ឯកឧត្តមបណ្ឌិត កៅ គីមហួន អគ្គលេខាធិការអាស៊ាន
ឯកឧត្តមលោកជំទាវ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និង ឯកអគ្គរដ្ឋទូតទីម័រខាងកើត
ឯកឧត្តមលោកជំទាវ ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនៃបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន និងបណ្តាប្រទេសដៃគូផ្សេងទៀត
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងធ្វើបាឋកថាទាក់ទងនឹងអាស៊ាន ក្នុងនាមជាអតីតប្រមុខរាជរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានមួយរូប ដែលបានធ្វើជាប្រធានប្តូរវេនអាស៊ាន រហូតដល់ទៅ ៣ លើកនៅក្នុងអាជីពនយោបាយរបស់ខ្ញុំ។ ខ្ញុំពិតជាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ជាមួយអាស៊ាន ហើយខ្ញុំសូមឆ្លៀតយកឱកាសនេះ នៅទីកន្លែងនេះ ដើម្បីសម្តែងការគោរពដល់បណ្តាស្ថាបនិកដ៏ឧត្តុង្គឧត្តមរបស់អាស៊ាន ព្រមទាំងអតីតមេដឹកនាំអាស៊ានទាំងឡាយ ដែលបានបូជាកម្លាំងកាយ និងស្មារតី និងចូលរួមចំណែកជាបញ្ញាញាណ ប្រកបដោយគតិបណ្ឌិត នៅក្នុងការកសាង រៀបចំរចនាសម្ព័ន្ធស្ថាប័ន និងនិម្មាបនកម្មតំបន់ដែលយកសន្តិភាពនិងប្រជាជនជាស្នូល។
ជាមួយនឹងភាពចម្រុះដ៏សម្បូរបែបរបស់អាស៊ាន ទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ខ្ញុំពិតជាមិនអាចនិយាយជំនួសឱ្យប្រទេសអាស៊ានទាំងអស់នោះឡើយ តែខ្ញុំអាចចែករំលែកបានពីជ្រុងមួយ នៃទស្សនៈរបស់ប្រទេសសមាជិក ដែលចូលក្រោយគេ ប៉ុន្តែ មិនមែនសមាជិកកូនពៅ ដោយសារថា យើងនឹងមានបន្ថែមប្រទេសទីម័រឡេស្តេ ជាសមាជិកថ្មី ក្នុងពេលដ៏ឆាប់ខាងមុខ។ ដោយហេតុថា អាស៊ាន តែងតែបានទាក់ទាញការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកស្រាវជ្រាវ និងអ្នកតាមដាន នយោបាយអន្តរជាតិ ដូច្នេះ ខ្ញុំនឹងមិនរ៉ាយរ៉ាប់ច្រើនអំពីបញ្ហាប្រឈមជាទូទៅដែលអាស៊ាន បាននិងកំពុងជួបប្រទះនោះទេ។ ខ្ញុំចង់យកឱកាសនេះ ផ្តោតលើរឿងរ៉ាវល្អៗកាលពីអតីតកាល និងទស្សនៈវិស័យប្រកបដោយសុទិដ្ឋិនិយមរបស់អាស៊ាន នាពេលអនាគត។ ខ្ញុំនឹងបែងចែកបទបង្ហាញរបស់ខ្ញុំ ជា ២ ផ្នែកធំៗ។ សម្រាប់រឿងរ៉ាវពីអតីតកាល ខ្ញុំចង់ផ្តោតលើទំនាក់ទំនង “កម្ពុជា និងអាស៊ាន” ហើយសម្រាប់រឿងរ៉ាវអនាគត ខ្ញុំចង់ផ្តោតលើទំនាក់ទំនង “អាស៊ាន និងពិភពលោក” ហើយតាមរយៈនេះ ខ្ញុំសូមស្នើឱ្យទស្សនិកជនទាំងឡាយ ទាញសេចក្តីសន្និដ្ឋានដោយខ្លួនឯងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អាស៊ាន ដែលខ្ញុំគិតថា មិនមានចម្លើយដាច់ណាត់នោះឡើយ។
[ផ្ដើមសេចក្ដីអធិប្បាយ១]
មុននឹងចូលដល់ខ្លឹមសារ ខ្ញុំសូមជម្រាបជូនឯកឧត្ដម លោកជំទាវ នៅទីនេះថា មុនខ្ញុំមកកាន់ទីនេះ ខ្ញុំបានធ្វើទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ី ហើយធ្វើការ ៣ម៉ោងជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីព្រឹកមិញនេះ។ ខ្ញុំក៏មានជំនួបផ្សេងបន្តទៀតនៅថ្ងៃស្អែកនិងខានស្អែក រួមនឹងបាឋកថាមួយផ្សេងទៀត ដែលនិយាយអំពីការកសាងសន្តិភាពនៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា។
[ចប់សេចក្ដីអធិប្បាយ១]
ផ្នែកទី១ “កម្ពុជា និងអាស៊ាន”
នៅក្នុងមួយជីវិតរបស់ខ្ញុំ ការលំបាកទាំងឡាយដែលខ្ញុំបានជួបប្រទះ ហើយត្រូវខិតខំជំនះ គឺជាបទពិសោធដ៏មានតម្លៃ មិនមែនសម្រាប់តែខ្លួនខ្ញុំនោះទេ ប៉ុន្តែ ក៏មានអត្ថន័យជាប្រវត្តិសាស្ត្រ និងមានលក្ខណៈជាទស្សនវិជ្ជាដឹកនាំ របស់ប្រទេសកម្ពុជា ដែលយើងតែងតែទទួលអារម្មណ៍ថា ជាប្រទេសអាភ័ព្វ ជួបទុក្ខវេទនា និងសោកនាដកម្ម រាប់មិនអស់។ ប៉ុន្តែ នៅក្នុងជំនាន់របស់ខ្ញុំ នៅក្រោមការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា ខ្ញុំមានមោទនភាពនឹងនិយាយថា កម្ពុជា មិនមែនជាប្រទេសកំសត់ទៀតឡើយ ហើយក្រសែភ្នែកអន្តរជាតិ ក៏ចាប់ផ្តើម មើលមកប្រទេសកម្ពុជា ក្នុងមនោសញ្ចេតនាគោរព និងផ្តល់តម្លៃ ក្នុងនាមជាប្រទេស ដែលមានសមត្ថភាពចូលរួមរៀបចំរបៀបវារៈ និងនិម្មាបនកម្មតំបន់ ប្រកបដោយការទទួលខុសត្រូវ ចំពោះសន្តិភាព និងប្រជាជន។
ខ្ញុំមិនមែនមានតែបទពិសោធកសាងប្រទេសពីបាតដៃទទេនោះទេ សូម្បីតែវត្តមានរបស់កម្ពុជា នៅក្នុងអាស៊ានក៏ខ្ញុំជាអ្នកគូសវាសរៀបចំផ្លូវ ពីចំណុចសូន្យដែរ។ ដើម្បីយល់បានពីទស្សនៈកម្ពុជា មានភាពចាំបាច់ដែលយើងត្រូវយល់ពីស្ថានភាព និងបទពិសោធ ដែលកម្ពុជា បានឆ្លងកាត់ ដើម្បីស្វែងយល់ថា ថ្នាក់ដឹកនាំរបស់កម្ពុជា ជាទូទៅ មិនមែនតែខ្ញុំម្នាក់ឯងទេ ចង់បានអ្វី ចង់ទាមទារអ្វីសម្រាប់កម្ពុជា? ចំណុចចាប់ផ្តើមរបស់យើង កើតចេញពីភាពឯកោ ខាងនយោបាយ ការទូត និងសេដ្ឋកិច្ច ហើយភាពតភ្ជាប់របស់កម្ពុជា ជាមួយនឹងអាស៊ាន មានឫសគល់ចេញពីភាពឯកានេះឯង ពោលគឺសេចក្តីស្រេកឃ្លាន ចង់បានការទទួលស្គាល់ស្មើមុខ ស្មើសិទ្ធិ និងការចង់បានការគោរពពេញលេញ លើឯករាជ្យអធិបតេយ្យ និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិមួយ នៅក្នុងតំបន់។
ចំណុចចាប់ផ្តើមរបស់កម្ពុជា ជាមួយអាស៊ាន មិនមែនជារឿងរ៉ាវល្អប៉ុន្មាននោះទេ ព្រោះថា នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ និងដើមទសវត្សរ៍ឆ្នាំ៩០ អាស៊ាន គឺជាស្ថាប័នឈានមុខ ដឹកនាំការបដិសេធភាពស្របច្បាប់របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ដែលនៅពេលនោះត្រូវបានចាត់ទុកថា ជារដ្ឋាភិបាលនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ហើយការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន័ ប៉ុល ពត ដោយកងទ័ពវៀតណាម ត្រូវបានអាស៊ានចាត់ទុកថា ជាការកាន់កាប់ប្រទេសកម្ពុជា ដោយប្រទេសវៀតណាម។ យើងត្រូវដឹងច្បាស់ថា កាលៈទេសៈពេលនោះ ឥទ្ធិពលនៃសង្គ្រាមត្រជាក់ បានក្លាយជាផ្សែងបាំងមុខមេដឹកនាំមួយចំនួន ទាំងក្នុងតំបន់ និងក្រៅតំបន់ ឱ្យមើលឃើញថា ភាពជាកុម្មុយនីស្ត គឺជាឧក្រិដ្ឋកម្ម ដែលធ្ងន់ធ្ងរជាងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទៅទៀត ហើយជាលទ្ធផល រដ្ឋាភិបាលដែលរំដោះប្រជាជន និងប្រជាជនកម្ពុជា ដែលនៅរស់រានមានជីវិត ត្រូវទទួលរងទណ្ឌកម្មយ៉ាងអយុត្តិធម៌ អស់រយៈកាល ១២ ឆ្នាំ បន្ថែមទៀត ហើយរដ្ឋាភិបាលដែលមានសមាសភាពឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិ បែរជាទទួលបានអាសនៈស្របច្បាប់នៅអង្គការសហប្រជាជាតិទៅវិញ។ នេះគឺជាតថភាពប្រវត្តិសាស្ត្រ និងជាជម្រៅនៃភាពឯការបស់កម្ពុជា។
ប៉ុន្តែ ការចងចាំរបស់យើងក៏មិនមែនមានតែមួយទិស ដោយគ្មានភាពប្រទាញប្រទង់នោះដែរ ព្រោះថា នយោបាយអន្តរជាតិ នៅពេលនោះ ពិតជាស្មុគស្មាញខ្លាំងណាស់។ ខ្ញុំចង់គូសរំលេចពីភាពផ្ទុយគ្នាមួយ នោះគឺអន្តរាគមន៍របស់អាស៊ាន នៅក្នុងដំណើរការកសាងសន្តិភាព របស់កម្ពុជា។ ម្ខាង, អាស៊ានប្រឆាំងនឹងភាពស្របច្បាប់របស់រដ្ឋាភិបាលដែលកាន់កាប់ក្រុងភ្នំពេញ តែម្ខាងទៀត អាស៊ានគឺជាអន្តរការីដ៏សំខាន់បំផុតមួយ ដែលជួយជំរុញឱ្យមានសន្តិភាពនៅកម្ពុជា ដោយមានការចូលរួមពីរដ្ឋាភិបាលដែលអាស៊ាន មិនរាប់អាន និងដាក់ឱ្យឯកាទៅវិញ។
[ផ្ដើមសេចក្ដីអធិប្បាយ២]
ចំណុចនេះ ខ្ញុំសូមអធ្យាស្រ័យដោយត្រូវបញ្ជាក់ដើម្បីយើងអាចនឹងនិយាយគ្នា ព្រោះបញ្ហាអ្វីដែលបាននិងកំពុងកើតនេះ វាជាមោទនភាពរបស់បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍យើង។ យើងត្រូវទទួលស្គាល់ការពិតនៃប្រវត្តិសាស្រ្ត។ តំបន់អាស៊ីអាគ្នេយ៍មុននេះ គឺបែងចែកជាប្លុកពីរយ៉ាងច្បាស់។ ប្លុកមួយគឺអាស៊ាន ៥ ឯប្លុកមួយទៀតគឺឥណ្ឌូចិន ដោយមិនទាន់រាប់បញ្ជូលមីយ៉ាន់ម៉ានោះផងទេ។ ប្រហែលជានៅទីនេះ ក៏មានអ្នកអាចនៅចាំ ឬក៏អ្នកសិក្សាទាក់ទងនឹងទ្រឹស្ដី domino។ គេព្រួយបារម្ភធំបំផុតស្ទើរតែលើសពីអ្វីដែលហៅថាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬរបបប្រល័យពូជសាសន៍ គឺខ្លាចលទ្ធិកុម្មុយនីស្ដនោះឯង។
ដូច្នេះ អាស៊ានក៏មានដំណាក់កាលនៃការបន្តជួយអូសបន្លាយសង្រ្គាមនៅកម្ពុជាដែរ។ យើងត្រូវនិយាយការពិត ព្រោះខ្ញុំអាចជំរាបជូនបានថា ប្រសិនបើគ្មានវត្តមានអាស៊ានជួយខ្មែរក្រហមនោះទេ ខ្មែរក្រហមអាចនឹងងាយស្លាប់ ហើយសង្រ្គាមនៅកម្ពុជាអាចឆាប់ចប់។ ប៉ុន្តែ តាមរយៈនៃសកម្មភាពមួយចំនួន រាប់ទាំងទឹកដីអាស៊ានត្រូវបានប្រើក្នុងការបង្កើតរដ្ឋាភិបាលត្រីភាគីដើម្បីជួយសម្របភាពស្របច្បាប់ឱ្យខ្មែរក្រហមទៅកាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ ក៏ជាមូលដ្ឋានមួយនៃការអូសបន្លាយ(ជម្លោះនិងសង្គ្រាមនោះដែរ)។ បើនិយាយថយក្រោយថែមបន្តិចទៀត នៅពេលសង្រ្គាមផ្ទុះឡើង ឬដែលគេហៅថា សង្រ្គាមឥណ្ឌូចិន ឬគេហៅថាសង្រ្គាមវៀតណាម ទឹកដីនៃប្រទេសអាស៊ានខ្លះ បានក្លាយជាទីតាំងយោធារបស់បរទេស ទៅទម្លាក់គ្រាប់បែកនៅកម្ពុជា នៅវៀតណាម នៅឡាវ។ នេះជារឿងពិតនៃប្រវត្តិសាស្រ្ត។
ផ្ដើមចេញពីចំណុចនេះ តំបន់(អាស៊ីភាគអាគ្នេយ៍)មួយ មានប្លុកពីរគឺអាស៊ាននិងឥណ្ឌូចិន។ មានដំណាក់កាលដែលមានការប្រឈមមុខទាំងស្រុង និងមានដំណាក់កាលសហការផងប្រឈមមុខដាក់គ្នាផង ប៉ុន្តែអ្វីដែលជាមោទនភាពនៃប្រជាជាតិអាស៊ីអាគ្នេយ៍ គឺការប្រែក្លាយបានពីការប្រឈមមុខ ឬជម្លោះ ទៅជាប្រជាជាតិ ទៅជាតំបន់មួយដែលមានការឯកភាពគឺអាស៊ាននេះឯង។ នេះគឺជាសមិទ្ធផលដ៏ធំនៅក្នុងតំបន់របស់យើង ដែលងាកចេញពីការប្រឈមមុខដាក់គ្នា ទៅជាការរួបរួមជាតួអង្គមួយក្នុងតំបន់ ដែលយើងគួរត្រូវបាន(ចងចាំនិងទុក)ជាមេរៀនពិសោធន៍ ដែលយើងកសាងបានសំរេចនូវចំណុចនេះ។ នេះជាចំណុចខ្លាំង។
ខ្ញុំគិតថា កម្ពុជាបានជំពាក់គុណរបស់អាស៊ាន ត្រង់ថា អាស៊ានបានដើរតួនាទីគន្លឹះជួយរកសន្តិភាពសម្រាប់កម្ពុជា។ ខ្ញុំលើកឧទាហរណ៍ ទាក់ទិនជាមួយទឹកដីឥណ្ឌូនេស៊ី។ ពេលនោះ ថៃនិងឥណ្ឌូនេស៊ី ពិសេសឥណ្ឌូនេស៊ីតែម្ដង បានទុកចោលមួយអន្លើអំពីការទទួលស្គាល់ ឬមិនទទួលស្គាល់(រដ្ឋកម្ពុជា) ប៉ុន្តែបានផ្ដោតការយកចិត្តទុកដាក់ទៅលើសន្តិភាពរបស់កម្ពុជា ដោយបានខ្នះខ្នែងរៀបចំ(កិច្ចប្រជុំក្រៅផ្លូវការ) JIM1 (កិច្ចប្រជុំក្រៅផ្លូវការ) JIM2 ដោយផ្ដើមពីការជួបនៅបូហ្គោ ឆ្នាំ១៩៨៨ ក្រោយការចរចារវាង សីហនុ-ហ៊ុនសែន ចាប់ផ្ដើម។ ដូច្នេះ ភាពស៊ីវិល័យរបស់អាស៊ានស្ថិតនៅត្រង់ថា អាស៊ានបានដើរដល់ដំណាក់កាលនៃការរុញច្រាន(ភាគីពាក់ព័ន្ធក៏ដូចជាសមាជិកអាស៊ានខ្លួនឯង) ដើម្បីឈានទៅដល់(ការសំរេចបាន)សន្តិភាព(អោយកម្ពុជាក៏ដូចជាតំបន់)។ ប្រសិនបើអាស៊ានមិនស្វះស្វែងដោះស្រាយបញ្ហានេះទេ គឺប្រហែលជាប្រទេសក្រៅតំបន់ រាប់ទាំងប្រទេសធំទាំង៥ របស់អង្គការសហប្រជាជាតិ ក៏គ្មានលទ្ធភាពនឹងធ្វើសកម្មភាព(ដោះស្រាយបញ្ហា)បានដែរ។
[ចប់សេចក្ដីអធិប្បាយ២]
ត្រង់ចំណុចនេះ ខ្ញុំត្រូវនិយាយឱ្យច្បាស់ថា កម្ពុជាពិតជាបានជំពាក់គុណអាស៊ាន (និងអរគុណអាស៊ាន)។ យើងចងចាំមិនភ្លេចទេថា ការកសាងសន្តិភាពរបស់កម្ពុជា មានចំណែកដ៏ធំមួយរបស់អាស៊ាន ទោះបីជាពេលនោះកម្ពុជាមិនទាន់ក្លាយជាសមាជិកអាស៊ានក៏ដោយ។ សូមស្រមៃមើលចុះ តើថៃបានដើរតួនាទីប៉ុណ្ណា នៅក្នុងការទទួលថែទាំជនភៀសខ្លួនរបស់កម្ពុជា និងការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនជិត ៤ សែននាក់[1]? ហេតុអ្វីបានជាឯកឧត្តម ឆាវាលីត យុងឆៃយុទ្ធ សុខចិត្តសម្របសម្រួលឱ្យមានការចរចារវាងភាគីរបស់កម្ពុជា ទាំងនៅលើទឹកដីថៃ […]
[ផ្ដើមសេចក្ដីអធិប្បាយ៣]
ហើយថែមទាំងសម្របសម្រួលជាមួយជប៉ុន ដើម្បីចុះហត្ថលេខាបង្កើត(ឧត្តមក្រុមប្រឹក្សាជាតិ) SNC នៅតូក្យូ។ ហេតុអ្វីបានជាឥណ្ឌូនេស៊ី ដែលមានអតីតរដ្ឋមន្ត្រីការបរទេស Ali Alatas សុខចិត្តរៀបចំទឹកដីឥណ្ឌូនេស៊ី ជាទីកន្លែងប្រជុំច្រើនលើកច្រើនសា តាំងពី JIM1, JIM2, IMC និងការប្រជុំផ្សេងៗទៀត រាប់ទាំងការរៀបចំសមាសភាពក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជានៅទីក្រុងហ្សាការតានេះ? ប្រធានាធិបតី Suharto កាលពេលនោះ ទោះបីមិនទទួលស្គាល់រដ្ឋាភិបាលរបស់ខ្ញុំ ក៏គាត់នៅតែផ្តល់ឱកាសឱ្យមានការសន្ទនាជាមួយគ្នា។ ខែមករា ឆ្នាំ១៩៨៩ ទោះមិនទទួលស្គាល់រដ្ឋាភិបាលរបស់ខ្ញុំក៏ដោយ នាយករដ្ឋមន្ត្រីថៃ Chatichai Choonhavan បានអញ្ជើញខ្ញុំឱ្យធ្វើទស្សនកិច្ចនៅប្រទេសថៃ។ ត្រង់នេះហើយដែលខ្ញុំនិយាយថា “ចំណុចខ្លាំងនិងភាពស៊ីវិល័យរបស់អាស៊ាន ស្ថិតនៅត្រង់ ការរុញច្រានភាគីដែលមានជម្លោះជាមួយគ្នា ឱ្យចូលតុចរចានិងបញ្ចប់សង្គ្រាម” បើទោះបីមានបញ្ហាដែលខ្ញុំលើកឡើងពីដើមក៏ដោយ។ នេះគឺជាប្រវត្តិសាស្ត្រដែលយើងត្រូវចងចាំទាំងអស់គ្នា។
[ចប់សេចក្ដីអធិប្បាយ៣]
អំណាចទន់ អំណាចចរចា ដោយគ្មានគ្រាប់កាំភ្លើង យន្តការពហុភាគីនិយមដែលត្រូវការការចូលរួមពីតួអង្គច្រើន។ បើយើងប្រៀបធៀបនឹងបច្ចុប្បន្ន នៅពេលដែលពិភពលោកកំពុងតែជួបប្រទះនឹងភាពច្របូកច្របល់ យើងលែងឮទៀតហើយនូវវេទិកាចរចាអន្តរភាគីកម្រិតអន្តរជាតិ យើងលែងឮទៀតហើយនូវភាពស៊ីវិល័យផ្នែកការទូត ដែលយកការចរចាជាធំ ទោះបីជាភាគីណាមួយ មិនមានការទទួលស្គាល់ក៏ដោយ។ ខ្ញុំសូមរំលឹកថា ជាក់ស្តែង ប្រទេសអាស៊ាន មិនបានទទួលស្គាល់រដ្ឋាភិបាលក្រុងភ្នំពេញនោះទេ ហើយរដ្ឋាភិបាលក្រុងភ្នំពេញ ក៏មិនបានទទួលស្គាល់ភាគីខ្មែរក្រហមដែរ។ ដូច្នេះ ការប្រមូលគ្រប់ភាគីពាក់ព័ន្ធឱ្យមកចូលតុចរចាដោយសន្តិវិធី ភាពថ្លៃថ្នូរ និងស៊ីវិល័យ គឺជាកត្តាសំខាន់ណាស់។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
ត្រង់ចំណុចនេះ ខ្ញុំកំពុងធ្វើការប្រៀបធៀបថា កាលពីពេលមុន នៅតំបន់របស់យើងពោរពេញដោយជម្លោះ ក៏ប៉ុន្តែភាពស៊ីវិល័យរបស់យើងនៅត្រង់ថា រុញបណ្តាភាគីពាក់ព័ន្ធចូលតុចរចា។ ប៉ុន្តែ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន គឺការចរចា(អាចកើតមាន)នៅទីណា? វាហាក់ដូចជា ពេលខ្លះ មានសម្លេងខ្លះថា “បើការចរចានៅពេលនេះគឺអ៊ុយក្រែននឹងបាត់ប្រៀប”។ សម្ដីនេះមានន័យថា ចង់ឲ្យអ៊ុយក្រែនដណ្តើមឧត្តមភាពយោធាជាមុន រួចហើយចាំចូលតុចរចា។ គ្មានផ្លូវទេ ដែលរុស្សីនឹងអនុញ្ញាតឲ្យអ៊ុយក្រែនមានឧត្តមភាពលើសមរភូមិដើម្បីសង្កត់តុចរចា។ គ្មានផ្លូវទេ។ ប៉ុន្តែ នៅក្នុងក្របខ័ណ្ឌអាស៊ានដែលចូលរួមដោះស្រាយជម្លោះកម្ពុជាមិនបានគិតពីស្ថានភាពលើសមរភូមិយោធានោះទេ តែគិតខ្លាំងលើការបង្រួបបង្រួមនិងផ្សះផ្សាជាតិ។ ចំណុចនេះហើយដែលខ្ញុំសូមសំដែងនូវការគោរពចំពោះមេដឹកនាំអាស៊ាននៅជំនាន់នោះ។
[ចប់សេចក្ដីអធិប្បាយ៤]
មេរៀនប្រវត្តិសាស្ត្រនេះ នៅតែមានតម្លៃមកទល់បច្ចុប្បន្ន នៅត្រង់ចំណុចថា បើទោះបីជាអាស៊ាន ចាត់ទុករដ្ឋាភិបាលណាមួយមិនស្របច្បាប់ក៏ដោយ ដើម្បីសន្តិសុខ សន្តិភាព និងស្ថិរភាពរួម អាស៊ាន នៅតែបន្តជំរុញការចរចា ទាំងផ្លូវការ និងមិនផ្លូវការ ទាំងបើកចំហ និងសំងាត់ ដើម្បីផលប្រយោជន៍ធំដែលមិនអាចតថ្លៃបាន នោះគឺសន្តិភាពសម្រាប់តំបន់ទាំងមូល។ អាស៊ានគ្មានការអល់អែក ឬខ្លាចបាត់បង់កិត្តិយស ដោយសារថា បានទាក់ទងជាមួយប្រទេសកុម្មុយនីស្ត ឬប្រទេសមិនមានឯករាជ្យពេញលេញនោះទេ ព្រោះសន្តិភាពសម្រាប់តំបន់ទាំងមូលមានសារៈសំខាន់ ជាងភាពត្រឹមត្រូវផ្នែកមនោគមវិជ្ជា ដែលអរូបីទៅទៀត។ ប្រជាជនគឺរស់នឹងសន្តិភាព ហើយប្រជាជនអាចស្លាប់ដោយមនោគមវិជ្ជា ដូច្នេះ យើងអាចវាយតម្លៃបានថា អាស៊ាននៅពេលនោះ បានប្រកាន់ខ្ជាប់លទ្ធិប្រាកដនិយមមួយកម្រិត នៅពេលដែលអាស៊ាន បានចរចាជាមួយនឹងរដ្ឋាភិបាលក្រុងភ្នំពេញដែលពួកគេគិតថា មិនស្របច្បាប់។ អាស៊ានបានគោរពភាពជាម្ចាស់ និងសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ដោយមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ តែអាស៊ានបានចូលរួមសម្របសម្រួលកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធទាំងអស់របស់កម្ពុជា ដោយមានការស្នើសុំ និងការទទួលស្គាល់តួនាទីរបស់អាស៊ាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
[ផ្ដើមសេចក្ដីអធិប្បាយ៥]
ចំណុចនេះ សំខាន់ណាស់ ហើយក៏ជាអំណោយផលផងដែរ។ ពេលនោះ ទោះបីជាមានរដ្ឋាភិបាល២ (ក៏ពិតមែន) ប៉ុន្ដែភាគីកម្ពុជាមានដល់ទៅ ៤(ភាគី)។ មានភាពស្មុគស្មាញណាស់។ ប៉ុន្ដែ ភាគីទាំងអស់សុទ្ធតែទទួលស្គាល់តួនាទីរបស់អាស៊ាន ហើយក៏បានបង្កលក្ខណៈឲ្យអាស៊ានសម្របសម្រួលលើបញ្ហាទាំងអស់នេះ។ ខ្ញុំជាតួអង្គចរចាដោយផ្ទាល់ ហើយដៃគូចរចារបស់ខ្ញុំមានច្រើន។ ខ្ញុំមិនបានឃើញអាស៊ានលូកដៃចូលកិច្ចការទាក់ទងនឹងអ្វី(ដែល)ជាភាពត្រូវគ្នា និងភាពខុសគ្នារបស់កម្ពុជាទេ គឺបានទុកឲ្យភាគីកម្ពុជាស្រុះស្រួលដោយខ្លួនឯង។ នេះគឺជាចំណុចពិសេស ដែលខ្ញុំសូមលើកជាការគោរពចំពោះភាពស៊ីវិល័យរបស់អាស៊ាន។
[ចប់សេចក្ដីអធិប្បាយ៥]
ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីថា មុននឹងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ អាស៊ាន គឺជាតួអង្គនាំមុខ ជួយត្រួសត្រាយផ្លូវឱ្យមានការចរចារវាងភាគីទាំង ៤ របស់កម្ពុជា។ ក្រោយពេលដែលយើងបានរៀបចំរាជរដ្ឋាភិបាល នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ យើងក៏ចាប់ផ្តើមមានទំនាក់ទំនងការទូត ពេញមុខ ពេញមាត់ ជាមួយនឹងបណ្តាប្រទេសអាស៊ានឡើងវិញ ហើយខ្ញុំក៏បានសម្លឹងឃើញឱកាសជាច្រើន និងភាពចាំបាច់ជាយុទ្ធសាស្ត្រ ដែលកម្ពុជាត្រូវខិតខំចូលជាសមាជិកអាស៊ានឱ្យបាន ហើយក្រោមការដឹកនាំរបស់ខ្ញុំ ខ្ញុំបាននាំកម្ពុជាចូលជាសមាជិក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បានន័យថា នៅចុងខែមេសា ខាងមុខនេះ គឺជាខួបទី ២៦ ឆ្នាំនៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ ការចូលជាសមាជិកអាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រដែលសំខាន់បំផុតមួយរបស់កម្ពុជា ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើថាមភាព និងវិសាលភាពការទូតរបស់កម្ពុជា។ នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងជាប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវបំផុតមួយរបស់កម្ពុជា ដែលមានវិសាលភាពធំទូលាយ មិនត្រឹមតែទៅលើ ទិដ្ឋភាពនយោបាយការទូត សេដ្ឋកិច្ច និងវប្បធម៌នោះទេ តែថែមទាំងលើទិដ្ឋភាពអភិបាលកិច្ចរដ្ឋផងដែរ។ ដូច្នេះ អាស៊ានពិតជាមានទីតាំងពិសេសក្នុងបេះដូងនិងការចងចាំរបស់ខ្ញុំ។ មានមូលហេតុសំខាន់៤ ដែលខ្ញុំគិតថាកម្ពុជាត្រូវតែចូលអាស៊ានឱ្យបាន ហើយកត្តាទំាងនេះ នៅតែមានសារសំខាន់ដដែល ទោះបីជានៅក្រោយពេលជិត ៣០ ឆ្នាំនៃការសម្រេចចិត្តក៏ដោយ។ ឥឡូវខ្ញុំសូមលើកពីមូលហេតុទាំង៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ាន[2] នោះគឺ៖
ទី១. គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក៖ កត្តានេះជាកត្តាធំបំផុត ដែលទាក់ទាញកម្ពុជាចូលអាស៊ាន។ ជាទស្សនៈរួមនៃអ្នកដឹកនាំខ្មែរ យើងមានការចងចាំថា សោកនាដកម្មរបស់កម្ពុជា មានឫសគល់ចេញពីអន្តរាគមន៍របស់បរទេស ទៅលើនយោបាយផ្ទៃក្នុងរបស់កម្ពុជា។ នៅពេលដែលឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាច បានរាលដាលដល់កម្ពុជា ហើយមានការលូកដៃចូលជ្រៅទៅក្នុងនយោបាយផ្ទៃក្នុង ដែលឈានដល់ការធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពេលនោះហើយដែលជាចំណុចចាប់ផ្តើមនៃការធ្លាក់ចូលអន្លង់ដ៏សែនជ្រៅនៃការបែកបាក់ផ្ទៃក្នុង ហើយកម្ពុជាបាត់បង់ការកាន់កាប់លើជោគវាសនាប្រទេសជាតិខ្លួន កម្ពុជាបានក្លាយជាវេទិកានៃសង្គ្រាមដោយតួអង្គតំណាងផង និងជាសង្គ្រាមស៊ីវិល ប្រល័យពូជសាសន៍ជាតិឯងផង។ ចេញពីមេរៀនប្រវត្តិសាស្ត្រនេះ គោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុង របស់អាស៊ាន ពិតជាមានភាពទាក់ទាញជាពិសេស សម្រាប់កម្ពុជា។
[ផ្ដើមសេចក្ដីអធិប្បាយ៦]
ចំណុចនេះ វាសំខាន់ខ្លាំងណាស់ មិនគ្រាន់តែសម្រាប់កម្ពុជាទេ។ ខ្ញុំគិតថា នេះជាគោលការណ៍ទូទៅ ដែលប្រទេសទាំងឡាយខិតខំចៀសវាង (មិនឱ្យមាន)ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។
[ចប់សេចក្ដីអធិប្បាយ៦]
ទី២. ស្មារតីសហគមន៍៖ ស្មារតីសហគមន៍ គឺការធ្វើការដោយគោរពគោលការណ៍កុងសង់ស៊ីស។ រឿងនេះសំខាន់ខ្លាំងណាស់ ដើម្បីធានាថា ប្រទេសសមាជិកទាំងអស់មានសិទ្ធិស្មើគ្នា គ្មានប្រទេសតូច គ្មានប្រទេសធំ គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ គ្មានប្រទេសចាស់ គ្មានប្រទេសថ្មី។ អាស៊ានមិនបានធ្វើការតាមរយៈការបោះឆ្នោតយកសម្លេងភាគច្រើននោះទេ ព្រោះការណ៍នេះ នឹងអាចនាំឱ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ាន។ ថ្វីត្បិតតែពេលខ្លះ គោលការណ៍នេះអាចបង្កើតឱ្យមានភាពតានតឹងខ្លះ ប៉ុន្តែ បើវាយតម្លៃជារួម លើប្រវត្តិសាស្ត្រ យើងឃើញថា គោលការណ៍នេះ គឺជាមូលដ្ឋានដ៏រឹងមាំនៅក្នុងការធានាឯកភាព និងសាមគ្គីភាពយូរអង្វែងរបស់អាស៊ាន បើទោះបីត្រូវឆ្លងកាត់វិញ្ញាសាលំបាកបែបណាក៏ដោយ។
យើងពិតជាបានស្តាប់ឮនូវការអត្ថាធិប្បាយ ដែលចង់សើរើគោលការណ៍កុងសង់ស៊ីស និងការចោទប្រកាន់ដោយប្រយោលថា ប្រទេសចូលថ្មី បំពានសិទ្ធិវ៉េតូ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ត្រង់នេះ ខ្ញុំចង់សួរត្រឡប់ទៅវិញថា តើជាការពិតដែរឬទេ ដែលប្រទេសសមាជិកដើម មានជំហរឯកភាពគ្នា លើគ្រប់បញ្ហានៅក្នុងតំបន់នោះ ? ពិតជាមិនអាចទៅរួចទេ ដូច្នេះ ហើយបិតាស្ថាបនិកអាស៊ានក៏បានប្រមើលឃើញទិដ្ឋភាពបែបនេះដែរ នៅពេលដែលពួកគាត់រៀបចំឱ្យមានគោលការណ៍កុងសង់ស៊ីស។ អាស៊ានមានភាពចម្រុះខ្លាំង ហើយប្រទេសនីមួយៗ សុទ្ធតែមានការពិចារណាលើផលប្រយោជន៍តំបន់ ទន្ទឹមគ្នានឹងផលប្រយោជន៍ប្រទេស ដែលការថ្លឹងថ្លែងទាំងនេះ ពិតជាមិនអាចដូចគ្នាឥតខ្ចោះ នៅគ្រប់កាលៈទេសៈនោះទេ។ ការធានាឯកភាពក្នុងតំបន់ “សាមគ្គីភាពក្នុងភាពចម្រុះ” និងភាពស្អិតរមួតស្ថាប័ន ត្រូវការ “កាវបិត” ដែលមានប្រសិទ្ធភាព និងប្រកបដោយបញ្ញាញាណ (sophisticated) នោះគឺគោលការណ៍កុងសង់ស៊ីសនោះឯង។ តាមពិត ក្នុងការអនុវត្តជាក់ស្តែង កុងសង់ស៊ីស មិនមែន “រឹងត្អឹង” នោះទេ។ ឧបមាថា ថ្ងៃនេះ យើងមិនអាចមានកុងសង់ស៊ីស លើគោលជំហរណាមួយ យើងអាចស្ទាបស្ទង់ដឹងថា តើបន្ទាត់ក្រហមនៃគោលជំហររបស់ប្រទេសពាក់ព័ន្ធផ្សេងទៀតនោះ គឺជាអ្វី។ ដូច្នេះ នេះគឺជាសិល្បៈដែលមានលក្ខណៈជាស្ថាប័ន របស់អាស៊ាន នៅក្នុងការកែសម្រួល សម្របសម្រួលអត្ថន័យ ខ្លឹមសារ ឬមធ្យោបាយណាមួយ នៃគោលជំហរ ដែលសមាជិកទាំងអស់អាចទទួលយកបាន។ ច្បាស់ណាស់ថា ការសម្របសម្រួលបែបនេះ ត្រូវការពេលវេលាច្រើន ប៉ុន្តែ គោលការណ៍នេះ បានធានានូវភាពសុខដុមផ្ទៃក្នុងអាស៊ាន អស់រយៈកាល ៥៨ ឆ្នាំមកហើយ។ យើងអាចមានចិត្តអន្ទះសារ នៅពេលដែលយើងឃើញមានការរាំងស្ទះលើបញ្ហាណាមួយ ដែលអាស៊ានពុំមានគោលជំហររួម ប៉ុន្តែ បើមើលលើមាគ៌ា ៥៨ ឆ្នាំដែលយើងបានដើររួមគ្នា យើងគួរតែមានមោទនភាពទៅវិញទេ ដែលយើងអាចនៅធ្វើការជាមួយគ្នាបាន រីកចម្រើនជាមួយគ្នាបាន នៅពេលដែលស្ថាប័នពហុភាគី ឬស្ថាប័នតំបន់ និងអនុតំបន់ ជាច្រើនផ្សេងទៀត បានថមថយឥទ្ធិពល ឬក៏បាត់មុខពីវេទិកាការទូតតែម្តង។ ត្រង់នេះ យើងត្រូវតែគោរព និងផ្តល់តម្លៃ ដល់បញ្ញាញាណប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់បិតាស្ថាបនិករបស់អាស៊ាន ហើយប្រទេសសមាជិកទាំងអស់ សុទ្ធតែមានចំណែក នៅក្នុងការថែរក្សាប្រពៃណីដ៏ឧត្តុង្គឧត្តមរបស់អាស៊ាន ដែលយើងបានខិតខំកសាងរួមគ្នាអស់រយៈពេលជាយូរមកហើយ។
[ផ្ដើមសេចក្ដីអធិប្បាយ៧]
ឯកឧត្ដម លោកជំទាវ! សុំអធ្យាស្រ័យផង ប្រហែលជាត្រូវរង់ចាំស្ដាប់យូរបន្តិច។ ខ្ញុំចង់និយាយរឿងមួយពាក់ព័ន្ធនឹងបញ្ហាកុងសង់ស៊ីសដើម្បីចែករំលែក ព្រោះក្រៅពីខ្ញុំ ប្រហែលជាមានតែឯកសារខ្លះនៅក្នុងលេខាធិការដ្ឋានអាស៊ាន(និយាយពីរឿងនេះ)ក៏មិនដឹង។ នោះគឺជាពេលវេលានៃការអនុម័តធម្មនុញ្ញអាស៊ាន នៅសេប៊ូ ប្រទេសហ្វីលីពីន ឆ្នាំ២០០៧។ ពេលនោះ មានបញ្ហា ២លេចឡើង។ ខ្ញុំគិតថា អ្នកចូលរួមអាស៊ានមួយចំនួនអាចនឹងនៅចងចាំ។ បើនិយាយពីមេដឹកនាំជំនាន់នោះ នៅក្នុងក្របខ័ណ្ឌខាងប្រទេសម៉ាឡេស៊ីដែលជាប្រធានបច្ចុប្បន្នគឺដឹកនាំដោយឯកឧត្ដម អតីតនាយករដ្ឋមន្រ្តី (Abdullah Ahmad) Badawi ដែលទើបនឹងចែកឋានទៅ។ ហ្វីលីពីន គឺអតីតប្រធានាធិបតី Arroyo។ មីយ៉ាន់ម៉ា មានប្រធានាធិបតី Thein Sein។ ថៃ (តំណាង)ដោយ Surayud Chulanont។ សិង្ហបុរី (តំណាង)ដោយឯកឧត្ដម Lee Hsien Loong វៀតណាម ដោយឯកឧត្ដម Nguyen Tan Dung និងមានស៊ុលតង់ ប្រ៊ុយណេ និងកម្ពុជាគឺខ្ញុំ។
ពេលនោះចំណុច២បានលេចឡើង។ ទី១ គឺការគ្រោងរៀបចំឲ្យមានការអនុម័តដោយបោះឆ្នោត។ ទី២ គឺលេចឡើងនូវចំណោទថា តើអាស៊ានមានសិទ្ធិបណ្ដេញសមាជិកចេញឬទេ នៅពេលដែលប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។ ខ្ញុំបានធ្វើអន្តរាគមន៍លើបញ្ហានេះថា ប្រសិនបើយើងអនុម័តដោយការបោះឆ្នោត អាស៊ាននឹងបែកបាក់ ព្រោះនឹងមានសមាជិកបោះឆ្នោតគាំទ្រ សមាជិកបោះឆ្នោតប្រឆាំង និងសមាជិកបោះអនុបវាទ។ ដូច្នេះ អាស៊ានមិនអាចមានការឯកភាពទេ គឺមានតែនឹងបែកបាក់ និងចុះខ្សោយ ដោយប្រមូលផ្ដុំគ្នាទៅជាក្រុម ជាបក្សជាពួក។ ដូច្នេះ យើងសុខចិត្តទ្រាំទ្រនូវការលំបាកនេះ។ ហេតុនេះហើយបានជានៅក្នុងធម្មនុញ្ញអាស៊ានបន្តមកទៀត យើងរក្សាគោលការណ៍ដែលមានពីមុន ឬដែលបិតាស្ថាបនិកអាស៊ានធ្លាប់ធ្វើ គឺគោលការណ៍កុងសង់ស៊ីស។ ពិតហើយ វាលំបាកបន្តិច តែវាគ្រាន់ជាងការបែកបាក់។ នេះជាចំណុចទី១។
ចំណុចទី២ ទាក់ទិននឹងការបណ្ដេញសមាជិកអាស៊ាន ក្នុងករណីមានកំហុសធ្ងន់ធ្ងរ។ ខ្ញុំបានចោទសួរទៅក្នុងអង្គប្រជុំថា តើអ្វីទៅដែលហៅថាកំហុសធ្ងន់ធ្ងរ? តើជារដ្ឋប្រហារយោធាឬ? ពេលនោះ នៅក្នុងអង្គប្រជុំពិតជាស្រឡាំងកាំងជាមួយសំណួរនេះ។ តែសំណួរទី២ បន្ថែម តើយន្តការណាទៅដែលអាចប្រើដើម្បីវាយតម្លៃថាកំហុសនេះធ្ងន់ ឬស្រាល? ទីចុងបំផុត ពុំមានការចែងក្នុងធម្មនុញ្ញអាស៊ានទាក់ទិននឹងការអនុម័តដោយការបោះឆ្នោត និងការបណ្ដេញចេញនោះទេ។ ខ្ញុំបានចូលរួមចំណែកតាំងពីដើមទី ចំពោះការបញ្ជូនឥស្សរជនឆ្នើមរបស់កម្ពុជា គឺបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមកចូលរួម។ ខ្ញុំថាឲ្យប្រុងប្រយ័ត្នពីគោលការណ៍កុងសង់ស៊ីសនិងការបោះឆ្នោត។
ពិតដូចការប៉ាន់ស្មាន។ នៅឯសេប៊ូ យើងប្រជុំនៅពេលល្ងាច។ ប្រហែលជាមួយចំនួនដែលជាជំនួយការរបស់ខ្ញុំ រាប់ទាំង ឯកឧត្ដម កៅ គីមហួន អគ្គលេខាធិការអាស៊ានពេលនេះផងដែរ អាចនៅចងចាំរឿងនេះ។ ពេលណាខ្ញុំស្លាប់ទៅ ខ្ញុំអាចនាំ(រឿងទាំងនេះទៅតាម)ជាមួយ តែឥឡូវខ្ញុំបាននិយាយជាចំហ។ កន្លងទៅ មិនទាន់មាននរណានិយាយជាចំហចំពោះចំណុចនេះទេ។ មានការជជែកគ្នាលើបញ្ហានេះ។ ទីចុងបំផុត គឺយើងរក្សាបាន មិនឲ្យមានការបណ្ដេញសមាជិក។ តើមានយន្តការណាទៅដែលអាចវាយតម្លៃថា កំហុសនេះធ្ងន់ ឬស្រាល? ខ្ញុំបានចោទសួរថា អ្វីទៅដែលហៅថាកំហុសធ្ងន់? តើជារដ្ឋប្រហារយោធាឬអី?
សង្ឃឹមថា ឯកឧត្ដម លោកជំទាវ ចងចាំ និងកត់ត្រាទុករឿងនេះ។ មិនដឹងថាតើលេខាធិការដ្ឋានអាស៊ានកាលដូចជា (ដឹកនាំដោយឯកឧត្តម) Ong Keng Yong អគ្គលេខាធិការអាស៊ាន មកពីសិង្ហបុរី មានរក្សាកំណត់ហេតុនេះទុកឬអត់? ប៉ុន្តែ សម្រាប់ខ្លួនខ្ញុំ ដូចកុំព្យូទ័រអញ្ចឹង។ វាចេញពីខួរក្បាលរបស់ខ្ញុំ។ អញ្ចឹងខ្ញុំនៅចាំវា។ គោលការណ៍កុងសង់ស៊ីស ដែលខ្ញុំហៅថា ស្មារតីសហគមន៍ អត់មានបែងចែកថាប្រទេសតូច ប្រទេសធំ ប្រទេសក្រ ប្រទេសមាន ប្រទេសមុន ប្រទេសក្រោយនោះទេ។ ត្រូវមានសិទ្ធិដូចគ្នាក្នុងការអនុម័តរកការស្រុះស្រួល ព្រមព្រៀង ជាជាងការបោះឆ្នោត ដែលនាំទៅដល់ការបែកបាក់។
[ចប់សេចក្ដីអធិប្បាយ៧]
ទី៣. ការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម តាមរយៈការជំរុញសមាហរណកម្ម៖ មានទិដ្ឋភាពច្រើននៃសមាហរណកម្ម ដែលប្រទេសសមាជិកទាំងអស់សុទ្ធតែទទួលបានផលប្រយោជន៍ តាមរយៈការពង្រឹងភាពតភ្ជាប់ទាំងរូបវន្ត និងផ្នែកទន់ ការគិតគូររួមគ្នា ដើម្បីជំរុញវិស័យដែលមានប្រយោជន៍រួម និងការបង្រួមគម្លាតនៃការអភិវឌ្ឍ។ យើងបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលពង្រឹងភាពតភ្ជាប់ក្នុងតំបន់ ដើម្បីបង្កើនការផ្លាស់ប្តូរទំនិញ និងប្រជាជន ហើយឧទាហរណ៍ជាក់ស្តែងបំផុតនោះ គឺការលើកលែងទិដ្ឋាការសម្រាប់ការបម្លាស់ទីរបស់ប្រជាជន នៅក្នុងតំបន់ទាំងមូលតែម្តង។ ការកាត់បន្ថយគម្លាត រវាងប្រទេសអាស៊ានចាស់ និងអាស៊ានថ្មី តាមរយៈគំនិតផ្តួចផ្តើមស្តីសមាហរណកម្មអាស៊ាន ដែលបានចាប់ផ្តើមពីឆ្នាំ២០០០ មកជាពិសេស លើការពង្រឹងសមត្ថភាពស្ថាប័ន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា។ ប្រទេសដៃគូនៅខាងក្រៅ ក៏បានចូលរួមយ៉ាងច្រើន ដើម្បីពន្លឿនដំណើរការនៃការធ្វើសមហរណកម្ម ដោយពន្លឿនការអភិវឌ្ឍនៅក្នុងប្រទេសដែលជាសមាជិកថ្មី ដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលត្រូវការធ្វើសមាហរណកម្ម ដើម្បីកាត់បន្ថយគម្លាតជាមួយប្រទេសសមាជិកមានការអភិវឌ្ឍច្រើនជាង។
[ផ្ដើមសេចក្ដីអធិប្បាយ៨]
អម្បាញ់មិញ ពេលរៀបរាប់ទៅ ក៏នឹកឃើញថា (នៅ)ខ្វះឡាវ។ ឡាវគឺមាន ឯកឧត្ដម Bounnhang Vorachith ពេលនោះជានាយករដ្ឋមន្រ្តី ដែលចូលរួមអនុម័តនូវធម្មនុញ្ញអាស៊ានឆ្នាំ២០០៧។
[ចប់សេចក្ដីអធិប្បាយ៨]
ខ្ញុំចង់គូសបញ្ជាក់ថា មានការយល់ខុសមួយចំនួនថា កម្ពុជា ឬប្រទេសចូលថ្មី ដែលមានសេដ្ឋកិច្ចតូច នឹងអូសជើងអាស៊ានឱ្យដើរយឺត។ តាមពិត ប្រទេសចូលថ្មី មិនបានអូសដំណើរ ពឹងពាក់ ឬដណ្តើមផលប្រយោជន៍ពីប្រទេសចូលមុននោះទេ។ ខ្ញុំសូមបង្ហាញតួលេខជាក់ស្តែង។ នៅពេលដែលអាស៊ានបង្កើតឡើងនៅឆ្នាំ ១៩៦៧ អាស៊ានមានទំហំសេដ្ឋកិច្ចត្រឹមតែ ២៤ ប៊ីលានដុល្លារប៉ុណ្ណោះ[3] ប៉ុន្តែ នៅឆ្នាំ ២០២៤ ផសស របស់អាស៊ាន ១០ ប្រទេស មានរហូតដល់ ៣,៨ ទ្រីលានដុល្លារ ដែលជាសេដ្ឋកិច្ចធំបំផុតទី ៥ នៅលើពិភពលោក ហើយអាចនឹងហក់ឡើងទៅលេខ ៤ នៅឆ្នាំ ២០៣០[4] ហើយទំហំពាណិជ្ជកម្មទំនិញបានកើនដល់ ៣,៥ ទ្រីលានដុល្លារ ជិតស្មើនឹងទំហំ ផសស ក្នុងនោះ ២១,៥% ជាពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន។ ទំហំវិនិយោគបរទេសសរុប មានដល់ទៅ ២២៩,៨ ប៊ីលាន ហើយក្នុងនោះ ៩,៥% គឺជាទុនវិនិយោគផ្ទៃក្នុងអាស៊ាន។ តួលេខនេះបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានពុំបានដើរថយក្រោយ ដោយសារមានសមាជិកថ្មីនោះទេ ផ្ទុយទៅវិញ ទាំងពាណិជ្ជកម្ម និងវិនិយោគ គឺមានតែការកើនឡើងជាលំដាប់ ហើយអាស៊ានក៏បង្កើនពាណិជ្ជកម្ម និងវិនិយោគផ្ទៃក្នុងកាន់តែច្រើនឡើងដែរ។ ប្រទេសនីមួយៗ សុទ្ធតែមានភាពម្ចាស់ការលើសេដ្ឋកិច្ចរៀងៗខ្លួន។ បានន័យថា “នំសេដ្ឋកិច្ចអាស៊ាន” (economic pie) មិនបានបាត់បង់ដោយសារការដណ្តើមពីសមាជិកថ្មីណាមួយនោះទេ គឺទំហំនៃ “នំសេដ្ឋកិច្ចអាស៊ាន” គឺកាន់តែធំឡើង ហើយគ្រប់សមាជិកទាំងអស់ សុទ្ធតែអាចទទួលផលប្រយោជន៍ពីកំណើននៃទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
[ផ្ដើមសេចក្ដីអធិប្បាយ៩]
ខ្ញុំកំពុងគិតថា នំអាស៊ានសព្វថ្ងៃ ប្រសិនបើថែម Timor-Leste មួយទៀត ក៏នំអាស៊ានមិនថមថយទេ។ ផ្ទុយទៅវិញ នំអាស៊ានវាកាន់តែធំ។ ធំទាំង GDP ដែលមានចំណែកមកពី Timor-Leste ធំទាំងចំនួនប្រជាជន និងចំនួនប្រទេស។ ប៉ុន្តែ និយាយទៅដល់បញ្ហាសមាហរណកម្ម ខ្ញុំនៅចងចាំច្បាស់ អ្វីដែលគួរឱ្យគោរពគឺភាពជាម្ចាស់ផ្ទះរបស់សិង្ហបុរី ដែលដាក់ចេញនូវគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានក្នុងឆ្នាំ២០០០។ នេះគឺជាគំនិតដ៏ឈ្លាសវៃបំផុតរបស់ភាពជាប្រធានរបស់អាស៊ានដែលមានការគាំទ្រពីបណ្តាប្រទេសជាសមាជិក ដែលធ្វើឱ្យបណ្តាប្រទេសអភិវឌ្ឍតិចតួចដូចជា កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា មានឱកាសបានរីកលូតលាស់ឆាប់ ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនេះតែម្តង។
[ចប់សេចក្ដីអធិប្បាយ៩]
នៅពេលដែលនិយាយពីសមាហរណកម្ម យើងតែងតែគិតគូរដល់ទិដ្ឋភាពសេដ្ឋកិច្ច ប៉ុន្តែ យើងច្រើនតែមើលរំលងពីទិដ្ឋភាពនៃសមាហរណកម្មផ្នែកយន្តការស្ថាប័ន ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការរៀបចំគោលនយោបាយ តាមរយៈរចនាសម្ព័ន្ធនៃយន្តការស្ថាប័នផ្ទៃក្នុង អាស៊ាន ដែលប្រទាក់ក្រឡាចាក់ស្រេះ លើគ្រប់វិស័យ។ ជាក់ស្តែង គ្រប់ក្រសួងស្ថាប័នរបស់រដ្ឋាភិបាលនៃប្រទេសសមាជិក ស្ទើរតែគ្មានវិស័យណាមួយ ដែលគ្មានកិច្ចសហប្រតិបត្តិការអាស៊ាន នោះទេ។ យន្តការសម្របសម្រួលស្ថាប័ន បានផ្តល់ឱកាសឱ្យប្រទេសសមាជិករៀនសូត្រពីគ្នាទៅវិញទៅមក ចែករំលែកបទពិសោធ ខិតខំពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីឱ្យមានភាពត្រដំត្រសងទៅនឹងកម្រិតតំបន់។ អ្វីដែលសំខាន់បំផុតនោះគឺថា យន្តការទាំងនេះ បានផ្តល់លទ្ធភាពឱ្យអាស៊ាន អាចរៀបចំគោលនយោបាយរួម និងកំណត់ទិសដៅអនាគតរួមលើគ្រប់វិស័យ សំដៅធានាបាននូវការគិតគូរកម្រិតតំបន់ ទៅលើសុខុមាលភាពរបស់ប្រជាជន នៅក្នុងតំបន់ទាំងមូល។ ឧទាហរណ៍ ការគិតគូរលើការត្រៀមទប់ទល់នឹងកូវីដ ការត្រៀមទប់ទល់នឹងការសើរើខ្សែច្រវាក់ផ្គត់ផ្គង់សកល ការគិតគូរពីបច្ចេកវិទ្យាសិប្បនិម្មិត ទេសចរណ៍ក្នុងតំបន់ ពលករទេសន្តប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។ ការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដោយច្របាច់បញ្ចូលនូវឧត្តមភាពប្រៀបធៀបនៃប្រទេសនីមួយៗ គឺជាមធ្យោបាយដ៏មានសារសំខាន់ នៅក្នុងការជំរុញសមាហរណកម្ម ដែលផ្តល់នូវអត្ថប្រយោជន៍ រាប់មិនអស់ និងមិនចេះរីងស្ងួត ដល់ប្រជាជន នៅក្នុងតំបន់ទាំងមូល។
ទី៤. ច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា៖ អាស៊ានមានដៃគូច្រើន ដូច្នេះ នៅពេលកម្ពុជាក្លាយទៅជាសមាជិកអាស៊ាន បានន័យថា កម្ពុជាក៏នឹងក្លាយទៅជាដៃគូជាមួយបណ្តាប្រទេសទាំងនោះ ដោយស្វ័យប្រវត្តិ។ អាស៊ានគឺជាច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា។ និម្មាបនកម្មដែលដឹកនាំដោយអាស៊ាន មានការរីកចម្រើនជាលំដាប់ ហើយតាមរយៈនេះ កិច្ចសហប្រតិបត្តិការរបស់អាស៊ាន ជាមួយដៃគូខាងក្រៅ ក៏កាន់តែវិវឌ្ឍជឿនលឿន ទាំងលើវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការ។ ត្រឹមខែតុលា ឆ្នាំ២០២៤ ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) បានកើនឡើងដល់ ៥៥ ប្រទេស ហើយប្រទេស ឬស្ថាប័នក្រៅពីអាស៊ាន ចំនួន ៩៥ មានអង្គទូតរបស់ខ្លួនប្រចាំអាស៊ាន ហើយអាស៊ានវិញ ក៏បានបង្កើតគណៈកម្មាធិការអាស៊ាននៅប្រទេសទីបី ឬនៅអង្គការអន្តរជាតិ បានដល់ចំនួន ៥៥។
អាស៊ានមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងដៃគូសន្ទនាសំខាន់ៗ ដូចជា ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អូស្ត្រាលី-ញូវហ្សេលែន ហើយក៏មាន FTA ជាមួយនឹងហុងកុងផងដែរ។ បន្ថែមលើនេះ អាស៊ានក៏មានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចាប់ផ្តើមចរចា នៅឆ្នាំ២០១២ ហើយចូលជាធរមាននៅឆ្នាំ២០២២ ដែលជាឆ្នាំដែលកម្ពុជា ធ្វើជាប្រធានប្តូរវេនអាស៊ាន។ នៅឆ្នាំ២០២៣ RCEP មានទំហំពាណិជ្ជកម្មដល់ទៅ ២ ទ្រីលានដុល្លារ ហើយវិនិយោគបរទេសពីប្រទេសសមាជិក RCEP ក្រៅពីអាស៊ាន ក៏មានទំហំរហូតដល់ ៦៦,៣ ប៊ីលានដុល្លារ។
កាលានុវត្តភាពការទូតដែលគោរពយន្តការពហុភាគីនិយមដែលផ្អែកលើច្បាប់ និងការអនុវត្តពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានបរិយាប័ន្ន និងផ្អែកលើវិធានច្បាប់ ដែលអាស៊ាន បានប្រកាន់យកជាយូរមកហើយ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនអនេក ដល់ប្រទេសសមាជិក និងប្រទេសដៃគូ ដូច្នេះហើយ ការចូលជាសមាជិកអាស៊ាន គឺមានអត្ថប្រយោជន៍យ៉ាងធំធេង ហើយចាប់តាំងពីចូលជាសមាជិករួចមក កម្ពុជា ក៏បានបំពេញតួនាទី នៅក្នុងការពង្រីកឱ្យកាន់តែធំថែមទៀតនូវកាលានុវត្តភាពការទូតដែលអាស៊ានមាន។
[ផ្ដើមសេចក្ដីអធិប្បាយ១០]
ខ្ញុំក៏សុំអភ័យទោសពី ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏ដូចជា លេខាធិការដ្ឋានអាស៊ាន អំពីតួលេខដែលខ្ញុំរៀបរាប់អម្បាញ់មិញនេះ បើសិនជាមានខ្វះចន្លោះក៏សុំអធ្យាស្រ័យ ព្រោះអ្នកដែលក្តាប់តួលេខពិតប្រាកដគឺនៅលេខាធិការដ្ឋានអាស៊ាននេះឯង។ តើដៃគូមានប៉ុន្មាន? ទូតមានប៉ុន្មាន? ប៉ុន្តែ អ្វីដែលយើងខ្ញុំកត់ត្រាពីនោះមកគឺមានប៉ុណ្ណឹង។ ត្រូវ ឬមិនត្រូវ គឺសុំកែតម្រូវ ដោយសុំអធ្យាស្រ័យពីលេខាធិការអាស៊ាន។
ខ្ញុំបញ្ជាក់ឡើងវិញ ៤ នេះគឺជាកត្តាទាក់ទាញកម្ពុជាឱ្យចូលអាស៊ាន។ ទី១ កត្តាមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ទី២ ស្មារតីសហគមន៍គឺធ្វើការតាមកុងសង់ស៊ីស។ ទី៣ សមាហរណកម្មដែលកម្ពុជាបានទទួលផលប្រយោជន៍ច្រើន និងទី៤ គឺច្រកទ្វារការទូតរបស់កម្ពុជា។ ទាំង៤ នេះគ្រប់គ្រាន់ដើម្បីទាញកម្ពុជាចូលអាស៊ាន ក្នុងក្របខ័ណ្ឌការដឹកនាំរបស់ខ្ញុំ។ ដោយហេតុនេះបានជាខ្ញុំបញ្ជាក់ពីខាងដើមថា ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេនោះទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្តើមពីលេខសូន្យដែរ។
ទោះមានឧបសគ្គក៏ដោយ កម្ពុជាត្រូវតែចូលអាស៊ានឱ្យបាន ហើយ(បន្តបន្ទាប់មកបាន)ធ្វើប្រធានអាស៊ាន ៣ ដង។ សង្ឃឹមថា អ្នកបន្តវេននឹងធ្វើជាប្រធានអាស៊ាន(ដង)ទី៤ (ដង)ទី៥ តទៅទៀត។ ហោចបំផុត (កម្ពុជាបាន)ចាប់ផ្តើមភាពជាប្រធានរបស់ខ្ញុំបាន ៣ដង។ ចូល(អាស៊ាននៅ)ឆ្នាំ១៩៩៩ ហើយមកធ្វើជាប្រធាន(ប្តូរវេនអាស៊ាននៅ)ឆ្នាំ២០០២។ ពេលនោះ មិត្តភក្តិមួយចំនួនស្នើឱ្យខ្ញុំយកក្រុមជំនួយការ តែខ្ញុំបានអរគុណហើយ បញ្ជាក់ថា យើងខ្ញុំនឹងខិតខំធ្វើ ហើយយើងក៏បានធ្វើកិច្ចការមួយចំនួន ក្នុងនោះគឺមាន DOC ទាក់ទងជាមួយសមុទ្រចិនខាងត្បូង និងគំនិតផ្តួចផ្តើមដទៃទៀត រាប់ទាំងការទាញឥណ្ឌាចូលមកប្រជុំអាស៊ាននិងឥណ្ឌាជាលើកដំបូង និងដែលឥឡូវនេះក្លាយទៅជាតួអង្គដ៏សំខាន់មួយនៃទំនាក់ទំនងអាស៊ាននិងឥណ្ឌា។
[ចប់សេចក្ដីអធិប្បាយ១០]
ផ្នែកទី ២ “អាស៊ាន និងពិភពលោក”
ឥឡូវ ខ្ញុំសូមចូលដល់ផ្នែកទី ២។ លើប្រធានបទនេះ ខ្ញុំចង់គូសរំលេចថា អាស៊ាន លែងជាតួអង្គស្ថាប័ន (regional actor) តំបន់ទៀតហើយ អាស៊ាន បាននិងកំពុងក្លាយជាតួអង្គសកល (global actor) ដែលមានភាពសកម្ម រស់រវើក ព្រមទាំងមានការទទួលស្គាល់ពីតួអង្គសកលផ្សេងៗទៀតផងដែរ។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ខ្ញុំនឹងមិនលើកពីបញ្ហាប្រឈម ឬឧបសគ្គ ដែលអាស៊ាន និង ពិភពលោក កំពុងជួបប្រទះនោះទេ ព្រោះប្រធានបទនេះ មានការវែកញែកទូលំទូលាយរួចទៅហើយ។ នៅក្នុងវេទិកានេះ ខ្ញុំចង់គូសរំលេចពីអនាគតនៃតួនាទីរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មអភិបាលកិច្ច កម្រិតពិភពលោក ព្រោះថា ខ្ញុំមើលឃើញអនាគតអាស៊ាន ដែលនឹងអាចក្លាយជា “ប៉ូលនយោបាយសេដ្ឋកិច្ច” មួយនៅក្នុងពិភពលោក។
ជាមួយនឹងប្រជាជនជាង ៦៧០ លាននាក់ ដែលជាទំហំធំបំផុតទី ៣ នៅលើពិភពលោក និងទំហំសេដ្ឋកិច្ចធំបំផុតទី ៥ នៅលើពិភពលោក តួនាទីរបស់អាស៊ាននៅក្នុងការកំណត់របៀបវារៈអភិបាលកិច្ចសកល ពិតជាមិនអាចមើលរំលងបានឡើយ។ សណ្តាប់ធ្នាប់ពិភពលោក កំពុងតែវិវត្តឈានទៅរក “ពហុប៉ូល” ដែលមានតួអង្គកាន់តែច្រើនឡើង ដែលបានបង្កើនទាំងទំហំសេដ្ឋកិច្ច អំណាចការទូត និងយោធា ដែលធ្វើឱ្យតួអង្គទាំងនោះ ខិតខំទាមទារប្រព័ន្ធអភិបាលកិច្ច ដែលមានអនុលោមភាព ទៅនឹងតថភាពថ្មីនៃស្ថានភាពតុល្យភាពអំណាចនៅលើពិភពលោក។
តួអង្គដែលលេចឡើងថ្មី ចង់មានតួនាទីកាន់តែធំឡើង នៅក្នុងការសម្រេចរបៀបវារៈនៃអភិបាលកិច្ចពិភពលោក ដែលមានលក្ខណៈប្រជាធិបតេយ្យជាងមុន យុត្តិធម៌ជាងមុន ដូច្នេះ ការប្រទាញប្រទង់អំណាច បានរុញច្រានឱ្យមហាអំណាចមួយចំនួន ដើរប្រាស់ចាកពីវិធាននៃអភិបាលកិច្ចសកល ដែលខ្លួនបានខិតខំបង្កើតឡើង ក្រោយសង្គ្រាមលោកលើកទី ២ ដែលបាននិងកំពុងធ្វើឱ្យសណ្តាប់ធ្នាប់អន្តរជាតិ មានភាពរង្គោះរង្គើ ជាពិសេស យន្តការពហុភាគីនិយមដែលផ្អែកលើវិធានច្បាប់។
ក្នុងកាលៈទេសៈបែបនេះ អាស៊ានពិតជាមានតួនាទីសំខាន់របស់ខ្លួន នៅក្នុងការជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើវិធានច្បាប់ផង និងកាន់តែមានភាពប្រជាធិបតេយ្យ និងយុត្តិធម៌ផង។ ទៅថ្ងៃអនាគត អាស៊ាន នឹងអាចផ្លាស់ប្តូរតួនាទីពី “ការធ្វើប្រតិកម្មចំពោះពិភពលោក” (reacting to the world ) ទៅជាអ្នកដែលអាចមានលទ្ធភាពជួយ “រៀបចំពិភពលោក” (creating the world) វិញ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១១]
យើងសម្លឹងមើល ពេលនេះម៉ោងនេះ យន្តការសកលរបស់យើងកំពុងថមថយឥទ្ធិពល ទាំងមហាសន្និបាតអង្គការសហប្រជាជាតិ ទាំងតួនាទីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសតួនាទីនៃអង្គការពាណិជ្ជកម្មពិភពលោក គឺស្ទើរតែបាត់បង់ទៅហើយ។ យន្តការតំបន់របស់យើងគឺអាស៊ានលែងជាតួអង្គនៅក្នុងក្របខ័ណ្ឌដោយឡែក ប៉ុន្តែត្រូវចូលរួមក្នុងការរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ។
[ចប់សេចក្ដីអធិប្បាយ១១]
នៅក្នុងទិសដៅនេះ អាស៊ានអាចមានអភិក្រម ២ យ៉ាង។ ទី១ គឺយើងអាចពង្រឹងសមត្ថភាពខ្លួនឯង និងទី២ គឺការពង្រឹងអន្តរកម្មរបស់អាស៊ាន ជាមួយនឹងស្ថាប័នពហុភាគីដែលមានឥទ្ធិពល។ យើងពង្រឹងខ្លួនឯងតាមរយៈការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងការជំរុញសមាហរណកម្មកាន់តែស៊ីជម្រៅ។ ការរៀបចំ “ចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥” ដែលនឹងត្រូវអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលនាខែ ឧសភា ខាងមុខនេះ គឺជាជំហានមួយ នៅក្នុងទិសដៅដ៏ត្រឹមត្រូវ។
“ចក្ខុវិស័យសហគមន៍អាស៊ាន” មានផែនការយុទ្ធសាស្ត្រ (strategic plans) លើសសរស្តម្ភទាំង ៣ និង ការពង្រឹងភាពតភ្ជាប់ ដែលបានប្រមើលមើល “អាស៊ានដែលមានការអភិវឌ្ឍជឿនលឿន ក្នុងនាមជាមជ្ឈមណ្ឌលនៃកំណើន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” (We envision a developed ASEAN as the epicentre of growth in the Indo-Pacific region)។ ដើម្បីឱ្យពិភពខាងក្រៅ អាចទទួលយកអាស៊ាន និងមានទំនុកចិត្តកាន់តែខ្លាំងក្លាទៅលើអាស៊ានបាន លុះត្រាតែអាស៊ាន មានសមត្ថភាពរឹងមាំ អាចជួយពិភពខាងក្រៅបាន តាមសមត្ថភាពរបស់ខ្លួន និងអាចផ្តល់ផលប្រយោជន៍ដល់ពិភពលោក និងដៃគូដែលមានសុឆន្ទៈជាមួយអាស៊ាន។
វិធីសាស្ត្រទី២ គឺការពង្រឹងអន្តរកម្ម។ យើងអាចពង្រឹងអន្តរកម្ម ដោយប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ាន ឬក៏ប្រើប្រាស់យន្តការពហុភាគីផ្សេងៗទៀត ដែលឆ្លើយតបទៅតាមសម័យកាល ឬកាលៈទេសៈ។ ពេលខ្លះ យើងក៏អាចមើលឃើញ “និន្នាការងាកចេញពីអាស៊ាន” របស់ប្រទេសសមាជិកមួយចំនួន ដើម្បីចូលរួមជាមួយស្ថាប័នសម័យទំនើបផ្សេងទៀត ដើម្បីបង្កើនឧត្តមភាពនៃប្រទេសរបស់ខ្លួន។ នេះគឺជាជម្រើសយុទ្ធសាស្ត្រដែលយើងមិនអាចបដិសេធបានឡើយ។ ប៉ុន្តែ នៅពេលដែលអាស៊ាន ឬប្រទេសសមាជិកចូលរួមនៅក្នុងស្ថាប័នពហុភាគី ណាមួយ ក្រៅពីយន្តការដែលដឹកនាំដោយអាស៊ាន យើងក៏ត្រូវប្រុងប្រយ័ត្នចំពោះភាពលម្អៀងទៅលើមហាអំណាចណាមួយ ដែលកំពុងប្រកួតប្រជែងគ្នា ដែលធ្វើឱ្យស្ថាប័នពហុភាគីទាំងនោះ លិចចុះ ឬលេចឡើង ទៅតាមគោលនយោបាយរបស់មហាអំណាច ឬថ្នាក់ដឹកនាំនៃប្រទេសមហាអំណាច។
ដូច្នេះ ខ្ញុំនៅតែជឿជាក់ថា អាស៊ានគួរផ្តល់ទំងន់ ទៅលើការខិតខំអភិវឌ្ឍនិម្មាបនកម្មតំបន់ ដែលដឹកនាំដោយអាស៊ានវិញ ព្រោះថា ស្ថាប័នរបស់យើង មានលក្ខណៈជាអព្យាក្រឹត្យជាង ហើយយើងអាចប្រាស្រ័យទាក់ទងជាមួយនឹងដៃគូច្រើនប្រភេទ និងច្រើនតំបន់ ដោយមិនប្រកាន់មនោគមវិជ្ជា។ អ្វីដែលសំខាន់នោះគឺយន្តការរបស់អាស៊ាន មានភាពអចិន្ត្រៃយ៍ និង មានស្ថិរភាពជាង ទោះបីជាថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ាន ប្រែប្រួលក៏ដោយ។
ក្នុងន័យនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះ លេខាធិការដ្ឋាន អាស៊ានដែលបាននិងកំពុងបំពេញតួនាទីយ៉ាងល្អ នៅក្នុងការធានាភាពអចិន្ត្រៃយ៍ ឬចីរភាព នៃយន្តការកិច្ចសហប្រតិបត្តិការ ការងារសម្របសម្រួលដ៏ច្រើនលើសលប់ ការរៀបចំចងក្រងកំណត់ត្រាជាលក្ខណៈស្ថាប័ន និងការជំរុញការគិតគូរស្រាវជ្រាវ ពីទិសដៅអនាគតសម្រាប់អាស៊ាន។ ការពង្រឹងសមត្ថភាពនៃលេខាធិការដ្ឋានអាស៊ាន នៅពេលដែលអាស៊ាន ក្លាយជា “ប៉ូលមួយនៃពិភពលោក” គឺជាកត្តាពុំអាចខ្វះបាន ប៉ុន្តែ អ្វីដែលសំខាន់គឺយើងត្រូវធានាថា លេខាធិការដ្ឋានអាស៊ាន នឹងមិនដើរតួជំនួសឱ្យប្រទេសសមាជិក ឬដើរលើសបន្ទាត់អធិបតេយ្យនៃប្រទេសសមាជិកនោះឡើយ។
ក្នុងនាមជា “ប៉ូលមួយនៃពិភពលោក” អាស៊ាន មានតួនាទីសំខាន់ ក្នុ្ងងការលើកស្ទួយសន្តិភាព។ ពិតណាស់ថា ការប្រកួតប្រជែងដណ្តើមអនុត្តរភាពរបស់ប្រទេសមហាអំណាច មិនស្ថិតនៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់អាស៊ាន នោះឡើយ។ ប៉ុន្តែ អាស៊ាន អាចគ្រប់គ្រងស្ថានការណ៍ នៅក្នុងតំបន់របស់ខ្លួនបាន អាចជំនះការខិតខំចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងតំបន់អាស៊ានបាន អាចបង្ការកុំឱ្យមានសង្គ្រាមដោយតួអង្គតំណាង (proxy wars) របស់ប្រទេសមហាអំណាចនៅក្នុងតំបន់របស់យើងបាន។ អាស៊ានក៏អាចបញ្ចេញឥទ្ធិពលរបស់ខ្លួន លើសន្តិភាពលើសពីកម្រិតតំបន់ផងដែរ។
ការពង្រឹងសមត្ថភាពរបស់អាស៊ាន ក៏ពឹងផ្អែកលើការសម្របសម្រួល និងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់បណ្តាមេដឹកនាំនៃសមាជិកអាស៊ានដែរ។ អាស៊ាន មិនអាចក្លាយជា “ប៉ូលមួយនៃពិភពលោក” បានទេ ប្រសិនបើថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ពុំមានទំនាក់ទំនងជិតស្និទ្ធ និងយល់ពីគ្នាទៅវិញទៅមក មានស្មារតីជាសហគមន៍ ជាគ្រួសារអាស៊ាន និងពុំមានទំនាក់ទំនងលើសពីកម្រិតការងារផ្លូវការ។ ពេលខ្លះយើងមានការងារច្រើនពេក យើងយកចិត្តទុកដាក់ បារម្ភទៅលើរបៀបវារៈរបស់ប្រទេសមហាអំណាចខ្លាំងពេក យើងភ្លេចគិតពីប្រទេសជិតខាង ភ្លេចបារម្ភពីសមាជិកគ្រួសារក្នុងតំបន់អាស៊ានរបស់យើង។ ខ្ញុំពិតជាចង់លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើនភាពសុខដុមនៅក្នុងតំបន់។
[ផ្ដើមសេចក្ដីអធិប្បាយ១២]
នេះជាចំណុចពិសេសខ្លាំងណាស់។ ព្រឹកមិញនេះ ខ្ញុំបានមើលឃើញទិដ្ឋភាពជាក់លាក់មួយនៅត្រង់ថា ក្នុងការពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ពេលនោះ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បានចុចទូរស័ព្ទភ្ជាប់វីដេអូខល ទៅ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីភ្លាម។ យើងវីដេអូខលជាមួយគ្នា។ នេះហើយជាចំណុចសំខាន់នៃទំនាក់ទំនងរបស់យើង។ មិនមែនទំនាក់ទំនងត្រឹមតែរដ្ឋនិងរដ្ឋទេ។ ជំនាន់ពួកយើងខ្ញុំ ជាមេដឹកនាំអាស៊ាន ស្រលាញ់រាប់អាន និងគោរពគ្នាណាស់។ ខ្ញុំសង្ឃឹមថាមេដឹកនាំជំនាន់ក្រោយ ដែលជាអ្នកបន្តវេន និងកាន់អំណាចបន្ត នឹងបន្តទំនាក់ទំនងឲ្យទៅលើសពីកម្រិតនៃការងាររដ្ឋដើម្បីការយល់ដឹងជាមួយគ្នា។ បន្ថែមលើនោះ យើងត្រូវកសាងក្រុមយុវជនពីពេលនេះទៅ ឲ្យពួកស្គាល់គ្នា ដើម្បីថ្ងៃក្រោយ ពេលក្លាយទៅជាមេដឹកនាំ ទោះបីត្រឹមកម្រិតថ្នាក់រដ្ឋមន្ត្រី ក៏ពួកគេអាចប្រជុំជាមួយគ្នាបាន។ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់ទៅលើក្រុមយុវជន ដែលពួកគេនឹងបន្តវេនក្នុងទំនាក់ទំនងអាស៊ានជាសហគមន៍ ជាគ្រួសារ ជាមួយគ្នា។
[ចប់សេចក្ដីអធិប្បាយ១២]
សម្រាប់អនាគតខាងមុខ យើងនៅតែអាចរៀនសូត្រពីប្រវត្តិសាស្ត្រ ហើយប្រវត្តិសាស្ត្របានបង្រៀនយើងយ៉ាងច្បាស់ថា គោលការណ៍របស់អាស៊ាន ពិតជារូបមន្តដ៏មានប្រសិទ្ធភាពបំផុត នៅក្នុងការគ្រប់គ្រងស្ថាប័នតំបន់ ដែលមានភាពចម្រុះ។ អាស៊ានត្រូវតែឈរឱ្យបានរឹងមាំនៅក្នុងការការពារ និងរក្សាគោលការណ៍ របស់ខ្លួន ទោះបីជាពេលខ្លះយើងទទួលការរិះគន់ក៏ដោយ។ ប៉ុន្តែ ចុងក្រោយ ប្រវត្តិសាស្ត្រគឺជាចៅក្រមដាក់ពិន្ទុលើសមិទ្ធផលរបស់យើង ហើយយើងមិនត្រូវវិនិច្ឆ័យអាស៊ាន ត្រឹមតែមួយឆ្នាំ ឬពីរឆ្នាំនោះទេ យើងត្រូវមើលសមិទ្ធផលមួយទសវត្សរ៍ ពីរទសវត្សរ៍ ឬច្រើនជាងនេះ ដើម្បីឱ្យដឹងថា តើអាស៊ានដើរលើផ្លូវត្រូវ ឬយ៉ាងណា?
ទោះបីជាមានការរិះគន់ច្រើនក្តី ស្ថិរភាព និងចីរភាពរបស់អាស៊ាន និងកំណើននៃកម្លាំងសេដ្ឋកិច្ចដ៏អស្ចារ្យរបស់អាស៊ាន គឺជាសក្ខីភាពជាក់ស្តែងបំផុតថា រូបមន្តរបស់អាស៊ាន គឺមានប្រសិទ្ធភាព ហើយរូបមន្តនេះ គួរត្រូវបានពង្រីកផ្សព្វផ្សាយបន្ថែមទៀត នៅក្នុងសហគមន៍នៃពិភពលោក ដែលគោរពភាពចម្រុះ។ សម្រាប់អនាគតខាងមុខ អាស៊ាន ក្នុងនាមជា “ប៉ូលមួយនៃពិភពលោក” នឹងក្លាយជានិមិត្តរូបនៃនយោបាយនិយមកណ្តាល គ្មានសាសនាជ្រុលនិយម គ្មានវប្បធម៌នយោបាយជ្រុលនិយម ដែលផ្តោតខ្លាំងទៅលើមនោគមវិជ្ជាណាមួយ ឬប្លុកណាមួយ។
អាស៊ាន នឹងក្លាយជា “ប៉ូលមួយនៃពិភពលោក” ដែលមានភាពបត់បែនខ្ពស់ និងមានភាពជាក់ស្តែងនិយម ដែលមិនយកប្រទេស ឬតំបន់ណាមួយជាសត្រូវ ហើយក៏មិនក្លាយជាវេទិកានៃសង្គ្រាមដោយតួអង្គតំណាងនោះដែរ។ តើយើងអាចបង្កើតក្តីសង្ឃឹមដល់អ្នកជំនាន់ក្រោយរបស់យើងបានប៉ុណ្ណា? បើយើងមិនអាចបង្កើតក្តីសង្ឃឹម ឬសុបិន សម្រាប់ប្រជាជនអាស៊ាន ពិភពលោកខាងក្រៅក៏មិនអាចសង្ឃឹមលើអាស៊ានបានដែរ។ យើងស្រមៃថា អាស៊ាននឹងមានមហាវិទ្យាល័យលំដាប់ពិភពលោកនៅទូទាំងតំបន់; អាស៊ាននឹងមានក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ជារោងចក្រ និងជាទីផ្សារដ៏ទាក់ទាញរបស់ពិភពលោក អាស៊ានជាទីតាំងរៀបចំវេទិកាការទូតលំដាប់ពិភពលោក រៀបចំកីឡាពិភពលោក World Cup អាស៊ានជាទីប្រមូលផ្តុំដ៏ទាក់ទាញសម្រាប់ប្រជាជន នៅលើពិភពលោក ដែលចង់មកធ្វើការ ឬមករស់នៅ ក្នុងសង្គមស៊ីវីល័យ មានភាពសុខដុម ចម្រុះជាតិសាសន៍ និងប្រព័ន្ធសង្គមកិច្ចល្អប្រសើរ។ ទាំងនេះគឺជាក្តីសុបិន ហើយខ្ញុំជឿជាក់ថា អនាគតពិភពលោក គឺនៅអាស៊ី អនាគតពិភពលោក គឺនៅអាស៊ាន។
[ផ្ដើមសេចក្ដីអធិប្បាយ១៣]
ខ្ញុំគួរតែបញ្ជាក់បន្តិច។ ខ្ញុំធ្លាប់និយាយនៅក្រៅអង្គប្រជុំទេ ដែលបានបបួលមេដឹកនាំអាស៊ាននានាថា ពេលណាមួយយើងគួរតែដេញថ្លៃធ្វើ World Cup ក្នុងអាស៊ានរបស់យើង។ យើងក៏អាចនឹងឈានទៅបង្កើតក្រុមបាល់ទាត់អាស៊ានមួយដែលខ្លាំង បើសិនជាយើងចង់ធ្វើ។ យើងក៏អាចធ្វើបានដែរ។ ឥឡូវប្រទេសអាស៊ានជាច្រើនបញ្ជូនកងទ័ពទៅជួយបណ្ដាប្រទេសនានាថែរក្សាសន្តិភាព។ យើងក៏អាចបញ្ជូន(កងកម្លាំងថែរក្សាសន្តិភាពនោះ)ទៅក្រោមក្របខ័ណ្ឌអាស៊ានបាន។ ទោះបីជាកម្ពុជាបញ្ជូនទៅក៏ដោយ ប៉ុន្តែកម្ពុជាត្រូវដាក់ទង់ជាតិកម្ពុជានិងដាក់ទង់អាស៊ានទៅជាមួយគ្នា។ មានន័យថាកងទ័ពនេះមកពីអាស៊ាន។ ខ្ញុំយល់ថាអាចធ្វើទៅបាន ព្រោះយើងកំពុងតែធ្វើហើយ។ ប្រទេសជាច្រើននៅក្នុងអាស៊ានបានបញ្ជូនកងទ័ពចេញទៅក្រៅ។
ដើម្បីបង្កើននូវទម្ងន់ស្ថាប័នអាស៊ាន យើងអាចចូលរួមថែរក្សាសន្តិភាពតាមរយៈការបញ្ជូនកម្លាំងទៅចូលរួមថែរក្សាសន្តិភាពនៅតាមបណ្ដាប្រទេស ដោយមានទង់អាស៊ានទៅជាមួយ ដោយមិនចាំបាច់ថាត្រូវបញ្ជូលកងទ័ពឲ្យវានៅជាមួយគ្នាទេ។ ឧទាហរណ៍ កងទ័ពកម្ពុជាកំពុងនៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល និងប្រទេសមួយចំនួន។ កម្លាំងរបស់កម្ពុជាមានជាង ១ម៉ឺននាក់ដែលបញ្ចូនចេញទៅខាងក្រៅ។ យើងដាក់ទង់របស់អាស៊ាន(ជាមួយនឹងទង់ជាតិកម្ពុជា)។ គេមើលឃើញតួអង្គរបស់អាស៊ាន។ អាចធ្វើទៅរួច តែខ្ញុំបានចាកចេញពីតួនាទីនាយករដ្ឋមន្ត្រីហើយ។
ខ្ញុំធ្វើនាយករដ្ឋមន្ត្រីអស់៣៨ឆ្នាំ។ ដល់ដែលខ្ញុំត្រូវចាកចេញ ប៉ុន្តែអ្នកទាំងអស់គ្នាមើលឃើញថា ខ្ញុំឈរនេះប្រហែលជាអស់ ១ម៉ោង ២០នាទីហើយ។ ខ្ញុំប្រាប់អ្នកទាំងអស់គ្នាថា ម្សិលមិញខ្ញុំនៅឯខេត្តកំពង់ចាមជាស្រុកកំណើតរបស់ខ្ញុំធ្វើបុណ្យខួបម្ដាយក្មេក គម្រប់៥ឆ្នាំ។ បន្ទាប់ទៅ ត្រូវទៅសំរាកនៅស្រុកកំណើត។ រួចហើយមកធ្វើបុណ្យខួប ៣ឆ្នាំនៃ(មរណភាព)បងប្រុសរបស់ខ្ញុំ។ ខ្ញុំធ្វើដំណើរទាំងយប់ពីខេត្តតាមរថយន្តមកទីក្រុងភ្នំពេញ។ យប់មិញនេះ ខ្ញុំសម្រាកនៅម៉ោង ១យប់មកទល់ម៉ោង៥ ភ្លឺ។ ព្រឹកមិញនេះ ត្រូវក្រោកតាំងម៉ោង៥។ មកដល់ម៉ោងថ្មើរនេះ ខ្ញុំអត់ទាន់បានសម្រាកទេ។ អ្នកណាថាខ្ញុំចាស់? (អាយុ)គ្រាន់តែជាតួលេខទេ។ អាចនិយាយបានថា ខ្ញុំមានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០២៨ ឬឆ្នាំ២០៣២ ដោយគ្មានអ្នកណាអាចយកឈ្នះគណបក្សប្រជាជនបានទេ តាមរយៈការបោះឆ្នោតនៅកម្ពុជា ក៏ប៉ុន្តែខ្ញុំមិនចង់ឲ្យមានការជាន់ដាននៃប្រវត្តិសាស្ត្រទេ។
ខ្ញុំសុខចិត្តចាកចេញ និងប្រគល់អំណាចទៅឲ្យអ្នកបន្តវេន។ គេធ្វើការរហ័សរហួនជាងយើង។ វិបត្តិ “តើក្រោយ ហ៊ុន សែន ជានរណា” មិនមែនជាបញ្ហាតូចតាចទេ។ ឧទាហរណ៍ ហ៊ុន សែន ស្លាប់ភ្លាម អ្នកណាធ្វើនាយករដ្ឋមន្ត្រី? … ជាង ៥០០ឆ្នាំនៃប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបែកបាក់ យើងខ្ញុំទើបនឹងបង្រួបបង្រួមនិងបានឯកភាពជាតិនិងទឹកដីបានជាង ២៦ឆ្នាំ ដោយគ្មានការបែងចែកប្រទេស ដែលការដឹកនាំជំនាន់មុននេះ មានតំបន់ត្រួតត្រាច្រើន មិនតិចជាងពីរ ក្នុងពេលតែមួយ គឺចាប់តាំងពីឆ្នាំ១៤៦០ ជាងរហូតមកទល់នឹងឆ្នាំ១៩៩៨ ទើបយើងខ្ញុំបានបញ្ចប់(ស្ថានភាពនោះ)។ ដូច្នេះ យើងខ្ញុំសុខចិត្តលះបង់អំណាច ឲ្យទៅក្រុមយុវជនធ្វើការ។ ក្រុមយុវជននេះនឹងរួមចំណែកជាមួយអាស៊ាន។ គេមិនក្បត់ឧត្តមគតិដែលឪពុករបស់គេបានចូលរួមក្នុងកិច្ចការអាស៊ាននោះទេ។ ខ្ញុំសូមអរគុណសម្រាប់ការយកចិត្តទុកដាក់ស្ដាប់របស់អ្នកទាំងអស់គ្នា និងសូមជូនពរ៕