ឯកឧត្តមសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya Watanabe) ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និង អាស៊ីបូព៌ា (ERIA),
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, និងភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី!
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
មុននឹងការចាប់ផ្ដើម ខ្ញុំសូមជម្រាបជូនបន្តិចថា ការទទួលបាននូវព័ត៌មានខុស ឬប្រវត្តិខុស ធ្វើឱ្យការវិនិច្ឆ័យសម្រាប់អនាគតក៏ខុស។ ហ្សាយោងទៅលើប្រការថា ហ្សាការតា ជាទីតាំងដំបូងបំផុតក្នុងការចរចាដំណើរការសន្តិភាព បន្ទាប់ពីការចរចារវាងខ្ញុំ ជាមួយនឹងសម្ដេចព្រះ នរោត្តម សីហនុ ហើយក៏ជាទីតាំងនៃការរៀបចំព្រឹត្តិការណ៍ជាច្រើនអំពីដំណើរសន្តិភាពរបស់កម្ពុជា ខ្ញុំចង់យកឱកាសនេះបញ្ចេញនូវបញ្ហាខ្លះ ដែលគេមិនបានដឹង និងដែលអ្នកស្រាវជ្រាវ អ្នកសរសេរសៀវភៅមួយចំនួន រាប់ទាំងជនជាតិកម្ពុជានិងជនបរទេសមួយចំនួន នៅមានការភាន់ច្រឡំ បានសរសេរខុស រហូតចាត់ទុកថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាធម្មនុញ្ញ និង/ឬមានតម្លៃលើសរដ្ឋធម្មនុញ្ញកម្ពុជាទៀតផង។
ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា អាចរួមជាមួយខ្ញុំ ប្រើពេលវេលាបន្តិច(ដើម្បីសិក្សាអំពីប្រធានបទនេះ)។ នេះជាចំណែកមួយនៃការចែករំលែកបទពិសោធន៍(កសាងសន្តិភាពនៅកម្ពុជា) ហើយបន្ទាប់ពីនេះខ្ញុំនឹងធ្វើការបោះពុម្ពឯការជាសៀវភៅតែម្ដង។ ការធ្វើអត្ថាធិប្បាយរបស់ខ្ញុំនៅថ្ងៃនេះ ក៏មានការផ្សាយបន្តផ្ទាល់ទៅដល់ទីក្រុងភ្នំពេញ សម្រាប់បណ្ដាទូរទស្សន៍កម្ពុជា និងចែករំលែកដល់ប្រជាជនកម្ពុជាផងដែរ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងអត់ធ្មត់ស្ដាប់។ អ្នកដែលហត់ មិនមែនអ្នកអង្គុយទេ។ អ្នកដែលហត់គឺខ្ញុំអ្នកឈរនិយាយ។ សង្ឃឹមថា អ្នកអង្គុយស្ដាប់មិនហត់ជាងអ្នកឈរនិយាយទេ។
[ចប់សេចក្ដីអធិប្បាយ១]
ថ្ងៃនេះ ខ្ញុំពិតជាក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមផ្តល់បទបាឋកថា នៅក្នុងសិក្ខាសាលា ស្តីពី “ទស្សនៈ និង បទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា” ។ ខ្ញុំសូមថ្លែងអំណរគុណដល់វិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និង អាស៊ីបូព៌ា (ERIA) និង ស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្សព្វផ្សាយចែករំលែក ពីបទពិសោធន៍នៃការកសាងសន្តិភាពរបស់កម្ពុជា ។ ពិតណាស់ថា បទពិសោធន៍, បរិបទ និង ស្ថាបនភាពនយោបាយ និង ប្រវិត្តិសាស្ត្ររបស់ប្រទេសនីមួយៗ អាចខុសគ្នា ហើយពេលខ្លះបទពិសោធន៍របស់កម្ពុជា អាចនឹងលំបាកនឹងអនុវត្ត ក្នុងបរិបទរបស់ប្រទេសផ្សេង ប៉ុន្តែ ខ្ញុំជឿជាក់ថា គោលគំនិតរួមនៃ “នយោបាយឈ្នះ–ឈ្នះ” ពិតជាមានតម្លៃ ក្នុងការផ្តល់ធាតុចូលជាមូលដ្ឋានគ្រឹះ នៃការកសាងសន្តិភាព ដែលមានលក្ខណៈយូរអង្វែង និង មានបរិយាប័ន្ន ។
សម្រាប់អ្នកចូលរួមទាំងឡាយដែលពុំសូវបានស្គាល់ពីកម្ពុជា ខ្ញុំចង់បញ្ជាក់ជូនថា ក្រោមការផ្តួចផ្តើម និង ដឹកនាំអនុវត្តរបស់ខ្ញុំ “នយោបាយឈ្នះ–ឈ្នះ” បានសម្រេចនូវសន្តិភាពពេញលេញ និង ឯកភាពទឹកដី នៅឆ្នាំ ១៩៩៨ ដោយគ្មានការបង្ហូរឈាមរវាងខ្មែរ និង ខ្មែរ ។ នេះគឺជាសន្តិភាពពេញលេញ យូរអង្វែង ដែលកម្ពុជា ពុំធ្លាប់ស្គាល់ទាល់តែសោះ ក្នុងអំឡុងពេល ៥០០ ឆ្នាំចុងក្រោយ ក្រោយការធ្លាក់ចុះនៃអាណាចក្រអង្គរ ។ ហើយបទពិសោធន៍នៃការបង្រួបបង្រួមជាតិ ដោយគ្មានប្រើគ្រាប់កាំភ្លើង និង ការបង្ហូរឈាម ប្រហែលជាមានតែកម្ពុជាទេ នៅលើពិភពលោកនេះ ។ យើងគិតថា នេះមិនមែនជាអំណួតនោះឡើយ តែនេះគឺជាសន្តិភាព ដែលបានមកដោយលំបាកជាទីបំផុត បើគិតពីប្រវត្តិសាស្ត្រនៃការឈឺចាប់របស់កម្ពុជា ដែលបានឆ្លងកាត់នូវការលំបាក ទុក្ខសោករាប់ជំពូក និង សោកនាដកម្មប្រល័យពូជសាសន៍ឯង ។
គ្រប់នាទី និង គ្រប់ជំហាន សុទ្ធតែជាចំណុចស្លាប់រស់ ហើយអាយុជីវិតរបស់ខ្ញុំ និង រាល់ដំណើររបស់ខ្ញុំ គឺជាការបូជាអាយុជីវិត ដើម្បីភាពរស់រានមានជីវិត និង សន្តិភាពសម្រាប់ប្រទេសកម្ពុជា ដ៏កំសត់របស់ខ្ញុំ ។ នៅពេលដែលខ្ញុំគេចខ្លួនទៅវៀតណាម នៅឆ្នាំ ១៩៧៧ ខ្ញុំពិតជាមានជម្រើស នៅក្នុងការសំងំសុខ ដោយសិទ្ធិជ្រកកោននយោបាយ ប៉ុន្តែ ខ្ញុំបានស្នើឱ្យវៀតណាមជួយគាំទ្រដល់កងកម្លាំងដែលខ្ញុំប្រមូលផ្តុំដឹកនាំ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ។ វៀតណាម អាចមិនជឿការរាយការណ៍របស់ខ្ញុំ ហើយវៀតណាមក៏មានជម្រើស នៅក្នុងការមិនគាំទ្រយុទ្ធនាការយោធាដែលខ្ញុំបានលើកស្នើនោះដែរ ។ បើក្រឡេកថយក្រោយ, យើងប្រាកដជាយល់យ៉ាងច្បាស់ថា បើគ្មានថ្ងៃរំដោះ ៧ មករា ១៩៧៩ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម, កម្ពុជាអាចរលត់ជាតិសាសន៍ទាំងមូលតែម្តង ។ មានអ្នកខ្លះចោទថា វៀតណាមបានឈ្លានពានកម្ពុជា ប៉ុន្តែ បើនិយាយដោយគ្រោតគ្រាតបន្តិច ខ្ញុំចង់បញ្ជាក់ថា ប្រសិនបើវៀតណាមចង់លេបយកទឹកដីកម្ពុជា វៀតណាមពិតជាមានជម្រើស ដោយទុកឱ្យរបបកម្ពុជាប្រជាធិបតេយ្យ នៅបន្តកាន់អំណាចតទៅទៀត រហូតដល់ខ្មែររលាយជាតិសាសន៍តែម្តង ។ វៀតណាមមិនចាំបាច់បើកយុទ្ធនាការយោធា ហើយសុខចិត្តលះបង់ជីវិតកងទ័ពស្ម័គ្រចិត្តរបស់ខ្លួននោះឡើយ ។ ត្រង់នេះយើងត្រូវតែមានយុត្តិធម៌ចំពោះវៀតណាម ព្រោះថា បើគ្មានវៀតណាម នៅពេលនោះ ពិតជាគ្មានប្រទេសណាមួយ មកអើពើនឹងកម្ពុជា នៅក្នុងការផ្តួលរំលំរបបប្រឡាក់ឈាម ប៉ុល ពត បានឡើយ ។ ជាង ៤០ ឆ្នាំមកហើយ មិនត្រឹមតែការចោទប្រកាន់លើវៀតណាមនៅតែបន្តមាននោះទេ យើងក៏ឃើញមាននិន្នាការជ្រុលនិយម ដែលចង់បដិសេធវត្តមាននៃអំពើប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យផងដែរ ហើយសម្រាប់ប្រទេសមួយដែលនៅរស់រានមានជីវិត ងើបយ៉ាងត្រដាបត្រដួសពីរបបប្រល័យពូជសាសន៍ យើងត្រូវតែការពារឱ្យបានជាដាច់ខាតនូវតថភាពប្រវត្តិសាស្ត្រ និង ការពារឱ្យបានជាដាច់ខាតនូវការកើតឡើងសាជាថ្មីនៃឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងនេះ ។ ដូច្នេះហើយ កាលពីពេលថ្មីៗនេះ កម្ពុជាបានបង្កើត “ច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
ត្រង់ចំណុចនេះ ខ្ញុំសូមបញ្ជាក់បន្តិចអំពីការចោទប្រកាន់។ ដំបូង នៅឆ្នាំ១៩៧៩ រយៈពេលពី១៩៧៥ ដល់ ១៩៧៩ តើឲ្យយើងខ្ញុំទៅពឹងអ្នកណា? បើយើងខ្ញុំមិនពឹងវៀតណាម តើយើងខ្ញុំទៅពឹងអ្នកណា? អ្នកណាមកជួយរំដោះកម្ពុជា? បើវៀតណាមចង់លេបយកទឹកដីកម្ពុជាពិតប្រាកដ វៀតណាមមិនចាំបាច់បើកយុទ្ធនាការយោធាដើម្បីរំដោះប្រជាជនទេ គឺទុកឲ្យខ្មែរក្រហមសម្លាប់និងបង្អត់បាយប្រជាជនឱ្យស្លាប់ គឺជាការគ្រប់គ្រាន់ណាស់ទៅហើយ។ វៀតណាមមិនចាំបាច់ចំណាយគ្រាប់កាំភ្លើងនោះទេ ត្បិតពេលនោះ ក្នុងប្រទេសកម្ពុជាកំពុងតែមានការកាប់សម្លាប់ប្រជាជនខ្លួនឯង។ នេះជារឿងមួយ។
ឯរឿងមួយទៀត វៀតណាមបានចូលមកកម្ពុជា ហើយបានដកត្រឡប់ទៅវិញ។ បើចង់បានទឹកដីកម្ពុជា តើចាំបាច់ដកកងទ័ពទៅវិញធ្វើអ្វី។ ទុកទ័ពឱ្យនៅតែម្ដងទៅ វាជាការងាយស្រួលជាង។ ចំណុចនេះ យើងត្រូវការពារតថភាពប្រវត្តិសាស្រ្ត ព្រោះវាបានកើតឡើងដូច្នេះឯង។ បើសិនជាគ្មានរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅកម្ពុជាទេ តើយើងមានការចាំបាច់សុំកងទ័ពវៀតណាមមកជួយធ្វើអី? ខ្ញុំនឹងធ្វើអត្ថាធិប្បាយអំពីចរិតរបស់វៀតណាមនៅពេលដែលខ្ញុំបានពឹងពាក់ដើម្បីកសាងកម្លាំងប្រដាប់អាវុធសង្រ្គោះជាតិនៅពេលនោះ។
នេះគឺជារឿងប្រវត្តិសាស្រ្ត ហើយវាបានតភ្ជាប់គ្នា។ នៅលើពិភពលោក មិនមែនមានតែវៀតណាមមួយបានជួយកម្ពុជា(អោយរួចផុតពីអំពើប្រល័យពូជសាសន៍)ទេ។ សម្ព័ន្ធមិត្តបានរួមគ្នារំលត់ភ្លើងសង្រ្គាមលោកលើកទី២។ ដូច្នេះ រឿងរំលត់របបប្រល័យពូជសាសន៍ (ក៏ដូចគ្នាដែរ)។ ឥឡូវនេះ កាន់តែច្បាស់ទៅទៀត ដោយសារតុលាការកូនកាត់រវាងកម្ពុជានិងអង្គការសហប្រជាជាតិ បានកាត់ទោសរបបខ្មែរក្រហមរួចទៅហើយ។ គេមិនអាចលេង(វិធីគណនាតាម)គណិតវិទ្យា ១ ដក ១ ស្មើ ០ នោះទេ។ ម្ខាងថ្កោលទោសរបប ប៉ុល ពត។ ម្ខាងថ្កោលទោសអ្នកប្រឆាំង ប៉ុល ពត។ តើគេគប្បីលេងល្បែងនេះ ក្នុងទិដ្ឋភាពនយោបាយពិតប្រាកដឬទេ? នេះជាចំណុចដែលត្រូវចោទសួរទាក់ទិននឹងកត្តាប្រវត្តិសាស្រ្តរបស់កម្ពុជា។
[ចប់សេចក្ដអធិប្បាយ២]
ចំណុចចាប់ផ្ដើមនៃសោកនាដកម្មរបស់កម្ពុជា គឺកើតចេញពីរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០, ហើយពេលនោះ ខ្ញុំ និង យុវជនស្នេហាជាតិរាប់ម៉ឺននាក់ផ្សេងទៀត បានសម្រេចចិត្តចូលរួមជាមួយកម្លាំងតស៊ូក្នុងព្រៃ តាមការអំពាវនាវរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ។ ប៉ុន្តែ, សុបិន្តនៃការរំដោះជាតិចេញពីការលូកដៃគ្រប់គ្រងពីបរទេសនៅក្រោមរបប លន់ នល់ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ បានប្តូរជំនួសដោយសោកនាដកម្មបង្ហូរឈាម, ក្រោមការគ្រប់គ្រងដោយមនោគមវិជ្ជាជ្រុលនិយមរបស់ខ្មែរក្រហម ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសកុម្មុយនីស្តឥតខ្ចោះ ដោយលុបបំបាត់ចោលទាំងស្រុងនូវវណ្ណៈ, បានកាប់សម្លាប់អ្នកមានទ្រព្យ, អ្នកចេះដឹង និង បំផ្លិចបំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ឱ្យរាបសូន្យ, ហើយត្រឹមតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣ លាននាក់ ។
ដោយសារតែទ្រាំមិនបានចំពោះអំពើព្រៃផ្សៃនៃរបប ប៉ុល ពត និងមិនអាចនៅស្ងៀមមើល ប្រទេសជាតិខ្មែរត្រូវរលំរលាយ, ខ្លួនខ្ញុំដែលគ្រានោះ ជាមេបញ្ជាការកងវរសេនាធំដែលគ្រប់គ្រង បញ្ជាលើកងទ័ពជាង ២០០០ នាក់ បានសម្រេចចិត្តចាកចេញទៅប្រទេសវៀតណាមផ្សងព្រេងប្រថុយជីវិតជាមួយនឹងជម្រើសចុងក្រោយ ដើម្បីរំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ នៅយប់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧, ខ្ញុំ និងយុទ្ធមិត្ត ៤ នាក់ បានចាកចេញពីប៉ុស្តិ៍យោធាក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ស្ថិតនៅភាគខាងកើតប្រទេស ដើម្បីឆ្លងដែនទៅប្រទេសវៀតណាម ។ ពេលនោះ, ខ្ញុំមានជម្រើសមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហម, ប៉ុន្តែ ខ្ញុំបានសម្រេចចិត្តរកផ្លូវឆ្លងព្រំដែនទៅវៀតណាម ដើម្បីស្នើឱ្យវៀតណាមជួយរំដោះប្រទេសហើយនេះ គឺពិតជាជម្រើសល្អបំផុតជាប្រវត្តិសាស្ត្រសម្រាប់ភាពរស់រាននៃប្រជាជាតិខ្មែរ ។ នៅគ្រាដ៏គ្រោះថ្នាក់បែបនេះ, ខ្ញុំបានកំណត់ហើយថាផ្លូវដែលត្រូវដើរ គឺមិនមែនដើម្បីស្វែងរកផ្លូវរស់តែខ្លួនឯងនោះទេ គឺដើម្បីជួយសង្គ្រោះជីវិតរបស់ជាតិទាំងមូល ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
ត្រង់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូនថា នៅពេលនោះ ខ្ញុំមានជម្រើស៤ … ជម្រើសទី១ គឺប្រើកងទ័ពដែលនៅក្រោមបញ្ជារបស់ខ្ញុំជាង ២ពាន់នាក់វាយកាន់កាប់តំបន់មួយចំនួន។ នេះគឺជាជម្រើសដ៏គ្រោះថ្នាក់។ កងទ័ព២ពាន់នាក់ទៅជល់នឹងកងទ័ពជាង ១៨ម៉ឺននាក់របស់ ប៉ុល ពត។ វាមិនអាចទៅរួចទេ។ ប៉ុន្តែ ក្នុងកាលៈទេសៈដំបូង យើងអាចវាយកាន់កាប់ក្នុងស្រុកនិងតំបន់មួយចំនួន។ ប៉ុន្តែ បន្ទាប់ទៅយើងក៏នឹងធ្លាក់ទៅក្នុងថ្លុកឈាមនៃការបង្រ្កាបរបស់ ប៉ុល ពត។
ជម្រើសទី២ ដកខ្លួនចេញទៅកាន់ប្រទេសវៀតណាម ដើម្បីរកជំនួយក្នុងការរំដោះប្រទេស។ ជម្រើសនេះមិនមែនជារឿងថ្មីរបស់កម្ពុជាទេ។ សម្ដេចព្រះ នរោត្ដម សីហនុ ក្រោយ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គៗ ក៏ធ្លាប់បានទៅពឹងពាក់មិត្តភក្ដិបរទេសជួយដែរ ក្នុងនោះមានវៀតណាមចូលទៅជួយក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ មិនមែនជាជម្រើសដែលអាក្រក់នោះទេ។
ជម្រើសទី៣ គឺមិនធ្វើអ្វីទាំងអស់ ទុកឲ្យឲ្យពួកខ្មែរក្រហមចាប់យកទៅសម្លាប់។ ឯជម្រើសទី៤ គឺធ្វើអត្តឃាតខ្លួនឯង។ នេះគឺជាជម្រើសចុងក្រោយ។ ប៉ុន្តែ ជម្រើសធ្វើអត្តឃាតនេះ មិនមែនជារឿងល្អទេ។ យ៉ាងណាក្តី ខ្ញុំក៏បានត្រៀមធ្វើអត្តឃាតខ្លួនរួចហើយ ប្រសិនបើក្នុងដំណើរឆ្លងទៅវៀតណាម ខ្ញុំត្រូវវៀតណាមចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ … ខ្ញុំបានទុកម្ជុលចំនួន ១២ដើមនៅក្នុងហោប៉ៅខោរបស់ខ្ញុំ។ បើវៀតណាមបញ្ជូនខ្ញុំមកឲ្យ ប៉ុល ពត វិញពេលនោះ ខ្ញុំនឹងយកម្ជុលទាំង ១២ដើមបុកបំពង់ករបស់ខ្ញុំធ្វើអត្តឃាត។ ខ្ញុំមិនឲ្យខ្មែរក្រហមសម្លាប់ខ្ញុំនោះទេ។
អ្នកអាចយល់បានឬទេថា ក្នុងវ័យ ២៥ឆ្នាំ ខ្ញុំត្រូវចាកចោលប្រពន្ធដែលកំពុងមានផ្ទៃពោះ? នាយករដ្ឋមន្រ្តីបច្ចុប្បន្ននេះ ពេលនោះ ទើបនឹងមានអាយុ ៥ខែក្នុងពោះ។ ជីវិតតស៊ូរបស់ខ្ញុំកម្សត់ណាស់។ បន្ទាប់ពីកូនទីមួយស្លាប់ដោយសារគ្រូពេទ្យប្រហែសអោយធ្លាក់ពីដៃ ភរិយាខ្ញុំមានផ្ទៃពោះមួយទៀតគឺនាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន។ យ៉ាងណាក្តី ទឹកភ្នែករាប់លានតំណក់របស់ខ្ញុំ មិនមែនគ្រាន់តែជាការឈឺចាប់ពីការព្រាត់ប្រាសប្រពន្ធកូននោះទេ ក៏ប៉ុន្តែពីការព្រាត់ប្រាសប្រជាជនកម្ពុជានិងពីប្រទេសជាតិទាំងមូល ដែលទទួលការលំបាកនិងស្លាប់រាល់ថ្ងៃ។ ដូច្នេះ ជម្រើសដែលខ្ញុំបានប្រកាន់យក បង្ហាញថាមិនមែនដើម្បីរួចខ្លួនតែឯងនោះទេ។ ខ្ញុំសូមអភ័យទោស។ នៅពេលណាខ្ញុំនិយាយដល់រឿងនេះ ខ្ញុំមិនអាចទប់ទឹកភ្នែកបាន។
បើទោះបីខ្ញុំបានប្ដូរឋានៈពីអ្នកដែលផ្សងព្រេងដើម្បីការរស់រានមានជីវិតរបស់កម្ពុជាជិត ៥០ឆ្នាំកន្លងទៅហើយក្ដី ភាពកម្សត់របស់ខ្ញុំនៅតែតាមលងខ្ញុំជានិច្ចកាល។ ដោយសារតែរឿងនេះហើយដែលខ្ញុំប្ដូរផ្ដាច់ដាច់ខាតមិនឲ្យនរណាបំផ្លាញសន្តិភាពនៅកម្ពុជាបានទេ។ ប្រជាជនកម្ពុជាឆ្អែតឆ្អន់ពេកហើយ។ ជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្រ្ត មិនដែលពេលណាប្រជាជនកម្ពុជាមានសេចក្ដីសុខដូចសព្វថ្ងៃនេះទេ។ ប្រទេសកម្ពុជាមួយតែងមានតំបន់ត្រួតត្រាច្រើន។ ខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញសន្តិភាពដែលរកបានដោយលំបាកនេះទេ។ ត្រង់នេះ ខ្ញុំសូមអភ័យទោស។ ខ្ញុំមិនគួរស្រក់ទឹកភ្នែកនៅទីនេះ ក៏ប៉ុន្តែខ្ញុំមិនអាចទប់បានទេ។
ខ្ញុំសូមបញ្ជាក់ឡើងវិញ នៅពេលដែលទៅពឹងវៀតណាមៗ បានផ្ដល់មតិឲ្យខ្ញុំចាកចេញទៅប្រទេសទី៣។ សូមបញ្ជាក់ថា ការពឹងពាក់វៀតណាម មិនមែនចេះតែពឹងពាក់(ដោយងាយៗទេ)។ វៀតណាមបានគោរពគោលការណ៍អធិបតេយ្យ(នៃកម្ពុជា)។ មិនមែនបានទៅដល់វៀតណាមៗ ស្វាគមន៍ជួយយើងនោះទេ។ វៀតណាមបានលើកហេតុផលថា “វៀតណាមនិងកម្ពុជាប្រជាធិបតេយ្យ មានទំនាក់ទំនងការទូតជាមួយគ្នា ដូចនេះវៀតណាមមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានទេ។ ដូច្នេះ សូមអ្នកទាំងអស់គ្នាអាចទៅប្រទេសទី៣”។
ពេលនោះ វៀតណាមលើកឈ្មោះប្រទេសមួយចំនួន ដូចជា អូស្រ្តាលី ជប៉ុន បារាំង កាណាដា ដើម្បីឲ្យខ្ញុំចាកចេញទៅ។ បានខ្ញុំប្រាប់ទៅខាងវៀតណាមវិញថា “ប្រសិនបើអស់លោកមិនអាចជួយខ្ញុំបានទេ សូមប្រគល់អាវុធឲ្យខ្ញុំ ហើយខ្ញុំនឹងចូលទៅស្លាប់ជាមួយប្រជាជនរបស់ខ្ញុំ”។ ពេលនោះខ្ញុំទើបនឹងមានអាយុ ២៥ឆ្នាំ។ បើប្រៀបធៀបនឹងពេលនេះ ២៥ឆ្នាំ គឺជានិស្សិតមិនទាន់ចេញពីសាលាទេ។ តែខ្ញុំបានក្លាយទៅជាមេដឹកនាំនៃចលនារំដោះប្រជាជាតិមួយ។ នៅពេលដែលគ្រោះថ្នាក់បែបនេះ ខ្ញុំបានកំណត់ហើយថា ផ្លូវដែលត្រូវដើរ គឺមិនមែនដើម្បីស្វែងរកផ្លូវរស់តែខ្លួនឯងនោះទេ តែដើម្បីសង្រ្គោះជាតិ។
[ចប់សេចក្ដីអធិប្បាយ៣]
ប្រសិនបើខ្ញុំពុំមានឆន្ទៈមុតមាំ និងមិនមានផែនការច្បាស់លាស់ដើម្បីជាតិនោះទេ, មិត្តវៀតណាមក៏មិនជឿជាក់លើខ្ញុំ និង ជួយដល់ខ្ញុំ ក្នុងការកសាងកម្លាំងប្រដាប់អាវុធ ដែលមានកងទ័ពកម្ពុជាប្រមាណជាង ១ ម៉ឺននាក់ និង ជួយយើងដល់ការកសាងអង្គការចាត់តាំងខាងនយោបាយ គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីកាន់ទង់ខាងនយោបាយ ហើយចុងក្រោយសុខចិត្តឱ្យកងទ័ពស្ម័គ្រចិត្តរបស់វៀតណាមមកជួយកម្ពុជានោះដែរ ។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩, យើងត្រូវរែកពន់ការកសាងប្រទេសឡើងវិញពីបាតដៃទទេ, ដោយ ដៃម្ខាង យើងត្រូវការពារការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និង ម្ខាងទៀត យើងត្រូវខិតខំរកស្បៀងអាហារផ្គត់ផ្គង់ដល់ប្រជាជនដែលកំពុងស្រេកឃ្លាន កសាងស្ថាប័នគ្រប់គ្រងជាតិ និង កសាងសេដ្ឋកិច្ចជាតិឡើងវិញ ជាមួយធនធានមនុស្សរបស់យើងត្រូវបានកាប់សម្លាប់ដល់ឫសគល់ ។ មិនថាស្ថានភាពក្នុងស្រុកមានភាពលំបាកបំផុត, សូម្បីតែស្ថានភាពអន្តរជាតិក៏មិនអំណោយផលដល់យើងដែរ, ដោយយើងត្រូវរងនូវការឡោមព័ន្ធ និង ទណ្ឌកម្មយ៉ាងអយុត្តិធម៌ជាទីបំផុត, ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និង ការទូត ។ សហគមន៍អន្តរជាតិមិនទទួលស្គាល់រដ្ឋាភិបាលដែលបានរំដោះជាតិនោះទេ ហើយអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហមអស់រយៈកាល ១២ ឆ្នាំ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេស អាយុ ២៧ឆ្នាំ ខ្ញុំទទួលរងការប្រមាថ។ ខ្ញុំនៅចងចាំរហូតមកដល់ពេលនេះ។ បន្ទាប់ពីជាកងទ័ព ខ្ញុំបានចេញមកប្រកបអាជីពជារដ្ឋមន្រ្តីការបរទេសក្នុងវ័យ ២៧ឆ្នាំ។ បន្ទាប់ទៅ ខ្ញុំបានក្លាយជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស នៅក្នុងវ័យ ២៩ឆ្នាំ។ ក្រោយមកទៀត បានក្លាយជានាយករដ្ឋមន្រ្តីក្នុងវ័យ ៣២ឆ្នាំ។ អញ្ចឹង អាចចាត់ទុកថាជានាយករដ្ឋមន្រ្តីដែលក្មេងជាងគេនៅលើពិភពលោក ប៉ុន្តែក៏ជានាយករដ្ឋមន្រ្តីដែលធ្វើយូរជាងគេនៅលើពិភពលោក ដោយសារខ្ញុំបានបំពេញតួនាទីជានាយករដ្ឋមន្រ្តីរហូតដល់ ៣៨ឆ្នាំ។ អាចគិតថា នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ននៅក្មេង ប៉ុន្តែនៅពេលដែលចូលធ្វើជានាយករដ្ឋមន្រ្តី គាត់មានអាយុ ៤៥ឆ្នាំហើយ។ ពេលដែលខ្ញុំចូលធ្វើជានាយករដ្ឋមន្រ្តី គឺមានវ័យ ៣២ឆ្នាំតែប៉ុណ្ណោះ។ អញ្ចឹង អាចនិយាយបានថា ខ្ញុំក៏ស្ថិតក្នុងចំណោមយុវជនជំនាន់មុន ដែលបានរួមចំណែកធ្វើឲ្យទឹកដីកម្ពុជា វិលត្រឡប់មកកាន់ស្ថានភាពមួយដូចដែលមានសព្វថ្ងៃ។
[ចប់សេចក្ដីអធិប្បាយ៤]
ដំណើរការស្វែងរកសន្តិភាព ការរកែទម្រង់នយោបាយ និង សេដ្ឋកិច្ចកម្ពុជា ក្រោយពេលរំដោះប្រទេសពីខ្មែរក្រហម គឺជាពេលវេលាគ្រោះថ្នាក់បំផុតសម្រាប់ខ្លួនខ្ញុំ ព្រោះថា ទី១. ស្ថានភាពផ្ទៃក្នុងរបស់យើងមិនទាន់មានការឯកភាពគ្នាទាំងស្រុងនោះទេ ហើយការលើកស្នើគោលនយោបាយ ដូចជា ការស្វែងរកការចរចាជាមួយភាគីខ្មែរដទៃទៀត, ការបញ្ចូលទិដ្ឋភាពសេដ្ឋកិច្ចទីផ្សារ ដូចជា កម្មសិទ្ធិដីធ្លី នៅក្នុងដំណើរគ្រប់គ្រងសេដ្ឋកិច្ច ពិតជាមានភាពរសើបខ្លាំង, ទី២. យើងត្រូវដឹងថា យើងកំពុងតែគ្រប់គ្រងប្រទេស ដែលមានវត្តមានកងទ័ពវៀតណាមនៅកម្ពុជា និង ទី៣. អតីតសហភាពសូវៀតគឺជាអ្នកផ្តល់ជំនួយដល់កម្ពុជា ។ យ៉ាងណាក្តី, ខ្ញុំចង់បញ្ជាក់ថា ទាំងវៀតណាម និង សូវៀត បានគោរពឯករាជ្យអធិបតេយ្យរបស់កម្ពុជា នៅក្នុងការសម្រេចជោគវាសនាអនាគតជាតិរបស់ខ្លួន ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
ត្រង់ចំណុចនេះ មិនមែនដើរលើផ្លូវកៅស៊ូទេ។ ខ្ញុំដើរលើផ្លូវដែលមានឧបសគ្គរាប់មិនអស់។ ជាផ្លូវពោរពេញដោយគ្រោះថ្នាក់ នៅពេលធ្វើជានាយករដ្ឋមន្រ្តីជាផ្លូវការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ក្នុងវ័យ ៣២ឆ្នាំ។ ខ្ញុំចាប់ផ្តើមធ្វើកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ច ក្នុងស្ថានភាពមិនអំណោយផល ៣យ៉ាង ដែលសុទ្ធតែអាចជាអាវុធប្រហារជីវិតខ្ញុំ។ តើអ្វីទៅដែលហៅថាជាអាវុធប្រហារជីវិតនោះ?
ទី១ ផ្ទៃក្នុងខ្លួនឯងអត់ទាន់យល់ទេ។ បើនិយាយពីកំណែទម្រង់នយោបាយ ខ្ញុំចង់និយាយសំដៅទៅដល់ថា យើងត្រូវស្វែងរកដំណោះស្រាយនយោបាយជាជាងប្រើប្រាស់សង្គ្រាម។ ដូច្នេះគឺមានតែការចរចា និងគ្មានការយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមទេ។ សួរថា ប៉ុន្មាននាក់មានការយល់ស្របជាមួយយើង?
ពេលមួយនោះ ខ្ញុំបានទម្លាក់(តំណែង)រដ្ឋមន្រ្តីការបរទេសទៅឲ្យបុគ្គលម្នាក់ទៀត។ រដ្ឋមន្រ្តីការបរទេសរូបនេះ និងរដ្ឋមន្រ្តីការពារជាតិមិនយល់ស្រប(នឹងការកែទំរង់នយោបាយនោះទេ)។ ដូច្នេះ ខ្ញុំត្រូវបង្ខំចិត្តប្ដូររដ្ឋមន្រ្តី ២នាក់។ ប្ដូររដ្ឋមន្រ្តីការពារជាតិម្នាក់ និងប្តូររដ្ឋមន្រ្តីការបរទេស។ ខ្ញុំត្រូវយកតំណែងរដ្ឋមន្រ្តីការបរទេសមកធ្វើខ្លួនឯងឡើងវិញ។ បើនាយករដ្ឋមន្រ្តីត្រូវការចរចា តែរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិបែរជាមិនយល់ស្រប តើយើងចរចាបែបណាទៅ? ដូច្នេះ ជម្រើសដែលនៅសេសសល់ គឺដកអ្នកមិនយល់ស្របចេញ ដើម្បីទុកឱកាសឲ្យខ្ញុំសម្រេចនូវគោលដៅការកែទម្រង់នយោបាយ។
អំពីសេដ្ឋកិច្ចទីផ្សារ ជាពិសេសទាក់ទិននឹងការផ្តល់កម្មសិទ្ធិដល់ប្រជាជន មិនមែនជារឿងតូចតាចទេ។ ប៉ុល ពត បានដកហូតកម្មសិទ្ធិប្រជាជនអស់ទៅហើយ។ យើងត្រូវផ្តល់កម្មសិទ្ធិឲ្យប្រជាជនឡើងវិញ ដោយចាប់ផ្តើមពីកំណែទម្រង់ដីធ្លី។ (គេដឹងហើយថា)កំណែទម្រង់ដីធ្លីជាការលំបាក មិនមែនបញ្ហាតូចតាចទេ ពិសេសខណៈដែល ប៉ុល ពត បានដកហូតកម្មសិទ្ធិប្រជាជនអស់ ហើយបានជម្លៀសប្រជាជនទូទាំងប្រទេសពីខេត្តមួយទៅកាន់ខេត្តមួយ។ បញ្ហា(ដែលចោទឡើងស្តីពីការ)កំណែទម្រង់នៅទីនេះ គឺតើយើងត្រូវទទួលស្គាល់កម្មសិទ្ធិមុនឆ្នាំ១៩៧៥ ឬទទួលស្គាល់កម្មសិទ្ធិក្នុងពេលបច្ចុប្បន្ន។ នេះជាបញ្ហាដែលត្រូវការពេលវេលា(ដើម្បីសិក្សាអោយបានល្អិតល្អន់)។ ការកំណែទម្រង់ពីសេដ្ឋកិច្ចផែនការទៅកាន់សេដ្ឋកិច្ចទីផ្សារ មិនមែនជាបញ្ហាតូចតាចទេ។ យើងត្រូវពន្យល់ផ្ទៃក្នុងឲ្យយល់។ ប្រសិនបើផ្ទៃក្នុងជំទាស់ ខ្ញុំអាចនឹងបាត់បង់នូវការគាំទ្រ ហើយជីវិតនយោបាយរបស់ខ្ញុំក៏អាចនឹងត្រូវបានបញ្ចប់។
ទី២ នៅពេលដែលធ្វើកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ច កងទ័ពវៀតណាមមានវត្តមាននៅកម្ពុជារហូតប្រមាណជិត ១ សែននាក់។ វៀតណាមមិនទាន់មានការកំណែទម្រង់សេដ្ឋកិច្ចនៅឡើយទេ ក្នុងពេលដែលកម្ពុជាត្រូវធ្វើសេដ្ឋកិច្ចទីផ្សារ និងបើកឱ្យមានការចរចាជាមួយគូបដិបក្សរបស់កម្ពុជា។ អញ្ចឹងបើវៀតណាមមិនគោរពឯករាជ្យអធិបតេយ្យភាពរបស់កម្ពុជាទេ មិនផ្ដល់ការគាំទ្រដល់ការសម្រេចចិត្តរបស់កម្ពុជាលើបញ្ហានយោបាយសេដ្ឋកិច្ចសង្គមរបស់ខ្លួន ខ្ញុំនឹងជួបការលំបាក(មិនលែងឡើយ)។ ប៉ុន្តែ វៀតណាមបានគោរពនូវអ្វីដែលជាការសម្រេចរបស់កម្ពុជា។
ឯទី៣ គ្រានោះ កម្ពុជាបានទទួលជំនួយតែពីសហភាពសូវៀត និងបណ្តាប្រទេសក្នុងក្រុម COMECON គឺប្រទេសនៅអឺរ៉ុបខាងកើត។ ពេលនោះ សហភាពសូវៀត នៅមិនទាន់មាន Perestroika និង Glasnost របស់ Gorbachev នៅឡើយទេ។ ដូចនេះ បើសហភាពសូវៀតប្រាប់មកទីក្រុងភ្នំពេញថា “បើទុក ហ៊ុន សែន ឲ្យធ្វើជានាយករដ្ឋមន្រ្តីតទៅទៀត សូវៀតឈប់ផ្តល់ជំនួយ” ប៉ុណ្ណឹង គឺវាគ្រប់គ្រាន់ដើម្បីប្រហារជីវិត(នយោបាយ)ខ្ញុំទៅហើយ។ បើទោះជាខ្ញុំមិនស្លាប់ជាជីវិត ប៉ុន្តែនយោបាយរបស់ខ្ញុំទាំងអស់ត្រូវចប់។
ខ្ញុំគួរតែអរគុណមេដឹកនាំវៀតណាម អរគុណមេដឹកនាំអតីតសហភាពសូវៀត ដែលបានផ្តល់នូវការគោរពចំពោះការសម្រេចចិត្តរបស់កម្ពុជា។ ខ្ញុំសូមអរគុណចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជននៅពេលនោះ ទាំងប្រធានរដ្ឋ ទាំងប្រធានសភា និងបណ្តាថ្នាក់ដឹកនាំផ្សេងទៀត ដែលបានគាំទ្រការសម្រេចចិត្តរបស់ខ្ញុំក្នុងទិសដៅកែទម្រង់ទាំងនយោបាយទាំងសេដ្ឋកិច្ច គឺបើកមុខព្រួញទាំង២ តែម្តង។ បើមិនធ្វើដូច្នេះទេ តើមកដល់ថ្ងៃនេះ កម្ពុជាមានសន្តិភាពឬនៅ? នេះជាចំណុចដែលយើងត្រូវមើលឃើញ។ ប៉ុន្តែ លទ្ធផលវាបានបង្ហាញច្បាស់ថាថ្ងៃនេះយើងមាន(សន្តិភាព)។
ព្រឹកមិញ ពេលដែលចូលមកតាមជណ្តើរប្រអប់ ខ្ញុំបាននិយាយជាមួយសហការីរបស់ខ្ញុំថា អ្នកទាំងអស់គ្នាត្រូវដឹង កាលជំនាន់យើងដើរចរចា យើងទទួលបានប្រាក់ត្រឹមតែ ៥០ដុល្លារក្នុងម្នាក់ទេ។ អ្នកដែលបានធ្វើដំណើរចរចាជាមួយខ្ញុំ ធ្វើដំណើរជុំវិញពិភពលោក ឬទោះបីប៉ុន្មានប្រទេសក៏ដោយ ទាំងអនុប្រធានទី១ ព្រឹទ្ធសភា(បច្ចុប្បន្ននេះ) គឺយើងទទួលបានតែ ៥០ដុល្លារក្នុងម្នាក់ទេ។ ខ្ញុំមិនឲ្យមានការចំណាយខ្ជះខ្ជាយទេ។ ខ្លួនខ្ញុំក៏ទទួល ៥០ដុល្លារ។ ឥឡូវគ្រាន់តែចែកឲ្យនិស្សិត ចែកឲ្យអ្នកការទូតធ្វើការនៅទីនេះ ម្នាក់ៗ បានទទួល ៥០០(ដុល្លារ)អី …។
រឿងរបស់យើងខ្ញុំមានច្រើន។ ចាប់ផ្តើមធ្វើរដ្ឋមន្រ្តីការបរទេស ខ្ញុំមានរបបត្រឹមតែ ១៦គីឡូក្រាមទេ ក្នុងនោះអង្ករ ១០គីឡូ និងពោត ៦គីឡូ។ នេះជារឿងពិតរបស់កម្ពុជា។ យើងកសាងប្រទេសពីបាតដៃទទេ។ យើងខាំស្មៅនៅជាមួយប្រជាជន។ អត់រត់ចោលប្រជាជនទេ។ នេះគឺជាចំណុចដែលខ្ញុំគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលអាចកើតមានចំពោះខ្ញុំ។ ផ្ទុយទៅវិញ ខ្ញុំមានសំណាងដែលអាចជំនះបាននូវឧបសគ្គនានា តាំងពីផ្ទៃក្នុងមិនយល់(អំពីការកែទំរង់នយោបាយនិងសេដ្ឋកិច្ច) វត្តមានកងទ័ពវៀតណាមនៅក្នុងប្រទេសក្នុងពេលដែលវៀតណាមមិនទាន់មានការកែទំរង់ និងក្នុងពេលដែលសហភាពសូវៀត ដែលជាប្រទេសផ្តល់ជំនួយ មិនទាន់មានការកែទម្រង់។
យ៉ាងណាក្តី នៅទីនេះ ខ្ញុំក៏មានសិល្បៈមួយដែរ។ ពេលដែលខ្ញុំចេញចរចា គឺ ហ៊ុន សែន ត្រូវបានគេស្គាល់ទូទាំងពិភពលោក។ ដូច្នេះ ខ្ញុំក៏យកកត្តាអន្តរជាតិជំរុញកែទម្រង់ផ្ទៃក្នុង ហើយយកការកែទម្រង់ផ្ទៃក្នុងដើម្បីជំរុញការចរចាជាអន្តរជាតិ។ នេះជាទំនាក់ទំនងវិចារវិទ្យាបំពេញឲ្យគ្នា រវាងខាងក្នុងនិងខាងក្រៅ។
[ចប់សេចក្ដីអធិប្បាយ៥]
នៅពេលដែលខ្ញុំធ្វើជានាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៨៥ ខ្ញុំមានអាយុទើបតែ ៣២ ឆ្នាំ ប៉ុណ្ណោះ ដែលជានាយករដ្ឋមន្ត្រីក្មេងបំផុត ក្នុងពិភពលោកនៅពេលនោះ ។ ចាប់ពីទទួលបានតំណែងជានាយករដ្ឋមន្ត្រីភ្លាម, ខ្ញុំបានប្រកាសថា មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយចំពោះជម្លោះនៅកម្ពុជា គឺមានតែការចរចា និងដំណោះស្រាយនយោបាយរវាងខ្មែរ និង ខ្មែរប៉ុណ្ណោះ ដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា ។ ក្នុងស្មារតីនេះហើយ ដែលខ្ញុំបានដាក់ចេញនាខែតុលា ឆ្នាំ១៩៨៧ នូវសេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជានោះគឺ៖
១). រៀបចំជំនួប សីហនុ-ហ៊ុន សែន,
២). ការដកទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមពេលនឹងការបញ្ឈប់រាល់ជំនួយ និងការគាំទ្រទាំងអស់ ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ,
៣). ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និង មិនចូលបក្សសម្ព័ន្ធ,
៤). ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាព និង សន្តិភាព និងរៀបចំមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន,
៥). រៀបចំសន្និសីទអន្តរជាតិមួយ ដើម្បីផ្ដល់ការធានាដល់កិច្ចព្រមព្រៀង ដែលនឹងសម្រេចបានជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ (រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា) សមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ, ប្រទេសវៀតណាម, ឥណ្ឌា និងប្រទេសដទៃទៀត ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៦]
(ខាងលើ)នេះជាចំណុចដែលខ្ញុំស្នើ។ ហេតុអ្វីបានជាលើកឈ្មោះឥណ្ឌា? ខ្ញុំសូមលើកប្រវត្តិត្រង់នេះបន្តិច ដើម្បីទាំងអស់គ្នាអាចយល់(អំពីដំណើររឿង)ក្នុងអតីតកាល។ ក្រោយសម័យឯករាជ្យឆ្នាំ១៩៥៣ ដែលដឹកនាំទាមទារដោយព្រះករុណាព្រះបិតាជាតិ សម្តេចព្រះ នរោត្តម សីហនុ សង្រ្គាមឥណ្ឌូចិននៅបន្តនៅឡើយ។ ដូច្នេះហើយមានសន្និសីទហ្សឺណែវឆ្នាំ១៩៥៤។ នៅកម្ពុជា មានគណៈកម្មការត្រួតពិនិត្យអន្តរជាតិមួយ (International Control Commission – ICC) … ពេលនោះមានតួអង្គ៣ គឺ ឥណ្ឌាតំណាងឲ្យប្រទេសអព្យាក្រឹត, ប៉ូឡូញតំណាងឲ្យប្រទេសសង្គមនិយម, កាណាដាតំណាងឲ្យប្រទេសសេរី។ វាមានប្រវត្តិយ៉ាងនេះ។ ដូច្នេះហើយបានជាមានលើកឈ្មោះឥណ្ឌានៅទីនេះ។ ប៉ុន្តែយើងប្រើពាក្យ “និងប្រទេសដទៃទៀត” ដែលសំដៅថា “តើភាគីដទៃយកចិត្តទុកដាក់ចំពោះអ្នកណា”។
[ចប់សេចក្ដីអធិប្បាយ៦]
មកដល់ត្រង់នេះ, ខ្ញុំសូមរៀបរាប់ដំណើររឿងដែលជាសច្ចធម៌ប្រវត្តិសាស្ត្រ ត្រង់ថា ខ្ញុំគឺជាមនុស្សដំបូងគេដែលបង្ហាញពីបំណងជួបជាមួយ សម្តេចព្រះ នរោត្តម សីហនុ ដោយគោលនយោបាយខាងលើ សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការចរចាជាបន្តបន្ទាប់ ដើម្បីស្វែងរកសន្តិភាព ។ ជាមួយនឹងស្មារតីនេះ, ខ្ញុំតែម្នាក់គត់ គឺជាអ្នកជំរុញឱ្យមានជំនួបលើកដំបូងដែលយើងហៅថា «ជំនួប សីហនុ- ហ៊ុន សែន» នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង ដែលជំនួបនោះ បានបើកផ្លូវដល់ដំណើរការចរចាពិតប្រាកដឆ្ពោះទៅរក ដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយទូលំទូលាយមួយនៃជម្លោះកម្ពុជា, ដែលហៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ ដែលត្រូវបានសម្រេចបានដោយសារឆន្ទៈ និង ស្មារតីស្នេហាជាតិពិតប្រាកដរបស់ សម្តេចព្រះ នរោត្តម សីហនុ និង ខ្លួនខ្ញុំ ហ៊ុន សែន ។
មុននឹងឈានដល់ការសម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យើងបានខិតខំធ្វើការងារស្នូល ដែលជាមូលដ្ឋានគ្រឹះ និង ចម្បង មិនអាចខ្វះបាន ។ ពិតណាស់ថា ប្រទេសជាច្រើនបានជួយជ្រោមជ្រែង និង ផ្តល់ការគាំទ្រដល់កម្ពុជាពេញទំហឹងដល់ដំណើរការចរចា ដែលមានរយៈពេលជិត ៤ ឆ្នាំ ។ ជាឧទាហរណ៍, បារាំង និង ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា សហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ខណៈដែលកិច្ចពិភាក្សាជាច្រើនរបស់យើងត្រូវបានរៀបចំនៅទីនោះ។ រីឯអូស្ត្រាលីវិញ ជំរុញគំនិតផ្តួចផ្តើម របស់ខ្លួន ក្នុងការដាក់កម្ពុជាជាបណ្តោះអាសន្នក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិក្នុងអំឡុងពេលអន្តរកាល ។ ចំណែកបារាំង និង ជប៉ុន, ខណៈពេលរួមចំណែកដល់កិច្ចព្រមព្រៀងសន្តិភាព បានគាំទ្រយ៉ាងទូលំទូលាយដល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញ និងអភិវឌ្ឍន៍របស់កម្ពុជា ។ ដូចគ្នានេះដែរ, ថៃបានជួយយ៉ាងខ្លាំងដល់បុព្វហេតុនេះ និង គាំទ្រការបញ្ជូនជនភៀសខ្លួនកម្ពុជាជាង ៣៧០ ០០០ នាក់ ត្រឡប់មកកម្ពុជាវិញ ។ ចំណែកវៀតណាម ការដកកងទ័ពរបស់ពួកគេទាំងស្រុងនៅឆ្នាំ ១៩៨៩, ក៏បានដោះស្រាយការជាប់គាំងលើការចរចា ទាក់ទងនឹងអនាគតរបស់ខ្មែរក្រហម និង វត្តមានរបស់កងទ័ពបរទេសផងដែរ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៧]
ខ្ញុំសូមបញ្ជាក់ចំណុចនេះបន្តិច ដើម្បីយើងងាយយល់អំពីបញ្ហាកម្ពុជាថាមានអ្វីខ្លះ។ បញ្ហាកម្ពុជាមានទិដ្ឋភាពពីរគឺ មួយ(ជា)ទិដ្ឋភាពផ្ទៃក្នុង ហើយមួយទៀតជាទិដ្ឋភាពអន្តរជាតិ។ គេអាចយល់បានថា ទិដ្ឋភាពផ្ទៃក្នុង ជាជម្លោះប្រដាប់អាវុធរវាងខ្មែរនិងខ្មែរ ដែលមានរហូតទៅដល់ ៤ក្រុម។ ទោះមានរដ្ឋាភិបាល២ ដែលមួយជារដ្ឋាភិបាលចម្រុះត្រីភាគីកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិក៏ដោយ ក៏រដ្ឋាភិបាលត្រីភាគីនេះមានកម្លាំងប្រដាប់អាវុធរៀងៗ ខ្លួនរហូតដល់ ៣ក្រុម។ ឯមួយទៀត គឺរដ្ឋាភិបាលរបស់ខ្ញុំនៅទីក្រុងភ្នំពេញ។ នេះជាជម្លោះប្រដាប់អាវុធនៃទិដ្ឋភាពផ្ទៃក្នុង។
ឯទិដ្ឋភាពអន្តរជាតិ រួមមានកងទ័ពវៀតណាមកំពុងនៅកម្ពុជា កងទ័ពត្រីភាគីកំពុងស្ថិតនៅលើដីថៃ រួមទាំងការផ្តល់ជំនួយអាវុធពីប្រទេសក្រៅទៅឲ្យត្រីភាគី។ ដូច្នេះ នេះគឺជាស្ថានភាពត្រូវដោះស្រាយ។ ប៉ុន្តែការដកកងទ័ពវៀតណាមចេញពីកម្ពុជានៅឆ្នាំ១៩៨៩ បានលើកតម្លៃ(ដល់ភាគីកម្ពុជា)។ បន្តិចទៀតខ្ញុំនឹងនិយាយដល់។ ខ្ញុំបានជំរាបអ្នកទាំងអស់គ្នាមុនពេលដែលចូលមកកាន់ទីនេះហើយទាក់ទងនឹង ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ឬSNC តើវាមានការវិវត្តយ៉ាងណា។ ខ្ញុំទម្លាយអាថ៌កំបាំងថ្ងៃនេះជំរាបជូនអ្នកទាំងអស់គ្នា ហើយក៏ចែកជូនទៅដល់អ្នកសរសេរប្រវត្តិសាស្ត្រទាំងឡាយ។ អ្នកខ្លះ គ្រាន់តែដឹងពីកិច្ចព្រមព្រៀងប៉ារីស ក៏ប៉ុន្តែថាអ្វីដែលបានរុញច្រានទៅដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ពួកគេធ្វើជាភ្លេច ឬក៏អាចបំពានតែម្តងក៏ថាបាន។
[ចប់សេចក្ដីអធិប្បាយ៧]
ខ្ញុំឆ្លៀតឱកាសនេះ ខ្ញុំសូមរំលឹកថា មូលដ្ឋាននៃដំណើរការចរចា ដែលទទួលបានការគាំទ្រពីប្រទេសជាមិត្ត ក្នុងសហគមន៍អន្តរជាតិ ដែលសំខាន់ជាងនេះទៀត គឺគំនិតផ្តួចផ្តើម និង កិច្ចខិតខំប្រឹងប្រែងរបស់ខ្មែរផ្ទាល់ក្នុងការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់(SNC) សម្រាប់ប្រទេសកម្ពុជា ។ ជាទឡ្ហីករណ៍, ក្នុងអំឡុង «ជំនួប សីហនុ-ហ៊ុន សែន» លើកទីពីរនៅ Saint Germain-en-Laye ក្នុងខែមករា ឆ្នាំ ១៩៨៨, ខ្ញុំបានផ្តួចផ្តើមការបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់ ដែលមានប្រធានមួយ អនុប្រធានពីរ ដែលត្រូវបានពិភាក្សានៅក្នុងកិច្ចចរចាជុំទីមួយ ហៅថា JIM I។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៨]
ហើយ(កិច្ចប្រជុំក្រៅផ្លូវការនៅទីក្រុងហ្សាការតា) JIM1 នេះ ដែលខ្ញុំនិយាយលេងថា ហៅថា JIM មានន័យថា Jakarta Informal Meeting ក៏ប៉ុន្តែយើងបានទៅប្រជុំនៅ Bogor ឯនោះទេ។ ខ្ញុំបាននិយាយលេងជាមួយមិត្តភក្តិឥណ្ឌូនេស៊ីថា គួរតែហៅថា BIM ត្បិតវាជា Bogor informal meeting ទើបវាត្រូវជាង។ យ៉ាងណាក្តី យើងបានហៅថា JIM1 ក្រោយមក JIM2 ប៉ុន្តែមានអ្នកខ្លះសរសេរដល់ JIM3 ឯណោះ។ គ្មាន JIM3 ទេ មានតែ JIM1, JIM2, និង IMC។ អញ្ចឹង អ្នកខ្លះសរសេរជ្រុលហួសទៅដល់ JIM3។ ខ្ញុំគ្រាន់តែបញ្ជាក់ជូនប៉ុណ្ណឹង ព្រោះខ្ញុំជាតួអង្គក្នុងគ្រប់ដំណាក់កាល។ ខ្ញុំចរចាជាមួយដៃគូច្រើន។ ខ្ញុំម្នាក់ឯងនេះប្រមូលផ្តុំធាតុទាំងអស់។ អ្នកដទៃអាចមានដៃគូច្រើនដែរ ក៏ប៉ុន្តែមិនមានដៃគូច្រើនជាងខ្ញុំទេ (មិនមានសម្លេង)។
ការចរចារៀបចំក្រុមប្រឹក្សាជាតិជាន់ខ្ពស់នេះ មិនបានសម្រេចទេនៅពេលនោះ ក៏ប៉ុន្តែ បន្ទាប់មកកិច្ចព្រមព្រៀងនេះ ក៏បានការជួយឧបត្ថម្ភគាំទ្រពីឧត្តមសេនីយ៍ ឆាវ៉ាលីត យ៉ុងឆៃយុត (Chavalit Yongchaiyudh) ដែលនាំអោយខ្ញុំបានចុះហត្ថលេខាជាមួយសម្តេចព្រះនរោត្តមសីហនុ នៅខែមីនា ឆ្នាំ១៩៩០ នៅទីក្រុងបាងកក … បើយើងនិយាយពីខ្លឹមសារ និងគោលដៅ គឺដូចគ្នា គ្រាន់តែដូរឈ្មោះពីក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់ ទៅជាក្រុមប្រឹក្សាជាតិជាន់ខ្ពស់តែប៉ុណ្ណឹងទេ។ ប៉ុន្តែការចុះហត្ថលេខា(លើការក្រុមប្រឹក្សាជាតិជាន់ខ្ពស់)នេះ ធ្វើឡើងតែរវាងសម្តេចព្រះនរោត្តម សីហនុ ជាមួយនឹងខ្ញុំតែប៉ុណ្ណោះ។ (សមាជិករដ្ឋាភិបាលចម្រុះ)ត្រីភាគី រាប់ទាំងភាគីខ្មែរក្រហម និងភាគីរបស់សម្តេច សឺន សាន មិនទាន់យល់ព្រមទេ។ អញ្ចឹងវាត្រូវមានអន្តរាគមន៍របស់ជប៉ុន ដែលមានឯកឧត្តម ឆាវ៉ាលីត យ៉ុងឆៃយុត (Chavalit Yongchaiyudh) ចូលរួមផងថែមទៀត។
ខ្ញុំសូមជម្រាបកន្លែងនេះ។ កាលពីមុន រដ្ឋាភិបាលជប៉ុនមិននិយាយជាមួយខ្ញុំទេ។ អញ្ចឹង ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំជានាយករដ្ឋមន្ត្រី បូកជាមួយរដ្ឋមន្ត្រីការពារជាតិ ធ្វើដំណើរឆ្លងកាត់សមុទ្រនៅវេលាម៉ោង២ ហៀបភ្លឺ ពីខេត្តកោះកុងមកកាន់ទឹកដីថៃ ហើយធ្វើដំណើរបន្តទៀតទៅប៉ាតាយ៉ាដើម្បីជួប H.E. Mr. Yukio Imagawa អតីតអគ្គរដ្ឋទូតជប៉ុននៅកម្ពុជា ដើម្បីសម្រុះសម្រួលឲ្យមានការជួបចរចាគ្នា។ ការសម្រុះ សម្រួលនោះ បាននាំទៅដល់ការជួបប្រជុំនៅទីក្រុងតូក្យូ ក្នុងជំនាន់អតីតនាយករដ្ឋមន្ត្រី Toshiki Kaifu និងរដ្ឋមន្ត្រីការបរទេស Taro Nakayama។
ឯរឿងដែលគួរឲ្យចងចាំបំផុតនៅពេលនោះ ដែលខ្មែរត្រូវមានមោទនភាពពីការ(ដែលបានវិលពី)បែកបាក់ មករួបរួមជាតិ នៅត្រង់ថាសូម្បីតែពិធីជប់លៀងមួយ ក៏ត្រូវរៀបចំតុ២ ដោយ តុមួយសំរាប់ខាងត្រីភាគី និងតុមួយទៀតសំរាប់រដ្ឋាភិបាលភ្នំពេញ។ អញ្ចឹង រដ្ឋមន្ត្រីការបរទេស Taro Nakayama នៅជាមួយតុរបស់ត្រីភាគីទទួលទានម្ហូបចំនួន ៣មុខ។ ឯអនុរដ្ឋមន្ត្រីការបរទេស Hisashi Owada ដែលជាឪពុកក្មេកព្រះចៅអធិរាជបច្ចុប្បន្ន នៅតុជាមួយពួកខ្ញុំ។ ដល់អស់មុខម្ហូប ៣មុខនេះ រដ្ឋមន្ត្រីការបរទេស Taro Nakayama បានប្តូរមកនៅតុជាមួយពួកខ្ញុំ និងលោកអនុរដ្ឋមន្ត្រីការបរទេស Hisashi Owada ទៅនៅតុរបស់ត្រីភាគី។ (រឿងដែលមិនអាចចុះសម្រុងគ្នាបានមាន)ដល់ប៉ុណ្ណឹង។ កាលពេលនោះអត់ត្រូវគ្នាទេ។ ប៉ុន្តែ យើងត្រូវប្រឹង ទោះបីលទ្ធផលបានប៉ុណ្ណាក៏ដោយ និងទោះបីសង្ឃឹមត្រឹមតែ១% ក៏ត្រូវតែប្រឹង។ (យើង)ប្រើប្រាស់ការចរចា ជាជាងវាយគ្នានៅសមរភូមិ (ដែលនាំអោយ)ស្លាប់ជីវិតមនុស្ស។
ពេលចាប់ផ្តើមការចរចា នាយករដ្ឋមន្ត្រី(ជប៉ុន) Toshiki Kaifu បានចូលរួម។ បន្ទាប់ទៅ នាយករដ្ឋមន្ត្រី Toshiki Kaifu ដកខ្លួនចេញ។ ខ្មែរក្រហមក៏ធ្វើពហិការ។ យ៉ាងណាក៏ដោយ យើងក៏នៅតែចុះហត្ថលេខាបាន ដោយពេលហ្នឹង ឯកឧត្តម ឆាវ៉ាលីត យ៉ុងឆៃយុត (Chavalit Yongchaiyudh) បានក្លាយខ្លួនទៅជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិរបស់ថៃទៅហើយ និងបានទៅសម្របសម្រួលជាមួយជប៉ុន។ ទាំងឯកឧត្តម ឆាវ៉ាលីត យ៉ុងឆៃយុត (Chavalit Yongchaiyudh) ទាំងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន Hisashi Owada បានទៅជួបខ្ញុំនៅសណ្ឋាគារ Hotel New Otani (Tokyo)។ (អនុរដ្ឋមន្ត្រីការបរទេសជប៉ុន Hisashi Owada)ថា “វាមិន logic ទេ ក្នុងការចុះហត្ថលេខានេះ ព្រោះខាងត្រីភាគី ក្រុមខ្មែរក្រហមបានធ្វើពហិការទៅហើយ ប៉ុន្តែសុំឯកឧត្តម ហ៊ុន សែន ទទួលលេបរឿងមិន logic នេះ”។
ខ្ញុំថា “បាន! មិនអីទេដើម្បីជោគជ័យសម្រាប់ខ្មែរទាំងមូល។ យើងទទួលយកការចុះហត្ថលេខាបែបនេះ”។ អញ្ចឹងបានជាមានការចុះហត្ថលេខាលើកទី១ នៅទីក្រុងបាងកក លើកទី២ ទៅឯទីក្រុងតូក្យូ ដើម្បីបង្កើតឡើងនូវ SNC តាមរូបមន្ត ៦+៦ ឬ ៦+២+២+២។ នេះជាដំណើររឿង។ នៅទីក្រុងតូក្យូ ប្រឹងបង្កើតនូវក្របខណ្ឌតែប៉ុណ្ណោះ ប៉ុន្តែសមាសភាពអ្នកណា សមាជិកចេញពីអ្នកណាមកខ្លះ មិត់ទាន់បានរៀបចំទេ។ គឺត្រូវមករៀបចំនៅហ្សាការតា។ ហ្សាការតានេះ ជាទីកន្លែងនៃការរៀបចំ ដែលខ្ញុំសូមទម្លាយរឿងនេះឲ្យអស់នៅទីនេះ ដើម្បីថ្ងៃក្រោយអាចបោះពុម្ពជាសៀវភៅ។ ដើម្បីអ្វី? ប្រសិនបើខ្ញុំស្លាប់បាត់ទៅទៀត (វានឹង)អស់មនុស្ស(ដែលនៅក្នុងហេតុការ)និយាយហើយ។ ប៉ុន្ដែ ខ្ញុំមិនងាយស្លាប់ទេ។ នៅកំដរវាយកូនហ្គោលបាន។
ពេលរៀបចំប្រជុំនៅទីនេះ ព្រះករុណាបិតា ព្រះបាទនរោត្ដម សីហនុ ទ្រង់ព្រះប្រឈួន មិនបានយាងមក។ អញ្ចឹង ខាងភាគីរដ្ឋកម្ពុជា ដាក់ ៦រូបចូលទៅ, ឯខាងត្រីភាគី ក្រុមខ្មែរក្រហមបានដាក់ ខៀវ សំផន និង សុន សេន, ក្រុមរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរបានដាក់ សឺន សាន និង អៀង ម៉ូលី, ខាងហ៊្វុនស៊ិនប៉ិច ដាក់សម្ដេចព្រះនរោត្ដម សីហនុ និងព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។ ពេលនោះ យើងអត់មានការជួបប្រជុំគ្នាទេ ប៉ុន្ដែឯកឧត្តម អាលី អាឡាតាស ជាអ្នករៀបចំ។ ពេលដែលចូលទៅឃើញសមាសភាព ខ្ញុំបានប្រាប់ឯកឧត្តម អាលី អាឡាតាស ថា “ឯកឧត្តម! ដើម្បីធានាថាកិច្ចព្រមព្រៀងនេះត្រូវបានគោរព ខ្ញុំសូមស្នើដកព្រះនាមរបស់ព្រះបាទនរោត្ដម សីហនុ ចេញ។ បើយើងនាំគ្នាចេញសេចក្ដីថ្លែងការណ៍នៅហ្សាការតា ស្រាប់តែព្រះបាទនរោត្ដម សីហនុ ថា ខ្ញុំមិនធ្វើជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ តើឯកឧត្តមទទួលខុសត្រូវបានទេ”។ ពេលនោះ ហ៊្វុនស៊ិនប៉ិច បានស្នើដាក់ព្រះអង្គម្ចាស់(នរោត្តម រណឫទ្ធិ) ពេលនោះមិនទាន់ជាសម្ដេចក្រុមព្រះទេ និង ចៅ សែនកុសល ហៅ ឈុំ ដែលក្រោយមកក្លាយទៅជាព្រឹទ្ធបុរសធ្វើការកោះប្រជុំ។
ដោយមូលហេតុនេះហើយបានជាសេចក្ដីថ្លែងការណ៍នៅពេលនោះរួមមានសមាសភាពដែលខ្ញុំបានបញ្ជាក់គឺខាងរដ្ឋកម្ពុជាមាន ៦នាក់ និងខាងត្រីភាគី គឺខ្មែរក្រហមមាន ខៀវ សំផង និង សុន សេន, រណសិរ្សរំដោះប្រជាជនខ្មែរមាន សឺន សាន និង អៀង ម៉ូលី និងហ៊្វុនស៊ិនប៉ិចមាន នរោត្ដម រណឫទ្ធិ និង ចៅ សែនកុសល។ ប៉ុន្ដែ យើងបានរក្សាឃ្លាមួយថា «ប្រសិនបើមានករណីចាំបាច់ SNC អាចជ្រើសរើសមនុស្សទី១៣ ជាប្រធាន SNC» សុំមើល(អត្ថបទសេចក្តីថ្លែងការណ៍)ឡើងវិញ។ អ្នកខ្លះនិយាយតែពីរឿងប្រវត្ដិចរចា ប៉ុន្ដែមិនដឹងបែរមុខទៅណាទេ។ ខ្ញុំបានផ្ដល់ឱកាសឲ្យពួកគេបានដឹងថា SNC កើតរបៀបម៉េច នៅទីក្រុងហ្សាកាតានេះ និងមូលហេតុដែលមិនមាន ព្រះនាម សម្ដេចព្រះនរោត្ដម សីហនុ (ពីដើមទីមក)។
ក្រោយមក វាជាភ័ព្វសំណាងមួយ។ ដោយយើងនៅទីក្រុងហ្សាការតាស្រាប់ ខ្ញុំក៏បំបែករឿងឲ្យបានដឹងពីការព្រមព្រៀងជាសំងាត់រវាងខ្ញុំនិងសម្ដេចព្រះនរោត្ដម សីហនុ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ១៩៩១ នៅទីក្រុងហ្សាការតា។ នេះជាការរៀបចំមួយ ដែលខ្ញុំគិតថាប្រហែលជា ឥណ្ឌូនេស៊ី ថៃ សហការគ្នា ធ្វើឲ្យគណៈប្រតិភូ សម្ដេចព្រះនរោត្ដម សីហនុ និងគណៈប្រតិភូរបស់ខ្ញុំ បូកនឹងគណៈប្រតិភូរបស់ខ្មែរក្រហម ក្នុងដំណើរពីទីក្រុងបាងកក មកទីក្រុងហ្សាការតា ធ្វើដំណើរដោយជុំគ្នាលើយន្ដហោះតែមួយ។ ពេលនោះហើយ សម្ដេចព្រះនរោត្ដម សីហនុ បានអញ្ជើញខ្ញុំនិងភរិយា ប៉ុន្តែភរិយាខ្ញុំមិនបានរួមដំណើរមកទេ ឱ្យចូលរួមទទួលទានអាហារ(ជាមួយព្រះអង្គ)។ ខ្ញុំមានការភ្ញាក់ផ្អើលដែរ ដោយពេលមានការជប់លៀងមួយ ស្រាប់តែឥណ្ឌូនេស៊ីបាននិយាយថា «ថ្ងៃស្អែកនឹងមានបាយការងារដ៏ល្អ»។ ពួកគេបានដឹងមុន។ បានសេចក្ដីថា គេមានការសហការរួចស្រេចទៅហើយ។ សហការតាំងពីការ(រៀបចំ)ឲ្យជិះយន្ដហោះជាមួយគ្នា សហការឲ្យមានជំនួបដាច់ដោយឡែកមួយរវាងខ្ញុំនិងសម្ដេចព្រះនរោត្ដម សីហនុ។
ពេលជួបសម្ដេចព្រះនរោត្ដម សីហនុ និង សម្ដេចម៉ែ ដែលពេលនោះជាអ្នកម្នាង និងឥឡូវជា សម្ដេច វររាជមាតាជាតិខ្មែរ … សម្ដេចព្រះនរោត្ដម សីហនុ បានមានព្រះបន្ទូលមកកាន់ខ្ញុំថា «ខ្មែរក្រហមបោកខ្ញុំ»។ ខ្មែរក្រហមបានសន្យានឹងខ្ញុំថា “ឲ្យតែកងទ័ពវៀតណាមដកចេញ រដ្ឋាភិបាលរបស់ឯកឧត្តម (ហ៊ុន សែន) ប៉ើងដូចក្រដាស។ ប៉ុន្ដែឥឡូវ ខ្មែរក្រហមអត់មានធ្វើអីកើត។ ឯកឧត្តមវាយយកដីជិតអស់វិញហើយ”។ ពេលនោះ ព្រះអង្គបានមានបន្ទូលថានឹងយាងត្រឡប់ទៅប្រទេសវិញ ដោយបោះបង់ចោលខ្មែរក្រហម (និង)ភាគីដទៃ។ លោកស្នើថា “ទុកឲ្យឯកឧត្តម ហេង សំរិន ធ្វើប្រមុខរដ្ឋ ឯកឧត្តម ជា ស៊ីម ធ្វើប្រធានរដ្ឋសភា និងឯកឧត្តម ហ៊ុន សែន ធ្វើនាយករដ្ឋមន្ដ្រី” ប៉ុន្ដែសូមបង្កើតគណៈប្រធានជាតិ គឺសម្ដេចព្រះនរោត្តម សីហនុ ធ្វើជាប្រធាន ឯខ្ញុំធ្វើជាអនុប្រធាន និងមានសមាជិកមួយរូបគឺ ញឹក ជូឡុង ព្រមទាំងឱ្យរក្សាទង់ជាតិ រដ្ឋធម្មនុញ្ញ ដែលពេលនោះយើងបានប្ដូរឈ្មោះពីសាធារណៈរដ្ឋប្រជាមានិតកម្ពុជា មក រដ្ឋកម្ពុជា ហើយ។
ថ្ងៃទី៤ ខ្ញុំបានចូលគាល់ព្រះករុណាបិតាម្ដងទៀត (ដើម្បីទូលសួរ)ថាព្រះអង្គសព្វព្រះទ័យគង់នៅវាំង ឬចំការមន? ព្រះករុណាបិតា មានបន្ទូលថា «ឯកឧត្តម! ខ្ញុំមិនមែនចង់ធ្វើស្ដេចទេ ប៉ុន្ដែប្រសិនឲ្យខ្ញុំបាននៅមហាប្រាសាទ ខេមរិន្ទ គឺជាការល្អ។ ខ្ញុំអរគុណ»។ ពេលនោះ យើងចាប់ផ្ដើមមានទំនាក់ទំនង(តាម)ទូរស័ព្ទពីទីក្រុងហ្សាការតា បញ្ជាឲ្យសម្ដេច គង់ សំអុល រៀបចំជួសជុលព្រះបរមរាជវាំងជាបន្ទាន់។ យើងបានសន្យាជាមួយគ្នាថា «រក្សារឿងនេះជាការសំងាត់»។ ក៏ប៉ុន្ដែ ទៅដល់ក្រុងបាងកក ពេលដែលខ្ញុំកំពុងតែសំរាក ស្រាប់តែលឺថា នាយករដ្ឋមន្ដ្រីថៃ អាណាន់ បញ្ញារៈជន ដែលបានឡើងធ្វើនាយករដ្ឋមន្ដ្រី ក្រោយពីមានរដ្ឋប្រហារទំលាក់ ឆាទីឆៃ ឈុនហាវ៉ាន់ ស្នើសុំជួបខ្ញុំនៅសណ្ឋាគារ។ តាមទំលាប់មុនៗ ខ្ញុំតែងតែទៅជួបថ្នាក់ដឹកនាំថៃនៅឯវិមានរដ្ឋាភិបាល។ លើកនេះ បែរជានាយករដ្ឋមន្ដ្រីថៃមកជួបខ្ញុំទៅវិញ ដោយនាំមកជាមួយនូវរដ្ឋមន្ដ្រីការបរទេស អគ្គបញ្ជាការទ័ព មេបញ្ជាការទ័ពជើងគោក នាយកខុទ្ទការល័យនាយករដ្ឋមន្ដ្រីផង។ ពេលហ្នឹងចាប់ផ្ដើមធ្លាយព័ត៌មាន។ អាណាន់ បញ្ញារៈជន បានសួរខ្ញុំថា «តើជាការពិតទេ ដែលថា សម្ដេចព្រះនរោត្ដម សីហនុ ត្រឡប់ទៅប្រទេសវិញ”។ ខ្ញុំថា រឿងហ្នឹងជារឿងពិត។ គាត់ថា «ទៅចេះតែបានហើយ ប៉ុន្ដែខ្មែរក្រហម និង សឺន សាន ទុកនៅឯណា?»។ រឿងនេះ បាននាំដល់ការរៀបចំ ដោយអន្ដរាគមន៍ឆាប់រហ័សខាងផ្នែកត្រីភាគី ក៏ដូចជាអ្នកគាំទ្រត្រីភាគី បានលើកសំណើសុំដូរសមាជិក SNC ជាបន្ទាន់ពី ចៅ សែនកុសល ហៅ ឈុំ មកជាសម្ដេចព្រះនរោត្ដម សីហនុ វិញ។
SNC ត្រូវបានបង្កើតនៅហ្សាការតា ហើយបានទៅប្រជុំលើកដំបូងនៅបាងងកក ដឹកនាំដោយ ចៅ សែនកុសល ហៅ ឈុំ។ មិនមានការឯកភាពគ្នាទេ។ អញ្ចឹង ពេលដែលបង្កើត SNC ភ្លាម យើងក៏ចាប់ផ្ដើមមានការប្រជុំនៅប៉ាតាយ៉ា ប្រទេសថៃ។ ក្នុងពេលដែលប្រជុំនៅ ប៉ាតាយ៉ា នេះ មិនទាន់មានប្រធានទេ។ ខ្ញុំសូមរៀបរាប់ហ្នឹងឲ្យច្បាស់។ ប្រជុំនៅប៉ាតាយ៉ា គឺសម្ដេចព្រះ នរោត្ដម សីហនុ ដឹកនាំការប្រជុំ ប៉ុន្ដែប្រធានមិនទាន់បានជ្រើសរើសទេ។ តើប្រធាន SNC ជ្រើសរើសនៅពេលណា? នៅកន្លែងណា? ប្រជុំ SNC លើកទី២ ត្រូវធ្វើនៅប៉េកាំង។ ពេលនោះ ការជ្រើសរើសប្រធានបានដោយការស្រុះស្រួលរវាងខ្ញុំជាមួយសម្តេចព្រះ នរោត្តម សីហនុ។ ខ្ញុំបានសូមគាល់សម្តេចព្រះនរោត្តម សីហនុ ដាច់ដោយឡែក។ ពេលនោះ និយាយខាងក្រៅថារៀបចំដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ៊ុន សែន ទៅកូរ៉េខាងជើង ជាមួយព្រះអង្គ ក្នុងឋានៈជាភ្ញៀវរបស់ព្រះអង្គ ដែលខ្ញុំនិងភរិយាបានក្លាយជាកូនធម៌របស់ព្រះករុណាបិតានិងហ្លួងម៉ែ។
ចូលទៅដល់ខាងក្នុង ព្រះករុណាបិតាបានសួរខ្ញុំថា “ឯកឧត្តម មានបញ្ហាអី”។ ខ្ញុំក៏បានលើកថា “ព្រះអង្គ! ឥឡូវ SNC អត់ទាន់មានប្រធានទេ។ រូបមន្តកាលពីពេលមុន មានព្រះអង្គធ្វើជាប្រធាន ហើយទូលបង្គំខ្ញុំធ្វើជាអនុ ក៏អត់កើតដែរ។ ខាងទូលបង្គំមិនយល់ព្រមទេ។ នេះជាការឡើងថ្លៃ។ កាលពេលមុនខ្ញុំស្នើប្រធានមួយអនុប្រធានពីរ ហើយខ្ញុំគ្រោងថែមអនុដល់៣ ឯណោះ ដើម្បីឱ្យមានទាំងភាគីរដ្ឋកម្ពុជា មានទាំងខ្មែរក្រហម មានទាំងខាង សឺន សាន ផង។ ប៉ុន្តែ យើងដាក់ដើម្បីតថ្លៃប្រធានមួយ អនុប្រធាន២។ នៅពេលដែលដកកងទ័ពវៀតណាមចេញអស់ហើយ យើងនៅរឹងមាំ ដូច្នេះតម្លៃវាត្រូវឡើង។
ខ្ញុំទូលថ្វាយព្រះអង្គថា “រឿងព្រះអង្គធ្វើប្រធាន ហើយទូលបង្គំធ្វើអនុ គឺមិនអាចទៅរួចទេ។ ប៉ុន្តែទូលបង្គំមានរូបមន្តមួយចំនួន។ រូបមន្តទី១ គឺព្រះអង្គនិងទូលបង្គំ ធ្វើសហប្រធាន។ រូបមន្តទី២ គឺធ្វើប្រធានប្តូរវេណ។ ប្រធានប្តូរវេណក៏មានរូបមន្ត ២ទៀត គឺប្រធានប្តូរវេណដែលព្រះអង្គធ្វើប្រធានម្តង ទូលបង្គំធ្វើប្រធានម្តង ឬប្រធានប្តូរវេណចែកគ្នាវិលជុំ ១២នាក់។ ប៉ុន្តែនៅសល់រូបមន្តមួយទៀត ដែលទូលបង្គំសូមស្នើ គឺរូបមន្តព្រះអង្គលាចេញពីរដ្ឋាភិបាលត្រីភាគី លាចេញពីប្រធាន ហ៊្វុនស៊ិនប៉ិច ហើយស្ថិតនៅពីលើ។ ដូច្នេះ ព្រះអង្គធ្វើប្រធានតែមួយអង្គឯងទៅបានហើយ។ នេះវាជាសំណើ Logic ខ្លាំងណាស់ ហើយក៏ជាការគោរព ព្រោះជាតំណាងឱ្យប្រទេស SNC តំណាងឱ្យប្រទេស។
ព្រះអង្គបានមានបន្ទូលឆ្លើយតបភ្លាមថា “កាលណាខ្ញុំទៅអញ្ចឹងហើយ គឺខ្ញុំត្រូវតែអព្យាក្រឹតនៅពីលើ”។ អញ្ចឹង ព្រះអង្គបានថា “ឯកឧត្តមពូកែខាងតាក់តែង។ សូមឯកឧត្តមតាក់តែងសេចក្តីប្រកាសទៅ”។ ខ្ញុំក៏មកតាក់តែងសេចក្តីប្រកាសហ្នឹង ហើយឱ្យឯកឧត្តម ចែម វិទ្យា យកទៅថ្វាយព្រះអង្គនៅដំណាក់ឯប៉េកាំង។ ការពិតគ្រាន់តែយកទៅថ្វាយដើម្បីឱ្យព្រះអង្គទតជាសេចក្តីព្រៀងទេ តែព្រះអង្គបែរជាឡាយព្រះហស្តលេខាមុនកាលកំណត់។ អញ្ចឹង ប្រធាន SNC កើតឡើងរបៀបនេះ។ គឺការព្រមព្រៀងរវាង សីហនុ-ហ៊ុន សែន ដោយព្រះអង្គចាកចេញពីរដ្ឋាភិបាលចម្រុះត្រីភាគី ហើយគង់ពីលើគេ។ ប្រធាន SNC ចាប់ផ្តើមពីកន្លែងហ្នឹងឯង។ ដោយហេតុនេះ សូមលោកអ្នកទាំងឡាយដែលធ្លាប់សរសេរពីនេះពីនោះ ចាំរឿងនេះថាវាមានប្រវត្តិយ៉ាងដូច្នេះ។ គ្មានអ្វីខុសពីហ្នឹងទេ។ សាក្សីរស់នៅសល់មួយចំនួនដែរ មិនទាន់អស់ទេ។ នេះគ្រាន់តែជាការបញ្ជាក់ដើម្បីយើងអាចយល់អំពីកិច្ចការនេះទាំងអស់គ្នា។
កន្លែងហ្នឹងហើយដែលខ្ញុំចង់ទំលាយអាថ៌កំបាំង។ សូមបញ្ជាក់មួយទៀត អ្នកខ្លះនៅបន្តទិតៀនសម្តេចព្រះនរោត្ត សីហនុ រហូតថា ហេតុអី្វបានជាយកអង្គរក្សកូរ៉េខាងជើងទៅការពារ។ ខ្ញុំសូមជម្រាបថា រឿងនេះមិនមែនជាកំហុសរបស់សម្តេចព្រះនរោត្តម សីហនុ ទេ។ ជាកំហុសរបស់ខ្ញុំទេ។ ខ្ញុំជាអ្នកទទួលខុសត្រូវ។ អត់ត្រូវទិតៀនព្រះបិតាជាតិរបស់យើងទេ។ រឿងនេះបានកើតឡើងនៅទីក្រុងហ្សាការតា ពេលដែលមានការស្រុះស្រួលអំពីការដែលព្រះអង្គយាងវិលត្រឡប់ និងបង្កើតគណៈប្រធានជាតិ។ ព្រះអង្គនឹងគង់ក្នុងព្រះរាជវាំង។ ថ្ងៃទី២ ខែមិថុនា មានការជួបគ្នាម្តងទៀត។ ថ្ងៃទី៤ ខែមិថុនា ជួបគ្នាម្តងទៀត។ ខ្ញុំបានទូលសួរព្រះអង្គថា “គង់នៅឯណា”។ ព្រះករុណាបិតា ព្រះអង្គបាននិយាយថា “ឯកឧត្តម ការពារខ្ញុំផង ប្រយ័ត្នខ្មែរក្រហម ចូលវាំងលួចសម្លាប់ខ្ញុំ”។
ខ្ញុំបានអះអាងថាមិនអីទេ។ កងកម្លាំងទូលបង្គំរក្សា(សុវត្ថិភាព)បាន។ ប៉ុន្តែ ក្នុងករណីដែលព្រះអង្គសព្វព្រះទ័យជ្រើសរើសយកអង្គរក្សបរទេសដូចជា បារាំងជាដើមក៏សូមព្រះអង្គយកទៅការពារ។ ទូលបង្គំការពារខាងក្រៅ អ្នកទាំងនោះការពារខាងក្នុង។ ពេលនោះ ព្រះអង្គថា ខ្ញុំយកកូរ៉េខាងជើង។ អញ្ចឹងហើយ ពេលដែលខ្ញុំទស្សនកិច្ចជាមួយព្រះអង្គនៅកូរ៉េខាងជើង ជួបប្រធានាធិបតី គីម អ៊ីលស៊ុង ទទួលទានអាហារជាមួយគ្នា ខ្ញុំបានស្នើចំពោះប្រធានាធិបតី គីម អ៊ីលស៊ុង ថា សូមឯកឧត្តមបញ្ជូនមួយអេគីប ដែលមានទាំងអ្នកការពារ មានទាំងអ្នកពិនិត្យម្ហូប មានទាំងក្រុមគ្រូពេទ្យ សព្វបែបយ៉ាងទៅជួយខ្ញុំក្នុងការការពារសុវត្ថិភាពរបស់ព្រះករុណា។ អញ្ចឹងសូមកុំបន្ទោសថា ព្រះអង្គមិនជឿទុកចិត្តកម្លាំងរបស់កម្ពុជា។
រឿងនេះ វាដល់ដំណាក់កាលអញ្ចេះទៅទៀត។ នេះជារឿងប្រវត្តិសាស្ត្រ។ យើងត្រូវនិយាយឱ្យអស់។ យើងក៏ចាប់ផ្តើមទៅចរចានៅប៉ាតាយ៉ា សាជាថ្មីម្តងទៀត។ ប៉ុន្តែមុនទៅដល់ប៉ាតាយ៉ា ក៏មានការទទួលទានអាហាររវាង ព្រះករុណានិងហ្លួងម៉ែ ជាមួយខ្ញុំនិងភរិយា។ ពេលហ្នឹងព្រះអង្គមានបន្ទូលថា “មិនយក(អ្នកការពារខាងណា)ទាំងអស់ ដោយខាងថៃសូមបញ្ជូនមួយកងវរសេនាតូចទៅការពារព្រះរាជវាំងនៅឯទីក្រុងភ្នំពេញ។ សុចិន្តា ក្រាផាយូន ដែលជាមេបញ្ជាការជើងគោកនាពេលនោះ បានស្នើសុំឱ្យមានការបញ្ជូនកម្លាំងកងទ័ពថៃមួយកងវរសេនាតូចទៅការពារព្រះបរមរាជវាំង។ ដោយហេតុនេះ សម្តេចព្រះនរោត្ត សីហនុ ថាមិនយកទាំងកូរ៉េខាងជើង មិនយកទាំងថៃ គឺប្រើកម្លាំងរបស់ឯកឧត្តម ហ៊ុន សែន បានហើយ។
ខ្ញុំបានទូលព្រះករុណាថា “ព្រះអង្គ បើសិនយើងយកកងទ័ពថៃទៅការពារព្រះបរមរាជវាំង វាជាការខូចខាតយ៉ាងដំណំចំពោះនយោបាយរបស់ព្រះអង្គ ក៏ដូចជាទូលបង្គំដែរ។ មានន័យថា ខាងកើតដកខាងលិចចូល នេះគឺជាគ្រោះថ្នាក់ខាងនយោបាយធំណាស់។ តែចំពោះកូរ៉េខាងជើង ទូលបង្គំបានស្នើទៅប្រធានាធិបតី គីម អ៊ីលស៊ុងរួចហើយ។ ដូច្នេះ យើងត្រូវបន្តប្រើប្រាស់នូវអ្វីដែលបានព្រមព្រៀងគ្នា។ ឯចំពោះកងទ័ពថៃ ទុកឱ្យទូលបង្គំនិយាយជាមួយ សុចិន្តា ក្រាផាយូន”។ អញ្ចឹង ពេលទៅដល់ប៉ាតាយ៉ា ខ្ញុំបាននិយាយជាមួយនឹង សុចិន្តា ក្រាផាយូន ថាមិនត្រូវធ្វើយ៉ាងដូច្នេះទេ វានឹងខូចខាតទៅដល់មុខមាត់របស់កម្ពុជាថា ខាងកើតគឺវៀតណាមដក ខាងលិចគឺថៃចូលទៅដល់ព្រះបរមរាជវាំងតែម្តង។ វាមិនល្អទេ។ អញ្ចឹងខាងថៃគេក៏ព្រមព្រៀង តែក្រោយមកខាងថៃក៏នៅបានដាក់ ១ក្រុមទៅនៅក្នុងព្រះបរមរាជវាំង … ហ្នឹងនិយាយឱ្យអស់ ឱ្យខ្ទេច ឱ្យលំអិត ព្រោះវាមិនទៅជាអាថ៌កំបាំងអីទៀតទេ។ នៅសល់អាថ៌កំបាំងដែលបញ្ចេញមិនទាន់អស់។ ខ្ញុំបាននិយាយដាក់ក្នុងវីដេអូ ៤៨ម៉ោង ប៉ុន្តែត្រូវផ្សព្វផ្សាយ ១០ឆ្នាំក្រោយ។ បានបោះចេញជាសៀវភៅហើយ មានទាំងវីដេអូទៀត។ ខ្ញុំនៅមានអាថ៌កំបាំងថែមទៀត ព្រោះមិនមែនគ្រាន់តែបញ្ហាទាក់ទិននឹងរឿងចរចាសន្តិភាពនេះទេ នៅមានកំណែទម្រង់ដីធ្លី បញ្ហាផ្ទៃក្នុងគណបក្សប្រជាជនខ្លួនឯង រឿងនេះរឿងនោះ នៅមានរឿងច្រើនទៀត។ អញ្ចឹង ខ្ញុំមិនទាន់អាចនិយាយនិងផ្សព្វផ្សាយបានទេ។ តែកូនៗរបស់ខ្ញុំ គេបានទទួលវីដេអូទាំងអស់ ហើយនិងអ្នកទុកចិត្តមួយចំនួនទទួលបានវីដេអូនោះរួចទៅហើយ។
[ចប់សេចក្ដីអធិប្បាយ៨]
ត្រឡប់មកនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសវិញ, ច្បាស់ណាស់ នេះគឺជារបត់ដ៏សំខាន់ និង វិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាយើង ។ ជាលទ្ធផលនៃការអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងនេះ, ប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញ ហើយរាជរដ្ឋាភិបាលដែលបានកើតចេញពីការបោះឆ្នោតរៀបចំឡើងដោយ អ៊ុនតាក់ (UNTAC) ក៏បានកាន់កាប់អាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិឡើងវិញ ។ កិច្ចព្រមព្រៀងនេះ បានជួយឱ្យកម្ពុជាអនុម័តបានរដ្ឋធម្មនុញ្ញថ្មីឆ្នាំ ១៩៩៣ ដែលគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និង សេដ្ឋកិច្ចទីផ្សារសេរី ។ កម្ពុជាទទួលស្គាល់ និង ដឹងគុណជានិច្ចចំពោះសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និង ប្រទេសជាមិត្តរបស់
កម្ពុជា ។
យ៉ាងណាក្តី, ជាមួយលទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបាននោះ UNTAC បានចាកចេញពីកម្ពុជា ដោយមិនបានសម្រេចបេសកកម្មរបស់ខ្លួនទាំងស្រុងនោះទេ ។ ថ្វីត្បិតតែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្តី, ខ្មែរក្រហមមិនបានគោរពនោះឡើយ ហើយអង្គការសហប្រជាជាតិ ក៏បរាជ័យក្នុងការបង្ខំឱ្យខ្មែរក្រហមទម្លាក់អាវុធ និង ចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យនោះដែរ ។ បានសេចក្ដីថា សន្តិភាពពេញលេញដែលជាគោលដៅចំបងបំផុតនៃកិច្ចព្រមព្រៀង មិនត្រូវបានសម្រេចនោះឡើយ ។ ទោះបីនៅក្រោយការបោះឆ្នោត និងការបង្កើតរាជរដ្ឋាភិបាលនៅឆ្នាំ ១៩៩៣ រួចរាល់ហើយក្តី, សង្គ្រាមស៊ីវិលនៅកម្ពុជានៅតែបន្តក្នុងស្ថានភាពដែលកម្ពុជាមានតំបន់ត្រួតត្រាផ្សេងគ្នារវាងភាគីរាជរដ្ឋាភិបាល និង ភាគីខ្មែរក្រហម ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៩]
ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែ អ៊ុនតាក់ មិនអាចសម្រេចបាន គឺការដកត្រឡប់ទៅវិញរបស់ អ៊ុនតាក់ មិនបានបញ្ចប់នូវសង្គ្រាមនៅកម្ពុជាទេ។ អន្តរជាតិត្រូវមើលអោយច្បាស់ពីតួនាទីរបស់ព្រះមហាក្សត្រកម្ពុជា គឺសម្ដេចព្រះ នរោត្តម សីហនុ។ ប្រទេសជាច្រើនដែលបានចុះហត្ថលេខា(អោយមាន)ប្រតិបត្តិការដោយអង្គការសហប្រជាជាតិ រហូតមកដល់ម៉ោងនេះ មិនទាន់បានដកកម្លាំងចេញនៅឡើយទេ ដូចជានៅ Angola នៅប្រទេសមួយចំនួនជាដើម។ ប៉ុន្តែ នៅកម្ពុជា គេត្រូវដឹងគុណសម្ដេចព្រះនរោត្តម សីហនុ ដោយកុំភ្លេចអោយសោះ។ បើមិនអញ្ចឹងទេ អ៊ុនតាក់ ជាប់ផុងនៅកម្ពុជាហើយ។ គ្រាន់តែការមិនទទួលស្គាល់លទ្ធផលការបោះឆ្នោត វាគ្រប់គ្រាន់នឹងធ្វើអោយ អ៊ុនតាក់ ជាប់ផុងទៅហើយ។ ប៉ុន្តែ គណបក្សនយោបាយទាំងអស់គោរពសម្ដេចព្រះនរោត្តម សីហនុ លើកលែងតែខ្មែរក្រហមទេ។
ត្រូវដឹងកត្តាប្រវត្តិសាស្ត្រ(នៃប្រទេសកម្ពុជា)។ តួនាទីគន្លឹះដែលសម្រេចអោយ អ៊ុនតាក់ ដកចេញបាន គឺសម្ដេចព្រះនរោត្តម សីហនុ។ មានតួអង្គគួបផ្សំ ក៏ប៉ុន្តែតួអង្គដែលសម្របសម្រួលបាន គឺមានតែសម្ដេចព្រះ នរោត្តម សីហនុ មួយអង្គគត់។ គ្មានអ្នកណាផ្សេងទេ។ ខ្ញុំនៅចាំបានច្បាស់ថា នៅថ្ងៃដែលសភាធម្មនុញ្ញក្លាយទៅជាសភាជាតិ និងដំណើរការបង្កើតរដ្ឋាភិបាល, ប្រធាន អ៊ុនតាក់ អនុប្រធាន អ៊ុនតាក់ មេបញ្ជាការ អ៊ុនតាក់ បានដកចេញទាំងយប់ (ព្រោះបើមានសភាពការណ៍)ខ្លាចជាប់ផុង។ ខ្ញុំសូមបញ្ជាក់ បើគ្មានសម្ដេចព្រះនរោត្តម សីហនុ ទេ អ៊ុនតាក់ ជាប់ផុតនៅកម្ពុជា។ យ៉ាងណាក៏ដោយ ជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺអ៊ុនតាក់មិនអាចរកសន្តិភាពអោយកម្ពុជាបាន។ រកបានមួយផ្នែក ក៏ប៉ុន្តែសង្គ្រាមនៅបន្តមាន រវាងម្ខាងជាតំបន់ត្រួតត្រាដោយខ្មែរក្រហម និងម្ខាងទៀតជាតំបន់ត្រួតត្រាដោយរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។
កម្ពុជាតែងមានតំបន់ត្រួតត្រាច្រើនក្នុងពេលតែមួយ។ មុនឆ្នាំ១៩៧០ ក្រៅពីកម្លាំងរដ្ឋាភិបាល មានកម្លាំងខ្មែរក្រហម ខ្មែរស ខ្មែរខៀវ ដែលសុទ្ធតែជាកម្លាំងប្រដាប់អាវុធ។ ក្នុងរវាងឆ្នាំ១៩៧០-១៩៧៥ កម្ពុជាត្រូវបានបែងចែកជាតំបន់ត្រួតត្រា២ ដែលម្ខាងត្រួតត្រាដោយ លន់ នល់ គាំទ្រដោយអាមេរិក និយាយឱ្យត្រង់តែម្ដងទៅ ឯម្ខាងទៀតត្រួតត្រាដោយកម្លាំងរណសិរ្ស ដែលដឹកនាំដោយសម្ដេចព្រះ នរោត្តម សីហនុ។ ពីឆ្នាំ ១៩៧៥-១៩៧៩ យើងធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ប៉ុន្តែ ប៉ុល ពត ក៏អត់មានលទ្ធភាពត្រួតត្រាទឹកដីទាំងអស់ដែរ។ បើសិនជា ប៉ុល ពត ត្រួតត្រាទឹកដីទាំងអស់ តើកម្លាំងរបស់ខ្ញុំទៅនៅឯណា? ពីឆ្នាំ១៩៧៩-១៩៩៣ កម្ពុជាមួយមានតំបន់ត្រួតត្រា៤ ដែលមួយគឺរដ្ឋាភិបាលរបស់ខ្ញុំ ឯតំបន់ ៣ផ្សេងទៀត មានខ្មែរក្រហម, KPNLF និងហ៊្វុនស៊ីនប៉ិច។ ពីឆ្នាំ ១៩៩៣-១៩៩៨ កម្ពុជាមួយមានតំបន់ត្រួតត្រា២ ដែលម្ខាងជារដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតរៀបចំដោយ អ៊ុនតាក់ និងម្ខាងទៀតគឺខ្មែរក្រហម។ ពីឆ្នាំ ១៩៩៨ ដល់បច្ចុប្បន្ន ប្រទេសកម្ពុជាមានតែមួយ មានតំបន់ត្រួតត្រាមួយ កម្លាំងប្រដាប់អាវុធមួយ សភាមួយ និងព្រះមហាក្សត្រតែមួយ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំ។ មិនមែនចេះតែនិយាយទេ។ សូមមើលប្រវត្តិសាស្ត្រដែលបានសរសេរទុក។ មិនមែនពួកខ្ញុំសរសេរទេ។ អ៊ុនតាក់បានចាយលុយ២ពាន់លានដុល្លារ។ សួរ Yasushi Akashi ទៅ។ (ប្រធានអ៊ុនតាក់) Akashi, (អនុប្រធានអ៊ុនតាក់) Berooze Sadri និង (មេបញ្ជាការកងកម្លាំង អ៊ុនតាក់) John Sanderson ចូលប៉ៃលិនអត់បានទេ។
អញ្ចឹង មានការចាំបាច់តម្រូវអោយខ្ញុំស្វែងរករូបមន្តមួយហៅថា នយោបាយឈ្នះឈ្នះ។ ឆ្នាំ១៩៩៦ យើងបានបង្កើតនយោបាយឈ្នះឈ្នះ ដែលធានាដល់កត្តា ៣យ៉ាងសំខាន់។ ទី១ ធានាអាយុជីវិត និងរូបកាយរបស់ដោយមិនមានអ្នកណាត្រូវបានចាប់ខ្លួន មិនមានអ្នកណាត្រូវបានសម្លាប់ទេ។ ទី២ ធានាអាជីពនិងមុខរបរ។ អ្នកណាធ្វើអីអោយធ្វើហ្នឹងវិញ។ ទី៣ ធានាកម្មសិទ្ធទ្រព្យសម្បត្តិទាំងអចលនទ្រព្យនិងចលនទ្រព្យ។ ការធានាទាំងបីយ៉ាងនេះ គឺធ្វើឱ្យយុទ្ធសាស្ត្រ DIFID របស់ខ្ញុំទទួលបានជោគជ័យ។
ស្អីទៅ DIFID? គឺជាយុទ្ធសាស្ត្ររំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហម។ DIFID (គឺ) Divide, Isolate, Finish, Integrate and Develop។ ប្រាំតួអក្សរនេះ ជាគោលដៅរកសន្តិភាព។ ក៏ប៉ុន្តែ ដើម្បី(បាន)សន្តិភាព ទាល់តែយើងរំលាយចោលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម។ យើងសម្រេចជោគជ័យលើបញ្ហានេះ។ នៅលើពិភពលោកនេះ មិនទាន់មានប្រទេសណាមួយដែលមេដឹកនាំនៃភាគីម្ខាង បានចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រី(នៃភាគីម្ខាងទៀត)ទេ។ តែ នៅកម្ពុជា ខៀវ សំផនន ដែលធ្លាប់ធ្វើប្រមុខរដ្ឋ និងធ្លាប់ធ្វើនាយករដ្ឋមន្ត្រី ព្រមទាំងគណៈរដ្ឋមន្ត្រីរបស់ខ្មែរក្រហម បានទៅហូបបាយនៅផ្ទះជាមួយខ្ញុំ។ រាល់ពេលចរចា បើមិនបានជេរខ្ញុំ ៥ដង ក្នុងមួយពេល គឺ ខៀវ សំផន ដេកអត់លក់ទេ។ ទីចុងបំផុត ខៀវ សំផន ទៅផ្ទះខ្ញុំ។ មានមនុស្សមួយចំនួនបានទិតៀនខ្ញុំ ហើយក៏ទិតៀន ប៊ូត្រូស ប៊ូត្រូស ហ្កាលី អតីតអគ្គលេខាអង្គការសហប្រជាជាតិ ដែលគ្រាន់តែគាប់ជួនគ្នា ក្នុងទស្សនកិច្ចជាអគ្គលេខាធិការហ្វ្រង់កូហ្វូន គាត់បានជួបជាមួយ ខៀវ សំផន។
ខ្ញុំបានអញ្ជើញ ខៀន សំផន, នួន ជា និងគណៈរដ្ឋមន្ត្រីទាំងមូលទៅផ្ទះរបស់ខ្ញុំ។ ខ្ញុំមានសារបីផ្ញើចេញ តាមរយៈនេះ។ សារទី១ ជូនទៅកម្លាំងប្រដាប់អាវុធដែលនៅសេសសល់ អោយបញ្ឈប់ការប្រយុទ្ធ ព្រោះមេអ្នកឯងបានចុះចូលដល់ផ្ទះរបស់ខ្ញុំហើយ។ ទី២ បញ្ជូនសារទៅកាន់ប្រជាជនកម្ពុជាថា ការបញ្ចប់សង្គ្រាមដែលអ្នកទាំងអស់គ្នាបានរង់ចាំបានមកដល់ហើយ និងសារទី៣ បញ្ជូនទៅកាន់សហគមន៍អន្តរជាតិថា សូមអញ្ជើញមកធ្វើទេសចរណ៍ និងវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាចប់សង្គ្រាមហើយ។
សន្តិភាពនេះ មានអាយុកាលបានដល់ជាង ២៦ឆ្នាំហើយ។ ពីមុន សន្តិភាមានពីឆ្នាំ១៩៥៤ ដល់ ១៩៧០ គឺមានរយៈពេល ១៦ឆ្នាំដែរ តែពេលនោះ សន្តិភាពត្រូវបានរំខានដោយខ្មែរក្រហម, ខ្មែរស, ខ្មែរខៀវ និងការទម្លាក់គ្រាប់បែកនៅតាមបណ្តាយព្រំដែនកម្ពុជា-វៀតណាម។ ប៉ុន្តែ សន្តិភាពពេលនេះ មានរយៈពេលរហូតដល់ ២៦ឆ្នាំ ហើយគ្មានកម្លាំងប្រដាប់អាវុធ(ច្រើនទៀតទេ)។ (កម្ពុជា)មានបក្សនយោបាយច្រើន ប៉ុន្តែគ្មានកម្លាំងប្រដាប់អាវុធច្រើនទេ។ ខ្ញុំនិយាយដូចនេះ មិនមែនជាការអួតអាងទេ ប៉ុន្តែជារឿងពិតរបស់កម្ពុជា។ នៅកម្ពុជាការងាយស្រួលគឺនៅត្រង់ថា យើងរក្សាទុកកងទ័ពទាំងអស់ ដោយគ្រាន់តែដោះអាវខ្មែរក្រហមចេញ ពាក់អាវរដ្ឋាភិបាលចូល បំពាក់កាតព្វកិច្ចរបស់រដ្ឋាភិបាល អនុវត្តច្បាប់រដ្ឋាភិបាល។ អ្នកឯងនៅកងពលអោយកាន់កងពល (ប៉ុន្តែ)អាវុធយុទ្ធភណ្ឌរក្សាទុក។ ប្រែក្លាយពីអនុវត្តភារកិច្ចរបស់ខ្មែរក្រហម ទៅជាការអនុវត្តភារកិច្ចរបស់រដ្ឋាភិបាល។ គ្រូបង្រៀនឱ្យបន្តធ្វើជាគ្រូបង្រៀន ប៉ុន្តែដកសៀវភៅរបស់ខ្មែរក្រហមចេញ ដាក់សៀវភៅរបស់រដ្ឋាភិបាលចូល។ គ្រូពេទ្យក៏ដូចគ្នា។ និយាយរួម យើងខ្ញុំធ្វើបានដោយជោគជ័យ។ មិនទាន់មានប្រទេសណាមួយនៅលើពិភពលោកធ្វើបានតាមបែបកម្ពុជាទេ។ ប៉ុន្តែ ក៏មិនប្រាកដថា បទពិសោធន៍នៅកម្ពុជាយកទៅអនុវត្តនៅប្រទេសដទៃបានដែរ ដោយសារតែស្ថានភាពនៃប្រទេសនិមួយៗ មិនដូចគ្នា។
[ចប់សេចក្ដីអធិប្បាយ៩]
ក្រោយពេលអនុវត្តនយោបាយឈ្នះ-ឈ្នះ យើងក៏បានយកចិត្តទុកដាក់ទៅដល់ការស្វែងរកយុត្តិធម៌ជូនចំពោះប្រជាជន ជាពិសេស «យុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិត និង សន្តិភាពសម្រាប់អ្នករស់រានមានជីវិត» ដើម្បីជាការផ្សះផ្សាសង្គមជាតិក្រោយជម្លោះ ដោយបង្កើតសាលាក្តីកូនកាត់អន្តរជាតិដំបូងគេ ដែលមានឈ្មោះថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដោយសហការជាមួយ អង្គការសហប្រជាជាតិ ដើម្បីកាត់ក្តីមេដឹកនាំកំពូលនៃរបបខ្មែរក្រហម (មេដឹកនាំ ៥ រូប) ចំពោះ អំពើឃោរឃៅរបស់ពួកគេដែលបានប្រព្រឹត្តប្រឆាំងនឹងមនុស្សជាតិ និងការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រជាតិ និង ពិភពលោក ។ សមិទ្ធផលដ៏ធំធេងរបស់សាលាក្តីនេះ ត្រូវបានបញ្ចប់ និង ប្រកាសរួមគ្នាដោយព្រះរាជាណាចក្រកម្ពុជា និង អង្គការសហប្រជាជាតិ ក្នុងខែ ធ្នូ ឆ្នាំ២០២២ ដែលជាសំណុំរឿងដ៏ជោគជ័យបំផុតរបស់តុលាការអន្តរជាតិប្រភេទនេះ ដែលមិនត្រឹមតែបាន ផ្សះផ្សាសង្គមប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងបានទប់ស្កាត់ការសងសឹក និង ការស្អប់ខ្ពើមក្នុងប្រទេស ជាតិផងដែរ (បច្ចុប្បន្ន, គំរូនៃយុត្តិធម៌អន្តរកាលនៅលើឆាកអន្តរជាតិ មិនមានច្រើនទេ សូម្បីតែប្រទេសរ៉ាវ៉ាន់ដា ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៩៤ ដល់ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ១៩៩៤ ក៏មិនបានកសាងតុលាការកូនកាត់ដូចកម្ពុជាដែរ ។ បច្ចុប្បន្នយើងមានឯកសាររឹងជាប្រវត្តិសាស្ត្រ ក៏ដូចជាឯកសារឌីជីថលលើសពី ២ លានទំព័រ ត្រូវបានរក្សាទុកនៅក្នុងមជ្ឈមណ្ឌលជាតិធនធានរបស់ អ.វ.ត.ក. ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវ និង ដកស្រង់បទពិសោធនៃការប្រឆាំងរបបប្រល័យពូជសាសន៍ និង បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ សម្រាប់មនុស្សជាតិ អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជា ស្ថាប័នយុត្តិធម៌អន្តរជាតិនានា ដែលអាចយកគំរូបានពីសាលាក្តីខ្មែរក្រហមរបស់កម្ពុជា) ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១០]
ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាមិនហត់នឿយទេ។ ខ្ញុំនៅសល់បញ្ហា(ខ្លះទៀតត្រូវជំរាបជូន) ប៉ុន្តែអ្នកដែលហត់ មិនមែនអ្នកអង្គុយស្ដាប់ទេ។ អ្នកដែលហត់គឺអ្នកឈរនិយាយនេះ។ ប្រសិនបើជាមានអ្នកមានបញ្ហា ក៏អាចដើរទៅខាងក្រៅ។ សម្រាប់ខ្ញុំ អត់ទៅណារួចទេ។ បើខ្ញុំអវត្តមាននៅទីនេះ មានន័យថា អត់មានអ្នកណាធ្វើបាឋកថាទេ។ ខ្ញុំនិយាយលេងបន្តិច។ ព្រឹកមិញ នៅពេលទទួលទានអាហាររួច ខ្ញុំរៀបចំខ្លួនរង់ចាំ។ ខ្ញុំស៊ើបសួរបានដំណឹងខ្លះ។ ខ្ញុំបានសួរអ្នកនៅភ្នំពេញថា តើនៅទីក្រុងភ្នំពេញឥឡូវ កន្លែងសប្បាយមាននៅកន្លែងណាខ្លះ។ ជួយប្រាប់ផង? ស្រាប់តែចេញមកថា នៅកន្លែងនេះអញ្ចេះកន្លែងនោះអញ្ចុះ។ នេះជាវិធីដើម្បីដឹងថា អ្នកទាំងហ្នឹងចូលខារ៉ាអូខេឬអត់។ អ្នកទាំងនេះគ្មានបទពិសោធន៍។ គ្រាន់តែសួរថា កន្លែងណាសប្បាយ ក៏ថាស្គាល់កន្លែងសប្បាយទាំងអស់ហើយ។ អញ្ចឹងបានសេចក្ដីថា អ្នកស្គាល់កន្លែងសប្បាយគឺអ្នកដែលធ្លាប់ទៅ។ ខ្ញុំមិនប្រាប់ថាអ្នកណាទេ កុំឱ្យទៅដល់ផ្ទះ ប្រពន្ធគេវ៉ៃ។ ប្រពន្ធគេក៏កំពុងមើលការផ្សាយបន្តផ្ទាល់។ ព្រឹកនេះ មានការផ្សាយបន្តផ្ទាល់ពីរ។ មួយផ្សាយបន្តផ្ទាល់នាយករដ្ឋមន្រ្តី កំពុងតែបើការដ្ឋានសាងសង់សមិទ្ធផល។ ឯការផ្សាយបន្តផ្ទាល់មួយទៀតគឺទីនេះ ទៅកាន់ប្រទេសកម្ពុជា។ អញ្ចឹងទេ អ្នកខ្លះមានប្ដីមកទីនេះបើកមើលការផ្សាយបន្តផ្ទាល់ពីទីនេះតើមានរឿងអី។
[ចប់សេចក្ដីអធិប្បាយ១០]
បទពិសោធនៃការកសាងប្រទេសក្រោយសង្គ្រាម គឺជាប្រធានបទមួយដ៏សំខាន់ដែលបណ្តាប្រទេសមួយចំនួនទទួលបានក្រោយមានសន្តិភាពត្រឹមរយៈពេលខ្លី, ហើយតែងត្រលប់ទៅសង្គ្រាមវិញ ដោយសារការស្តារសេដ្ឋកិច្ច និង ហេដ្ឋារចនាសម្ព័ន្ធមិនទាន់ពេលវេលា, ការអប់រំមិនបានទូលំទូលាយ, ការព្យាបាលជំងឺផ្លូវចិត្តមិនសម្រេចបានទូលំទូលាយ ។ ជាឧទាហរណ៍, ក្រោយឧក្រិដ្ឋកម្មនៅកម្ពុជា, ប្រជាជនកម្ពុជាលើស ៧០% បានជួបប្រទះនឹងជំងឺផ្លូវចិត្ត តែយើងបានព្យាបាលពួកគេ តាមរយៈ ការគាំពារសង្គមកិច្ច, ការអប់រំផ្លូវចិត្ត, សាសនា, ការជំរុញកំណើន សេដ្ឋកិច្ច, ជាពិសេស ការកែប្រែសេដ្ឋកិច្ចពីសេដ្ឋកិច្ចផែនការមកសេដ្ឋកិច្ចទីផ្សារក្នុងដំណាក់កាល ដែលរដ្ឋខ្លួនឯងកំពុងទទួលទណ្ឌកម្មសេដ្ឋកិច្ចពីគ្រប់ទិសទី តែយើងនៅតែទប់ទល់ដោយជោគជ័យ នូវការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និង បានបន្តការកែទម្រង់ដ៏ក្លាហាន ។
ទាំងក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០, សេដ្ឋកិច្ចរបស់កម្ពុជាមានភាពទន់ ខ្សោយ, ហើយការអភិវឌ្ឍសេដ្ឋកិច្ច និង ហេដ្ឋារចនាសម្ព័ន្ធ បានពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើជំនួយរបស់មិត្តបរទេស ។ យើងបានខិតខំកែទម្រង់ផ្ទៃក្នុងផង, ខិតខំជំរុញសមាហរណកម្មសេដ្ឋ-កិច្ចរបស់កម្ពុជា ទៅក្នុងតំបន់ និង សកលលោកផង ។ នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ, រាជរដ្ឋាភិ-បាលបានដាក់ចេញ និង អនុវត្តដោយជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ នៅឆ្នាំ ១៩៩៨-២០០៣ និង យុទ្ធសាស្ត្រចតុកោណ ចំនួន ៤ ដំណាក់កាល ចាប់ពីឆ្នាំ ២០០៣ រហូតដល់ ២០២៣ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១១]
ខ្ញុំគួរតែបញ្ជាក់ពីចំណុចនេះ ជូនឯកឧត្តម លោកជំទាវ អ្នកទាំងអស់គ្នាដែលចូលរួមស្ដាប់នៅទីនេះ។ ក្រោយការបញ្ចប់នូវសង្រ្គាមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលកំពុងយកធ្វើជាទិវាសន្តិភាពរបស់កម្ពុជា ខ្ញុំបានដាក់ចេញនូវគោលដៅពីរនិងយុទ្ធសាស្រ្តត្រីកោណមួយ។ អ្វីទៅជាគោលដៅពីរ? គោលដៅទី១ គឺត្រូវប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យទៅជាតំបន់អភិវឌ្ឍ ដែលពេលនេះ យើងសម្រេចបានប្រមាណជា ៩៥% រួចស្រេចហើយ។ ឯ៥% ដែលនៅសេសសល់ គឺជាដីដែលនៅមិនទាន់បានបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ អញ្ចឹង តំបន់ដែលធា្លប់តែមានការប្រយុទ្ធ ឥឡូវក្លាយជាតំបន់ដាំដុះ តំបន់ឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម ឬជាតំបន់ទេសចរណ៍ដ៏មានការទាក់ទាញ។ ឯគោលដៅទី២ គឺត្រូវប្រែក្លាយខ្សែព្រំដែនជាមួយនឹងប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ បើយើងមិនសម្រេចគោលដៅទាំងពីរនេះទេ យើងនឹងពិបាក។ ដើម្បីរីកចម្រើន ប្រទេសជាតិមួយត្រូវមានកត្តាពីរសំខាន់។ ទី១ ស្ថិរភាពផ្ទៃក្នុង ទី២ អ្នកជិតខាងល្អនិងទំនាក់ទំនងអន្តរជាតិល្អ។ នេះជាគោលដៅពីរដែលដាក់ចេញ។
[ចប់សេចក្ដីអធិប្បាយ១១]
ឯ យុទ្ធសាស្ត្រត្រីកោណ ជាអ្វី? ទី១. ការធ្វើសន្តិភាវូបនីយកម្មសំដៅដល់ការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខ និងការកសាងសន្តិភាពក្នុងប្រទេស គឺមានន័យថា គឺត្រូវពង្រឹងសន្តិភាពទើបនឹងមាននេះ, ទី២. សមាហរណកម្ម របស់កម្ពុជាទៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ រួមទាំង ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផ្សេងទៀត ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគ, និង ទី៣. ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះជាអន្តរជាតិ ប្រមូលផ្ដុំការខិតខំការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, ការកាត់បន្ថយភាពក្រីក្រ, ការកែទម្រង់អភិបាលកិច្ច, ស្ថាប័នប្រព័ន្ធតុលាការ និងការគ្រប់គ្រងវិស័យសាធារណៈ។ ចំណុចយុទ្ធសាស្ត្រ និង ការកែទម្រង់សេដ្ឋកិច្ចរបស់យើង គឺផ្អែកលើប្រជាជនជាស្នូល, ទើបទទួលបានជោគជ័យ ដោយយើងពង្រីកវណ្ណៈកណ្តាលទន្ទឹមគ្នានឹងការកាត់បន្ថយភាពក្រីក្រ ។ នេះជាគោលដៅជាក់លាក់ដែលយើងបានដាក់ចេញ។
ចាប់ពីអាណត្តិទី ៣ ដល់អាណត្តិទី ៦, រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដើម្បីប្រែក្លាយជំរុញតួនាទីជា «រាជរដ្ឋាភិបាលសេដ្ឋកិច្ច» ក្រោមបាវចនា «រាជរដ្ឋាភិបាលនៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និង កសាងសមត្ថភាពស្ថាប័នសាធារណៈ, ពង្រឹងអភិបាលកិច្ចល្អ និង ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ, ដូចជា ផ្លូវថ្នល់ ផ្លូវដែក និង ការតភ្ជាប់ផ្លូវអាកាស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច, បង្កើតការងារសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ធានាសមធម៌សង្គម និង លើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ។
ទន្ទឹមនឹងការជំរុញការអភិវឌ្ឍផ្ទៃក្នុង យើងក៏បានជំរុញការធ្វើសមាហរណកម្មទៅក្នុងតំបន់ និង អន្តរជាតិ ដើម្បីបង្កើតជាកាលានុវត្តភាពថ្មីៗសម្រាប់ទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង ការអភិវឌ្ឍប្រកបដោយចីរភាព ។ ខ្ញុំបានដឹកនាំកម្ពុជាចូលក្នុងសមាគមអាស៊ាន នៅឆ្នាំ ១៩៩៩ និងបានធ្វើជាប្រធានប្តូរវេនអាស៊ាន ៣ ដង, ពោលគឺ នៅឆ្នាំ ២០០២, ២០១២ និង ២០២២ ។ តាមរយៈអាស៊ាន, កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើន ជាមួយនឹងដៃគូអន្តរជាតិនានា ហើយយើងបានបង្កើតទំនាក់ទំនងប្រទាក់ក្រឡា តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និង ពហុភាគីជាច្រើន ។ ទន្ទឹមនេះ, កម្ពុជាក៏បានខិតខំដោយជោគជ័យក្នុងការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០៤ ផងដែរ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១២]
ការពិត កម្ពុជាបានអនុញ្ញាតឱ្យចូលអង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ២០០៣ ប៉ុន្តែពេលនោះ យើងខ្ញុំ(មិនអាចអោយសច្ចាបណ្ណបាន ដោយការបង្កើតសភា ត្រូវជាប់គាំងដោយ)ប្រព័ន្ធ ២ភាគ៣។ ការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មិនអាចបង្កើតរដ្ឋាភិបាលបាន (ហើយត្រូវការដោះស្រាយរហូត)អស់រយៈពេលមួយឆ្នាំ។ យើងមិនអាចឱ្យសច្ចាប័នបាន(នៅឆ្នាំ២០០៣)។ ពេលហ្នឹង គណបក្សរបស់ខ្ញុំមាន ៧៣អាសនៈ លើ ១២០អាសនៈ ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលបានទេ ដោយ(សារយើងអនុវត្តការ)ប្រើប្រព័ន្ធ ២ភាគ៣។ អញ្ចឹងការពន្យារពេលបង្កើតរដ្ឋាភិបាល ក៏ពន្យារពេលមួយឆ្នាំនៃការចូល WTO។
[ចប់សេចក្ដីអធិប្បាយ១២]
តាមរយៈការរៀបចំ និង អនុវត្តគោលនយោបាយអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព, កម្ពុជា បានផ្លាស់ប្ដូរមុខមាត់របស់ខ្លួនយ៉ាងសម្បើមអស្ចារ្យ បើយើងពិចារណាដោយប្រៀបធៀបជាមួយ ប្រទេសដែលងើបពីសង្គ្រាមដំណាលគ្នាជាមួយកម្ពុជា ។ យើងបានផ្លាស់ប្ដូរពីសង្គមក្រីក្រ និង ងាយមានជម្លោះ ទៅជាសង្គមមួយដែលមានស្ថិរភាព សន្តិភាព និង សុវត្ថិភាព ហើយប្រជាជនយើងចាប់ផ្តើមទទួលផ្លែផ្កាពីសន្តិភាព និង ការអភិវឌ្ឍ ។ អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយនៅក្នុងរង្វង់ ១០% ក្នុងឆ្នាំ ២០១៩ ប៉ុន្ដែ បានឡើងទៅដល់ ៣២,១% ក្នុងឆ្នាំ ២០២១ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។ ទោះជាយ៉ាងនេះក្តី, ការដាក់ចេញ និងការអនុវត្តវិធានការអន្តរាគមន៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាំងក្នុងការគ្រប់គ្រងវិបត្តិ ទាំងក្នុងការរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន បានជួយបង្កើនអំណាចទិញរបស់ប្រជាជនមកវិញ និង ធ្វើឱ្យអត្រាភាពក្រីក្រធ្លាក់ចុះមកក្នុងរង្វង់ ២០,៦៨% ក្នុងឆ្នាំ ២០២៣ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៣]
បានសេចក្ដីថា (អត្រាភាពក្រីក្រ)នៅ(ក្នុងរង្វង់)ប្រមាណ១៩%។ នេះជាទិន្នន័យដែលយើងទទួលបាន។ ពីមុន (អត្រានៃភាពក្រីក្របាន)ធ្លាក់ទៅនៅក្រោម១០% ហើយ។ ប៉ុន្តែកូវីដ-១៩ បានបំផ្លាញយើង ធ្វើឱ្យអ្នកដែលឆ្លងផុតអត្រានៃភាពក្រីក្រ បានធ្លាក់ចុះមកវិញ។ ហ្នឹងហើយដែលជាបញ្ហាដែលបណ្តាលពីកូវីដ-១៩ និងមិនបានបណ្ដាលមកពីអ្វីផ្សេងទេ។ តែយើងក៏បានប្រឹង ធ្វើឱ្យអត្រានៃភាពក្រីក្រដែលធ្លាក់ដោយសារកូវីដ-១៩ នេះ បានងើបឡើងវិញ ដែលពេលនេះបានមកនៅក្រោម២០%។
[ចប់សេចក្ដីអធិប្បាយ១៣]
កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ, ហើយថែមទាំងមានទុនបម្រុង ដើម្បីការពារសេដ្ឋកិច្ចជាតិ និងលំនឹងជីវភាពប្រជាពលរដ្ឋ, ទប់ទល់នឹងវិបត្តិ និង គ្រោះមហន្តរាយ ផ្សេងៗ ។ យើងបានប្រែក្លាយពីប្រទេសដែលនៅឯកោ និង ទទួលរងទណ្ឌកម្មដោយសហគមន៍អន្តរជាតិ ទៅជាប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និង ពិភពលោក, ក្លាយជាប្រទេស ដែលអាចបញ្ជូនកងរក្សាសន្តិភាព និងចូលរួមយ៉ាងសកម្ម នៅក្នុងរបៀបវារៈសន្តិភាព ទាំងក្នុងតំបន់ និង ក្រៅតំបន់ថែមទៀត ។
តួនាទីរបស់កម្ពុជាសម្រាប់ជាគំរូនៃការផ្តល់កងកម្លាំងរក្សាសន្តិភាព ត្រូវបានកោតសរសើរនៅលើឆាកអន្តរជាតិក្រោមសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ និងកងថែរក្សាសន្តិភាព ស្ត្រីផងដែរ ។ បច្ចុប្បន្ននេះ, កម្លាំងយើងដែលបានបញ្ជូនមានប្រហែល ១ ម៉ឺននាក់ នៅក្នុង ១០ប្រទេស ។ នេះ ជាចំណែកមួយដែលកម្ពុជាអាចចូលរួមបានក្នុងដំណើរស្វែងរកសន្តិភាព, ការសន្ទនា និង ការកសាងទំនុកចិត្តក្នុងកិច្ចចរចាបញ្ចប់សង្គ្រាម និងតួនាទីផ្សេងៗទៀត ជាមួយ ដៃគូយុទ្ធសាស្ត្ររបស់យើងក្នុងការឆ្លើយតបនឹងវិបត្តិគ្រោះធម្មជាតិ មនុស្សជាតិ និង បាតុភូត ផ្សេងៗទៀត ដែលកើតឡើងដោយសារមនុស្ស ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៤]
ពីមុន កម្ពុជាជាប្រទេសទទួលមួកខៀវ។ យើងបានបញ្ជូនមួកខៀវចេញទៅក្រៅប្រទេស តាំងពីឆ្នាំ២០០៦ មកម្លេះ។ យើងត្រៀមខ្លួនដើម្បីនឹងចូលរួម(ផ្តល់កងកម្លាំងរក្សាសន្តិភាព)។ ម្សិលមិញ ខ្ញុំបានលើកទស្សនៈទានថាយើងអាចបញ្ជូន(កម្លាំងរក្សាសន្តិភាព)ស្លៀកពាក់ឯកសណ្ឋានឥណ្ឌូនេស៊ី ក៏ប៉ុន្តែឈរនៅក្រោមរូបភាពអាស៊ាន។ បើយើងអាចធ្វើបាន វានឹងបង្កើនទំងន់តួនាទីរបស់អាស៊ាន។ កងទ័ពកម្ពុជាកំពុងស្ថិតនៅប្រទេសមួយចំនួន។ ប្រសិនបើមានកុងសង់ស៊ីសក្នុងចំណោមមេដឹកនាំអាស៊ាន យើងអាចធ្វើទៅបាន ដោយគ្រាន់តែពាក់ថែមឯកសណ្ឋាន ឬពាក់សញ្ញាអាស៊ាន។ ជាកងកម្លាំងរក្សាសន្តិភាពកម្ពុជា ប៉ុន្តែបញ្ជូនទៅធ្វើសកម្មភាពក្រោមឆ័ត្ររបស់អាស៊ាន ដោយឆ្លងកាត់អង្គការសហប្រជាជាតិ។ ដូច្នេះ វាក៏អាចបង្កើតជា អ្វីដែលហៅថា តួនាទីរបស់អាស៊ាននៅក្នុងនិម្មាបនកម្មសកលផងដែរ។ យើងអាចធ្វើបានរឿងនេះ។
[ចប់សេចក្ដីអធិប្បាយ១៤]
ជាការពិត, ខ្ញុំនៅមានចំណុចជាច្រើនទៀត ដែលចង់ចែករំលែក, ប៉ុន្តែ ដោយយោងលើកត្តាពេលវេលា, ខ្ញុំសូមបញ្ចប់ការចែករំលែកអំពីតថភាពប្រវត្តិសាស្ត្រកម្ពុជាត្រឹមនេះ, ហើយសូម ផ្តល់នូវសេចក្តីសង្ខេបខ្លីៗទាក់ទងនឹងមេរៀនសំខាន់ៗ ដែលស្រង់ចេញពីដំណើរការដឹកនាំកសាងសន្តិភាព និង ការផ្សះផ្សាកម្ពុជា ដូចតទៅ ៖
ទី១. ភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិ ។ ប្រទេសជាតិមួយត្រូវតែមានភាពជាម្ចាស់ លើបញ្ហាជាតិរបស់ខ្លួន ។ នៅពេលដែលប្រជាជាតិមួយបាត់បង់ម្ចាស់ការលើជោគវាសនារបស់ប្រទេសខ្លួន, ពេលនោះហើយ ដែលប្រទេសជាតិត្រូវទទួលរងការបែកបាក់ និងគ្រោះមហន្ត-រាយ ។ ដូចគ្នាដែរ, ដំណើរការស្វែងរកសន្តិភាពក៏ត្រូវតែចាប់ផ្តើមចេញពីពលរដ្ឋម្ចាស់ប្រទេស, ហើយដំណោះស្រាយដែលយូរអង្វែងក៏ទាមទារឱ្យមានការចូលរួមពីប្រជាជន និង កងកម្លាំងប្រដាប់អាវុធគ្រប់និន្នាការនយោបាយផងដែរ មុននឹងឈានទៅសម្រេចបាននូវឯកភាពជាតិ និងកងកម្លាំងប្រដាប់អាវុធជាតិតែមួយ ។ ទោះបីជាកម្ពុជាទទួលបានការជ្រោមជ្រែងពីមិត្តបរទេស និង អង្គការសហប្រជាជាតិយ៉ាងណាក្ដី, សន្តិភាពយូរអង្វែងមិនអាចកើតឡើងបានទេ ប្រសិនបើម្ចាស់ប្រទេសមិនខិតខំផ្តួចផ្តើម និងកសាងដោយខ្លួនឯង ហើយនេះ គឺជាអត្ថន័យពិតប្រាកដនៃ នយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមឡើងដោយជនជាតិខ្មែរ និងចូលរួមអនុវត្ត និង ទទួលផលដោយជនជាតិខ្មែរ។
ទី២. សហគមន៍អន្តរជាតិត្រូវតែរួមគ្នាការពារសន្តិភាព ដែលមានស្រាប់ជាជាងស្វែងរក ឬ កសាងសន្តិភាពដែលបាត់បង់ ។ សង្គ្រាម គឺពិតជាបញ្ហាងាយ, ប៉ុន្តែ ដើម្បីបញ្ចប់សង្គ្រាម កម្ពុជាត្រូវការរយៈពេលជិត ៣០ ឆ្នាំ ។ យើងទើបតែមានសន្តិភាពពេញលេញចំនួន ២៦ ឆ្នាំ ប៉ុណ្ណោះ, តែក៏ជាសន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំរបស់ខ្លួន ។ ប៉ុន្តែ, ជាការគួរឱ្យសោកស្ដាយដែលយើងបែរជាទទួលរងការរិះគន់ថា យើងនិយាយតែពីសន្តិភាព, បំភិតបំភ័យពី សង្គ្រាមទៅវិញ ហើយយុវជនយើងមួយចំនួនបានភ្លេចនូវគុណតម្លៃនៃសន្តិភាពជាបណ្តើរៗ ហើយខ្លះទៀត ថែមទាំងគិតចង់ទាមទារការផ្លាស់ប្ដូររដ្ឋាភិបាល តាមបែបមិនប្រជាធិបតេយ្យ ទោះបីជាត្រូវបង់ខាតសន្តិភាពក៏ដោយ ។ និន្នាការបែបនេះ គឺជានិន្នាការដ៏គ្រោះថ្នាក់បំផុត ដែលសហគមន៍ អន្តរជាតិទាំងមូល ត្រូវចូលរួមបង្ការ, ថ្កោលទោស និងទប់ទល់នូវមនោគមវិជ្ជាជ្រុលនិយមបែបនេះ ។ យើងត្រូវខិតខំអប់រំប្រជាពលរដ្ឋអំពីគុណតម្លៃនៃសន្តិភាព, ពីព្រោះថា នៅពេលដែលគ្មាន សន្តិភាព យើងមិនអាចនិយាយដោយពិរោះនូវពាក្យថា «សិទ្ធិមនុស្ស លទ្ធិប្រជាធិប-តេយ្យ និង ការអភិវឌ្ឍ» នោះឡើយ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៥]
ចំណុចនេះ ត្រូវតែបញ្ជាក់ឱ្យច្បាស់។ អ្នកខ្លះនិយាយយ៉ាងពិរោះអំពីប្រជាធិបតេយ្យនិងសិទ្ធមនុស្ស ក៏ប៉ុន្តែ គេបានភ្លេចនូវអ្វីដែលហៅថាសន្តិភាព។ ត្រូវតែការពារសន្តិភាពដែលមាន ប្រសើរជាងស្វែងរកសន្តិភាពដែលវាបាត់បង់។ ករណី អ៊ុយក្រែន, ប្រធានាធិបតី (ដូណាល់) ត្រាំ និយាយថា នឹងដោះស្រាយត្រឹមតែ ២៤ម៉ោង។ ខ្ញុំអាចនិយាយបានថា សូម្បីតែ ២៤ខែទៀត ក៏វាមិនចប់ដែរបើតាមបែបហ្នឹង។ ជាបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ក្នុងការស្វែងរកសន្តិភាព គ្រាន់តែការឈប់បាញ់គ្នាមួយ តើឈប់បាញ់នៅក្នុងន័យអ្វី? ឈប់បាញ់តាមបែបណា? ឈប់បាញ់នៅហ្នឹងកន្លែង ឬឈប់បាញ់ដោយមានលក្ខខណ្ឌស្អី? សូម្បីតែការឈប់បាញ់នៅតំបន់កាហ្សា តើឈប់បាញ់បានរយៈពេលប៉ុន្មាន? ឥឡូវសង្រ្គាមផ្ទុះឡើងវិញ ធ្ងន់លើសដើម។
អញ្ចឹងពេលដែលមានសន្តិភាពហើយ ត្រូវការពារសន្តិភាពសិន។ បើគ្មានសន្តិភាពទេ គ្មានន័យទេ។ យើងត្រូវឱ្យតម្លៃ។ មិនមែនខ្ញុំទេ គឺទាំងអស់គ្នា។ ឥឡូវ បើសិនជាមានសង្រ្គាម តើយើងអាចអង្គុយនៅជុំគ្នានៅទីនេះបានទេ? នេះជារឿងពិត។ ដូច្នេះហើយ សម្រាប់ខ្ញុំ ដរាបណាយើងនៅទីនេះ យើងមិនឱ្យអ្នកណាមួយបំផ្លាញសន្តិភាពនោះទេ។ ទោះត្រូវដោយតម្លៃណាក៏ដោយ។ យើងសូមបញ្ជាក់ដោយម៉ឺងម៉ាត់។ ខ្ញុំមិនទាន់ស្លាប់ទេ ហើយខ្ញុំក៏មិនទាន់ចាកចេញពីតួនាទីនយោបាយដែរ។ ប៉ុន្តែមិនមែនអត់ពីខ្ញុំទៅ គ្មានអ្នកទទួលការពារសន្តិភាពនោះទេ។ យើងមានមនុស្សច្រើន។ ប្រជាជនយើងត្រូវការសន្តិភាព។
[ចប់សេចក្ដីអធិប្បាយ]
ទី៣. បើទោះជាសម្រេចបានសន្តិភាពក៏ដោយ ក៏សន្តិភាពមិនស្ថិតនៅគង់វង្សយូរអង្វែងដែរ, ប្រសិនបើគ្មានការបង្រួបបង្រួមជាតិ, ការផ្សះផ្សា, យុត្តិធម៌ និង ការអភិវឌ្ឍប្រកបដោយចីរ-ភាព និងបរិយាប័ន្ន ។ តាមរយៈបទពិសោធរបស់កម្ពុជា, យើងត្រូវខិតខំរិះរកវិធីសាស្ត្រនានានៅក្នុងការធានាសន្តិភាពឱ្យបានយូរអង្វែង និង ចាក់ឫសរឹងមាំក្នុងសង្គមជាតិ តាមរយៈការផ្សះផ្សា និង បង្រួបបង្រួមជាតិ ។ ខ្ញុំចង់គូសរំលេចពីសារៈសំខាន់នៃការជំរុញ «វប្បធម៌សន្ទនា» នៅក្នុងវប្បធម៌នយោបាយរបស់កម្ពុជា ដោយសារតែប្រទេសយើងបានឆ្លងកាត់វដ្តនៃអំពើហិង្សាដ៏កាចសាហាវ, ការផ្លាស់ប្តូររបបជាញឹកញាប់ដោយមធ្យោបាយមិនប្រជាធិបតេយ្យ, និងការសងសឹកឥតឈប់ឈរ ។ ទោះបីជានៅក្រោយពេលដែលកម្ពុជាបានទទួលសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨, ក៏ខ្ញុំ នៅតែបន្តអនុវត្ត «វប្បធម៌សន្ទនា» ជាមួយគណបក្សនយោបាយផ្សេងៗ ដើម្បីបង្កើតភាពសុខដុម, ពង្រឹងឯកភាពជាតិ, និងបណ្តុះលទ្ធិប្រជាធិបតេយ្យ ។ យើងទទួលស្គាល់ថា លទ្ធិប្រជា-ធិបតេយ្យ គឺជារបបគ្រប់គ្រងដែលគោរពភាពចម្រុះ និង ផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពនៅក្នុងការដោះស្រាយ និងគ្រប់គ្រងការខ្វែងគំនិតនយោបាយ ដោយប្រើសន្លឹកឆ្នោតជាជាងគ្រាប់កាំភ្លើង និង អំពើហិង្សា ឬ ការបះបោរ ។
បច្ចុប្បន្ននេះ, កម្ពុជាពិតជាមានគណបក្សនយោបាយច្រើន, ប៉ុន្តែ កម្ពុជាលែងមានក្រុមប្រដាប់អាវុធច្រើនទៀតហើយ ។ អ្វីដែលសំខាន់នោះ គឺអំពើហឹង្សាក្នុងពេលបោះឆ្នោតបានរលាយ សាបសូន្យតែម្តងពីឆាកនយោបាយកម្ពុជា បន្ទាប់ពីជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ ។ នេះ ជាតថភាពប្រវត្តិសាស្ត្រនៃនយោបាយកម្ពុជា ដែលបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (នៅលើពិភពលោកពុំមានស្តង់ដានិយមន័យនៃពាក្យប្រជាធិបតេយ្យសម្រាប់អ្វីដែលខ្ញុំយល់ជារួម ក្នុងន័យកណ្តាល គឺថាប្រជាធិបតេយ្យត្រូវមានសន្តិភាពជាបុរលក្ខខណ្ឌ, នៅពេលមានសន្តិភាព យើងមានសេរីភាព, សាសនា, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់, ការរៀបចំការបោះឆ្នោតជាទៀងទាត់ យើងគោរពជំនឿរបស់ប្រជាជន, ការពារបាននូវសេដ្ឋកិច្ចឯកជនរបស់ប្រជាជន ក្នុងដំណាក់កាលដែលយើងពង្រឹងការអនុវត្តច្បាប់ដើម្បីប្រមូលចំណូលជូនរដ្ឋ, រក្សាស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និង ពង្រីកសក្កានុពលធនធានមនុស្សឱ្យទៅជាមូលធនមនុស្សខ្ពស់ ដើម្បីកសាងខឿនការពារជាតិដ៏រឹងមាំ, នោះ គឺជាប្រជាធិបតេយ្យដែលកម្ពុជាបាននិងកំពុងធ្វើដំណើរ ហើយកម្ពុជានឹងបន្តធ្វើដំណើរទៅមុខទៀតលើមាគ៌ានេះ)។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៦]
ដើម្បីរក្សាសន្តិភាពបាន ជាដំបូងយើងត្រូវដឹងថា ដើម្បីអភិវឌ្ឍបានត្រូវការមានសន្តិភាព។ ប៉ុន្តែដើម្បីរក្សាសន្តិភាពបាន គឺត្រូវតែមានការអភិវឌ្ឍ។ បើទុកឱ្យប្រជាជនក្រីក្រតោកយ៉ាក ដោយខ្វះការយកចិត្តទុកដាក់ សន្តិភាពនឹងត្រូវបានបំផ្លាញ ដោយការខឹងសម្បារបស់ប្រជាពលរដ្ឋ។ ដូច្នេះ យើងត្រូវចាត់ទុកថា សន្តិភាព និងការអភិវឌ្ឍ ជាចុងខ្សែពីរនៃចំណងមួយ។ បានសេចក្ដីថា ម្ខាងគឺសន្តិភាព និងម្ខាងទៀតគឺការអភិវឌ្ឍ ទើបយើងរក្សាបាន។ នេះជាវិចារវិទ្យា ដែលមានចំណងទាក់ទងរវាងសន្តិភាពនិងការអភិវឌ្ឍ។ បើគ្មានសន្តិភាព (នឹង)គ្មានការអភិវឌ្ឍទេ ហើយបើគ្មានការអភិវឌ្ឍក៏យើងពិបាករក្សាសន្តិភាពបានដែរ។ ដូច្នេះ ត្រូវជំរុញការអភិវឌ្ឍនេះឡើង។
[ចប់សេចក្ដីអធិប្បាយ១៦]
ការជំរុញការកាត់បន្ថយភាពក្រីក្រ, ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ, មានបរិយាប័ន្ន គឺនៅតែជាគោលនយោបាយដ៏ចាំបាច់ សម្រាប់រក្សាសន្តិភាពឱ្យស្ថិតស្ថេរគង់វង្ស ។ នៅពេលដែលប្រទេសមានប្រជាជនក្រីក្រច្រើន, ពលរដ្ឋគ្មានការងារធ្វើ, គ្មានចំណេះដឹង, ពលរដ្ឋនឹងងាយជឿលង់ទៅនឹងមនោគមវិជ្ជាជ្រុលនិយម ដែលទាមទារស្វែងរកការទម្លាក់កំហុសទៅលើស្ថាប័ន ឬ ក្រុមសង្គមណាមួយ ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ ។ ដូច្នេះហើយ, នេះ គឺពិតជាអម្រែកដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍, ព្រោះថា ពួកគេពិតជាគ្មានវេទមន្តដើម្បីជប់ឱ្យមានការអភិវឌ្ឍជឿនលឿន ភ្លាមៗលើគ្រប់វិស័យនៅទូទាំងប្រទេសតាមចិត្ត ដែលមជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួនចង់បាននោះឡើយ ។ រដ្ឋាភិបាលពិតជាត្រូវការការចូលរួម និង យោគយល់ពីប្រជាពលរដ្ឋទូទៅអំពីល្បឿននៃការអភិវឌ្ឍជាតិ នៅពេលដែលប្រទេសជាតិមួយពុំមានមធ្យោបាយ និង ធនធានគ្រប់គ្រាន់ដូចប្រទេសជឿនលឿនដទៃទៀត ។ ត្រង់ចំណុចនេះ ខ្ញុំក៏ចង់ឱ្យប្រទេសជឿនលឿនយល់ពីការលំបាករបស់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ។ យើងចង់ឃើញការជួយជ្រោមជ្រែងពីមិត្តរបស់យើង, យើងមិនចង់ឃើញការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសយើង ដោយកេងចំណេញពីកង្វះខាតសមត្ថភាពស្ថាប័ន និងធនធានរបស់យើង, ហើយឆ្លៀតទៅបង្ហោះកំហឹងពលរដ្ឋ និងគាំទ្រមនោ-គមវិជ្ជាជ្រុលនិយម ដែលចង់ផ្តួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យនោះឡើយ ។ យើងចង់បានការគាំទ្រជាជាងការបណ្តុះបង្អាប់បន្ទុចបង្អាក់ និងរារាំងជម្រើសនៃមាគ៌ាអភិវឌ្ឍរបស់យើង ដោយមិនបានគិតគូរពីគុណតម្លៃនៃសន្តិភាព, ការលំបាក និងសោកនាដកម្មរាប់មិនអស់របស់ប្រជាជាតិខ្មែរនោះឡើយ ។
ដូចដែលខ្ញុំធ្លាប់បានថ្លែងផ្ទាល់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦, ប្រវត្តិសាស្រ្តបានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក ហើយកាន់តែអាក្រក់ជាងនេះ គឺការប្រើយោធាដើម្បីបង្ខំការផ្លាស់ប្តូររបបនយោបាយ ឬ ប្រព័ន្ធដឹកនាំកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយទេ ។ ផ្ទុយទៅវិញ, ទង្វើទាំងនេះ តែងតែបាននាំឱ្យមានការស្លាប់ជាច្រើនទៀត បង្កការរងទុក្ខវេទនារបស់មនុស្ស និងបង្កើតជម្លោះសង្គម និងសេដ្ឋកិច្ច ។ កម្ពុជា គឺជាគំរូជីវិតពិត និងបានជួបប្រទះសោកនាដកម្មដ៏អាក្រក់បំផុត ហើយគួរឱ្យសោកស្តាយ ។ កន្លងទៅថ្មីៗ និង ឥឡូវនេះ យើងក៏នៅតែឃើញការលូកដៃជ្រៀតជ្រែកពីខាងក្រៅនៅបណ្តាប្រទេសមួយចំនួន ។ ប្រសិន បើព្រឹត្តិការណ៍ថ្មីៗនេះ ដូចជា នៅអាហ្វហ្គានីស្ថាន និង នៅបង់ក្លាដែស ជាដើម គឺជាមេរៀន ដែលត្រូវរៀនសូត្រ មានគុណសម្បត្តិដ៏អស្ចារ្យក្នុងការគោរពបំណងប្រាថ្នារបស់ប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនរបស់ពួកគេក្នុងការកំណត់វាសនាដោយខ្លួនឯង ។ មិនថាប្រទេសធំ និង ប្រទេសតូច, ពួកគេសុទ្ធតែមានលក្ខណៈពិសេសខុសៗគ្នា នៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ វប្បធម៌, ប្រពៃណី, របៀបរស់នៅ និងសង្គមនយោបាយ ។ ពួកគេមិនគួរត្រូវបានរារាំងដោយការដាក់ទណ្ឌកម្មឯកតោភាគី, ការហាមឃាត់ ឬ វិធានការសេដ្ឋកិច្ច ឬ ការបង្ខំផ្សេងទៀតដែលរំលោភច្បាប់អន្តរជាតិ និងគោលការណ៍ ដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ឡើយ ។
ខ្ញុំសង្ឃឹមថា បាឋកថាថ្ងៃនេះ នឹងអាចចូលរួមផ្តល់ជាពុទ្ធិដល់ការយល់ដឹងកាន់តែជ្រាលជ្រៅឡើងពីគុណតម្លៃនៃសន្តិភាព និង ការពិបាកនៅក្នុងការកសាងសន្តិភាព, បង្រួមបង្រួម និងផ្សះផ្សាជាតិ ក៏ដូចជា ការពិបាកនៅក្នុងការរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែង ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ខ្ញុំសង្ឃឹមថា បទពិសោធន៍របស់កម្ពុជា នៅក្នុងការកសាងសន្តិភាព និង កសាងជាតិ នឹងអាចរួមចំណែកក្នុងការកសាងវប្បធម៌សន្ទនា និង ការជំរុញឱ្យមានសមាសធាតុ “ឈ្នះ-ឈ្នះ” នៅក្នុងការដោះស្រាយជម្លោះរ៉ាំរ៉ៃយូរអង្វែង ដែលសមាសធាតុនេះ គឺជាមូលដ្ឋានមិនអាចខ្វះបានសម្រាប់ជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី និង ការកសាងសន្តិភាពពិតប្រាកដ, យូរអង្វែង និង មានបរិយាប័ន្ន ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី សូមទទួលបាននូវសិរីសួស្តី, ជ័យមង្គល, វិបុលសុខមហាប្រសើរ និង ជោគជ័យ នៅក្នុងគ្រប់ភារកិច្ចរបស់ខ្លួន។
[សេចក្តីអធិប្បាយទី១៧ … ការឆ្លើយនឹងសំណួរ]
ខ្ញុំសូមអរគុណជាមួយសំនួរដ៏ល្អនេះ។ ដំបូង ខ្ញុំគួរតែនិយាយពីអន្ដរាគមន៍របស់កងទ័ពវៀតណាម។ ដូចខ្ញុំបានបញ្ជាក់ក្នុងបាឋកថា ពេលដែលខ្ញុំចូលទៅប្រទេសវៀតណាម ស្នើសុំវៀតណាមជួយកសាងកម្លាំងប្រដាប់អាវុធ វៀតណាមបានបដិសេធន៍មិនទទួលជួយខ្ញុំទេ ដោយយកគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង(កម្ពុជាជាសំអាង)។ ប៉ុន្ដែ ខ្មែរក្រហមបានបង្កើនការវាយប្រហារលើវៀតណាមកាន់តែខ្លាំងទៅៗ។ វៀតណាមមិនអាចមិនបានទទួលព័ត៌មានជាក់លាក់ពីកម្ពុជាទេ។ មុនពេលខ្ញុំទៅវៀតណាម ជនជាតិកម្ពុជាមួយចំនួនបានរត់ចូលទៅក្នុងទឹកដីវៀតណាម និងត្រូវបានវៀតណាមចាប់បញ្ជូនមកឲ្យពួកខ្មែរក្រហមវិញ (ហើយក៏ត្រូវខ្មែរក្រហម)សម្លាប់។ ពេលដែលខ្ញុំទៅ ហោចបំផុតខ្ញុំអាចជួយមិនឱ្យប្រជាជនត្រូវបានចាប់បញ្ជូនមកកម្ពុជាវិញ។ ប៉ុន្ដែ វៀតណាមបដិសេធន៍មិនផ្ដល់ជំនួយសំរាប់រៀបចំកំលាំងប្រដាប់អាវុធរបស់ខ្ញុំទេ។ រហូតក្រោយមកទៀត ទើបវៀតណាមសំរេចជួយយើងខ្ញុំកសាងកំលាំងប្រដាប់អាវុធ។ ពេលនោះយើងមានសេណារីយ៉ូពីរ។ សេណារីយ៉ូទី១ យើងប្រើប្រាស់កំលាំងកម្ពុជាផ្ទាល់ដើម្បីប្រយុទ្ធ។ យើងកាន់កាប់ភាគខាងកើតជាដំបូង ហើយបានឆ្ពោះទៅទិសខាងលិច ដោយប្រើរយៈពេលមិនតិចជាង ៣ទៅ ៥ឆ្នាំ។ បើ(យូរ)ដូច្នោះ ប្រជាជនកម្ពុជានឹងស្លាប់អស់។ ដូច្នេះ យើងនឹងស្នើសុំអន្ដរាគមន៍ពីកងទ័ពវៀតណាម។ វៀតណាមបានផ្ដល់នូវការអន្ដរាគមន៍។
វៀតណាមមិនមែនចង់នៅកម្ពុជារយៈពេលវែងទេ ប៉ុន្តែវាជាសំណូមពររបស់យើង ដែលត្រូវការពារ(ប្រទេសពី)ការវិលត្រឡប់នៃរបប ប៉ុល ពត។ ដោយហេតុនេះហើយបានជារៀតណាមពន្យារពេលនៃការដកទ័ពចេញពីកម្ពុជា។ នៅក្នុងឆ្នាំ១៩៨៥ បើខ្ញុំមិនច្រឡំទេ ពេលនោះមានសន្និសីទរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៣ កម្ពុជា វៀតណាម និងឡាវ។ ខ្ញុំកាន់តួនាទីជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសផង។ យើងបានប្រកាសថានឹងដកកងទ័ពវៀតណាមក្នុងរយៈពេលពី ៥ទៅ ១០ឆ្នាំ។ បើពី ៥ទៅ ១០ឆ្នាំ គឺយើងនឹងអូសបន្លាយការដកកងទ័ពវៀតណាមរហូតមកដល់ឆ្នាំ១៩៩៥ ទើបអស់។ ដូច្នេះវាជារយៈពេលមួយយូរ។ វិធីសាស្ត្រតែមួយគត់ដែលយើងត្រូវខិតខំគឺភាពម្ចាស់ការដោយខ្លួនឯង។ នោះគឺការកសាងកម្លាំងប្រដាប់អាវុធរបស់យើង ដែលបង្កើនចំនួនកងទ័ពកម្ពុជានិងចាប់ផ្ដើមដកកងទ័ពវៀតណាមថយជាបណ្ដើរៗ ចាប់តាំងពីឆ្នាំ១៩៨២។ កងទ័ពកម្ពុជាកាន់តែមានចំនួនកើនឡើង។ ចំនួនកងទ័ពវៀតណាមកាន់តែធ្លាក់ចុះ។ នេះគឺជាចំណុចយុទ្ធសាស្ត្ររបស់យើង ដើម្បីជំនួសអោយភូមិសាស្ត្រដែលវៀតណាមធ្លាប់ជួយការពារ ទៅជាការពារដោយកងទ័ពកម្ពុជា។ យើងចាប់ផ្ដើមពីស្ថានភាពបោះចម្រុះ ដែលកាត់បន្ថយកងទ័ពវៀតណាម និងបង្កើនកងទ័ពកម្ពុជាឡើង។
មួយទៀត ខ្ញុំក៏សូមជំរាបជូនអស់លោកនៅទីនេះដែរថា រវាងវៀតណាមនិងកម្ពុជា អនុភាពសេដ្ឋកិច្ចមិនដូចគ្នាទេ។ ខ្ញុំដឹកនាំធ្វើសេដ្ឋកិច្ចទីផ្សារ ឯវៀតណាមកំពុងតែបន្តសេដ្ឋកិច្ចផែនការ តែក៏ចាប់ផ្តើមមានការកែទម្រង់ដំណាក់កាលដំបូងដែរ។ ខ្ញុំបានស្នើឲ្យវៀតណាមដកជំនាញការទាំងអស់ចេញពីកម្ពុជា។ ខ្ញុំមានការគិតគូរមួយថា ត្រូវបង្កើនសមត្ថភាពមន្ត្រីរបស់កម្ពុជា។ គាប់ជួនជាអគ្គលេខាធិការបក្សថ្មីរបស់វៀតណាម ង្វៀន វ៉ាន់លីង ក៏ជាអ្នកកែទម្រង់។ នៅក្នុងដំណើរទៅចរចាជាមួយសម្តេចព្រះនរោត្តម សីហនុ នៅ Saint-Germain-en-laye ប្រទេសបារាំង, ខ្ញុំបានឆ្លងកាត់ទីក្រុងហាណូយ។ ខ្ញុំបានស្នើទៅអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អោយដកជំនាញការវៀតណាមចេញពីកម្ពុជា ដើម្បីទុកឲ្យកម្ពុជាម្ចាស់ការដោយខ្លួនឯងក្នុងការអនុវត្តភារកិច្ច។ ខ្ញុំនៅចាំច្បាស់ថា ក្នុងខែមិថុនា ឆ្នាំ១៩៨៨ ជំនាញការវៀតណាមទាំងអស់បានដកចេញពីកម្ពុជា ឯកងទ័ពវៀតណាមបានដកចេញទាំងអស់ពីកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨៩។ បានសេចក្តីថា កងទ័ពវៀតណាមត្រូវបានដក ក្រោយការដកជំនាញការ ១ឆ្នាំ។ អញ្ចឹង មន្ត្រីរបស់យើងខ្ញុំចេះធ្វើការ។
យើងត្រូវតែហ៊ាននិយាយការពិត។ ពេលដែលដកកងទ័ពវៀតណាមហើយ យើងខ្ញុំក៏ខូចខាតមួយចំនួនដែរ។ ខ្មែរក្រហមបើកការវាយលុក។ ត្រីភាគីបើកការវាយលុក ធ្វើឱ្យយើងខ្ញុំបាត់បង់ភូមិសាស្ត្រមួយចំនួន។ ក៏ប៉ុន្តែក្នុងមួយរយៈកាលខ្លី យើងខ្ញុំក៏ស្តារឡើងវិញគ្រប់គ្រងបានតំបន់ដែលបាត់បង់។ គន្លឹះសំខាន់នៅទីនេះ គឺម្ចាស់ការប្រើប្រាស់កម្លាំងខ្លួនឯងដើម្បីជំនួសកម្លាំងបរទេស។
សូម្បីមកដល់ពេលនេះ ខ្ញុំតែងតែបានប្រាប់ជំនាញការបរទេសនានា ទាំងធនាគារពិភពលោក ទាំងធនាគារអភិវឌ្ឍន៍អាស៊ី ទាំង IMF ទាំងពីប្រទេសផ្សេងៗ ថា “អ្នកទាំងអស់គ្នាចោទខ្ញុំថា អនុវត្តក្រោមបញ្ជាវៀតណាម។ ក៏ប៉ុន្តែ ពេលដែលវៀតណាមនៅកម្ពុជា ខ្ញុំមានសិទ្ធិសម្រេចគ្រប់យ៉ាង។ វៀតណាមមិនចូលរួមសម្រេចចិត្តជំនួសខ្ញុំទេ។ ពេលនេះ ខ្ញុំទៅជាលំបាកទៅវិញ។ បើខ្ញុំមិនធ្វើតាមអស់លោកៗ ផ្តាច់ជំនួយពីខ្ញុំ”។ ពួកគេមានរហូតដល់ទូន្មានខ្ញុំឱ្យលក់គយ។ តែខ្ញុំមិនធ្វើតាម។ គេត្រូវដឹងថា គយជាសេវាអធិបតេយ្យ ដែលអាចមានទាំងអាវុធ។ ដូច្នេះតើយើងលក់គយឱ្យឯកជនយ៉ាងណាទៅ? យើងមិនអាចធ្វើតាមទេ។
អញ្ចឹងពួកខ្ញុំមានគំនិតឯករាជ្យតាំងពីដើមមក។ យើងត្រូវការវៀតណាមត្រឹមតែជួយទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត តែយើងត្រូវប្រញាប់កសាងកម្លាំងខ្លួនឯង។ នេះជាចំណុចជោគជ័យរបស់យើង៕