Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស-ជាតិអន្តរជាតិ អង្គសន្និបាតជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២១ និងទិសដៅអនុវត្តឆ្នាំ ២០២២ នាឱកាសនេះ។ ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ហើយសម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យកសិកម្មក្នុងឆ្នាំ ២០២១ កន្លងទៅ ទោះបីកម្ពុជាបានជួបប្រទះនូវបញ្ហាប្រឈមលើវិស័យជាច្រើន ដែលបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩។ អង្គសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និង នេសាទដែលបានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃកន្លងមក គឺជាការបង្ហាញ និងវាយតម្លៃលើសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០២២ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរាជរដ្ឋាភិបាល ដែលបានតម្រង់ទិសការអភិវឌ្ឍ ដើម្បីឱ្យវិស័យកសិកម្មកម្ពុជាក្លាយជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពគ្រួសារកសិករកាន់តែមានភាពល្អប្រសើរឡើង និងសម្រេចបានជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តាមការលើកឡើងដោយ ឯកឧត្តម វេង សាខុន…
ឯកឧត្តម Park Heung-Kyeong អគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ទោះបីជាមានការពន្យារពេលសម្ពោធ តែប្រជាពលរដ្ឋបានទទួលផលរួចជាស្រេចទៅហើយ ថ្ងៃនេះយើងពិតជាមានការរីករាយ ដែលបានរួមគ្នាមកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ២១ដែលតភ្ជាប់ពីទីរួមខេត្តកណ្ដាលទៅកាន់ព្រំដែនវៀតណាមជ្រៃធំ។ តាមពិតទៅកម្មវិធីនេះ ត្រូវប្រព្រឹត្តទៅនៅតាមគម្រោងដើមនៅខែ មីនា ឆ្នាំ ២០២១ ក៏ប៉ុន្តែពេលនោះ ដោយព្រឹត្តការណ៍ ២០ កុម្ភៈ បានចាប់ផ្ដើមទាក់ទងទៅការវាយលុកអំពីជំងឺកូវីដ-១៩ ដូច្នេះយើងពន្យារពេលការសម្ពោធដាក់ឱ្យប្រើប្រាស់នេះរយៈពេលមួយឆ្នាំ។ ទោះបីជាមានការពន្យារពេលនេះក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋរបស់យើងបានទទួលផលរួចជាស្រេចទៅហើយ អំពីការធ្វើដំណើរនៅលើផ្លូវជាតិ ២១ នេះ។ អម្បាញ់មិញឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយបញ្ហាផ្លូវនេះ ហើយចំណុចនេះ ខ្ញុំចងចាំច្បាស់អំពីទិដ្ឋភាពទាំងឡាយ ដែលទាក់ទងជាមួយដំណើរការផ្លូវនេះ ជាពិសេសទឹកជំនន់ឆ្នាំ ២០២០ បានបំផ្លិចបំផ្លាញផ្លូវនេះធ្ងន់ធ្ងរ។ ពេលនោះយើងក៏បានអនុញ្ញាតឱ្យកងវិស្វកម្មរបស់ក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ គង់ អៀង ធ្វើការសាងសង់ ប៉ុន្តែការសាងសង់របស់យើងពេលនោះ គឺកសាងទៅតាមគន្លងចាស់ និងគ្រាន់តែមានផ្នែក(ខ្លះ)ពង្រីកថ្មី។ កាលនោះ ដូចជាមានការសាងសង់មានពីរផ្នែក។ មួយផ្នែក(សាងសង់)ដោយសាធារណការខេត្តកណ្ដាល ដែលត្រូវកសាងពីខាងទិសខេត្តកណ្ដាលទៅ, ឯ គង់…
សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកា នៃអង្គពិធី ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួម ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២ (២០២១-២០៣០) បន្ទាប់ពីដំណាក់កាលទី ១ នៃកម្មវិធីជាតិរយៈពេល ១០ ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបានបញ្ចប់នាចុងឆ្នាំ ២០២០ កន្លងមក។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចការជាទូទៅនៃកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាបន្តបន្ទាប់។ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៣ អាណត្តិកន្លងមក ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈដែលត្រូវទទួលនូវសិទ្ធិអំណាចនានាដោយរដ្ឋធម្មនុញ្ញ…