Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ និងភ្ញៀសកិត្តិយស ជាទីមេត្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្សទទួលស្វាគមន៍ ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ នាឱកាសដែលយើងប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន ក្នុងឆ្នាំនេះ ខ្ញុំមិនអាចបរិយាយឱ្យអស់សេចក្តី បានទេ អំពីដំណើរដ៏វែងឆ្ងាយ ដែលយើងបានដើរឆ្លងកាត់រហូតមកដល់បច្ចុប្បន្ននេះ។ កន្លងទៅអាស៊ានធ្លាប់ជាតំបន់មួយដែលរីកចម្រើន ដោយយើងបានរួមដៃគ្នាប្រែក្លាយភាពមន្ទិលសង្ស័យ ឱ្យទៅជាការជឿទុកចិត្តគ្នា និងផ្លាស់ប្តូរអរិភាព ក៏ដូចជា ការប្រឈមមុខដាក់គ្នា ឱ្យទៅជាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយនឹងសន្តិភាព និងស្ថិរភាពជាច្រើនទសវត្សរ៍កន្លងមកនេះ អាស៊ានសម្រេចបាននូវវិបុលភាពលើសពីការរំពឹងទុក ជាមួយនឹងកំណើន និងការអភិវឌ្ឍដ៏ខ្ពស់ និងការកែលម្អជាលំដាប់ នៃសុខុមាលភាពរបស់ប្រជាជន។ នៅក្នុងដំណើរ នៃការរីកចម្រើន និងអភិវឌ្ឍន៍ នៃតំបន់អាស៊ាន បញ្ហាប្រឈមផ្សេងៗបានកើតមានឡើងជាបន្តបន្ទាប់ ដោយរាប់ចាប់ពីបញ្ហាភូមិសាស្ត្រនយោបាយ រហូតដល់បញ្ហាសង្គម-សេដ្ឋកិច្ច។ ជាក់ស្តែង នៅក្នុងការធ្វើជាប្រធានអាស៊ានប្តូរវេនប្រចាំឆ្នាំ យើងតែងតែប្រឈមនឹងបញ្ហាមួយចំនួន ដែលទាមទារឱ្យមានការដោះស្រាយ ប៉ុន្តែ យើងមិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយ ដែលបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើតំបន់ និងពិភពលោកទាំងមូលដូចជាពេលនេះឡើយ។…
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុង “ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ បូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនៃវិស័យ ទេសចរណ៍ ក្នុ្នងដំណាក់កាលទី២(ឆមាសទី២ ឆ្នាំ២០២២-២០២៣)”។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារសម្រេចបានដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការស្ដារ និងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ។ ជាអកុសល ការរីកចម្រើននៃវិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងអំឡុងពេលជាង ២ ឆ្នាំចុងក្រោយ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍនៅទូទាំងសកលលោក។ វិស័យទេសចរណ៍រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារជំងឺកូវីដ-១៩ បានផ្អាកការធ្វើដំណើរ ទាំងក្នុង និងក្រៅប្រទេស ដែលបង្ខំឱ្យអាជីវកម្មទេសចរណ៍ និងធុរកិច្ចពាក់ព័ន្ធបិទទ្វារ និងធ្វើឱ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ។ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពសាធារណៈ និងជីវភាពរបស់បងប្អូនប្រជាជន ព្រមទាំងទស្សនវិស័យ “ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត”…
[ចាប់ផ្តើមសេចក្តីអធិប្បាយ] សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី អ្នកនាង កញ្ញា! ស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Shinzo Abe កាលពី ៤ ថ្ងៃ កន្លងទៅនេះ យើងទាំងអស់គ្នាបានដឹងហើយ នូវការរន្ធត់ ដែលបានកើតឡើងនៅឯប្រទេសជប៉ុន នោះគឺការធ្វើឃាតពីសំណាក់ជនទុច្ចរិត ចំពោះអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដែលយើងទាំងអស់គ្នាបានដឹងហើយថា ក្នុងតួនាទីជានាយករដ្ឋមន្ត្រី/អ្នកដឹកនាំជប៉ុន ឯកឧត្តម Shinzo Abe បានប្តេជ្ញាយ៉ាងខ្លាំងជាមួយនឹងការពង្រឹងទំនាក់ទំនង ចំពោះបណ្តាប្រទេសអាស៊ានរបស់យើង ចំពោះបណ្តាប្រទេសមេគង្គ ក៏ដូចជា បណ្តារដ្ឋនីមួយៗនៅក្នុងក្របខណ្ឌអាស៊ាន រាប់ទាំងកម្ពុជាផងដែរ។ ក្នុងន័យនេះ ដើម្បីចូលរួមមរណទុក្ខ និងការជូនដំណើរចុងក្រោយ ចំពោះឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានលាចាកលោកនេះ ខ្ញុំសូមអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ងើបឈរឡើង ដើម្បីគោរពវិញ្ញាណក្ខន្ធ ចំពោះ ឯកឧត្តម Shinzo Abe សូមអញ្ជើញ! សូមអរគុណ! សូមសម្រួលឥរិយាបថ។…