(១) ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២, កងវិស្វកម្មអគ្គបញ្ជាការកងយោពលខេមរភូមិន្ទកសាងផ្លូវនេះ, ផ្លូវ ៤៣ គីឡូម៉ែត្រតភ្ជាប់បន្ថែមលើផ្លូវ ៣៧ ខ្សែនិងផ្លូវល្បឿនលឿន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌, រាប់ទាំងចំណាយ ៧០ លានដុល្លារលើផ្លូវ ១៤៨បេ និង ១៤៨ ប្រាក់សន្សំប្រមាណជា ៤០០ លានដុល្លារត្រូវបានយកមកខេត្តព្រះសីហនុ
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវលេខ ១៤៦បេ និងផ្លូវលេខ ១៤៨ ដែលមានប្រវែងជាង ៤៣ គីឡូម៉ែត្រ។ អម្បាញ់មិញ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងបញ្ហាការកសាងផ្លូវនេះរួចហើយ ព្រមទាំងចក្ខុវិស័យមួយចំនួនផងដែរ។ ខ្ញុំមានមោទនភាព ដោយសារតែយើងបានធ្វើជាបន្តបន្ទាប់ ដែលថ្ងៃនេះ សមិទ្ធផលថ្មីមួយ ដែលបានកើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ ដែលយើងចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី២ របស់យើង។ ខ្ញុំសូមបញ្ជាក់បន្ដិចថា ប៉ូលសេដ្ឋកិច្ចទាំង៣ របស់កម្ពុជា ត្រូវបានកសាង នោះ៖ ទី១ គឺប៉ូលទីក្រុងភ្នំពេញ, ទី២ គឺខេត្តព្រះសីហនុ និងទី៣ គឺខេត្តសៀមរាប។ ប៉ូលទាំង៣ នេះ ត្រូវបានជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យការរីកលូតលាស់របស់ជាតិ និងប្រជាជន។ ជាពិសេស គឺប្រជាជនដែលរស់នៅក្នុងខេត្តទាំងនោះតែម្ដង។ វាមិនមែនគ្រាន់តែជាផលប្រយោជន៍ដាច់ដោយឡែករបស់ប្រជាជន ដែលរស់នៅក្នុងខេត្តព្រះសីហនុ ឬខេត្តសៀមរាប ឬទីក្រុងភ្នំពេញទេ ក៏ប៉ុន្តែ វាជំរុញឱ្យមានការរីកលូតលាស់ឡើងនូវល្បឿនសេដ្ឋកិច្ច សម្រាប់ប្រជាជននៅទូទាំងប្រទេស។
ថ្ងៃនេះ យើងសម្ពោធដាក់ឱ្យប្រើប្រាស់ជាមួយនឹងសមិទ្ធផលថ្មីនេះ ដែលវិនិយោគផ្ទាល់ដោយថវិកាជាតិរបស់យើង ដែលយើងបានខិតខំសន្សំ។ បើយើងពិនិត្យនៅក្នុងទីនេះ ផ្លូវនេះ ត្រូវសាងសង់ក្នុងមួយគីឡូម៉ែត្រ អស់ប្រមាណជាជិត ២ លានដុល្លារក្នុងមួយគីឡូម៉ែត្រ ដែលជាផ្លូវដែលយើងត្រូវធ្វើឱ្យមានភាពរឹងមាំ។ ខ្ញុំក៏ធ្លាប់បានដឹងពីប្រវត្តិទាក់ទងនឹងផ្លូវ សម្ដេច ទេព វង្ស។ ផ្លូវនេះ គឺចាប់ផ្ដើមពីសំណូមពរបិណ្ឌបាតរបស់សម្ដេច ទេព វង្ស។ ពេលនោះ យើងខ្វះមធ្យោបាយ យើងក៏ប្រគល់ឱ្យកងវិស្វកម្មអគ្គបញ្ជាការនៃកងយោពលខេមរភូមិន្ទ ធ្វើការកសាងបន្ដិចម្ដងៗ ដោយចាប់ផ្ដើមចាក់កៅស៊ូ។ ខ្ញុំក៏បានមកសម្ពោធនូវផ្លូវនេះផងដែរ ប៉ុន្តែផ្លូវដែលបានកសាងបែបនោះ ជាមួយនឹងការដឹកជញ្ជូនដ៏មមាញឹក បានធ្វើឱ្យផ្លូវនេះ រងការខូចខាត។
អម្បាញ់មិញ នៅលើរថយន្ត ខ្ញុំក៏បានស្ដាប់ មើល(ការរៀបរាប់អំពី)ទស្សនៈរបស់ប្រជាជន ដែលមុននេះត្អូញត្អែរអំពីផ្លូវនេះ ប៉ុន្តែក៏បានសប្បាយរីករាយជាមួយនឹងផ្លូវនេះបន្ទាប់ពីការកសាងរួច។ មានទាំងអ្នករត់ម៉ូតូឌុប មានអ្នកធ្វើដំណើរផ្សេងៗ ខ្ញុំស្ដាប់បានតែ ០៣ នាក់ប៉ុណ្ណោះទេ ឡានមកដល់កន្លែងនេះតែម្ដង។ យើងយល់ថា ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមទីកន្លែងនេះ ឬក៏ប្រជាពលរដ្ឋដែលមិនរស់នៅកន្លែងនេះ ដែលត្រូវធ្វើការឆ្លងកាត់តំបន់នេះ គឺសុទ្ធតែត្រូវការដូចគ្នា និងមានអារម្មណ៍លំបាកនូវពេលដែលផ្លូវលំបាកដូចគ្នា ហើយក៏មានអារម្មណ៍សប្បាយនៅពេលដែលផ្លូវនេះ ត្រូវបានកសាងរួចរាល់។ ខ្ញុំសូមចូលរួមអបអរសាទរជាមួយនឹងសមិទ្ធផលនេះ ដែលបានកើតឡើងដោយបាតដៃរបស់ប្រជាជនកម្ពុជា តាមរយៈប្រាក់សន្សំរបស់យើង។
ខ្ញុំសូមអរគុណជាមួយនឹងការខិតខំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន អាជ្ញាធរខេត្តព្រះសីហនុ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធ ហើយជាពិសេស គឺប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ ដែលនៅពេលសាងសង់នោះ ពិតណាស់នឹងមានការរំខានទៅដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែ ដោយការរំខាននោះ បានជំនួសមកដោយការសប្បាយរីករាយ ជាមួយនឹងផ្លូវថ្នល់ដែលបានកើតឡើងនេះ។ ប្រជាពលរដ្ឋ រថយន្តដទៃៗដែលធ្វើដំណើរមកកាន់ផ្លូវនេះ ច្បាស់ជាមិនធ្វើឱ្យកន្លែងនេះទទួលបានផលទៅ មុននេះលំបាក ពេលសាងសង់ ដីហុយ ឬក៏សំឡេងលាន់លឺរំខានទៅដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែ ឥឡូវនេះ អ្នកដែលរស់នៅតាមផ្លូវនេះ ជាអ្នកដែលត្រូវប៉ាន់តែម្ដង ព្រោះផ្លូវល្អ។
យើងសម្ពោធសមិទ្ធផលថ្ងៃនេះ បន្ថែមទៅលើផ្លូវ ៣៧ ខ្សែ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំទៅ។ នោះក៏ជាសមិទ្ធផលសម្រាប់ខេត្តព្រះសីហនុ ដែលយើងបានកសាងដោយប្រាក់សន្សំរបស់យើងតែម្ដង។ ជាមួយនឹងគ្នានេះដែរ យើងក៏ទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវល្បឿនលឿន តភ្ជាប់ពីទីក្រុងភ្នំពេញ ជាមួយនឹងខេត្តព្រះសីហនុ ដោយធ្វើឡើងក្រោយអធិបតីភាពរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ គឺចិននិងកម្ពុជា។ ប៉ុន្តែ ខ្ញុំគួរតែបញ្ជាក់ថា បើទោះបីមានផ្លូវល្បឿនលឿនហើយ បើទោះបីជាមានផ្លូវ ៣៧ខ្សែ នៅក្នុងទីរួមខេត្តព្រះសីហនុ ដែលជាក្រុងព្រះសីហនុ ប៉ុន្តែ បើសិនជាគ្មានផ្លូវ ៤៣គីឡូម៉ែត្រនេះ ត្រូវបានតភ្ជាប់ទេ ការលំបាកប្រជាជននៅតែមាន។ ដូច្នេះហើយ បានជាខ្ញុំផ្ដល់សារសំខាន់ទៅលើការតភ្ជាប់។
ការតភ្ជាប់ មិនត្រឹមតែជាការតភ្ជាប់រវាងខេត្តមួយនិងខេត្តមួយនោះទេ ក៏ប៉ុន្តែ ត្រូវគិតទៅដល់ភាពចំណេញរបស់ប្រជាពលរដ្ឋរបស់យើងនៅតាមតំបន់នានា។ ដូចជានៅទីនេះ ស្ថិតនៅក្នុងខេត្តព្រះសីហនុតែមួយ ប៉ុន្តែវាមានការតភ្ជាប់បត់បែន ប្រទាក់ក្រឡាគ្នាពីចំណុចមួយទៅកាន់ចំណុចមួយ ដែលនោះគឺជាសេចក្ដីត្រូវការចាំបាច់របស់ប្រជាជន។ មានដូចជាអ្នករត់ម៉ូតូឌុបម្នាក់ ដែលគាត់និយាយថា “មុននេះ ដើម្បីទៅកន្លែងណាមួយ គាត់ឆ្លងទៅដល់ទីរួមខេត្តសិន បានគាត់ចេញ(បាន) គាត់បើកវៀងផ្លូវហ្នឹង ព្រោះផ្លូវហ្នឹងវាខូចពេក”។ ខ្ញុំនៅតែផ្ដល់អទិភាពរៀបចំគោលនយោបាយ សំដៅទៅលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដើម្បីបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាជន កាត់បន្ថយការចំណាយរបស់ប្រជាជនក្នុងការធ្វើដំណើរ ទាំងការបង់ថ្លៃចំណាយទៅលើការធ្វើដំណើរ និងចំណាយទៅលើបញ្ហាពេលវេលា។ ឧទាហរណ៍៖ ផ្លូវដ៏លំបាកមួយ នៅពេលដែលយើងជិះម៉ូតូ វាត្រូវប្រើសាំង, ឧទាហរណ៍ ៣លីត្រ ប៉ុន្តែនៅពេលដែលមានផ្លូវល្អ វាប្រើសាំងត្រឹមតែ ១លីត្រតែប៉ុណ្ណោះ ដូច្នេះ វាចំណេញ ២លីត្រ។ សម្រាប់ពេលវេលាវិញ ប្រសិនបើផ្លូវមិនល្អ យើងធ្វើដំណើរអស់ ១ម៉ោង ប៉ុន្តែបើផ្លូវល្អ យើងធ្វើដំណើរត្រឹមតែកន្លះម៉ោង ឬក៏ ២០នាទី នេះគឺការចំណេញច្រើនណាស់សម្រាប់ប្រជាពលរដ្ឋ។ ការវិនិយោគទៅលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់នេះ នោះហើយ គឺជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌។ ខ្ញុំតែងតែនិយាយថា ការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ គ្មានអ្វីល្អជាងកសាងហេដ្ឋរចនាសម្ព័ន្ធ ដើម្បីបម្រើឱ្យប្រជាពលរដ្ឋនោះទេ។ យើងមិនអាចយកលុយទៅចែកស្មើៗគ្នា ឬអ្នកនេះប៉ុណ្ណេះប៉ុណ្ណោះ ប៉ុន្តែយើងធ្វើជាផ្លូវ។ ដល់ផ្លូវនេះ អ្នកមានក៏ធ្វើដំណើរបាន អ្នកក្រក៏ធ្វើដំណើរបាន ធ្វើដំណើរបានដូចគ្នា។ ការកសាងសាលារៀន ការកសាងមន្ទីរពេទ្យ ឬក៏ការកសាង គេហៅថា អ្វីដែលជាសម្បត្តិសាធារណៈ គឺវាជាសមធម៌ណាស់ នៅក្នុងការបែងចែកផ្លែផ្កានៃកំណើរសេដ្ឋកិច្ច។
ប្រាក់សន្សំដែលយើងបានបញ្ចុះមកក្នុងខេត្តព្រះសីហនុ មានប្រមាណជា ៤០០លានដុល្លារ រាប់ទាំងសម្រាប់ថ្ងៃនេះ ដែលចំណាយជាង ៧០លានដុល្លារ។ ចំណុចនេះ តើយើងបានមើលឃើញអ្វី? បានមើលឃើញថា នោះវាជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជា ដែលប្រើប្រាស់បានសម្រាប់មនុស្សទាំងអស់។ បើចង់និយាយអំពីការសម្រេចគោលដៅ នៃការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ ត្រូវបែងចែកថវិកានោះទៅកាន់ចំណុចដែលទាក់ទងជាមួយនឹងការប្រើប្រាស់បានទាំងអស់គ្នា។
(២) យុទ្ធសាស្រ្តធ្វើផ្លូវត្រូវបានផ្លាស់ប្ដូរ គឺធ្វើផ្លូវរឹងមាំ/ដឹកលើសទំងន់ត្រូវតែផាកពិន័យ, ត្រូវជួសជុលផ្លូវលេខ៤១ កំពង់ស្ពឺទៅកំពត, គំរោងផ្លូវ/ស្ពានថ្មីមួយចំនួន ផ្លូវ ៤១, ៣៣, ៣១, ពង្រីកផ្លូវលេខ ៧, ស្ពានឆ្លងមេគង្គក្រចេះ, ផ្លូវពីក្រចេះទៅកំពង់ធំ, ស្ពានឆ្លងមេគង្គ, ទន្លេសាប និងទន្លេបាសាក់នៅភ្នំពេញ, គំរោងកំពុងរកថវិកា មានស្ពាននិងផ្លូវតភ្ជាប់ពីកំពង់ឆ្នាំងដើម្បីតភ្ជាប់ទៅខេត្តកំពង់ធំ, ការតភ្ជាប់រវាងបាត់ដំបងជាមួយនឹងខេត្តសៀមរាប, ផ្លូវល្បឿនលឿនរវាងភ្នំពេញនិងខេត្តសៀមរាប, ផ្លូវដែកល្បឿនលឿនភ្នំពេញមកខេត្តព្រះសីហនុ និងទៅព្រំដែនថៃ
ខ្ញុំក៏គួរតែបញ្ជាក់ថា ខ្ញុំនៅតែបន្តនូវនយោបាយអទិភាពទៅលើការតភ្ជាប់ ដែលការតភ្ជាប់លើកនេះ គឺខុសពីការតភ្ជាប់នៅក្នុងពេលដែលយើងក្រលំបាក ដែលពេលនោះទាំងដៃគូអន្តរជាតិរបស់យើង សុទ្ធតែមកនិយាយជាមួយយើងនិងធ្វើការជាមួយយើងថា “លុយតិច តែធ្វើផ្លូវឱ្យបានវែង”។ នេះជារឿងនៅក្នុងទសវត្ស ៩០ លុយតិច តែធ្វើផ្លូវឱ្យបានវែង។ អញ្ចឹងទេ នេះជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ដែលយើងបានកើតក្នុងរយៈពេលកន្លងទៅ។ ផ្លូវច្រើនណាស់ ដែលយើងទទួលលុយពីធនាគារអភិវឌ្ឍន៍អាស៊ី លុយពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត យកមកសាងសង់ ប៉ុន្តែ លុយតិចកសាងឱ្យបានវែង គឺទីចុងបំផុត យើងប្រើបានតែក្នុងមួយរយៈកាលខ្លី បន្ទាប់ទៅត្រូវជួសជុលអស់លុយច្រើនណាស់។ អញ្ចឹងបានជាខ្ញុំចង្អុលបង្ហាញថា ចាប់ពីពេលនេះតទៅ បើសិនជាត្រូវធ្វើ លេងហ្អែងបេតុង ចាក់ធ្វើម៉េច(ឱ្យរឹងមាំ)។
រឿងដឹកលើសទំងន់ នៅតែផាកហ្នឹង។ អំពាវនាវសុំឱ្យអ្នកដឹកជញ្ជូន កុំដឹកលើសទំងន់។ ប៉ុន្តែបច្ចេកទេសក្នុងការធ្វើផ្លូវ ត្រូវតែធានាគុណភាព ហើយប្រើប្រាស់នូវវិធី ដូចជាការកសាងនូវកន្លែងនេះ មានចាក់បេតុងខាងក្រោម រួចហើយចាក់អាសេ, មានចាក់បេតុងតែម្ដង ដើម្បីនឹងឱ្យវាធន់។ ឥឡូវសូម្បីផ្លូវលំជនបទ ក៏ត្រូវប្រើបេតុងដែរ ហើយផ្លូវនៅតាមភូមិនានា ក៏ត្រូវចាក់បេតុង ព្រោះមិនអញ្ចឹង វាមិនយូរប៉ុន្មានបែកភក់បណ្ដោយ អាហ្នឹងហើយដំណាក់កាល ដែលខ្ញុំធ្លាប់និយាយថា ខ្ញុំធ្លាប់ឆ្លងកាត់ដំណាក់កាលកង់ជិះមនុស្ស និងមនុស្សជិះកង់។ មនុស្សជិះកង់ នៅពេលដែលផ្លូវវាល្អ ដល់ផ្លូវវាមិនល្អ វាជាភក់ ឬក៏វាខ្សាច់ ជិះមិនកើត លីកង់ម្ដង។
រឿងហ្នឹង បន្ដិចទៀតមានខ្សែភាពយន្តនឹងចេញផ្សាយ ទាក់ទិននឹងខ្លួនខ្ញុំតែម្ដង។ កាលហ្នឹង ទទួលបានព័ត៌មានថា គ្រួសារខ្ញុំហ្នឹង គេមកជូនអ្នកជំងឺមកមន្ទីរពេទ្យសមរភូមិ ហើយយើងនៅឯសមរភូមិនោះ គ្រាន់តែឮថា គ្រួសារខ្ញុំហ្នឹងបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យ អញ្ចឹងទេ ឮសូរតែប៉ុណ្ណឹង នីរសារដែលធ្លាប់តែតាម ក៏អត់យកតាមដែរ ទៅប្រុច។ ទៅវាមិនទៅដល់ឯណា លេងពួយជិះកង់កាត់ដីខ្សាច់ ដាច់ច្រវាក់កង លីកង់ផង ខំរត់ទៅដល់ គេទៅបាត់ហើយ មានរឿងខកចិត្តអញ្ចឹង។ អាហ្នឹងស្នេហាគ្រាដំបូង ជំនាន់សម័យសង្រ្គាមនោះ អត់ដែលបានជួបមុខគេ។ គេផ្សំផ្គុំទៅ ស្រាប់តែឃើញមុខគេ ស្រឡាញ់បណ្ដោយ។ ក្រោយមកលឺសូរតែគេបញ្ជូនអ្នកជំងឺ ការពិតតួនាទីរបស់គាត់មិនមែនត្រូវបញ្ជូនអ្នកជំងឺមកទេ ប៉ុន្តែដោយសារគាត់ក៏ចង់ជួបខ្ញុំដែរ។ អានេះនិយាយឲ្យពិតទៅ គាត់ចង់ជួបខ្ញុំដែរ អញ្ចឹងគាត់សុខចិត្តបញ្ជូនពីស្រុកក្រូចឆ្មារមកមន្ទីរពេទ្យនៅបឹងព្រួល ខាងត្បូងឃ្មុំឯណេះ មករកជួបនៅហ្នឹង។ ប៉ុន្តែ យើងហ្នឹងទម្រាំតែបានទទួលព័ត៌មាន ហើយជិះកង់មក ដាច់ច្រវាក់កង់ លីកង់ហ្នឹង ទៅដល់មន្ទីរពេទ្យសួរថា «គ្រូពេទ្យ រ៉ានី នៅត្រង់ហ្នឹងទេ?» «គាត់ទៅវិញបាត់ហើយ» ធ្លាក់ថ្លើមក្ដុកតែម្ដង។ សម័យនោះបានកង់ជិះហ្នឹងវាអស្ចារ្យណាស់ទៅហើយ ហើយមិនថាសម័យនោះទេ សម័យក្រោយអាពត មានត្រឹមកង់ជិះដូចមានឡាន Mercedes មួយអញ្ចឹង។ ឥឡូវនេះបញ្ហាឡានម៉ូតូវាសឹងតែជារឿងធម្មតារបស់ប្រជាពលរដ្ឋរបស់យើង។
ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំនៅតែនិយាយដដែល ការតភ្ជាប់ត្រូវតែធ្វើបន្តទៀត ដោយវិភាជថវិកាឲ្យកាន់តែច្រើន ហើយធ្វើឲ្យមាំ។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ឬប៉ុន្មានអាទិត្យខាងមុខនេះ ឆ្លងឆ្នាំនៅប៉ុន្មានថ្ងៃខាងមុខ ដូចជាសប្ដាហ៍ក្រោយ ខ្ញុំនឹងទៅខេត្តកំពត ដូចជា២កន្លែង … អញ្ចឹងគឺការដ្ឋានបើកជាបន្តបន្ទាប់ទៀត ហើយការដ្ឋានដូចជាផ្លូវ៤១ កំពង់ស្ពឺតភ្ជាប់ចុះទៅកំពត ផ្លូវហ្នឹងយើងធ្លាប់ធ្វើហើយ ក៏ប៉ុន្តែយើងធ្វើអស់រយៈអាយុកាលរបស់វាមកដល់ពេលនេះប្រហែល១០ឆ្នាំហើយ ឯយើងធ្វើពីចាក់កៅស៊ូ ដូច្នេះវាអត់រឹងមាំទេ។ លើកនេះយើងអត់លេងអាហ្នុងទេ យើងលេងអាធុននេះ ដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើងអាចទទួលផលពីការដឹកជញ្ជូននៅតាមផ្លូវទាំងអស់នេះ។ មិនមែនយំទេណា សើចទេអម្បាញ់មិញនេះ ឡើងហៀរទឹកភ្នែក នឹងឃើញរឿងខ្លួនឯងកាលពីសម័យស្រឡាញ់ស្រីដំបូង។ ឥឡូវមានចៅមួយ មិនមែនចៅមួយ ចៅដល់ទៅពីរ គេមានគូគេរៀងខ្លួនហើយ។ អញ្ចឹងសួរថាកាត់ទៅណា? ជីដូនសួរថាកាត់ទៅណា ប៉ុនៗហ្នឹងចាប់ផ្ដើមមានគូទៅហើយ? យើងឆ្លើយតែម្ដងទៅ កាត់ទៅតាវាតែម្ដងហ្នឹង ចាំបាច់អី បើតាវាអញ្ចឹងដែរ ទៅហាមឃាត់គេម៉េច? យើងគ្រាន់តែតម្រង់ទិសតែប៉ុណ្ណឹងទេ។ ហើយថ្ងៃណាមួយ គូវាគង់តែដល់ទេ។
អំពីការតភ្ជាប់នេះ ខ្ញុំគ្រាន់តែនិយាយគ្រាន់តែគម្រោងថ្មីៗដែលត្រូវបន្ត ផ្លូវលេខ៤១ ផ្លូវលេខ៣៣ និង៣១ កំពតនឹងត្រូវធ្វើ ផ្លូវលេខ៧ កំពង់ចាម ស្គន់ ក៏ត្រូវពង្រីកឲ្យធំ ស្ពាននៅខេត្តក្រចេះក៏ត្រូវធ្វើ ជាមួយនឹងការតភ្ជាប់ផ្លូវទៅឯខេត្តកំពង់ធំ។ ក្រៅពីនោះ នៅទីក្រុងភ្នំពេញ ទន្លេមេគង្គនិងទន្លេសាបត្រូវធ្វើស្ពានបន្ថែម ទន្លេបាសាក់។ ទន្លេសាបនិងទន្លេមេគង្គត្រូវធ្វើស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានចុះហត្ថលេខាហើយមុនពេលដែលខ្ញុំមក។ តាមពិតទៅ ត្រឹមតែ១០ថ្ងៃគត់ ខ្ញុំធ្វើដំណើរមកខេត្តព្រះសីហនុនេះ។ ខ្ញុំចេញពីខេត្តព្រះសីហនុថ្ងៃទី១១ ហើយក៏ឡើងយន្តហោះទៅអឺរ៉ុប ដើម្បីចូលរួមជាសហប្រធានដឹកនាំការប្រជុំអាស៊ាន និងអឺរ៉ុប។ ហើយម្សិលមិញនេះគ្រប់១០ថ្ងៃគត់ គឺមកដល់ក្រុងព្រះសីហនុវិញ។ យើងត្រូវធ្វើស្ពានដែលហៅថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលឆ្លងកាត់ទន្លេសាបរបស់យើងពីផ្សារចាស់ចុះទៅជ្រោយចង្វារ ហើយតពីជ្រោយចង្វារកាត់ទន្លេមេគង្គកាត់ទៅម្ខាង អាហ្នឹងមួយទៅ។ ឯស្ពានមួយទៀត ស្ពានផ្លូវល្បឿនលឿនសម្រាប់តភ្ជាប់ការសាងសង់ផ្លូវល្បឿនលឿនពីល្វាឯមឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម។ យើងត្រូវតែកសាងស្ពានមួយទៀត ដោយប្រើប្រាស់ថវិកាជាតិរបស់យើង ហើយដែលស្ពាននោះគឺជាស្ពានធំពីរទៅពីរមក ដោយចំណាយប្រហាក់ប្រហែលជា២០០ លានដុល្លារ។ ឯស្ពានមួយទៀតគឺដើម្បីជម្លៀសចរាចរណ៍ យើងមានស្ពានព្រះមុនីវង្សចាស់ទី១ ស្ពានព្រះមុនីវង្សទី២ យើងមានស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ តែយើងត្រូវធ្វើស្ពានចាក់អង្រែមួយទៀត ដើម្បីបញ្ចៀសចរាចរណ៍នៅកន្លែងហ្នឹង។
ប៉ុន្តែនៅមិនទាន់អស់ទេ យើងនៅមានគម្រោងផ្លូវតភ្ជាប់ស្ពាន និងផ្លូវតភ្ជាប់ពីកំពង់ឆ្នាំងដើម្បីតភ្ជាប់ទៅខេត្តកំពង់ធំ មាននៅក្នុងផែនការ ហើយដាក់ទៅនឹងសំណើជាមួយដៃគូរបស់យើង គឺមិត្តចិន ដើម្បីអនុម័តជាបន្តបន្ទាប់។ យើងកំពុងតែសិក្សាដើម្បីធ្វើផ្លូវសម្រាប់ការតភ្ជាប់រវាងបាត់ដំបងជាមួយនឹងខេត្តសៀមរាប។ យើងកំពុងតែសិក្សាអំពីផ្លូវល្បឿនលឿនរវាងភ្នំពេញនិងខេត្តសៀមរាប។ ក្រៅពីនោះយើងកំពុងសិក្សាដើម្បីធ្វើជាផ្លូវដែកល្បឿនលឿនតែម្ដង ភ្ជាប់ទីក្រុងភ្នំពេញមកខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅព្រំដែនថៃ។ យើងមានផ្លូវហើយស្រេច។ បើសិនជាយើងសម្រេចចិត្តនឹងធ្វើទៅលើរឿងនេះ ចំណាយពេលវេលាមិនយូរទេ ដោយសារយើងមានផ្លូវដែកចាស់រួចស្រេច ដែលផ្លូវដែកចាស់ហ្នឹងមិនអាចនឹងបម្រើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចបាននោះទេ។ នាយករដ្ឋមន្រ្តីចិនបានបើកនូវការលើកឡើងនូវចំណុចនេះក្នុងការចរចា កាលពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ។ ក្រៅពីនោះយើងអាចមានផ្លូវដែកល្បឿនលឿននៅកន្លែងដទៃទៀត។
(៣) តភ្ជាប់ផ្ទៃក្នុងរឹងមាំ បម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ, បន្ទាប់ពីសង្គ្រាម មីន ជំងឺអេដស៍ និងកូវីដ១៩ ប្រជាពលរដ្ឋស្លាប់ដោយសារចរាចរណ៍, សូមរៀននិងគោរពច្បាប់ចរាចរណ៍ ជាជាងខ្លាចប៉ូលីសផាក, ត្រូវកែចិត្តផ្នត់គំនិតប្រជាជនកម្ពុជាអំពីច្បាប់ចរាចរណ៍, កុំដឹកលើសទម្ងន់កំណត់
យើងត្រូវខិតខំធ្វើអំពីបញ្ហានេះ តភ្ជាប់ផ្ទៃក្នុងឲ្យរឹងមាំ ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ដោះស្រាយបញ្ហានេះបានគឺយើងនឹងកាត់បន្ថយការលំបាករបស់ប្រជាជន ហើយការលំបាករបស់ប្រជាជននោះហើយ បានសេចក្ដីថា យើងកាត់បន្ថយភាពក្រីក្រក្នុងចំណោមប្រជាជន និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនរបស់យើង។ បើយើងមិនធ្វើបញ្ហានេះទេ រឿងដដែល ហើយអ្វីដែលខ្ញុំក៏មិនយល់ដែរថា គេថាធ្វើចុះធ្វើឡើងកាន់តែក្រទៅៗ ខ្ញុំមិនយល់ ហើយសូមថាអ្នកដែលនិយាយបែបនេះ តើហ៊ានស្បថទេ? ស្បថឲ្យរន្ទះបាញ់ឬស្អី ឲ្យតែស្បថ។ ស្បថឲ្យងាប់តៃហោង ងាប់របៀបម៉េច ហ៊ានស្បថទេ? ថាពួកក្រុមអ្នកឯងនេះកាលពីឆ្នាំ១៩៧៩ រកតែស្បែកជើងពាក់ក៏មិនបានដែរ ឥឡូវអ្នកឯងមានឡានជិះលើផ្លូវដ៏ល្អហើយ អ្នកឯងថាកាន់តែក្រទៅៗ តើអ្នកឯងហ៊ានស្បថទេ? វាដូចជាអយុត្តិធម៌ពេកទៅលើបញ្ហាទាំងឡាយទាក់ទងជាមួយនឹងប្រទេសជាតិរបស់យើង។ ទោះបីអ្នកឯងទៅនៅក្រៅប្រទេសក៏ដោយ អ្នកឯងកំពុងមើលងាយជាតិសាសន៍ខ្លួនឯង ឪពុកម្ដាយ ក្រុមគ្រួសារខ្លួនឯងនៅក្នុងប្រទេស។ រឿងអយុត្តិធម៌វានៅកន្លែងហ្នឹង ត្រង់ថានៅឆ្នាំ ១៩៧៩ ១៩៨០ តើយើងមានស្អីទៅ? រកតែស្បែកជើងពាក់ ឥឡូវហ្នឹងសម្លឹងមើលឃើញអត់មាននរណាពាក់ស្បែកជើងផ្ទាត់មួយផង សុទ្ធតែខ្វៀរ ប៉ាតា ពេញទឹកពេញដីនៅកន្លែងហ្នឹង។ អានេះវាជាការរីកចម្រើនសម្រាប់ប្រជាជន។
តែអ្វីដែលខ្ញុំត្រឡប់មកវិញ គឺប្រជាជនគោរពនូវច្បាប់ចរាចរណ៍។ គ្រោះថ្នាក់សព្វថ្ងៃនេះគឺមានចំនួនច្រើនពេកហើយ ថ្ងៃណាក៏មានមនុស្សស្លាប់ដែរ។ ពីមុនយើងស្លាប់ដោយសារសង្គ្រាម បន្ទាប់ទៅយើងស្លាប់ដោយសារតែ(គ្រោះថ្នាក់ចរាចរ) … គ្រោះថ្នាក់ចរាចរណ៍កើតឡើង៨លើក របួស១២នាក់ ហ្នឹងថ្ងៃទី២១ម្សិលមិញ នៅ៥ខេត្តនិងរាជធានី តែម្សិលមិញដូចមិនមានស្លាប់ ធម្មតាគឺជាទូទៅមួយថ្ងៃៗចំនួនស្លាប់ហ្នឹងវាច្រើនពេកហើយសម្រាប់ប្រជាពលរដ្ឋរបស់យើង។ មុននោះគឺស្លាប់ដោយសារសង្គ្រាម បន្ទាប់ទៅស្លាប់ដោយសារគ្រាប់មីន ជំងឺអេដស៍ បន្ទាប់ទៅស្លាប់ដោយសារកូវីដ និងឥឡូវនេះគឺស្ថេរតែម្ដងគឺស្លាប់ដោយចរាចរណ៍។ សម័យកូវីដគឺយើងមិនសូវធ្វើដំណើរប៉ុន្មានទេ គ្រោះថ្នាក់ចរាចរណ៍ថយចុះ តែស្លាប់ដោយសារកូវីដ។ ដល់ពេលចាប់ផ្ដើមបើកប្រទេសឡើងវិញ កូវីដមិនមានស្លាប់តទៅទៀតទេ បែរជាមានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។
អញ្ចឹងទេខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង រៀនច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់។ សូមគោរពច្បាប់ចរាចរណ៍ កុំខ្លាច កុំគោរពតែប៉ូលីសចរាចរណ៍ សូមខ្លាចច្បាប់ចរាចរណ៍។ ឥឡូវនេះប្រជាពលរដ្ឋរបស់យើងហាក់ដូចជាកំពុងតែខ្លាចប៉ូលីសចរាចរណ៍ជាជាងខ្លាចច្បាប់ទៅវិញ។ អញ្ចឹងកន្លែងខ្លះអត់មានប៉ូលីសចរាចរណ៍ គាត់លេងមួយសេរីទៅតែម្ដងតាមចិត្តគាត់ចង់។ ដល់ទៅឃើញប៉ូលីសចរាចរណ៍ គាត់ថាខ្លាចប៉ូលីសផាក អញ្ចឹងគាត់អត់មានខ្លាចច្បាប់ឯណា។ បើសិនជាយើងគោរពច្បាប់ យើងអត់មានចាំបាច់ខ្លាចប៉ូលីសចរាចរណ៍អីទេ។ អញ្ចឹងចំណុចនេះសូមឲ្យក្លាយទៅជាវប្បធម៌នៅក្នុងចំណោមប្រជាជនយើង បើគ្មានរឿងត្រូវខ្លាចប៉ូលីសចរាចរណ៍ទេ ព្រោះនគរបាលចរាចរណ៍គេមិនធ្វើអ្វីយើងនៅពេលដែលយើងមិនធ្វើខុសច្បាប់នោះទេ។ អញ្ចឹងទេ បើសិនជាទាំងអស់គ្នានាំគ្នាគោរពច្បាប់ចរាចរណ៍ គឺមិនតម្រូវឲ្យយើងខ្លាចប៉ូលីសចរាចរណ៍នោះទេ។
យើងត្រូវកែលម្អនូវចិត្តគំនិតរបស់យើង ផ្នត់គំនិតរបស់ប្រជាជនកម្ពុជារបស់យើងឲ្យបានច្បាស់ទៅលើចំណុចនេះ កុំចាំដល់ពេលមាននគរបាលចរាចរណ៍យាមទើបធ្វើជាអ្នកគោរព ដល់ពេលផុតពីកន្លែងនគរបាលចរាចរណ៍គឺចាប់ផ្ដើមនិយាយទូរស័ព្ទកំពុងតែបើកឡាន ឬក៏ធ្វើអ្វីដែលវាខុស ឬបើកលើសល្បឿនកំណត់ ជ្រែចុះឡើងៗអញ្ចឹងទៅ។ នេះជាការគ្មានអ្នកណាមកស្លាប់ជួសយើងទេ ហើយគ្មានអ្នកណាមករបួសជួសយើងទេ អ្វីដែលគ្រោះថ្នាក់ជាងទៀតនោះ ក្រៅពីយើងស្លាប់ហើយ បង្កឲ្យអ្នកដទៃដែលអត់មានបញ្ហាអីសោះ មកស្លាប់ឬរបួសដែរ។ ឡានខ្លះលេងជ្រុលចង្កូតចូលទៅបុកផ្ទះប្រជាជន ទៅស្លាប់ប្រជាជននៅក្នុងផ្ទះដែលគាត់អត់ដឹងអី។ រួចហើយរបាំងតាមផ្លូវនេះដែលពុះទ្រូងផ្លូវនេះ សុខៗទៅបុកគ្នាដែរ។
ចំណុចអស់ទាំងនេះគឺជាចំណុចដែលយើងត្រូវកែផ្នត់គំនិត ធ្វើម៉េចយើងនាំគ្នាគោរពច្បាប់ចរាចរណ៍ រៀនឲ្យបានត្រឹមត្រូវ គោរពច្បាប់ជាជាងខ្លាចប៉ូលីសចរាចរណ៍ អាហ្នឹងទើបយើងកសាងជាតិរបស់យើង និងកាត់បន្ថយគ្រោះថ្នាក់ ឬបញ្ចប់ការគ្រោះថ្នាក់ទៅលើបញ្ហាទាក់ទងជាមួយចរាចរណ៍នេះ។ មួយទៀត គឺសុំកុំដឹកលើសទម្ងន់កំណត់ ដែលធ្វើឲ្យខូចផ្លូវ អ្នកឯងចំណេញបានត្រឹមមួយឡាន ពីរឡាន តែអ្នកឯងបានបំផ្លាញប្រជាជនដែលធ្វើដំណើរលើផ្លូវនេះសឹងពាក់កណ្ដាលប្រទេស។ ដូច្នេះចៀសវាងទៅលើចំណុចនោះ ដែលពូកថៅកែៗ ឬអ្នកដែលមានរថយន្តដឹកសូមចៀសវាងការដឹកលើសការកំណត់។
ខ្ញុំក៏សូមយកឱកាសនេះ ផ្លូវល្បឿនលឿនរបស់យើងមានហើយ ខ្ញុំបានធ្វើដំណើរលើផ្លូវនេះចំនួន២-៣ដងមួយកំណាត់ហើយ បន្តិចទៀតចេញពីនេះទៅ ខ្ញុំទៅបាយនៅភ្នំពេញនោះ។ ម្សិលមិញចង់សាកដែរ។ គេនិយាយអួតប្រាប់ខ្ញុំ តែការពិតអួតហ្នឹងវាត្រូវមែន។ គេថា ព្រឹកឡើងគេចេញពីភ្នំពេញមកស៊ីគុយទាវនៅឯកំពង់សោម ហើយគេត្រឡប់ទៅបាយថ្ងៃត្រង់នៅភ្នំពេញវិញ។ ដល់ម្សិលមិញនេះ ពេលព្រឹកក្នុងនាមជាប្រធានគណបក្ស ខ្ញុំដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍របស់គណបក្សដើម្បីពិនិត្យពិភាក្សាលើពង្រៀងលើកម្មវិធីនយោបាយសម្រាប់ឆ្នាំ២០២៣-២០២៨ សម្រាប់នីតិកាលទី៧ខាងមុខ បូកជាមួយនឹងរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តឆ្នាំ២០២២ និងទិសដៅ២០២៣។ ប្រជុំចប់នៅម៉ោង១២ ខ្ញុំទៅផ្ទះទទួលទានអាហារ បន្ទាប់ទៅខ្ញុំក៏ចេញដំណើរ អញ្ចឹងខ្ញុំមកដល់កំពង់សោម។
(៤) អ្នកចូលខម្មិនថា មនុស្សចង្រៃ, ជម្រើសជាតិបាល់ទាត់នៅអឺរ៉ុបស្លៀពាក់ខោអាវក្រុមហ៊ុន ADIDDAS ផលិតនៅកម្ពុជា, «បើក្មួយមិនចង់ចង្រៃទេ កុំចូលមក page ពូ នាំចង្រៃដល់ខ្លួន», នាយខ្មៅគួរចេញមកបកស្រាយ តើស្ត្រីមេម៉ាយនោះ នៅជាមួយអ្នកណា? ប្រាប់ទៅអាចារ្យអេ៖ “ពួកបាតុករប្រឆាំង មិនមែន ៦៦ នាក់ទេ គឺ ៦៧ នាក់ រាប់ទាំងអ្នកថត …”, ថតមុខបាតុករនៅអឺរ៉ុប យកទៅបិទនៅពោធិ៍ចិនតុងនិងទៅរកក្រុមគ្រួសារសួរថារាល់ថ្ងៃពិតជាក្រមែនឬអ្វី?
មកដល់ភ្លាម សុំទោស ខ្ញុំអត់ដឹងថាខោអាវឬយ៉ាងម៉េចទេ ដល់ភ្លាមខ្ញុំអត់ទាន់ចូលផ្ទះទេ ខ្ញុំដេកមើលនេះនោះ ក៏ដេកបណ្ដោយ។ ពេលដល់ អង្គរក្សប្រាប់ថា ពូដល់ហើយ។ យើងក៏ដឹងថាដល់ហើយកំពង់សោមនោះ តែវាមិនទាន់ដល់កន្លែង ថាដេកសិន។ ដល់ទៅដេក ក្រោកឡើងមិនចូលផ្ទះទេ ផ្លាស់ខោអាវនៅលើឡានហ្នឹងតែម្ដង ព្រោះឡានខ្ញុំមានបន្ទប់ទឹក មានគ្រែដេក អញ្ចឹងទេខ្ញុំក៏ផ្លាស់ខោអាវទៅ ពាក់ខោអាវចុះអត់ដឹងថាខោអាវហ្នឹងជាខោអាវជម្រើសជាតិអាល្លឺម៉ង់ឯណា អត់ដឹងទេ។ លី ឃុនថៃ ហ្នឹងគេយកខោអាវនេះ ADIDDAS (មកជូន)។ ដែលគេយកមក ក៏ព្រោះតែធ្លាប់ឃើញខ្ញុំពាក់ខោអាវកីឡាចុះងូតទឹក។ អញ្ចឹង លី ឃុនថៃ ដាក់ ២ កំផ្លេមក មានខ្មៅមួយកំផ្លេ មានសមួយកំផ្លេ។ ដល់អញ្ចឹងទៅ ដោះខោអាវនេះចេញ ពាក់អាវនោះចូល ស្លៀកខោហើយចេញទៅបង្ហោះហ្វេសប៊ុក។ ស្រាប់តែអ្នកចូលមក comment … ថាជាហ្វេនរបស់ជម្រើសជាតិអាល្លឺម៉ង់។ ខ្ញុំអត់ដឹងថានេះជាខោអាវជម្រើសជាតិអាល្លឺម៉ង់ទេ តែខ្ញុំអាចនិយាយបានអញ្ចេះ ជម្រើសជាតិនៅអឺរ៉ុបពាក់ខោអាវដែលផលិតនៅកម្ពុជាតាមរយៈក្រុមហ៊ុន ADIDDAS។ ជម្រើសជាតិភាគច្រើននៅក្នុងប្រទេសអឺរ៉ុប ខោអាវនេះខ្ញុំមិនមែនទៅយកពីអាល្លឺម៉ង់មកទេ ខោអាវដេរស្រុកខ្មែរទេតើ គ្រាន់តែក្រុមហ៊ុន ADIDDAS មកបញ្ជាទិញពីខ្មែរយកទៅ។ ជម្រើសជាតិភាគច្រើននៅអឺរ៉ុបច្រើនស្លៀកសម្លៀកបំពាក់ដែលផលិតនៅកម្ពុជា។
មានក្មេងម្នាក់ដែលចាត់ទុកថាជាក្មេងដ៏ចង្រៃ ឈ្មោះ សួង នាគព័ន្ធ ចូលមក comment ថា «គាំទ្រមួយណា ចង្រៃមួយហ្នឹង។ មនុស្សចង្រៃ ទៅណាក៏ចង្រៃ។ គាំទ្រអាល្លឺម៉ង់ចាញ់ គាំទ្របារាំងចាញ់ ចង្រៃដល់ក»។ អញ្ចឹងខ្ញុំក៏replyត្រឡប់ទៅវិញ «បើក្មួយមិនចង់ចង្រៃទេ កុំចូលមក page ពូ នាំចង្រៃដល់ខ្លួន»។ ផ្ដាំត្រឡប់ទៅវិញ។ អត់លុបចោលទេ។ សូមឲ្យប្រជាពលរដ្ឋចូលមើលទៅ។ ក្មេងពាលបែបនេះ។ អាហ្នឹងដូចជាមានប្រវត្តិធ្លាប់ជាប់គុក ដែលខ្ញុំប្រាប់ទៅថាកុំឲ្យវាជាប់គុកអី ឲ្យវាចេញទៅ។ ឥឡូវវាចេញទៅនៅប្រទេសណាមួយ ប៉ុន្តែម៉ែឪវានៅហ្នឹង។ ឥឡូវផ្ដាំទៅម៉ែឪវាផង ឲ្យអប់រំកូនផង ចូលមក ឥឡូវហ្នឹងអ្នកណាចង្រៃ អ្នកណាមិនចង្រៃ ឯងហ្នឹងក្រែងចង្រៃធ្លាប់ជាប់គុកហើយ បានអញជួយឯងឲ្យរួចពីគុកទេអី? ខ្ញុំនឹងទុកអាហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋចូលមកមើលនិងវិនិច្ឆ័យ។ អ្នកដទៃទៀតគេនិយាយ មានអ្នកខ្លះ លោកពុកសង្ហាម្ល៉េះ។ ពាក្យសង្ហាហ្នឹងចង់ខ្លាចហើយឥឡូវ។ ថ្ងៃនេះត្រូវអាវរាងឡូយខុសគេខុសឯងទៀត។ ប៉ុន្តែអាវនេះវាស្រួលពាក់។ វាចេញមកអញ្ចឹង វាថាឯងមនុស្សចង្រៃ គាំទ្រអាល្លឺម៉ង់ក៏ចាញ់ គាំទ្របារាំងក៏ចាញ់។ វាទៅអញ្ចឹងទៅ អានេះក្មេងពាលសុទ្ធ ឪពុកម្ដាយវាមិនចេះប្រដៅទេ ប៉ុន្តែបើសិនជាពិត ដឹងថាឪពុកវាមានប្រពន្ធ២ អាហ្នឹងកូនប្រពន្ធចុង។ អញ្ចឹងអ្នកណាចង្រៃ អ្នកណាមិនចង្រៃ សុំសួរ។ ម៉ែឪវានៅភ្នំពេញ ចង់ជួបម៉ែឪវាបន្តិច ដើម្បីផ្ដាំទៅកូន។
ថ្ងៃមុន ខ្ញុំទៅអឺរ៉ុប មករករឿងខ្ញុំទៀត។ ខ្ញុំទៅដល់អឺរ៉ុប ខ្ញុំជួបប្រជាជនប្រមាណ ២ ពាន់នាក់ជាង។ ខ្ញុំចង់ជួប ៥ពាន់នាក់ក៏បានដែរ ឲ្យតែមានកន្លែង ប៉ុន្តែសាលរបស់យើងដាក់បានត្រឹមតែ ២ ពាន់នាក់ប៉ុណ្ណឹងទេ។ យើងក៏សម្រួលជូនប្រជាជនដែលមកជួបស្វាគមន៍ខ្ញុំត្រឹមតែ ២ ពាន់នាក់ ហើយខ្ញុំក៏បានប្រកាសថាខ្ញុំរង់ចាំមើលអ្នកដែលធ្វើបាតុកម្មប្រឆាំងខ្ញុំមានប៉ុន្មាន? អាអ្នកដែលអំពាវនាវឲ្យធ្វើបាតុកម្មហ្នឹង សុំឲ្យអ្នកដែលអំពាវនាវឲ្យធ្វើបាតុកម្ម ដឹកនាំធ្វើបាតុកម្មដោយខ្លួនឯង តើបានប៉ុន្មាន? ខ្ញុំផ្តាំទៅអាចារ្យអេ ABC បន្តិច។ អាចារ្យអេ រាប់ខ្លួនឯង គាត់រាប់មួយ ពីរ បីបន្តៗ រាប់ទៅឃើញ ៦៦ នាក់។ ប៉ុន្តែខ្ញុំប្រាប់ទៅអាចារ្យអេ មិនមែន ៦៦ នាក់ទេ គឺ ៦៧ នាក់។ មូលហេតុអ្វី? អ្នកថតនោះមិនម្នាក់ដែរ។ អ្នកថតអត់បានរាប់ទេ អញ្ចឹង ៦៧ នាក់។ ឥឡូវខ្ញុំថាឲ្យអ្នកឯង ២០០ នាក់ចុះ ជាមួយទល់នឹង ២០០០ នាក់ អ្នកណាច្រើនជាង? កាលដែលខ្ញុំទៅញូវយ៉ក ចលនាមនុស្សឲ្យធ្វើបាតុកម្មនៅញូវយ៉ក ដល់ពេលបាតុកម្មចាប់ផ្តើម វារត់ប្រុចទៅបារាំង។ ដល់ពេលវាទៅបារាំង ខ្ញុំទៅអឺរ៉ុប វាអំពាវនាវឲ្យធ្វើបាតុកម្មប្រឆាំងខ្ញុំ នៅអឺរ៉ុប ប៉ុន្តែវាទៅអាមេរិកបាត់។ អាហ្នឹងអត់ដែលប្រឈមមុខជាមួយខ្ញុំបានទេ ពូកែខាងរុញគេឲ្យងាប់។
ខ្ញុំទទួលបានហើយ។ ទៅវត្តភ្នំសេរី ទៅបង្កើតរឿងនៅវត្តភ្នំសេរីហ្នឹង។ លោក “ហ៊ុយ សាគៀល ឬ ស្រគាល មិនទាន់ទុំ” បានផ្ញើ clip video មួយ ឲ្យមានការបកស្រាយ។ ទីមួយ ឲ្យអាខ្មៅ … នៅវត្តភ្នំសេរីបកស្រាយ ថាអ្នកណាផឹកស្រាក្រហម ហើយដឹកមេម៉ាយចេញម៉ោង ១២ យប់។ អាខ្មៅគួរចេញបកស្រាយទៅអាខ្មៅ។ មុនម៉ោង ១២ យប់ តើស្ត្រីមេម៉ាយនៅជាមួយអ្នកណា? … គេចង់ចោទទៅលើ សាគៀល ហ្នឹងថាផឹកស្រាក្រហមហើយដឹកស្រីមេម៉ាយចេញទៅ។ ចុះមុនម៉ោង ១២ យប់ ស្រីមេម៉ាយនោះនៅជាមួយអ្នកណា គឺនៅជាមួយអាខ្មៅ ឬអាខ្មៅវាមានស្រីមេម៉ាយ ហើយវាអន់ចិត្តជាមួយ សាគៀល ហ្នឹង។ ហ្នឹងសារមួយដែលផ្ញើទៅឲ្យខាងនោះបកស្រាយ។
សារមួយទៀត សាគៀល ហ្នឹងផ្ញើមកឲ្យខ្ញុំតែម្តង ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់ទោសខ្ញុំនៅថ្ងៃណា ប្រាប់ឲ្យច្បាស់មក ខ្ញុំនឹងមក។ ខ្ញុំអត់ពាក់ពិនជាមួយនឹងបញ្ហាតុលាការទេ។ តុលាការទេដែលជាអ្នកត្រូវកាត់ទោស ឬមិនកាត់ទោស … ក៏ប៉ុន្តែខ្ញុំក៏គួរតែនិយាយថា ក្មួយឯងក្លាហានជាងមនុស្សរត់ចោលស្រុក។ ក្មួយឯងហ៊ានថានឹងចូលមកស្រុកឲ្យគេកាត់ទោស ហើយសុខចិត្តជាប់គុកនៅស្រុកខ្មែរ ប្រសិនបើមានកំហុស។ អញ្ចឹងគ្រាន់បើជាងអ្នករត់ចោលស្រុក ហើយរត់ចោលស្រុកធុនប៉ុណ្ណេះទៀត ឯងទៅអាមេរិក វាចលនាឲ្យមនុស្សធ្វើបាតុកម្មនៅអាមេរិក វារត់ទៅអឺរ៉ុប ដល់ឯងទៅអឺរ៉ុប វារត់ទៅអាមេរិក។ អានេះអត់ដែលហ៊ានប្រឈមមុខ។ រួចទៅរើសមនុស្សចឹងៗ គាំទ្រមនុស្សចឹងៗ។ បើវារត់ចោលតែរហូតចឹង ហើយនាំគ្នាគាំទ្រ។ ប៉ុន្តែសង្ឃឹមថា អាខ្មៅនឹងឆ្លើយតបជាមួយនឹង សាគៀល ស្អីគេថា ក កា កិ កី ស្រីមេម៉ាយ។ ក កា កិ កី ហ្នឹងគេចង់សំដៅអញ្ចេះ។ ឥឡូវហ្នឹងទំនាស់បែកផ្សែងនៅស្រុកអាមេរិកនោះ អ្នកដែលគ្នាទៅមុន ក្នុងទស្សវត្សរ៍ ៨០ អី គ្នាទៅអត់បានរៀនសូត្រអីច្រើនទេ ធ្វើការដើម្បីយកលុយចិញ្ចឹមជីវិត។ អញ្ចឹងគ្នានៅតែជាកម្មករ។ ដល់ពួកទៅក្រោយនេះ ក្នុងហ្នឹងមានអាខ្មៅដែរ ទៅបង្អាប់ប្រជាពលរដ្ឋដែលទៅមុននោះ ថា ក កា កិ កី។ បានសេចក្តីថា សំដៅថាអ្នកទៅមុនគឺល្ងង់ ហើយអ្នកដែលគេទៅក្រោយគឺជាអ្នកឆ្លាត។
អញ្ចឹងអ្នកឯងរៀននៅស្រុកខ្មែរ ទៅធ្វើឆ្លាតនៅអាមេរិក។ ល្អដែរអាខ្មៅ។ អានេះខ្ញុំមិននិយាយចំឈ្មោះវាទេ ប៉ុន្តែស្តាប់ clip របស់លោក សាគៀល ហ្នឹងទៅ។ ខ្ញុំសុំសរសើរលោក ស្រគៀល បើចង់មកជាប់គុក មកជាប់គុកនៅភ្នំពេញ។ អាហ្នឹងស្រេចតែតុលាការទេ ខ្ញុំឆ្លើយតបប៉ុណ្ណឹងត្រឡប់ទៅវិញ។ ថាឲ្យឆ្លើយ ខ្ញុំមិនមែនតុលាការ។ បើសិនរឿងហ្នឹងស្ថិតនៅក្នុងដៃរដ្ឋាភិបាល អាហ្នឹងខ្ញុំឆ្លើយបាន។ ហ្នឹងខ្ញុំឆ្លើយប៉ុណ្ណឹង លោក ស្រគៀល ច្បាស់ជាដឹងហើយ ព្រោះអំណាចខុសគ្នា គេបែងចែកអំណាចនិតីបញ្ញត្តិ និតីប្រតិបតត្តិ និងតុលាការ ឯខ្ញុំនិតីប្រតិបត្តិទេ ខ្ញុំមិនអាចឆ្លើយបានថាកាត់ឬមិនកាត់ រឿងតុលាការ។ ប៉ុន្តែអ្វីដែលខ្ញុំសង្ឃឹម គឺសង្ឃឹមថាអាខ្មៅនឹងឆ្លើយតបថា អ្នកណាផឹកស្រាក្រហម ហើយមេម៉ាយហ្នឹងជាអ្នកណា ដែលត្រូវដឹកចេញទាំងយប់ហ្នឹង ហើយមុននឹងគេដឹកស្រីមេម៉ាយហ្នឹងចេញ ស្រីមេម៉ាយនៅជាមួយអ្នកណា? នៅជាមួយអាខ្មៅ ឬក៏នៅជាមួយអ្នកណា? ក កា កិ កី ស្រីមេម៉ាយ នៅវត្តភ្នំសេរី។
អាហ្នឹងទៅណាក៏មិនត្រូវគេ ហើយអានេះសុខៗមក comment ជេរឯងលេងទៅ អញ្ចឹងមើល ហើយខ្ញុំក៏ត្រឡប់ទៅវិញថា បើក្មួយមិនចង់ចង្រៃទេ កុំចូលមកផេកពូ នាំចង្រៃដល់ខ្លួន។ អញ្ចឹងតិចទៀត បើថាបន្តិចទៀត ក្មួយឯងនឹងងាប់ហើយ ព្រោះចង្រៃចូលមក ព្រោះថាពូជាអ្នកពាក់ខោអាវអាឡឺម៉ង់ ធ្វើឲ្យអាឡឺម៉ង់ចាញ់ ហើយគាំទ្របារាំង បារាំងចាញ់ អញ្ចឹងក្មួយឯងតិចទៀតក៏ចាញ់ដែរ។ ម៉ែឪប្រដៅទៅ នៅហ្នឹងតើ លឺថាឪវាមានប្រពន្ធ ២ ហើយអាហ្នឹងដូចជាកូនប្រពន្ធចុង ហើយអាហ្នឹងខ្ញុំអ្នកចង្អុលបង្ហាញថា យកវាទៅដាក់គុកបានផេះអី ទៅឲ្យវាទៅៗ វាទៅណាទៅៗ អានេះមកទៅចឹង រំខានគេ ហើយយើងមិនមែនទៅរករឿងគេទេ គេមករករឿងហ្នឹង ចូលមកក្នុងផេកខ្ញុំ ហើយខ្ញុំអត់នេះទេ ខ្ញុំទុកអាហ្នឹង ទុកឲ្យប្រជាពលរដ្ឋវិនិច្ឆ័យទៅ។ ម្សិលមិញ ខ្ញុំបង្ហោះលេងចោលទៅ ប៉ុន្តែដូចសឿងដែរម្សិលមិញនេះ អាវហ្នឹងអត់ដឹងថាអាវជម្រើសជាតិអាឡឺម៉ង់ផង ឥឡូវមានចូលមក like ចំនួន ៥៥,៤ k comments ៥៨០០k ចូលមក comments ច្រើនណាស់ ហើយមានបងប្អូនខ្លះថា ក្មួយៗខ្លះ ចៅៗខ្លះថា លោកតាពាក់ខោអាវជម្រើសជាតិកមម្ពុជាម្តង អត់ទេ ឲ្យតែយកមក ត្រូវការប៉ះអាណា ស្លៀកអាហ្នឹងទៅ។ អានេះគ្រាន់តែបញ្ជាក់ទៅលើទិដ្ឋភាពហ្នឹងបន្តិច។
យើងកំពុងតែខិតខំធ្វើ គេខិតខំបំផ្លាញ ហើយមើលស្បថ អ្នកឯងស្បថឲ្យងាប់ទេ ដែលអ្នកឯងនិយាយថា ធ្វើទៅកាន់តែក្រទៅៗនេះ ហើយរឿងបាតុកម្មនេះ គេថាខ្ញុំគំរាមគេទៀត ខ្ញុំអត់គំរាមទេ ខ្ញុំថាថតឲ្យបាន ថតមុខឲ្យបានយកទៅបិទនៅពោធិ៍ចិនតុង ឬក៏ខ្ញុំចង់តាមអញ្ចេះ អ្នកឯងកំពុងស្រែកជេរខ្ញុំ ខ្ញុំនឹងយកឈ្មោះអ្នកឯង រកអ្នកឯង ទៅតាមរកគ្រួសារអ្នកឯង ដើម្បីឲ្យគ្រួសារអ្នកឯងបានមើល។ នេះកូនធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលតាមរយៈអញ្ចេះៗ។ ប៉ុន្តែសួរទៅឪពុកម្តាយ តើក្រដូចអ្វីដែលកូនអ្នកឯងនិយាយទេ។ បងប្អូនអ្នកឯងនិយាយទេ។ អាហ្នឹងខ្ញុំនឹងធ្វើឲ្យអ្នកឯងមើល។ ឥឡូវផ្នែកសន្តិសុខ យករូបភាពធ្វើបាតុកម្មហ្នឹង រួចទៅដល់ផ្ទះឪពុកម្តាយ ក្រុមគ្រួសារបើមាន។ ធ្វើអាហ្នឹង។ យើងអត់មានការគំរាមកំហែងទេ ប៉ុន្តែគ្រាន់តែទៅសួរជាក់ស្តែង ប្រាប់ថាកូនរបស់លោកអ៊ំ ឬក៏ប្អូនរបស់បង កំពុងធ្វើអញ្ចឹង ហើយស្រែកជេរប្រមាថចឹង។ ឥឡូវជីវភាពរបស់ក្រុមគ្រួសារបងឯងយ៉ាងម៉េចដែរ? យើងអត់មានធ្វើអ្វីទេ។ មិនមែនជាការគំរាមកំហែងទេ។ វាទៅជារកវិធីប្តឹងខ្ញុំ។ ឥឡូវខ្ញុំបញ្ជាក់ឲ្យច្បាស់ ត្រូវបិទរូបអ្នកឯងពោធិ៍ចិនតុង។ អ្នកឯងបានល្បីឈ្មោះទៀត។ យើងអត់ខ្លាចទេ ដើម្បីឲ្យដឹង ព្រោះក្នុងចំណោមដែលអ្នកឯងកំពុងជេរនេះ ដែលអ្នកឯងកំពុងធ្វើបាបនេះ ក៏មានប្រជាជន ក៏មានក្រុមគ្រួសាររបស់អ្នកឯងដែរ។ ជួនកាលក្រុមគ្រួសាររបស់អ្នកឯងហ្នឹង កំពុងតែនៅសុខសាន្តក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសនេះ។ ឥឡូវមានមនុស្សសុំទានប៉ុន្មាននាក់? បើប្រៀបធៀបជាមួយប្រទេសដទៃ ប្រទេសដទៃមានអ្នកសុំទានច្រើនជាងខ្មែរ។
ខ្ញុំគួរតែបកស្រាយត្រង់ហ្នឹងបន្តិច ហើយបកស្រាយសម្រាប់ទៅលោក ស្រគៀល ព្រោះលោក ស្រគៀល បានបញ្ជូន clip មួយមក ជូនមកឲ្យខ្ញុំ បញ្ជូនតាមអ្នកដទៃទេ បញ្ជូនមកឲ្យខ្ញុំ ខ្ញុំបានទទួលបាន។ អញ្ចឹងឲ្យអាខ្មៅនោះចេញបកស្រាយពីរឿងស្រាក្រហម និងស្រីមេម៉ាយ ដឹកចេញម៉ោង ១២ យប់ ជាអ្នកណា? ហើយឲ្យខ្ញុំបកស្រាយកាត់ទោស ឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបអំពីការកាត់ទោសនៅពេលណា អីពេលណា? ឥឡូវខ្ញុំមិនអាចឆ្លើយជំនួសតុលាការបានទេ មានតែតុលាការទេ ដែលអាចឆ្លើយបានអំពីរឿងនេះ។ នេះគឺជាចម្លើយរបស់ខ្ញុំត្រឡប់ទៅវិញ។ ប៉ុន្តែអ្វីដែលខ្ញុំគួរឆ្ងល់ អាមួយនេះរត់រហូត អំពាវនាវឲ្យគេធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន នៅឆ្នាំ ២០១៨ នៅញូវយ៉ក ដល់ម៉ោងបាតុកម្ម វាថា វាជាប់រវល់នៅ EU។ ដល់ពេលយើងទៅ EU វាចលនាគេធ្វើបាតុកម្មនៅអឺរ៉ុប រួចហើយវាទៅអាមេរិកបាត់។
អាមួយហ្នឹងអត់ដែលហ៊ានប្រឈមជាមួយ ហ៊ុន សែន ទេ ប៉ុន្តែពូកែខាងជេរ ហើយយូរៗទៅ វាទៅជាភ្នែក ហ៊ុន សែន ខ្វាក់ដោយសារមាន់ចឹក។ វាទៅអញ្ចឹងទៅ។ រួចហើយវានិយាយឡើងសុទ្ធតែថា “ខ្ញុំនិយាយតែពីបញ្ហាជាតិ។ ខ្ញុំអត់និយាយរឿងបុគ្គល”។ ចុះដែលហ្អែងថាភ្នែកអញខ្វាក់ដោយសារមាន់ចឹកហ្នឹង អាហ្នឹងបុគ្គលឬក៏ស្អី? ហ្អែងឆ្លើយមក។ ហ្អែងអស់ផ្លូវហើយ។ ៥ ឆ្នាំហើយអញអត់ដែលលឺបរទេសណានិយាយឈ្មោះហ្អែងទេ។ អញប្រាប់ហ្អែងទៅ។ បើហ្អែងលេងដល់ពូជអញ អញក៏លេងដល់ពូជហ្អែងដែរ ពូជហ្អែងក្បត់ជាតិ ៣ ជំនាន់។ សូមបញ្ជាក់នៅតែថាអញ្ចឹង អ្នកណាក៏ដោយពាក់ព័ន្ធជាមួយអាក្បត់ជាតិហ្នឹង គឺអ្នកហ្នឹងមានរឿង។ កុំភ្លេចថាអំណាចនៅក្នុងដៃរបស់ ហ៊ុន សែន នៅឡើយ អត់លេងសើចបានទេ រឿងកន្លែងហ្នឹង។ វាហៅកូនខ្ញុំសុទ្ធតែអាកូនក្រៅខោ។ រឿងដែលថា កូនខ្ញុំជាកូនវៀតណាមហ្នឹង គឺអាហ្នឹងជាអ្នកបញ្ចេះឲ្យធ្វើ មានអ្នកណាទៀត គឺអាហ្នឹង។ ភាពឈ្លើយរបស់វា ដូចហ្នឹងហើយបានវានៅជាមួយគេមិនបាន។
មនុស្សតាំងពីគាំទ្រច្រើនទៅតិច។ ហ្អែងអស់ផ្លូវហើយ។ ហ្អែងចប់ហើយ។ អ្នកដែលជឿលើអាហ្នឹង គឺជម្រើសនៅសល់មានតែព្រៃសទេ។ អាហ្នឹងតិចទៀត វាប្រកាសមកចាប់ខ្ញុំទៀតហើយ យី!វាកោតទៅរួច ប្រកាសមកចាប់ ហ៊ុន សែន ក្នុងពេលដែលខ្លួន សូម្បីតែនៅអឺរ៉ុប គួរណាស់តែហ្អែងនៅអឺរ៉ុប ទៅបានទេ ចាំបាច់រត់ទៅអាមេរិកអី។ ពេលហ្នឹងហ្អែងរៀបចំកម្មវិធីផ្សេងទៅ។ ដឹងតើ អញប្រកាសប៉ុន្មានខែមុនតើ ថាអញទៅអឺរ៉ុប ម៉េចក៏ហ្អែងមិននៅចាំនៅកន្លែងហ្នឹង។ ឥឡូវបងប្អូននៅក្នុងស្រុក ដែលជឿអាមួយហ្នឹង ហើយខ្ញុំក៏ដឹងដែរ ប្រជុំនៅវត្តភ្នំសេរីហ្នឹង គឺប្រជុំរកលុយឲ្យគណបក្សនយោបាយមួយដែលខ្ញុំមិនបញ្ចេញឈ្មោះ។ ប្រយ័ត្នគ្រោះថ្នាក់ ហើយអ្នកហ្នឹង អ្នកទៅពីភ្នំពេញទៅរៀននៅវត្តភ្នំសេរី។ ប្រយ័ត្នតែមានភស្តុតាង អ្នកឯងត្រូវទទួលយ៉ាងម៉េចហើយ អាហ្នឹងខ្ញុំគ្រាន់តែបញ្ជាក់ឲ្យអ្នកឯងបានដឹងអំពីបញ្ហាហ្នឹង។
(៥) សូមរថយន្តដឹកជញ្ជូនប្រើប្រាស់ផ្លូវល្បឿនលឿន, ផ្នែកនយោបាយ ប្រជុំកំពូល និងពាកើព័ន្ធ ប្រជុំនៅភ្នំពេញ, សេដ្ឋកិច្ចនិងការពារជាតិប្រជុំនៅសៀមរាប, មិត្តភក្តិលើកទឹកចិត្តសម្រាប់ការខិតខំផ្នែកការទូតឯករាជ្យដោយផ្អែកលើច្បាប់, បន្តរួមចំណែកជាមួយអាស៊ានដោះស្រាយបញ្ហានានា, ធ្វើពលរដ្ឋកម្ពុជាវាមិនស័ក្តិសម ធ្វើពលរដ្ឋបារាំងកាន់តែមិនស័ក្តិសមទៅទៀត
ឥឡូវខ្ញុំចង់បកត្រឡប់មកត្រង់នេះបន្តិច រឿងផ្លូវល្បឿនលឿនមាន ព្រោះមិញបើកវង់ក្រចកមួយជុំ បើកដល់កន្លែងនេះ ប៉ុន្តែបើកដល់កន្លែងមួយជុំទៅណានោះ ប៉ុន្តែឥឡូវមកផ្លូវល្បឿនលឿន។ ខ្ញុំសង្កេតឃើញអញ្ចេះ សង្កេតឃើញថា ផ្លូវល្បឿនលឿនមិនទាន់មានឡានដឹកទំនិញលើផ្លូវល្បឿនលឿនទេ។ ចំណុចនេះ ខ្ញុំគួរតែដាស់តឿនចំពោះថៅកែដឹកទំនិញ ថៅកែរថយន្តទាំងឡាយ ប្រើប្រាស់ផ្លូវល្បឿនលឿនចំនេញច្រើនជាងទៅលើបញ្ហាផ្លូវធម្មតា។ ប្រេងក៏អស់តិច ពេលវេលាចំណេញ ក្នុងចង្វាក់ផ្គត់ផ្គង់។ អញ្ចឹងទេ សុំឲ្យពួកថៅកែៗដែលមានឡានច្រើន ហើយសុំឲ្យអញ្ចេះ យើងដឹងមានអ្នកបើកបរមួយចំនួន គាត់កិបកេងប្រេងនៅតាមដងផ្លូវ ប្រេងឡាន ដល់លេងផ្លូវល្បឿនលឿន គាត់លួចលែងបាន។ អញ្ចឹងទេ បញ្ហាវាមិនស្ថិតនៅលើបញ្ហាចថៅកុងឡានទេ វាស្ថិតនៅត្រង់បញ្ហាម្ចាស់ឡាន ដើម្បីទទួលបានផលចំនេញ គឺប្រើប្រាស់ផ្លូវល្បឿនលឿនទៅ វាចំនេញអំពីចង្វាក់នៃការផ្គត់ផ្គង់ ហើយអ្នកឯងចំណាយតិចជាង។ ផ្លូវល្បឿនលឿន ឡានធម្មតាដូចជាត្រឹមតែជាង ៤០០០០ ម៉ឺនរៀលទេ ១២ ដុល្លារ អាហ្នឹងបើសិនជាទៅតាមផ្លូវនោះនឹងអស់ច្រើនជាង ព្រោះប្រើសាំង ហើយឥឡូវសាំងឡើងថ្លៃទៀត។
ខ្ញុំអំពាវនាវទៅកាន់អ្នកម្ចាស់ ដែលមានរថយន្តច្រើនក្នុងការដឹកជញ្ជូន ប្រើប្រាស់ផ្លូវល្បឿនលឿនចំនេញជាង ខាងវិស័យសេដ្ឋកិច្ច ជាជាងទុកនៅក្នុងបញ្ហាផ្លូវតូចចង្អៀត ដែលរឿងនេះ គឺជារឿងដែលយើង ខ្ញុំគ្រាន់តែផ្តល់នូវការ គេហៅថាអនុសាសន៍សម្រាប់អ្នកទទួលបន្ទុកទៅលើបញ្ហាការដឹកជញ្ជូននេះឯង ដែលគម្បីកុំប្រើប្រាស់ផ្លូវល្បឿនលឿន នៅពេលដែលយើងមានផ្លូវល្បឿនលឿនហើយ។ ហើយគ្រោះថ្នាក់ចរាចរណ៍ វានឹងកាត់បន្ថយតាមផ្លូវជាតិលេខ៤តែម្ដង ប្រជាពលរដ្ឋដែលមិនចង់ប្រើប្រាស់ផ្លូវជាតិលេខ៤ គឺអ្នកដែលមិនចង់ប្រើប្រាស់ផ្លូវល្បឿនលឿនទៅប្រើប្រាស់ផ្លូវលេខ៤។ វាក៏បន្ធូរបន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ ដោយនៅលើផ្លូវល្បឿនលឿនវាមិនមានគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានទេ ហើយយើងកាន់តែស្គាល់វាបណ្ដើរៗ។ ឥឡូវហ្នឹងបើឱ្យខ្ញុំបើក ខ្ញុំនៅមានបញ្ហាព្រោះខ្ញុំអត់ទាន់បានរៀនបើកតាមផ្លូវល្បឿនលឿន អញ្ចឹងទេខ្ញុំបើកបានផ្លូវធម្មតា ប៉ុន្តែមកដល់ផ្លូវល្បឿនលឿនខ្ញុំអត់ទាន់បានរៀន អញ្ចឹងទេយើងត្រូវតែរៀនឱ្យវាចេះដែរ ចាំថ្ងៃក្រោយរៀនក៏បាន។ កាលណាដូចជាថានៅផ្ទះដូចជាអត់សូវស្រួលចាប់ចង្កូតឡាន(បើក)ភ្លឹប ចូលផ្លូវល្បឿនលឿន។
ថ្ងៃនេះខ្ញុំក៏ចង់និយាយបន្តិច ថ្ងៃនេះជាថ្ងៃ២២ នៅសល់ពេលតែ៨ថ្ងៃទៀតប៉ុណ្ណោះ ភាពជាប្រធានរបស់អាស៊ានរបស់កម្ពុជាត្រូវបានបញ្ចប់។ ឆ្នាំនេះយើងធ្វើប្រធានអាស៊ាន ការងារច្រើនណាស់ ក៏ប៉ុន្តែកម្ពុជាក៏ទទួលបាននូវកិត្តិយសសម្រាប់កិច្ចការដ៏សំខាន់មួយនេះ បន្ទាប់ពីយើងគ្រប់គ្រងបានកូវីដ–១៩ យើងបានបើកប្រទេសឡើងវិញ ដែលឆ្នាំទៅយើងធ្វើជាប្រធានអាស៊ី-អឺរ៉ុប យើងគ្រោងទទួលភ្ញៀវរហូតដល់ ៥២ ប្រទេស ដែលមកចូលប្រជុំនៅក្នុងប្រទេសរបស់យើង ក៏ប៉ុន្តែនៅពេលដែលកូវីដ-១៩ផ្ទុះឡើង ទាំងនៅប្រទេសយើងនិងប្រទេសដទៃ យើងប្រជុំតាមអនឡាញទេ ខ្ញុំធ្វើជាប្រធានអាស៊ី-អឺរ៉ុប។ ឆ្នាំនេះយើងធ្វើជាប្រធានអាស៊ាន យើងបានបើកប្រទេសឡើងវិញប្រជុំដោយផ្ទាល់ជាលើកដំបូង បន្ទាប់ពីការខកខានរយៈ២ឆ្នាំ ជាមួយនឹងការទទួលខុសត្រូវរបស់យើង ទៅលើបញ្ហាសុវត្ថិភាពទាំងសន្តិសុខ ក៏ដូចទាំងបញ្ហាសុខុមាលភាពទាក់ទិនជាមួយ(ការ)ត្រួតត្រាជំងឺឆ្លង ដៃគូក្នុងអាស៊ានរបស់យើងនិងដៃគូខាងក្រៅ បានអញ្ជើញមកទីក្រុងភ្នំពេញទាំងថ្នាក់រដ្ឋាភិបាល ទាំងសភា ទាំងប្រមុខកងទ័ពនិងស្ថាប័នផ្សេងៗដែលពាក់ព័ន្ធមកប្រជុំយ៉ាងច្រើននៅប្រទេសកម្ពុជា ដែលមានទាំងប្រជុំនៅភ្នំពេញ(និងសៀមរាប)។ សេដ្ឋកិច្ចនិងការពារជាតិប្រជុំនៅសៀមរាប។ នៅភ្នំពេញផ្នែកនយោបាយ រដ្ឋមន្ត្រីការបរទេសប្រជុំកំពូល និងប្រជុំពាក់ព័ន្ធដូចជាសហគមន៍ សង្គម វប្បធម៍ជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ជាងទៀតកម្ពុជាបានដើរតួនាទីទទួលខុសត្រូវ ក្នុងការសម្របសម្រួលអោយចេញរួចនូវឯកសារចំនួន ១០១ឯកសារនៃការប្រជុំកំពូល ហើយបើបូកទាំងឯកសារដែលរដ្ឋមន្ត្រីការបរទេសចេញចំនួន ប្រមាណជា៣០ឯកសារទៀត យើងសម្រេចបាននូវឯកសាររហូតទៅដល់ថា១២០ទៅ១៣០ឯកសារ ដែលរឿងមិនតូចតាចទេ។
អ្វីដែលជាមោទនភាពរបស់កម្ពុជានៅត្រង់ថា ឆ្នាំ២០១២កម្ពុជា ខ្លួនខ្ញុំផ្ទាល់ក្នុងឋានៈជាប្រធានអាស៊ាននៅពេលនោះបានប្រកាសចាប់ផ្ដើមការចរចា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់គឺ RCEPត្រូវបានចូលជាធរមាន។ ១០ឆ្នាំក្រោយក៏នៅទីក្រុងភ្នំពេញទៀត យើងបានធ្វើកិច្ចការងារដែលទាក់ទងនឹងការសម្របសម្រួល រាប់ទាំងការបញ្ចូល ទីម័រឡេស្ដេ អោយចូលទៅសមាជិកទី១១ បើទោះបីជាមិនទាន់ពេញសិទ្ធ ក៏ប៉ុន្តែវាហាក់បីដូចជាបានពេញសិទ្ធនៅក្នុងការចូលរួមប្រជុំនានា ដែលនៅក្នុងសេចក្ដីសម្រេចរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អាស៊ានបានទទួលស្គាល់ ទីម័រឡេស្ដេ ជាសមាជិកទី១១របស់អាស៊ាន។
យើងអរគុណជាមួយប្រជាពលរដ្ឋកម្ពុជា មន្ត្រីរបស់កម្ពុជាដែលធ្វើការគ្រប់ផ្នែកទាំងអស់ ទាំងផ្នែកការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម អរគុណចំពោះប្រជាពលរដ្ឋដែលរស់នៅទីក្រុង ភ្នំពេញ,សៀមរាប និងកន្លែងផ្សេងទៀតដែលទាក់ទងជាមួយនឹងដំណើរការនៃការប្រជុំ យើងអរគុណនិងកោតសរសើរចំពោះក្រសួងការបរទេស ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស ដែលបានដឹកនាំយ៉ាងល្អជាមួយនឹងក្រុមការងារដ៏មានសមត្ថភាពរបស់យើងសម្រេចបាននូវការព្រមព្រៀងទាំងឡាយ ក្នុងភាពជាប្រធាននៅឆ្នាំនេះ។ យើងបានធ្វើសហប្រធានជំនួបរវាង អាស៊ាន-សហរដ្ឋអាមេរិក នៅអាមេរិក។ យើងបានធ្វើសហប្រធានរវាង អាស៊ាន-សភាពអឺរ៉ុប ដែលទាំងអស់នេះ ក្រៅពីការអរគុណ ចំពោះប្រជាជនកម្ពុជាខ្លួនឯង កម្លាំងមានសមត្ថកិច្ចរបស់កម្ពុជាខ្លួនឯង។
ខ្ញុំសូមអរគុណចំពោះដៃគូក្នុងអាស៊ានរបស់យើង និងដៃគូទាំងអស់ដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានរបស់អាស៊ាន និងផ្ដល់ការយោគយល់បទបែនដើម្បីសម្រួលអោយកិច្ចដំណើរការនៃការប្រជុំអាស៊ាននេះទទួលបានជោគជ័យ។ ពិតមែនតែកម្ពុជាត្រូវជាប់អាណត្តិនៅត្រឹមថ្ងៃទី ៣១ ខែធ្នូ នេះ ក៏ដោយចុះ តែកម្ពុជានៅតែជាសមាជិកអាស៊ាន ហើយកម្ពុជានឹងបន្តរួមចំណែកជាមួយនឹងអាស៊ានតទៅទៀត ដើម្បីដោះស្រាយនូវបញ្ហានានាដែលមិនទាន់បានដោះ ហើយនឹងជំរុញការអនុវត្តលើសេចក្ដីសម្រេចនានា ដែលយើងបានធ្វើជាមួយគ្នាទាំងក្របខណ្ឌផ្ទៃក្នុងអាស៊ានខ្លួនឯងនិងជាមួយដៃគូ ខ្ញុំពិតជាមានការសប្បាយរីករាយដោយសារការប្រជុំឆ្នាំនេះភាគច្រើនលើសលប់ផ្ដល់នូវជំនឿទុកចិត្ត ចំពោះកម្ពុជា។
មិត្តភក្តិរបស់យើងបានផ្ដល់អោយយើង នូវការលើកទឹកចិត្តសម្រាប់ការខិតខំផ្នែកការទូត ឯករាជ្យដោយផ្អែកលើច្បាប់។ ក្នុងពេលធ្វើដំណើរទៅកាន់អឺរ៉ុប ខ្ញុំក៏មានឱកាសដើម្បីធ្វើការជាមួយដៃគូអឺរ៉ុប។ ខ្ញុំសូមអរគុណចំពោះដៃគូអឺរ៉ុបទាំងអស់ជាសហភាពអឺរ៉ុប ក៏ដូចជាដៃគូតាមប្រទេសនីមួយៗ ដែលបានចូលរួមចំណែកនៅក្នុងការធ្វើឱ្យសម្រេចជោគជ័យនៃការប្រជុំរវាងអាស៊ាននិងអឺរ៉ុប ដែលទើបនឹងបញ្ចប់ទៅក្នុងប៉ុន្មានថ្ងៃមុននេះ។ យើងបានក្លាយទៅជាដៃគូល្អ និងកំពុងឈានទៅសម្រេចឱ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននិងអឺរ៉ុប។ ខ្ញុំក៏បានធ្វើការជាមួយនឹងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន នៅទីនោះផងដែរ ជាជំនួបដោយផ្ទាល់ហើយនិយាយគ្នាដោយផ្ទាល់ ជាមួយនឹងអ្វីដែលគួរធ្វើជាមួយគ្នា។
ខ្ញុំក៏មិនយល់ផងដែរថា មានអ្នកចេញមកនិយាយអំពីបញ្ហាថាខ្ញុំប្លន់ភាព(ជា)ប្រធានអាស៊ាន។ តើប្រជាជនកម្ពុជាយល់យ៉ាងម៉េច? អ្នកដែលធ្លាប់គាំទ្រអាចង្រៃមួយហ្នឹង យល់យ៉ាងម៉េច? មកចោទថាខ្ញុំថាប្លន់ភាព(ជា)ប្រធាន(អាស៊ាន) … ខ្ញុំអត់នឹងស្មានថាមនុស្សមួយនេះល្ងង់ដល់ថ្នាក់ប៉ុណ្ណឹង ដែលចេញមកមិនមែនប្រមាថ ហ៊ុន សែន ទេ ប្រមាថប្រធានាធិបតីបារាំងដែលទទួលខ្ញុំអស់រយៈពេល ៣ ម៉ោង ជាមួយគ្នានៅវិមាន អេលីហ្សេ។ មិនមែន ៣០ នាទី ហើយក៏មិនមែន ១ ម៉ោងដែរ។ ៣ម៉ោងជាមួយគ្នា។ អញ្ចឹងតើអ្នកគិតថាអឺរ៉ុប ២៧ ប្រទេស រាប់ទាំងសភាអឺរ៉ុបនិងសភាពអឺរ៉ុប គណៈកម្មការអឺរ៉ុបជាមនុស្សល្ងង់ឬអី? ឬក៏អ្នកចាត់ទុកថាប្រធានាធិបតីឥណ្ឌូនេស៊ី ឬក៏សមាជិកអាស៊ានដទៃទៀតគេភ្លើទេអី បានជាអោយ ហ៊ុន សែន ប្លន់អំណាច ទៅធ្វើជាប្រធានអាស៊ាន បោកប្រធានាធិបតីបារាំងបាន។ តើប្រធានធិបតីបារាំងល្ងង់ណាស់ទៅអី?
ដោយសារធន់អន់អញ្ចឹងហើយ បានវាអញ្ចឹង។ អានេះពូជវាអន់អញ្ចឹងតែម្ដង។ បើអ្នកឯងដៀលពូជខ្ញុំ ខ្ញុំក៏ត្រូវដៀលពូជអ្នកឯងដែរ វាល្ងង់ពេក ល្ងង់ដល់កម្រិតប៉ុណ្ណឹង។ មិនស្គាល់អ្វីទៅដែលហៅថាធម្មនុញ្ញអាស៊ាន ហើយអាណត្តិរបស់ប្រធានអាស៊ាន។ ខ្ញុំទៅទីនោះក្នុងឋានៈជាសហប្រធានពេញទី ជាមួយនឹងសហប្រធានរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប។ គេថាតាំងពីខ្ញុំប្រគល់ញញួរទៅឱ្យប្រធានាធិបតីឥណ្ឌូនេស៊ី គឺចប់ភាពជាប្រធានហើយ។ ខ្ញុំប្លន់គេទេ ទៅបោកប្រធានាធិបតី ម៉ាក្រុង។ ថ្នាក់ដល់ប្រធានាធិបតីបារាំងដែលជាមហាអំណាចមួយដែលជាមហាអំណាចលើលោក ហើយជាសមាជិកក្រុមប្រឹក្សាអចិន្ត្រៃក្រុមប្រឹក្សាសន្តិសុខ ល្ងង់ដល់ថ្នាក់ប៉ុណ្ណឹង។ ខ្ញុំគិតថាធ្វើពលរដ្ឋកម្ពុជាវាមិនស័ក្តិសម ធ្វើពលរដ្ឋបារាំងកាន់តែមិនស័ក្តិសមទៅទៀត។ រហូតដល់ការប្រមាថនេះ មិនមែនប្រមាថខ្ញុំទេ ប្រមាថ ម៉ាក្រុង ប្រមាថអធិការបតីអាល្លឺម៉ង់ ប្រមាថនាយករដ្ឋមន្ត្រី ហ្វាងឡង់ ប្រមាថនាយករដ្ឋមន្ត្រី ហូឡង់ ដែលជាអ្នកជួបជុំផ្ទាល់ ប្រមាថប្រធាន EU ប្រធានគណៈកម្មការអឺរ៉ុប ប្រមាថប្រទេស ២៧ របស់សភាពអឺរ៉ុប ប្រមាថដល់ប្រទេសទាំង១០របស់អាស៊ាន វាទៅរួច។ បង្កើតបាន រួចធ្វើជាខ្លាំងពូកែសរសេរ ខាងលើជា(អក្សរ)ខ្មែរ ខាងក្រោមជា(អក្សរ)អង់គ្លេសទៀត ហើយបើសិនជាប្រទេសនានាគេបើកមើលគេអោយតម្លៃទាប ប៉ុន្តែអាមួយនេះគឺថាគេមិនមើលវាតែម្ដង គេមិននិយាយ។
៥ ឆ្នាំហើយ អត់ដែលមានអ្នកនិយាយរឿងអាមួយហ្នឹងទេ។ មិនមែនជិតចុងឆ្នាំខ្ញុំត្រូវតមាត់ជាមួយអ្នកណាទេ ខ្ញុំចង់មានតំណម ឱ្យមានបទឈប់បាញ់មួយ ប៉ុន្តែវាមិនឱ្យយើងសុខតែម្ដង។ សូម្បីតែឯងពាក់អាវវាថាឯងពាក់អាវហ្នឹងបានអាល្លឺម៉ង់ចង្រៃទៅវាចាញ់ គាំទ្របារាំងក៏បារាំងចាញ់។ ឱ!ក្មួយៗ អើយក្មួយ។ ឪពុក-ម្ដាយ ក្មួយឯងគួរតែប្រដៅហើយ។ អញ្ចឹងបានក្រយ៉ៅជាប់គុក។ បើមកតែអាធុនៗហ្នឹង ហើយអាមេវានោះទៀត គឺអស់ឆ្ងល់តែម្ដង។ កូនខ្ញុំជាកូនក្រៅខោ អាហ្នឹងជារឿងប្រមាថ។ ហើយ(ភ្នែក)ខ្ញុំនេះគឺមាន់ចឹកខ្វាក់ភ្នែក។ (វា)ចូលទៅប្រជុំនៅវត្តភ្នំសេរីហ្នឹង វានិយាយតែពីឯងតែម្ដង តាំងពីជីដូនជីតាឪពុកម្ដាយសព្វបែបយ៉ាង។ ប៉ុន្តែតាមលោក ស្រគាល ក៏ចូលប្រជុំនៅហ្នឹងដែរ បានជាប់ពាក់ព័ន្ធជាមួយហ្នឹងរឿងដឹកមេម៉ាយចេញ។ សង្ឃឹមថាអាខ្មៅនឹងចេញបកស្រាយ។
(៦) នាឡិកាអាស៊ាន ខ្មែរធ្វើបាន, កម្ពុជា បានដើរដល់ ពាក្យថា “ខ្មែរធ្វើបាន”, ”លុបបំបាត់ចោលនូវវប្បធម៌លាបពណ៌ក្រោយការបោះឆ្នោត, មានសែន អត់ស៊ី នៅលើទឹកដីខ្មែរ រហូតទៅ, ការបន្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩, នឹងបន្តអភិវឌ្ឍក្រុងព្រះសីហនុ
យើងធ្វើប្រធានអាស៊ានឆ្នាំនេះ ទោះបីហត់នឿយបន្តិចក៏ប៉ុន្តែវាសប្បាយ ហើយវាអញ្ចេះទៀត។ ថ្ងៃនេះពាក់នាឡិកាអាស៊ាន ព្រោះថ្ងៃនេះយើងមានប្រធានបទធ្វើពីអាស៊ាន ពេលដែលយើងផលិតនាឡិកានេះ ដើម្បីកាដូជូនមេដឹកនាំដែលមកចូលរួមប្រជុំ តែយើងផលិតតែ២៥គ្រឿងទេ។ ប្រជាជនកម្ពុជាមោទនភាព ក៏ប៉ុន្តែពួកអាចង្រៃហ្នឹងវាថាយើងបង្ហិនបង្ហោចលុយ។ តែខ្ញុំសូមជម្រាបរាជរដ្ឋាភិបាលអត់មានចំណាយលុយសូម្បីមួយសេន។ នេះគឺជាបច្ចេកវិជ្ជាក្រុមហ៊ុនមួយក្នុងស្រុករបស់យើង ដែលគេបានបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ការផលិតនាឡិកា ហើយ logo ស្អីៗ នេះ គេយកទៅឆ្លងទៅនឹងខ្ញុំ ដាក់ទង់អាស៊ាន ហើយដាក់អាស៊ាន ២០២២ អញ្ចឹងតែម្ដង។ តម្លៃរបស់វាក្នុងមួយគ្រឿងជាង ២ម៉ឺនដុល្លារ ប៉ុន្តែបើសិនជាផលិតច្រើនប្រហែលជាថោកជាងហ្នឹង។ តែនេះផលិតពិសេសយើងចង់បង្ហាញទៅប្រាប់មិត្តភក្តិរបស់យើងថាកម្ពុជា បានដើរដល់ ពាក្យថា ខ្មែរធ្វើបាន ដែលយើងបានដាក់អក្សរធំៗ នៅមាត់សមុទ្ររបស់យើង ខ្មែរបានដើរដល់កម្រិតនៃការធ្វើនាឡិកា សម្រាប់ថ្ងៃក្រោយយើងអាចផលិតនាឡិកាត្រង់ថាអ្នកណាទិញ ឬមិនទិញជារឿងមួយផ្សេង ប៉ុន្តែសម្រាប់កាដូរប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ក៏ដូចជាដៃគូ ហើយយើងនៅខ្វះទៀត ទីចុងបំផុតយើងនៅខ្វះ ដោយសារអង្គការអន្តរជាតិមួយចំនួនយើងអត់បានផ្តល់ឱ្យពួកគាត់ទេ ព្រោះឆ្នាំនេះអ្នកដែលមកចូលរួមមានច្រើន។ អញ្ចឹងចំណាយជាងកន្លះលានដុល្លារសម្រាប់ការផលិត ប៉ុន្តែរាជរដ្ឋាភិបាលអត់បានចំណាយលុយទេ ក្រុមហ៊ុនឯកជនដែលខ្ញុំមិនទាន់បញ្ចេញឈ្មោះ គឺបានផលិតនូវនាឡិកានេះជូនមករាជរដ្ឋាភិបាលសម្រាប់ជាកាដូរជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានដែលបានមកចូលរួមប្រជុំនៅក្នុងប្រទេសរបស់យើង។ ប្រជាជនកម្ពុជាសរសើរ ប៉ុន្តែពួកអាចង្រៃថាបង្ហិនលុយ ចំណាយលុយខ្ជះខ្ជាយវាទៅជាអញ្ចេះទៅ។ យើងទៅប្រជុំនៅអឺរ៉ុបវាថា យើងបង្ហិនលុយទៀតហើយ។ ប៉ុន្តែត្រង់វាដើរយកលុយតាមស្រោមសំបុត្រអាហ្នឹងរឿងរបស់វាផ្សេងទៅ។
ចង្រៃមែន អាមនុស្សចង្រៃគឺនៅជាមួយមិនបានតែម្តង។ ត្រូវហើយពាក្យស្លោក មានស៊ី អត់សែន មានសែន អត់ស៊ី កំពុងតែអនុវត្តហើយ ហើយយើងនឹងអនុវត្តតទៅទៀត។ អ្នកឯងត្រូវចាំណានេះមិនមែននយោបាយរបស់ ហ៊ុន សែន ទេ តែអ្នកឯងបានប្រកាសនៅសៀមរាបឆ្នាំ ២០០៣ មានស៊ី អត់សែន មានសែន អត់ស៊ី ឥឡូវកំពុងមានសែននៅលើទឹកដីខ្មែរ តែវាអត់ស៊ី ឱ្យវាអត់រហូតទៅ ហើយស្នាក់ការរបស់ហ្អែងលក់បាត់ហើយ មែនស្នាក់ការទេដីរបស់ហ្អែងលក់ ហ្អែងខ្វះទៀត លក់បាត់ ហ្អែងពូកែទៅ ហ្អែងតាមមើលទៀត អាណាត្រូវសងជំងឺចិត្តអីយ៉ាងម៉េចត្រូវសង ខ្ញុំបាន ៧សែន ដែរ ព្រោះខ្ញុំទារ ១លាន ឥឡូវនៅជំពាក់ខ្ញុំ ៣សែន ទៀត តាមទាររកអាហ្នឹង។ សម្តេចក្រឡាហោម បានដូចជា ៣សែន ដែរ ឬ ២សែន ទេ? គាត់ថា ឥឡូវកំពុងគិតថាគាត់(ត្រូវ)ធ្វើអី? បង ហេង សំរិន បានប៉ុន្មានដែរ។ ហើយរដ្ឋបានប៉ុន្មានអីប៉ុន្មាន។ រឿងហ្នឹងត្រូវតែធ្វើ។ ហ្អែងដើរបរិហាកេរ្តិ៍ គេត្រូវតែទារជំងឺចិត្តវាជារឿងធម្មតា។
មើល! បំបាត់វប្បធម៌ឱ្យតែក្រោយបោះឆ្នោតឯងក្លាយទៅជាចោររហូត។ ឥឡូវហ្នឹងអាអ្នកចោទគេថាជាចោរហ្នឹងត្រូវតែសងជំងឺចិត្តអ្នកដែលឯងចោទគេ មិនមែនជាសិទ្ធិបញ្ចេញមតិទេ។ អញ្ចឹងគណបក្សប្រជាជនជាចោរមួយជីវិត ត្រូវបំបាត់អាហ្នឹងមួយចោល។ បោះឆ្នោតនៅហ្នឹង បោះពីព្រឹកម៉ោង ៧ព្រឹក នាំគ្នាចូលបោះ ម៉ោង ៣ល្ងាច បិទ រួចហើយរាប់សន្លឹកឆ្នោតជាមួយគ្នា រួចវាថា ឯងចោរលួចសន្លឹកឆ្នោត អញ្ចឹងបើចោររហូតអាណានិយាយចោរគឺថា ប្តឹងអាហ្នឹង អត់មានទុកទេពីថ្ងៃនេះទៅ លេងអាហ្នឹងម្តង។ កាលពីមុនឆ្នាំ ២០០៨ អាហ្នឹងសងជំងឺចិត្តអស់ប៉ុន្មាន ចុះពីលើឡានប៉ុកៗ អាបីនាក់ អាចោរលក់ជាតិ អាកណ្តាលខូចជាងគេ។ មើលវាអញ្ចឹងទៅ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតដូចជាផាក ១០លាន ដែរ។ ឥឡូវស្នាក់ការហ្នឹងអត់ទាន់គ្រប់ទេ ព្រោះហ្អែងត្រូវសងគេជិត ២លាន ប៉ុន្តែស្នាក់ការហ្នឹងលក់បានតែ ១លាន៦សែន ទេ។ តាមរកទៀត ឱ្យវាដឹងគ្នាម្តងមើល។ បើមិនអញ្ចឹងយើងជាប់ឈ្មោះជាចោររហូតទៅ។ អញ្ចឹងហ្អែងជាចោរ ហ្អែងចោទគេខុស ហ្អែងត្រូវតែសងជំងឺចិត្ត។
ឥឡូវលឺថាប្តឹងឡើងទៅសាទុក្ខហើយ។ ខាងគណបក្សប្រជាជនអត់ត្រូវការប្តឹងសាទុក្ខទេ ព្រោះទារបានតាមសំណងហើយ។ អ្នកឯងនៅសាលាដំបូងគេកាត់ឱ្យយើងតែប៉ុន្មាន? យើងទារ ៤ពាន់លាន គេកាត់ឱ្យតែ ៣ពាន់លាន។ អញ្ចឹងយើងក៏ប្តឹងឧទ្ធរណ៍ដែរ។ ឥឡូវឧទ្ធរណ៍ចេញមកកាត់ឱ្យយើងបាន ៤ពាន់លាន ឥឡូវយើងយកទៅ ៤ពាន់លាន។ ឥឡូវគេប្តឹងសាទុក្ខ។ យើងមិនបាច់ទៅប្តឹងសាទុក្ខទេ ឱ្យតុលាការកំពូលគេកាត់ហើយ រឹបយកតែម្តង កុំឆ្ងល់ពេក ដាក់ដេញថ្លៃទៀត លក់ទៀត។ គណបក្សប្រជាជនបានសំណងហ្នឹងយកទៅធ្វើការបោះឆ្នោត ឬក៏យកទៅជួយប្រជាជន។ ឥឡូវអា ៧សែន ដែលរឹបអូសពីការសងជំងឺចិត្តហ្នឹង ខ្ញុំដាក់ទៅក្នុងគណនីមេធាវីសម្រាប់ មេធាវីការពារក្តីឱ្យជនក្រីក្រ កុំឱ្យហ្អែងប្រហើនពេកមើល។ អញ្ចឹងលុបបំបាត់ចោលនូវវប្បធម៌លាបពណ៌ក្រោយការបោះឆ្នោតថា ឯងជាចោរ បើមិនធ្វើអញ្ចឹងទេ អាហ្នឹងមិនរៀង បើហ្អែងចង់ស្រែកអី ហ្អែងទៅស្រែកនៅក្រៅស្រុកទៅ អញធ្វើអីហ្អែងមិនកើត តែក្នុងស្រុកអញធ្វើហើយ។ អាហ្នឹងនិយាយគ្នាឱ្យច្បាស់ៗ ហើយរឿងច្បាប់របស់ស្រុកខ្មែរ គឺខ្មែរ។
ខ្ញុំគិតថាវែងឆ្ងាយបន្តិចហើយ ក៏ប៉ុន្តែខ្ញុំដូចជាបានគ្របដណ្តប់ទៅលើបញ្ហាទាំងឡាយនេះ។ តែខ្ញុំក៏នៅតែបន្តការអំពាវនាវសម្រាប់ប្រជាពលរដ្ឋ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំសូមចូលរួមនូវការលំបាកជាមួយប្រជាជននៅខេត្តព្រះសីហនុ ដែលមានប្រជាជនប្រមាណជា ៣ពាន់គ្រួសារ។ ខ្យល់ឆ្នាំនេះគឺខ្យល់អាក្រក់តែម្តង មិនមែនតែខ្យល់នៅហ្នឹងទេ ផ្ទះខ្ញុំនៅតាខ្មៅ គ្រាន់តែខ្ញុំដើរចេញក្រៅផ្ទះចង់រលំ វាវាយតែម្តង អញ្ចឹងគឺថា ផ្ទះល្មមៗវាវាយរបើក។ សូមឱ្យមានការប្រុងប្រយ័ត្នជាមួយគ្រប់ទីកន្លែងទាំងអស់។ សូម្បី ឧទ្ធម្ភាគចក្រខ្ញុំអត់ឱ្យឡើងទេ ឧទ្ធម្ភាគចក្រត្រូវត្រៀមមកមួយគូដើម្បីចុះមកកន្លែងហ្នឹង សម្រាប់ក្រែងលោមានការបន្ទាន់អី ខ្ញុំធ្វើដំណើរទៅ តែខ្យល់ខ្លាំងពេកខ្ញុំអត់ឱ្យឡើងទេ ទោះបីអាធុនធំប៉ុណ្ណាក៏ដោយខ្ញុំអត់ឱ្យឡើងទេ។ ឆ្នាំនេះខ្យល់ខ្លាំងបូកជាមួយនឹងភាពរងា តែក្រសួងធនធានទឹកបានប្រកាសព័ត៌មានព្រឹកមិញថា ភាពត្រជាក់មានការថយចុះបន្តិច តែយ៉ាងណាក៏ដោយយើងត្រូវប្រយ័ត្ន ជាពិសេសអ្នកដែលមានជីដូនជីតា ឪពុកម្តាយ ចាស់ៗត្រូវប្រុងប្រយ័ត្នពួកគាត់ចាញ់រងាណាស់។ ខ្ញុំក៏សូមជម្រាបភាពរងានេះគឺធ្វើឱ្យចាស់ៗជួបការលំបាក។ អញ្ចឹងសុំអ្នកដែលមានឪពុកម្តាយ ជីដូនជីតា ចាស់ៗ មេត្តាយកចិត្តទុកដាក់ទៅលើសុខភាពរបស់ពួកគាត់។
ការបន្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ត្រូវបន្តធ្វើ ក្នុងប៉ុន្មានថ្ងៃនេះមានការងើបចុះ ងើបឡើងនៃការឆ្លង ក៏ប៉ុន្តែឆ្លងហ្នឹងវាមិននាំទៅដល់ភាពធ្ងន់ធ្ងរទេ។ ចុងឆ្នាំនេះក៏សូមមានការប្រុងប្រយ័ត្នបន្តទៅទៀតនូវបញ្ហា ៣កុំ ៣ការពារ ជាពិសេសអា ៣ការពារ ហ្នឹងតែម្តង អា ៣កុំ ពិបាកធ្វើ ដូចជាថាកុំទៅទីកន្លែងដែលមានមនុស្សច្រើន ក្នុងពេលដែលយើងប្រជុំមានមនុស្សច្រើនអាហ្នឹងធ្វើវាមិនកើត ប៉ុន្តែ ៣ការពារ យើងនៅអាចធ្វើបាន ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ហើយអា ៣កុំ ក៏អាចធ្វើបាន កុំប៉ះពាល់គ្នា ផ្អាកចាប់ដៃសិនទៅ ដូចជាធម្មតាខ្ញុំដើរមកជួបប្រជាជនមុនពេលកូវីដ-១៩ នេះ ជួបទៅចាប់ដៃអីទៅ ថត Selfie ជាមួយគ្នា តែឥឡូវយើងផ្អាកសិន ដើម្បីការពារ។ ខ្ញុំនេះក៏ជាអ្នកកើតកូវីដ-១៩ ដែរ កូវីដ-១៩ អត់រើសមុខទេ ឥឡូវលេងតែអ្នកធំទៀត។ មុននឹងចេញពីស្រុកខ្មែរខ្ញុំធ្វើតេស្ត ព្រោះយើងធ្វើតេស្តរហ័ស។ ចាប់អត់បាន អូមីក្រុង ទេ ដោយសារមេរោគយើងវាតិច។ ដល់ទៅដល់ឥណ្ឌូនេស៊ី វាចេញមកតែម្តង។ អញ្ចឹងទេត្រូវធ្វើម៉េច? គឺប្រគល់តំណាងប្រធានអាស៊ានហ្នឹងឱ្យទៅឥណ្ឌូនេស៊ីកាន់តែម្តងទៅ គាត់ជាប្រធាន G20 ផង និងប្រធានអាស៊ានផងតែម្តងទៅ។ បានប៉ុណ្ណឹងពួកវាចេញមកអត្ថាធិប្បាយទៀតថា គេបណ្តេញខ្ញុំចេញពីកិច្ចប្រជុំហ្នឹងទៅទៀត។ អានេះពិតជាចង្រៃមែន។
ខ្ញុំត្រូវទទួលទានអាហារជាមួយប្រធានាធិបតីបារាំង ម៉ាក្រុង និងប្រធានាធិបតីប្រទេសមួយចំនួនដែលមកពីអាហ្វ្រិក ប៉ុន្តែដោយសារយន្តហោះរបស់យើងទៅយឺត អញ្ចឹងក៏អាក់ខានទៅ សំណាងហើយដែលពេលនោះខ្ញុំអត់បានទៅទទួលទានអាហារ បើទទួលទានអាហារប្រហែលជាឆ្លងដល់អ្នកដទៃទៀត។ អ្វីដែលខ្ញុំព្រួយជាងគេគឺ ព្រួយមិនមែនខ្លួនខ្ញុំទេ ក្រែងលោអ្នកចេញពីកម្ពុជាទៅកើតកូវីដ-១៩ ទាំងអស់នោះ ខ្ញុំខ្លាចអាហ្នឹង ជាពិសេសប្រធានាធិបតីឥណ្ឌូនេស៊ី ដែលធ្វើជាប្រធាន G20 នោះ គឺតើគាត់ឆ្លងអត់? តែគាត់អត់មាន។ អញ្ចឹងត្រូវណាត់ជួបគ្នានៅបាងកកជាមួយនឹងប្រធានាធិបតីបារាំង ប៉ុន្តែខ្ញុំជាប់កូវីដ-១៩ អញ្ចឹងប្រធានាធិបតីបារាំងអញ្ជើញខ្ញុំទស្សនកិច្ចការងារ ១ថ្ងៃ នៅឯប៉ារីស ហើយជជែកគ្នាក្នុងពេលបាយល្ងាច។ បន្ទាប់ពីបាយហើយនៅពិភាក្សាដាច់ដោយឡែកតែ ២ នាក់នៃជំនួបមួយនេះ។ វាមកថាគេដេញឯងចេញពីអា G20 ប្រធានអាស៊ានមានសិទ្ធិគេអញ្ជើញក្នុងឋានៈប្រធានអាស៊ាន APEC ក៏គេអញ្ជើញ។ ភូតទាំងស្រស់ៗអញ្ចឹង ហើយសួរថា អ្នកគាំទ្រអ្នកទាំងហ្នឹងគាំទ្របានប្រយោជន៍អីទៀត? ព្រោះវាល្ងង់ពេក។
ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់ស្រុកព្រៃនប់ចំនួន ២លាន(រៀល) ស្រុកស្ទឹងហាវចំនួន ២លាន(រៀល) មណ្ឌលសុខភាពវាលរីញចំនួន ២លាន(រៀល) ក្រុមគ្រូពេទ្យប្រចាំការចំនួន ៣លាន(រៀល) ហើយក្រុមតន្ត្រីសម័យចំនួន ៥លាន(រៀល) បន្តិចទៀតខ្ញុំនឹងវិលត្រឡប់ទៅបាយថ្ងៃត្រង់នៅឯភ្នំពេញឯណោះ ព្រោះផ្លូវល្បឿនលឿនទៅតាមហ្នឹង ឥឡូវម៉ោងប៉ុន្មានហើយ? ពាក់ទៅវិញវាមិនកើត(…) ម៉ោង ៩កន្លះ យើងអាចថាទៅដល់ចេញដំណើរពិតប្រាកដគឺម៉ោង ១០។ អញ្ចឹងប្រហែលជាយឺតបន្តិចក៏វាមិនអីដែរ។ ប្រពន្ធខ្ញុំនៅចាំបាយនៅឯណោះ។ គាត់កំពុងមើលហើយ។ ម្សិលមិញចេញមកភ្លេចលាគាត់ ព្រោះប្រញាប់បន្តិច។ ផារ៉ា ហ្នឹងគេទៅចាំប្រជុំរួចហើយ ផារ៉ា គេទៅស៊ីបាយក្នុងឡានគេ ហើយទៅផ្ទះខ្ញុំមុន។ ថា ផារ៉ា មកដល់ហើយ ប៉ុន្តែខ្ញុំត្រូវ អាគេថតភាពយន្តយកមកឆ្លងនឹងយើងមានឃ្លីប អញ្ចឹងយើងរវល់នៅពិនិត្យមើលទៅ។ យើងឱ្យយោបល់ត្រឡប់ទៅវិញថាកែអាចំណុចនេះចំណុចនោះ។ អញ្ចឹងវារាងយឺតបន្តិច។ ដល់ចេញមកហ្នឹងមួលទ្វារបន្ទប់ទៅ គាត់ចាក់សោរ អញ្ចឹងទេមិនបាច់លា។ ប្តីខ្លួនឯងតើ ប៉ុន្តែអត់អីទេ បងទៅវិញទេអូន។
ឥឡូវនេះ យើងនៅទីនេះផ្លូវកាត់ខ្វាត់ខ្វែងវិល ហើយសំណង់នេះគឺប្រើរយៈពេលវែង បើយើងចេះប្រើត្រឹមត្រូវ ហើយយើងនឹងបន្តនូវការអភិវឌ្ឍក្រុងព្រះសីហនុ តាមរយៈការធ្វើចម្រោះទឹកមុននឹងធ្លាក់ទៅសមុទ្រ ត្រូវចម្រាញ់វាឱ្យទៅជាទឹកស្អាត ដែលយើងទើបនឹងធ្វើមហាសន្និបាតក្លឹបឆ្នេរសមុទ្ររយៈពេលកន្លងទៅ ប្រទេសជាច្រើនបានចូលរួមហើយខ្ញុំបានមកចូលបើក ហើយនឹងធ្វើបុណ្យសមុទ្រទើបនឹងហើយដែលទេ។ អញ្ចឹងខ្ញុំគឺថា ប៉ុន្មានខែនេះគឺជាប់រហូត តែខ្ញុំមិនដឹងថាខ្ញុំមិនថ្ងូរ ហើយខ្ញុំក៏មិនទារប្រាក់ខែបន្ថែមដែរ ព្រោះមិនដឹងទៅទារឯណា? ព្រោះខ្លួនឯងជាអ្នកកំណត់ប្រាក់ខែទៅឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការជួយដល់ប្រជាជនក្នុងពេលរងវិបត្តិកូវីដ-១៩ បូកនឹងអតិផរណា និងគ្រោះទឹកជំនន់នេះថែមទៀត។
អ្វីដែលសំខាន់គឺ ពេលខ្លះសុំដេកហើយធ្វើម៉េចឱ្យបានដេកបន្តិច ជាពិសេសគឺពេលថ្ងៃតែម្តង។ ពេលយប់ដេកបានប៉ុន្មានយកប៉ុណ្ណឹង ប៉ុន្តែពេលថ្ងៃធ្វើម៉េចឱ្យបានដេកបន្តិច ១៥នាទី ក៏យកដែរ។ អាហ្នឹងភ្ញាក់ឡើងគឺទៅតែម្តង រួចថាលោក ហ៊ុន សែន ម៉េចធ្វើការច្រើនម៉េះ។ បើវាត្រូវច្រើនហើយ វាត្រូវតែច្រើនអញ្ចឹង វាមិនដឹងចែករំលែកឱ្យអ្នកណា។ ចុងបញ្ចប់ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវលេខ ១៤៦ B ហៅថាវិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស និងផ្លូវលេខ ១៤៨ ហៅថាតីរវិថី សម្តេច តេជោ ហ៊ុន សែន ប្រវែង ៤៣,០២៥ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ជាមួយនឹងការចំណាយថវិកាជាតិចំនួន ៧៦លានដុល្លារសហរដ្ឋអាមេរិក។ អនុញ្ញាតឱ្យខ្ញុំជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់សូមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ សកលនៅពេលខាងមុខនេះ សូមប្រកបតែនឹងពុទ្ធពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕