សុន្ទរកថានិងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បិទសន្និបាតកាយរឹទ្ធិជាតិកម្ពុជា

សម្តេច ឯកឧត្តម​ លោកជំទាវ លោក/ស្រី ថ្នាក់ដឹកនាំ និងក្មួយៗសមាជិក/ជិកាកាយរឹទិ្ធជាតិកម្ពុជា! ក្នុងនាមរាជរដ្ឋាភិបាល និងជាគរុគណ នៃកាយរឹទ្ធិជាតិកម្ពុជា ខ្ញុំមានសេចក្តីរីករាយ និងសូមចូលរួម​អបអរសាទរ កាយរឹទិ្ធជាតិកម្ពុជា ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ នៃមហា​សន្និបាត​កាយរឹទិ្ធ​ជាតិ​កម្ពុជា ក្នុងរយៈពេលពេញមួយថ្ងៃមកនេះ។ ខ្ញុំសូម​ស្វាគមន៍វត្តមានលោក/ស្រីតំណាងអង្គការពិភពលោក ​នៃ​ចលនា​កាយរឹទិ្ធ និងសូម​កោតសរសើរ និងវាយតម្លៃខ្ពស់ ​ចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំង ឯកឧត្តម លោក​ជំទាវ លោក/ស្រី ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និងកីឡា និងកាយរឹទ្ធិជាតិកម្ពុជា ដែលបានខិតខំ​ប្រឹង​ប្រែង​​​ជំរុញចលនា កាយរឹទិ្ធជាតិកម្ពុជា ឱ្យមានការរីកចម្រើនដូចបណ្តា​ប្រទេសនានា ដោយបានកសាងកម្លាំងបន្តវេនប្រកបដោយសក្តានុពល និង​មាន​ភក្តីភាពជាមួយរាជរដ្ឋាភិបាល ក្នុង​កិច្ចអភិវឌ្ឍជាតិមាតុភូមិ។ ខ្ញុំសូមឧទ្ទិស​សមិទ្ធផល​​នេះជូន ​សម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងកាយរឹទ្ធាចារ្យ ដែល​បានខិតខំ និងលះបង់កម្លាំងកាយចិត្ត​ ដើម្បីអភិវឌ្ឍចលនា​កាយរឹទិ្ធ​ជាតិ​កម្ពុជារយៈពេលកន្លងមក។ ខ្ញុំចាំបានថា ថ្ងៃទី៨ ខែកក្កដា ឆ្នាំ​១៩៩៩ ខ្ញុំបានជួបពិភាក្សាជាមួយ លោក គីម គូយ៉ុង អតីតនាយកការិយាល័យ​​ អង្គការ​ពិភពលោក​​ នៃ​ចលនា​កាយរឹទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​ ដើម្បីរៀបចំចលនាកាយរឹទិ្ធជាតិ​កម្ពុជា។  ចាប់ពីពេលនោះមក  សម្តេចវិបុលបញ្ញា សុខ​ អាន បានចូលរួមចំណែក​យ៉ាងសំខាន់ រហូតរៀបចំបាននូវមហាន្និបាតលើកទី ១ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៧ ខែ​មេសា ឆ្នាំ ២០០៦ និងបានដឹកនាំចលនានេះរហូត​បានទទួលស្គាល់ជា​សមាជិក​ពេញ​សិទ្ធិ​​របស់​អង្គការ​ពិភពលោក នៃចលនាកាយរឹទិ្ធ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០០៨។ [ចាប់ផ្តើមសេចក្តីអធិប្បាយ] ខ្ញុំគួរតែបញ្ជាក់ចំណុចនេះបន្តិច។ យើងគួរតែបញ្ចៀសឱ្យបាននូវសង្គ្រាម…