KNV ៖ ជាម្តងហើយម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីសមត្ថភាពពិសេសៗ របស់ខ្លួន ក្នុងការគ្រប់គ្រង ចាត់ចែង និងដឹកនាំប្រទេសក្នុងកាលៈទេសៈដ៏លំបាកណាមួយ ដែលបានកើតឡើង។ ជាក់ស្តែង ក្នុងដំណាក់កាលកូវីដ-១៩ នេះ មេដឹកនាំរបស់កម្ពុជា ដ៏មានបទពិសោធន៍រូប នេះ បានបញ្ចេញទេពកោសល្យដ៏ប៉ិនប្រសប់ជាបន្តបន្ទាប់។
ក្រៅពីបញ្ចៀសការឆ្លងរីករាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍ និងបញ្ចៀសមិនឲ្យមានណាម្នាក់ស្លាប់ដោយសារកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញទេពកោសល្យពិសេសរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងប្រជាជន ដើម្បីកុំឲ្យរងផលប៉ះពាល់ខ្លាំងពីវិបត្តិសាកលមួយនេះថែមទៀត។
ទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់ពីវិស័យទេសចរណ៍, វិស័យឧស្សាហ៍កម្ម និងវិស័យពាណិជ្ជកម្មមួយចំនួនដោយសារតែកូវីដ-១៩ ប៉ុន្តែ មេដឹកនាំកម្ពុជារូបនេះ កំពុងបង្វែរទិសដៅទៅរកវិស័យកសិកម្មដែលជាជីពចរដ៏សំខាន់សម្រាប់ចិញ្ចឹមសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារខ្មែរ ក្នុងពេលមានវិបត្តិ។
ចាប់តាំងពីការផ្ទុះកូវីដដំបូងមកម៉្លេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្លឹងឃើញរួចជាស្រេចនូវការខូចខាតសេដ្ឋកិច្ចរបស់ពិភពលោក ដោយសារមេរោគដ៏កាចសាហាវនេះ។ ដូច្នេះហើយបានជាមេដឹកនាំកម្ពុជា បានបង្ហាញទស្សនៈវិស័យតាំងពីដំបូងទីថា «វិស័យកសិកម្មគឺជាប្រភពរស់មិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋខ្មែរ» ដោយបានតម្រង់ទិសរួចជាស្រេចឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នក វិលត្រឡប់ពីចំណាកស្រុក និងអ្នកដែលរងផលប៉ះពាល់ពីវិស័យផ្សេងៗឲ្យផ្តោតលើវិស័យកសិកម្មវិញ។
ក្រោយពីការបង្ហាញផ្លូវ ចង្អុលទិសពីសំណាក់មេកម្ពុជាដឹកនាំ ប្រជាពលរដ្ឋខ្មែរជាច្រើន ក៏បានងាកទៅរកវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម និងដំណាំបន្លែគ្រប់ប្រភេទ។ ដោយយល់ឃើញថា ពលរដ្ឋកំពុងមានការចាប់អារម្មណ៍ខ្លាំងឡើងៗ សម្តេចនាយករដ្ឋមន្ត្រី ក៏បានចុះជំរុញវិស័យកសិកម្មដោយផ្ទាល់ជា មួយកសិករដោយផ្តើម ពីការជំរុញវិស័យវារីវប្បកម្មក្នុងខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី១៤ កក្កដានេះ។
ដើម្បីជំរុញវិស័យនេះ សម្តេចតេជោ ហ៊ុន សែន បានចុះទៅជួបជាមួយកសិករអ្នកចិញ្ចឹមត្រី និងចិញ្ចឹមកង្កែបដោយផ្ទាល់ ដើម្បីស្វែងយល់ពីបញ្ហារបស់ពួកគេ មុននឹង ដាក់ចេញជាដំណោះ ស្រាយឲ្យចំគោលដៅ។ នេះគឺជាភាពឆ្លាតវៃរបស់មេដឹកនាំដែលមិនរង់ចាំស្តាប់តែរបាយការណ៍ឡើយ ប៉ុន្តែត្រូវចុះជួបផ្ទាល់ជាមួយ ពលរដ្ឋដើម្បីយល់ ឲ្យបានច្បាស់ពីបញ្ហារបស់ពួកគេទើបការដាក់ចេញដំណោះស្រាយមានប្រសិទ្ធភាពដូចដែលសម្តេចធ្លាប់បានធ្វើជា យូរមកហើយ។
ថ្ងៃទី២១ កក្កដា ខាងមុខនេះ សម្តេចនាយករដ្ឋមន្ត្រីក៏គ្រោងនឹងចុះទៅស្រុកព្រៃកប្បាស នៃខេត្តតាកែវដើម្បីច្រូតស្រូវស្រាលផង និងជាពិសេសបន្តជំរុញការដាំដុះស្រូវ និងដំណាំកសិកម្មផ្សេងទៀត។ វត្តមានរបស់មេដឹកនាំកំពូលជាមួយកសិករនាពេលនេះ ពិតជាបានបង្ហាញថា យុទ្ធនាការជំរុញវិស័យកសិកម្មក្នុងបរិបទកូវីដ១៩ បានចាប់ផ្តើមហើយ។ យុទ្ធនាការនេះនឹងក្លាយជាចលករដ៏មានថាមពលក្នុងការដោះស្រាយបញ្ហាចំពោះមុខផង និងបញ្ហាយូរអង្វែងផងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។
អ្វីជាការកត់សម្គាល់មុនឈានដល់យុទ្ធនាការនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានចង្អុលទិស ប្រាប់មុនរួចជាស្រេច ដើម្បីឲ្យពលរដ្ឋចាប់អារម្មណ៍លើវិស័យកសិកម្ម ក៏ដូចជា ការផ្ញើសារដល់មន្ត្រីថ្នាក់ក្រោមឲ្យត្រៀម លក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដោយផ្តោតលើវិស័យកសិកម្ម។ ការដឹកនាំដែលតែងតែគ្រោង ទុកជាមុន និងមានផែនការ យុទ្ធសាស្ត្រត្រឹមត្រូវចំទិសដៅ និងទាន់សភាពការណ៍នេះហើយគឺជាចំណុចខ្លាំងរបស់ សម្តេចតេជោ ហ៊ុន សែន ជាពិសេសគឺការ ប្រែក្លាយបញ្ហា ឲ្យទៅជាឱកាស។
ក្នុងគោលដៅនេះ វិបត្តិកូវីដ-១៩ បានក្លាយជាឱកាសដែលកម្ពុជា កំពុងបង្កើនការនាំផលិតផលកសិកម្មទៅលក់នៅក្រៅប្រទេសយ៉ាងច្រើនទៀតផង។ នេះគឺជាទស្សនៈ វិស័យរបស់ សម្តេចតេជោ ហ៊ុន សែន ដែលស័ក្តិសមនឹងទទួលរហ័សនាមថាជា«បុរសខ្លាំងរបស់កម្ពុជា»។
ជាការពិត ចាប់តាំងពីវិបត្តិកូវីដ១៩ផ្ទុះឡើងភ្លាម សម្តេចនាយករដ្ឋមន្ត្រីរូបនេះ ហាក់ក្តាប់បានសភាពការណ៍យ៉ាងណែនក្នុងដៃ ហើយដោះស្រាយតាមដំណាក់ កាលនីមួយៗ ដោយ មិនតក់ស្លុត មិនតក់ក្រហល់ ស្របតាមការវិវត្តន៍របស់កូវីដ ១៩ ដោយរលូន។ ភាពឈ្លាសវៃនេះហើយ ដែលរហូតមកដល់ពេលនេះ កម្ពុជាអាចបញ្ចៀសបានទាំងការឆ្លងរាលដាល ទាំងការស្លាប់បាត់បង់ជីវិតមនុស្ស និងទាំងការរងគ្រោះធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។
តើមានមេដឹកនាំពិភពលោក ប៉ុន្មាននាក់ដែលអាចទប់ទល់បានបែបនេះ? ចម្លើយតបនឹងសំណួរនេះ គឺជាទឡ្ហីករណ៍ដែលបញ្ជាក់បានពី «ទេពកោសល្យ និងសមត្ថភាពពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន»៕