សុន្ទរកថា និងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បើកមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី ៤១

[សុន្ទរកថា] ព្រះអង្គម្ចាស់ទាយាទ ព្រះអង្គម្ចាស់ សម្តេច ឯកឧត្តម លោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីដ៏មាន សារ​សំខាន់​​នេះ។ ខ្ញុំសូម​ស្វាគមន៍​​ព្រះអង្គម្ចាស់ទាយាទ ព្រះអង្គម្ចាស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាជិកសមាជិកា ​ដែល​បានអញ្ជើញមកចូលរួមក្នុងមហាសន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​លើកទី ៤១ នៅព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានផ្តល់​សេចក្តីទុក​ចិត្ត និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិកអាស៊ីលើកទី ៤១ នេះ នៅព្រះរាជាណាចក្រកម្ពុជា។ ការជួបជុំ នៃមហាសន្និបាតលើកទី ៤១ នៅកម្ពុជា ក្នុងឆ្នាំ ២០២២ នេះ គឺជាពេលវេលាមួយ​ដ៏សម​ស្រប​ និង មានសារសំខាន់ សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរយោបល់ និងការដកស្រង់នូវ​បទពិសោធន៍​ជាក់ស្តែង ព្រមទាំងធាតុចូលល្អៗ ​ដែល​នឹងទទួល​បានតាមរយៈការធ្វើ​បទបង្ហាញដោយអ្នកជំនាញ នៃវិស័យកីឡា និងកិច្ចពិភាក្សា​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ ពីព្រោះនៅឆ្នាំ ២០២៣ កម្ពុជាត្រូវបានផ្តល់ការគាំទ្រធ្វើជាប្រធានក្រុមប្រឹក្សា​កីឡាស៊ីហ្គេម…