ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករនៅក្រុងបាវិត ជិត៣ម៉ឺននាក់ និងសម្ពោធដាក់ឲ្យដំណើរការតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត
FN ៖ នៅព្រឹកថ្ងៃ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៨,៥៨៤នាក់មកពីរោងចក្រ សហគ្រាសចំនួន២៦នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្រៅពីជួបសំណេះសំណាល ជាមួយកម្មករនិយោជិតហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ឈ្មោះ អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្ទ្រី ខមផ្លេកស៍ ស្ថិតនៅក្នុងក្រុងបាវិតនេះផងដែរ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចស្វាគមន៍ពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត៣ម៉ឺននាក់នៅក្រុងបាវិត នាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយបានអញ្ជើញមកជួបសំណេះសំណាលដោយផ្ទាល់ជាមួយពួកគេ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ការបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តាមរយៈកាយវិការ បដិសណ្ឋារកិច្ចប្រកបដោយការគោរពស្រឡាញ់របស់កម្មករ…