ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម្ពោធកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២៤៨គីឡូម៉ែត្រ តម្លៃជាង ២៥៥លានដុល្លារ

FN ៖ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងសរុប ២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប នឹងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែឧបត្ថម្ភគាំទ្រចំពោះការរីកលូតលាស់របស់ប្រទេសកម្ពុជា ហើយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈការជួយសាងសង់ផ្លូវជាតិលេខ៦ ចិន បានរួមចំណែកតភ្ជាប់ផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ក្នុងការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តផ្សេងៗទៀត។ * សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ផ្លូវជាតិលេខ៦នេះ មានអតីតកាលឈឺចាប់ច្រើន ដែលត្រូវបានកាត់ផ្តាច់ដោយសារតែភ្លើងសង្គ្រាម ប៉ុន្តែបានប្រែក្លាយជាមោទនភាពនាពេលបច្ចុប្បន្ន ដែលកម្ពុជាអាចបញ្ចប់បាននូវភ្លើងសង្គ្រាម…

សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធផ្លូវជាតិលេខ ៦ ពី ថ្នល់កែង-អង្គ្រង ខេត្តសៀមរាប

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។​​ ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រិយមិត្តចិន។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ សម្ពោធផ្លូវជាតិលេខ ៦ ពីផ្លូវកែងដល់អង្គ្រង/ខេត្តសៀមរាប ២៥០ គីឡូម៉ែត្រ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៦ ដែលតភ្ជាប់ពីផ្លូវកែងរហូតទៅដល់ខេត្តសៀមរាបចំនួន ២៥០ គីឡូម៉ែត្រ និយាយលេខគត់។ ដំបូងនេះ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ សុំធ្វើការអភ័យទោសជាមួយនឹងការលើកពេលវេលាកាលពីមុនចូលឆ្នាំ ដែលគ្រោងសម្ពោធមុនចូលឆ្នាំ ដាក់អោយប្រើប្រាស់ ហើយត្រូវលើកមកដល់ពេលនេះ។ ឯព្រឹកនេះទៀតសោត គួរណាស់តែខ្ញុំព្រះករុណាខ្ញុំ ត្រូវធ្វើដំណើរមកមុននេះកន្លះម៉ោង ក៏ប៉ុន្តែសម្រាប់ធាតុអាកាសនៅទីនេះ គឺល្អ មិនមានភ្លៀងទេ ប៉ុន្តែនៅទីក្រុងភ្នំពេញ និងនៅតាខ្មៅ ដែលជាកន្លែងហោះហើរឡើងនៃឧទ្ធម្ភាគចក្រ គឺភ្លៀងខ្លាំង ដែលមិនអាចហោះហើរបាន។ ត្រូវអង្គុយចាំកន្លះម៉ោង​ទើបអាចហោះហើរចេញមកបាន។ ដូច្នេះ បានជាធ្វើអោយព្រះតេជព្រះគុណ ក៏ដូចជាបងប្អូនជនរួមជាតិត្រូវអង្គុយរង់ចាំនៅទីនេះ។ ប៉ុន្តែដូចពាក្យធ្លាប់បានលើកឡើងថា មកយឺតប្រសើរជាងមិនមក។ ថ្ងៃនេះ…