FN ៖ លោកស្រី Nirmala Sitharaman រដ្ឋមន្រ្តីក្រសួងការពារប្រទេសឥណ្ឌា បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅ ដែលសម្តេចបានអញ្ជើញទៅទស្សនកិច្ច នៅប្រទេសឥណ្ឌា នាពេលកន្លងមក និងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះក៏មានពាក់ព័ន្ធនឹងវិស័យឯកជន ដែលបានធ្វើឲ្យអ្នកវិនិយោគឥណ្ឌា បានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា។
ការអះអាងរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសឥណ្ឌា បានធ្វើឡើងក្នុងឱកាសដែលលោកស្រី ចូលជួបសម្តែងការគួរសមជូសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ អំឡុងពេលលោកស្រី បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ពីថ្ងៃទី១០ ដល់១២ ខែមិថុនា។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រី ឌីម៉ាឡា បានថ្លែងអំណរគុណសម្តេចតេជោយ៉ាងជ្រាលជ្រៅ ដែលសម្តេចបានអញ្ជើញទៅទស្សនកិច្ច នៅប្រទេសឥណ្ឌា នាពេលកន្លងមក ហើយក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះក៏មានពាក់ព័ន្ធនឹងវិស័យឯកជន ដែលបានធ្វើឲ្យអ្នកវិនិយោគឥណ្ឌា បានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ លោកស្រី បានមានប្រសាសន៍ដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចនាពេលនោះ បានពង្រឹង និងពង្រីក ទំនាក់ទំនងកម្ពុជា និងឥណ្ឌា កាន់តែខ្លាំងឡើង។
បើតាម លោក អ៊ាង សុផល្លែត, ក្នុងជំនួបនោះ លោកស្រី Nirmala Sitharaman បានលើកឡើងថា ដំណើរទស្សនកិច្ច របស់លោកស្រី មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពិនិត្យមើល លើអ្វីដែលបានចុះហត្ថលេខាហើយ និងដើម្បីជំរុញអ្វី ដែលបានចុះហត្ថលេខាហើយនោះ ឲ្យទទួលបានផ្លែផ្កា។ ជាមួយគ្នានោះដែរ លោកស្រី បានមានប្រសាសន៍ដែរថា ដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា ឲ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌារូបនេះ បានបន្ថែមថា ជាមួយនឹងដំណើរទស្សនកិច្ច របស់លោកស្រី, ឥណ្ឌាបានសម្រេច ផ្តល់ជំនួយដល់កម្ពុជា លើវិស័យដោះមីន ក្នុងនោះឥណ្ឌានឹងផ្ដល់នូវសត្វឆ្កែ ដើម្បីហិតមីនដល់កម្ពុជា ហើយក៏ស្នើសុំ ឲ្យមានកិច្ចសហប្រតិបត្តិការ ឲ្យបានជិតស្និទ្ធ រវាងកងទ័ពឥណ្ឌា និងកងទ័ពកម្ពុជា ដែលកំពុងបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រទេសឥណ្ឌា ជាប្រទេសមួយ ដែលបានទទួលស្គាល់កម្ពុជា តាំងពីមុនកម្ពុជា ទទួលបានឯករាជ្យម្ល៉េះ ហើយក៏ជាប្រទេសទីមួយ ដែលទទួលស្គាល់កម្ពុជា បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ពីនោះទៅទៀត ឥណ្ឌា ក៏បានរួមចំណែក ជួយរកសន្តិភាពរបស់កម្ពុជា រហូតទៅដល់២ដំណាក់កាល, ដំណាក់កាលទី១ គឺនៅឆ្នាំ១៩៥៤ និងដំណាក់កាលទី២ នៅទសវត្សរ៍៨០ និង៩០។
សម្ដេចតេជោ ក៏បានអរគុណរដ្ឋាភិបាលឥណ្ឌា ចំពោះករណីខាងលើ ហើយក៏ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលឥណ្ឌាផងដែរ ដែលបានផ្ដល់ឱ្យកម្ពុជា នូវសត្វឆ្កែហិតមីន ហើយក៏សម្តែងនូវការពេញចិត្តនិងសាទរ ចំពោះកិច្ចសហប្រតិការ ដែលឥណ្ឌាផ្ដល់ឱ្យកម្ពុជា រវាងកងទ័ពឥណ្ឌា និងកងទ័ពកម្ពុជា នៅបំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សម្ដេចបានមានប្រសាសន៍ថា កងទ័ពឥណ្ឌា មានបទពិសោធន៍ និងព័ត៌មានច្រើនដែរ ដូច្នេះការចែករំលែក បទពិសោធន៍ ព័ត៌មាននេះ នឹងអាចជួយកាត់បន្ថយដល់ហានិភ័យ ទៅដល់កងទ័ពកម្ពុជា៕