បាឋកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានបទ “កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក”
ឯកឧត្តមបណ្ឌិត កៅ គីមហួន អគ្គលេខាធិការអាស៊ានឯកឧត្តមលោកជំទាវ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និង ឯកអគ្គរដ្ឋទូតទីម័រខាងកើតឯកឧត្តមលោកជំទាវ ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនៃបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន និងបណ្តាប្រទេសដៃគូផ្សេងទៀតឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងធ្វើបាឋកថាទាក់ទងនឹងអាស៊ាន ក្នុងនាមជាអតីតប្រមុខរាជរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានមួយរូប ដែលបានធ្វើជាប្រធានប្តូរវេនអាស៊ាន រហូតដល់ទៅ ៣ លើកនៅក្នុងអាជីពនយោបាយរបស់ខ្ញុំ។ ខ្ញុំពិតជាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ជាមួយអាស៊ាន ហើយខ្ញុំសូមឆ្លៀតយកឱកាសនេះ នៅទីកន្លែងនេះ ដើម្បីសម្តែងការគោរពដល់បណ្តាស្ថាបនិកដ៏ឧត្តុង្គឧត្តមរបស់អាស៊ាន ព្រមទាំងអតីតមេដឹកនាំអាស៊ានទាំងឡាយ ដែលបានបូជាកម្លាំងកាយ និងស្មារតី និងចូលរួមចំណែកជាបញ្ញាញាណ ប្រកបដោយគតិបណ្ឌិត នៅក្នុងការកសាង រៀបចំរចនាសម្ព័ន្ធស្ថាប័ន និងនិម្មាបនកម្មតំបន់ដែលយកសន្តិភាពនិងប្រជាជនជាស្នូល។ ជាមួយនឹងភាពចម្រុះដ៏សម្បូរបែបរបស់អាស៊ាន ទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ខ្ញុំពិតជាមិនអាចនិយាយជំនួសឱ្យប្រទេសអាស៊ានទាំងអស់នោះឡើយ តែខ្ញុំអាចចែករំលែកបានពីជ្រុងមួយ នៃទស្សនៈរបស់ប្រទេសសមាជិក ដែលចូលក្រោយគេ ប៉ុន្តែ មិនមែនសមាជិកកូនពៅ ដោយសារថា យើងនឹងមានបន្ថែមប្រទេសទីម័រឡេស្តេ ជាសមាជិកថ្មី ក្នុងពេលដ៏ឆាប់ខាងមុខ។ ដោយហេតុថា អាស៊ាន តែងតែបានទាក់ទាញការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកស្រាវជ្រាវ និងអ្នកតាមដាន…