FN ៖ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងសរុប ២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប នឹងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែឧបត្ថម្ភគាំទ្រចំពោះការរីកលូតលាស់របស់ប្រទេសកម្ពុជា ហើយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈការជួយសាងសង់ផ្លូវជាតិលេខ៦ ចិន បានរួមចំណែកតភ្ជាប់ផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ក្នុងការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តផ្សេងៗទៀត។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ផ្លូវជាតិលេខ៦នេះ មានអតីតកាលឈឺចាប់ច្រើន ដែលត្រូវបានកាត់ផ្តាច់ដោយសារតែភ្លើងសង្គ្រាម ប៉ុន្តែបានប្រែក្លាយជាមោទនភាពនាពេលបច្ចុប្បន្ន ដែលកម្ពុជាអាចបញ្ចប់បាននូវភ្លើងសង្គ្រាម និងសម្រេចបានសមិទ្ធផលដ៏ល្អ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចនៅតែចងចាំមិនអាចបំផ្លេចបាននូវស្លាកស្នាមពីអតីតកាល ដែលស្រុកស្ទោង ខេត្តកំពង់ធំ និងស្រុកជីក្រែង ខេត្តសៀមរាប គឺជាទីលានសមរភូមិសង្គ្រាមមិនអាចឆ្លងកាត់រកគ្នាបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជា បានប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាមទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីថា ប្រជាអាជីវករលក់ដូរនៅតាមផ្សាររដ្ឋនានា គឺអាចលក់ដូរ និងគ្រប់គ្រងពេញមួយជីវិត។
* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការសាងសង់សាលាកាលពីឆ្នាំ២០១៦ នៅក្នុងខេត្តកំពង់ធំពេលសម្តេចធ្វើដំណើរឆ្លងកាត់ទីនេះ។ សម្តេចថ្លែងថា តាមរយៈសមិទ្ធផលអគារសិក្សា ផ្លូវថ្នល់ បានបញ្ជាក់ច្បាស់ថា កម្ពុជាបានប្រែក្លាយតំបន់សមរភូមិទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងផ្លូវ និងស្ពានតភ្ជាប់ពីខេត្តក្រចេះ មកកាន់ខេត្តកំពង់ធំ នៅតែជាគម្រោងអាទិភាព ដែលរដ្ឋាភិបាលចិនជួយសាងសង់។
* ដោយឡែកសម្រាប់ការតភ្ជាប់ផ្លូវពីកំពង់ធំ ទៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនទាន់ច្បាស់លាស់នៅឡើយទេ គឺត្រូវផ្អាកសិន ព្រោះមានការព្រួយបារម្ភពី ផលប៉ះពាល់ទៅលើបឹងទន្លេសាប។ ប៉ុន្តែនឹងមានការសិក្សាលំអិតឲ្យបានច្បាស់លាស់ទៅថ្ងៃក្រោយ ហើយសម្តេចចង់ឲ្យយករូបមន្តសាងសង់ផ្លូវកាត់សមុទ្រនៅទីក្រុងហ្ស៊ិនចិន ខេត្តក្វាងចូវ ប្រទេសចិន ដោយធ្វើជាស្ពានបណ្តុះសរសរច្រើន ក្នុងការសាងសង់ផ្លូវកាត់បឹងទន្លេសាបនេះ។ សម្តេចតេជោ បញ្ជាក់ថា មិនអាចលើកជាផ្លូវបិទចរន្តទឹកកាត់បឹងទន្លេសាបបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំនេះសម្តេចនឹងដាក់គម្រោងអាទិភាពមួយឲ្យរដ្ឋាភិបាលចិនជួយសាងសង់ផ្លូវតភ្ជាប់ផ្លូវពីប៉ៃលិន សំឡូត ទៅកាន់ខេត្តកោះកុង ដែលមានតម្លៃប្រហាក់ប្រហែល ២០០លានដុល្លារអាមេរិក
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរីកចម្រើនសេដ្ឋកិច្ចរបស់ចិន មិនមែនត្រឹមតែជួយប្រទេសចិនខ្លួនឯងទេ តែបានជួយអភិវឌ្ឍន៍ប្រទេសជាច្រើនផ្សេងទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅសល់ប្រមាណជា ១ខែទៀតប៉ុណ្ណោះ នឹងដល់ខួបមួយឆ្នាំដែលប្រាសាទសម្បូរព្រៃគុកដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយ។ សម្តេចតេជោថា ខេត្តកំពង់ធំមិនមែនជាខេត្តដែលគេត្រូវទៅហួស មកហួសទៀតនោះទេ។
* សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋដែលរងផលប៉ះពាល់ហើយព្រមដកថយ ដើម្បីផ្តល់លទ្ធភាពសាងសង់ផ្លូវនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើមិនមានការគាំទ្ររបស់ប្រជាពលរដ្ឋទេ សម្តេចមិនអាចអនុវត្តន៍នយោបាយឈ្នះឈ្នះ បិទបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្នឡើយ។
* សម្តេចតេជោ បានរំលឹកថា ប្រជាពលរដ្ឋចងចាំយ៉ាងច្បាស់ដែលក្រោយពេលរំដោះរកតែស្បែកជើងពាក់មិនបាន តែបច្ចុប្បន្នកម្ពុជាបានរីកលូតលាស់គ្រប់វិស័យ ដែលក្នុងនោះអគារសិក្សាមានរាប់ពាន់ខ្នង។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា មានអ្នកខ្លះគេឲ្យកម្ពុជាធ្វើតាមប្រទេសនេះប្រទេសនោះ គ្រាដែលប្រទេសគេបានអភិវឌ្ឍន៍រាប់រយឆ្នាំមកហើយ ខណៈដែលកម្ពុជាទើបចាប់ផ្តើមងើបឡើងវិញនៅឆ្នាំ១៩៧៩ ទាំងបាតដៃទទេ ហើយជាបាតដៃមានរបួសថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សានូវសុខសន្តិភាពកុំឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាមដូចអតីតកាល។ សម្តេចតេជោថា បើមិនមានរដ្ឋប្រហារ ១៨ មីនា ១៩៧០ កម្ពុជានឹងមិនមានភ្លើងសង្គ្រាម និងមិនមានរបបប្រល័យពូជសាសន៍នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានសង្គ្រាមហើយមិនត្រឹមតែការអភិវឌ្ឍប្រទេសទេ ការអប់រំក៏គ្មានដែរ។
* សម្តេចតេជោ ហ៊ុន សែន ស្នើប្រជាពលរដ្ឋពិនិត្យមើលតើរបបសាធារណរដ្ឋពលរដ្ឋជួបអី របបកម្ពុជាប្រជាធិបតេយ្យប្រជាពលរដ្ឋជួបអី ចុះសម័យបច្ចុប្បន្នប្រជាពលរដ្ឋជួបអី?
* សម្តេចតេជោ បានថ្លែងបញ្ជាក់ថា អ្វីដែលកម្ពុជានាពេលបច្ចុប្បន្នមិនទាន់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយក៏មិនការថ្នាំងថ្នាក់មួយចំនួន បង្កើតឡើងដោយមន្រ្តីថ្នាក់ក្រោម តែមិនត្រូវខឹងគោវាយរទេះនោះទេ ខឹងមេភូមិ ខឹងសម្តេចនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបញ្ចប់រឿងអាស្រូវរវាងព្រះសង្ឃ និងនារីម្នាក់នៅបន្ទាយមានជ័យ (រឿងពោត) ដែលជាការជាន់ឈ្លីតម្លៃព្រះពុទ្ធសាសនា។ នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឲ្យបងប្អូនបញ្ចប់រឿងពោតដែលកំពុងកក្រើកពេញបណ្តាញ Facebook !
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអាស្រូវរវាងព្រះសង្ឃ និងនារីម្នាក់នៅបន្ទាយមានជ័យ (រឿងពោត) បង្កឡើងដោយ ផែង វណ្ណៈ និង ខាន់ ចាន់សុផល
* សម្តេចតេជោ ហ៊ុន សែន បានព្រមានដេញលោក ផែង វណ្ណៈ និងលោក ខាន់ ចាន់សុផល ចេញពីជួរកងកម្លាំងប្រសិនបើបន្តលើរឿងព្រះសង្ឃនេះ។