កាលពីថ្ងៃទី ២៨ កក្កដា ក្នុងការជួបសំណេះសំណាលជាមួយមន្រ្តីរាជការ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៃខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកអោយមន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ខិតខំយកចិត្តទុកដាក់ធ្វើការបម្រើប្រជាពលរដ្ឋ ជាពិសេក្នុងការផ្តល់នូវសេវាសាធារណៈ ដែលមានសេវាជាតម្រូវការចំាបាច់ និងសេវាតាមសំណូមពររបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ដាស់តឿនថា មន្រ្តីរាជការត្រូវចាត់ទុកខ្លួនឯងជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវខ្ពស់ ហើយត្រូវខិតខំកសាងអំពើល្អអោយបានច្រើន ដោយត្រូវការពារសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ការទប់ស្កាត់អំពើជួញដូរគ្រឿងញៀន ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងជួញដូរឈើ និងធនធានរ៉ែខុសច្បាប់ អោយបាន។ សម្តេចតេជោ បានដាស់តឿនអោយសកម្មថែរក្សាការពារជម្រកត្រីផ្សោតដែលជាធនធានកម្រ ដើម្បីបន្តជាប្រភពទាញចំណូលពីទាញទេសចរណ៌។
ជាមួយគ្នានេះ សម្តេចតេជោ បានណែនាំអោយខេត្តក្រចេះមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដើម្បីមិត្តភាព និងផលប្រយោជន៌ពាណិជ្ជកម្មពីគ្នាទៅវិញទៅមក និងបានអំពាវនាវដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តក្រចេះទាំងអស់ ត្រូវសាមគ្គីរួមដៃគ្នាជំរុញការអភិវឌ្ឍខេត្តរបស់ខ្លួនអោយបានជោគជ័យ ហើយសហការជាមួយភ្នាក់ងារគយ និងរដ្ឋាករក្នុងការប្រមូលចំណូលថវិកាជាតិ។ គិតចាប់ពីថ្ងៃ ២០ កក្កដា ២០១៦ មក សម្តេចតេជោ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង និងក្រចេះ៕