- ឯកឧត្ដម ឆាលស៍ មីសែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប
- លោកជំទាវ អឺរស៊ូឡា វុនឌ ឡូយន (Ursular von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប
- ឯកឧត្ដម ភីតធើ ហ្វអាឡា (Petr Fiala) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក និងជាប្រធាន ក្រុមប្រឹក្សាសហភាពអឺរ៉ុប
- ព្រះចៅស៊ុលតង់, ឯកឧត្តម, លោកជំទាវថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប និង អាស៊ាន!
ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប, សូមអនុញ្ញាតឱ្យខ្ញុំចាប់ផ្តើមដោយការថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប សម្រាប់ការផ្តួចផ្តើមរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនេះ ក៏ដូចជាសម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅដល់យើងខ្ញុំទាំងអស់គា្ន។
ជាការពិតកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាបង្គោលចរដ៏ធំមួយ នៃទំនាក់ទំនងដ៏យូរអង្វែង ជាង ៤ ទសវត្សរ៍កន្លះរបស់យើង។ តាមទម្លាប់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាឱកាសដ៏ពិសេសមួយ សម្រាប់ការពិនិត្យមើលស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ក៏ដូចជាការផ្លាស់ប្តូរនូវទស្សនវិស័យ និងស្មារតី ដើម្បីតម្រង់ទិសដៅទៅអនាគតសម្រាប់ទំនាក់ទំនងរបស់យើង។ ដូចដែលយើងដឹងស្រាប់ហើយថា ការវិវឌ្ឍយ៉ាងរហ័សនៃនិម្មាបនកម្មតំបន់ និងសកល រួមទាំងបញ្ហាប្រឈមបែបប្រពៃណី និងមិនមែនប្រពៃណីផ្សេងទៀត សុទ្ធតែជាចំណុចសំខាន់សម្រាប់ការពិចារណា នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនាថ្ងៃនេះ។
- ព្រះចៅស៊ុលតង់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ស្មារតី, មនសិការ និងបំណងប្រាថ្នារួម ចំពោះសន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងពីររបស់យើង បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកបដោយភាពជោគជ័យ ជាមួយនឹងផែនការសកម្មភាព ឆ្នាំ ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និងគ្របដណ្តប់យ៉ាងទូលំទូលាយទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន។ ជាមួយគ្នានេះ, ខ្ញុំសូមកត់ស្គាល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃការអនុវត្តផែនការសកម្មភាព ឆ្នាំ ២០១៨- ២០២២។
ប្រាកដណាស់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូវបានរៀបចំឡើងក្នុងពេលដែលពហុភាគីនិយម បាន និងកំពុងទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាន និងកំពុងទទួលរងនូវការគំរាមកំហែងដោយសកម្មភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហលើច្បាប់, បទដ្ឋាន និងគោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។
សម្រាប់ដំណើរឆ្ពោះទៅមុខ, ខ្ញុំជឿជាក់ថា អាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីធានាសណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ប្រកបដោយបរិយាបន្ន, ភាពបើកចំហ, តម្លាភាព និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ក្នុងនាមជាប្លុកតំបន់ពីរ ដែលផ្អែកលើច្បាប់ និងមានការទទួលខុសត្រូវ, អាស៊ាន និងសហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និងលើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់, បទដ្ឋាន និងគោលការណ៍ ដែលត្រូវបានទទួលស្គាល់ជាសកល ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងសន្តិភាព និងស្ថិរភាព និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់របស់យើង ក៏ដូចជាពិភពលោក។
ជាមួយនឹងការកត់សម្គាល់ផ្ទាល់ខ្លួន និងបទពិសោធនៃករណីជម្លោះ ដែលបានអូសបន្លាយ និងបង្កជាសោកនាដកម្មនៅកម្ពុជា, ខ្ញុំមិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាព តាមរយៈ ការធ្វើសង្គ្រាម ឬការគំរាមបង្កសង្គ្រាមនោះឡើយ។ ក្នុងន័យនេះ, ខ្ញុំសង្ឃឹមដោយស្មោះថា យើងគួរតែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ជាវិធីសាស្ត្ររួមរបស់យើង។
- ព្រះចៅស៊ុលតង់, ឯកឧត្តម, លោកជំទាវលោក, លោកស្រី!
ខ្ញុំមានទំនុកចិត្តថា កិច្ចពិភាក្សានៅក្នុងថ្ងៃនេះ នឹងអនុញ្ញាតឱ្យយើងធ្វើការផ្លាស់ប្ដូរនូវស្មារតីរួមរបស់យើង ឱ្យទៅជាចក្ខុវិស័យ ប្រកបដោយភាពជាក់ស្ដែងនិយម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់តំបន់របស់យើង និងពិភពលោកទាំងមូល សម្រាប់រយៈពេលជាច្រើនទសវត្សរ៍ទៅមុខ។ ខ្ញុំទន្ទឹងរង់ចាំការពិភាក្សាដោយត្រង់ទៅត្រង់មក, បើកចំហ និងស្ថាបនា៕
សូមអរគុណ!