FN ៖ នៅឆមាសទី១ ឆ្នាំ២០២០នេះ ចំណូលសរុបដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) មានជាង ៥,១៥២.៦ប៊ីលានរៀល ឬប្រមាណជា១,២៧២.២ លានដុល្លារអាមេរិកថយចុះ១៦.២% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានគយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ។
ការប្រកាសតួលេខចំណូលគយនៅឆមាសទី១នេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីមន្ត្រីគយ និងរដ្ឋាករជាថ្នាក់ដឹកនាំជាច្រើនរូប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់សំដីរបស់ បណ្ឌិត គុណ ញឹម ដែលលើកឡើងថា «ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ចំណូលសរុបដែលប្រមូលដោយ អ.គ.រ មានជាង ៥,១៥២.៦ ប៊ីលានរៀល ឬប្រមាណជា ១,២៧២.២ លានដុល្លារអាមេរិក។ តួលេខចំណូលនេះត្រូវជា ៤៣.៩% នៃផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ ចំណូលនេះថយចុះ ១៦.២% ដែលក្នុងនោះ ចំណូលពីមុខទំនិញយានយន្តថយចុះ ៣១.៧%, គ្រឿងសំណង់ថយចុះ ២៨.២%, នៅពេលដែលមុខទំនិញប្រេងឥន្ធនៈកើនឡើង ៥.៥% និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន ៣.១%»។
លោកអគ្គនាយកក៏បានគួរកត់សម្គាល់ថា ការនាំចូលមុខទំនិញយានយន្ត ដែលជាប្រភពចំណូលគយដ៏សំខាន់ មានការធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់ ជាពិសេសនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ។ ប្រភេទពន្ធនិងអាករសំខាន់ៗ ដែលប្រមូលដោយគយមាន ពន្ធគយ (ពន្ធនាំចូល), អាករពិសេស និងអាករលើតម្លៃបន្ថែម (VAT)។ នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ លទ្ធផលចំណូលតាមប្រភេទពន្ធមានការប្រែប្រួលដូចតទៅ៖ ពន្ធគយថយចុះ ១៩.៨%, អាករពិសេសធ្លាក់ចុះ ២១.៦% ហើយ VAT ថយចុះ ៩.៦%។
ដោយឡែក តួលេខបណ្ដោះអាសន្ននៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២០ ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានការប្រែប្រួលដូចតទៅ៖ តម្លៃនាំចូលសរុបថយចុះ ៩.៤% ហើយតម្លៃនាំចេញសរុបថយចុះ ០.៧% ក្នុងនោះ តម្លៃផលិតផលកាត់ដេរនាំចេញថយចុះ ៧.៥% ប៉ុន្តែតម្លៃផលិតផលស្រូវ អង្ករ កៅស៊ូ និងកសិផលផ្សេងទៀត សរុបកើនឡើង ១៤.៥%។
លោកបន្តថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មអន្តរជាតិ និងចំណូលពន្ធ-អាករគយ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ គឺដោយសារកត្តាមួយចំនួន ដែលក្នុងនោះកត្តាសំខាន់គឺ ការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានធ្វើឱ្យ ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញរបស់កម្ពុជា និងលំហូរពាណិជ្ជកម្មអន្តរជាតិ រងផលប៉ះពាល់ធ្ងន់ធ្ងរ។
ប្រភពចំណូលពន្ធ និងអាករសំខាន់ៗរួមមាន យានយន្តនិងគ្រឿងចក្រ (ដើរតួនាទីប្រមាណ ៤២.៤%នៃចំណូលសរុប), ប្រេងឥន្ធនៈ (ត្រូវជាប្រមាណ ២១.៦%នៃចំណូលសរុប) និងទំនិញចម្រះនិងគ្រឿងសំណង់ (ដើរតួនាទីប្រមាណជា ៣៤.៧% នៃចំណូលសរុប)។
លោកបណ្ឌិត គុណ ញឹម ក៏បានលើកឡើងអំពីលទ្ធផល នៃការអនុវត្តការងារកំណែទម្រង់ និងទំនើបកម្មគយ និងផែនការសកម្មភាពឆ្នាំ២០២០ ផងដែរ ដែលក្នុងនោះមាន ការចូលរួមរៀបចំឯកសារយុទ្ធសាស្ត្រ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិមួយចំនួន, ការពង្រឹងប្រសិទ្ធិភាពការងារបច្ចេកទេសគយ, ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, ការកែលម្អ មុខងារប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងគយ ជាពិសេសគឺការធ្វើសាមញ្ញកម្មនីតិវិធីគយ សំដៅសម្រួលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្ម នៃវិស័យជាអាទិភាពនានា ក្នុងបរិបទកូវីដ១៩។
សម្រាប់ទិសដៅអនុវត្តការងារក្នុងឆមាសទី២ ឆ្នាំ២០២០ លោកអគ្គនាយកបានរំលឹកឡើងវិញនូវការណែនាំរបស់ អគ្គបណ្ឌិតសភាចារ្យ ឧបរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានលើកឡើងនាកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០១៩ កាលពីខែកុម្ភៈ កន្លងទៅនេះ និងបន្តអនុវត្តវិធានការទាំង៤ជុំ របស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងគយ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិក្នុងកាលៈទេសៈលំបាកដែលបង្កដោយជំងឺកូវីដ១៩។
ទន្ទឹមនឹងនោះ លោកក៏បានដាក់ចេញនូវវិធានការជាក់លាក់មួយចំនួន ដើម្បីឈានទៅសម្រេចឲ្យបានតាមគោលដៅនានា ដែលបានកំណត់ ជាពិសេសគឺការ ប្រមូលចំណូលពន្ធនិងអាករចូលថវិកាជាតិ៕