧០០ រៀល ហើយម្ចាស់ផ្ទះលក់ទៅឲ្យកម្មករ/ការិនី ត្រឹមតែ ៨០០ រៀល ប៉ុណ្ណោះ។ ដូច្នេះក្មួយៗត្រូវចំណេញ ៤០០ រៀល ក្នុងមួយម៉ែត្រគូប។ ថ្លៃភ្លើងកាលពីពេលមុនបង់ខ្ពស់ កំណត់ដោយម្ចាស់ផ្ទះ ប៉ុន្តែចាប់ពីពេលដែលរាជរដ្ឋាភិបាលបានភ្ជាប់ថ្លៃភ្លើងទៅកាន់ផ្ទះជួល ធ្វើឲ្យថ្លៃភ្លើងនៅត្រឹមតែ ៤៨០ រៀល ក្នុងមួយគីឡូវ៉ាត់។ អញ្ចឹងទេ ការចំណាយកាន់តែតិចទៅ។
បៀវត្សដែលខ្ញុំបាននិយាយអម្បាញ់មិញ មិនត្រូវបានជាប់ពន្ធនោះទេ ហើយក៏សូមបញ្ជាក់ អត្ថប្រយោជន៍ដទៃទៀតរបស់ក្មួយៗ មិនត្រូវបានគិតជាប្រាក់ដែលត្រូវជាប់ពន្ធនោះទេ។ ក្មួយៗខ្លះមានចំណូលរហូតទៅដល់ ៤០០ ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែប្រាក់អប្បបរមារបស់ខ្លួនមានត្រឹមតែ ១០០ (ដុល្លារ)។ អ្នកខ្លះធ្វើការយូរទៅបាន ២០០ (ដុល្លារ) ឬក៏មានឋានៈនេះ ឋានៈនោះបាន ២០០ (ដុល្លារ)ហើយ មកបានថែម ២០០ (ដុល្លារ)ទៀត នៃប្រាក់អត្ថប្រយោជន៍ដទៃទៀត គេមិនបានយកមកគិតពន្ធនោះទេ។ គេប្រើប្រាស់ប្រាក់ពន្ធតែទៅលើបៀវត្សដែលមានកម្រិត ១ លាន ២ សែនរៀល នេះជាប្រាក់បៀវត្ស មិនមែនប្រាក់អត្ថប្រយោជន៍ទេ។
ប៉ុន្តែ ពូក៏ចង់អំពាវនាវចំពោះក្មួយៗបង្កើនចំណេះដឹង។ ទន្ទឹមនឹងបង្កើនប្រាក់ចំណូល ចំណេះដឹងរបស់យើងក៏ត្រូវតែកើនឡើងផងដែរ តាមរយៈនៃការខិតខំខ្លួនឯង។ ហើយខ្ញុំពិតជាមានមោទនភាពជាមួយនឹងសមត្ថភាពរបស់ក្មួយៗជាកម្មករ/ការិនីរបស់កម្ពុជា។ ខ្ញុំធ្លាប់ទិញខោអាវយកមកពាក់ដែរ ប៉ុន្តែខោអាវនោះមិនមែនជាខោអាវចងក្រវាត់កទេ ព្រោះករបស់ខ្ញុំពាក់មិនត្រូវនឹងគេសោះ។ វាខុសខ្នាត។ ខុសកន្លះលេខរហូត។ អញ្ចឹង អាវចងក្រវាត់កទាំងប៉ុន្មាន គឺជាអាវកាត់នៅស្រុកខ្មែរ។ ប៉ុន្តែ ខ្ញុំធ្លាប់បានទិញពីញូវយ៉ក ខោអាវដែលធ្លាប់ពាក់ចុះវាលស្រែ មានអាមួយខៀវ មានអាមួយពណ៌គគីរ។ ប្រៀបធៀបគ្នា គឺយើងគុណភាពល្អជាង ប៉ុន្តែយើងអត់ត្រូវបន្តុះបង្អាប់ជាមួយអ្នកណាទេ។ យើងយល់ដឹងអំពីកម្រិតសមត្ថភាព ដែលពូចុះទៅតាមរោងចក្រនានា ឃើញថាភាពជំនាញរបស់កម្ពុជារបស់យើងបានកើនឡើង។
ឥឡូវ យើងកំពុងបន្ត ដែលសម្ពោធដាក់ឲ្យប្រើនូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៧-២០២៥ កាលពីម្សិលមិញនេះ ដែលត្រូវដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ រៀងរាល់ឆ្នាំ យន្តការត្រីភាគីនឹងត្រូវដំឡើងការពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ហើយរាជរដ្ឋាភិបាលនឹងខិតខំបញ្ចប់ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ឲ្យយន្តការត្រីភាគីពិភាក្សា អំពីប្រាក់ឈ្នួលអប្បបរមា។
ចំណុចទី ៤ ពូចង់ផ្តោតទៅលើបញ្ហាទាក់ទងនឹងការគាំពារសង្គម លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ។ ពូសូមប្រកាសនៅទីនេះ ប្រាប់ក្មួយៗឲ្យបានជ្រាបបន្ថែម ហើយបានដឹងខ្លះៗរួចមកហើយ។ កន្លងទៅ ប្រាក់របបសន្តិសុខផ្នែកថែទាំសុខភាព កម្មករ/ការិនីបង់ ៥០% ឯនិយោជកបង់ ៥០% តែចាប់ពីខែមករា ឆ្នាំ ២០១៨ តទៅ ក្មួយៗមិនចាំបាច់បង់ទៀតទេ ម្ចាស់រោងចក្រជាអ្នកបង់ជំនួសក្មួយៗទាំងអស់។ ដូច្នេះ កម្មករ/ការិនីរបស់យើង នឹងទទួលបាននូវផលចំណេញក្នុងមួយខែ ចាប់ពី ៨.០០០ រៀល ទៅ ១៣.០០០ រៀល ហើយនេះហើយដែលជាការភ្ជួរទុកនៃពន្ធកាត់ទុកលើប្រាក់ចំណេញសម្រាប់រយៈពេល ៥ ឆ្នាំ ដែលរាជរដ្ឋាភិបាល ត្រូវផ្តល់សម្រាប់រោងចក្រ។ សូមប្រកាសជូនថា ចាប់ពីខែមករា ឆ្នាំ ២០១៨ តទៅ កម្មករគ្រប់ផ្នែកទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ត្រូវទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ហើយរដ្ឋគឺជាអ្នកបង់ថ្លៃជំនួសតាមរយៈមូលនិធិសមធម៌ ដែលបាន និងកំពុងអនុវត្ត ដែលមានមនុស្សចូលរួមជាង ៣ លាននាក់រួចមកហើយ។ ខ្ញុំក៏សូមអំពាវនាវឲ្យសហគ្រាសនានា ដែលមិនទាន់បានចុះបញ្ជី ឲ្យមកចុះបញ្ជីបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យកម្មករ/ការិនីទទួលបានអត្ថប្រយោជន៍អំពីគោលនយោបាយនេះផង។
កីឡាករ កីឡាការិនី ត្រូវបានជិះរថយន្តក្រុង និងការពិនិត្យព្យាបាលដោយឥតគិតថ្លៃ
ខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ថា ផ្អែកទៅលើការសំណូមពររបស់កីឡាករ/ការិនី ថ្ងៃនេះ ខ្ញុំក៏សូមប្រកាសថា កីឡាករ/ការិនីទាំងអស់ ដែលមានការទទួលស្គាល់ជាក់លាក់ពីសហព័ន្ធកីឡាជំនាញ និងពីគណៈកម្មាធិការអូឡាំពិកកម្ពុជា នឹងត្រូវទទួលបាននូវការជិះរថយន្តក្រុងដោយមិនបានបង់ប្រាក់ ដូចជាកម្មករ/ការិនី ក្នុងរយៈយ៉ាងតិច ២ ឆ្នាំដែរ។ សូមប្រកាសថា កីឡាករ/ការិនីទាំងអស់ ដែលទទួលស្គាល់ដូចបានលើកឡើង ដែលបំពេញបានលក្ខខណ្ឌនោះ ក៏ត្រូវទទួលបាននូវការពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដូចកម្មករ/ការិនីផងដែរ។ យប់មិញ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ (និង)ខ្ញុំគិតថា ទុកឲ្យគណៈកម្មាធិការអូឡាំពិកធ្វើការប្រជុំសិន ក៏ប៉ុន្តែ ខ្ញុំគិតថា នេះគ្រាន់តែជាការប្រជុំបច្ចេកទេសទេ ឯការសម្រេចខាងនយោបាយ គឺខ្ញុំសម្រេចប្រកាសនូវថ្ងៃនេះតែម្តង ដើម្បីផ្តល់ជូនឲ្យកីឡាករ/ការិនី បានទទួលអត្ថប្រយោជន៍ដូចជាកម្មករ/ការិនីផងដែរ ដែលទទួលបាននូវអត្ថប្រយោជន៍ស្តីអំពីការជិះរថយន្តក្រុង ដោយមិនចាំបាច់បង់ប្រាក់ ហើយនិងការទទួលបាននូវសេវាថែទាំសុខភាព ដោយមិនចាំបាច់បង់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋ ដាក់បញ្ចូលទៅក្នុងក្របខណ្ឌនៃមនុស្ស ដែលទទួលបានអត្ថប្រយោជន៍ពីមូលនិធិសមធម៌។ អញ្ចឹង គណៈកម្មាធិការអូឡាំពិក ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើកិច្ចការងារនេះលំអិត ប្រជុំជាមួយគ្នា ដោះស្រាយបានប្រមាណជា ៥.០០០ នាក់ នៃអ្នកកីឡារបស់យើង។ ប៉ុន្តែ ត្រូវមានលក្ខខណ្ឌរបស់វាយ៉ាងម៉េច កម្រិតថ្នាក់ជំនាញយ៉ាងម៉េច …។
សុំឲ្យកម្មការិនីមានផ្ទៃពោះ ៣ ខែ ឡើងទៅ អាចចេញមុនយ៉ាងតិច ១៥ នាទី
សម្រាប់កម្មការិនីឆ្លងទន្លេ ក្មួយៗ ឥឡូវ និយាយអំពីបញ្ហាការចេញមុនមុន ពូបានជួយសុំឲ្យក្មួយៗ អម្បាញ់មិញនេះថា ៣ នាទី ៥ នាទី ១០ នាទី មុននេះ ខុសៗគ្នា។ ឥឡូវពូបានសុំរួចហើយ ហើយបានចាប់ផ្តើមអនុវត្តនៅតាមរោងចក្រជាច្រើនហើយ គឺស្រ្តីមានផ្ទៃពោះ ចាប់ពី ៣ ខែ ឡើងទៅ ត្រូវបានចេញមុន ១៥ នាទី យ៉ាងតិច។ រោងចក្រណា បានឲ្យដល់ទៅ ២០ នាទី ឬ ៣០ នាទីហើយរក្សាទុកដដែល កុំបន្ថយមក ១៥ នាទី។ ពី ៥ នាទី ១០ នាទី ចាំកើនទៅ ១៥ នាទី។ ប៉ុន្តែ អ្នកឲ្យទៅ ២០ ឬ ៣០ ហើយ កុំទម្លាក់មក ១៥ នាទីអី នៅរក្សាដដែលទៅ។ ប្រាក់ឈ្នួលក៏ដូចគ្នាដែរ រាជរដ្ឋាភិបាលពិនិត្យតែអ្នកណាអនុវត្តក្រោម ១៧០ អាហ្នឹង ខុសច្បាប់ ប៉ុន្តែ ឲ្យតែឡើងលើ ត្រូវច្បាប់ទាំងអស់។ រាជរដ្ឋាភិបាលស្វាគមន៍ ពូស្វាគមន៍ចំពោះរោងចក្រណា ដែលតម្លើងប្រាក់បៀវត្សអប្បបរមាលើសពី ១៧០ ហើយឲ្យអត្ថប្រយោជន៍កាន់តែខ្ពស់ សម្រាប់កម្មករ ពូនឹងអបអរសាទរ ចំពោះរោងចក្រណា ដែលផ្តល់ឲ្យស្រ្តីមានផ្ទៃពោះ បានចេញមុនម៉ោង លើសពី ១៥ នាទី ឥឡូវសុំបាន ១៥ នាទី ហើយ។
កម្មការិនីមានផ្ទៃពោះ សម្រាក ៣ ខែ បៀវត្ស ១២០% និងទទួលសាច់ប្រាក់បន្ថែមពីរដ្ឋ
ប៉ុន្តែ ម្ចាស់រោងចក្រខ្លះ គាត់គិតគូរអំពីសុខុមាលភាពរបស់កម្មការិនី ដែលមានផ្ទៃពោះនៅក្នុងរោងចក្ររបស់គាត់។ សម្រាប់កម្មការិនីឆ្លងទន្លេ នឹងត្រូវបានសម្រាករយៈពេល ៣ ខែ ដោយមានប្រាក់បៀវត្ស ១២០ ភាគរយ ក្នុងនោះ ៧០ ភាគរយ ចេញដោយបេឡាជាតិសន្តិសុខសង្គម និង ៥០ ភាគរយ នឹងចេញដោយនិយោជក។ កម្មការិនីដែលមានផ្ទៃពោះ ត្រូវបានពិនិត្យផ្ទៃពោះ ហើយអំពាវនាវឲ្យគ្រប់រោងចក្រយកចិត្តទុកដាក់ផ្តល់ឱកាសឲ្យកម្មការិនីរបស់យើងដែលមានផ្ទៃពោះ បានពិនិត្យផ្ទៃពោះដោយទៀតទាត់ ហើយចាប់ពីថ្ងៃ ១ ខែ មករា ព្រោះអាថ្ងៃ ១ ខែ មករា ត្រូវគិតពីពេលណា? ខ្មែរយើងគិតអំពីមើលបាតដៃឃើញ ជាពេលចែកថ្ងៃ ប៉ុន្តែ ភាពជាសកល គឺគិតនៅម៉ោង ១២ យប់ ចូលដល់ម៉ោង ១២ យប់ គឺចូលដល់ ០ ម៉ោង កូនណាដែលចាប់ផ្តើមកើតនៅ ០ ម៉ោង ថ្ងៃ ១ ខែមករា ឆ្នាំ ២០១៨ ទៅ ស្រ្តីឆ្លងទន្លេនោះ បើទទួលបានកូនមួយ បានសាច់ប្រាក់ពីរាជរដ្ឋាភិបាល ៤០ ម៉ឺនរៀល។ បានកូនភ្លោះ ២ ទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាលចំនួន ៨០ ម៉ឺនរៀល។ បើបានកូនភ្លោះ ៣ នឹងទទួលបាន ១២០ ម៉ឺនរៀល ហើយនិងក្លាយទៅជាសហគមន៍គ្រួសារ គេហៅថាចូលក្នុងត្រកូល ហ៊ុន ហើយ កូនភ្លោះ ៣។ ឥឡូវមាន ៣១៩ គ្រួសារហើយ នឹងទទួលបាននូវជំនួយឧបត្ថម្ភពីពូថែមទៀត ដែលមកដល់ពេលនេះ យើងកំពុងតែរកពេលធ្វើម៉េចជួបជុំឲ្យបានម្តង ជាមួយនឹងចៅៗដែលបានទទួលការឧបត្ថម្ភរយៈពេលកន្លងទៅនេះ។
មន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធ ជាស្រ្តីមានផ្ទៃពោះក៏ទទួលបានសាច់ប្រាក់ឧបត្ថម្ភដែរ
សម្រាប់ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក៏មានដូចគ្នា ខ្ញុំបានប្រកាសហើយ ឆ្លងទន្លេបានកូនមួយគឺ ៨០ ម៉ឺនរៀល, កូនភ្លោះ ២ បាន ១ លាន ៦ សែន, និងកូន ៣ បាន ២ លាន ៤ សែន គឺការអនុវត្តដូចគ្នានេះ នៅឆ្នាំ ២០១៨ ដែលមុននេះ បានត្រឹម ៦០ ម៉ឺនរៀល។ ប៉ុន្តែ កម្មវិធីសាច់ប្រាក់គឺអនុវត្តលើកដំបូង ហើយគោលដៅធំជាងគេ តម្រង់ឈ្មោះមកឲ្យកម្មការិនី ដែលបានទទួលកម្រិត ត្រឹម ៤០ ម៉ឺនរៀល វាក៏គ្រាន់ជាងអត់។ ហោចណាស់ក៏ក្មួយៗអាចដឹងបានថា ទន្ទឹមនឹងប្រាក់ដែលយើងសន្សំសម្រាប់ឆ្លងទន្លេ ក៏មានប្រាក់ដែលរាជរដ្ឋាភិបាលនឹងផ្តល់ជូនចំពោះកម្មការិនីរបស់យើង ៤០ ម៉ឺនរៀល ក្នុងករណីកើតបានកូនមួយ ហើយនឹង(បាន) ៨០ ម៉ឺនរៀល ក្នុងករណីដែលមាន កូនភ្លោះ ២។ នេះក៏ជាការធានាមួយសម្រាប់ក្មួយៗ។ សុំបញ្ជាក់ថាទោះកូនស្លាប់ កូនរស់ យើងត្រូវធ្វើយ៉ាងម៉េចឲ្យកូននេះ មានសុខភាពល្អទាំងម្តាយ និងកូន។ ប៉ុន្តែ ក្រែងលោចៃដន្យណាមួយ ប្រសិនបើកូនមិននៅទេ ក៏ម្តាយត្រូវទទួលបាននូវការឧបត្ថម្ភដូចគ្នា។
សង្ឃឹមថាយើងដោះស្រាយបញ្ហានេះ ដោយក្នុងហ្នឹងយើងបានគិតរួចស្រេច ហើយព្រឹកមិញ ខ្ញុំបានចារឯកភាពលើឯកសារ ឯកឧត្តម អ៊ិត សំហេង។ ហើយកន្លងទៅគឺក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏បានធ្វើសុំឲ្យដែរ។ ចេញសេចក្តីប្រកាសត្រៀមអនុវត្តទៅ។ យើងបានគិតរួចស្រេចទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ។ ក្នុងប្រព័ន្ធគឺ មានពេលនេះ មានត្រឹមតែ ២៤.០០០ នាក់តែប៉ុណ្ណោះដែលអាចលទ្ធភាពមានកូន នៅក្នុងចំណោមកម្មការិនី ៩ សែននាក់។ ឯក្រៅប្រព័ន្ធ គឺមានប្រមាណជា ២.៤០០.០០០ នាក់ ជាស្រ្តី ដែលបានមានកូនគឺចំនួន ៦៥.០០០ នាក់។ ដូច្នេះ យើងបានត្រៀមថវិកាស្រេចហើយ ប្រមាណ ១០ លានដុល្លារសហរដ្ឋអាមេរិច សំដៅទៅលើការដោះស្រាយកម្មករ។
កីឡាការិនីឆ្លងទន្លេក៏ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលដែរ
ខ្ញុំក៏គួរប្រកាសផងដែរថា កីឡាការិនីជំនាញពិតប្រាកដ ក៏នឹងទទួលបានអត្ថប្រយោជន៍អំពីបញ្ហាឆ្លងទន្លេ ទទួលបានសាច់ប្រាក់ដូចគ្នា។ អាហ្នឹងកីឡាការិនីដែលឆ្លងទន្លេ ព្រោះគាត់(ក៏)មានផ្ទៃពោះដែរ គ្រាន់តែពេលខ្លះ គាត់មានកូនច្រើនទៅ គាត់កើតតែម្តងតើ ដល់ទៅគាត់ឈប់ប្រកួតហើយ ព្រោះមិនដែលលេង កីឡាឯណា អត់យកប្តីទេ។ អញ្ចឹងទេ វាមិនច្រើនទេ។ អញ្ចឹងបញ្ចូលទៅទទួលបានអត្ថប្រយោជន៍ ដូចកីឡាករ/ការិនី ក៏បានទទួលដូចកម្មករ/ការិនីផងដែរ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ អញ្ចឹង អ្នកកីឡាយើង ទទួលបានកាន់តែច្រើនហើយ។ ប៉ុន្តែ អ្នកកីឡាខ្លះភាពល្បីល្បាញរបស់គេ ហើយកីឡាហ្នឹងទៀត ក៏គេសុទ្ធតែមានប្រាក់ហើយស្រេច ភាគច្រើនព្រោះខ្លះនៅក្នុងទាហាន ស៊ីប្រាក់ខែទាហាន ទទួលរបបនៅក្នុងទាហាន។ ខ្លះប៉ូលីស បើនិយាយទៅអ្នកដែលអត់អាជីពមានចំនួនប្រហែលជា ៥០ ភាគរយ នៃចំនួនកីឡា។ អ្នកដែលមានមុខរបរជាទាហាន ជាប៉ូលីស និងជាផ្នែកស្អីៗ គេស៊ីប្រាក់ខែរដ្ឋ គេចាំបាច់ជិះឡានក្រុងអី គេមានទាំងឡានជិះ។ ដូចជាកីឡាលេខមួយ ស៊ន សៀវម៉ី អី មានឡានជិះខ្លួនឯង ចាំបាច់ទៅជិះឡានក្រុង ប៉ុន្តែ ដល់ទៅ ស៊ន សៀវម៉ី មានកូន ក៏ស៊ន សៀវម៉ី ត្រូវបានអា ៤០ ម៉ឺនរៀលនឹងគេដែរ។ នេះជាផ្នែកនៃការលើកទឹកចិត្ត ប៉ុន្តែ ត្រូវរៀបចំឲ្យបានត្រឹមត្រូវ តិចតែមានចលនា ចេះតែចុះបញ្ជីៗដើម្បីទទួលបាននូវសេវា។ ដូច្នេះ គណៈកម្មាធិការអូឡាំពិកកម្ពុជា ត្រូវមានការទទួលខុសត្រូវលើបញ្ហាភាពជាក់លាក់ កីឡាពិតប្រាកដឬអត់ និងនៅជំនាញផ្នែកណា។
រោងចក្របង្កើតគិលានដ្ឋាន កន្លែងហូបបាយ និងទារកដ្ឋាន
កិច្ចការទាក់ទងជាមួយនឹងសុខុមាលភាពរបស់ពលរដ្ឋកម្ពុជា ត្រូវបានយកចិត្តទុកដាក់កាន់តែច្រើនទៅៗ។ ការវិភាជថវិកា បញ្ជូនថវិកាចូលទៅក្នុងវិស័យអប់រំ សុខាភិបាល ដែលទាក់ទងនឹងកិច្ចការសង្គមកាន់តែច្រើនទៅៗ ចំណាយលើផ្នែកនេះកាន់តែធំ។ រឿងនេះ គឺធ្វើឲ្យប្រទេសរបស់យើងកាន់តែត្រូវបានទទួលការរីកចម្រើនបន្ថែមទៅលើបញ្ហាសុខុមាលភាព។ ខ្ញុំក៏អំពាវនាវឲ្យបណ្តារោងចក្រទាំងឡាយរៀបចំឲ្យមានគិលានដ្ឋាន ដែលរហូតមកដល់បច្ចុប្បន្ននៅតែ ១២ ភាគរយទៀតប៉ុណ្ណោះ ដែលមិនទាន់មានគិលានដ្ឋាននៅតាមរោងចក្រ។ បច្ចុប្បន្នមាន ៨៨ ភាគរយទៅហើយ។ ៣៣ ភាគរយ មានកន្លែងហូបបាយ, ២១ ភាគរយ មានកន្លែងបំបៅកូន, ២៨ ភាគរយ មានទារកដ្ឋាន ត្រូវបន្តពង្រីកបន្តទៅទៀតដើម្បីសុខុមាលភាពរបស់កម្មករ។ ខ្ញុំសង្ឃឹមថា ថៅកែរោងចក្រនឹងផ្តល់ការយកចិត្តទុកដាក់ទៅលើការរៀបចំទាំងអស់គ្នា ដើម្បីភាពសុខសាន្ត និងសុខុមាលភាពរបស់កម្មករ/ការិនីរបស់យើង។ យើងអនុវត្តឲ្យបានត្រឹមត្រូវ ជាមួយនឹងរបបឈប់សម្រាករបស់កម្មករ។ សុំបញ្ជាក់សាជាថ្មីថា ខ្ញុំប្រើពាក្យយ៉ាងតិច ២ ឆ្នាំ នូវការធ្វើដំណើរដោយអត់គិតលុយ ចំពោះកម្មករ/ការិនី ហើយថែមទាំងកីឡាករ/ការិនី ដែលធ្វើដំណើរតាមរថយន្តក្រុង។ យើងត្រូវបន្ថែមរថយន្តក្រុងបន្តទៅទៀត ដើម្បីជួយទៅដល់និស្សិត សិស្ស ព្រះសង្ឃ ចាស់ជរា ជនពិការ ឥឡូវនេះ បន្ថែមទៅដល់មុខសញ្ញាកម្មករ/ការិនី និងទៅដល់កីឡាករ និងកីឡាការិនី។
២០១៩ អនុវត្តសោធននិវត្តន៍វិស័យឯកជន
មួយផ្នែកទៀត ពូក៏សុំជម្រាបជូនកម្មករ/ការិនីរបស់យើង។ ពេលនេះ បញ្ហាប្រាក់បៀវត្ស មិនមែនជាចំណោទដែលទាមទារហួសហេតុពេកទេ។ ពិតមែនតែវាត្រូវការនូវការកើនឡើងបន្ត ពូយល់អំពីអារម្មណ៍សម្រាប់អនាគត នោះគឺនៅត្រង់ថា នៅពេលខាងមុខឆ្នាំ ២០១៩ នេះ នឹងដាក់ឲ្យអនុវត្តនូវរបបសោធននិវត្តន៍ … ធម្មតាមិនថាគេ មិនថាខ្ញុំទេ ខ្ញុំមិនមែនគិតអំពីបញ្ហាទ្រព្យសម្បត្តិនោះទេ ខ្ញុំកំពុងគិតថាតើកូនណាមួយ ដែលយើងអាចពឹងពាក់បាននៅពេលដែលយើងចាស់ជរាទៅ? តើចៅណាមួយដែលយើងអាចពឹងពាក់បាននៅពេលដែលយើងចាស់ជរាទៅ។ ខ្ញុំពិតជាមានការគិតបែបនេះ។ ពិតប្រាកដនៅក្នុងអារម្មណ៍របស់ខ្ញុំ កំពុងតែសង្កេតមើលថាតើកូនណាមួយ ដែលយើងអាចនៅជាមួយគេបាន? តែខ្ញុំពិតជាមិនព្រមប្រគល់ផ្ទះរបស់ខ្ញុំឲ្យគេ មុនពេលដែលខ្ញុំស្លាប់ទេ ព្រោះក្រែងលោវាដេញឯងចេញពីផ្ទះ។ ប៉ុន្តែ កូនរបស់ខ្ញុំមិនដល់ថ្នាក់ប៉ុណ្ណឹងពេកទេ។
កំពុងតែសម្លឹងមើលកូន តើកូនមួយណាដែលផ្តល់នូវការឲ្យយើង។ ជួនកាល គាត់គិតថាយើងនៅរស់កម្សត់ខ្លាំងណាស់ នៅពេលចាស់ទៅ គេយកទៅដាក់កន្លែងគេហៅ ចាស់កំព្រា។ ខ្ញុំមិនទៅទេ ហើយវត្តក៏ខ្ញុំមិនទៅដែរ នៅផ្ទះហ្នឹងហើយ។ ប៉ុន្តែ បញ្ហាស្ថិតនៅត្រង់ថា តើកូនណាមួយគេបានមកសួរសុខទុក្ខយើង? តើចៅណាមួយគេមកសួរសុខទុក្ខយើង? ខ្ញុំនឹងសរសេរពាក្យបណ្តាំមួយ។ តើកូនមួយណា ឬចៅមួយណា បានទទួលផ្ទះ អត់ពីខ្ញុំ? ប៉ុន្តែ បណ្តាំនោះវាលុះត្រាតែខ្ញុំស្លាប់ក្រោយប្រពន្ធខ្ញុំ។ ហើយបើសិនខ្ញុំស្លាប់មុនប្រពន្ធខ្ញុំ រឿងរ៉ាវផ្ទះសម្បែងទុកឲ្យប្រពន្ធខ្ញុំជាអ្នកចាត់ចែងទេ។ ខ្ញុំនឹងសរសេរពាក្យបណ្តាំ ហើយមិនចែកទេផ្ទះហ្នឹង ហើយទុកនៅកន្លែងណាមួយកុំឲ្យគេដឹង។ ដល់ពេលរួច ឲ្យមេធាវីបើកលិខិតហ្នឹងទៅ ឲ្យផ្ទះទៅអ្នកណា?
កម្ពុជាសម័យទំនើប មានប្រាក់សោធននិវត្តន៍សម្រាប់កម្មករ
ហ្នឹងជាការគិតបែបមនុស្សដែលមានធនធានដូចខ្ញុំ។ វាមិនខ្វះទេនូវជីវភាព នៅពេលដែលខ្លួនចាស់ ប៉ុន្តែភាពកម្សត់វានឹងបានមកដល់នៅពេលដែលយើងចាស់ទៅ។ កូនយើងគេមានកូនមានចៅរបស់គេ តើគេមកជិតយើងឬអត់? សម្រាប់ក្មួយៗជាកម្មករ/ការិនី ក៏កំពុងតែគិតថា ពេលដែលអញអត់ការងារទៅ តើកូនណាមួយចិញ្ចឹម? តើអញពឹងផ្អែកលើអី? រឿងនេះពិតជាការគិតគូរនៃគ្រប់មនុស្សទាំងអស់។ អញ្ចឹងទេ បានជារដ្ឋក្នុងសម័យទំនើបរបស់កម្ពុជាយើងនេះ យើងត្រូវគិតឲ្យហើយ និងដាក់ឲ្យអនុវត្តនូវប្រាក់សោធននិវត្តន៍ ដែលគេប្រើពាក្យថា លុយរឺត្រែត នោះ។ ពេលយើងចូលនិវត្តន៍ទៅ ឧទាហរណ៍ថា ប្រាក់ខែអប្បបរមារបស់យើងឡើងដល់ ២០០ ដុល្លារ ដល់ទៅពេលយើងចូលនិវត្តន៍ ប្រាក់បៀវត្សរបស់យើងត្រូវនៅសល់ ៨០% បើ ៨០% យើងនៅសល់ ១៦០ ដុល្លារដែរ។ ឥឡូវ យើងឧបមាអញ្ចេះ ប្រាក់បៀវត្សយើង ១៧០ ដល់ពេលយើងចូលនិវត្តន៍ ប្រាក់បៀវត្សត្រូវនៅសល់ ៨០% តើវានៅសល់ប៉ុន្មាន? ដូចជា ១៤០ ដុល្លារជាងអីដែរ។
កម្មករ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មានប្រាក់សោធននិវត្តន៍ដូចៗគ្នា
ពេលនោះ ក្មួយៗជាកម្មករ/ការិនីពេលនេះ មិនមានការចាំបាច់ដើម្បីមើលមុខកូនរបស់យើង ហើយសុំគេទទួលទាននោះទេ។ ព្រោះកូនខ្លះវាមិនស្គាល់នូវគុណបំណាច់របស់ឪពុកម្តាយទេ គេចាយខ្លួនគេ ទុកឲ្យឪពុកម្តាយស្រេកឃ្លាន។ ប៉ុន្តែ ក្មួយៗដែលមានការងារធ្វើនៅទីនេះ គឺនឹងមានអនាគតបានទទួលផលអំពីប្រាក់សោធននិវត្តន៍នៅពេលដែលក្មួយៗឈប់ពីធ្វើការ។ ប៉ុន្តែ ដើម្បីឲ្យក្មួយៗមានប្រាក់ចូលនិវត្តន៍ ក្មួយៗត្រូវបំពេញលក្ខខណ្ឌ ដូចមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដូចគ្នា។ មិនមែនធ្វើការបាន ១ ឆ្នាំ ហើយទារប្រាក់សោធននិវត្តន៍ទេ មានចែងក្នុងច្បាប់ដែលទាក់ទងជាមួយនឹងសោធននិវត្តន៍នេះឯង។ អញ្ចឹងទេ ត្រូវប្រឹងប្រែងធ្វើការ តាមពាក្យចាស់លោកថា «បើចង់ឆ្ងាញ់ឲ្យរកអន្លក់ បើចង់ស្រណុកឲ្យនឿយពីក្មេង»។ អញ្ចឹង ក្មួយៗត្រូវប្រឹងធ្វើការ ដើម្បីឲ្យប្រាក់បៀវត្សរបស់យើងចេះតែកើន ហើយនៅពេលចូលនិវត្តន៍ទៅ បាត់តែ ២០% សល់ ៨០% ល្មមចិញ្ចឹមខ្លួនបាន។ ហើយបើសិនជាកូនយើងនៅតូច ឬកូនណាមិនកាក់កប ក៏យើងអាចជួយទៅដល់កូននោះបានដែរ។ នេះជាអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ និងផ្នែកពាក់ព័ន្ធដទៃទៀត បាន និងកំពុងធ្វើ សម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធផង និងសម្រាប់កម្មករ/ការិនីផង។ ដូច្នេះ ពេលអនាគតមិនមានអ្វីខុសគ្នារវាងមន្រ្តីរាជការជាមួយនឹងកម្មករ/ការិនីទេ ព្រោះចូលនិវត្តន៍ទៅ មានប្រាក់រឺត្រែតដូចតែគ្នាហ្នឹង។
ពង្រីកទីផ្សារការងារក្រៅប្រទេស ធ្វើឲ្យពលករមិនស្របច្បាប់ បានស្របច្បាប់ ទទួលផលប្រយោជន៍ដូចគេ
បន្តទៅទៀត យើងក៏កំពុងខិតខំដើម្បីពង្រីកទីផ្សារការងារនៅក្រៅប្រទេស។ កម្មករ/ការិនីរបស់យើងដែលទៅធ្វើការនៅប្រទេសថៃ ប្រទេសម៉ាឡេស៊ី ដែលមិនស្របច្បាប់ យើងកំពុងតែខិតខំធ្វើឲ្យបងប្អូនទាំងនោះ ក្លាយទៅជាកម្មករ/ការិនីស្របច្បាប់ ហើយកំពុងតែខិតខំដើម្បីឲ្យកម្មករ/ការិនីរបស់យើង បានទទួលនូវអត្ថប្រយោជន៍កាន់តែច្រើន ដូចកម្មករថៃដែរ។ រឿងនេះត្រូវបានគេសរសេរបន្តុះបង្អាប់ថា លោក ហ៊ុន សែន បែរទៅជាមានមោទនភាពថា កម្មករដែលទៅធ្វើការនៅប្រទេសក្រៅ យកលុយមកធ្វើផ្ទះក្បឿង តែទីចុងបំផុត ទៅធ្វើសេដ្ឋកិច្ចឲ្យប្រទេសគេសោះ។ កោតតែអាចនិយាយទៅរួច នេះគឺជាផ្នែកមួយនៃលំហូរមនុស្ស។ សូមជម្រាប។ នៅតំបន់អឺរ៉ុប គេលែងគិតហើយ លើកលែងតែប្រទេសអង់គ្លេសបានចាកចេញ។ ឥឡូវបន្តិចទៀត សូម្បីតែអគ្គរដ្ឋទូត EU នេះ ក៏លែងបានធ្វើជាអគ្គរដ្ឋទូត(សហភាព)អឺរ៉ុបដែរ បើសិនជាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ព្រោះអគ្គរដ្ឋទូតគាត់ជាជនជាតិអង់គ្លេស។ នៅអឺរ៉ុបគេលែងគិតហើយ។ ខ្ញុំទៅប្រជុំនៅប៊ែលហ្សិក អ្នកសម្របសម្រួលការឲ្យយើងជាជនជាតិបារាំង។ សួរថា បារាំងនៅប៊ែលហ្សិក ឬក៏បារាំងនៅប៉ារីស? ប៉ុន្តែ ដល់ពេលវេលាដែលគេត្រូវធ្វើការ មានគណៈប្រតិភូអីអញ្ចឹងទៅ ទៅរកការងារធ្វើ ទទួលគណៈប្រតិភូ ពេលប្រជុំអាស៊ី-អឺរ៉ុបឆ្នាំ ២០១០ នៅទីនោះ។
អញ្ចឹងត្រូវមើលឲ្យឃើញ បើអស់លោកមិនយល់ទេ អស់លោកទៅរៀនឡើងវិញអំពីសេដ្ឋកិច្ច។ បានទៅធ្វើការនៅកូរ៉េ នៅជប៉ុន មានប្រាក់ខែបញ្ជូនមក បានធ្វើផ្ទះ អាហ្នឹងយើងបើកទំនាក់ទំនងការទូត និងទំនាក់ទំនងល្អ យើងទទួលបានអាហ្នឹង អត្ថប្រយោជន៍នោះ។ បានទៅទទួលទាំងបច្ចេកវិទ្យាផង ទទួលទាំងប្រាក់បៀវត្សយកមកផ្ទះផង។ នៅប្រទេសថៃ ទៅធ្វើការខុសច្បាប់ យើងធ្វើឲ្យត្រូវច្បាប់ ហើយនិងខិតខំការពារនូវផលប្រយោជន៍កម្មកររបស់យើង។ កម្មករទាំងនោះបានផ្ញើប្រាក់មកឪពុកម្តាយ បែរជាមកបង្អាប់រាជរដ្ឋាភិបាលថា ទៅជួយធ្វើការសេដ្ឋកិច្ចឲ្យប្រទេសថៃ។ ទៅធ្វើសេដ្ឋកិច្ចឲ្យប្រទេសថៃ តែប្រាក់ចំណូលបានមកពលរដ្ឋខ្មែរ កុំភ្លេចថា យើងបាននាំមកនូវប្រាក់ប្រមាណ ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីពលករ ដែលធ្វើការនៅប្រទេសថៃ និងពីប្រទេសក្រៅ(ដទៃទៀត) ជារៀងរាល់ឆ្នាំ។ ហើយបើនិយាយពីហ្វីលីពីនវិញ ប្រាក់ចំណូលដែលបានមកពីពលករដែលនៅប្រទេសក្រៅមានចំនួនច្រើន …។
បន្តដើរជួបកម្មករ ដើម្បីពិនិត្យជីវភាពកម្មករ អនុវត្តគោលនយោបាយឧស្សាហកម្ម
អរគុណសាជាថ្មីម្តងទៀត ចំពោះការជួបជុំ អរគុណចំពោះក្មួយៗ ហើយថ្ងៃនេះ ប្រហែលជាមានបញ្ហាសុខភាពខ្លះ។ អ្នកខ្លះខ្យល់គ។ ជាពិសេស សូមអភ័យទោសពីសំណាក់ក្មួយៗដែលមានផ្ទៃពោះ ដែលមកចូលរួមថ្ងៃនេះ។ តែពូក៏សប្បាយចិត្ត ដែលឃើញថា ក្មួយៗស្រវាស្រទេញ ដើម្បីបានជួបជាមួយពូ ហើយពូក៏មានទឹកចិត្តដើម្បីជួបជាមួយក្មួយៗ ហើយពូមិនមែនមកតែលើកហ្នឹងទេ ដើរចប់ហើយ ដើរវិលជុំ ហើយមិនមែនដើរត្រឹមតែមួយឆ្នាំពីរឆ្នាំទេ ពូបានប្រកាសហើយ នឹងបន្តគ្រប់គ្រងប្រទេស ក្នុងតំណែងជានាយករដ្ឋមន្រ្តីមិនតិចជាង ១០ ឆ្នាំទៀត។ អញ្ចឹងឆ្នាំណាក៏ជាឆ្នាំដើរជួបកម្មករដែរ ដើម្បីជម្រុញអនុវត្តគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥។ បើយោងទៅលើកាលបរិច្ឆេទ ១០ ឆ្នាំ ២ អាណត្តិទៀត ពូនឹងធ្វើនាយករដ្ឋមន្រ្តីទៅដល់ឆ្នាំ ២០២៨ អត់ទាន់អីទេ នៅខ្លាំង នៅមាំ … អាចទៅរួច ដើម្បីជួយជូនដំណើរក្មួយៗទៅកាន់ដំណាក់កាលថ្មីមួយ ដែលវាកៀកទៅនឹងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។
អ្វីកើតនៅកម្ពុជា មានការផ្សារភ្ជាប់ទៅនឹងជីវិតរបស់សម្តេច
ពូពិតជាមានមោទនភាព នូវអ្វីៗដែលបានកើតនៅកម្ពុជា វាបានផ្សារភ្ជាប់ជាមួយនឹងជីវិតរបស់ពូ ក្នុងរយៈពេលជាង ៤០ ឆ្នាំ ចុងក្រោយ។ ពូបានរួមចំណែករំដោះប្រទេសចេញពីរបប ប៉ុល ពត ដើម្បីសង្គ្រោះជីវិតជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ។ ពូបានរួមចំណែកទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត។ ពូបានរួមចំណែកដើម្បីរកសន្តិភាពឲ្យកម្ពុជា។ ពូបានរួមចំណែកដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ និងជូនដំណើរក្មួយៗមកដល់ទីនេះ។ ឥឡូវ ពូគ្រាន់តែដើរសួរសុខទុក្ខ មើលស្ថានភាពនៃជីវភាពរបស់កម្មករ/ការិនី ពូពិតជាមានទឹកចិត្តដើម្បីនឹងធ្វើការងារនេះ ជាមួយនឹងការស្វាគមន៍ ដែលចេញពីក្រអៅបេះដូងរបស់ក្មួយៗ។
ថ្ងៃនេះ ជំនួយឧបត្ថម្ភរបស់ពូ មិនជាច្រើនទេ ក្នុងចំនួន ១៤.៤០០ នាក់ រាប់ទាំងរោងចក្រក្វាន់ទុង អ៊ីភឺរែល ខាំបូឌា ១.៦៣២ នាក់ ដែលពូនឹងទៅដល់ពេលបន្តិចទៀតនេះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ត្រឹមតែ ២ ម៉ឺនរៀលតែប៉ុណ្ណោះ។ សម្រាប់ក្មួយៗដែលមានផ្ទៃពោះ ពូមិនប្រកាសទេ តែពូនឹងចែកនូវស្រោមសំបុត្រផ្ទាល់ឲ្យក្មួយៗ ហើយក្មួយៗបើកមើលខ្លួនឯងទៅ។ សង្ឃឹមថា ក្មួយៗទាំងបុរស ទាំងនារីដទៃទៀត ដែលមិនមានផ្ទៃពោះ នឹងមិនមានការច្រណែនជាមួយនឹងអ្នកមានផ្ទៃពោះនោះទេ។ ហើយអ្នកដែលមានផ្ទៃពោះ ដែលនឹងត្រូវកើតនៅថ្ងៃ ១ មករា ក៏នឹងបានបន្ថែមទៀត នូវ ៤០ ម៉ឺនរៀលនៅពេលនោះ។ ប៉ុន្តែ ដូចក្មួយអាវសនេះ ជិត(កើត)ទៅហើយ នៅតែប៉ុន្មានថ្ងៃទៀតទេ ហើយបន្តិចទៀត បានលុយហើយ ទៅមុនទៅក្មួយ លើកលែងតែអ្នកដែលចង់ selfie ប៉ុន្តែ បើចង់ថតក៏កុំប្រជ្រៀតជាមួយគេ យើងទៅតាមហ្នឹង អាចថតបាន ប្រជ្រៀតជាមួយគេ វាប៉ះពោះ ប៉ះអី វាមានបញ្ហា។
ហើយចុងបញ្ចប់ហើយ ជាមួយនឹងការអរគុណ ជាមួយនឹងការរីករាយជាមួយនឹងកម្មករ/ការិនីនៅថ្ងៃនេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសក្មួយៗកម្មករ/ការិនី ហើយក្នុងនោះមានកម្មការិនីដែលមានផ្ទៃពោះ សូមឲ្យក្មួយៗទទួលបាននូវសេចក្តីពេលឆ្លងទន្លេ ហើយទាំងអស់គ្នាសូមជួបប្រទះនឹងពុទ្ធពរទាំង ៥ ប្រការ៕