ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលមានវត្តមាននៅទីនេះ។
មុនចូលដល់របៀបវារៈតាមទម្លាប់ ប្រសិនបើមានអ្វីត្រូវថ្លែង ប្រធានថ្លែងមុន។ ខ្ញុំគួរតែយកឱកាសនេះ និយាយបន្តិច ជូនពរសារជាថ្មីម្តងទៀតដល់ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មីកន្លងទៅនេះ។ ឆ្នាំនេះហាក់ដូចជាមានភាពចម្លែកបន្តិច ត្រង់ថាប្រជាពលរដ្ឋចូលរួមសប្បាយរីករាយ ប្លែកពី(ខុស)ធម្មតា។ កាលពីឆ្នាំ ២០២២ ក្រោយកូវីដ-១៩ ដែលយើងអាក់ខានចូលឆ្នាំក្នុងឆ្នាំ ២០២០ និង ២០២១, ប្រជាពលរដ្ឋក៏ក្លាំងក្លាណាស់ដែរក្នុងការចូលរួមចូលឆ្នាំ ដែលធ្វើឲ្យទូលបង្គំ ខ្ញុំមានការកង្វល់យ៉ាងខ្លាំងថា តើការសម្រេចចិត្តឲ្យប្រជាពលរដ្ឋជួបជុំក្នុងឱកាសចូលឆ្នាំនេះខុសឬត្រូវ។ ប៉ុន្តែជាកុសលល្អ បន្ទាប់ពីការចូលឆ្នាំហើយ អត្រាឆ្លងនៃកូវីដ-១៩ គឺពុំមានថែមទេ។
សម្រាប់ឆ្នាំនេះ ប្រជាពលរដ្ឋយើងសប្បាយគ្រប់ទីកន្លែង តាមរយៈការរៀបចំសង្រ្កាន្ត។ ទូលបង្គំខ្ញុំនៅតែបន្តវាយតម្លៃថា មានកត្តា៤ យ៉ាងដែលធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ។
កត្តាទី១ គឺសុខសន្តិភាព។ នេះជាកត្តាចាំបាច់មុនគេ។ យើងបានឃើញហើយថាឆ្នាំ ១៩៧៥ នៅរដូវចូលឆ្នាំ គឺជាពេលវេលាវាយផ្តាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ។ សួរថា តើប្រជាជននៅក្នុងកាលៈទេសៈ មានសង្រ្គាម បានចូលឆ្នាំទេ? ពិតជាមិនអាចទេ។
ជាមួយសុខសន្តិភាពដែលមាន និងការចាត់ចែងការពារសណ្តាប់ធ្នាប់បានយ៉ាងល្អ ប្រជាពលរដ្ឋរបស់យើងធ្វើដំណើរដោយគ្មានការភ័យខ្លាច។ នេះជាកត្តាធំបំផុត។ បើយើងប្រៀបធៀបជាមួយប្រទេសដែលមានសង្រ្គាម និងប្រទេសខ្លួនឯងដែលធ្លាប់មានសង្រ្គាម គឺកត្តាសន្តិភាពនេះចាំបាច់ណាស់ដែលយើងត្រូវរួមគ្នាការពារ។
កត្តាទី២ អ្វីដែលបានធ្វើឲ្យប្រជាពលរដ្ឋបានដើរលេងគ្រប់ទីកន្លែង នោះគឺហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលយើងបានបង្កើតនូវចរន្តទំនាក់ទំនងចរាចរណ៍ ដែលប្រជាជនធ្វើដំណើរ ងាយស្រួលជាង។ បើយើងប្រៀបធៀបត្រឹមតែឆ្នាំ២០០០ ឬក្រោយឆ្នាំ២០០០ បន្តិច គឺស្ថានភាពខុសគ្នាដាច់ស្រលះ ពីកាលពីប្រមាណ ២០ឆ្នាំមុន។
កាលពីមុន យើងឃើញថា មិនចាំបាច់និយាយដល់តាមតំបន់ព្រៃភ្នំ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ទេ។ គ្រាន់តែត្រឹមថារវាងខេត្តកំពង់ចាមមួយទៅចុះ គឺប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ព្រោះពេលនោះនៅតាមដងព្រែកនានា ពុំមានស្ពានឆ្លងទេ។ ប៉ុន្តែពេលដែលយើងបានសាងសង់ស្ពានហើយ ប្រជាពលរដ្ឋរបស់យើងមានការធ្វើដំណើរទៅទាំងឡាន ទៅទាំងគ្រួសារៗ ត្បិតពួកគាត់ធ្វើដំណើរបានងាយស្រួល។
សម្រាប់ទូទាំងប្រទេសវិញ យើងបានរៀបចំបណ្តាញផ្លូវជាតិ ក្នុងរយៈកាលចុងក្រោយនេះ បន្ទាប់ពីសម័យសង្គមរាស្រ្តនិយមដឹកនាំដោយព្រះករុណាព្រះបិតា ដែលព្រះអង្គបានសាងសង់ផ្លូវយ៉ាងច្រើន ហើយក៏ត្រូវបានបំផ្លាញក្នុងសង្រ្គាមនិងរបបប៉ុលពត។ យើងបានរៀបចំធ្វើផ្លូវនេះឡើងវិញ បន្ថែមដោយផ្លូវ ៣ខ្សែបន្ថែមទៀត។
ទីមួយគឺផ្លូវលេខ៨ ដែលយើងបានបង្កើតជាផ្លូវជាតិថ្មី។ ផ្លូវលេខ៨ តភ្ជាប់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តកំពង់ចាម ពីផ្លូវលេខ៦ ទៅកាន់ផ្លូវជាតិលេខ៧។ ផ្លូវទី២ គឺផ្លូវលេខ៩ តភ្ជាប់គ្នារវាងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ។ ឯផ្លូវទី៣ ឆ្នាំនេះអនុញ្ញាតធ្វើដំណើរគឺផ្លូវលេខ១០ ដែលតភ្ជាប់បាត់ដំបង ពោធិ៍សាត់ ឆ្ពោះទៅកោះកុង។
ប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្តកោះកុង ទៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឬទៅខេត្តពោធិ៍សាត់ មិនមានការចាំបាច់មកភ្នំពេញសិនទេ។ ឯអ្នកបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ ត្រូវទៅកោះកុង ក៏មិនមានការចាំបាច់ត្រូវមកភ្នំពេញ ហើយទើបតភ្ជាប់ទៅនោះវិញដែរ។ បណ្ដាញគមនាគមន៍នេះអនុញ្ញាតអោយប្រជាពលរដ្ឋរបស់យើងធ្វើដំណើរបានដោយស្រួល ឆាប់រហ័ស ចល័តពីកន្លែងមួយទៅកន្លែងមួយសប្បាយរីករាយ។
កត្តាទី៣ គឺមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋមានការកើនឡើង។ ទោះបីថាវិបត្តិសេដ្ឋកិច្ច(បានញាំញី) ប៉ុន្តែចរាចរណ៍នៅតែស្ទះ ដូចជាទីក្រុងភ្នំពេញជាដើម។ នេះគឺជាចំណុចបង្ហាញអំពីការលូតលាស់។ បើទោះបីវាលំបាកប្រៀបធៀបជាមួយប្រទេសមាន … ប៉ុន្តែអ្វីដែលយើងធ្វើបានប៉ុណ្ណេះ គឺវាច្រើនគួរសម។
ចំណុចទី៤ គឺជីវភាពរបស់ប្រជាជនក៏មានការកើនឡើង។ បើប្រៀបធៀបជាមួយកូវីដ-១៩ គឺវាលំបាក ក៏ប៉ុន្តែឃើញចំនួនប្រជាជនដើរលេង មិនមែនអ្នកដែលគ្មានប្រាក់សុទ្ធធ្វើដំណើរទៅបានទេ។ ការលក់រាយរបស់ចាំបាច់សម្រាប់ការធ្វើដំណើរ ក៏នៅតែបម្រើបានដូចសេចក្ដីត្រូវការ។
ឧទាហរណ៍ ត្រូវការប្រេងឥន្ធនៈសម្រាប់ការធ្វើដំណើរ។ គ្រប់ស្ថានីយ៍ចាក់ប្រេងទាំងអស់ ពុំមានស្ថានីយ៍ណាដែលគ្មានប្រេងផ្គត់ផ្គង់ទេ ប្រជាពលរដ្ឋមានកម្លាំងទិញ ការលក់រាយនៅតែមាន។ ដូច្នេះចរន្តទីផ្សារក៏នៅតែល្អ។
ក្រៅពីកត្តាទាំង៤នេះ យើងឃើញថាគ្រប់ទីកន្លែងទាំងអស់មានសម្រួលការរៀបចំ។ ដោយឡែកតែរាជធានីភ្នំពេញ ចំនួននៃការដឹកជញ្ជូនប្រជាពលរដ្ឋរាប់លាននាក់ទៅកាន់ជនបទ និងពីជនបទមកកាន់ទីក្រុងភ្នំពេញ។ តាមការគណនារបស់អភិបាលរាជធានីភ្នំពេញ សម្រាប់មនុស្សម្នាក់ចំណាយ ៨ម៉ឺនរៀលនៃការធ្វើដំណើរ។ (ការរៀបចំដឹកប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំនេះ) សាលារាជធានីភ្នំពេញបានប៉ាន់ស្មានថាចំណេញបានថវិកាចំនួន ១លាន ៧សែនដុល្លារ សម្រាប់ដាក់ក្នុងហោប៉ៅរបស់ប្រជាពលរដ្ឋ … ដែលនេះ អាចជួយសម្រួលដល់កម្មករ/ការនី និងប្រជាពលរដ្ឋដែលរស់នៅទីក្រុង ធ្វើដំណើរទៅគ្រប់កន្លែងនៅជនបទទាំងអស់។ ការរៀបចំបានល្អក្នុងការ(ធ្វើអោយមានការ)កំសាន្តសប្បាយ។
អ្វីដែលជាគួរអោយចាប់អារម្មណ៍បំផុត គឺចាស់ៗ រាំ ហាក់ដូចជាផ្ដាំចាស់តែម្ដង។ រាំលេងសប្បាយរីកជាមួយនឹងជោគជ័យ ក៏ដូចគ្មានអ្នកកង្វល់រឿងពន្ធ(ទំនិញនាំចូល)ប៉ុន្មានភាគរយ … គឺដូចជាស្ងប់ស្ងាត់ក្នុងកាលទេសៈហ្នឹង។ លើកលែងតែពួកអ្នកវិភាគមាត់អត់គម្របនៅក្រៅប្រទេស(ប៉ុណ្ណោះ)។ អ្នកក្នុងប្រទេសដូចជាមិនចាប់អារម្មណ៍ រឿងពន្ធ(ទំនិញនាំចូល)ប៉ុន្មានភាគរយ(ហ្នឹងប៉ុន្មានទេ) … សំខាន់គឺគាត់សប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី។
ឥឡូវគាត់ត្រឡប់មកចូលធ្វើការវិញ។ ខ្ញុំសូមយកឱកាសនេះអរគុណ និងកោតសរសើររាជរដ្ឋាភិបាល អរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានសម្រួលគ្រប់ព្រឹត្តិការណ៍ ដើម្បីអោយប្រជាពលរដ្ឋបានទទួលការកម្សាន្តសប្បាយ។
ជាមួយគ្នា យើងបានទទួលមិត្តរបស់យើងមកទស្សនៈកិច្ចនៅកម្ពុជា គឺឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ដែលផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងខាងសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគ ដែលជាការគាំទ្រយ៉ាងសំខាន់។ អ្វីដែលយើងត្រូវមើលឃើញគឺ ល្បឿននៃការជីកព្រែកហ្វូណនតេជោ នឹងបន្ត។ សូមបញ្ជាក់ថាព្រែកជីកនេះ បើទោះបីជាមានឬគ្មានមិត្តចិន ក៏យើងត្រូវតែធ្វើអោយបានដែរ។ ប៉ុន្តែ ជាភព្វសំណាងដែលមិត្តចិនបានប្រកាសផ្ដល់ជំនួយ ក៏ដូចជាណែនាំអោយក្រុមហ៊ុនចូលរួមដំណើរការព្រែកជីកនេះ។ យើងនឹងសម្រេចអោយបានព្រែកជីកនេះតាមល្បឿនដែលយើងបានកំណត់។
នេះជាការថ្លែងនៃការចាប់ផ្ដើមរបស់ខ្ញុំ។ មិនមែនរឿងអាក្រក់ទេ។ គ្រាន់តែជារឿងដែលយើងរំលឹកអំពីអ្វីដែលបានកើតនៅក្នុងរយៈពេលនៃការចូលឆ្នាំកន្លងទៅនេះ៕