អត្ថបទ Fresh News
គេមិនអាចមើលរំលងបានទេ នូវសារជាតិរបស់មនុស្សពាល ដែលកំពុងទាល់ច្រក គឺជននោះអាចនឹងហ៊ាន ធ្វើសកម្មភាពអាក្រក់ឃោរឃៅសព្វបែបយ៉ាង សូម្បីតែ «សម្លាប់មនុស្ស» ក៏ហ៊ានបញ្ជាឲ្យគេសម្លាប់ដែរ ក្នុងគោលដៅបង្វែរស្ថានការណ៍ពីបញ្ហារបស់ខ្លួនគេដែលកំពុងប្រឈម ឲ្យទៅជារឿងផ្សេង និងទម្លាក់កំហុសដាក់អ្នកដទៃ។
ព័ត៌មានសម្ងាត់ពីមនុស្សជំនិតរបស់លោក សម រង្ស៊ី ដែលដឹងច្បាស់ពីល្បិចកលរបស់លោក កឹម សុខា បានទម្លាយឲ្យដឹងថា កាលពីខែមុន លោក កែម ឡី បានទៅជួបលោក កឹម សុខា នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីសួរសុខទុក្ខ និងសម្តែងការអាណិតអាសូរ ក៏ដូចជាបង្ហាញនូវការគាំទ្រស្មារតី ចំពោះលោក កឹម សុខា ថា «មិនត្រូវចុះញ៉ម ឬខ្លបខ្លាចជាដាច់ខាតនូវការគំរាមផ្លូវច្បាប់ណាមួយឡើយ» ហើយថែមទាំងបានចាត់ទុកទង្វើរបស់លោក កឹម សុខា ថា ធ្វើត្រូវតែរឹងមាំ។
ជំនួបរវាងលោកបណ្ឌិត កែម ឡី និងលោក កឹម សុខា បានកើតឡើង ខណៈលោក កឹម សុខា កំពុងស្ថិតក្នុងស្ថានភាពបាក់ស្រុតស្មារតី ថមថយកម្លាំង និងស្គមស្គាំងជាខ្លាំងស្ទើរមិនគួរឲ្យជឿ។ ភាពក្លាហានរបស់លោក កឹម សុខា បានបាត់បង់អស់ទាំងស្រុង និងជានិច្ចកាល គាត់វិលវល់ពិបាកចិត្តជាខ្លាំង។ លោក កឹម សុខា គាត់ដឹងច្បាស់ណាស់ថា «ជីវិតនយោបាយគាត់ត្រូវចប់ហើយ» ប៉ុន្តែគាត់ត្រូវតែពុះពារទាំងត្រដាបត្រដួស ដើម្បីស្វែងរកអ្នកគាំទ្រ។
ព័ត៌មានសម្ងាត់បានទម្លាយឲ្យដឹងថា បន្ទាប់ពីជួបជាមួយលោកបណ្ឌិត កែម ឡី និងប្រពន្ធរបស់គាត់មក, លោក កឹម សុខា គិតថា «លោក កែម ឡី បង្ហាញវត្តមានពេលនេះ អាចជាការឆក់ឱកាសចង់ដណ្តើមយកឥទ្ធិពលលើបក្សប្រឆាំងរបស់គាត់ និងមានបំណងដឹកនាំបក្សនេះ»។ មនុស្សជំនិតរបស់លោក សម រង្ស៊ី បានឲ្យដឹងទៀតថា លោក កឹម សុខា បានចាត់ទុកលោក កែម ឡី ជាមនុស្សក្បត់ គិតតែកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ពីព្រោះកាលពីពេលកន្លងមក គឺលោក កឹម សុខា នេះឯង ដែលជាអ្នកចាត់តាំងឲ្យលោក កែម ឡី ទៅបង្កើតគណបក្សមូលដ្ឋាន។ ពេលនេះលោក កឹម សុខា ចោទថា «លោក កែម ឡី» មានមហិច្ឆតាចង់ធ្វើជាប្រធានបក្សនយោបាយមួយដ៏ខ្លាំង ដើម្បីប្រជែងជាមួយបក្សកាន់អំណាចសព្វថ្ងៃ អ៊ីចឹងហើយ លោក កឹម សុខា យល់ថា ការចង់ច្របាច់ បញ្ចូលគ្នារវាងគណបក្សមូលដ្ឋាន និងសង្គ្រោះជាតិ គឺជាឱកាសដែលលោក កែម ឡី ក្រសោបយកបក្សសង្គ្រោះជាតិទាំងមូល ស្របពេលដែលផ្ទៃក្នុងបក្សសង្គ្រោះជាតិ កំពុងប្រឈមវិបត្តិរង្គោះរង្គើ។ នេះហើយជាដើមចម ដែលអាចនាំឲ្យលោក កឹម សុខា ត្រូវគិតពីសេណារីយោថ្មី ដែលគាត់នឹងរង់ចាំឱកាសមកដល់ នឹងបង្កើតស្ថានការណ៍ថ្មីមួយ។
អីឡូវនេះ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ហើយ ហើយក្រុមអ្នកជាតិនិយមជ្រុលមួយចំនួន បាននិងកំពុងបំពងសំឡេង បំពុលបរិយាកាសក្នុងបណ្តាញសង្គម ដោយសម្តីប្រមាថ វាយប្រហារ រិះគន់ ចោទប្រកាន់ខ្លាំងៗថា ការស្លាប់របស់លោក កែម ឡី គឺជាស្នាដៃរបស់បក្ស កាន់អំណាច។ ពួកគេបានស្រែកជេរមកលើប្រមុខដឹកនាំប្រទេសដោយកំហឹង និងពាក្យអសុរោះសព្វបែបយ៉ាង លាយឡំជាមួយការដុតបញ្ឆេះកំហឹងជាតិ និយមជ្រុល ឲ្យក្រោកឡើងតតាំងជាមួយរដ្ឋាភិបាលនេះ។ អ្នកខ្លះទៀតបន្ទាប់ពីដឹងថា «លោក កែម ឡី ជាវីរបុរសរបស់ពួកគេបានស្លាប់ហើយនោះ គេបានសរសេរអក្សរថា «ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត»។ ការបង្ហោះសារខឹងក្រោធបែបនេះ មានតម្លៃស្មើនឹងញុះញង់ និងចង់រុញស្ថានការណ៍ឲ្យអាក្រក់ ដើម្បីគៀងគប្រមូលផ្តុំកម្លាំងមហាជន ឈានទៅធ្វើបដិវត្តពណ៌ ក៏ថាបាន។ គំនិតអស់ទាំងនេះ ជាការបំផុសចលនាឲ្យងើបឡើង មិនខុសអ្វីពីការ «យកអំបិលមកចាក់លើមុខដំបៅ» ដើម្បីឲ្យកាន់តែឈឺផ្សាថែមទៀត។
ទោះយ៉ាងណាក្នុងតំណាក់កាលនេះ ខ្មាន់កាំភ្លើងដែលសមត្ថកិច្ចចាប់បានភ្លាមៗ កំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីច្បាប់។ បុរសនោះបានសារភាពថា « គាត់ជាអ្នកសម្លាប់លោក កែម ឡី» ដោយសារលោក កែម ឡី ជំពាក់ប្រាក់គាត់ចំនួន ៣០០០ ដុល្លារអាមេរិកមិនសង។ ខ្មាន់កាំភ្លើងឆ្លើយចំពោះមុខសមត្ថកិច្ចថា គាត់ឈ្មោះ ជួប សម្លាប់ ជាឈ្មោះចម្លែក ដែលនគរបាលជាន់ខ្ពស់ពិបាកនឹងជឿថាជាឈ្មោះពិតរបស់គាត់ឡើយ។ ពាក្យថា «បើកវាំងននខ្មៅ» ដែលលោកបណ្ឌិត កែម ឡី ធ្លាប់បាននិយាយ នៅពេលនេះបានកើតឡើង ចំពោះឃាតកម្មទៅលើរូបគាត់ផ្ទាល់ តើមេក្លោងបញ្ជាពីក្រោយ និងគូកន អ្នកជាប់ពាក់ព័ន្ធជាអ្នកណា? ទុកលទ្ធភាពស្រាវជ្រាវស៊ើបអង្កេតឲ្យសមត្ថកិច្ចជំនាញបន្តការងាររបស់ខ្លួនសិនចុះ ដោយសង្ឃឹមថា នឹងបង្ហាញលទ្ធផលផ្លូវការក្នុងពេលឆាប់ៗខាងមុខ នៅពេលនោះប្រជាពលរដ្ឋនឹងបានស្ងប់ក្នុងចិត្តខ្លះ ហើយគេនឹងដឹងថាមានអ្វីថ្មីនៅពីក្រោយខ្នងឃាតកម្មនេះ? គេនៅបន្តតាមដានទៀត។ បើក្រឡេកមើលលើបណ្តាញសង្គមហ្វេសប៊ុកវិញ មានការបង្ហោះផ្សាយថា ជនដៃដល់ «ជួបសម្លាប់» នោះ គេថា ជាឈ្មោះក្លែងក្លាយទេ ។
អ្នកស្គាល់ជនដៃដល់រូបនេះ បានបញ្ជាក់ថា ជននេះឈ្មោះ អឿត អាង មានម្តាយឈ្មោះតាប់ រស់នៅភូមិទន្លេស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ហើយថា ទើបនឹងចាញ់ល្បែងកាលពីពេលថ្មីៗនេះ។ ខ្មាន់កាំភ្លើងបានឆ្លើយថា កាំភ្លើងដែលគាត់បាញ់សម្លាប់លោក កែម ឡី គឺគាត់បានទិញមកពីប្រទេសថៃ ។
ការពិតយ៉ាងណា គេនឹងបានដឹងនៅពេលខាងមុខដ៏ខ្លីនេះ ពីព្រោះអ្វីៗ មិនមែនជារឿងអាថ៌កំបាំង រហូតនោះទេ។ អីឡូវនេះ យើងងាកមកមើលការវិភាគមួយ ចំនួនបន្តទៀត ហើយនឹងបន្ស៊ីគ្នាជាមួយប្រភពច្បាស់ការពីមន្ត្រីស្និទ្ធជាមួយលោក សម រង្ស៊ី ដូចបានពណ៌នាពីខាងលើ។
មហាជនជាច្រើនបានចេញប្រតិកម្មព្រមៗគ្នាថា គ្មានហេតុផលណាដែលបក្សកាន់អំណាច ត្រូវធ្វើឲ្យមានបញ្ហាឃាតកម្មនេះកើតឡើងទេ ពីព្រោះវាមិនចំណេញអ្វី ដល់ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាបន្តិចសោះឡើយ ដោយសារគណបក្សកាន់អំណាច កំពុងតែមានប្រៀបលើសាធារណមតិស្រាប់លើជោគជ័យ ដឹកនាំរបស់ខ្លួន ស្របពេលដែលបក្សប្រឆាំង កំពុងបាក់ស្រុតកម្លាំង និងបែកបាក់ផ្ទៃក្នុង។ ម៉្យាងវិញទៀត បក្សកាន់អំណាចមិនដែលគិតថា ការបញ្ចេញមតិក្នុងនាម ជាអ្នកវិភាគឯករាជ្យរបស់ លោកបណ្ឌិត កែម ឡី ប៉ះពាល់ដល់សំឡេងឆ្នោតគេឡើយ និងបានយល់ច្បាស់ថា សកម្មជនគាំទ្របក្សកាន់អំណាច មិនបានងាក ចេញពី CPP ឡើយ គឺមានតែការកើនកម្លាំងបានថែមទៀត ពីប្រជាពលរដ្ឋដែលដើរចេញ និងឈប់គាំទ្របក្សប្រឆាំងដោយសារភាពកំសោយនៃការដឹកនាំរបស់ពួកគេ ក៏ដូចជាបញ្ហាប្រឈមនឹងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា បាននាំឲ្យប្រជាពលរដ្ឋស្រងាកចិត្ត។ ដោយឡែកការចុះបើកវេទិកាសាធារណៈរបស់ កញ្ញា ធី សុវណ្ណថា នៅតាមបណ្តាខេត្តជាច្រើន ក៏ជាហេតុធ្វើឲ្យលោក កឹម សុខា ខឹងផងដែរ ពីព្រោះសកម្មភាពទាំងនោះ គឺបាននាំឲ្យលោក កឹម សុខា បាត់បង់អ្នកគាំទ្រស្ទើរតែទាំងស្រុង។
ច្បាស់ជាងនេះទៅទៀត ឃាតកម្មនេះ ពិតជាមិនជាប់ពាក់ព័ន្ធជាមួយរាជរដ្ឋាភិបាលឡើយ ដោយសំអាងថា លោកបណ្ឌិត កែម ឡី ក្រោមការសម្របសម្រួល ពីអ្នកកាសែតជើងចាស់មួយរូប គឺលោក កែម ឡី ត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យជួបដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាការងារ មួយចំនួននៅថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ។ ប៉ុន្តែមិនទាន់បានជួបលោកនាយកមន្ត្រីផង ដំណឹងនៃជំនួបនេះក៏អាចលេច ឮទៅដល់ក្រុមជន ដែលចង់បញ្ចប់ជីវិតលោក កែម ឡី ផងដែរ ពីព្រោះពួកគេយល់ថា ជាឱកាសល្អ (សម្លាប់មុន) ដើម្បីទម្លាក់កំហុសដាក់លើរាជរដ្ឋាភិបាល ដោយពួកគេអាចបារម្ភខ្លាចបែកការណ៍រឿងមួយចំនួនដែល លោក កែម ឡី នឹងទម្លាយប្រាប់នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការបាញ់សម្លាប់ លោក កែម ឡី ក៏ត្រូវបានក្រុមអ្នកវិភាគខ្លះទៀតថា មានតែអ្នកកេងចំណេញលើហេតុការណ៍នេះទេ ទើបបង្កើតបញ្ហានេះឡើង ដើម្បីបង្វែរស្ថានការណ៍។
សំណួរសួរថា តើក្នុងស្ថានភាពបែបនេះ អ្នកណាដែលត្រេកអរទទួលផល? គឺមានតែគណបក្សប្រឆាំងទេ ពីព្រោះគេព្រួតគ្នាគាបសង្កត់ ដាក់គំនាបលើរដ្ឋាភិបាលថា គ្រប់គ្រងសន្តិសុខមិនបានល្អ មានអំពើមនុស្សឃាដកណ្តាលទីក្រុងបានដោយងាយ ហើយការគ្រប់គ្រងអាវុធជាតិផ្ទុះ ក៏ធូររលុងទើបមានហេតុការណ៍បែបនេះកើតឡើង។ ពិតមែនហើយ ការចោទបែបនេះ ជាការដាក់បន្ទុក និងការទទួលខុសត្រូវលើរដ្ឋាភិបាល ថាខ្វះចន្លោះលើការដឹកនាំ ពង្រឹង ការពារសន្តិសុខ សុវត្ថិភាពសង្គមមិនបានរឹងមាំ។ ឃាតកម្មនេះ រាជរដ្ឋាភិបាលបានទទួលរងនូវ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់ និងម្ខាងត្រូវបានគេលាបពណ៌ ភ្លាមៗពីបញ្ហានេះ ដែលមានចរិតកេងចំណេញនយោបាយទៀតផង ប៉ុន្តែ ចំពោះបុគ្គលមួយចំនួន ជាពិសេស លោក កឹម សុខា ដែលនីតិវិធីផ្លូវច្បាប់កំពុងសង្កត់ កក្រៀកជាប់ ហើយដែលគេបានឃើញការព្រលយជាញឹកញាប់ ពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថា «គុកកំពុងរង់ចាំគាត់នោះ» គឺជាឱកាសមាសសម្រាប់លោក កឹម សុខា ដោយហេតុថា ប្រជាពលរដ្ឋ និងមហាជនទូទៅគេឈប់និយាយពីបញ្ហារបស់គាត់ ហើយគេងាកមកករណីសម្លាប់លោក កែម ឡី វិញម្តង។ នេះហើយជាចំណុចគួរឲ្យសង្ស័យ !។
បើតាមព័ត៌មានបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម ហ្វេសប៊ុក មានលេចលឺថា ជនដៃដល់ឈ្មោះ អឿត អាង នោះ ត្រូវបុរសម្នាក់ឈ្មោះ រី អ្នកធំនៅគណបក្សសង្គ្រោះជាតិ បបួលមកធ្វើអង្គរក្សការពារលោក កឹម សុខា នៅស្នាក់ការគណបក្សសង្គ្រោះជាតិចាក់អង្រែ។ ប៉ុន្មានថ្ងៃក្រោយមកស្រាប់តែឃើញសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីបាញ់សម្លាប់លោក កែម ឡី ទៅវិញ។ ព័ត៌មាននេះអាចជាសញ្ញាបង្ហាញមួយ។
ឃាតកម្មនេះបានកើតឡើង ៤ថ្ងៃក្រោយការគំរាមរបស់លោក យឹម សុវណ្ណ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។ កាលពីថ្ងៃទី៦ កក្កដា ឆ្នាំ ២០១៦ លោក យឹម សុវណ្ណ បាននិយាយថា បើគណបក្សប្រជាជនកម្ពុជាមិនចរចារជាមួយគណបក្សសង្គ្រោះជាតិ អាចនឹងមានវិបត្តិធ្ងន់ធ្ងរ ។ លោក យឹម សុវណ្ណ មិនបានបញ្ជាក់ថាវិបត្តិអ្វីនោះទេ។ លុះមានករណីឃាតកម្មមកលើលោក កែម ឡី ទើបគេសន្និដ្ឋានបានថា វាជាសេណារីយោ ដើម្បីទម្លាក់កំហុសមកលើ រាជរដ្ឋាភិបាល។ បើយោងលើប្រភពច្បាស់ការណ៍ និងស្ថានភាពជាក់ស្តែងនៅពេលនេះ និងតម្រុយជាច្រើន ជាពិសេសចម្លើយសារភាពរបស់ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួនបាន «វាំងននខ្មៅ» នៅពីក្រោយឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី នឹងអាចជា «ល្បិចស្វាស៊ីបាយរួចលាបមាត់ពពែ» ទើបវាស័ក្តិសមជាងការទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។
ដូច្នេះល្បែងនយោបាយពិសពុលដែលក្រុមណាមួយបានបង្កើតឡើងនេះ នឹងមិនអាចធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលស្ងប់ចិត្តបានឡើយ។ ភ្លាមៗបន្ទាប់ពីលោក កែម ឡី ត្រូវគេបាញ់សម្លាប់ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារចូលរួមមរណៈទុក្ខជាមួយគ្រួសារសពលោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងឃោរឃៅ និង សូមថ្កោលទោសនូវអំពើដ៏ព្រៃផ្សៃនេះ។ នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៀតថា សូមឲ្យស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការហ្មឺងម៉ាត់ចំពោះករណីនេះ ត្រូវខិតខំត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចាត់វិធានការពង្រឹងសន្តិសុខដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋទូទាំងប្រទេស។
សាររបស់នាយករដ្ឋមន្រ្តី បានទទួលនូវការសាទរគាំទ្រ និងផ្តល់ភាពកក់ក្តៅចំពោះពលរដ្ឋកម្ពុជាទាំងមូល។ ប៉ុន្តែប្រការដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺបន្ទាប់ពីមាន ករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ភ្លាមៗនោះ គណបក្សសង្គ្រោះជាតិបានកោះប្រជុំគណៈអភិបាល សមាជិកសភាគណបក្សរបស់ខ្លួន ដឹកនាំដោយលោក កឹម សុខា ដែលកំពុងសម្ងំនៅក្នុងស្នាក់ការបក្សស្រាប់នោះ និងបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ ដោយបានប្រាប់ឲ្យសមាជិកសភារបស់ខ្លួន ត្រូវប្រុងប្រយ័ត្ន និងការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានល្អ។
សូមបងប្អូនបន្តតាមដានលទ្ធផល នៃសាច់រឿងឃាតកម្មដ៏រសើបនេះទៀត តើអ្នកណាជាមេក្លោងនៅពីក្រោយខ្នង និងតើអ្នកណាជាអ្នករៀបចំសេណារីយោ ក្នុងផែនការបាញ់សម្លាប់លោក កែម ឡី ដើម្បីបង្វែរស្ថានការណ៍? ឬមួយក៏ជាបាតដៃទី៣ ដែលមានមូលដ្ឋាននៅឯក្រៅប្រទេស ជាអ្នករៀបចំសេណារីយោ និងបញ្ជាឲ្យសម្លាប់លោក កែម ឡី ពីព្រោះដូចការចុះផ្សាយក្នុងហ្វេសប៊ុក VOA បានសរសេរថា «ការបាញ់សម្លាប់នេះ បានកើតមានតែប៉ុន្មានថ្ងៃ ក្រោយលោក កែម ឡី ធ្វើការរិះគន់ខ្លាំងៗទៅលើរបាយការណ៍របស់អង្គការ Global Witness ដែលជាអង្គការទទួលមូលនិធិពីសហរដ្ឋអាមេរិក៕