ហាមយានជំនិះគ្រប់ប្រភេទ ធ្វើដំណើរត្រង់ទៅមុខអង្គរ
រសៀលថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៦ សរសេរលើហ្វេសប៊ុក, សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ និងថែរក្សាសុវត្ថិភាពទេសចរ និងលើកសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្ត ចាប់ពីពេលនេះតទៅ យានជំនិះគ្រប់ប្រភេទនឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរត្រង់ទៅមុខប្រាសាទអង្គរវត្តទៀតទេ។ សម្តេចតេជោ បន្ថែមទៀតថា មានតែអ្នកទេសចរថ្មើរជើង និងអ្នកជិះកង់ប៉ុណ្ណោះ ដែលអាចធ្វើដំណើរបាន។ នៅក្នុងករណីបន្ទាន់ រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ អាចនឹងបានការអនុញ្ញាតអោយធ្វើដំណើរចូលបាន។ សម្តេចបញ្ជាក់ថា «យើងនាំគ្នាចូលរួមរៀបចំអោយមានសណ្តាប់ធ្នាប់ចរាចរណ៍ល្អនៅមុខប្រាសាទអង្គរវត្ត ដើម្បីលើកស្ទួយកិត្យានុភាពនៃសម្បត្តិវប្បធម៌ពិភពលោកដ៏ល្បីល្បាញ»៕