
FN ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤។
«ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងសេចក្ដីសោមនស្ស ដែលបានចូលរួមក្នុងពិធីបើកជាផ្លូវការ «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត, រួមគ្នាប្រើផលិតផលជាតិ» ដែលជាវេទិកាផ្សារភ្ជាប់រវាងអ្នកផលិត, អ្នកផ្គត់ផ្គង់, អ្នកចែកចាយ, អ្នកលក់រាយ និង អ្នកប្រើប្រាស់ សំដៅ ជំរុញឱ្យមានការផ្លាស់ប្តូរពី ការផ្សព្វផ្សាយផលិតផល ទៅជាការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC), សមាគមមូលនិធិសម្តេចតេជោ ព្រមទាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, វិស័យឯកជន និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាគិត រួមគ្នារៀបចំឱ្យមាន «ពិព័រណ៍ផលិតផលខ្មែរ» ជាប្រចាំ ដើម្បីលើកកម្ពស់សក្តានុពលផលិតកម្មក្នុងស្រុក, លើកស្ទួយផលិតផលជាតិ និង បង្កើតឱកាសពាណិជ្ជកម្មដល់រោងចក្រ-សហគ្រាសកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលជាសេនាធិការផ្នែកយុទ្ធសាស្រ្ត, គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលជាសេនាធិការផ្នែកគោលនយោបាយ និង អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និង មធ្យម ដែលជាសេនាធិការផ្នែកប្រតិបត្តិ របស់រាជរដ្ឋាភិបាល ត្រូវបន្តពង្រីកកិច្ចសហការ និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និង តួអង្គពាក់ព័ន្ធ ជាពិសេស សមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» (Dynamics of Stakeholder System) និង គ្រប់ភាគីត្រូវស្រុះស្រួលគ្នា ក្នុងស្មារតី «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និង ប្រជាជន សំដៅបង្កើតនូវ «សហថាមពលនៃការអភិវឌ្ឍ (Synergy of Development) វិស័យសហគ្រាសធុនមីក្រូ តូច និង មធ្យម» នៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និង មធ្យម ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ, បង្កើនចំណូលគ្រួសារ, លើកកម្ពស់ផលិតកម្ម និងតម្លៃបន្ថែមក្នុងស្រុក, ជំរុញសហគ្រិនភាព និង នវានុវត្តន៍, និង ពង្រឹងភាពធន់ និង បរិយាប័ន្ន នៃសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «សហគ្រាសធុនមីក្រូ តូច និង មធ្យម មានខ្លួនតូច ប៉ុន្តែមានតួនាទីធំក្នុងការពង្រឹងភាពរឹងមាំ នៃសេដ្ឋកិច្ចគ្រួសារ, សេដ្ឋកិច្ចមូលដ្ឋាន និង សេដ្ឋកិច្ចជាតិទាំងមូល»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងបរិបទពហុវិបត្តិ, ការពង្រឹងផលិតកម្មក្នុងស្រុក គឺស្មើគ្នានឹងការពង្រឹងភាពធន់ នៃសេដ្ឋកិច្ចជាតិ ដោយត្រូវផ្តោតលើសមត្ថភាពផលិតទំនិញ និង ផ្តល់សេវាសម្រាប់បំពេញតម្រូវការក្នុងស្រុកឱ្យបានច្រើន ព្រមទាំងផលិតផលដែលកម្ពុជាមានឧត្តមភាពប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការពង្រឹងផលិតកម្មក្នុងស្រុក ត្រូវដើរទន្ទឹមគ្នានឹងការរក្សាបរិយាកាសពាណិជ្ជកម្មបើកចំហ និងការប្រកួតប្រជែងដោយស្មើភាព ដើម្បីឱ្យរោងចក្រ-សហគ្រាសកម្ពុជា អាចអភិវឌ្ឍខ្លួនជាប្រចាំសំដៅចូលកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និង សកល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ខាងមុខ ដូច្នេះការផ្លាស់ប្តូរឋានៈនេះ ជាវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ប៉ុន្តែក៏ទាមទារឱ្យសេដ្ឋកិច្ច និង រោងចក្រ-សហគ្រាស ត្រូវមានសមត្ថភាពប្រកួតប្រជែងកាន់តែរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និងការអនុគ្រោះអន្តរជាតិ។ ដូច្នេះ ការកែលម្អគុណភាពផលិតផល, ការពង្រឹងប្រសិទ្ធភាពផលិតកម្ម, ការបង្កើនផលិតភាពការងារ, ការចាប់យកបច្ចេកវិទ្យាថ្មីៗ និងការពង្រីកទីផ្សារ ជាការដ្ឋានកែទម្រង់អាទិភាពរបស់រោងចក្រ-សហគ្រាសកម្ពុជា ចាប់ពីពេលនេះតទៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគ ជាពិសេស ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និង មធ្យម ដោយបានសិក្សា និង គ្រោងដាក់ចេញនូវ៖
ទី១៖ «អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និង មធ្យម» ដើម្បីជួយសម្រួលដល់ដំណើរការគ្រប់គ្រងអាជីវកម្ម តាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់ដំណាក់កាលបិទបញ្ចប់អាជីវកម្ម។
ទី២៖ «អនុក្រឹត្យស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និង មធ្យម» ដើមី្បជួយសហគ្រាសធុនមីក្រូ តូច និង មធ្យម ឱ្យអាចងើបឡើង, ឈរជើង និង ដើរបានលឿន តាមរយៈយន្តការលើកទឹកចិត្ត, ទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ និង ដោយផ្ទាល់ និងប្រយោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ចង់ឱ្យមានការសិក្សាផលិតត្រីក្នុងស្រុកជាត្រីខកំប៉ុង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សហគមន៍ខ្មែរនៅក្រៅប្រទេស សុទ្ធតែជាច្រកនៃទីផ្សារផលិតខ្មែរ។ អាស្រ័យហេតុនេះហើយទើបរាជរដ្ឋាភិបាល គិតគូរពីការបង្កើតសភាពាណិជ្ជកម្មនៅតាមប្រទេសនានា ដូចជានៅកាណាដា អូស្ត្រាលី អាមេរិក និងបារាំងជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលនយោបាយមានតែនៅលើមេឃ ហើយអត់ជាប់ដីអត់បានសម្រេចទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ប្រាប់ម្ចាស់សហគ្រាសកង់រថយន្តថា ផលិតករកុំដេកក្នុងពេលបិទទ្វារព្រំដែនជាមួយថៃ ត្រូវប្រឹងភ្ជាប់ជាមួយអ្នកប្រើ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគិតគូរកំណត់អាជីវកម្ម និងសិប្បកម្មតូចតាចមួយចំនួន ត្រូវទុកលទ្ធភាពឱ្យអ្នកក្នុងស្រុកធ្វើ មិនឱ្យបរទេសធ្វើនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកគាំទ្រ ត្រូវគាំទ្រផលិតខ្មែរដោយការស្រឡាញ់ ដើម្បីពង្រឹងការផលិតក្នុងស្រុក កុំគាំទ្រព្រោះតែការពហិការផលិតផលប្រទេសដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងគុណភាព សុវត្ថិភាព ស្តង់ដា និង ទំនុកចិត្តលើផលិតផល រោងចក្រ-សហគ្រាសកម្ពុជាទាំងអស់ ត្រូវប្រឹងប្រែងពង្រឹងគុណភាព, សុវត្ថិភាព, ស្តង់ដា ជាពិសេស ទំនុកចិត្តលើផលិតផលរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះពិតប្រាកដ នៃភាពប្រកួតប្រជែងតាមរយៈ ការកែលម្អការរចនា, ការវេចខ្ចប់ និង ការកសាងម៉ាកផលិតផល ពីព្រោះ ការគាំទ្ររបស់អ្នកប្រើប្រាស់ អាចបង្កើតឱកាសទីផ្សារដំបូង, ប៉ុន្តែ គុណភាព, ថ្លៃសមរម្យ និង ភាពទៀងទាត់នៃការផ្គត់ផ្គង់ ទើបជាកត្តារក្សាទីផ្សារឱ្យមានចីរភាព ។
* ការចុះបញ្ជីផលិតផល (ចបផ) ជាឧបករណ៍ចាំបាច់សម្រាប់ពង្រឹងការគ្រប់គ្រងគុណភាព, ការការពារអ្នកប្រើប្រាស់, និង ការកសាងទំនុកចិត្តលើទីផ្សារ, ដោយសារ ដើម្បីទទួលបានអាជ្ញាបណ្ណ ចបផ, រោងចក្រ-សហគ្រាស ត្រូវឆ្លងកាត់នីតិវិធីច្បាស់លាស់ រួមមាន៖ ការផ្តល់លទ្ធផលវិភាគតេស្តផលិតផលពីមន្ទីរពិសោធដែលមានការទទួលស្គាល់ និង ការពិនិត្យស្របតាមស្តង់ដាជាតិ ។ ដូច្នេះ រោងចក្រ-សហគ្រាស, សិប្បកម្ម និង ក្រុមហ៊ុននាំចូលទាំងអស់ ត្រូវទៅចុះបញ្ជីផលិតផលឱ្យបានត្រឹមត្រូវ ហើយត្រូវគោរពកាតព្វកិច្ចគុណភាព និង សុវត្ថិភាព ជាប្រចាំ។ ជាមួយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវដាក់ចេញយុទ្ធនាការជំរុញការចុះបញ្ជីផលិតផល ដោយបង្កើនការផ្សព្វផ្សាយ និង សម្រួលនីតិវិធី ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែទូលាយ ។
* ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, សេវាវិភាគតេស្ត, វិញ្ញាបនបត្រ, និងការណែនាំបច្ចេកទេស, ព្រមទាំង កែលម្អការចុះបញ្ជីផលិតផល ឱ្យកាន់តែងាយស្រួល និង មានប្រសិទ្ធភាព, ជាពិសេស ត្រូវពង្រឹង ការផ្សព្វផ្សាយ, ការ-ផ្ទៀងផ្ទាត់ព័ត៌មានផលិតផល និង ការតាមដានអនុលោមភាព ដើម្បីធានាថា ប្រព័ន្ធចុះបញ្ជីផលិតផលរួមចំណែកជាក់ស្តែងដល់ការការពារសុខភាពរបស់ប្រជាពលរដ្ឋ និង ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងមូលដ្ឋានផលិតកម្ម និង ការតភ្ជាប់សហគ្រាសក្នុងស្រុកទៅនឹងខ្សែច្រវាក់តម្លៃ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និង វិស័យឯកជន កំណត់ខ្សែច្រវាក់ផលិតកម្មអាទិភាព ហើយជំរុញការអភិវឌ្ឍអ្នកផ្គត់ផ្គង់វត្ថុធាតុដើម, គ្រឿងបន្លាស់, សម្ភារវេចខ្ចប់, និង សេវាកម្មគាំទ្រផលិតកម្ម ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក, និង កាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលដែលកម្ពុជាមានសមត្ថភាពផលិត និង ផ្គត់ផ្គង់ ដោយខ្លួនឯង។ ត្រូវជំរុញការអភិវឌ្ឍបណ្តុំសហគ្រាសធុនតូច និង មធ្យម ដែលជាយន្តការចាំបាច់សម្រាប់តភ្ជាប់ SMEs ជាមួយខ្សែច្រវាក់ផលិតកម្មជាតិ, និង រក្សាតម្លៃបន្ថែមឱ្យបានកាន់តែច្រើននៅក្នុងសេដ្ឋកិច្ចកម្ពុជា។
* រោងចក្រ សហគ្រាសធំៗក្នុងស្រុក និងក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស សូមបង្កើនការប្រើប្រាស់ធនធាន និង វត្ថុធាតុដើមក្នុងស្រុក, ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍអ្នកផ្គត់ផ្គង់ក្នុងស្រុក តាមរយៈការផ្ទេរចំណេះដឹង, ការកែលម្អសមត្ថភាពផលិតកម្ម, ការចែករំលែកព័ត៌មានទីផ្សារ និងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មរយៈពេលវែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យប្រែក្លាយការគាំទ្រផលិតផលជាតិ ទៅជាឱកាសទីផ្សារ និង ទំនាក់ទំនងពាណិជ្ជកម្មជោគជ័យនៃការរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ» មិនត្រូវវាស់វែងត្រឹមចំនួនស្តង់ ឬ ចំនួនអ្នកចូលទស្សនា ប៉ុណ្ណោះទេ, ប៉ុន្តែក៏ត្រូវផ្តោតលើការបញ្ជាទិញ, កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងឱកាសទីផ្សារដែលអាចបន្តនាពេលខាងមុខ។ ក្នុងន័យនេះ សមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ក៏ដូចជាសមាគមធុរកិច្ចនានា ត្រូវខិតខំជំរុញការតភ្ជាប់រវាងរោងចក្រ សហគ្រាសជាមួយនឹងអ្នកទិញ, អ្នកចែកចាយ និងអ្នកនាំចេញ។
* រោងចក្រ សហគ្រាស ត្រូវត្រៀមខ្លួនសម្រាប់ទីផ្សារ ដោយត្រូវកែលម្អសមត្ថភាពផលិត, ពង្រឹងគុណភាព, អនុលោមភាព និង ថ្លៃ នៃផលិតផល, និង លក្ខខណ្ឌផ្គត់ផ្គង់ ឱ្យបានត្រឹមត្រូវ, ខណៈដែល ក្រសួងស្ថាប័នពាក់ព័ន្ធ, អ្នកទិញ អ្នកចែកចាយ និង អ្នកនាំចេញ ត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ អំពីតម្រូវការ និង លក្ខខណ្ឌទីផ្សារ, និង ចំណុចត្រូវកែលម្អ ដើម្បីឱ្យរោងចក្រ-សហគ្រាសកម្ពុជា អាចឈរជើងលើទីផ្សារជាតិ តំបន់ និង អន្តរជាតិ បានរឹងមាំ យូរអង្វែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជំរុញបរិវត្តកម្មឌីជីថល ទាំងក្នុងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងអាជីវកម្ម រោងចក្រ-សហគ្រាសកម្ពុជា ត្រូវជំរុញការសិក្សា, ស្វែងយល់ និង ចាប់យកបច្ចេកវិទ្យាឌីជីថល ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការគ្រប់គ្រងផលិតកម្ម ប្រតិបត្តិ-ការហិរញ្ញវត្ថុ, ទីផ្សារ រួមទាំងការរៀបចំផែនការ និងយុទ្ធសាស្រ្ត ខណៈដែលសេវាសាធារណៈទាំងអស់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានដាក់ឱ្យដំណើរការតាមប្រព័ន្ធឌីជីថលរួចរាល់ ត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីកែលម្អគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ណែនាំឱ្យបន្តកែលម្អបរិយាកាសធុរកិច្ច និង ជំរុញការចូលក្នុងប្រព័ន្ធ ដោយភ្ជាប់ជាមួយអត្ថប្រយោជន៍ជាក់ស្តែង។ ការធ្វើប្រក្រតីកម្ម ជាជំហានចាំបាច់សម្រាប់ការលូតលាស់របស់រោងចក្រ-សហគ្រាស។ តាមរយៈការអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨», ការចុះឈ្មោះក្នុងថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានកើនលើស ៥៦ម៉ឺនករណី ក្នុងនោះសហគ្រាសធុនមីក្រូមានចំនួន៣ ៣៨៩ មូលដ្ឋាន។ ការចុះឈ្មោះនេះ ជាជំហានដំបូង និង មិនមានន័យថាសហគ្រាសបានបំពេញគ្រប់លក្ខខណ្ឌនៃការចុះបញ្ជីអាជីវកម្មផ្លូវការនោះទេ។ ដូច្នេះ ត្រូវខិតខំជំរុញឱ្យសហគ្រាសធុនមីក្រូទាំងនោះ អភិវឌ្ឍសមត្ថភាព ឆ្ពោះទៅចុះបញ្ជីក្នុងប្រព័ន្ធផ្លូវការ ស្របតាមលក្ខខណ្ឌច្បាប់ជាធរមាន, តាមរយៈ ការផ្តល់ព័ត៌មាន, សេវាប្រឹក្សា, ហិរញ្ញប្បទាន, ជំនាញ និង ឱកាសទីផ្សារ ដើម្បីឱ្យការចូលក្នុងប្រព័ន្ធបង្កើតអត្ថប្រយោជន៍ជាក់ស្តែង។
* ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវប្រឹងប្រែងសម្រួលនីតិវិធីចុះបញ្ជី និង ផ្តល់អាជ្ញាបណ្ណ ដោយកំណត់តួនាទី និង សមត្ថកិច្ចឱ្យបានច្បាស់លាស់, កាត់បន្ថយបន្ទុករដ្ឋបាលដែលមិនចាំបាច់, និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវា, ក្នុងនោះ អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និង មធ្យម ត្រូវបំពេញតួនាទីជាអន្តរការី ដែលជួយសម្របសម្រួលឱ្យរោងចក្រ-សហគ្រាសទទួលបានសេវា និង ការគាំទ្រ បានឆាប់រហ័ស និង ងាយស្រួល ប្រកបដោយវិជ្ជាជីវៈ, តម្លាភាព និង គោលការណ៍ផ្តល់សេវាផ្តោតលើអ្នកប្រើប្រាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាស៍ថា គោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាល សហគ្រាសតូច មធ្យម និងវិស័យឯកជន ជាដៃគូ ជាមធ្យោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ មិនមែនគោលដៅដើម្បីជំរិតយកពន្ធនោះទេ។ ដូច្នេះសហគ្រាសដែលប្រើទុនប្រមាណ២៥០រៀល មិនជាប់កាតព្វកិច្ចពន្ធនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យតម្រង់ហិរញ្ញប្បទាន ជំនាញ បច្ចេកវិទ្យា និងការគាំទ្រផ្សេងៗ ទៅតាមតម្រូវការ និង វដ្តអាជីវកម្មរបស់រោងចក្រ-សហគ្រាសទំហំឥណទានសរុបក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅចុងឆ្នាំ២០២៥ មានជាង ៦៣ពាន់លានដុល្លារ, កើនឡើង ៤,១ភាគរយ ធៀបនឹងឆ្នាំ២០២៤។ ប៉ុន្តែ MSMEs នៅកម្ពុជា នៅតែពុំអាចទទួលបានហិរញ្ញប្បទានដែលឆ្លើយតបទៅនឹងតម្រូវការសមត្ថភាព និងហានិភ័យអាជីវកម្មរបស់ខ្លួន។ ក្នុងន័យនេះ ធនាគារអភិវឌ្ឍជនបទ និង កសិកម្ម, ធនាគារសហគ្រាសធុនតូច និង មធ្យម, សាជីវកម្មធានាឥណទានកម្ពុជា, គ្រឹះស្ថានហិរញ្ញវត្ថុឯកជន, និង ស្ថាប័នពាក់ព័ន្ធ ត្រូវជំរុញការសិក្សាដាក់ចេញនូវផលិតផលហិរញ្ញវត្ថុ ស្របតាមវដ្តអាជីវកម្ម ជាពិសេស ការផ្សារភ្ជាប់ហិរញ្ញប្បទាន ទៅនឹងការបញ្ជាទិញ, ការពង្រីកផលិតកម្ម និង ការវិនិយោគលើបច្ចេកវិទ្យា។
* ក្រសួងស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, និង ដៃគូអភិវឌ្ឍ ត្រូវតម្រង់កម្មវិធីគាំទ្រ ស្របតាមតម្រូវការផលិតកម្ម និង ទីផ្សារជាក់ស្តែង, ខណៈដែលរោងចក្រ-សហគ្រាស ត្រូវពង្រឹងការគ្រប់គ្រងផលិតកម្ម, ប្រតិបត្តិការ និង ហិរញ្ញវត្ថុ ឱ្យស្របតាមផែនការអាជីវកម្ម ដើម្បីបង្កើនទំនុកចិត្តពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងពាក់ព័ន្ធស្រាវជ្រាវចងក្រង ផ្សព្វផ្សាយ និងអនុវត្តឱ្យបានច្បាស់លាស់ លើមរតកវប្បធម៌បុរាណដូចជាការស្លៀកពាក់ហូលផាមួង ស្បៃ និងឧបករណ៍ភ្លេងបុរាណជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំទៅកូនមន្ត្រីរាជការ កូនអ្នកធំ ពេលរៀបចំមង្គលការរៀបចំឱ្យត្រឹមត្រូវតាមក្បួនខ្មែរ ការស្លៀកពាក់ឱ្យត្រឹមត្រូវតាមក្បួនខ្មែរ ប្រយ័ត្នស្លៀករបស់គេ។




