ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

FN ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាកសិករ ប្រមាណ២ម៉ោង។ ខាងក្រោមជាចំណុចសំខាន់ៗនៃប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * ផ្តើមក្នុងពិធីសំណេះសំណាលជាមួយកសិករ នៅពលរដ្ឋ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន មានសំណួរមួយចំនួនទៅកាន់កសិករទាំងនោះ * សំណួរដំបូងរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់កសិករស្រុកព្រៃកប្បាសគឺតើអ្វីជាការងារស្រួល អ្វីជាការលំបាកសម្រាប់ពួកគាត់? * ប្រជាកសិករមានសំណូមពរជាច្រើនចំណុចរួមមាន៖ ថ្លៃអគ្គិសនី រក្សាតម្លៃស្រូវ សំណូមពរសុំធ្វើផ្លូវ២ខែ្សនៅស្រុកព្រៃកប្បាស ដើម្បីបង្កលក្ខណៈងាយស្រួលធ្វើដំណើរ និងដឹកជញ្ជូន * សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ធ្វើផ្លូវ២កន្លែងមួយខ្សែប្រវែង៣,៥គីឡូ និងមួយខ្សែទៀត…

ដកស្រង់ប្រសាសន៍ អញ្ជើញចុះពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយនឹងប្រជាកសិករស្រុកព្រៃកប្បាស ខេត្តតាកែវ

អរគុណឯកឧត្តមរដ្ឋមន្ដ្រី។ មុនខ្ញុំថ្លែងជាមួយនឹងការផ្ដល់អនុសាសន៍ និងសំណេះសំណាល ខ្ញុំចង់សួរសំណួរខ្លះពីកសិកររបស់យើង ព្រោះថ្ងៃមុន (កាល)នៅស្រុកពាមរក៍ ខេត្តព្រៃវែងនោះ គេឆ្ងល់ថាតើមានការរៀបចំមុន ឬអត់ បានជាកសិករឡើងឆ្លើយដូចជាច្បាស់លាស់។ អញ្ចឹង ដើម្បីចៀសវាងគេថា(ជា)ការរៀបចំ (ខ្ញុំ)សុំចង្អុលប្អូនខាងណេះ ហើយប្អូនស្រីនេះ សូមអញ្ជើញឡើងមកវេទិកា ហើយសុំប្អូនស្រីនេះមួយទៀត ប្អូនប្រុសនេះមួយទៀត បានបួននាក់ ដើម្បីខ្ញុំសួរបញ្ហាមួយចំនួន។ ដំបូងបំផុត សំណួររបស់ខ្ញុំ «តើអ្វីជាការងាយស្រួល និងការលំបាក?» សូមបញ្ជាក់។ កសិករ៖ សូមគោរពសម្ដេច និងគណៈប្រតិភូ នៅទីនេះ។ ការងាយស្រួលរបស់ប្រជាកសិករនៅទីនេះ ផ្លូវនេះធ្វើដំណើរមកទីនេះ ត្រូវធ្វើដំណើរមួយម៉ោង ទៅមួយម៉ោងកន្លះ។ សម្ដេចបានជួយនៅស្ថានីយបូមទឹក ប្រព័ន្ធផ្លូវនៅទីនេះ យើងចំណាយពេលតែ ១០ នាទី មកដល់ហើយ។ មួយទៀត មានទឹកបូមគ្រប់គ្រាន់ ឬបង្ហូរបានតាមចិត្ត។ កាលពីពេលមុន ដីមួយហិកតា ត្រូវបូមទឹកដេករហូតមួយយប់ ឬពីរយប់បានពេញ ក៏មានដែរ។ ឥឡូវ បូមតែ ២ ម៉ោង ពេញហើយ និងអាចធ្វើស្រែបានពី ពីរដង ទៅបីដង ក្នុងមួយឆ្នាំ។…