[សុន្ទរកថា]
ព្រះអង្គម្ចាស់ទាយាទ ព្រះអង្គម្ចាស់
សម្តេច ឯកឧត្តម លោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីដ៏មាន សារសំខាន់នេះ។ ខ្ញុំសូមស្វាគមន៍ព្រះអង្គម្ចាស់ទាយាទ ព្រះអង្គម្ចាស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាជិកសមាជិកា ដែលបានអញ្ជើញមកចូលរួមក្នុងមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នៅព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមថ្លែងអំណរគុណក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នេះ នៅព្រះរាជាណាចក្រកម្ពុជា។
ការជួបជុំ នៃមហាសន្និបាតលើកទី ៤១ នៅកម្ពុជា ក្នុងឆ្នាំ ២០២២ នេះ គឺជាពេលវេលាមួយដ៏សមស្រប និង មានសារសំខាន់ សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរយោបល់ និងការដកស្រង់នូវបទពិសោធន៍ជាក់ស្តែង ព្រមទាំងធាតុចូលល្អៗ ដែលនឹងទទួលបានតាមរយៈការធ្វើបទបង្ហាញដោយអ្នកជំនាញ នៃវិស័យកីឡា និងកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យនេះ ពីព្រោះនៅឆ្នាំ ២០២៣ កម្ពុជាត្រូវបានផ្តល់ការគាំទ្រធ្វើជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយនឹងរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំនេះនៅព្រះរាជាណាចក្រកម្ពុជា។
ឆ្នាំនេះ គឺជាឆ្នាំដ៏មមាញឹក និងមានសារសំខាន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន អាស៊ាន (១) កម្ពុជាមានការតាំងចិត្តខ្ពស់ ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន និងស្មើមុខស្មើមាត់ រួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿន និងចីរភាព នៃការអភិវឌ្ឍ សម្រាប់ជោគវាសនាសន្តិសុខតំបន់ ការអភិវឌ្ឍ និងវិបុលភាពរួម។
វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តជាតិ។ ការរៀបចំ និងការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាពកាន់តែខ្លាំង សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងរដ្ឋ និងប្រជាជន នៃប្រទេសចូលរួមទាំងអស់។ ជាងនេះទៀត (២) វិស័យកីឡាក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរលើវិស័យជាច្រើន ទាំងបច្ចេកទេស នៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួនបែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ។ ការរៀបចំ ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកីឡាក្នុងកម្រិតអន្តរជាតិ ក៏ជាការបំផុសស្មារតី និងលើកទឹកចិត្តមហាជនទូទៅឱ្យកាន់ តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗឱ្យកាន់តែល្បីល្បាញ ក៏ដូចជា ការធ្វើទីផ្សារអន្តរជាតិរបស់ប្រទេសចូលរួមនៅលើឆាកអន្តរជាតិផងដែរ។
ទន្ទឹមនឹងនេះ កីឡាក៏រួមចំណែកដល់ការរក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខភាពល្អ នៃធនធានមនុស្ស ដែលជាកត្តាកំណត់ដ៏សំខាន់ នៃផលិតភាពពលកម្ម និងភាពរឹងមាំ នៃសេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋ ដែលមានសុខភាពល្អ រស់នៅដោយភាពរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្តីសង្ឃឹមខ្ពស់ ក្នុងការបង្កើនមូលធនមនុស្ស តាមរយៈការបន្តការសិក្សាបន្ថែមពេញមួយជីវិត ដែលរួមចំណែកដល់ការធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកវិទ្យាជាប្រចាំ ព្រមទាំងរួមចំណែកដល់ជីវភាព នៃការផ្គត់ផ្គង់កម្លាំងពលកម្ម ដែលមានគុណភាព និងផលិតភាពខ្ពស់។ ជារួម (៣) វិស័យកីឡាដើរតួនាទីសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ បង្កើនបញ្ញាឈ្លាសវៃ លើកកម្ពស់គុណភាពជីវិត និងមានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលការណ៍នេះ រួមចំណែកដល់សុខដុមនីយកម្ម រវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស សុវត្ថិភាព និងសុខសន្តិភាព ក្នុងសង្គមទាំងមូល។
រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជ័យជំនះប្រកបដោយផ្លែផ្កាគួរជាទីមោទន ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ព្រមទាំងបានកែប្រែវិបត្តិដ៏ធំ ចំពោះមុខនេះឱ្យទៅជាកាលានុវត្តភាពក្នុងការជំរុញការអនុវត្តការដ្ឋាន កែទម្រង់សេដ្ឋកិច្ចសំខាន់ៗ ឱ្យកាន់តែស៊ីជម្រៅ។ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តវិធានការកែទម្រង់ ព្រមទាំងវិធានការគាំទ្រចាំបាច់នានា សំដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការលើកកម្ពស់ និងជំរុញវិស័យឯកជន ទាំងក្នុងសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗ ដែលកើតចេញពីការប្រែប្រួលនិន្នាការនានាក្នុងពិភពលោក ជាពិសេស ការផ្លាស់ប្តូរ និងការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្ម និងការកើនឡើង នៃការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនថ្មីៗ និងបច្ចេកវិទ្យាឌីជីថល ទាំងក្នុងក្របខណ្ឌប្រទេស តំបន់ និងសកល។
សុខសន្តិភាព និងភាពជោគជ័យនេះ បង្កលក្ខណអំណោយផលដល់កម្ពុជា ដើម្បីរៀបចំព្រឹតិ្តការណ៍អន្តរជាតិ ធំៗ ក៏ដូចជា ការជួបជុំមហាគ្រួសារក្រុមប្រឹក្សាអូឡាំពិកទាំង ៤៥ ប្រទេស នាពេលនេះ។ ដើម្បីរួមចំណែកដល់ ការលើកកម្ពស់វិស័យកីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ឱ្យទទួលបានជោគជ័យខ្ពស់ ខ្ញុំសូមផ្តល់ការលើកទឹកចិត្តដល់ចំណុចគន្លឹះមួយចំនួនដូចខាងក្រោម៖
ទី១. នៅថ្ងៃនេះមានការចូលរួមយ៉ាងសកម្មពីប្រទេសសមាជិក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យ កីឡា ខ្ញុំសូមលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវឧត្តមានុវត្តន៍ល្អៗ នៅក្នុងមហាសន្និបាតនេះ ពាក់ព័ន្ធ ទៅនឹងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឍបច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុងតំបន់អាស៊ីយើងនេះ។
ទី២. សូមក្រុមប្រឹក្សាអូឡាំពិកអាស៊ី បង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាម បណ្តាប្រទេសសមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង ដើម្បី ពង្រឹងមិត្តភាព សាមគ្គីភាព ដែលរួមចំណែកដល់ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
នៅក្នុងពេលជំនួប ដែលខ្ញុំបានទទួលឯកឧត្តមប្រធានក្រុមប្រឹក្សាអម្បាញ់មិញ ខ្ញុំបានលើកឡើងទៅលើចំណុចពីរ។ ទី(១) អាស៊ីរបស់យើងគួរតែពិនិត្យថា តើ(មូល)ហេតុអ្វីទៅបានជាកីឡា(នៅក្នុង)ទ្វីបរបស់យើងនៅទន់ខ្សោយ? បើពិនិត្យអំពីបាល់ទាត់ យើងពិនិត្យឃើញថា នៅក្នុងតំបន់របស់យើងនេះ គ្រាន់តែចិន/ឥណ្ឌា គឺមានប្រជាជនជិត ៣ ពាន់លាននាក់ បូកជាមួយអាស៊ានប្រមាណជា ៦០០ លាននាក់ទៀត និងបូកជាមួយបណ្តាប្រទេសនានា គឺប្រជានច្រើនណាស់។ ប៉ុន្តែ បើនិយាយពីបាល់ទាត់ សូម្បីតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយើងក៏ពិបាកចូល។ មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចចូល(ដល់)វគ្គជម្រុះ World Cup ជារៀងរាល់ពេល។
ឆ្នាំនេះ យើងពិតជាមានមោទនភាពដោយសារតែយើងមានព្រឹត្តិការណ៍ World Cup នៅ QATAR។ សង្ឃឹមថាយើងនឹងទទួលបានផ្លែផ្កាពីការប្រកួតនៅទីនោះ។ ប៉ុន្តែ អ្វីដែលយើងគួរសិក្សាតើមានមូលហេតុអ្វីខ្លះ ដែលប្រជាជនចំនួនដ៏ច្រើន បែរជាមានកីឡាទន់ខ្សោយជាងទ្វីបដ៏ទៃ។ បើប្រៀបធៀប(ជាមួយនឹង)ទ្វីបអឺរ៉ុប/អាមេរិកឡាទីន គឺទ្វីបរបស់យើងមានភាពទន់ខ្សោយជាង … ខ្ញុំមិនដឹងថា តើប្រធានបទនៅទីនេះមានលើកពីបញ្ហានេះឬទេ។ ខ្ញុំធ្លាប់បាននិយាយជាមួយកីឡាករ/ការិនីរបស់កម្ពុជាមុនពេលចេញទៅប្រកួតថា “ប្រជាជនច្រើន មិនប្រាកដថាកីឡាខ្លាំងនោះទេ ហើយប្រជាជនតិច មិនប្រាកដថាកីឡាខ្សោយនោះដែរ”។ នេះជារឿងពិត ដែលវាបានកើតនៅក្នុងតំបន់របស់យើង។
ទី(២) គឺជាចំណុចអំពីវិធានការនៃការពង្រឹងក្រមសីលធម៌នៃការប្រកួត។ ហេតុអ្វីទៅ? ដោយសារតែបញ្ហាការប្រកួត យើងឃើញថាសោកនាដកម្មមួយចំនួនបានកើតឡើង ជាពិសេសថ្មីៗនេះនៅឥណ្ឌូនេស៊ី អំពីហិង្សា និងការរត់ជាន់គ្នាស្លាប់។ ប្រទេសមួយចំនួននៅអឺរ៉ុបក៏មានព្រឹត្តិការ(នេះ)កើតឡើង។ ដូច្នេះ វាជាការចាំបាច់ណាស់ត្រូវពង្រឹងនូវក្របខណ្ឌក្រមសីលធម៌អំពីការប្រកួត ដែលវាមិនមែនគ្រាន់តែដើម្បីការឈ្នះ ក៏ប៉ុន្តែ(ការ)រំលោភបំពានទៅលើលក្ខខណ្ឌនៃការប្រកួតឬប្រើអំពើហិង្សានោះទេ។ ប្រសិនតំបន់អាស៊ីរបស់យើងមានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ ក៏ប៉ុន្តែយើងមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ ក្នុងការគ្រប់គ្រងខាងកីឡានោះទេ។
[បញ្ចប់សេចក្តីអធិប្បាយ]
ទី៣. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សា អូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាច ចូលរួមកាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃអនាគត។
ទី៤. ខ្ញុំសូមអំពាវនាវដល់បណ្តាប្រទេសសមាជិក នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី មេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីនៅថ្ងៃនេះ ទទួលបានលទ្ធផលផ្លែផ្កា និងជោគជ័យ។ ខ្ញុំសូមជូនពរព្រះអង្គម្ចាស់ទាយាទ ព្រះអង្គម្ចាស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមហាគ្រួសារ នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី សូមមានផាសុកភាព ជាមួយនឹងភាពសប្បាយរីករាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕