Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) ខួប៧២ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជន ប្រវត្តិសាស្ត្រ៤៦ ឆ្នាំនៃការតស៊ូដើម្បីរំដោះជាតិ បង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍ អរគុណសម្រាប់ការចូលរួមទាំងអស់គ្នានៅថ្ងៃនេះ។ ជំនួបរបស់យើងធ្វើនៅចំពេលខួបលើកទី៧២ ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែឆ្នាំនេះ យើងមិនបានធ្វើពិធីបុណ្យនៅចំថ្ងៃខួបលើកទី៧២ ចំថ្ងៃទី២៨ ខែមិថុនានោះទេ ព្រោះយើងត្រូវគួបផ្សំជាមួយនឹងការបើកយុទ្ធនាការបោះឆ្នោតនៅថ្ងៃទី១ ខែកក្កដា ប៉ុន្មានថ្ងៃខាងមុខនេះ។ យ៉ាងណាក៏យើងមិនឲ្យចន្លោះប្រហោងទេ។ ថ្ងៃនេះគឺមានសាររបស់សមាជិក សមាជិកា គណបក្សប្រជាជនបានបង្ហោះព្រោងព្រាតស្តីអំពីខួបអនុស្សាវរីយ៍លើកទី៧២ ឆ្នាំ។ គណបក្សមានអាយុ ៧២ឆ្នាំ ឯប្រធានគណបក្សគឺមានអាយុ ៧១ឆ្នាំ។ អញ្ចឹងខ្ញុំកើតក្រោយ។ រឿងរ៉ាវអតីតកាលនោះ យើងគ្រាន់តែបានដឹងទៅតាមប្រវត្តិសាស្រ្តតែប៉ុណ្ណោះ តែអ្វីដែលច្បាស់គឺរយៈពេល ៤៦ ឆ្នាំនេះ គឺជារយៈកាលដែលខ្ញុំច្បាស់នៅក្នុងប្រវត្តិនៃការដឹកនាំការតស៊ូដើម្បីរំដោះជាតិ ក៏ដូចជាការតស៊ូដើម្បីបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍរហូតមកដល់ពេលនេះ។ ស្នាមថើបបង្ហាញពីទំនាក់ទំនងជិតស្និទ្ធប្រៀបដូចជាក្រុមគ្រួសារ ថ្ងៃនេះ យើងជួបគ្នា។ ខ្ញុំងាកទៅអាណិតអ្នកដើរតាមវិញទេ។ អ្នកដើរតាមហ្នឹងវិលកង់រហូត។ ក្រោកពីយប់ៗទៀត … ក្មួយៗយប់មិញនេះប្រហែលជាអ្នកខ្លះក្រោកម៉ោង២។ សុំសួរបន្តិច តើក្រែមរបស់អ្នកណាទៅវើយ ថ្ងៃក្រោយកុំជូតចេញទុកក្រែមហ្នឹងឲ្យវាជាប់ថ្ពាល់ម្តងមើល។ ប៉ុន្តែក្រែមអ្នកស្រុកខ្មែរយើង មិនខ្លាំងដូចក្រែមអ្នកនៅអូស្រ្តាលីទេ។ ក្រែមនៅស្រុកខ្មែរយើងឆាប់រលប់វិញទេ។ អ្នកខ្លះគ្នាក៏មិនលាបក្រែមមកដែរ។ នៅអូស្រ្តាលីស្រាប់តែលេងមួយខ្វាច់មកពីខាងណេះ ទាល់ចូលបន្ទប់កេះវាចេញបានរលប់។…
បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! បន្ទាប់ពីការចេញបញ្ជាកាលពីថ្ងៃ កម្លាំងបន្ថែមសម្រាប់បម្រើឱ្យការបាញ់កំទេចដ្រូន ដែលហៅថាយន្តហោះគ្មានមនុស្សបើក បានចេញដំណើររួចស្រេចហើយ។ ខ្ញុំសូមអំពាវនាវ បងប្អូន(ប្រជាពលរដ្ឋ)នៅខេត្តក្រចេះ, រតនគិរី, មណ្ឌលគិរី និងទីកន្លែងដែលកងកម្លាំងកងទ័ពបានឆ្លងកាត់ កុំមានការភ័យព្រួយពីការមានសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ ការធ្វើដំណើរនៃកម្លាំងប្រដាប់អាវុធចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តរតនគិរី ឬមណ្ឌលគិរី និងតាមខេត្តក្រចេះ ត្បូងឃ្មុំ គឺជាកម្លាំងអន្តរាគមន៍ជួយដល់យោធភូមិភាគទី១។ ដោយសារតែមានការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលយើងមិនដឹងប្រភពថាចេញពីទីកន្លែងណា យើងមានការចាំបាច់ការពារអធិបតេយ្យភាពជាតិ។ ខ្ញុំចាត់ទុកថានេះជាការឈ្លានពាន ហើយជាការប៉ុនប៉ងធ្វើភេរវកម្មនៅលើទឹកដីកម្ពុជា។ ខ្ញុំសូមដាក់ចេញបទបញ្ជាបន្ថែមឱ្យកម្លាំងនៅយោធភូមិភាគទី១ សហការជាមួយគ្រប់កម្លាំងទាំងអស់រុករកអ្នកដែលមកលាក់ខ្លួននៅលើទឹកដីកម្ពុជា។ ការធ្វើដំណើរទៅនេះ មិនមែនត្រឹមតែដើម្បីពួនស្ទាក់កំទេចយន្តហោះគ្មានមនុស្សបើក ដែលហៅថាដ្រូននោះទេ ក៏ប៉ុន្តែក៏ត្រូវរុករកកម្លាំងដែលរត់ឆ្លងកាត់ពីប្រទេសវៀតណាម ចូលមកលាក់ខ្លួនក្នុងទឹកដីកម្ពុជា។ យើងអំពាវនាវចំពោះប្រទេសទាំងឡាយដែលផ្ដល់ទីតាំងឱ្យយន្តហោះគ្មានមនុស្សបើកហោះចូលមកក្នុងទឹកដីរបស់យើង បញ្ឈប់ជាបន្ទាន់សកម្មភាពដែលមានចរិកជាភេរវកម្ម ប្រឆាំងនឹងឯករាជ្យអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សហការផ្ដល់ព័ត៌មានអំពីអ្នកដែលលាក់ខ្លួននៅក្នុងទឹកដីកម្ពុជា។ ច្បាស់ណាស់ថា ដ្រូននេះកំពុងតែស្វែងរកធ្វើទំនាក់ទំនងជាមួយក្រុមបាក់ទ័ពដែលរត់ចេញពីប្រទេសវៀតណាម ហើយអាចនឹងមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋរបស់យើងផ្តល់នូវកិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មានអោយកងទ័ពរបស់យើងផ្នែកខាងក្រោម … និយាយរួមយើងមានអាវុធច្រើនប្រភេទដើម្បីកំទេច យន្តហោះដែលគ្មានមនុស្សបើក ដែលប៉ុន្មានយប់កន្លងទៅនេះ តែងបានបំពានលើអធិបតេយ្យរបស់យើង។ ខ្ញុំចាត់ទុកថានេះជាអំពើភេរវកម្ម។ សាជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវចំពោះប្រទេសជិតខាងដែលផ្ដល់មូលដ្ឋានសម្រាប់ការហោះហើររបស់ដ្រូន បញ្ឈប់សកម្មភាពនេះជាបន្ទាន់ និងសូមគោរពអធិបតេយ្យភាពរបស់យើង។ យើងគ្មានប្រាថ្នាអ្វីក្រៅពីសេចក្ដីសុខនិងឯករាជ្យអធិបតេយ្យភាពរបស់យើងនោះទេ។ សូមប្រជាពលរដ្ឋរបស់យើងកុំមានការព្រួយបារម្ភនិងជ្រួលច្របល់ចំពោះសភាពការណ៍ ដែលអាចនឹងកើតឡើងនៅក្នុងពេលដែលយើងចល័តកងទ័ព បូកជាមួយនឹងការដែលអាចនឹងមានការបាញ់ទម្លាក់នូវយន្តហោះគ្មានមនុស្សបើកនៅក្នុងទឹកដីកម្ពុជា។ ជឿជាក់ថារាជរដ្ឋាភិបាលអាចនឹងគ្រប់គ្រងសភាពការទាំងអស់នេះ ដោយមានកិច្ចសហការពីភាគីវៀតណាម ដែលជាជនរងគ្រោះដោយសារអំពើភេរវកម្មក្នុងរយៈកន្លងទៅនេះ។…
សំណួរសំណេះសំណាល សុខសប្បាយទេទាំងអស់គ្នានេះ? ខ្ញុំគួរតែមានសំណួរខ្លះមុននឹងយើងនិយាយគ្នា។ ចាប់ផ្ដើមពូចង់សួរថា តើមានកម្មករ/ការិនីប៉ុន្មាននាក់ដែលក្រោយថ្ងៃធ្វើការនៅរោងចក្រ យប់ទៅសំរាកនៅផ្ទះ? សុំលើកដៃ? មានចំនួនប៉ុន្មានដែលជួលផ្ទះគេនៅ? … យ៉ាងណាក៏ដោយ យើងឃើញចំនួនអ្នកដែលបានធ្វើការតាមរោងចក្រពេលថ្ងៃ យប់ទៅសំរាកផ្ទះ។ តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំង?(ច្រើនគ្នា)។ អ្នកដែលមិនបានចាក់មានប៉ុន្មានទៅ?(អត់មានទេ) ការមិនបានចាក់វ៉ាក់សាំង វាមិនមែនជាកំហុសរបស់ក្មួយៗទេ។ ពេលដំបូងនោះទាំងពេទ្យ ទាំងក្មួយៗដែលត្រូវការវ៉ាក់សាំងសុទ្ធតែការយល់ខុសខ្លះ។ ឧទាហរណ៍ ដូចជាគេថាធ្លាប់កើតជំងឺហឺត គឺគេមិនឲ្យចាក់។ អញ្ចឹងទេអ្នកធ្លាប់មានជំងឺហឺត គឺគេមិនឲ្យចាក់ទេ ដល់ក្រោយមកបានគេបញ្ជាក់ថា ជំងឺហឺតចាក់បាន គេហាមតែពេលកំពុងហឺតទេ បើអត់មានហឺតផង ចាក់បាន។ ឥឡូវដល់ដូសទីប៉ុន្មានហើយក្មួយៗ? ទី ៤ ឬ៥? ឥឡូវអ្នកចាក់ដូសទី ៣ ឡើងបានប៉ុន្មាននាក់ទៅ?(បួននាក់អង្គុយខាងមុខនេះ សុទ្ធតែកូនប្រុស អត់មានកូនស្រីមួយគូណាសោះ ភ្លោះប្រុស ៤ គូ)។ ក្នុងចំណោមទាំងអស់គ្នាជិត ២ ម៉ឺននាក់នេះ អ្នកដែលមានទូរស័ព្ទប្រើប៉ុន្មាននាក់ទៅ? អ្នកលេងហ្វេសប៊ុកប៉ុន្មាននាក់ទៅ(ច្រើន) ខ្លាំងជាងមន្ដ្រីរដ្ឋាភិបាលមួយចំនួនទៀត។ មន្ដ្រីរដ្ឋាភិបាលមួយចំនួនអត់មានហ្វេសប៊ុកផង។ មន្ដ្រីមួយចំនួនគួរខ្មាសកម្មករផង។ មន្ដ្រីមួយចំនួនមិនចេះលេងហ្វេសប៊ុកទេ។ អាបង្ហោះក៏មិនបង្ហោះ អាឆែកមើលគេក៏មិនឆែកមើល។ មិនមែនបង្អាប់មន្ដ្រីលើកកម្មករទេ ក៏ប៉ុន្ដែយើងបានឃើញចលនាពិត។ អម្បាញ់មិញសួររឿងមានទូរស័ព្ទ អញ្ចឹងវាមានទាំងស្មាតហ្វូន…