សម្តេចតេជោ ហ៊ុន សែន ឆ្លៀតពេលជូនដំណើរចៅស្រីច្បង ត្រឡប់ទៅសិក្សានៅក្រៅប្រទេស
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហោះនៅលើ Facebook របស់សម្តេច អំពីការឆ្លៀតពេលជូនដំណើរចៅស្រីច្បងរបស់សម្តេច ត្រឡប់ទៅសិក្សានៅក្រៅប្រទេសវិញ។ សម្តេចតេជោបានបញ្ជាក់ថា ការជូនដំណើរដោយផ្ទាល់នេះ ដោយសារតែសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាជីដូន និងលោកស្រី ហ៊ុន ម៉ាណា ត្រូវជាម្តាយបង្កើតជាប់រវល់ការងារទើបសម្តេចមកជូនដំណើរដោយផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា «ល្ងាចនេះខ្ញុំបានជូនចៅស្រីរបស់ខ្ញុំត្រឡប់ទៅរៀនវិញ បន្ទាប់ពីនាងបានមកសម្រាកមួយរយៈនៃវិស្សមកាល។ ដោយសារភរិយាខ្ញុំជាជីដូន និងកូនស្រីខ្ញុំជាម្តាយ ជាប់ការងារមិនអាចជូនដំណើរបានតម្រូវឱ្យខ្ញុំ ជាជីតាឆ្លៀតពេលជូនដំណើរចៅ ដើម្បីជៀសវាងអារម្មណ៍ឯកោរបស់ចៅស្រី។ កាលពេលមុនខ្ញុំ និងភរិយារួមនឹងឪពុកខ្ញុំផងធ្លាប់ជូនដំណើរកូនៗ ខ្ញុំពេលពួកគេចេញទៅរៀននៅបរទេស។ ពេលនេះ ដល់ពេលត្រូវជូនដំណើរចៅម្តង ដែលខ្ញុំចាត់ទុកជាផ្នែកដ៏សំខាន់នៃការលើកទឹកចិត្ត សម្រាប់ការសិក្យារបស់ពួកគេ។ និយាយដល់រឿងនេះ ខ្ញុំនឹកឃើញពេលដែលខ្ញុំនៅកុមារឪពុកម្តាយខ្ញុំបានបរទេះគោរាប់គីឡូម៉ែត្រ មកកាន់កំពង់ផែ ដើម្បីជូនដំណើរខ្ញុំឡើងកប៉ាល់ទឹកមករៀននៅភ្នំពេញ។ ទោះនូវនឹងខ្លួនខ្ញុំមានលុយត្រឹមតែ១២រៀល និងបាយខ្ចប់ស្លឹកចេកមួយកញ្ចប់ក្តី តែខ្ញុំមានអារម្មណ៍ កក់ក្តៅខ្លាំងណាស់ដែលបានឪពុកម្តាយជូនដំណើរ ដែលខ្ញុំមើលពីកប៉ាល់ឃើញពួកគាត់ឈរមើលមកកប៉ាល់រហូតផុតកន្ទុយភ្នែកមើលលែងឃើញ។ កូនប្រុសច្បងរបស់ខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ឯចៅស្រីច្បងមួយនេះ ក៏បានសន្យាជាជួយខ្ញុំថាចៅនឹងយកថ្នាក់បណ្ឌិតឱ្យបាន។ ខ្ញុំសង្ឃឹមថាចៅមួយនេះនឹងជោគជ័យក្នុងការសិក្សារបស់គេ ដើម្បីជុំរុញឱ្យចៅ១៩នាក់ផ្សេងទៀតយកជាគំរូតាម»៕