- សម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី ថ្នាក់ដឹកនាំ និងក្មួយៗសមាជិក/ជិកាកាយរឹទិ្ធជាតិកម្ពុជា!
ក្នុងនាមរាជរដ្ឋាភិបាល និងជាគរុគណ នៃកាយរឹទ្ធិជាតិកម្ពុជា ខ្ញុំមានសេចក្តីរីករាយ និងសូមចូលរួមអបអរសាទរ កាយរឹទិ្ធជាតិកម្ពុជា ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ នៃមហាសន្និបាតកាយរឹទិ្ធជាតិកម្ពុជា ក្នុងរយៈពេលពេញមួយថ្ងៃមកនេះ។
ខ្ញុំសូមស្វាគមន៍វត្តមានលោក/ស្រីតំណាងអង្គការពិភពលោក នៃចលនាកាយរឹទិ្ធ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំង ឯកឧត្តម លោកជំទាវ លោក/ស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងកាយរឹទ្ធិជាតិកម្ពុជា ដែលបានខិតខំប្រឹងប្រែងជំរុញចលនា កាយរឹទិ្ធជាតិកម្ពុជា ឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានា ដោយបានកសាងកម្លាំងបន្តវេនប្រកបដោយសក្តានុពល និងមានភក្តីភាពជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចអភិវឌ្ឍជាតិមាតុភូមិ។
ខ្ញុំសូមឧទ្ទិសសមិទ្ធផលនេះជូន សម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងកាយរឹទ្ធាចារ្យ ដែលបានខិតខំ និងលះបង់កម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍចលនាកាយរឹទិ្ធជាតិកម្ពុជារយៈពេលកន្លងមក។ ខ្ញុំចាំបានថា ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៩ ខ្ញុំបានជួបពិភាក្សាជាមួយ លោក គីម គូយ៉ុង អតីតនាយកការិយាល័យ អង្គការពិភពលោក នៃចលនាកាយរឹទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីរៀបចំចលនាកាយរឹទិ្ធជាតិកម្ពុជា។ ចាប់ពីពេលនោះមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែកយ៉ាងសំខាន់ រហូតរៀបចំបាននូវមហាន្និបាតលើកទី ១ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០០៦ និងបានដឹកនាំចលនានេះរហូតបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោក នៃចលនាកាយរឹទិ្ធ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
ខ្ញុំគួរតែបញ្ជាក់ចំណុចនេះបន្តិច។ យើងគួរតែបញ្ចៀសឱ្យបាននូវសង្គ្រាម នៅត្រង់ថា កាយរឹទ្ធិកម្ពុជាមិនមែនមានតែមួយទេនៅពេលនោះ។ កាយរឹទ្ធិកម្ពុជាមានដល់ទៅពីរ មួយគឺរៀបចំឡើងដោយ(រាជ)រដ្ឋាភិបាល ប៉ុន្តែ មួយទៀតក៏បានរៀបចំឡើងដោយអ្នកមួយផ្នែកនៅក្នុង(រាជ)រដ្ឋាភិបាល គឺគណបក្ស ហ្វ៊ុនស៊ិនប៉ិច។ អញ្ចឹង ខ្ញុំគួរតែយកឱកាសនេះ ថ្លែងនូវអំណរព្រះគុណ ចំពោះសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និងឯកឧត្តម លី ឡាយស្រេង ពេលហ្នឹង ឯកឧត្តម លី ឡាយស្រេង ក៏នៅក្នុងគណៈដឹកនាំនៃចលនាដំបូងរបស់យើងផងដែរ ពេលដែលបង្រួបបង្រួមដំបូង។
នេះជារឿងអកុសលរបស់ប្រទេសកម្ពុជារបស់យើង (១) ចាប់តាំងពីឆ្នាំ ១៩៧០ មក នៅពេលប្រទេសមានសង្គ្រាមហែកចេញទៅជាពីរ ពេលនោះមិនគ្រាន់តែប្រទេសយើងត្រូវបែងចែកជាតំបន់ត្រួតត្រាខុសគ្នា ហើយមានការប្រយុទ្ធគ្នាទេ នៅតាមវេទិកាអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាក៏ត្រូវបែងចែកដូចគ្នានេះដែរ។ មកដល់ឆ្នាំ ១៩៩៣-៩៤ ហើយនេះ កាកបាទក្រហមរបស់យើងមានបួនភាគី ព្រោះយើងមានបួនភាគីក្នុងការប្រយុទ្ធគ្នា ដែលបន្តពីឆ្នាំ ១៩៧៩ រហូតមកដល់កិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស បានព្រះករុណាបិតា ព្រះអង្គបានដឹកនាំបង្រួបបង្រួមកាកបាទក្រហមរបស់យើងពីបួនភាគី ហោចណាស់ពេលនោះ បើខ្មែរក្រហមមិនចូលរួមក៏មានបីភាគី ដើម្បីឱ្យទៅជាកាកបាទក្រហមជាតិតែមួយ។
ចំពោះកាយរឹទ្ធិកម្ពុជា យើងបានដើរតាមដំណាក់ៗ ដោយមានការគាំទ្រពីខាងកូរ៉េផង ហើយបើខ្ញុំមិនច្រំទេ គឺខាងជប៉ុន ដែលបានផ្តល់ថវិកាមួយចំនួនឱ្យខ្ញុំនៅពេលនោះ ហើយខ្ញុំក៏ប្រគល់ជូន សម្តេចវិបុលបញ្ញា សុខ អាន ដើម្បីរៀបចំជាឯកសណ្ឋានកាយរឹទ្ធិរបស់យើងនេះ។ នៅក្រៅប្រទេសក៏មានការប្រណាំងគ្នា ខាងពួក លន់ នល់ គេបានកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ។ ឯខាងរណសិរ្យរួបរួមជាតិ ដែលដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ គឺបានកាន់កាប់ចលនាមិនចូលបក្សសម្ព័ន្ធ។ នេះជារឿងអកុសល សម្រាប់ប្រទេស(របស់)យើង នៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ត្រូវដឹកនាំដោយពួក លន់ នល់ ដែលធ្វើរដ្ឋប្រហារខុសច្បាប់ ឯនៅខាងចលនាតស៊ូ ត្រូវបានគ្រប់គ្រងដោយចលនាតស៊ូ និងចលនាមិនចូលបក្សសម្ព័ន្ធ។
បន្តមកទៀតនៅឆ្នាំ ១៩៧៩-១៩៩១ (អាសនៈនៅ)អង្គការសហប្រជាជាតិ ត្រូវគ្រប់គ្រងដោយពួកខ្មែរក្រហម ឯចលនាមិនចូលបក្សសម្ព័ន្ធ ត្រូវទុកឱ្យនៅទំនេរ ។ប៉ុន្តែ យើងមានលក្ខណអនុគ្រោះមួយ ដោយមានអង្គការអាស៊ី-អាហ្វ្រិក យើងចូលរួមជាមួយអង្គការនោះ និងអង្គការអន្តរជាតិមួយចំនួនផ្សេងទៀត។ ចំណុចគួរតែត្រូវបានរំលឹកនៅទីនេះ នៅត្រង់ថា ហេតុអីបានជាឆ្នាំ ១៩៧០–៧៥ ពួក លន់ នល់ កានកាប់(អាសនៈ)នៅអង្គការសហប្រជាជាតិ? និយមន័យនៅពេលនោះគេបកស្រាយថា របប លន់ នល់ គ្រប់គ្រងរដ្ឋធានី អញ្ចឹង របប លន់ នល់ ត្រូវកាន់កាន់អាសនៈ(នៅ)អង្គការសហប្រជាជាតិ។ មកដល់ឆ្នាំ ១៩៧៩-១៩៩១ គេបក ស្រាយផ្សេង ករណីដូចគ្នា គឺយើងគ្រប់គ្រងរដ្ឋធានី គេមិនឱ្យយើងកាន់អាសនៈនៅអង្គការសហប្រជាជាតិទេ។
អញ្ចឹង ខ្ញុំគួរតែត្រូវរំលេចថា នយោបាយវាដូច្នេះ គឺផលប្រយោជន៍វាទៅជាមួយ វាមិនអាចមានស្តង់ដាទេ វាអត់មានក្រឹត្យក្រមដាក់នៅកន្លែងហ្នឹងទេ ដែល(អ្នក)ខ្លះហៅថា ស្តង់ដាអន្តរជាតិ តែខ្ញុំនៅតែបញ្ជាក់ថា នយោបាយអត់មានស្តង់ដា(តែមួយ)ទេ គឺមានតែកីឡាមួយគត់ ដែលមានស្តង់ដាតែមួយ។ ប្រទេសខ្លះយកប្រព័ន្ធបោះតាមបែបសភា ប៉ុន្តែបោះតាមឯកត្តនាម។ (ប្រទេស)ខ្លះ(ប្រកាន់យក)ប្រព័ន្ធសភា ប៉ុន្តែបោះ(ឆ្នោត)តាមប្រព័ន្ធសមាមាត្រ … ដល់របបប្រធានាធិបតី គឺ(ប្រទេស)ខ្លះបោះមួយជុំ (ប្រទេស)ខ្លះបោះពីរជុំ។ មានរឿងយ៉ាងដូច្នេះ … អរគុណណាស់ ដែលកាយរឹទ្ធិកម្ពុជាបានផ្តល់នូវងារគរុគុណឱ្យខ្ញុំ ហើយយើងក៏បានធ្វើឱ្យកាយរឹទ្ធិកម្ពុជារបស់យើងរីកធំធាត់រហូតមកដល់ពេលនេះ។
[បញ្ចប់សេចក្តីអធិប្បាយ]
ខ្ញុំមានមោទនភាព ចំពោះការរីកចម្រើន នៃចលនាកាយរឹទិ្ធជាតិកម្ពុជានៅទូទាំងប្រទេស ជាមួយនឹងការកសាងបាននូវសមាជិកកាយរឹទ្ធិក្នុងស្រទាប់កុមារ និងយុវជន ទាំងក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍គ្រប់មជ្ឈដ្ឋានប្រមាណជាង ១៧ ម៉ឺននាក់។ កាយរឹទិ្ធជាតិកម្ពុជា គឺជាអង្គការចាត់តាំងយុវជនដ៏សកម្ម ដែលមានគោលនយោបាយ និងកម្មវិធីច្បាស់លាស់ ធ្វើឱ្យយុវជនកម្ពុជាផ្លាស់ប្តូរឥរិយាបថការរស់នៅ ហើយក្លាយជាពលរដ្ឋល្អ និងជាពលរដ្ឋគំរូ ជាមួយនឹងការចេះយោគយល់អធ្យាស្រ័យគ្នា ចាប់ផ្តើមពីបុគ្គល ក្រុមគ្រួសារ និងសហគមន៍។
រាជរដ្ឋាភិបាល តែងតែផ្តល់អាទិភាពលើការពង្រឹងសកម្មភាពបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ តាមរយៈសកម្មភាពចលនាកាយរឹទ្ធិកម្ពុជា ដែលជាកម្លាំងចលករ សម្រាប់ការងារអប់រំ ការហាត់ពត់លត់ដំ ទាំងប្រាជ្ញា ស្មារតី ព្រមទាំងកាយសម្បទា ប្រកបដោយសក្តានុពល រួមជាមួយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ក្លាយជាពលរដ្ឋគំរូ ស្របតាមចក្ខុវិស័យអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ គឺការកសាងពិភពលោកមួយប្រកបដោយសមត្ថភាព សម្រាប់យុវជនទាំងបច្ចុប្បន្ន និងអនាគត។
ដូច្នេះ ការពង្រឹងភាពជាអ្នកដឹកនាំ និងការបណ្តុះបណ្តាលជំនាញកាយរឹទិ្ធកម្មដល់មេដឹកនាំកាយរឹទិ្ធនៅថ្នាក់ជាតិ ថ្នាក់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ជាពិសេស មេកងឯកភាព ដែលជាសកលវិទ្យាធិការ នាយក នាយិកា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស និងពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា។
ខ្ញុំសូមផ្តល់ការលើកទឹកចិត្តលើចំណុចសំខាន់ៗមួយចំនួន ដើម្បីភាពរីកចម្រើន នៃចលនាកាយរឹទិ្ធជាតិកម្ពុជា ដូចខាងក្រោម៖
១- ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់ជាតិ ថ្នាក់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌសម្រាប់អាណត្តិទី ៤ នេះ ត្រូវបន្តលើកកម្ពស់ការងារអប់រំ និងបណ្តុះបណ្តាលធនធានយុវជន តាមរយៈការជំរុញចូលរួមក្នុងចលនាកាយរឹទិ្ធ និងអភិវឌ្ឍកម្មវិធីស្វ័យអប់រំខ្លួនឯង ដើម្បីក្លាយជាពលរដ្ឋកាយរឹទិ្ធ ដែលផ្តល់ផលប្រយោជន៍ ចំពោះសង្គមជាតិ។ ត្រូវបន្តរៀបចំគោលនយោបាយផែនការយុទ្ធសាស្រ្ត ឯកសារគតិយុត្ត លិខិតបទដ្ឋានរដ្ឋបាលនានា ដើម្បីធានាប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ។
២- ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការពិភពលោក នៃចលនាកាយរឹទិ្ធ និងគ្រប់បណ្តាអង្គការកាយរឹទ្ធិជាតិ ថ្នាក់តំបន់ និងពិភពលោក សំដៅបង្កើនប្រសិទ្ធភាពអនុវត្តផែនការយុទ្ធសាស្ត្រ ការផ្លាស់ប្តូរកម្មវិធី ការបណ្តុះបណ្តាលជំនាញកាយរឹទិ្ធកម្ម និងអភិវឌ្ឍសមត្ថភាពដឹកនាំកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ ស្របតាមកម្រិតបទដ្ឋានតំបន់ និងពិភពលោក។ ត្រូវបន្តលើកទឹកចិត្តយុវជនកាយរឹទិ្ធ ដែលមានសមត្ថភាព និងមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ឱ្យចូលរួមជាបេក្ខជនប្រកួតប្រជែង ក្នុងគណៈកម្មការកាយរឹទិ្ធថ្នាក់តំបន់ និងពិភពលោក។
៣- ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់ជាតិ ថ្នាក់រាជធានី-ខេត្ត-ក្រុង-ស្រុក- ខណ្ឌ ត្រូវបន្តរៀបចំផែនការសកម្មភាពរយៈពេលវែង រយៈពេលមធ្យម និងរយៈពេលខ្លី ព្រមទាំងការខិតខំកៀរគរសប្បុរសជន មូលនិធិកាយរឹទិ្ធ”គ្រប់លំដាប់ថ្នាក់ ដើម្បីជួយឧបត្ថម្ភគាំទ្រសកម្មភាពកាយរឹទិ្ធជាតិកម្ពុជាទូទាំងប្រទេស។
៤- ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទិ្ធជាតិកម្ពុជាថ្នាក់ជាតិ ត្រូវបន្តពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និងសកម្មភាពការងារកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ឱ្យមានដំណើរការល្អ ជាពិសេស ត្រូវរៀបចំ “គោលនយោបាយ និងកម្មវិធី សម្រាប់កាយរឹទិ្ធរៀមច្បង” និងបង្កើតក្រុមប្រឹក្សាកាយរឹទិ្ធរៀមច្បង ” ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និងគ្រប់គ្រងកម្លាំងកាយរឹទិ្ធ។ គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ដែលពុំទាន់បានរៀបចំចលនាកាយរឹទិ្ធ ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងកម្លាំងកាយរឹទិ្ធរៀមច្បងនៅតាមអង្គភាពរៀងៗខ្លួន ដោយធានាទាំងបរិមាណ និងគុណភាព។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
ខ្ញុំអំពាវនាវ ចំពោះ (២) គ្រឹះស្ថានសិក្សាទាំងអស់ ទាំងរដ្ឋ/ឯកជន យកចិត្តទុកដាក់ទៅលើការបង្កើតនូវក្រុមកាយរឹទ្ធិ ដែលនៅទីនេះប្រើពាក្យថា កាយរឹទ្ធិរៀមច្បង។ ពាក្យរៀមច្បងនេះ យើងនឹងឈានទៅបង្កើតសាខារបស់វាតទៅទៀត។ ខ្ញុំក៏សុំអំពាវនាវថា ប្រសិនបើនៅតាមសាលាណាដែលមិនទាន់មាន ឬក៏មានតិចតួច ក៏ប៉ុន្តែ ខ្វះឯកសណ្ឋាន ដោយសារតែពុំមានថវិកា អតីត(រៀមច្បងកាយរឹទ្ធិនៅ)សាលានោះគួរតែជួយឧបត្ថម្ភ។ ឥឡូវនេះ គ្រាន់តែអ្នកដែលចេញពីសាលា(ទាំងនោះ)មកធ្វើការ (គឺ)រាប់ម៉ឺននាក់ មានប្រាក់ខែគ្រាន់បើ ដែលមានលទ្ធភាពចែករំលែក។ (ដូច្នេះ ម្នាក់ៗជួយ) ១០ កំប្លេ, ១០០ កំប្លេ, ២០០ កំប្លេ អាហ្នឹងវាបានទៅហើយ ព្រោះវាមិនស្ថិតនៅក្នុងថវិកាជាតិ សម្រាប់ឯកសណ្ឋានកាយរឹទ្ធិទេ។
អញ្ចឹង សុំឱ្យយកចិត្តទុកដាក់បង្កើតឱ្យមានកម្លាំងនេះឡើង ដែលចាត់ទុកថាជាកម្លាំងស្នូល នៃផ្នែកសីលធម៌។ និយាយតាមមួយបែប ព្រោះយើងមិនទៅរើសក្រុមគ្រឿងញៀនចូលក្រុមកាយរឹទ្ធិទេ គឺអត់ទេ។ កម្លាំងនេះ គឺជាកម្លាំងដែលសម្រិតសម្រាំងគុណភាពច្បាស់លាស់ (ដែល)ធានាទាំងបរិមាណ/គុណភាព។ បើថាសាកលវិទ្យាល័យ ត្រូវតែថ្នាក់ដឹកនាំសាកលវិទ្យាល័យនោះយកចិត្តទុកដាក់។ ទាំងរដ្ឋ/ឯកជន ដែលមិនទាន់មាន(ក្រុមកាយរឹទ្ធិ) គម្បីត្រូវធ្វើ។ ហើយខ្ញុំអំពាវនាវ ចំពោះអតីតសិស្សនៅតាមវិទ្យាល័យ ឬគ្រឹះស្ថានឧត្តមសិក្សាទាំងនោះ យកចិត្តទុកដាក់ជួយឧបត្ថម្ភឱ្យអតីតសាលារបស់ខ្លួនមានយុវជនកាយរឹទ្ធិនេះឡើង។
[បញ្ចប់សេចក្តីអធិប្បាយ]
៥- ត្រូវបន្តរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយរឹទិ្ធកម្ម ដល់មេដឹកនាំកាយរឹទិ្ធតាមបណ្តាគ្រប់កងឯកភាព ស្របតាមកម្រិតបទដ្ឋានអន្តរជាតិ ឱ្យក្លាយជាធនធានកាយរឹទិ្ធដ៏មានសក្តានុពល ក្នុងការរៀបចំផែនការសកម្មភាព និងកម្មវិធីកាយរឹទិ្ធកម្មក្នុងកងឯកភាពរបស់ខ្លួន។
៦- ត្រូវបន្តកិច្ចសហប្រតិបតិ្តការជាមួយក្រសួង/ស្ថាប័ន វិស័យឯកជន អង្គការដៃគូ អង្គការពិភពលោក នៃចលនាកាយរឹទិ្ធ និងអង្គការ/សមាគមកាយរឹទិ្ធជាតិ នៃបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីសហការរៀបចំសិក្ខាសាលា វេទិកាយុវជន ការផ្លាស់ប្តូរវប្បធម៌ វគ្គបណ្តុះបណ្តាល និងការបោះជំរំថ្នាក់តំបន់ និងពិភពលោក ដើម្បីបង្កើនកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ។
៧- ត្រូវបន្តយកចិត្តទុកដាក់បំផុសសកម្មភាពកាយរឹទិ្ធជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ស្វែងរកមូលនិធិគ្រាំទ្រ និងរៀបចំព្រឹតិ្តការណ៍ប្រចាំឆ្នាំ ជាមួយនឹងការចូលរួមក្នុងព្រឹតិ្តការណ៍កាយរឹទិ្ធអន្តរជាតិនានា។
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមចូលរួមអបអរសាទរ និងសូមប្រកាសទទួលស្គាល់ក្រុមប្រឹក្សា និងគណៈកម្មាធិការ ប្រតិបតិ្តកាយរឹទិ្ធជាតិកម្ពុជាអាណត្តិទី ៤ ឆ្នាំ២០២២-២០២៦ តាមស្មារតីអង្គមហាសន្និបាត។ ខ្ញុំសូមអំពាវនាវសប្បុរសជន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សូមបន្តចូលរួមឧបត្ថម្ភជាធនធាន និងមធ្យោបាយនានា ដើម្បីជំរុញចលនាអប់រំតាមប្រព័ន្ធកាយរឹទិ្ធកម្ម រួមចំណែកលើកកម្ពស់ការអប់រំចំណេះដឹង ជំនាញ និងសីលធម៌ក្នុងស្រទាប់យុវជនកម្ពុជាប្រកបដោយប្រសិទ្ធភាព។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
ការពិតទៅខ្ញុំមានបញ្ហាមួយចំនួនចង់និយាយ ប៉ុន្តែ ខ្ញុំគិតថា ទុក(និយាយនៅ)ថ្ងៃស្អែកក៏មិនទាន់យឺតពេល(ដែរ) ដោយសារឥឡូវនេះកំពុងតែប្រណាំងទូកនៅឯខេត្តកំពង់ចាម។ ទូរទស្សន៍ជាតិ ឥឡូវនេះ ផ្ទេរពីការផ្សាយទូរទស្សន៍ស្នូលទៅប្រព័ន្ធទីពីរ។ ដល់ចប់ពីខ្ញុំទៅ គឺគេនឹងផ្សាយបន្តទៅទៀត។ ព្រឹកស្អែក នៅមួយគ្រែទៀត។ ឥឡូវ ចូលដល់ “ឆ្អឹងដែក ស្បែកស្ពាន់” … ថ្ងៃមុននៅសៀមរាបខ្ញុំនិយាយទៅដល់បញ្ហា(ពេលស្លាប់ទៅ)ខ្ញុំអត់ព្រមទៅនៅវត្ត ស្រាប់តែចាប់ផ្តើមបង្កើតបានតុមូលមួយជជែកគ្នា គេដាក់បញ្ហាថា តើហេតុអីបានជា លោក ហ៊ុន សែន ពេលងាប់ហើយអត់ព្រមទៅនៅវត្ត? ដល់សន្និដ្ឋានចុះ/ឡើង និយាយថា លោក ហ៊ុន សែន ភ័យណាស់ ខ្លាចងាប់។ សូមផ្ដាំត្រឡប់ទៅវិញ នៅលោលោកនេះ គ្មានអ្នកណាមិនខ្លាចងាប់ទេ ជាពិសេសអាខ្មៅ។ អាខ្មៅ អ្ហែងត្រូវស្ដាប់ឱ្យបាន បើអ្ហែងមិនខ្លាចងាប់ទេ អ្ហែងមិនមែនរត់ចោលស្រុកខ្មែរទេ។ តែអ្ហែងខ្លាចគេសម្លាប់អ្ហែង។ តែមានអ្នកណាគេសម្លាប់។ អ្នកណាក៏ដោយ សុទ្ធតែចង់រស់ទាំងអស់។ ចាំបានទេជំនាន់ ប៉ុល ពត ទោះបីស៊ីក្ដាម ស៊ីស្អីក៏ដោយ ឱ្យតែបានរស់។ អញខំរត់ទៅវៀតណាម អញចង់រស់ តែអញរស់មិនមែនរត់ចោលស្រុកដើម្បីយករួចខ្លួនទេ។(បាន)រស់ហើយដើម្បីមករំដោះឱ្យមនុស្សរស់តទៅទៀត។
វាបែរជានិយាយថា … ទៅធ្វើចេតិយនៅវត្ត ងាប់ហើយមិនព្រមទៅនៅវត្ត។ មិនមែនទើបតែ(និយាយ)នៅថ្ងៃនេះទេ។ ខ្ញុំបាននិយាយយូរមកហើយ (និយាយ)តាំងពីជំនាន់រដ្ឋកម្ពុជាឯណោះ។ ជីដូនខ្ញុំនិយាយអញ្ចេះ ពេលអញងាប់ទៅ កុំយកទៅទុកក្បែរក្មេង វាថ្លង់ណាស់។ អញ្ចឹង ខ្ញុំក៏បានភាសាហ្នឹង និយាយថា ខ្ញុំមើលទៅកាត់តាមជីដូនខ្ញុំហើយ។ ស្លាប់ទៅ ខ្ញុំអត់ទៅនៅវត្តទេ ព្រោះមិនដឹងអ្នកណាទៅនោមដាក់ចិត្តិយ។ បើនិយាយពីចេតិយនៅវត្តបទុមវិញ មនុស្សចូលទៅនៅក្នុងចេតិយហ្នឹងតែម្តង។ មិនដឹងថាចេតិយហ្នឹងពិតឬមិនពិត តែគេផ្សាយនៅក្នុងវិទ្យុ … សរុបមក លោក ហ៊ុន សែន ខ្លាចងាប់។ នៅលើលោកនេះ បើលោកឯងមិនខ្លាចងាប់ទេ ក៏សុំអញ្ជើញលោកឯងជីវិតអមតទៅ។ ខ្ញុំសុំថា រឿងងាប់នេះមួយខ្ញុំសុំខ្លាចហើយ។ រស់បានប៉ុណ្ណា គឺយកប៉ុណ្ណឹង លោកឯងត្រូវចាំ។ អាក្មេងពាលអើយ ល្មមបានហើយ។ ឥឡូវ សូម្បីតែខ្មោច ហ៊ុន សែន ក៏វាបិទសិទ្ធិដែរ។ បិទសិទ្ធិកូន ហ៊ុន សែន ទាំងអស់អត់ឱ្យធ្វើនយោបាយទេ។ ផ្តាំទៅអ្នកឯង កាន់តែជេរ កាន់តែលឿន។ អ្ហែងចាំមើលទៅ។
មានអ្នករពិសដៃចេះតែរុញមក។ វាចោទថាខ្ញុំបំពានរដ្ឋធម្មនុញ្ញ បាន(ជា)ម្សិលមិញខ្ញុំបង្ហោះ(សារ)មួយថា … (៣) ដើម្បីរួមចំណែកជួយផ្តល់នូវការចេះដឹងឱ្យពួកក្រុមប្រឆាំងផ្កាប់មុខ ក្រែងលោបានឡើងទៅកាន់អំណាចនៅជាតិក្រោយ។ ខ្ញុំស្នើឱ្យគេមើលមាត្រា ២១ (ក្នុង)ជំពួក (២) និយាយអំពីព្រះមហាក្សត្រនៃរដ្ឋធម្មនុញ្ញ និងមាត្រា ២០ ជំពួក ៣ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹទ្ធទៅនៃគណៈរដ្ឋមន្ត្រី ទើបគេដឹងថាសិទ្ធិអំណាចហ្នឹងយ៉ាងម៉េច។ គេចោទថា យើងហ្នឹងដករដ្ឋមន្ត្រី(វេង សាខុន)ហ្នឹងវាត្រូវហើយ ក៏ប៉ុន្តែវាខុសរដ្ឋធម្មនុញ្ញ។ តែរដ្ឋធម្មនុញ្ញមាត្រា ២១ ចង្អុលថា “ព្រះមហាក្សត្រ ទ្រង់នឹងឡាយព្រះហស្ថលេខាដើម្បីបញ្ចប់មុខតំណែង ឬតែងតាំង សម្រាប់អង្គនីតិប្រតិបត្តិ តាមសំណើគណៈរដ្ឋមន្ត្រី និងសម្រាប់អង្គតុលាការ តាមរយៈសំណើរបស់ឧត្តមក្រុមប្រឹក្សាចៅក្រម”។ ប៉ុន្តែ ដល់ទៅច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី គេចង្អុលត្រង់តែម្តង “នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្របញ្ចប់មុខតំណែងសមាជិក(រាជ)រដ្ឋាភិបាល”។
វាថាអ្វីដែលខ្ញុំនិយាយហ្នឹងជាការជេរប្រមាថ ត្រង់វាជេរឯងថាធ្វើខុសរដ្ឋធម្មនុញ្ញ វាអត់គិតឯណា។ អាសត្វនេះ។ បាន(ជានិយាយ)ថា “ទេ! ឯងធ្វើអីក៏ខុស”។ ឥឡូវ វាកំពុងចាំមើល។ យប់នេះវាបានមួយឃ្លីបទៀតហើយ។ អ្ហែងរកបាយស៊ីនឹងអាហ្នឹងទៅ។ និយាយអញ្ចឹងតែម្តង … វាថា “លោកនោះៗ ជាសមាជិកសភាបកស្រាយច្បាប់ខុសគឺជារឿងធម្មតា។ ដល់ទៅពេលឯង(វិញ) វាចាត់ទុករឿងមិនធម្មតា។ នៅពេលដែលយើងធ្វើសកម្មភាពមួយត្រូវហ្នឹងរដ្ឋធម្មនុញ្ញ/ច្បាប់ វាថាយើងរំលោភលើមាត្រា ១១៩ នៃរដ្ឋធម្មនុញ្ញ។ មាត្រា ១១៩ និយាយពីការតែងតាំង(រាជ)រដ្ឋាភិបាលទេ អត់មាននិយាយពីរឿងដកទេ។ សូមបញ្ជាក់។ មើលឱ្យច្បាស់។ យប់ហ្នឹងវាបានមួយឃ្លីបទៀតហើយ។ អត់អីទេជួយចិញ្ចឹម ជួយ(និយាយ)បោះទៅ ដល់ទីចុងបំផុតអ្ហែងអត់មានធ្វើការអីបានទេ អញឱ្យអ្ហែងលេងល្បែងអញរហូត។
ខ្ញុំប្រើពាក្យថា ដោយសារតែមិនមានការចេះដឹងនេះហើយ បានជាចេះតែជាប់គុក និងរត់ចោលស្រុក វាថានេះជាភាសាប្រមាថ (ប៉ុន្តែ) ការពិតវាអញ្ចឹង។ ដោយសារវាមិនចេះដឹង ថែមទាំងវាបំពានហ្នឹងហើយបានចេះតែជាប់គុក និងរត់ចោលស្រុក។ ចុះស្រុកខ្មែររាល់ថ្ងៃនេះមនុស្សច្រើនណាស់ មានអ្នកណាគេធ្វើអី? អាពៅអើយ អ្ហែងសាកមកលេងភ្នំពេញទៅមើល។ និយាយពីថាអស់ទាស់ហើយ ហាងមួយៗ ថ្មើនេះត្រៀមចូលហើយ។អ្ហែងមកលេងភ្នំពេញមក។ ប៉ុន្តែ ពួកអ្ហែងហ្នឹងមិនហ៊ានមកទេ ព្រោះពួកអ្ហែងខ្លាចងាប់។ តែពួកអ្ហែងថាអញខ្លាចងាប់។ អញសុំទទួលស្គាល់ថាអញខ្លាចងាប់មែន និយាយអញ្ចឹងទៅចុះ។ ពួកអស់នេះទាល់តែនិយាយអញ្ចឹង ហៅតេជគុណអញ្ចេះ/អញ្ចុះ (ស្តាប់គ្នាមិនបានទេ) … ហៅវា អាខ្មៅ តែម្តងទៅ។
… ជូនកាយរឹទ្ធិ ដែលចូលរួមក្នុងកម្មវិធី ចំនួន ៤០០ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ហើយ(ជូនថវិកា)ក្រុមភ្លេងកាយរឹទ្ធិ ចំនួន ២ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀល។ ជូនវិទ្យាស្ថាន បច្ចេកវិទ្យា ដែលយើងខ្ចីសាលគេ សម្រាប់ប្រជុំនេះ ថវិកា ១០ លានរៀល។
[បញ្ចប់សេចក្តីអធិប្បាយ]
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី និងក្មួយៗកាយរឹទ្ធិ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕