FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨នៅក្នុងខេត្តកំពង់ចាម។ ពិធីសំណេះសំណាលនឹងធ្វើឡើងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ផ្តើមសុន្ទរកថាក្នុងវេទិកាសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីនៅស្រុកជើងព្រៃ នៅខេត្តកំពង់ចាមនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយខ្លាំងណាស់ ដែលបានជួបកម្មករ កម្មការិនីនៅខេត្តកំពង់ចាម ហើយបានចាត់ទុកជំនួបនាព្រឹកនេះ គឺជាជំនួបដ៏ធំមួយព្រោះមានកម្មករ កម្មការិនីរហូតដល់ទៅជាង ២ម៉ឺននាក់។
* សម្តេចតេជោ ហ៊ុន សែន បានពន្យល់ពីមូលហេតុដែលសម្តេចជ្រើសយកការធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។ បើតាមសម្តេចការជ្រើសយកការធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ក៏ព្រោះតែឆ្លើយតបតម្រូវការ ការងារមមាញឹក និងមួយវិញទៀត ដើម្បីបានពិនិត្យសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកំពុងសាងសង់ ជាពិសេសផ្លូវថ្នល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនមានការជំរុញនយោបាយពង្រាយរោងចក្រនៅតាមខេត្តទេ តើកម្មករ កម្មការិនីអាចមានការងារធ្វើនៅជិតផ្ទះដែរឬទេ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនមានពង្រាយការងារនេះទេ ប្រាកដណាស់កូនចៅប្រជាពលរដ្ឋនឹងត្រូវបន្តធ្វើស្រែចំការជាមួយឪពុកម្តាយ ឬអាចទៅធ្វើការងារនៅរាជធានីភ្នំពេញ ដែលអាចឃ្លាតឆ្ងាយពីផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈនយោបាយនេះ គឺបានបង្ហាញថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមិនមែនជាការឆក់កណ្តៀតនោះទេ គឺបានដាក់ចេញដោយច្បាស់លាស់កាលទី១៩ឆ្នាំមុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរចុះជួបកម្មករ កម្មការិនីនឹងនៅតែបន្តធ្វើជាបន្តបន្ទាប់នៅគ្រប់ទីកន្លែង។ ប៉ុន្តែក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្តេចនឹងផ្អាកការចុះជួបនេះមួយរយៈសិន ព្រោះថាបើសម្តេចបន្តចុះជួប គឺនឹងមានការឧត្ថម្ភថវិកាបន្តិចបន្តួច ដែលនាំឲ្យខុសពីច្បាប់ស្តីពីការបោះឆ្នោត។
* សម្តេចបានបញ្ជាក់ថា ក្រោយពេលបោះឆ្នោតសម្តេចនឹងបន្តចុះជួបកម្មករ កម្មការិនី បន្តទៀត ដើម្បីស្វែងរកបញ្ហាកំពុងប្រឈមក្នុងវិស័យឧស្សាហកម្មនេះ ធ្វើយ៉ាងជំរុញការអនុវត្តន៍នយោបាយឧស្សាហកម្ម២០១៨-២០២៥ ឲ្យទទួលបានជោគជ័យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះជួបសួរសុខទុក្ខកាន់តែច្រើននឹងធ្វើឲ្យសម្តេចបានដោះស្រាយបញ្ហាសម្រាប់កម្មករ កម្មការិនី និងវិស័យឧស្សាហកម្មវេយណភណ្ឌនេះកាន់តែច្រើនផងដែរ។
* សម្តេចតេជោ បានបន្ថែមថា ព្រោះតែការជួបសំណេះសំណាលនេះហើយ ទើបបានរកឃើញបញ្ហាលើការបើកប្រាក់អតីតភាពការងារ ហើយបានធ្វើវិសោធនកម្មឲ្យបើកប្រាក់អតីតភាពការងារនេះរៀងរាល់៦ខែម្តង។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សមិទ្ធិផល និងអ្វីៗដែលកម្មករកំពុងទទួលបាននាពេលបច្ចុប្បន្នមិនមែនបានមកពីបាតដៃរបស់បក្សប្រឆាំង ដែលត្រូវបានរំលាយព្រោះទង្វើក្បត់ជាតិនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុវត្តនយោបាយផ្តល់ថវិកា ៧៦ម៉ឺនរៀលជូនដល់ស្ត្រីទូទាំងប្រទេសមានជីវភាពក្រីក្រចាប់ពីដំណាក់កាលមានផ្ទៃពោះ រហូតដល់ក្រោយសម្រាលចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ មិនមែនជាយុទ្ធនាការ ដើម្បីរកសំឡេងឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រតិកម្មចំពោះនយោបាយប្រើពេល៨ម៉ោងបណ្តេញជនអន្តោប្រវេសន៍ពីកម្ពុជា របស់គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ដោយថ្លែងថា នយោបាយនេះជានយោបាយជ្រុលនិយម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាឮបានខិតខំនិងប្រឹងប្រែងខ្លាំងណាស់ ដើម្បីការរីកចម្រើន និងវឌ្ឍនភាពរបស់កម្ពុជាដូចពេលបច្ចុប្បន្ននេះ។ សម្តេចតេជោប្រាប់កម្មករ កម្មការិនីថា មិនបាច់អរគុណសម្តេច និងគណបក្សប្រជាជនកម្ពុជាទេ គឺអរគុណតែឪពុកម្តាយ និងជីដូនជីតារបស់ពួកគេទៅបានហើយ ព្រោះឪពុកម្តាយ និងជីដូនជីតារបស់ពួកគេបានរួមចំណែកច្រើនណាស់សម្រាប់បុព្វហេតុជាតិមាតុភូមិកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតភ្លើងសង្គ្រាមដោយក្រុមណាមួយនោះ គឺវាងាយស្រួលទេ តែការពន្លត់ភ្លើងសង្គ្រាមលំបាកខ្លាំងណាស់ មិនមែនងាយស្រួលឡើយ។ ជាពិសេសសម្តេចតេជោ បានយកជីវិតទៅធ្វើជាដើមទុន ដើម្បីប្តូរយកមកនូវសុខសន្តិភាពដូចពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករ កម្មការិនីទាំងអស់នឹងបន្តរួមដំណើរជាមួយសម្តេច ដើម្បីរក្សានុវសុខសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដើម្បីរក្សាបាននូវសុខសន្តិភាព ស្ថេរភាពមុខរបរ និងការងារនាពេលបច្ចុប្បន្ន គឺងាយស្រួលនោះទេ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រី។
* សម្តេចតេជោ ហ៊ុន សែន បន្តប្រតិកម្មចំពោះការលើកឡើងមួយចំនួនថា សម្តេចតេជោ គិតតែពីកម្មករ ហើយភ្លេចកសិករ។ សម្តេចតេជោ បានលើកឡើងថា ការលើកឡើងបែបនេះ គឺគេភ្លេចថាកាលពីអតីតកាលគេធ្លាប់និយាយថាសម្តេចគិតពីកសិករ ភ្លេចកម្មករ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាមេដឹកនាំមួយរូបដែលបានបង្ហាញខ្លួននៅគ្រប់ទីកន្លែងតាមបរិបថនៃការវិវឌ្ឍរបស់ប្រទេសជាតិ។ ដូចជាពេលមានសង្គ្រាមសម្តេច នៅសមរភូមិ ពេលចរចាសម្តេចនៅតលើតុចរចា ពេលជំរុញវិស័យកសិកម្មសម្តេចនៅតាមវាលស្រែ និងប្រឡាយទឹក ហើយពេលជំរុញវិស័យឧស្សាហកម្ម ដូចបច្ចុប្បន្នគេក៏ឃើញសម្តេចនៅតាមរោងចក្រជួបកម្មករ កម្មការិនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងមានអ្នកខ្លះស្រែកថាបាត់ឈើ ខណៈពេលពួកគេទៅនៅលើដីដែលធ្លាប់មានគម្របព្រៃឈើ។ សម្តេចតេជោថា បើចង់ឲ្យមានឈើវិញសូមឲ្យគេផ្តល់ដីនោះមកវិញ ដើម្បីដាំដើមឈើ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ កម្មការិនី រួមគ្នាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីការអភិវឌ្ឍជាតិ ហើយត្រូវរួមគ្នាបង្កើតនូវសហគមការងារមួយល្អប្រសើរនៅតាមរោងចក្រ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យមានក្រុមបងតូចបងធំតាមរោងចក្រ ហើយទាំងថៅកែ និងកម្មករ ត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យបរិយាកាសការងារ តាមរោងចក្រមានភាពល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរង់ចាំមើល តើ «ក្រុមដេកផ្ទះឈ្នះឯង» នឹងប្រឆាំងការអំពាវនាវរបស់ព្រះមហាក្សត្រ ដែរឬយ៉ាងណា?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអំពាវនាវប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតរបស់ «ក្រុមដេកផ្ទះឈ្នះឯង» គឺជាការប្រឆាំងនឹងស្តេចផែនដី មិនមែនជាការប្រឆាំង ជាមួយសម្តេច ឬគណបក្សនយោបាយណាមួយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា ចាប់ពីឆ្នាំ២០១៩ទៅពួកគេនឹងចាប់ផ្តើមទទួលបានប្រាក់សោធននិវត្តន៍ ដូច្នេះពេលត្រូវប្រឹងប្រែងធ្វើការងារពីក្មេង ដើម្បីបានស្រួលនៅពេលចាស់តាមរយៈប្រាក់សោធននិវត្តន៍។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់កម្មករ កម្មការិនី បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចបន្តដំណើររួមគ្នាឆ្ពោះទៅការរីកចម្រើន និងការរក្សាបាននូវសុខសន្តិភាព។