សុន្ទរកថា ថ្លែងក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ «គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍបកបដោយចីរភាព»

ឯកឧត្ដម ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ប្រធានគណបក្សរុស្សីរួបរួម និង ជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី, ឯកឧត្តម, លោកជំទាវ ប្រធានគណៈប្រតិភូគណបក្សនយោបាយ, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និង មិត្តភក្តិទាំងអស់ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ នយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព» នាពេលនេះ។ ឆ្លៀតឱកាសនេះ, ក្នុងនាមប្រជាជន និងគណបក្សប្រជាជនកម្ពុជា, ខ្ញុំសូមសម្ដែងនូវ ការអបអរសាទរយ៉ាងកក់ក្ដៅចំពោះគណបក្សរុស្ស៊ីរួបរួម ដែលប្រារព្ធខួបលើកទី ២១ និង សូមប្រសិទ្ធពរឱ្យគណបក្សសម្រេចបាននូវបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់ខ្លួន។ ខ្ញុំក៏ សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្ដម ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងបរិស្ថាន និងការអភិវឌ្ឍ ប្រកបដោយចីរភាព សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏ធំរបស់មនុស្សជាតិ។ ក្នុងស្ថានភាពដែលពិភពលោកមានបញ្ហាប្រឈមជាច្រើន, គណបក្សនយោបាយ ទាំងអស់ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាធានាបាននូវការលើកកម្ពស់ជីវភាព, សុខុមាលភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋ និងភពផែនដីទាំងមូលផងដែរ។…