សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និង វិបុលភាពក្នុងអាស៊ាន»
បណ្ឌិត ឆាង ដេ វ៉ាន់ (CHANG Dae-whan), ប្រធានសាជីវកម្មសារព័ត៌មានមេហ្គីយ៉ុង (Maekyung) និងស្ថាបនិកនៃវេទិកាចំណេះដឹងពិភពលោក, ឯកឧត្តម, លោកជំទាវ, លោក លោកស្រី, និងភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី! ជាបឋម, ខ្ញុំសូមចូលរួមអបអរសាទរដល់ វេទិកាចំណេះដឹងពិភពលោក ក្នុងឱកាសខួបលើកទី ២៥ នៃការបង្កើតវេទិកាដ៏មានសារៈសំខាន់នេះ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ស្ថាបនិក បណ្ឌិត ឆាង ដេ វ៉ាន់ ដែលវេទិកានេះ តែងតែប្រមូលផ្តុំមេដឹកនាំនៃគំនិតនៅលើពិភពលោក ទាំងក្នុងវិស័យរដ្ឋាភិបាល, ឯកជន, សិក្សាធិការ និងវិទ្យាសាស្ត្រ ដើម្បីពិភាក្សាលើបញ្ហាដែលកំពុងលេចឡើងថ្មី និងបញ្ហាប្រឈមនានា ដែលជះឥទ្ធិពលដល់អភិបាលកិច្ចសកល ក្នុងបរិបទនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្ងៃនេះ, ខ្ញុំមានក្តីរីករាយនឹងចែករំលែកនៅក្នុងវេទិកាដ៏ឧត្តុង្គឧត្តមនេះ លើប្រធានបទស្តីពី «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ដែលខ្ញុំគិតថា មានសារៈសំខាន់ ខណៈពេលដែលពិភពលោកយើងកំពុងជួបប្រឈមនឹងនិន្នាការ ដែលជំរុញការបែកបាក់, ការបែងចែក, ការរើសអើង, ការមិនឱ្យតម្លៃទៅលើគោលការណ៍ពហុភាគីនិយម និងបញ្ហាប្រឈមជាច្រើន ដែលជះឥទ្ធិពលដល់សន្តិភាព, សន្តិសុខ និងអាចបង្កជាឧបសគ្គដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ បើយើងក្រឡេកមើលថយក្រោយ, នៅពេលដែលកម្ពុជា…